សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

មេដឹកនាំ​ជាច្រើន​លើ​ពិភពលោក​រួមគ្នា​ថ្កោលទោស​ និង​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី​ជុំវិញ​ការ​ស្លាប់​ជន​ស៊ីវិល​នៅ​ទីក្រុង Bucha របស់​អ៊ុយ​ក្រែ​ន

2022/04/04 05:12:46 am        2202
​អ៊ុយ​ក្រែ​ន៖ សាកសព​ជាច្រើន​នៅ​រាយប៉ាយ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​មួយ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​បា​ន​បន្សល់​ទុក​ដោយ​កងកម្លាំង​រុស្ស៊ី បាន​នាំ​ឲ្យ​មានការ​ថ្កោលទោស​ជា​អន្តរជាតិ​នៅ​ក្នុង​អឺរ៉ុប​នៅ​ថ្ងៃ​ទី​៣៩ ​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​រក​ឃើញ​សាកសព​ចំនួន​ ៤១០​នាក់​នៅ​ក្នុង​ទីក្រុង ​និង​ទីប្រជុំជន​ជាច្រើន​ជិត​រដ្ឋធានី​គី​វ ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ដែល​អាច​ចាត់ទុកជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ដែល​ពួកគេ​ថា​ជា​ស្នាដៃ​របស់​រុស្ស៊ី​មុន​ពេល​ដក​ចេញ​។ មេដឹកនាំ​សហភាព​អឺរ៉ុប និង​អាមេរិក​បាន​ឆ្លើយតប​ទៅកាន់​ភស្តុតាង​ដ៏​រន្ធត់ នៃ​អំពើ​ឃោរឃៅ​លើ​ជន​ស៊ីវិលដោយ​កងកម្លាំង​រុស្ស៊ី​ ដែល​ត្រូវ​បាន​រាយប៉ាយ​នៅ​ទូទាំង​តំបន់​ជាយ​ក្រុង​គី​វ​ និង​ទីប្រជុំជន​ជាច្រើន​។ ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​ចោទប្រកាន់​រុស្ស៊ី​ពី​បទ​វាយប្រហារ​ដោយ​មិន​រើស​មុខ​ លើ​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​ក្នុង​ទីក្រុង Bucha និង​ទីប្រជុំជន​មួយ​ផ្សេងទៀត ដោយ​និយាយ​ថា ប្រទេស​របស់​លោក​នឹង​មិន​សម្រាក​ទេ​រហូត​យុត្តិធម៌​ត្រូវ​បាន​ផ្ដល់​ឲ្យ​ជនរងគ្រោះ​។​ចំណែក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken បាន​ហៅ​រូបភាព​នៃ​សាកសព​ដេក​ស្លាប់​រាយប៉ាយ​ក្នុង​ទីក្រុង Bucha ថា​ជា​ការ​ធ្វើ​ឲ្យ​ឈឺចាប់ ហើយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​និយាយ​ថា ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ត្រូវតែ​ធ្វើជា​បន្ទាន់​។ ​ប្រទេស​អាល្លឺម៉ង់បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ខាង​លិច​នឹង​ព្រមព្រៀង​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀតលើ​រុស្ស៊ី​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ បន្ទាប់ពី​អ៊ុយ​ក្រែ​ន​ចោទប្រកាន់​កងកម្លាំង​រុស្ស៊ី​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជិត​រដ្ឋធានី​គី​វ ជា​ការ​ពង្រីក​ទំហំ​គំនាប​សេដ្ឋកិច្ច​លើ​រុស្ស៊ី​ដែល​មាន​ស្រាប់ដោយសារតែ​ការវាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះផ្លូវធំតភ្ជាប់ទៅអង្គរវត្ត មានព្រះនាមសម្តេចព្រះមហាវីរក្សត្រនៃយើង

