ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

ករណី​ឆ្លង​សកល​នៃ​វីរុស COVID-19 កើន​ឡើង​ដល់​ជាង​ ២៥០​លាន​នាក់ ខណៈ​កំណើន​វីរុស Delta ចាប់ផ្ដើម​ធ្លាក់​ចុះ

2021/11/08 09:34:21 am        369
​ពិភពលោក៖ ករណី​ឆ្លង COVID-19 នៅ​ទូទាំង​ពិភពលោកបាន​ឈាន​ដល់​ជាង ២៥០​លាន​នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ការ​កើន​ឡើង​ពីករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta បាន​ធូរស្រាល ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជា​ធម្មតា​បាន​ចាប់ផ្ដើម​ឡើងវិញ ទោះបីជា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ខាងកើត​កំពុង​ជួបប្រទះ​ការ​ផ្ទុះ​ឡើង​ ដោយមាន​ករណី​ឆ្លង​ខ្ពស់​បំផុត​ក៏ដោយ​។​ក្នុង​រយៈពេល​ ៣ខែ​ចុងក្រោយ​នេះចំនួន​ករណី​ឆ្លង​ជា​មធ្យម​ប្រចាំថ្ងៃ​បាន​ធ្លាក់​ចុះ ៣៦% នេះ​បើ​យោង​តាម​ការវិភាគ​របស់​សារព័ត៌មាន Reuters។ ​ការវិភាគ​បាន​បង្ហាញ​ថា ទោះបីជា​ការ​រីក​រាលដាល​បាន​ថយ​ចុះ​ក៏ដោយ ក៏​វីរុស​នេះ​នៅតែ​កំពុង​ឆ្លង​ដល់​មនុស្ស ៥០​លាន​នាក់​រៀងរាល់ ៩០​ថ្ងៃ​ដោយសារ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​មាន​សមត្ថ​ឆ្លង​រហ័ស​។ វីរុស COVID-19 បាន​ឆ្លង​រាលដាល​ដល់​មនុស្សជាង ៥០លាន​នាក់​ជា​លើកដំបូង​ក្នុង​រយៈ​ពេល​ជិត​ ១​ឆ្នាំ​។ ​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​មាន​សុទិដ្ឋិនិយម​ថា ប្រទេស​ជាច្រើនលែង​សូវ​អើពើ​នឹង​ជំងឺ​រាតត្បាត​សកល​ដ៏​អាក្រក់​បំផុតដោយសារ​សំអាង​លើ​វ៉ាក់សាំង និង​ការ​ប៉ះពាល់​ដោយ​ធម្មជាតិ ទោះបីជា​ពួកគេ​ព្រមាន​ថា​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​ការ​ជួបជុំ​ថ្ងៃ​ឈប់សម្រាក​នា​ពេល​ខាង​មុខ​អាច​បង្ក​ឲ្យ​ករណី​ឆ្លង​ហក់​ឡើង​ក៏ដោយ​។​លោកស្រី Maria Van Kerkhove អ្នកឯកទេស​ខាង​ជំងឺ​រាតត្បាត​សកល​ឈានមុខ ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​សារព័ត៌មាន Reuters ថា យើង​គិត​ថា​ចន្លោះ​ពេលនេះ​ដល់​ដំណាច់​ឆ្នាំ២០២២ គឺជា​ចំណុច​ដែល​យើង​អាច​គ្រប់គ្រង​លើ​វីរុស​នេះ​បាន ​ជាទី​ដែល​យើង​អាច​កាត់បន្ថយ​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ស្លាប់​បាន​យ៉ាង​ច្រើន​។​ ​យោង​តាម​ការ​វិភាគ​របស់​សារ​ព័ត៌មាន Reuters ការ​ឆ្លង​នៅតែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន ៥៥ ក្នុងចំណោម ២៤០​ប្រទេស​ដោយ​ក្នុង​នោះ​មាន​ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែ​ន និង​ក្រិ​ក​នៅ ឬ​ជិត​កម្រិត​កំណត់ត្រា​ខ្ពស់​បំផុត​នៃ​ករណី​ឆ្លង​ ដែល​បាន​រាយការណ៍​ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​បាន​ចាប់ផ្ដើម​កា​ល​ពី ២​ឆ្នាំមុន​៕អត្ថបទ៖ សុខមាន

