សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

TOP STORY: ចិនប្រឆាំងការប៉ុនប៉ង < ចាក់សាំងលើភ្លើង > លើវិបត្តិអ៊ុយក្រែន-រុស្ស៊ី

2022/03/06 10:56:13 am        1783
 រដ្ឋមន្ត្រី​ការបរទេស​ចិន​ប្រាប់​អាមេរិក​ថា ប្រទេស​របស់​លោក​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង « ចាក់សាំងលើភ្លើង» រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍។ ខណៈដែល លោក Blinken បានស្នើថាទីក្រុងវ៉ាស៊ីនតោនចង់ឱ្យប្រទេសជាច្រើនទៀតដាក់ទណ្ឌកម្មរុស្ស៊ីសម្រាប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងអ៊ុយក្រែន ប៉ុន្តែលោក Wang បានព្រមានប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ចិន​បាន​ទទូច​ឲ្យ​រុស្ស៊ី និង​អ៊ុយក្រែន​ដោះស្រាយ​ជម្លោះ​តាមរយៈការចរចា ។លោក Wang បាននិយាយថា ប្រទេសចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលរួមចំណែកដល់ការកាត់បន្ថយភាពតានតឹង និងការដោះស្រាយផ្នែកការទូត លោក Wang បានប្រាប់ លោក Blinken ថា សហរដ្ឋអាមេរិក NATO សហភាពអឺរ៉ុប និងរុស្ស៊ីចាំបាច់ត្រូវ "ធ្វើការសន្ទនាដោយស្មើភាពគ្នា" ជាពិសេសទាក់ទងនឹងការពង្រីកសមាជិកភាពអង្គការណាតូ ដែលទីក្រុងម៉ូស្គូចាត់ទុកថាជា ការគំរាមកំហែងសន្តិសុខដែលមិនអាចទទួលយកបាន។ ក្រសួង​ការបរទេសចិនបាន​បញ្ជាក់​ទៀតថា ប្រទេស​ចិន​ប្រឆាំង​នឹង​សកម្មភាព​ណា​ដែល​មិនមែនជា​ដំណោះស្រាយ​ការទូត​ និងសកម្មភាពចាក់សាំងលើភ្លើង ដែលដុតស្ថានការណ៍អោយកាន់តែតានតឹងបន្ថែមទៀត ។Source: RT#UkraineRussiaCrisis #BTVNews

ចូល​ដល់​សប្ដាហ៍​ទី​២ ស្ថានីយ​រថភ្លើង​ទីក្រុង​គី​វ​នៅ​តែ​មាន​មនុស្ស​កកកុញ​

2022/03/05 12:27:35 pm        892
​អ៊ុយក្រែន៖ នៅ​ក្នុង​សប្ដាហ៍​ទី​២ ​បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ស្ថានីយ​រថភ្លើង​នៅ​ទីក្រុង​គី​វ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​តែ​មាន​មនុស្ស​កកកុញ ដោយ​ប្រជាជន​អស់សង្ឃឹម​ភៀសខ្លួន​ចេញពី​រដ្ឋធានី​។ប្រជាជន​ក្នុង​ទីក្រុង​គី​វ នាង Anastasia Kolomiyet មិន​អាច​ឡើង​ជិះ​លើ​រថភ្លើង​ទៅកាន់​ទីក្រុង Lviv ជាទី​ក្រុង​នៅ​ភាគ​ខាងលិច​ក្បែរ​ព្រំដែន​ប៉ូឡូញ​បានទេ​ដោយ​គ្មាន​កន្លែង​ទំនេរ​លើ​រថភ្លើង​។ ប៉ុន្តែ​នាង​និយាយថា​ នាង​នឹងព្យាយាម​ទៅ​តាម​ខ្សែ​រថភ្លើង​ជើង​ក្រោយ​ម្តងទៀត​។ នាង​នឹង​រង់ចាំ​នៅក្នុង​ស្ថានីយរហូតដល់​រថភ្លើង​ចុងក្រោយ​។​ ​នៅក្នុង​ប្រទេស​រ៉ូ​ម៉ា​នី ប្រជាជន​បាន​បន្ត​មកដល់​ប្រទេស​រូ​ម៉ា​នីដោយ​ឆ្លងកាត់​ព្រំដែនពី​ប្រទេសអ៊ុយ​ក្រែ​ន ខណៈ​ពួកគេ​បាន​ភៀសខ្លួន​ពី​អំពើហិង្សា​ដែល​បណ្តាល​មកពី​ការឈ្លានពាន​របស់​រុស្ស៊ី​។​ ​ជនភៀសខ្លួនដែល​ភាគច្រើន​ជា​ស្ត្រី កុមារ ឬ​មនុស្ស​ចាស់បាន​ទាញ​វ៉ា​លី ឬ​កាបូបស្ពាយ នៅពេល​ពួកគេ​ឆ្លង​ព្រំដែន​ទៅកាន់​ប្រទេសជិតខាង​នៅ​អឺរ៉ុប ដោយ​ភាគច្រើន​យកមក តាម​ខ្លួន​នូវរបស់របរ​ចាំបាច់​មួយ​ចំនួនមាន​សម្លៀកបំពាក់ និង​សម្ភារៈប្រើប្រាស់ជា​មូលដ្ឋាន​។​​ប្រធាន​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ម៉ុ​ល​ដូ​វ៉ាត្រូវការ​ជំនួយ​អន្តរជាតិ​បន្ទាន់ ​ដើម្បី​ទប់ទល់​នឹង​លំហូរ​ជនភៀសខ្លួនយ៉ាងច្រើន ដែល​ចូលមកក្នុងប្រទេស​នេះ​ពី​អ៊ុយ​ក្រែ​ន​។ ​លោក Filippo Grandi ប្រធាន​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) បាន​និយាយថា រដ្ឋាភិបាល​របស់​ប្រទេស​ម៉ុ​ល​ដូ​វ៉ាកំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ប៉ុន្តែ​ត្រូវការ​ជំនួយ​បន្ថែមទៀត​៕អត្ថបទ៖ ប៊ុនថន

ក្រុមប្រឹក្សាសន្តិសុខ ​UN បើក​កិច្ចប្រជុំ បន្ទាប់ពី​រុស្ស៊ី​វាយប្រហារ​រោងចក្រ​នុយក្លេអ៊ែរ​

2022/03/05 12:10:35 pm        1542
​UN៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ស្តីពី​ការវាយប្រហារ​របស់​រុស្ស៊ី​ នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​នៅ​អ៊ុយ​ក្រែ​ន​។ ​មន្ត្រី​អង្គការសហប្រជាជាតិ និង​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា គ្មាន​សារធាតុ​វិទ្យុសកម្ម​ណាមួយ​ត្រូវ​បានសាយភាយ​ចេញ​ ដោយ​ការវាយប្រហារ​របស់​រុស្ស៊ី​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត ​របស់​អឺរ៉ុប​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ពន្លត់ភ្លើង​នៅ​រោងចក្រ​នេះ​។ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​បដិសេធ​ថា ​ប្រទេស​របស់​លោក​មិនបាន​វាយប្រហារ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ លោក Vasily Nebenzya និយាយ​ថា ​កងកម្លាំង​រុស្ស៊ីមិនបាន​បាញ់​ទៅលើ​អគារ​នោះ​ទេ​។ ​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត ​របស់​អឺរ៉ុប​នៅ​អ៊ុយ​ក្រែ​នទទួល​បានការ ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ​កាលពី​ថ្ងៃ​សុក្រ​។​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ បាន​ចាត់​ទុក​ការវាយប្រហារ​ដោយ​យោធា​រុស្ស៊ី​ លើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ​ជា​ការ​កើន​ឡើង​ថ្មី​ដ៏​គ្រោះ​ថ្នាក់​។ លោកស្រី Linda Thomas Greenfield បាន​អំពាវនាវ​ម្តង​ទៀត​ឲ្យ​លោក Vladimir Putin ដក​កងទ័ព​រុស្ស៊ី​ទាំងអស់​ចេញពី​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

ប្រធាន​អង្គការ​ណា​តូ​និយាយ​ថា យើង​បាន​ឃើញ​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​

2022/03/05 11:09:02 am        753
អឺរ៉ុប៖ ​ប្រធាន​អង្គការ​ណា​តូលោក Jens Stoltenberg បាន​ស្វាគមន៍​ការសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដើម្បី​បើក​ការស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​អាច​កើតមាន បន្ទាប់ពី​ការ​ឈ្លាន​ពាន​របស់​ប្រទេស​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​​ការស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) អាច​កំណត់​គោលដៅ​លើ​មន្ត្រី​ជាន់​ខ្ពស់ដែល​ជឿ​ថា នឹង​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឬ​អំពើ​ប្រល័យ​ពូជសាសន៍ក្នុង​ពេល​មានការ​កើន​ឡើង​ការ​ស្លាប់​ជន​ស៊ីវិល និង​ការបំផ្លាញ​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន​។​ លោក Stoltenberg និយាយ​ថា ការឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​ប្រទេសជិតខាង​ខ្លួន គឺជា​ការបំពាន​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ​។ លោក​បាន​អះអាង​ថា យើង​បាន​ឃើញ​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម​។ យើង​ត្រូវតែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​លោក​ប្រធានាធិបតី Putin និង​ប្រធានាធិបតី​ប្រទេស​បេឡា​រុសត្រូវ​ទទួលខុស​ត្រូវ​ចំ​ពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ៕អត្ថបទ៖ ប៊ុនថន

បេសកជន​រុស្ស៊ី​និយាយ​ថា យើង​នឹង​មិន​កាន់កាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ​

2022/03/05 10:51:04 am        1849
​រុស្ស៊ី៖ លោក Gennady Gatilov ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវបាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​រុស្ស៊ី​នឹងមិន​កាន់កាប់​ប្រទេស​អ៊ុយ​ក្រែ​ន​នោះទេ ហើយ​កងទ័ព​នឹង​ដកខ្លួន​ចេញ​បន្ទាប់ពី​បញ្ចប់​នូវ​អ្វីដែលលោកបាន​ចាត់ទុកថា ជា​ប្រតិបត្តិការ​មួយដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​យោធានិយម និង​ឥរិយាបថ​ណា​ស៊ី​និយម​។​លោក Gatilov បាន​ទទូចថា ការឈ្លានពាន​ផ្នែក​យោធា​របស់​រុស្ស៊ី​ មិនមែនប្រឆាំងប្រជាជនអ៊ុយ​ក្រែ​ន​នោះទេ ប៉ុន្តែប្រឆាំង​ទៅនឹង​ការគំរាមកំហែងដល់​ប្រទេសរុស្ស៊ី រួមទាំង​ការចោទប្រកាន់​ពីបំណង​កាន់កាប់​អាវុធ​នុយក្លេអ៊ែរ​។ ​កាល​ព្រឹក​ថ្ងៃ​សុក្រ កងកម្លាំង​រុស្ស៊ី​បាន​វាយប្រហារ​លើ​មូលដ្ឋាន ​ដែលជា​រោងចក្រនុយក្លេអ៊ែរ​ធំ​បំផុតនៅ​អឺរ៉ុបដែល​នាំឱ្យមាន​អគ្គិភ័យ​ឆាបឆេះ ដែល​ក្រោយមក​ត្រូវបានពន្លត់​ដោយ​ក្រុម​ពន្លត់អគ្គិភ័យ​។ ​មន្ត្រី​អង្គការសហប្រជាជាតិ និង​មន្ត្រី​របស់ប្រទេស​អ៊ុយ​ក្រែ​នបាន​រាយការណ៍​ថា គ្មាន​សារធាតុ​វិទ្យុសកម្មត្រូវបាន​សាយភាយ​ចេញ​នោះទេ​៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​អឺរ៉ុប​

2022/03/05 10:36:40 am        4295
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​ទៅកាន់​ប្រជាជន​ដែលបាន​មក​ប្រមូលផ្តុំ​គ្នា ​នៅ​ក្នុង​ទីក្រុង​នានា​នៅ​អឺរ៉ុបក្នុង​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន​។​ ​ថ្លែង​តាមរយៈ​បណ្តាញ​វីដេអូ​ដាក់​នៅ​ទីលាន​ធំៗ​ក្នុង​ទីក្រុង Bratislava, Frankfurt, Prague, Lyon, Tbilisi, Vienna និង Vilnius លោក Zelenskyy និយាយថា អនាគត​របស់​ទ្វីបអឺរ៉ុប​គឺ​អាស្រ័យ​លើ​លទ្ធផល​នៃ​សង្គ្រាម​ជាមួយ​រុស្ស៊ី​។ ប្រសិនបើអ៊ុយ​ក្រែ​ន​បរាជ័យ អឺរ៉ុប​ទាំងមូល​នឹង​បរាជ័យ។​​ខណៈ​ការឈ្លានពាន​ឈាន​ចូលដល់​សប្តាហ៍​ទី​ពីរ កិច្ចចរចា​ជុំ​មួយ​ផ្សេងទៀត​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​នទទួលបាន​កិច្ចព្រម​ព្រៀង​បណ្តោះអាសន្ន​ ដើម្បី​បង្កើត​ច្រករបៀង​សុវត្ថិភាពក្នុងការ​ជម្លៀស​ពលរ​ដ្ឋ និង​ផ្តល់ជំនួយ​មនុស្សធម៌​ចូលក្នុង​ប្រទេស​។​ ​រុស្ស៊ី​បានប្រកាស​ពី​ការដណ្តើម​បាន​ទីក្រុង Kherson ភាគខាងត្បូង ជាទី​ក្រុង​កំពង់ផែ​សមុទ្រ​ខ្មៅដ៏​សំខាន់ ហើយ​មន្ត្រី​អ៊ុយ​ក្រែ​ន​ក្នុង​តំបន់​បានបញ្ជាក់​ពី​ការចូល​កាន់កាប់ ទីស្នាក់ការរដ្ឋាភិបាល​នៅ​ទីនោះ ដែល​ធ្វើឱ្យ​វា​ក្លាយជា​ទីក្រុងសំខាន់​ដំបូង​គេ​ដែលត្រូវបានដណ្តើមយក​ ចាប់​តាំងពី​ការ​ឈ្លា​នពាន​បានចាប់ផ្តើម​។​​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Oleksiy Arestovich បាន​និយាយកាលពី​ថ្ងៃ​សុក្រ​ថា កំពង់ផែ​យុទ្ធសាស្ត្រ​មួយទៀត​គឺ​កំពង់ផែ Mariupol នៅលើ​សមុទ្រ Azov ស្ថិតនៅក្រោម​ការឡោមព័ទ្ធ ហើយ​កងកម្លាំងអ៊ុយ​ក្រែ​ន​កំពុង​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​វាយ​រុញច្រាន៕អត្ថបទ៖ ប៊ុនថន

កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​បាន​បំផ្លាញ​គោលដៅ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​អ៊ុយ​ក្រែ​ន ១,៦១២​ទីតាំង​

2022/03/04 03:10:05 pm        1599
​អ៊ុយក្រែន៖ យោង​តាម​ក្រសួងការពារជាតិ​របស់​ប្រទេស​បាន​ឲ្យ​ដឹង​ថា កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ីបាន​បំផ្លាញ​គោល​ដៅ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​អ៊ុយ​ក្រែ​ន ១,៦១២​ទីតាំង​ ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។គោលដៅ​ដែល​ត្រូវ​បាន​វាយប្រហារ​រួមមានមជ្ឈមណ្ឌល​ ទីបញ្ជាការ ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ និង​ស្ថានីយ​រ៉ា​ដា ព្រមទាំង​យន្តហោះ​ចម្បាំង រថក្រោះ រថយន្ត​យោធា និង​កាំភ្លើង​ធំ​បាញ់​រ៉ុក្កែត​ជា​ច្រើន​គ្រឿង​។ កងកម្លាំង​រុស្ស៊ីទទួល​បាន​ការគ្រប់គ្រង​ពេញលេញ​ទីក្រុង Kherson នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន ទោះបីជា​ភាគី​អ៊ុយ​ក្រែ​ន​បដិសេធ​សេចក្ដីថ្លែងការណ៍​នេះ​ក៏​ដោយ​។​ ភាគី​រុស្ស៊ី​លើក​ឡើង​ថា ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ដឹកជញ្ជូន​ស៊ីវិល​នៅ​ក្នុង​ទីក្រុង Kherson នៅ​មាន​ប្រតិបត្តិការ​ធម្មតា ហើយ​គ្មាន​ការ​ខ្វះ​ខាត​ស្បៀងអាហារ​ ឬ​របស់​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ​នោះ​ទេ​។​ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​ថា កងកម្លាំងប្រដាប់អាវុធ​តំបន់ Donetsk បាន​បន្ត​រុល​ទៅ​មុខ​ក្រោម​ការ​គាំទ្រ​ពី​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី ហើយ​ទីក្រុង Mariupol ត្រូវ​បាន​ឡោមព័ទ្ធ​។ កងកម្លាំង​ប្រដាប់​អាវុធ​តំបន់ Donetsk អះអាង​ថា ពួកគេ​បាន​ទុក​ច្រក​របៀង​មនុស្សធម៌​សម្រាប់​ពលរដ្ឋ​ក្នុង​តំបន់ ហើយ​បច្ចុប្បន្ន​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ទាហាន​អ៊ុយ​ក្រែ​ន​ទម្លាក់អាវុធ​ចុះ និង​ចាកចេញ​។​ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov និយាយ​ថា រុស្ស៊ី​ទទួលស្គាល់​លោក Volodymyr Zelenskyy ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​អ៊ុយ​ក្រែ​ន ទោះបី​រុស្សី​នៅតែ​ប្ដេជ្ញា​ចំពោះ​បេសកកម្ម​របស់​ខ្លួន ធ្វើ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​គ្មាន​កងទ័ព​ក៏​ដោយ​៕អត្ថបទ៖ ប៊ុនថន

រុស្សី​ចាប់ផ្ដើម​បាញ់​ផ្លោង​ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​សំខាន់​របស់​អ៊ុយ​ក្រែ​ន​

2022/03/04 02:39:04 pm        945
​អ៊ុយក្រែន៖ យោង​តាម​មន្ត្រី​រោងចក្រ​បាន​ឲ្យ​ដឹង​ថា កងទ័ព​រុស្សី​បាន​ចាប់ផ្ដើម​បាញ់​ផ្លោង​ទៅលើ​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត ​របស់​អឺរ៉ុប​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​រោងចក្រ Zaporizhzhia មាន​ប្រមាណ ​១​ភាគ​៤ នៃ​ការ​បង្កើត​ថាមពល​របស់​អ៊ុយ​ក្រែ​ន​។ ការ​បាញ់​ផ្លោង​បាន​កើត​ឡើង ខណៈ​ការ​ប្រយុទ្ធ​គ្នា​កើនឡើង​ខ្លាំង​នៅ​ទីក្រុង Enerhodar ជាទី​ក្រុងនៅតាម​ដង​ទន្លេ Dnieper។ អភិបាលក្រុង Enerhodar និយាយ​ថា ​កងកម្លាំង​អ៊ុយ​ក្រែ​នកំពុង​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្សី​នៅ​ជាយ​ទីក្រុង​នេះ​។ ទីភ្នាក់ងារ​ឃ្លាំមើល​គ្រាប់បែក​អា​តូ​មិ​ក​អង្គការសហប្រជាជាតិបាន​បង្ហាញ​ការ​ព្រួយបារម្ភ​ខ្លាំង​ថា ការ​ប្រយុទ្ធ​គ្នា​អាច​បណ្តាល​ឲ្យ​មានការ​បំផ្លាញ​ដល់​ម៉ាស៊ីន​រ៉េ​អា​ទ័​រ​នុយក្លេអ៊ែរ​ចំនួន​ ១៥ របស់​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

លោក Putin បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​នឹង​សង្គ្រាម​អ៊ុយ​ក្រែ​ន​នៅ​រុស្ស៊ី​ដោយ​ចាប់ខ្លួន​មនុស្ស​ជាង​ ៦​ពាន់​នាក់​

2022/03/04 02:14:09 pm        783
​រុស្ស៊ី៖ ក្រោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​បើក​ប្រតិបត្តិ​ការឈ្លានពាន​អ៊ុយ​ក្រែ​ន ការ​តវ៉ា​បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ប្រឆាំង​នឹង​ការឈ្លានពាន​នេះ។ ជា​ការ​ឆ្លើយតប​លោក Putin បាន​បង្ក្រាប​ការ​តវ៉ា​ដោយ​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងហោចណាស់ ៦,៥០០​នាក់។​យោង​តាម​គម្រោង OVD-Info ដែល​ជា​ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ឯករាជ្យ​នៅ​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ការ​តវ៉ា​ប្រឆាំង​នឹងលោក ​Putin ​បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង​ជាង​ ១០០ របស់​ប្រទេស​រុស្ស៊ី​ចាប់​តាំង​ពី​លោក Vladimir Putin បញ្ជា​ឲ្យ​កងកម្លាំង​របស់​លោក​វា​យ​ប្រហារ​អ៊ុយ​ក្រែ​ន។ យោង​តាម​គេហទំព័រ​របស់ OVD-Info ក្រុម​អ្នក​តវ៉ា​ត្រូវ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ចាប់ពី ២,០០០ ទៅ ៣០០,០០០​រូ​ប្លិ៍ និង​អាច​ជាប់ឃុំ​រយៈពេល​ ៣០​ថ្ងៃ​អាស្រ័យ​ទៅ​លើ​បទ​ចោទ​ប្រកាន់​៕​អត្ថបទ៖ សុខមាន

លោក Putin ​និយាយ​ថា ប្រតិបត្តិការ​នៅ​អ៊ុយ​ក្រែ​ន​ដំណើរការ​ទៅតាម​ផែនការ​

2022/03/04 12:23:52 pm        1525
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ប្រតិបត្តិការយោធា​របស់​លោកនៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នកំពុងដំណើរការ​ទៅតាម​ផែនការ​។ និយាយ​នៅក្នុង​បណ្ដាញ​វីដេអូ​ជាមួយ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​របស់លោក លោក Putin និយាយ​ថា គោលដៅ​ទាំងអស់​កំពុង​ឈាន​ដល់​ការសម្រេច​ដោយ​ជោគជ័យ​។​លោក​បាន​សរសើរ​យោធា​រុស្ស៊ី​ថា ​ជា​វីរបុរស ហើយ​បាន​បញ្ជា​ឱ្យ​បង់​ប្រាក់​បន្ថែម​ដល់​គ្រួសារ​ទាហានដែល​ត្រូវ​បាន​សម្លាប់ និង​ទាហាន​ដែល​រង​របួស​ក្នុង​បេសកកម្ម​របស់​ពួកគេ។​ កងកម្លាំង​រុស្ស៊ី​បាន​ជំរុញ​សង្គ្រាម​របស់​ពួកគេ​នៅ​អ៊ុយ​ក្រែ​ន ដោយ​ដណ្ដើម​បាន​កំពង់ផែ​សមុទ្រ​យុទ្ធសាស្ត្រ​មួយ និង​គំរាម​ដណ្ដើម​យក​មជ្ឈមណ្ឌល​ថាមពល​ធំ​មួយ ទោះ​បីជា​ភាគី​ទាំងពីរ​បាន​ជួប​ប្រជុំគ្នា​នៅ​ក្នុង​ប្រទេស​បេឡា​រុស និង​បាន​ចរចា​ព្រមព្រៀង​ឲ្យ​មាន​ច្រក​របៀង​សុវត្ថិភាព ដើម្បី​ជម្លៀស​ពលរដ្ឋ​ដោយ​សុវត្ថិភាព​ក៏ដោយ​។​អង្គការសហប្រជាជាតិ​និយាយ​ថា មនុស្ស​ជាង​ ១​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ចាប់ផ្ដើម​។ ចំនួន​នេះ​ស្មើនឹង​ជាង ២% នៃ​ចំនួន​ប្រជាជន​អ៊ុយ​ក្រែ​ន ទោះបីជា​អ្នក​ដែល​ភៀសខ្លួន​ពី​អ៊ុយ​ក្រែ​ន​មួយ​ចំនួន ជា​ពលរដ្ឋ​ប្រទេស​ផ្សេងទៀត​ក៏ដោយ​។​ ទីភ្នាក់​ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិបាន​ព្យាករណ៍​ថា ប្រជាជន​រហូតដល់ ៤​លាន​នាក់​អាច​ចាក​ចេញពី​អ៊ុយ​ក្រែ​ន ជា​ប្រទេស​ដែល​មាន​ប្រជាជន​ចំនួន ៤៤លាន​នាក់​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Unai Simón៖ Ronaldo នៅតែគ្រោះថ្នាក់ ទោះមិនស្ថិតក្នុងចំណុចកំពូលនៃអាជីព មុនអេស្ប៉ាញជួបព័រទុយហ្គាល់
07/06/2026 01:07 PM
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តប្រតិបត្តិការបង្ក្រាប Online Scams នៅខណ្ឌដង្កោ ឃាត់ជនបរទេស ៨នាក់
07/06/2026 01:07 PM
លោក Carlos Queiroz លាលែងពីតំណែងគ្រូបង្វឹកហ្គាណា ក្រោយធ្លាក់ចេញពី World Cup
07/06/2026 01:07 PM
ទូតជប៉ុន សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងលើវិស័យបរិស្ថាន​កម្ពុជា​ធ្វើឱ្យប្រទេសក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ពលរដ្ឋ
07/06/2026 01:07 PM
ក្រសួងបរិស្ថាន រកឃើញវត្តមានភេទសត្វព្រៃកម្រកំពុងរងគ្រោះថ្នាក់ជិតផុតពូជចំនួន ១៤ប្រភេទ នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី
07/06/2026 12:07 PM
ប៉ាគីស្ថាន ទំនងជានឹងធ្វើជាម្ចាស់ផ្ទះជុំបន្ទាប់នៃកិច្ចពិភាក្សាបច្ចេកទេសរវាងអាមេរិក និងអ៊ីរ៉ង់
07/06/2026 12:07 PM
កម្ពុជា បន្តប្រាប់អង្គទូត និងអង្គការអន្តរជាតិអំពីទង្វើរំលោភបទឈប់បាញ់ និងបន្តធ្វើសកម្មភាពខុសច្បាប់របស់ថៃ
07/06/2026 12:07 PM
ប្រទេសអូស្ត្រាលី និងហ្វីជី ចុះហត្ថលេខាបង្កើតសម្ព័ន្ធភាពការពារជាតិថ្មី
07/06/2026 11:07 AM
បេសកជនអ៊ីរ៉ង់ប្រចាំប្រទេសចិន សន្យាប្រព្រឹត្តយ៉ាងពិសេសចំពោះប្រទេសជាមិត្តនៅច្រកសមុទ្រ Hormuz
07/06/2026 11:07 AM
ក្រុមឧទ្ទាមហ៊ូទី សម្លាប់កងទ័ពរដ្ឋាភិបាលយេម៉ែន១៦នាក់ក្នុងការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមបំផុត
07/06/2026 11:07 AM