2022/04/04 05:24:16 am        2875
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសដោយសប្បាយរីករាយ និងពេញចិត្ត ចំពោះផ្លូវធំតភ្ជាប់ត្រង់ទៅអង្គរវត្ត មានព្រះនាមព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៃយើង។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ខ្សែ និងការកែលម្អដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រសិទ្ធនាមព្រះនាមនេះហើយ គឺជាការទុកឲ្យក្មេងជំនាន់ក្រោយចងចាំ សម្រាប់អ្នកស្នេហាជាតិជំនាន់មុន។សម្តេចបន្តថា ផ្លូវទាំង៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិមាតុភូមិ។ ប៉ុន្ដែផ្លូវទាំងនេះ គ្មានឡើយឈ្មោះ លន់ នល់ សិរិមតៈ ចេងហេង ឬ សឺង ង៉ុកថាញ់ សម សារី ដែលជាអ្នកក្បត់ជាតិនោះឡើយ។សម្ដេចសង្កត់ធ្ងន់ថា បើចង់ដាក់ឈ្មោះក្រុមក្បត់ជាតិទាំងនោះ ត្រូវរង់ចាំលុះណាតែពួកគេឈ្នះ ប៉ុន្ដែការរំពឹងពន្លឺនៃជ័យជម្នះអាចនឹងមិនទៅរួចនោះទេ៕

សម្តេចតេជោ ហ៊ុន សែន ៖ មិនអាចយកខេត្តសៀមរាបទៅប្រៀបធៀបទីផ្សារអចលនទ្រព្យដូចខេត្តដទៃនោះទេ

2022/04/04 04:19:18 am        945
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងមិនអាចយកខេត្តសៀមរាប ទៅប្រៀបធៀប ទីផ្សារអចលនទ្រព្យដូចខេត្តដទៃនោះទេ ខណៈខេត្តមួយនេះគឺមានប្រាសាទអង្គរវត្ត ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ខ្សែ និងការកែលម្អដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យអ្នករកស៊ីអចលនទ្រព្យ បញ្ឈប់ការទិះតៀនលើការកំណត់កម្ពស់សាងសង់អគារ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើកម្ពុជា សាងសង់ បំពានលក្ខខណ្ឌបច្ចេកទេសរបស់អង្គការយូណេស្កូនោះ អង្គរវត្តរបស់កម្ពុជា នឹងត្រូវចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ដែលអាចធ្វើឲ្យកម្ពុជាខាតបង់ធំធេង៕

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ចោទប្រកាន់​រុស្ស៊ី​ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​

2022/04/04 04:03:25 am        979
​អ៊ុយ​ក្រែ​ន​៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​ចោទ​រុស្ស៊ី​ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​នៅ​ក្នុង​ប្រទេស​របស់​លោក​ ខណៈ​បណ្ដា​មេដឹកនាំ​លោក​ខាង​លិច​ថ្កោលទោស​រូបភាព​នៃ​ការ​ស្លាប់​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន នៅ​ក្នុង​ទីក្រុង​មួយ​ដែល​ត្រូវ​បាន​បោះបង់ចោលដោយ​កង​កម្លាំង​រុស្ស៊ី​នៅ​ខាងក្រៅ​រដ្ឋធានី​គី​វ។​លោក Zelenskyy បាន​ប្រាប់​កម្មវិធី​ព័ត៌មាន “Face the Nation” របស់​ទូរទស្សន៍ CBS កាលពី​ថ្ងៃអាទិត្យដោយ​និយាយ​តាមរយៈ​អ្នកបកប្រែ​ថា ពិត​ណាស់​នេះ​ជា​អំពើ​ប្រល័យពូជសាសន៍ នេះ​ជា​ការ​លុប​បំបាត់​ជាតិ និង​ប្រជាជន​ទាំងមូល​។ ​យើង​ជា​ពលរដ្ឋ​អ៊ុយ​ក្រែ​ន ហើយ​យើង​មិន​ចង់​ចុះចាញ់​នឹង​គោល​នយោបាយ​របស់​សហព័ន្ធ​រុស្ស៊ី​ទេ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​បាន​បំផ្លាញ​ចោល​។​​ការ​អត្ថាធិប្បាយ​របស់​លោក Zelenskyy បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ចូល​ទៅ​ក្នុង​ទីក្រុង Bucha ក្បែរ​រដ្ឋធានី Kyiv ហើយ​បាន​រក​ឃើញ​អ្វី​ដែល​មន្ត្រី និង​សាក្សី​បាន​និយាយ​ថា ជា​សាកសព​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​រុស្ស៊ី​។ ​កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ចូល​រុល​ទៅ​មុខ​បន្ថែម​ទៀត​ ទៅកាន់​ភាគ​ខាងជើង​ពី​រដ្ឋធានី​គី​វ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បាន​គ្រប់គ្រង​តំបន់​នានា​ឡើងវិញ​នៅ​ក្នុង​ទីក្រុង Bucha បន្ទាប់ពី​ដណ្ដើម​បាន​មកវិញ​ពី​ដៃ​កង​កម្លាំង​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃទី៤មេសា ជាថ្ងៃកំណើតផ្លូវការរបស់សម្ដេច ហើយជាការចាប់ផ្ដើមចលនាតស៊ូរំដោះប្រទេសជាតិ