អង្គការ​សហប្រជាជាតិ​ថ្កោល​ទោស​ការ​ប្រើ​ប្រាស់​កម្លាំង​ហួស​ហេតុ​នៅ​ប្រទេស​ស៊ូដង់

2021/11/06 10:44:56 am        403
​ស៊ូដង់៖ មន្ត្រី​សិទ្ធិមនុស្ស​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ​បាន​ថ្កោលទោសចំពោះ​សកម្មភាព​របស់​មេដឹកនាំ​យោធានៅ​ក្នុង​ប្រទេស​ស៊ូដង់ បន្ទាប់ពី​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែ​មុន​។ ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សលោកស្រី Michelle Bachelet បាន​និយាយ​ថា ការប្រើប្រាស់​កម្លាំង​ហួសហេតុ​ដោយ​កងកម្លាំង​សន្តិសុខ បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ១៣​នាក់​ស្លាប់ និង​ជាង ៣០០​នាក់​រង​របួស​។លោកស្រីបាន​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​។ លោកស្រី Bachelet បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន និង​ការ​បាត់​ខ្លួន​ជាច្រើន​នាក់​នៃ​អង្គការ​សង្គម​ស៊ីវិល និង​មេដឹកនាំ​ការ​តវ៉ា អ្នកសារព័ត៌មាន និង​សកម្មជន​។ ការ​ជជែក​ដេញដោល​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្សបាន​ធ្វើឡើង​ ស្រប​ពេលដែលអង្គការសហប្រជាជាតិ​នៅតែ​ទទួលស្គាល់​ឯកអគ្គរដ្ឋទូត​មកពី​រដ្ឋាភិបាល​ស៊ូដង់ ដែល​ត្រូវ​បានបណ្ដេញ​ចេញពី​តំណែង​ជា​អ្នកតំណាង​ផ្លូវការ ​របស់​ប្រទេស​នៅ​ទីក្រុង​ហ្សឺ​ណែវ​។​ ​លោកស្រី Bachelet បាន​និយាយ​ដោយ​យោង​ទៅលើ​ការគ្រប់គ្រង​រយៈពេល ៣០​ឆ្នាំរបស់ប្រទេស​ស៊ូដង់​ដោយ​អតីត​មេដឹកនាំ​ផ្ដាច់ការ​លោក​ Omar al-Bashir ថា ព្រឹត្តិការណ៍​ចាប់​តាំង​ពី​រដ្ឋប្រហារ​បាន​រំលឹក​ឡើងវិញ​ នូវ​ទំព័រ​ដ៏​សោកសៅមួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស នៅ​ពេល​ដែល​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​រារាំង ហើយ​សិទ្ធិមនុស្ស​ត្រូវ​បាន​គាបសង្កត់៕​អត្ថបទ៖ ប៊ុនថន

អង្គការសហប្រជាជាតិ​ដាក់​សម្ពាធ​ស៊ើបអង្កេត​លើ​សហភាព​មី​យ៉ាន់​ម៉ា​

2021/11/06 10:15:51 am        364
​មី​យ៉ាន់​ម៉ា៖ ប្រធាន​អង្គការ​យន្តការ​ស៊ើបអង្កេត​ឯករាជ្យ​សហភាព​មី​យ៉ាន់​ម៉ាលោក Nichols Koumjian បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការពិត​បង្ហាញ​ពី​ការវាយប្រហារ​យ៉ាង​ទូលំទូលាយ និង​ជា​ប្រព័ន្ធ​ទៅលើ​ប្រជាជន​ស៊ីវិល ដែល​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ប្រព្រឹត្ត​ដោយ​កងកម្លាំងសន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា បន្ទាប់ពី​រដ្ឋប្រហារ​កា​ល​ពី​ខែ​កុម្ភៈ​។លោក Koumjian បាន​និយាយ​ថា យើង​នឹង​បន្ត​ប្រមូល​ភស្តុតាង​ហើយ​វិភាគ​វាដើម្បី​បំពេញ​កាតព្វកិច្ច​របស់​យើង ដូច្នេះ​នៅ​ថ្ងៃ​ណាមួយអ្នកទទួលខុសត្រូវ​សម្រាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​ នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ានឹង​ត្រូវ​យក​មក​កាត់​ទោស។ លោក​បាន​ពន្យល់​ថា នៅ​ក្នុង​ខែ​ដំបូង ឬ​បន្តបន្ទាប់​នេះ កងកម្លាំង​សន្តិសុខ​បាន​អនុវត្ត​ការ​ឆ្លើយ​តប​តាម​វិធានការ ​សំដៅ​ទៅ​រក​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​។ ទោះជា​យ៉ាង​ណា ក្រោយ​រដ្ឋប្រហារ​យើង​បាន​ឃើញ​ការ​កើន​ឡើង​អំពើ​ហិង្សា​ និង​វិធីសាស្ត្រ​ហិង្សា​ជាច្រើនទៀត​ដែល​បាន​ប្រើ​ដើម្បីបង្ក្រាប​ក្រុម​បាតុករ ហើយ​ការ​បង្ក្រាប​បាន​កើតឡើង​នៅ​កន្លែង​ផ្សេងៗ​គ្នាក្នុង​ពេល​តែមួយ ដែល​ក្រុម​ស៊ើបអង្កេត​របស់​យើងបាន​មើល​ឃើញ​ថា ក្រុម​ពិសេសត្រូវ​បាន​កំណត់​គោលដៅជាពិសេស​ការ​ចាប់​ខ្លួន និង​ការ​ឃុំខ្លួន​ដែល​ហាក់​មិន​មាន​ដំណើរការ​ត្រឹមត្រូវ​តាមច្បាប់​។​អ្នក​ដែល​ត្រូវ​ឃុំខ្លួន​ទាំងនេះ រួមមាន​ទាំងអ្នកសារព័ត៌មាន បុគ្គលិក​ពេទ្យ និង​អ្នកប្រឆាំង​នយោបាយ​។ ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែកញ្ញា ឆ្នាំ២០១៨ ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​យន្តការស៊ើបអង្កេត​ឯករាជ្យ ​សម្រាប់​សហភាព​មី​យ៉ាន់​ម៉ាមាន​កាតព្វកិច្ច​ក្នុង​ការ​បង្រួបបង្រួម អភិរក្ស និង​វិភាគ​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​បំផុត និង​ការ​បំពានច្បាប់​អន្តរជាតិ ដែល​បានប្រព្រឹត្ត​នៅ​ក្នុង​សហ​ភាព​មី​យ៉ាន់​ម៉ា​ចាប់​តាំង​ពី​ឆ្នាំ២០១១ និង​ដើម្បី​រៀបចំ​ឯកសារ​ជួយ​ដល់​ដំណើរការឧក្រិដ្ឋកម្ម​ឯករាជ្យ​ណាមួយ​ ស្រប​តាម​ស្តង់ដារ​ច្បាប់អន្តរជាតិ​៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា

2021/11/06 09:18:02 am        415
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងពីការមរណភាពរបស់ ឯកឧត្តមបណ្ឌិត ងួន ញិល នាពេលនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ និងក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ងួន ញិល គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយ ឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។សម្តេចសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ងួន ញិល សូមឆាប់បានយោនយកកំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

អង់គ្លេស​អនុញ្ញាត​ឲ្យ​ប្រើ​ឱសថ​របស់​ក្រុមហ៊ុន Merck ព្យាបាល​ជំងឺ COVID-19

2021/11/05 03:17:01 pm        575
​​អង់គ្លេស៖ ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ផ្តល់​ការអនុញ្ញាត​តាម​លក្ខខណ្ឌសម្រាប់ឱសថ​ប្រឆាំង​វីរុស COVID-19 របស់​ក្រុមហ៊ុន Merck ជា​ឱសថ​គ្រាប់​ដំបូង​ដែល​ត្រូវ​បាន​បង្ហាញដើម្បី​ព្យាបាល​ជំងឺ COVID-19 ដោយ​ជោគជ័យ​។ អង់គ្លេស​គឺជា​ប្រទេស​ដំបូង​គេ​ដែល​អនុម័ត​ឱសថ​សម្រាប់​ការ​ព្យាបាល​នេះ ទោះបីជា​វា​មិន​ច្បាស់​ភ្លាមៗ​ថា ឱសថ​គ្រាប់​នេះ​នឹង​អាច​ប្រើ​បាន​ក្នុង​រយៈ​ពេល​លឿន​ប៉ុណ្ណា​ក៏ដោយ​។ឱសថ​គ្រាប់​នេះ​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ សម្រាប់​មនុស្ស​ពេញវ័យដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ​ដែល​បាន​សាកល្បង​លើ​អ្នកជំងឺ​វិជ្ជមាន​វីរុស COVID-19 និង​មាន​កត្តា​ហានិភ័យ​តិច​បំផុត​សម្រាប់​ការ​វិវត្ត​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ​។ ឱសថ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះថា Molnupiravir ត្រូវ​លេប​ ២​ដង​ក្នុង ១ថ្ងៃ​សម្រាប់​រយៈពេល​ ៥​ថ្ងៃ​ដោយ​អ្នកជំងឺ​នៅផ្ទះ​មាន​ជំងឺ COVID-19 កម្រិត​ស្រាល​ទៅ​មធ្យម​។​ ក្រុមហ៊ុន Merck បាន​ប្រកាស​លទ្ធផល​បឋម​កាលពី​ខែ​មុន ដែល​បង្ហាញ​ពី​ឱសថ​របស់​ខ្លួន​កាត់​បន្ថយ​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ការ​ស្លាប់​បាន​ពាក់​កណ្ដាល​ក្នុង​ចំណោម​អ្នកជំងឺ​ ដែល​មាន​រោគសញ្ញា​ដំបូង​នៃ​ជំងឺ​កូ​វីដ​-១៩​។ ឱសថ Molnupiravir កំពុង​រង់ចាំ​ការពិនិត្យ​ឡើងវិញ​ជាមួយ​និយ័ត​ករ​នៅ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​នៃ​បណ្ដា​ប្រទេស​ផ្សេងទៀត​៕អត្ថបទ៖ ប៊ុនថន

កម្ពុជាឈរនៅលំដាប់ទី៥ លើពិភពលោក និងស្ថិតនៅលំដាប់លេខ១នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានអត្រាខ្ពស់លើការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ

2021/11/05 03:27:14 am        269
ប្រទេសកម្ពុជាឈរនៅលំដាប់ទី៥ លើពិភពលោក និងស្ថិតនៅលំដាប់លេខ១នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានអត្រាខ្ពស់លើការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នេះបើយោងប្រភពពី Our World in Data។ក្នុងអំឡុងបរិបទកូវីដ១៩នេះ ប្រទេសនានាលើពិភពលោក បាននឹងកំពុងចាក់វ៉ាក់សាំងកូវីដ១៩ដល់ប្រជាពលរដ្ឋខ្លួន ដើម្បីបង្កើនភាពសាំក្នុងសហគមន៍ បើតាមប្រភពពីOur World In Data បង្ហាញថា លើពិភពលោកប្រទេសដែលបានចាក់វ៉ាក់សាំង និងមានអត្រាខ្ពស់បើធៀបនឹងពលរដ្ឋក្នុងប្រទេសខ្លួនគឺ ទី១ សហភាព អារ៉ាប់រួម , ទី២ ប្រទេសប៉ទុយហ្គាល់ ទី៣ប្រទេសគុយបា ទី៤ ប្រទេសឈីលី និងទី៥ ប្រទេសកម្ពុជា។ ចំណែកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកម្ពុជាឈរលើលេខរៀងទី១ ខណៈដែលសឹង្ហបុរី លេខ២ , ទី៣ កូរ៉េខាងត្បូង ,ទី៤ប្រទេសព្រុយណេ និង ទី៥ប្រទេសជប៉ុន។សូមបញ្ជាក់ថា ប្រភពពី Our World In Data បានកត់ត្រាត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ពីអត្រាចាក់វ៉ាក់សាំងនៅកម្ពុជា មានចំនួន៨២ភាគរយនៃប្រជាជនសរុប ប៉ុន្តែបើយោងតាមរបាយការណ៍គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានបង្ហាញថា ត្រឹមថ្ងៃទី៤ វិច្ឆិកា ម្សិលមិញកម្ពុជាចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋខ្លួនបានចំនួន៨៦,៨៧ភាគរយ នៃប្រជាជនសរុប១៦លាននាក់ និងចាក់ជូនពលរដ្ឋពីអាយុ៥ឆ្នាំឡើងទៅ៕

WHO ព្រមាន​ថា ​អឺរ៉ុប​គឺជា​ចំណុច​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស COVID-19 ជាថ្មី​

2021/11/05 09:25:44 am        217
​អឺរ៉ុប៖ អឺរ៉ុប​កំពុង​ប្រឈម​នឹង​ការ​ហក់​ឡើងជា​ថ្មី​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ក្នុង​ករណី​ឆ្លង​វីរុស Covid-19 នេះ​បើ​យោង​តាម​លោក​វេជ្ជបណ្ឌិត Hans Kluge របស់​អង្គការ​សុខភាព​ពិភពលោកដែល​បាន​ព្រមាន​ថា ​តំបន់​នេះ​ក្លាយជា​ចំណុច​ឆ្លង​រាលដាល​ខ្លាំង​ជាថ្មី​នៃ​ជំងឺ​រាតត្បាត​សកល។ លោក Kluge នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វីប​អឺរ៉ុប ដែល​រួមមាន​ប្រទេស​ចំនួន ៥៣ នៅ​ទូទាំង​ទ្វីប​អឺរ៉ុប និង​អាស៊ី​កណ្ដាល​បាន​និយាយ​ថា ចំនួន​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​គឺ​ជិត​ដល់​កម្រិត​ខ្ពស់​បំផុត​ហើយ​។​លោក​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​សព្វ​ថ្ងៃ​នេះគ្រប់​ប្រទេស​ទាំងអស់​នៅ​អឺរ៉ុប និង​អាស៊ី​កណ្តាលកំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ពិតប្រាកដ​នៃ​ការ​ហក់​ឡើងវិញ​នៃ​ករណី​ឆ្លង​វីរុស Covid-19 ឬ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ​រួច​ស្រាប់​ទៅ​ហើយ​។ ល្បឿន​ឆ្លង​បច្ចុប្បន្ន​នៅ​ទូទាំង ៥៣ប្រទេស​គឺជា​ការ​ព្រួយបារម្ភ​ខ្លាំង​បំផុត​។ លោក Kluge បាន​និយាយ​ថា ​កាលពី​សប្តាហ៍​មុនករណី​ឆ្លង​ថ្មី​ជិត ១.៨​លាន​នាក់ និង​ការ​ស្លាប់​ថ្មី​ចំនួន ២៤,០០០នាក់​ត្រូវ​បាន​រាយការណ៍នៅតំបន់​អឺរ៉ុប និង​អាស៊ី​កណ្ដាល​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​មើល​ឃើញ​ការ​ឆ្លង​កើន​ឡើង ៦% និង​ការ​ស្លាប់​ថ្មី​កើន​ឡើង ១២​% បើ​ធៀប​នឹង​សប្តាហ៍​មុន​។​លោក​បាន​និយាយ​ថា តំបន់​នេះ​មាន ៥៩% នៃ​ករណី​ឆ្លង​ទាំងអស់​នៅ​ទូទាំង​ពិភពលោក និង ៤៨% នៃ​អ្នក​ស្លាប់​ដែល​បាន​រាយការណ៍កាល​ពី​ស​ប្តា​ហ៍​មុន​។ ​លោក Kluge បាន​និយាយ​ថា ប្រសិនបើ​តំបន់​នេះ​នៅតែ​បន្ត​លើ​គន្លង​នេះ ការ​ព្យាករណ៍​ដែល​អាច​ទុក​ចិត្ត​បាន​ព្យាករណ៍​ថា ​អាច​នឹង​មាន​អ្នក​ស្លាប់​ទាក់ទង​នឹង​វីរុស Covid-19 ជាង ៥០០,០០០​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​នេះ​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ២០២២ ហើយ​ប្រទេស​ចំនួន ៤៣ ក្នុង​តំបន់​នឹង​ប្រឈម​ទៅ​នឹង​ភាព​តានតឹង​ខ្លាំង​ ចំពោះ​បញ្ហា​ខ្វះ​គ្រែ​មន្ទីរពេទ្យ​នៅ​ពេល​ណាមួយ​ក្នុង​រយៈពេល​ដូចគ្នា៕អត្ថបទ៖ សុខមាន

WHO ​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ផលិត​ក្នុង​ស្រុក​ដំបូង​របស់​ប្រទេស​ឥណ្ឌា

2021/11/04 11:55:43 am        420
​WHO៖ កាលពី​ថ្ងៃ​ពុធ ទី​៣ ខែ​វិច្ឆិកា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ខ្លួន​បាន​អនុម័ត​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 របស់​ក្រុមហ៊ុន Bharat Biotech របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ឥណ្ឌា ​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់ដោយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​វ៉ាក់សាំង​ផលិត​ក្នុងស្រុក ​ដើម្បី​ត្រូវ​បាន​ទទួលយក​ជា​វ៉ាក់សាំង​ដែល​មាន​សុពលភាព​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ជាច្រើន​។​ការចុះបញ្ជី​ការប្រើប្រាស់​បន្ទាន់​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Bharat Biotech ដឹកជញ្ជូន​វ៉ាក់សាំង​ដែល​គេ​ស្គាល់​ថា Covaxin ទៅកាន់​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ សម្រាប់​ការសម្រេចចិត្ត​ផ្នែក​និយតករ​របស់​ពួកគេ​។ វា​ក៏​អាច​ជួយ​ប្រជាជន​ឥណ្ឌា​រាប់​លាន​នាក់​ដែល​បាន​ទទួល​បាន​វ៉ាក់សាំង​នេះ ​ឱ្យ​អាច​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ​។ អង្គការ​សុខភាព​ពិភព​លោក​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម tweeter ថា ក្រុម​ប្រឹក្សា​បច្ចេកទេស​របស់​ខ្លួន​បានសម្រេច​ថា​ អត្ថប្រយោជន៍​របស់​វ៉ាក់សាំង Covaxin មាន​វិសាលភាព​លើស​ពី​ហានិភ័យ ហើយ​ថា​វា​បាន​បំពេញ​តាម​បទដ្ឋាន​របស់​អង្គការ​សុខភាព​ពិភពលោក ​សម្រាប់​ការ​ការពារ​ប្រឆាំង​នឹង​វីរុស COVID-19។​នៅ​ក្នុង​ការ​អនុម័ត​នោះ វ៉ាក់សាំង​នេះ​ត្រូវ​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ចាក់​ ២​ដូ​សដែល​ដូ​ស​នីមួយៗ​មាន​គម្លាត​ពី​គ្នា​ ៤​សប្ដាហ៍ និង​ចាក់​បាន​គ្រប់​វ័យ​ចាប់ពី​ ១៨​ឆ្នាំ​ឡើង​ទៅ​។ ​វ៉ាក់សាំង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​ ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ខែ​មករា ខណៈ​ដែល​វ៉ាក់សាំង​នេះ​ស្ថិត​នៅ​ដំណាក់កាល​សាកល្បង​ដំណាក់កាល​ទី​៣ ​នៅឡើយដែល​​បង្ក​ឲ្យ​មានការ​ព្រួយ​បារម្ភ និង​ការរិះគន់​។ ក្រុមហ៊ុន Bharat Biotech ដែល​បាន​ផលិត​វ៉ាក់សាំង​នេះ​ធ្លាប់​បាន​បញ្ជាក់​ថា ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ ៧៨% ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុស​ COVID-19៕អត្ថបទ៖ សុខមាន

មនុស្ស​ ២៥​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​លើ​មន្ទីរពេទ្យ​យោធា​ក្រុង​កា​ប៊ុល​

2021/11/03 02:32:24 am        114
​អាហ្វហ្គានីស្ថាន៖ ក្រុម​មន្ត្រី​និយាយ​ថា មនុស្សយ៉ាងហោចណាស់ ​២៥​នាក់​បាន​ស្លាប់ និង​ជាង ៥០​នាក់​រង​របួសនៅ​ពេល​ដែល​ក្រុម​ខ្មាន់កាំភ្លើង​បាន​វាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​យោធា​ដ៏​ធំ​បំផុត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​ចំនួន​ពីរ​នៅ​ទីតាំងកណ្ដាល​ទីក្រុង​កា​ប៊ុល​។​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់លោក Zabihullah Mujahid បាន​និយាយ​ថា ការ​បំផ្ទុះ​បាន​វាយប្រហារ​ច្រក​ចូល​មន្ទីរពេទ្យ Sardar Mohammad Daud Khan ដែល​មាន​គ្រែ​ចំនួន ៤០០ ហើយ​ត្រូវ​បាន​បន្ត​ដោយ​ការវាយប្រហារ​ដោយ​ក្រុម​ខ្មាន់កាំភ្លើង​រដ្ឋ​អ៊ីស្លាម ដែល​ពួកគេ​ទាំងអស់ត្រូវ​បាន​សម្លាប់​ក្នុង​រយៈពេល ១៥នាទី។ ​លោក​បាន​និយាយ​ថា កងកម្លាំង​ពិសេស​តា​លី​បង់​ដែល​មកដល់​កន្លែង​កើត​ហេតុ​ ដោយ​ឧទ្ធម្ភាគចក្រ​បាន​រារាំង​ក្រុម​ខ្មាន់​វាយប្រហារ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ ដោយ​ខ្មាន់​ទាំងអស់​ត្រូវ​បាន​សម្លាប់​នៅ​ច្រក​ចូល ឬ​នៅ​ទីធ្លា​មន្ទីរពេទ្យ​។ មុន​នេះអ្នកនាំពាក្យ​ម្នាក់ទៀត​បាន​និយាយ​ថា ខ្មាន់​វាយប្រហារ​ម្នាក់​ក្នុងចំណោម​ក្រុម​ខ្មាន់​វាយប្រហារ​ទាំងនោះ​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​រស់​។​​ការ​បំផ្ទុះ​ចុងក្រោយ​នេះ​បាន​បន្ថែម​ទៅលើ​បញ្ជី​ចំនួន​ការវាយប្រហារ និង​ការ​សម្លាប់​ដែល​កំពុង​កើន​ឡើង​ចាប់​តាំង​ពី​ក្រុម​តា​លី​បង់​ដណ្ដើម​បាន​ជ័យជម្នះ​ទាំងស្រុង​ លើ​រដ្ឋាភិបាលដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាង​លិច​កាលពី​ខែ​សីហា ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការធានា​អះ​អាង​របស់​ពួកគេ​ក្នុង​ការ​ស្ដារ​សន្តិសុខ​ឡើងវិញ​ ដល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បន្ទាប់ពី​សង្គ្រាម​រាប់​ទសវត្សរ៍​។ ​គួរ​រម្លឹក​ថា នៅ​ពេល​ក្រុម​នេះបាន​ដណ្ដើម​កាន់កាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាថ្មី ក្រុម​នេះ​បាន​អះ​អាង​ថា ខ្លួន​នឹង​មិន​ឲ្យ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្លាយ​ជា​មូលដ្ឋាន​សម្រាប់​វាយប្រហារ​ភេរវកម្ម​លើ​ប្រទេស​ណាមួយ​ឡើយ និង​ធានា​ថា​នឹង​មិន​ឲ្យ​មានការ​វាយប្រហារ​ណាមួយ​កើតឡើង​នៅ​ក្នុង​ប្រទេស​នេះ​ឡើយ​៕អត្ថបទ៖ សុខមាន

មេដឹកនាំ​ពិភពលោក​ជាង​ ១០០​ប្រទេស​សន្យា​បញ្ចប់​ការបំផ្លាញ​ព្រៃឈើ​នៅ​ត្រឹម​ឆ្នាំ​២០៣០

2021/11/02 10:38:12 am        546
​UN៖ មេដឹកនាំ​ជាង ១០០​ប្រទេស​នឹង​ប្ដេជ្ញា​បញ្ឈប់ និង​ស្រោចស្រង់​ព្រៃឈើ​ដែល​បាន​បាត់បង់ និង​ការ​រិចរិល​ដី​នៅ​ត្រឹម​ឆ្នាំ២០៣០ នៅ​ក្នុង​កិច្ចព្រមព្រៀង​នៃ​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​លើក​ទី​២៦ ឬ COP26 ដំណាក់កាល​ដំបូង​។​លោកនាយក​រដ្ឋមន្ត្រី Boris Johnson នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​ឯ​មជ្ឈមណ្ឌល SEC Campus ក្នុង​ទីក្រុង Glasgow នៃ​ដែនដី​ស្កុ​ត​ឡិន​របស់​អង់គ្លេស​នៅ​ថ្ងៃ​អង្គារ​នេះ ជាទី​ដែល​មេដឹកនាំ​ដែល​ប្រទេស​របស់​ពួកគេ​មាន​ចំនួន ៨៥% នៃ​ព្រៃឈើ​ពិភពលោកនឹង​ធ្វើ​ការសន្យា​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​មូលនិធិ​សាធារណៈ និង​ឯកជន​ជិត ១៤​ពាន់​លាន​ផោន​។ ​បណ្ដា​ប្រទេស​ដែល​លាតសន្ធឹង​ពី​ព្រៃ​ភាគ​ខាងជើង​នៃ​ប្រទេស​កាណាដា និង​រុស្ស៊ីរហូត​ទៅដល់​ព្រៃ​ទាក់ទាញ​ទឹកភ្លៀង​ត្រូ​ពិ​កនៃ​ប្រទេស​ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី ឥណ្ឌូនេស៊ី និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោនឹង​គាំទ្រ​សេចក្តី​ប្រកាស​របស់​មេដឹកនាំ Glasgow ស្តីពី​ការប្រើប្រាស់​ព្រៃឈើ និង​ដី​។ ​ព្រៃឈើ​សរុប​រួមគ្នា​សម្រាប់​តំបន់​នេះ​មាន​ផ្ទៃដី​ជាង ១៣​លាន​គីឡូ​ម៉ែត្រក្រឡា​។​​ទោះជា​យ៉ាងណាក៏ដោយ មេដឹកនាំ​ពិភពលោក​ត្រូវ​បាន​ជំរុញ​ឱ្យ​បន្ត​ទៅមុខ​ជាជាង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដោយ​អះ​អាង​ថា ជម្រក​ទាំងអស់​ត្រូវតែ​ត្រូវ​បាន​ទទួល​ការ​ការពារ ប្រសិនបើ​គោលដៅ​អាកាសធាតុ​ឆ្នាំ២០៣០ នឹង​សម្រេច​បាន​។​ ​ព្រៃឈើ​ស្រូប​យក​ប្រហែល​មួយ​ភាគ​បី​នៃ​ការ​បូ​ន​ឌី​អ៊ុក​ស៊ីត ឬ CO2 សកល​ដែល​បាន​បញ្ចេញ​ពី​ការ​ដុត​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ការបាត់បង់​ព្រៃឈើ​ក្នុង​មួយ​នាទី​ស្មើនឹង​ទំហំ​តារាង​បាល់ទាត់​ចំនួន ​២៧​តារាង៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM
មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM