ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

មេដឹកនាំ​ប៉ូឡូញ​និយាយ​ថា វិបត្តិ​ជនអន្តោប្រវេសន៍​ប៉ះ​ពាល់​ដល់​សហភាព​អឺរ៉ុប និង​ណា​តូ

2021/11/20 10:21:49 am        512
​ប៉ូឡូញ៖ ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda បាន​និយាយ​ថា វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​ព្រំដែន​ប្រទេស​របស់​លោក​ជាមួយ​ប្រទេស​បេឡា​រុស បាន​បង្ហាញ​នូវ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ខ្លាំង​ចំពោះ​មិន​ត្រឹមតែសហភាព​អឺរ៉ុប​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​មាន​អង្គការ​ណា​តូផង​ដែរ​។ លោក Duda បាន​និយាយ​ដូច្នេះ​ក្នុងអំឡុងពេល​សន្និសីទ​សារព័ត៌មានរួមគ្នា ​ជាមួយ​សម​ភាគី​ប្រទេស​ម៉ា​សេ​ដូនាខាងជើង​លោក Stevo Pendarovski។លោក Duda បាន​និយាយ​នៅ​ក្នុង​កិច្ចពិភាក្សា​នា​ពេល​ថ្មីៗ​នេះ ជាមួយ​អគ្គលេខាធិការ​អង្គការ NATO លោក Jens Stoltenberg ដោយលោក​បាន​បង្ហាញ​ពី​ការ​គំរាម​កំហែងដែល​អាច​កើតមានពី​ប្រទេស​បេឡា​រុស។ លោក​ប្រធានាធិបតី​បាន​និយាយ​ថា លោក​នៅតែ​ជឿ​ថា​ វិបត្តិ​អាច​ត្រូវ​បាន​ដោះស្រាយ​។ ប្រទេស​លោក​ខាង​លិច​បាន​ចោទ​ប្រកាន់​ប្រធានាធិបតី​​បេឡា​រុសលោក Alexander Lukashenko ថា ​បាន​ប្រើប្រាស់​ជនអន្តោប្រវេសន៍​ធ្វើជា​កូនអុកដើម្បី​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​មាន​អស្ថិរភាព ​ក្នុង​ការ​សងសឹក​ចំពោះ​ការ​ដាក់​ទណ្ឌកម្មលើរបប​ផ្តាច់​ការរបស់​លោក​។ ប្រទេស​បេឡា​រុសបាន​បដិសេធ​ចំពោះ​វិបត្តិ​នេះ ដែល​បាន​មើល​ឃើញ​ជន​អន្តោប្រវេ​ស​ន៍ចូល​មក​ប្រទេស​តាំងពី​រដូវ​ក្តៅ​មុន ហើយ​បន្ទាប់មក​ព្យាយាម​ឆ្លងកាត់​ទៅ​ប្រទេសប៉ូឡូញ លី​ទុយ​អា​នី និង​ឡា​ត​វី​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ប្រទេស​បេឡា​រុស​បាន​ចេញ​ផ្សាយ​វីដេអូ នៃ​ជនអន្តោ​ប្រវេ​ស​ន៍​នៅ​ព្រំដែន​ប្រទេស​បេឡា​រុស-​ប៉ូឡូញត្រូវ​បាន​គេ​ផ្តល់​អាហារ និង​ទី​ជម្រក​ដែល​រៀបចំនៅ​មជ្ឈ​មណ្ឌល​ដឹកជញ្ជូន​ក្បែរ​ព្រំដែន​។វីដេអូ​ដែល​ចាក់​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ីបាន​បង្ហាញ​ពីបុគ្គលិក​ពេទ្យប្រទេស​បេឡា​រុស ​បាន​មក​ដល់​ព្រំដែន​ដើម្បី​ចាប់ផ្ដើមចាក់​វ៉ា​ក់​សាំង​ជនអន្តោប្រវេសន៍​បង្ការ​វី​រុស ​COVID-19​។ ក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ ជន​អន្តោ​ប្រវេ​ស​ន៍រាប់​ពាន់​នាក់បាន​ជាប់​គាំង​នៅក្នុង​ព្រៃ​ត្រជាក់​ និង​សើម​នៅ​ព្រំដែន​ភាគ​ខាងកើត​ប្រទេស​ប៉ូឡូញ​។ យោង​តាម​អ្នកនាំ​ពាក្យ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​និយាយ​ថា ប្រធានាធិបតី​ប្រទេស​បេឡា​រុស និង​រុស្ស៊ីបាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជុំវិញ​តាម​ការ​ចោទ​ប្រកាន់​ថា​ បាន​ធ្វើ​បាប​ជនអន្តោប្រវេសន៍​ដោយមន្ត្រី​ព្រំដែន​ប្រទេស​ប៉ូឡូញ​។ ភាព​តានតឹង​បាន​ផ្ទុះឡើង​នៅ​ព្រំដែន​ប្រទេស​ប៉ូឡូញ​-​បេឡា​រុស ដោយ​មនុស្ស​ប្រមាណ ២.០០០​នាក់​ជាប់​គាំង​រវាង​កង​កម្លាំង​មកពី​ប្រទេស​ទាំងពីរ​៕អត្ថបទ៖ ប៊ុនថន

ចិន​ព្រមាន​សហរដ្ឋអាមេរិក​ពី "​ការ​ប្រឡែង​លេង​ជាមួយ​ភ្លើង​" លើ​កោះ​តៃវ៉ាន់​ក្នុង​ជំនួប​រវាង​លោក Biden​ និង​លោក Xi

2021/11/17 11:16:57 am        207
ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ប្រើ​ជំនួប​កំពូល​តាម​វីដេអូ​ជាមួយ​សម​ភាគី​អាមេរិក​លោក Joe Biden ដើម្បី​ព្រមាន​ថា ការលើកទឹកចិត្ត​ឲ្យ​មាន​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់​នឹង​ជាការ​ "​ប្រឡែង​លេង​ជាមួយ​ភ្លើង​''។​ ​ការចរចា​នេះ​មាន​សារៈ​សំខាន់បំផុត​ចាប់តាំងពី​លោក Biden ចូលកាន់​តំណែង​កាលពី​ខែមករា​ដើម​ឆ្នាំ​នេះ​។​ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​មេដឹកនាំ​ទាំងពីរ ហើយ​ជំនួប​កំពូល​គឺជា​ការប៉ុនប៉ង​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​។ ប៉ុន្តែ​មេដឹកនាំ​ទាំង​២ ​មិនអាច​គេចផុត​ពី​ប្រធាន​បទ​ដ៏​រសើប​បំផុត​មួយ​នោះទេ គឺ​បញ្ហា​កោះ​តៃវ៉ាន់​ដែលជា​ដែនដី​ស្វ័យគ្រប់គ្រង​ដោយ​កោះ​តៃវ៉ាន់ ​ចិន​មើល​ឃើញ​ថា ​កោះ​តៃវ៉ាន់​ជា​ខេត្ត​ផ្ដាច់ខ្លួន​មួយ​ដែល​ខ្លួន​នឹង​បង្រួបបង្រួម ​ជាមួយ​ដីគោក​នៅ​ថ្ងៃ​ណា​មួយ​។ សហរដ្ឋ​អាមេ​រិក​ទទួល​ស្គាល់ និង​មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​ចិន​។ ប៉ុន្តែ​ខ្លួន​ក៏បាន​សន្យា​ជួយ​កោះ​តៃវ៉ាន់​ការពារ​ខ្លួន​ ក្នុង​ព្រឹត្តិការណ៍​នៃ​ការវាយប្រហារ​ណាមួយ​ដែរ​។​សារព័ត៌មាន​រដ្ឋ Global Times របស់​ចិនបាន​និយាយថា លោក Xi បាន​ស្តីបន្ទោស​ភាព​តានតឹង​នា​ពេល​ថ្មីៗ​នេះ​លើ "​ការប៉ុនប៉ង​ម្តង​ហើយ​ម្តងទៀត​ពី​សំណាក់​ក្រុម​អាជ្ញាធរ​កោះ​តៃវ៉ាន់ ដើម្បី​ស្វែង​រក​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​សម្រាប់​របៀបវារៈ​ឯករាជ្យរ​បស់​ពួកគេ ក៏ដូចជាចេតនា​របស់​ប្រជាជន​អាមេរិក​មួយចំនួន​ក្នុងការ​ប្រើប្រាស់​កោះ​តៃវ៉ាន់​ ដើម្បី​ទប់ស្កាត់​ប្រទេស​ចិន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ៖សា្ថប័នសភាអាស៊ី-អឺរ៉ុប នឹងដើរតួនាទីដ៏សំខាន់នៅក្នុងការពង្រឹងទំនុកចិត្ត

2021/11/16 04:27:39 pm        122
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ បានថ្លែងក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ១១ ពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូទៅកាន់មេដឹកនាំអាស៊ីនិងអឺរ៉ុប នារសៀលថ្ងៃទី១៦វិច្ឆិកានេះថាសា្ថប័នសភាអាស៊ី-អឺរ៉ុប នឹងដើរតួនាទីដ៏សំខាន់នៅក្នុងការពង្រឹងទំនុកចិត្ត។សម្តេចបានគូសបញ្ជាក់ថាកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប គឺជាយន្តការស្នូល ដ៏សំខាន់មួយសម្រាប់តភ្ជាប់ប្រជាជន និងប្រជាជន រវាងទ្វីបទាំងពីរនៃយើង ហើយលទ្ធផល នៃកិច្ចប្រជុំនេះ នឹងក្លាយជាធាតុចូល និងអនុសាសន៍ដ៏មានតម្លៃសម្រាប់កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣, អាទិភាពរបស់កម្ពុជា គឺផ្ដោតសំខាន់ទៅលើការលើកកម្ពស់ពហុភាគីនិយមឱ្យកាន់តែរឹងមាំ ដើម្បីជំរុញកំណើនរួមគ្ន ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ នៅក្រោយវិបត្តិ។សម្តេចបន្តថា សន្តិភាព និងសន្តិសុខសកល កំពុងតែស្ថិតនៅក្រោមសម្ពាធ និងកាន់តែពិបាកប៉ាន់ស្មាន ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ។ ខ្សែបន្ទាត់ភូមិសាស្ត្រ នយោបាយនានា កំពុងត្រូវបានគូសវាសរួចទៅហើយ និងបានដាក់គំនាបឱ្យរដ្ឋតូចៗជ្រើស រើសរបៀបវារៈនយោបាយមួយ ដែលមិនឆ្លុះបញ្ចាំងអំពីឆន្ទៈ និងផលប្រយោជន៍នៃប្រជាជាតិ របស់ខ្លួន ។ នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏តានតឹងនេះ, មានតែភាពជាដៃគូប្រកបដោយភាពជឿទុកចិត្តគ្នានោះទេ ទើបអាចឱ្យយើងបន្តរក្សាបាននូវយន្តការ ពហុភាគីនិយមមួយ ដែលនឹងធានាបាននូវសន្តិភាព, ស្ថិរភាព, វឌ្ឍនភាព និងវិបុលភាពរបស់ សកលលោក ។ ក្នុងស្មារតីនេះ, យើងទាំងអស់គ្នាចាំបាច់ត្រូវតែបន្តរក្សាឱ្យបាននូវគុណតម្ល នៃសន្តិភាព ព្រមទាំងបន្តរិះរកជានិច្ចនូវយន្តការចាំបាច់នានា សំដៅសម្រេចឱ្យបាននូវគោលដៅដ៏ឧត្តុង្គឧត្តមនេះ។សម្តេចបានបន្តទៀតថាសា្ថប័នសភាអាស៊ី-អឺរ៉ុប នឹងដើរតួនាទីដ៏សំខាន់នៅក្នុងការពង្រឹងទំនុកចិត្ត, ការបញ្ចៀស បញ្ហា តាមរយៈការទូតរវាងសភា និងសភា (Parliamentary Preventive Diplomacy) និងសំខាន់បំផុតនោះ គឺការធានាឱ្យបាននូវទំនុកចិត្តបែបយុទ្ធសាស្ត្រ ជាពិសេសលើបញ្ហា សន្តិសុខ និងស្ថិរភាព ដែលកាន់តែមានភាពស្មុគស្មាញ និងចាក់ស្រេះខ្លាំងឡើង ។ ឈរលើ មូលដ្ឋាននេះ, កម្ពុជាប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នា, ការរៀនសូត្រពីគ្នា, ការយោគយល់គ្នា, ការទុកចិត្តគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បី កសាងបាននូវគ្រឹះដ៏ចាំបាច់មួយ សម្រាប់ការអនុវត្តគោលនយោបាយការបរទេសពហុភាគី និយមរបស់យើង ។ ប្រសិនបើគ្មានយន្តការពហុភាគីនិយមមួយដែលរឹងមាំ នោះយើងក៏ពុំ អាចដោះស្រាយបញ្ហាទាំងអស់នេះជារួមបានដែរ៕ អត្ថបទ ៖ មុត សុទ្ធ

សហភាព​អឺរ៉ុប​យល់ព្រម​ដាក់ទណ្ឌកម្ម​ថ្មី​លើ​បេឡា​រុស ខណៈ​វិបត្តិ​ព្រំដែន​កាន់តែ​ធ្ងន់ធ្ងរ

2021/11/16 10:23:34 am        408
​អឺរ៉ុប៖ កាលពី​ថ្ងៃ​ចន្ទ​សហភាព​អឺរ៉ុបបាន​យល់ព្រម​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​បេឡា​រុស ខណៈ​ដែល​វិបត្តិ​ជនអន្តោប្រវេស​ន៍​កាន់តែ​ជ្រៅ​នៅ​តាម​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប៉ូឡូញ​។ ​មនុស្ស​រាប់​ពាន់​នាក់​នៅ​តែ​ជាប់​គាំង​នៅ​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ត្រជាក់ ​នៅ​តាម​ភាគី​ទាំងពីរ​នៃ​ព្រំដែន​បេឡា​រុស​-​ប៉ូឡូញ ដែល​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូល​ទៅ​ក្នុង​សហភាព​អឺរ៉ុប​តាមរយៈ​ប្រទេស​ប៉ូឡូញ ខណៈ​ជម្លោះ​រវាង​ប្លុក និង​ទីក្រុង Minsk ផ្ទុះឡើង​។​លោក Josep Borrell តំណាង​ជាន់ខ្ពស់​របស់សហភាព​អឺរ៉ុបទទួលបន្ទុក​កិច្ចការ​បរទេស និង​គោលនយោបាយ​សន្តិសុខបាន​និយាយ​ថា ទណ្ឌកម្ម​នឹង​ដាក់​គោលដៅ​បុគ្គល និង​អង្គភាព​មួយ​ចំនួន​ ចំពោះការ​សម្របសម្រួលការ​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​ចូល​ទៅ​ក្នុង​សហភាព​អឺរ៉ុប។​ ​ប្រទេស​ប៉ូឡូញ និង​សមាជិក​សហភាព​អឺរ៉ុប​ផ្សេងទៀត​បាន​ចោទប្រកាន់​បេឡា​រុស​ថា ​បាន​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេស​ប៉ូឡូញ​ ជា​ការ​សងសឹក​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​បណ្ដា​ប្រទេស​លោក​ខាង​លិច​មក​លើ​ទីក្រុង Minsk ជុំវិញ​ការបោះឆ្នោត​កាលពី​ខែ​សីហា​ ឆ្នាំ២០២០ ដ៏​ចម្រូងចម្រាសដែល​បាន​ផ្តល់​ឱ្យ​ប្រធានាធិបតី​ដ៏​យូរលោក Lukashenko ​ឡើង​កាន់​អាណត្តិ​ទី​៦ និង​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ធំ​។​ទីក្រុង Minsk បាន​ទាត់ចោល​ការចោទប្រកាន់​នេះ ហើយ​បាន​គំរាម​សងសឹក​ប្រឆាំង​នឹង​វិធានការ​ថ្មី​ណាមួយ រួម​ទាំង​ការ​បិទ​ការ​ផ្គត់ផ្គង់ឧស្ម័ន​របស់​រុស្ស៊ី​ទៅកាន់​អឺរ៉ុប​តាមរយៈ​បំពង់​បង្ហូរ​ប្រេង​ដែល​រត់​កាត់​បេឡា​រុស​។​ ​ដោយឡែក​ការិយាល័យ​របស់​ប្រធានាធិបតី​បារាំង​បាន​និយាយ​ថា ប្រធានាធិបតី​បារាំងលោក Emmanuel Macron និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃ​ចន្ទថា ភាព​តានតឹង​នៅ​ព្រំដែន​ប៉ូឡូញ​-​បេឡា​រុស ជាទី​ដែល​ក្រុម​ជនអន្តោប្រវេសន៍​បាន​នឹង​កំពុង​កើន​ឡើង​ច្រើន​នោះ ត្រូវតែ​ត្រូវ​បាន​កាត់បន្ថយ​៕អត្ថបទ៖ សុខមាន

កម្ពុជា-ចិនជំរុញទំហំពាណិជ្ជកម្មឲ្យឡើងដល់១០ពាន់លានដុល្លារក្រោយឯកភាពគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅឆ្នាំក្រោយ

2021/11/15 12:57:37 pm        356
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិនបានឯកភាពគ្នាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅដើមឆ្នាំក្រោយនេះ និងជំរុញពាណិជ្ជកម្មឱ្យកើនដល់១០ពាន់លានដុល្លារក្នុងមួយឆ្នាំៗនោះ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចពិភាក្សាការងារ វាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិត ចិនតាមរយៈវិដេអូនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេច តេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងកិច្ចពិភាក្សានោះ សម្ដេចតេជោ និងឯកឧត្តម លី ខឺឈាង បានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច, ពាណិជ្ជកម្ម,កសិកម្ម,និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។  ឯកឧត្តមបានបញ្ជាក់ទៀតថា នៅក្នុងកិច្ចជំនួបនោះភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកើនឡើងដល់ ១០ ពាន់លានដុល្លារក្នុងមួយឆ្នាំនិងបានឯកភាពគ្នាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពា ណិជ្ជកម្មសេរីរវាងកម្ពុជា-ចិននៅខែមករាខាងមុខនេះ។ ដោយឡែកលើវិស័យកសិកម្ម ឯកឧត្តម លី ខឺឈាង បានយល់ស្របនឹងជំរុញឲ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរធ្វើយ៉ាងណាពិភាក្សាចរចាគ្នាលើកូតានាំអង្ករ និងនាំកសិផលកម្ពុជាចូលទៅប្រទេសចិនដោយផ្ទាល់តែម្តងតាមរយៈការបង្កើតយន្តការរួមគ្នាមួយពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជាទៅប្រទេសចិន គប្បីទាក់ទាញធ្វើឲ្យការនាំចេញនេះ គឺនាំចេញផ្ទាល់ទៅប្រទេសចិនតែម្ដង។ បើតាមឯកឧត្តម អ៊ាង សុផល្លែត បានឲ្យដឹងទៀតថា នៅក្នុងកិច្ចពិភាក្សានោះឯកឧត្តម លី ខឺឈាង បានសន្យាថានឹងបន្តជួយដល់កម្ពុជានូវវ៉ាក់សាំងជួយទប់ស្កាត់កូវីដ-១៩ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ រួមទាំងជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺកូវីដ-១៩ដល់កម្ពុជាផងដែរ។ ទន្ទឹមនេះភាគីចិននឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន៥០០កន្លែង រយៈពេល៥ឆ្នាំហើយក៏កំពុងពិនិត្យពិចារណាមើលផងដែរដើម្បីបើកឲ្យនិស្សិតកម្ពុជាបានត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញនៅពេលឆាប់ខាងមុខនេះ៕អត្ថបទ ៖ បាន ចក់

មនុស្ស ​៣​នាក់​ត្រូវ​ចាប់ខ្លួន​ក្រោម​ច្បាប់​ភេរវកម្ម ក្រោយ​បំផ្ទុះ​រថយន្ត​សម្លាប់​មនុស្ស​ម្នាក់​នៅ​អង់គ្លេស

2021/11/15 10:50:14 am        420
​អង់គ្លេស៖ បុរស ​៣នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​ច្បាប់​ភេរវកម្ម បន្ទាប់ពី​បុរស​ម្នា​ក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​រថយន្ត​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​ស្ត្រី Liverpool នៅ​ចក្រភព​អង់គ្លេស។​ ​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​បាន​ឆេះ​នៅមុន​ម៉ោង ១១:០០​នាទី​ម៉ោង​ក្នុងស្រុក ជា​ពេល​វេលា​ដែល​ប្រជាពលរដ្ឋ​ទូទាំង​ចក្រភព​អង់គ្លេស​ធ្វើ​ពិធី​ស្ងៀមស្ងាត់​រយៈពេល​ ២​នាទី​កាលពី​ថ្ងៃ​អាទិត្យ​រំលឹក​ដល់​មនុស្ស​ដែល​បាន​ស្លាប់ក្នុង​សម័យ​សង្គ្រាម។​អ្នកដំណើរ​ម្នាក់​ត្រូវ​បាន​គេ​ប្រកាស​ថា​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជា​ផ្លូវការ​នៅឡើយ​ទេ។​ ​ចំណែក​បុរស​ជា​អ្នកបើកបរ​បាន​រង​រ​បួស ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យក្នុង​ស្ថានភាព​ធម្មតា​។​ ​ក្រុម​អ្នកស៊ើប​អង្កេត​មកពី​អង្គភាព​ប្រឆាំង​ភេរវកម្ម North West បាន​និយាយ​ថា ​បុរស​ ៣​នាក់​ដែល​មាន​អាយុ ២៩ឆ្នាំ, ២៦ឆ្នាំ និង ២១ឆ្នាំ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ផ្លូវ Sutcliffe ក្នុង​តំបន់ Kensington របស់​ទីក្រុង Liverpool។​ ​ក្រុម​ពួកគេ​បាន​និយាយ​ថា ខ្លួន​កំពុង​បន្ត​រក្សា​តាមដាន​អំពី​មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ ហើយ​កំពុង​ធ្វើការ​ជាមួយ​អង្គភាព​នគរបាល Merseyside ខណៈ​ដែល​ការស៊ើបអង្កេត​នៅតែ​បន្ត។ ចំណែក​ភ្នាក់ងារ​កង​កម្លាំង​សន្តិសុខ MI5 ក៏​កំពុង​ជួយដល់​ការងារ​នេះ​ផង​ដែរ​៕អត្ថបទ៖ សុខមាន

អាមេរិក និង​ចិន​ព្រមាន​គ្នា​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់​មុន​ជំនួប​កំពូល​រវាងលោក Biden​ និង​លោក ​Xi

2021/11/15 02:51:27 am        479
អាមេរិក៖ ​ប្រមុខ​ការទូត​ជាន់ខ្ពស់​មកពី​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បាន​ព្រមាន​គ្នា​ទៅវិញទៅមក​យ៉ាង​ម៉ឺងម៉ាត់​ ជុំវិញ​បញ្ហា​យ៉ាង​ក្តៅ​គគុករបស់​កោះ​តៃវ៉ាន់ នៅមុន​កិច្ចប្រជុំ​កំពូល​ដែល​រង់ចាំយ៉ាង​អន្ទះសា​នៅ​ថ្ងៃ​ចន្ទ (១៥ ខែ​វិច្ឆិកា​)​ នេះ​រវាង​មេដឹកនាំ​មហាអំណាច​ទាំង​២​។​ ​កិច្ចប្រជុំតាម​វីដេអូ​រវាង​លោក​ប្រធានាធិបតី Joe Biden និង​លោក Xi Jinping កើតឡើង​ស្រប​ពេល​មាន​ភាព​តានតឹង​កំពុង​កើន​ឡើងមួយ​ផ្នែក​លើ​កោះ​តៃវ៉ាន់ ជា​លទ្ធិប្រជាធិបតេយ្យ​ស្វ័យ​គ្រប់គ្រង​ដែល​ទីក្រុង​ប៉េកាំង​អះ​អាង​ថា ​ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ចិន ប៉ុន្តែ​ក៏​ទាក់ទង​នឹង​ពាណិជ្ជកម្ម សិទ្ធិមនុស្ស និង​បញ្ហា​ផ្សេងៗ​ទៀត​ផង​ដែរ​។​នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ​រវាង​រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi ដើម្បី​ពិភាក្សា​អំពី​ការរៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី "​សម្ពាធ​យោធា ការទូត និង​សេដ្ឋកិច្ច​" របស់​ទីក្រុង​ប៉េកាំង​លើ​កោះ​តៃវ៉ាន់​។​ ​លោក Wang បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​សកម្មភាព​របស់​សហរដ្ឋអាមេរិក​ដែល​ទំនង​គាំទ្រ "​ឯករាជ្យ​ភាព​កោះ​តៃវ៉ាន់​"​។​ ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្តូរ​ការ​ទទួល​ស្គាល់​ការទូត​ពី​ទីក្រុង​តៃប៉ិ​ទៅ​ទីក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ១៩៧៩ ប៉ុន្តែ​ទង្វើ​របស់​សភា​បាន​អនុម័តនៅ​ឆ្នាំ​នោះ​តម្រូវ​ឱ្យ​សហរដ្ឋអាមេរិក​ ផ្តល់​អាវុធ​ដល់​កោះ​តៃវ៉ាន់​សម្រាប់​ស្វ័យ​ការពារ​៕អត្ថបទ៖ សុខមាន

ប្រមុខ UN ព្រមាន​ថា ការកំណត់​គោលដៅ​នៃ​ការ​ឡើង​កំដៅ​ភព​ផែន​ដី​គឺ​ផ្ដោត​លើ​ការ​សង្គ្រោះ​ជីវិត​

2021/11/12 12:26:34 pm        313
​UN៖ ប្រធាន​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AP ថា គោលដៅ​នៃ​ការកាត់បន្ថយ​ការ​ឡើង​កំដៅ​ភព​ផែន​ដី​ដល់ ​១.៥អង្សាសេគឺ​ផ្ដោត​លើ​ការសង្គ្រោះ​ជីវិត​។ ​លោក​បាន​និយាយ​ថា កិច្ចប្រជុំ​កំពូល​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​លើក​ទី​២៦ របស់​អង្គការ​សហ​ប្រជាជាតិ ​(COP26) ប្រហែលជា​ពុំបាន​មើល​ឃើញ​រដ្ឋាភិបាល​ធ្វើការ​សន្យា​ ដែល​ជា​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ​។​សម្ពាធ​កំពុង​កើន​ឡើង​សម្រាប់​ប្រទេស​នានា​ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​ដ៏​មាន​អត្ថន័យ​មួយ មុន​ពេល​កិច្ចប្រជុំ​កំពូល​បញ្ចប់​នៅ​ថ្ងៃទី១២​ ខែ​វិច្ឆិកា​នេះ​។​ ប៉ុន្តែ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូប​នេះក៏បាន​និយាយ​ផង​ដែរ​ថា ​ក្តី​សង្ឃឹម​នៅ​តែ​មានរហូតដល់​នាទី​ចុង​ក្រោយ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយ​ថា ការកាត់បន្ថយ​សីតុណ្ហភាព​ពិភពលោក​ឡើង​ដល់​ត្រឹម ១.៥អង្សាសេនឹង​ជួយ​មនុស្សជាតិ​ឱ្យ​ជៀស​ផុត​ពី​ផល​ប៉ះពាល់​អាកាសធាតុ​ដ៏​អាក្រក់​បំផុត​។ នេះ​គឺ​ប្រៀបធៀប​ទៅ​នឹង​សីតុណ្ហភាព​មុន​សម័យ​ធ្វើ​ឧស្សាហកម្ម​។​ នៅ​ទីក្រុង​ប៉ារីស​កាលពី​ឆ្នាំ២០១៥ មេដឹកនាំ​ពិភពលោក​បាន​សន្យា​ថា ​នឹង​ព្យាយាម​ទប់​ពិភពលោក​ពី​ការ​ឡើង​កំដៅ​លើស​ពី​ចន្លោះ​ពី ១.៥អង្សាសេ ទៅ ២អង្សាសេ តាមរយៈ​ការកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ការ​ព្យាករណ៍​ចុងក្រោយ​គឺ​សីតុណ្ហភាព​នឹង​កើន​ឡើង​ដល់​កម្រិត ២.៧អង្សាសេ៕អត្ថបទ៖ សុខមាន

តំបន់​អឺរ៉ុប​មាន​អ្នក​ស្លាប់​ដោយសារ​វីរុស COVID-19​ ជាង​ពាក់កណ្ដាល​នៃ​ចំនួន​សរុប​របស់​ពិភព​លោក​នៅ​ដើមខែ​វិច្ឆិកា​នេះ

2021/11/12 10:29:36 am        388
​​អឺរ៉ុប៖ យោង​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​បាន​ចេញ​ផ្សាយ​នៅ​សប្ដាហ៍​នេះ អ្នក​ស្លាប់​ដោយសារ​ជំងឺ​វីរុស​កូ​រ៉ូ​ណា​នៅ​តំបន់​អឺរ៉ុប​បាន​កើន​ឡើង ១០% ​នៅ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ខែ​នេះ ហើយ​ក្នុង​ពេល​មួយថ្ងៃ​មាន​អ្នក​ស្លាប់​ជាង ៤៨,០០០​នាក់​ដោយ​សារ​វីរុស​កូ​រ៉ូ​ណាជាង​ពាក់កណ្ដាលនៃ​ចំនួន​អ្នក​ស្លាប់ ​ដែល​បាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក​នៅ​ពេល​នោះ ទោះបីជា​ករណី​ឆ្លង​ថ្មី និង​ការ​ស្លាប់​បាន​ធ្លាក់​ចុះ ឬ​នៅ​តែ​មាន​ចំនួន​ថេរ​នៅ​ក្នុង​ពិភពលោក​ក៏ដោយ​។​ចំនួន​អ្នក​ស្លាប់​ខ្ពស់​បំផុត​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ដែល​បាន​រាយការណ៍​ពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស Covid-19 ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះបន្ទាប់មកគឺ​អ៊ុយ​ក្រែ​ន និង​រូ​ម៉ា​នី​។​ ​ចំនួន​អ្នក​ឆ្លង​ថ្មី​គឺ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ចក្រភព​អង់គ្លេស និង​ទួរគី នេះ​បើ​យោង​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក​។​ ​របាយការណ៍​របស់​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ​អឺរ៉ុប​មាន​ចំនួន​ប្រហែល ២ ភាគ ៣ នៃ​ករណី​ឆ្លង​ថ្មី​ដែល​បាន​រាយការណ៍​ចំនួន ៣.១​លាន​របស់​ពិភពលោក​ក្នុង​សប្ដាហ៍​នោះ ហើយ​ក្រុមមន្ត្រី​នៅក្នុង​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​កំពុង​ថ្លឹងថ្លែង​ការ​រឹត​បន្តឹង​ថ្មី ​ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​ផ្ទុះឡើង​ខណៈដែល​រដូវ​រងា​ខិតជិត​មកដល់​។​​នៅ​ប្រទេស​អាឡឺម៉ង់ដែល​ប្រជាជន​ប្រហែល ៦៧%​ ត្រូវបាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ប្រឆាំងនឹងវីរុស Covid-19 ករណី​ឆ្លង​ថ្មី​រាប់ម៉ឺន​នាក់កំពុង​ត្រូវបាន​រាយការណ៍​ជា​រៀងរាល់ថ្ងៃ ដែលជា​ករណី​ឆ្លង​ថ្មី​ខ្ពស់បំផុត​របស់​ប្រទេស​ ចាប់តាំងពី​ជំងឺ​រាតត្បាត​សកល​នេះ​បានចាប់ផ្តើម​។ នៅក្នុង​ប្រទេស​រូ​ម៉ា​នី វីរុស Covid-19 បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត ហើយ​បន្ទប់សង្គ្រោះបន្ទាន់ ឬ ICU កំពុងស្ថិត​ក្នុង​ភាព​ទ្រុឌទ្រោម។​ ​សរុបមកមាន​ករណី​ឆ្លង​ជាង ២៥០លាន​នាក់ និង​ស្លាប់​ជាង ៥លាន​នាក់​ដោយសារ​វីរុស Covid-19 ត្រូវបាន​រាយការណ៍​ចាប់តាំងពី​ជំងឺ​រាត​ត្បាត​នេះ​បានចាប់ផ្តើម​៕អត្ថបទ៖ សុខមាន

WHO៖ ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​បាន​ថយ​ចុះ​គ្រប់​ទីកន្លែង​លើក​លែងតែ​ទ្វីប​អឺរ៉ុប

2021/11/11 07:40:58 am        449
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍កាលពី​ថ្ងៃ​ពុធ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ឬ​ COVID-19 បាន​ហក់​ឡើង ១០% នៅ​អឺរ៉ុប​កាលពី​សប្ដាហ៍​មុន ដែល​បាន​ក្លាយ​ជា​តំបន់​តែមួយគត់​មាន​ទាំង​ករណី​ឆ្លង ទាំង​ករណី​ស្លាប់​ដោយសារ​វីរុស COVID-19 កើន​ឡើងជា​លំដាប់​។ ​នោះ​ជា​សប្ដាហ៍​ទី​ ៦ជាប់ៗ​គ្នា​ដែល​វីរុស​នេះ​បាន​ហក់​ឡើង​ខ្ពស់​នៅ​ទូទាំង​ទ្វីប​នេះ​។​ក្នុង​របាយការណ៍​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​ស្ដីពី​ការវិវត្តន៍​នៃ​វីរុស​រាតត្បាត​សកល ទីភ្នាក់ងារ​សុខភាព​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ មាន​ករណី​ឆ្លង​ថ្មី​ប្រមាណ ៣.១​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ប្រហែល​ ១% ពី​សប្ដាហ៍​មុន​ជិត ២​ភាគ​៣ ​នៃ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ១.៩​លាន​ករណី​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ជាទី​ដែល​មាន​ករណី​ឆ្លង​បាន​ហក់​ឡើង ​៧%​។​ បណ្ដា​ប្រទេស​ដែល​មាន​ចំនួន​ខ្ពស់​បំផុត​នៃ​ករណី​ឆ្លង​ថ្មី​នៅ​ទូទាំង​ពិភពលោក មាន​សហរដ្ឋអាមេរិក រុស្ស៊ី ចក្រភព​អង់គ្លេស ទួរគី និង​អាល្លឺម៉ង់។ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស COVID-19 ប្រចាំ​សប្ដាហ៍​បាន​ធ្លាក់​ចុះ​ប្រហែល​ ៤% នៅ​ទូទាំង​ពិភពលោក និង​បាន​ធ្លាក់​ចុះ​គ្រប់​តំបន់​លើកលែងតែ​ទ្វីប​អឺរ៉ុប​។ក្រៅពី​ប្រទេស​ចំនួន ៦១ អង្គការ​សុខភាព​ពិភពលោក​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​អឺរ៉ុប ដែល​រួម​ទាំង​ប្រទេស​រុស្ស៊ី និង​រហូត​ទៅដល់​អាស៊ី​កណ្ដាល​នោះ​មានការ​រាយការណ៍​ពី​ករណី​ឆ្លង​កើន​ឡើង ៤២​% យ៉ាងហោចណាស់​ក៏​មាន ១០​% កាលពី​សប្ដាហ៍​មុន​។ នៅ​ទ្វីប​អាមេរិក អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា ករណី​ឆ្លង​ថ្មី​ប្រចាំ​សប្ដាហ៍​បាន​ធ្លាក់​ចុះ ​៥% និង​ការ​ស្លាប់​ថយ​ចុះ ១៤​% ខណៈ​ដែល​មាន​ករណី​ឆ្លង​ខ្ពស់​បំផុត​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​សហរដ្ឋអាមេរិក​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM
ស៊ីរី និងបារាំង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទូលំទូលាយ អំឡុងទស្សនកិច្ចរបស់លោក Macron
07/07/2026 08:07 PM
ប្រធានាធិបតី​ម៉ុលដាវី លោកស្រី Sandu ​ តែងតាំងនាយករដ្ឋមន្ត្រីស្តីទី
07/07/2026 08:07 PM
UN បង្កើនជំនួយ ក្រោយការរញ្ជួយដីនៅវេណេស៊ុយអេឡា សម្លាប់មនុស្សជាង ៣.៥០០នាក់
07/07/2026 08:07 PM
មនុស្ស ៨នាក់ស្លាប់ ពេលព្យុះកួចវាយប្រហារទីក្រុង Ezhou របស់ចិន
07/07/2026 08:07 PM
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់និយាយថា ការគំរាមរបស់សហរដ្ឋអាមេរិក រារាំងការបង្កើតកិច្ចព្រមព្រៀង
07/07/2026 08:07 PM
លោក Macron ទៅដល់វិធានប្រធានាធិបតីស៊ីរីនៅទីក្រុងដាម៉ាស ភ្លាមៗក្រោយហេតុការណ៍ផ្ទុះ
07/07/2026 08:07 PM
ការប៉ះទង្គិចគ្នានៅទីក្រុង Ankara ស្របពេលបាតុកម្មប្រឆាំងអង្គការណាតូ ធ្វើឡើងនៅរដ្ឋធានីប្រទេសទួរគីមួយនេះ
07/07/2026 08:07 PM
ឌូនេស៊ី និងឥណ្ឌា យល់ព្រមជំរុញពាណិជ្ជកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ
07/07/2026 08:07 PM