2022/04/04 10:52:16 am        560
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសថា ថ្ងៃទី៤ ខែមេសានេះ ជាថ្ងៃខួបកំណើតផ្លូវការរបស់សម្ដេច ហើយជាការចាប់ផ្ដើមចលនាតស៊ូរំដោះប្រទេសជាតិ។ថ្លែងក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងសមិទ្ធផលនៃការស្តារ កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាហ្លួងម៉ែ ,ព្រះមហាក្សត្រ និងព្រះសង្ឃ ដែលបានប្រទានពរ និងជូនពរដល់សម្តេច។សម្តេចគូសបញ្ជាក់ថា ថ្ងៃនេះសម្ដេចរើសជាថ្ងៃកំណើតរបស់សម្ដេច ប៉ុន្តែថ្ងៃកំណើតពិតប្រាកដគឺថ្ងៃទី៥ ខែសីហាឯណោះទៅវិញទេ ប៉ុន្តែមូលហេតុដែលមកធ្វើបុណ្យកំណើតនៅថ្ងៃទី៤មេសា ១៩៥១នៅថ្ងៃនេះ ព្រោះថ្ងៃនេះ ហើយបើពិនិត្យថយក្រោយកាលពី៥២ឆ្នាំមុន គឺជាថ្ងៃដែលសម្ដេច បានចុះចូលទៅព្រៃតាមការអំពាវនាវរបស់សម្ដេច ព្រះនរោត្តម សីហនុ៕

ប្រមុខ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ការ​ស្លាប់​ជន​ស៊ីវិល​ក្នុង​ទីក្រុង Bucha របស់​អ៊ុយ​ក្រែ​ន​

2022/04/04 10:39:25 am        935
​អ៊ុយក្រែន៖ លោក ​Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ពិតជា​រន្ធត់ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​បាន​ឃើញ​រូបភាព​ជន​ស៊ីវិល​ស្លាប់​នៅ​ក្នុង​ទីក្រុង Bucha របស់​អ៊ុយ​ក្រែ​ន និង​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ពី​មូលហេតុ​នាំ​ឲ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​។​​ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា​ ជនរងគ្រោះ​មួយ​ចំនួន​ត្រូវ​បាន​ចងដៃ​ទៅ​ក្រោយ និង​បាញ់​ចំ​ពីក្រោយ​ក្បាល​។ លោក Guterres បាន​បង្ហោះ​ការ​អត្ថាធិប្បាយ​របស់​លោក​លើ​បណ្ដាញ​សង្គម Twitter មួយថ្ងៃ​បន្ទាប់ពី​ក្រុម​អ្នក​បាន​ឃើញ​ហេតុការណ៍ និង​មន្ត្រី​បាន​និយាយ​ថា ទាហាន​រុស្ស៊ី​បាន​សម្លាប់​ជន​ស៊ីវិល​ជិត​ ៣០០​នាក់ ខណៈ​ពួកគេ​បាន​ដក​ចេញពី​ទីក្រុង​ជិត​រដ្ឋធានី​គី​វ​។ លោក Guterres បាន​និយាយ​ថា លោក​រន្ធត់ចិត្ត​ណាស់​ដោយសារតែ​រូបភាព​នៃ​ការ​ស្លាប់​ជន​ស៊ីវិលនៅ​ក្នុង​ទីក្រុង Fantin Bucha របស់​អ៊ុយ​ក្រែ​ន ដោយ​លោក​បាន​ចូលរួម​ជាមួយ​ក្រុម​មន្ត្រី​លោក​ខាង​លិច​បង្ហាញ​ពី​កំហឹង​។លោក​ថា វា​ពិតជា​សំខាន់​ណាស់​ក្នុង​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ដើម្បី​ឈាន​ទៅ​រក​ការ​ទទួល​ខុសត្រូវ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ​ចំណែក​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ដែល​ថា ​ទាហាន​រុស្ស៊ី​បាន​សម្លាប់​ជន​ស៊ីវិល​ជាច្រើន​នៅ​ទីក្រុង ​Bucha ដោយ​និយាយ​ថា ​វីដេអូ និង​រូបថត​សាកសព​ទាំងនោះ​គឺជា​សកម្មភាព​បង្កហេតុ​មួយ​ផ្សេងទៀត​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

អាមេរិក​និយាយ​ថា លោក Zelensky អាច​ដក​ទណ្ឌកម្ម​លើ​រុស្ស៊ី​ជា​ថ្នូរ​នឹង​សន្តិភាព

2022/04/04 09:47:17 am        2458
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​ទទួល​ភ្លើង​ខៀវ​ពី​ទីក្រុង Washington ដើម្បី​ជួយ​ឲ្យ​រុស្ស៊ី​រួច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ ជា​ថ្នូរ​នឹង​ការ​បញ្ចប់​ការវាយប្រហារ​ដោយ​យោធា​របស់​ខ្លួន​លើ​អតីត​សា​ធារ​ណ​រដ្ឋ​សហភាពសូវៀត​។​ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken បាន​បើកទ្វារ​ផ្ដល់​ជូន​បែបនេះ​កាលពី​ថ្ងៃអាទិត្យដោយ​បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​កម្មវិធី NBC News ថា លោក Zelensky មាន​សមត្ថភាព​ចរចា​ការលើកលែង​ទណ្ឌកម្ម​ជា​ថ្នូរ​នឹង​សន្តិភាព​។ ​លោ​កថា ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden នឹង​គាំទ្រ​គ្រប់​បែប​យ៉ាង​ដែល​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​ចង់​ធ្វើ​ ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​។ ​លោក Blinken និយាយ​ថា​ យើង​កំពុង​ព្យាយាម​រកមើល​ឲ្យ​ឃើញ​អ្វី​ដែល​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ និង​ពួក​គេ​ចង់​ធ្វើ​អ្វី​។ ហើយ​ប្រសិនបើ​បូករួម​ទាំង​ការ​ចង់​បាន​ការ​បញ្ចប់​សង្គ្រាម បញ្ឈប់​ការ​បាញ់​ផ្លោង​សម្លាប់​មនុស្ស និង​ការ​បំផ្លិចបំផ្លាញ និង​បន្ត​ទាមទារ​ឯករាជ្យ​របស់​ខ្លួន និង​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​រឿង​ទាំងនោះអាច​ធ្វើ​ទៅ​បាន​ដោយ​តម្រូវ​ឲ្យ​ដក​ទណ្ឌកម្ម យើង​នឹង​យល់ព្រម​។​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​និយាយ​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​កំពុង​ធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ជួយ​ទីក្រុង​គី​វ​ឲ្យ​កាន់តែ​រឹងមាំ​នៅ​តុ​ចរចា ប៉ុន្តែ​ទណ្ឌកម្ម​គឺជា​មធ្យោបាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឥរិយាបថ​របស់​រុស្ស៊ី៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យពលរដ្ឋកម្សាន្តសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ

2022/04/04 09:36:27 am        617
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅតែអះអាងឱ្យប្រជាពលរដ្ឋរាំលេងកម្សាន្តសប្បាយរីករាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខណៈការការឆ្លងកូវីដ-១៩ ត្រូវបានគ្រប់គ្រងយ៉ាងល្អ។ថ្លែងក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងសមិទ្ធផលនៃការស្តារ កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ឱ្យបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ និងនាំគ្នាចាក់វ៉ាក់សាំងទាំងដូសទី១ ទី២ ទី៣ និងដុសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីធានាភាពស៊ាំក្នុងសហគមន៍៕

សម្តេចតេជោ ហ៊ុន សែន ព្រមានជាថ្មីមិនអត់ឱនដល់បុគ្គលណាដែលចង់បំផ្លាញសន្តិភាព

2022/04/04 09:17:22 am        543
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានព្រមានមិនអត់ឱន និងចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះបុគ្គលណាដែលមានចេតនាចង់បំផ្លិចបំផ្លាញសុខសន្តិភាព ដែលប្រទេសកម្ពុជាកំពុងមានសព្វថ្ងៃនេះ។ការព្រមានជាថ្មីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែប្រវែងសរុប ១០៨,៧៥ គីឡូម៉ែត្រ និងសមិទ្ធផលនៃការស្តារ កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប។សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា បុគ្គលដែលមកពីគណបក្សនយោបាយណាក៏ដោយ អាចថែរក្សានូវសុខសន្តិភាពបានដូចគ្នា ប៉ុន្តែបើបុគ្គលណាដែលប្រាថ្នាចង់បំផ្លិចបំផ្លាញនូវសុខសន្តិភាព គឺមិនបាននោះឡើយមិនថាអ្នកឯងមកពីណាទេ គឺត្រូវតែកម្ទេចចោលភ្លាមៗតែម្តង៕

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតនៅក្រុងសៀមរាប

2022/04/04 01:49:32 am        848
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បាន​​អញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់​ផ្លូវ​ចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត​មួយ​ចំនួន​​ទៀតក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖ -​ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សមិទ្ធនានាដែលកើតមានក្នុងខេត្តសៀមរាប និយាយដោយឡែក និងទូទាំងប្រទេសនិយាយជារួម បានកើតចេញពីទស្សនៈវិស័យ និងចក្ខុវិស័យ នៃការដឹកនាំ​ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមម្លប់ នៃសុខសន្តិភាព។ ហើយ​ទិដ្ឋភាព​អំណោយ​ផលទាំងនេះគឺចង់បញ្ជាក់ថា«ខ្មែរធ្វើបាន»។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅពេលនេះល្មមដល់ពេលដែលសៀមរាប​ទទួលបាន​នូវ​សមិទ្ធផល​ថ្មី ដ៏មហាសាល ដែលសមនឹងការប្រសិទ្ធនាមជា «តារារះនៅទិសឧត្តរ»។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលកើតមាននៅសៀមរាប នាពេលនេះ រួមមាន៖ ផ្លូវខ្វែងខ្វាត់ចំនួន ៣៨ខ្សែ និងសមិទ្ធនានា តាមដងស្ទឹងសៀមរាប មិនត្រឹមតែជា​ការអភិវឌ្ឍ​តែ​មួយ​​មុខ​នោះទេ សមិទ្ធផលទាំងនេះ ក៏បានបង្កប់នូវ​អត្ថន័យ​យ៉ាង​ជ្រៀលជ្រៅ​សមជា​ខេត្តវប្បធម៌ ដែល​មានធាតុផ្សំការអភិវឌ្ឍ និងការអភិរក្ស។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សមិទ្ធផលផ្លូវខ្វែងខ្វាត់នៅខេត្តសៀមរាបនាពេលនេះ សុទ្ធតែមានឈ្មោះ និងត្រូវបានប្រសិទ្ធនាមឈ្មោះថ្មី ដែលមិនឈ្មោះដូចជា លន់ ណុល សិរីមតៈ ចេងហេង...។ល។ នោះទេ គឺសុទ្ធតែប្រសិទ្ធនាមស្របតាមកិច្ចខិតខំប្រឹងប្រែង និងបូជាកម្លាំង​កាយចិត្ត​របស់​ឥស្សរជន​កម្ពុជា ដែលមានភក្តីភាពចំពោះជាតិ បាតុភូមិ ទឹកកម្ពុជា និង​ប្រជាជន​កម្ពុជា​។​- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតែតាមដងផ្លូវ និង​ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយតាមមាត់ស្ទឹង និងក្នុងស្ទឹងសៀមរាប ដែលបាន​សហការ​ខ្ពស់ជាមួយគណៈកម្មការស្ថាបនាផ្លូវ និងអាជ្ញាធរខេត្តសៀមរាប ដើម្បីសម្រួល​ដល់​ស្ថាបនា និង​កែលម្អហេដ្ឋារចនាសម្ព័ន្ធបានឆាប់រហ័ស និងទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយមោទកភាព និងសម្តែង​ក្តីរីករាយ​ជាមួយ​ប្រជាពលរដ្ឋខេត្តសៀមរាប មិនត្រឹមតែទទួលបានសមិទ្ធផលថ្មីយ៉ាងគាប់ប្រសើរទេ ថែម​ទាំង​មាន​កម្រិត​ជីវភាពគ្រួសារល្អប្រសើរ ដែលខុសពីអតីតកាល មានតែកង់ចតមុខផ្ទះ តែពេលនេះ​ពោរពេញ​ទៅ​ដោយរថយន្តទំនើបៗ និងចតទុកយ៉ាង​មានរបៀបរៀបរយ​តាមគំនូស​ចំណត​លើខឿន នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវយ៉ាងស្រស់ស្អាត។- សម្តេចតេជោ ហ៊ុន សែន ប្រកាសទៅដល់ជនអនាចារទាំងឡាយដែលចង់ធ្វើសកម្មភាព ឆក់ ប្លន់ លួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ សូមបោះបង់គំនិតអាក្រក់នោះចោល ព្រោះសៀមរាប ក្លាយជាក្រុងឆ្លាតដែលពោរពេញដោយប្រព័ន្ធសុវត្ថិភាព និងកាមេរ៉ាសុវត្ថិភាព ទោះជា​ធ្វើសកម្មភាព​អ្វីក៏គេដឹង និងចាត់វិធានការដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ ICC Angkor ដៃគូ​សហប្រតិបត្តិការ​បារាំង-ជប៉ុន និងយូណេស្កូ ដែលមានសុទិដ្ឋិនិយមចំពោះកម្ពុជា និងបានប្រឹងប្រែង​រួមគ្នា​ជាមួយ​កម្ពុជា​ថែរក្សាសម្បត្តិវប្បធម៌ខ្មែរ និងប្រឹងប្រែង​សម្របសម្រួស ដើម្បី​កសាង​សមិទ្ធផល​ថ្មី​ៗ​នៅ​ក្នុងខេត្ត ដែលមិនប៉ះពាល់ដល់ប្រាសាទ និងសម្បត្តិវប្បធម៌។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់បណ្ឌិតមួយរូប(បណ្ឌិត គឹម ហៀង) ជាអ្នករកស៊ីដីធ្លី (អចលនទ្រព្យ) ដែលបានរិះគន់រាជរដ្ឋាភិបាល និងអាជ្ញាធរ មិនអនុញ្ញាតឱ្យកសាងអគារខ្ពស់ និងរិតត្បិតការសាងសង់នៅខេត្តសៀមរាប សូមឱ្យបញ្ឈប់សកម្មភាពទាំងនោះ ដោយសម្តេចហៅសកម្មភាពបណ្ឌិតរូបនោះថាជាសកម្មភាព «មើលតែឈើមួយដើម តែមិនមើលព្រៃទាំងមូល» ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនអាចយក ខេត្តសៀមរាបទៅប្រៀបធៀបទីផ្សារ​អចលនទ្រព្យ​ដូចខេត្តដទៃនោះទេ ខណៈខេត្តមួយនេះគឺមានប្រាសាទអង្គរវត្ត ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នយោយបាយរបស់​រាជរដ្ឋាភិបាល​មិនសម្លាប់​មេមាន់​ដើម្បី​យកពងទេ គឺយើងរក្សាមេមាន់ ដើម្បីទទួលបានពងជារៀងរាល់ថ្ងៃ។ សម្តេចបញ្ជាក់ថា សកម្មភាពអ្វីក៏ដោយ ត្រូវគិតដល់ផលប្រយោជន៍រួម និងប្រយោជន៍ជាតិជាធំ ជាពិសេសនិរន្តរភាព នៃការរក្សាប្រាង្គប្រាសាទ និងសម្បត្តិវប្បធម៌ខ្មែរគ្រប់ទីកន្លែង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ឥស្សរជន សាធារណជន និង​ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស ដែលបានជូនពរដល់សម្តេចក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឱ្យ​បន្តនាំ​គ្នា​រក្សា​សុខសន្តិភាព ដែល​យើងបានប្រឹងប្រែងរកមកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «សង្គ្រាមងាយបង្កើត តែសន្តិភាព​មិនងាយស្វែងរកបានដោយស្រួលៗនោះទេ»។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីអតីតកាល នៃសង្គ្រាមស៊ីវិល ដែលកម្ពុជាមួយពេលនោះ មានតំបន់ត្រួតត្រាច្រើន គឺជាពេលវេលាដ៏លំបាកបំផុត និងមានការផ្ទុះអាវុធជារៀងរាល់ថ្ងៃ ដោយស្លាប់​ប្រជាពលរដ្ឋ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កុំដល់ពេលមានសង្គ្រាមហើយ ទើប​នាំគ្នា​ស្វែង​រក​សុខសន្តិភាព យើងត្រូវតែរក្សាសន្តិភាពដែលកំពុងមាន ឱ្យស្ថិតនៅជានិច្ចនិរន្តតរៀងទៅ។- សម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គុំថ្វាយអំណរព្រះរាជគុណ ថ្វាយ សម្តេចឪ, សម្តេចម៉ែ ,ព្រះករុណា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលតែងមានព្រះទ័យ និងទឹកចិត្ត គាំទ្រសម្តេចក្នុងការដឹកនាំប្រទេស។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្រមាន និងប្រកាសប្តូរផ្តាច់​រក្សា​សុខសន្តិភាព​នៅ​កម្ពុជា​ឱ្យ​បានគង់វង្ស។ សម្តេចបញ្ជាក់ថា «នរណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព ត្រូវតែកម្ទេច មិនត្រូវអត់ឱនឱ្យនរណាម្នាក់ឡើយ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសគិតគូរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា ដែលជា​ប្រព័ន្ធដឹកជញ្ជូនបុរាណធ្វើដំណើរយឺត ដែល​សម្តេច​ចង់​ឱ្យមាន​ការ​ធ្វើ​ទំនើប​កម្ម​ផ្លូវ​រថភ្លើង​ល្បឿនលឿន (លើតម្រាយផ្លូវចាស់) ដើម្បីសម្រួលដល់ការដឹកជញ្ជូន និង​ការ​ចរាចរណ៍​ឆាប់​រហ័ស​។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ កុំភ្លេចខ្លួន នៅក្នុង​ការ​ការពារ​ពីការឆ្លង​រីករាលដាលជំងឺកូវីដ-១៩ តាមរយៈវិធានការ ៣កុំ និង៣ការពារ ព្រមទាំង​ជំរុញការ​ចាក់​វ៉ាក់សាំង​ដូចជំរុញ(ដូសទី៣) ឱ្យគ្រប់គ្រាន់ ដើម្បីធានាភាពសាំសហគមន៍កាន់តែខ្ពស់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងម៉ឺងម៉ាត់បន្ថែមទៀតថា ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នឹងត្រូវកើតមានយ៉ាងពិតប្រាកដ ដែល​ប្រជាពលរដ្ឋ​អាច​សប្បាយរីករាយដោយគ្មានកង្វល់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាគំនិតចង់ឱ្យមានការសាកល្បងមិនពាក់ម៉ាស់នៅតំបន់ ឬខេត្តណាមួយ ព្រោះម៉ាស់នេះ ក៏ជាតម្រូវការចំណាយរបស់ប្រជាពលរដ្ឋផងដែរ ហើយ​មួយ​វិញ​ទៀត​ករណីឆ្លងរីករាយដាលជំងឺកូវីដ-១៩ ក៏ត្រូវ​បាន​គ្រប់​គ្រង​ឱ្យស្ថិត​នៅ​កម្រិត​មួយ​ទាប​ផង។ សម្តេចបញ្ជាក់ថា «អារឿងអត់ពាក់ម៉ាស់នេះគ្រាន់តែជាគំនិតនៅឡើយ តែអ្វីៗ​ត្រូវ​រង់ចាំ​ការ​ពិភាក្សា និងចាំ​ការ​ប្រកាសរបស់រាជរដ្ឋាភិបាលជាមុនសិន»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿលើការឃោសនា ផ្សព្វ​ផ្សាយ​អកុសល របស់ជនមួយក្តាប់តូចថា «ចាក់វ៉ាក់សាំង នាំឱ្យមានជំងឺមហារីកនៅពេលក្រោយ»។ សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា «វ៉ាក់សាំងគឺជាឧបករណ៍មួយ ដ៏មានប្រសិទ្ធភាពបំផុត ក្នុង​ការ​ជួយ​ដល់ប្រជាពលរដ្ឋពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ យ៉ាងពិតប្រាកដ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនពរ និងប្រសិទ្ធិពរជ័យ សិរីបវរ មហាប្រសើរ ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស, ប្រជាពលរដ្ឋខ្មែររស់នៅឯនាយសមុទ្រ និងកងរក្សាសន្តិភាពកម្ពុជា កំពុងបំពេញបេសកកម្ម​រក្សាសន្តិភាព​ក្រោមឆ័ត្រ​អង្គការសហប្រជាជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈាន​ចូលមកដល់​នាពេល​ឆាប់ៗខាងមុខនេះ។សង្កថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចប់នៅវេលាម៉ោង៨ និង៤៤នាទី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
07/05/2026 10:07 AM
រលកកម្ដៅរំខានដល់ព្រឹត្តិការណ៍ទិវាឯករាជ្យជាតិអាមេរិក៤កក្កដាទូទាំងប្រទេស និងដាច់ចរន្តអគ្គិសនី
07/05/2026 10:07 AM
[UPDATE] ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅប្រទេសវ៉េណេស៊ុយអេឡាកើនឡើងដល់ជិត ៣.០០០នាក់
07/05/2026 10:07 AM
កម្ពុជារំលេច​អំពីតួនាទីសំខាន់របស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលក្នុងការជំរុញរបៀបវារៈ២០៣០
07/05/2026 10:07 AM
សម្តេច ម៉ែន សំអន អញ្ជើញសំណេះសំណាល និងនាំយកអំណោយសម្តេចតេជោ ចែកជូនគ្រួសារអតីតយុទ្ធជន ២៥គ្រួសារ នៅខេត្តស្វាយរៀង
07/05/2026 10:07 AM
ក្រុមការងារចុះមូលដ្ឋានស្រុកចន្ទ្រាប្រជុំដាក់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់
07/05/2026 10:07 AM
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
07/05/2026 08:07 AM
ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM