សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

កម្ពុជា និងកូរ៉េ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ

2025/10/17 01:31:37 am        193
ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ KIM Jina អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, លោកជំទាវអនុរដ្ឋមន្ត្រីទី២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ រួមទាំង ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលកន្លងមក។ លោកជំទាវបានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា កន្លងមក នគរបាលនៃប្រទេសទាំងពីរបានសហការគ្នាជាច្រើន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយពុំបានចុះផ្សាយព័ត៌មានទាំងនោះឱ្យបានពេញលេញ។ ដូច្នេះ ទស្សនកិច្ចការងាររបស់លោកជំទាវ និងគណៈប្រតិភូនាពេលនេះ នឹងរួមចំណែកកាត់បន្ថយនូវការភាន់ច្រឡំ តាមបណ្ដាញសារព័ត៌មាន ដោយសារការផ្សព្វផ្សាយព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ក៏ដូចជានឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់រឹងមាំ ក្នុងគោលដៅរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រកបដោយលទ្ធផលល្អជាផ្លែផ្កា។ ក្នុងន័យនេះ, សាធារណរដ្ឋកូរ៉េប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងល្អប្រសើរ ថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ ដែលប្រទេសទាំងពីរបានដំឡើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០២៤។ ចំពោះការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ បាននិងកំពុងមានកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយលទ្ធផលជាច្រើន ហើយកិច្ចសហប្រតិបត្តិការនះនឹងនៅបន្តទៀត នាពេលអនាគត។ សម្ដេចបវរធិបតីក៏បានគូសរំលេចថា កម្ពុជាតែងតែចាត់វិធានការយ៉ាងសកម្ម និងបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយភាពម្ចាស់ការ និងមានកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន រួមទាំងសាធារណរដ្ឋកូរ៉េ។ មុននឹងបញ្ចប់, សម្តេចបវរធិបតី និងលោកជំទាវអនុរដ្ឋមន្ត្រីទី២ បានពិភាក្សាគ្នាអំពីទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយប្រទេសទាំងពីរប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ សំដៅធានាបាននូវសុខសុវត្ថិភាព និងទំនាក់ទំនងល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ។គួរបញ្ជាក់ផងដែរថា កន្លងមក កម្ពុជាបានចាប់ខ្លួន និងបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ដែលពាក់ព័ន្ធនឹងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឡប់សាធារណរដ្ឋកូរ៉េ វិញ។ បច្ចុប្បន្ននេះ, ជនជាតិកូរ៉េជាង ៦០នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងរង់ចាំការបញ្ជូនត្រឡប់ទៅសាធារណរដ្ឋកូរ៉េ វិញ ក្នុងពេលឆាប់ៗខាងមុខនេះ។

សម្ដេចធិបតី៖កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េលើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ខណៈកម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយមកធ្វើការងារជំនួសកម្ពុជាឡើយ

2025/10/16 11:25:07 pm        183
ភ្នំពេញ៖ ក្នុងឱកាសជំនួបជាមួយលោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េលើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ហើយកម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយមកធ្វើការងារជំនួសកម្ពុជាឡើយ។ក្នុងឱកាសជំនួបនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ។ សម្ដេចបានថ្លែងថា៖«យើងក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ»។ សម្ដេចធិបតីបានបន្តថា ក្នុងពេលជាមួយគ្នា, កម្ពុជា និងកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ បើតាមសម្ដេចធិបតីបានឱ្យដឹងថា ប៉ុន្មានថ្ងៃនេះ, បណ្តាញសារព័ត៌មានរបស់ប្រទេសជិតខាងមួយបានផ្សាយថា មេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េ។ សម្ដេចបានថ្លែងបញ្ជាក់ថា៖«ខ្ញុំបានជម្រាបជូនលោកជំទាវ គីម ជីណា ថា ប្រសិនករណីនេះជាការពិត ខ្ញុំសូមឱ្យលោកជំទាវជម្រាបជូនឯកឧត្តមប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារនេះជំនួសកម្ពុជាឡើយ ហើយមេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ»។ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េលើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា និង មិនចាំបាច់មានអ្នកទីបីមកជួយជំរុញនោះទេ៕

សម្ដេចតេជោ ហ៊ុន សែន បន្តបង្ហាញពីឫសគល់ស្ថានភាពពិតនៃជម្លោះព្រំដែនកម្ពុជា-ថៃ, ការព្យាយាមអត់ធ្មត់ និងប្រកាន់គោលជំហរដោះស្រាយជម្លោះដោយសន្តិវិធីរបស់កម្ពុជា

2025/10/16 08:13:35 pm        1762
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជានាចក្រកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់នៅក្នុង សម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២៥​នេះ ដោយបន្តបង្ហាញពីឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែនកម្ពុជា-ថៃ ការ​ព្យាយា​ម​អត់ធ្មត់ និង ប្រកាន់គោលជំហររបស់កម្ពុជា​ដោះស្រាយជម្លោះ​ដោយ​សន្តិវិធី​របស់​កម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំនាព្រឹកនេះ។ សេចក្ដីប្រកាសន៍ព័ត៌មានព្រឹទ្ធសភាបានឱ្យដឹងថា៖«នៅចំពោះមុខភាពគឃ្លីននៃការឈ្លានពានរបស់​ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​បង្ហាញ​ឫស​គល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាម អត់ធ្មត់ និងការ​ប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរព និងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃ ទំនាក់ទំនងឡើងវិញ»។នៅក្នុងកិច្ចប្រជុំនេះ ព្រឹទ្ធសភាបានសម្តែងនូវការដឹងគុណជូនវីរកងទ័ពជួរមុខដ៏អង់អាច ក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពដឹកនាំប្រកបដោយភាព វៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។សូមបញ្ជាក់ថា ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ (៧ កក្កដា-៦តុលា ២០២៥) ក្នុងរយៈពេល៣ខែនៃចន្លោះសម័យប្រជុំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី និងក្នុងនាមជាប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការ និងពិភាក្សា ការងារជាមួយភ្ញៀវអន្តរជាតិ ឯកអគ្គរាជ/រដ្ឋទូត និងស្ថាប័ននានា ចំនួន២៤លើក ព្រមទាំងអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម, ក្នុងឱកាសកិច្ចប្រជុំ និងជំនួបទាំងនេះ សម្ដេចតេជោតែងតែបង្ហាញពីឫសគល់ស្ថានភាពពិតនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងបង្ហាញពីព្យាយាម អត់ធ្មត់ និងប្រកាន់គោលជំហររបស់កម្ពុជាដោះស្រាយជម្លោះដោយសន្តិវិធី និងច្បាប់អន្តរជាតិ។ ជាមួយគ្នានេះក្នុងអំឡុងពេលបីខែនេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំ បំពេញការងារជាប្រក្រតីក្នុងព្រឹទ្ធសភា និងសកម្មក្នុងការចុះប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតី រួមគ្នាជាធ្លុងមួយ សាមគ្គីភាព និងឯកភាពជាតិ តាមរយៈការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តកងកម្លាំង វីរយុទ្ធជនការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តនៅព្រំដែន ដោយសម្រេចបាន លទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ៕

សម្ដេចធិបតី៖ ដើម្បីធានាបានប្រព័ន្ធគ្រប់គ្រងឆ្លើយតបគ្រោះមហន្តរាយគ្រប់ជ្រុងជ្រោយ និងរឹងមាំ អាស៊ានត្រូវតែអនុវត្តសន្និសីទនៃភាគីអាត់ម៊ែរលើកទី១៤ ប្រកបដោយភាពបត់បែន និងនវានុវត្តន៍

2025/10/16 07:52:35 pm        178
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពី​ការ​គ្រប់​គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមានសន្តិភាព នៅព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់ទៅកាន់កិច្ចប្រជុំថា ដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រង ឆ្លើយតបទៅ​នឹង​គ្រា​អាសន្ន​នៃ​គ្រោះមហន្តរាយប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងរឹងមាំ អាស៊ានត្រូវតែអនុវត្ត សន្និសីទ​ចំពោះភា​គីនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយ​តប​គ្រោះ​អាសន្ន-អាត់ម៊ែរ លើកទី១៤ (14th COP TO AADMER) ប្រកបដោយភាពបត់បែន និង​នវានុវត្តន៍​។ ខណៈមកដល់ពេលនេះអាស៊ានបានអនុវត្តកម្មវិធី អាត់ម៊ែរ ប្រកបដោយ​ភាព​ជោគជ័យ​។សម្ដេចធិបតីបានថ្លែងថា មកទល់ពេលនេះ គ្រោះមហន្តរាយគ្រប់ទម្រង់ នៅតែបន្តជា​បញ្ហា​ឥត​ឈប់​ឈរ​សម្រាប់ប្រជាជាតិទាំងអស់។ គ្រោះមហន្តរាយ មិនថា ធំឬតូច តែងតែបន្សល់​ទុក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរសម្រាប់មនុស្ស និងសង្គម។ ជាមួយនឹងការគំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​នៃ​ការ​ប្រែប្រួ​លអាកាសធាតុ គ្រោះមហន្តរាយកំពុងតែកើតមានឡើងកាន់តែញឹកញាប់ កាន់​តែ​ធ្ងន់​ធ្ងរ និងកាន់តែពិបាលប៉ាន់ស្មាន។ សម្ដេចធិបតីបានថ្លែងថា គ្រោះមន្តរាយដែលកើតមានឡើងក្នុងពេលថ្មីៗនេះ ដូចជាគ្រោះ​រញ្ជួយ​​ដី ទឹក​ជំនន់ ក៏ដូចជាព្យុះស៊ីក្លូនត្រពិក បានបណ្ដាលឱ្យបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន និង​ការ​ខូច​ខាត​ដំណាំ។ តាមទស្សនវិស័យរបស់កម្ពុជា យើងចាំបាច់ត្រូវ​បែង​ជែក​ឱ្យ​ដាច់​រវាង​សកម្មភាព​ជួយ​សង្គ្រោះ ក្នុ​ងគ្រាមានគ្រោះមហន្តរាយនៅតាមទីប្រជុំជន និងទីជនបទជាពិសេស​ពាក់ព័ន្ធ​នឹង​ទឹកជំនន់​។ បើតាមប្រសាសន៍សម្ដេចធិបតី ជាមួយនឹងការកើនឡើងនគររូបនីយកម្ម និងការផ្លាស់ប្ដូរ​វិទ្យា​សាស្រ្ដ​ ហេដ្ឋារចនាស​ម្ព័ន្ធ​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់​ទីប្រជុំ​ជន​មិន​អាច​ទ្រាំទ្រ​នៃ​ការ​កើន​ឡើង​កាន់​តែ​ញឹកញាប់ និងទំហំកាន់តែធំ នៃគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះបានទេ។ នៅ​ពេល​ដែល​មាន​ការជំលៀសមនុស្សយ៉ាងច្រើននៅតាមតំបន់ជនបទ យើងក៏ពិបាក​ក្នុង​ការ​ស្វែង​រក​កន្លែង​ប្រមូល​ផ្ដុំមានសុវត្ថិភាព ជាពិសេសកន្លែងមានដំបូលដែលមានបណ្ដាញទឹកស្អាត និង​អនាម័យ​។ ជាលទ្ធផលក្រុមងាយរងគ្រោះ ជាពិសេសសស្រ្ដី កុមារ ជនចាស់ជរា និងជនពិការ ជាអ្នក​ដែលងាយរងហានិភ័យកាន់តែធ្ងន់ធ្ងរថែមទៀត។ សម្ដេចធិបតី​នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ សកម្មភាព​រួម​របស់​យើង​មិនត្រឹមតែត្រូវផ្ដោតលើការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ក្នុងគ្រាមានគ្រោះមហន្តរាយ និង​តម្រូវការបន្ទាន់របស់ប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្ដែត្រូវផ្ដោតលើការកសាង ការ​រៀបចំ​ឡើងវិ​ញ​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធដែលកាន់តែធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេល​វែង​ទាំ​ង​ក្នុង​ទី​ប្រជុំ​ជន​ និងតំបន់ជនបទ។ បន្ថែមលើបញ្ហាប្រឈមផ្នែកធនធានហិរញ្ញវត្ថុ និងហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវត្ត​ យើងក៏ត្រូវទទួលស្គាល់ថា សមត្ថភាព ចំណេះដឹង និងបទពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​នៅ​ក្នុងតំបន់ គឺមិនទាន់ស្មើគ្នានោះទេ។ សម្ដេចបានថ្លែងថា «ខ្ញុំជឿជាក់ថា អាចមានមនុស្សច្រើន យល់ស្របទៅនឹងកា​រ​សង្កេត​ខាង​លើ​នេះ​។​ ក្នុងន័យនេះ ដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រង ឆ្លើយតបទៅនឹ​ងគ្រា​អាសន្ន​នៃ​គ្រោះ​មហន្ត​រាយ​ប្រកប​ដោយភាពគ្រប់ជ្រុងជ្រោយ និងរឹងមាំ អាស៊ាន ត្រូវតែអនុវត្ត សន្និសីទចំពោះ​ភាគី​អាត់​ម៊ែរ លើកទី១៤ (14th COP TO AADMER) ប្រកបដោយភាពបត់បែន និងនវានុវត្ត។ ខណៈ​មក​ដល់​ពេលនេះ អាស៊ានបានអនុវត្តកម្មវិធី អាត់ម៊ែរ ប្រកបដោយភាពជោគជ័យ»។ ក្នុងឱកាសនោះសម្ដេចធិបតីក៏បានបង្ហាញក្ដីសោមនស្សរីករាយចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ​ កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន-អាត់​ម៊ែរទី៤ ឆ្នាំ២០២៦-២០៣០ នៅក្នុងប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​លើក​ទី១៣នេះផងដែរ។ សម្ដេចធិបតី បានបញ្ជាក់ថា​រយៈ​ពេល​២០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ​ចាប់​តាំងពី កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយ​តប​គ្រោះ​អាសន្ន-អាត់ម៊ែរ បានចុះហត្ថលេខាក្នុងឆ្នាំ២០០៥ សម្ដេចធិបតី បានគត់សម្គាល់​នូវ​សមិទ្ធ​ផល​ជា​ច្រើន​ដែលសម្រេចបានតាមរយៈការអនុវត្តកម្មវិធី កម្មវិធី អាត់ម៊ែរ ជាបន្តបន្ទាប់ ដោយ​គណៈ​កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន និងដៃគក្រោមកា​រ​តម្រង់​ទិស​ជា​យុទ្ធសាស្រ្ដ​របស់​រដ្ឋ​មន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM)។ ស្របពេល​ដែល​អាស៊ាន​កំពុង​រំពឹង​គិតក្នុងភាពជាអ្នកដឹកនាំសកល ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ យើង​ទាំង​អស់​គ្នា​ទន្ទឹង​រង់​ចាំនៅការពិគ្រោះយោបល់ជាទៀងទាត់ជាមួយដៃគខាងក្រៅអាស៊ានបន្ថែមទៀត នៅ​កម្រិត​រដ្ឋ​មន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) នាពេលខាងមុខ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយមនុស្សធម៌ជូន​ដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៣២៩គ្រួសារ​នៅខេត្តកំពង់ស្ពឺ

2025/10/16 07:28:37 pm        192
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៣២៩គ្រួសារ មកពីភូមិចំនួន៤០០ ឃុំ/សង្កាត់ចំនួន២៧ ក្រុង/ស្រុកចំនួន៤ ខេត្តកំពង់ស្ពឺ ក្នុងនោះមកពីស្រុកឱរ៉ាល់ចំនួន ៣១៦គ្រួសារ, ស្រុកថ្ពង ៣៣៤គ្រួសារ, ក្រុងឧដ្ដុង្គម៉ែជ័យ ៣១១គ្រួសារ និងស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ។គ្រួសារងាយរងគ្រោះបំផុតទាំង ១.៣២៩គ្រួសារ មានក្តីរំភើបរីករាយឥតឧបមាដោយបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ម្សៅសាប៊ូ ១កញ្ចប់, សាប៊ូដុសខ្លួន ១ដប, ប្រេងខ្យល់ ២ដបតូច, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ថវិកា ២០.០០០រៀល ព្រមទាំងអាហារសម្រន់ នំប៉័ង ១ដើម និងទឹកបរិសុទ្ធ ១ដប។សូមបញ្ជាក់ថា ស្បៀង-សម្ភារៈ ជាអំណោយសប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា, ម្សៅសាប៊ូ ជាអំណោយរបស់លោកអ្នកឧកញ៉ា ភាព ហៀក, ប្រេងខ្យល់ ជាអំណោយរបស់ ឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ សឺយមួយ, ថវិកានិងអាហារសម្រន់ជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ៕

ពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ បន្តអត់ធ្មត់ ខណៈ២យប់មកនេះថៃមិនបង្កសំឡេងរំខាន

2025/10/16 06:52:34 pm        272
២យប់មកនេះ ថៃមិនបានចាក់សំឡេងរំខានអ្នកភូមិព្រៃចាន់ និងភូមិជោគជ័យ ទៀតឡើយ ទោះ​យ៉ាង​ណា​ពលរដ្ឋក្នុងភូមិបន្តអត់ធ្មត់ និងនៅទប់ទល់ការឈ្លានពានគ្រប់ពេល។ប្រជាពលរដ្ឋរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ​នៅតែបន្តការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបន្ត​អត់​ធ្មត់​រស់​នៅ​ក្នុង​ភូមិ បើទោះបីយោធាថៃ និងក្រុមជ្រុលនិយមថៃ តែងតែបង្កការរំខាន​ទាំង​យប់​ទាំង​ថ្ងៃ​រយៈ​ពេល ​៤យប់៤ថ្ងៃកន្លងមក គឺកាលពីថ្ងៃទី១០ មកដល់យប់ថ្ងៃទី១៣ ឈានចូល​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ​ខែតុលា ឆ្នាំ២០២៥។ប្រជាពលរដ្ឋឱ្យដឹងថា ២យប់ហើយដែលថៃមិនបង្កសំឡេងរំខាន គឺយប់ថ្ងៃទី១៤ និង​យប់​ថ្ងៃ​ទី​១៥ ​ខែតុលា ឆ្នាំ២០២៥ តែ៤យប់កន្លងទៅ គឺពិតជាពិបាកខ្លាំងណាស់ក្នុងពេលសម្រាក។សូមជម្រាបថា នៅយប់ថ្ងៃទី១៤ និងយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ថៃ មិន​បាន​ចាក់​សំឡេង​រំខាន​ប្រជា​ពលរដ្ឋក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នោះទេ។ ឆ្លើយតបនឹង​ការ​បង្ក​ហេតុ​ជា​បន្ត​បន្ទាប់​របស់​ភាគី​ថៃ​កន្លងមក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិបន្ទាន់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ ពីសំណាក់កងទ័ព​ថៃ​នេះ​ជូន​ឧត្តម​ស្នង​ការ​អង្គ​ការ​សហប្រ​ជា​ជាតិ​ទទួ​លប​ន្ទុក​សិទ្ធិម​នុស្ស ដោយបញ្ជាក់ថា សកម្មភាពរបស់ថៃជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។គណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា សំឡេង ទាំងនេះត្រូវបាន​ចាត់​ទុក​ជា​សំឡេង​ខ្លាំង ​និងមានកម្រិតខ្ពស់ ក្នុងរយៈពេលយូរបានបង្កជាការរំខានដល់ការទទួលទានដំណេក ធ្វើ​ឱ្យ​ថប់​អារម្មណ៍ និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅក្នុងតំបន់នោះ រួម​ទាំង​ស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកជំងឺ។ សកម្មភាពបែបវិទ្ធង្សនា និងប​ង្ក​ហេតុ​ទាំង​នេះ ​មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាជនកម្ពុជានោះទេ ថែម​ទាំង​ជា​ការ​គំរាម​កំហែង និងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរទៀតផង៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំការបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥

2025/10/16 06:23:40 pm        303
អនុលោមតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃដដែលនេះ វេលាម៉ោង ៩:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៦០រូប។អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥៕

សម្ដេចធិបតី៖ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែង ការគ្រប់គ្រងគ្រោះ​មហន្តរាយ​ក្នុង​តំបន់​មិន​ទាន់​ស្មើ​គ្នា​ទេ

2025/10/16 05:26:35 pm        302
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​កត់​សម្គាល់​ឃើញ​ថា​ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែង និងសម្រេចបាន​នូវ​សមិទ្ធិផល​ជា​ច្រើន​លើ​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ប៉ុន្តែ​ទន្ទឹមនឹង​កិច្ចខិតខំប្រឹងប្រែងកន្លងមក ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ក្នុង​តំបន់​មិនទាន់ស្មើគ្នាទេ។សម្តេចធិបតីថ្លែងបែបនេះ ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្ដីពី​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ លើកទី១៣ និង​សន្និសីទ នៃ​ភាគី​អាត់​ម៊ែរ​លើក​ទី១៤ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ នៅ​វិមាន​សន្តិភាព នាព្រឹក​ថ្ងៃទី១៦តុលានេះ។ដើម្បីឲ្យកិច្ចខិតខំប្រឹងប្រែងនៃការគ្រប់គ្រងគ្រោះមហន្តរាយ កាន់តែមានការអភិវឌ្ឍន៍ថែមទៀត សម្តេច​ធិបតីបានផ្តល់នូវចំណុចអាទិភាពគន្លឹះចំនួន៥ ៖ ត្រូវបង្កើនការត្រៀមខ្លួន តាមរយៈ​ប្រព័ន្ធ​ប្រកាស​ព័ត៌មាន​ដឹងជាមុន ពង្រឹងសមត្ថភាពព្យាករណ៍ឲ្យកាន់តែរឹងមាំ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​ ដែលកើតមានឡើងបន្តបន្ទាប់ ដូចជាបញ្ហាអាកាសធាតុ ជំងឺរាតត្បាត​នៃ​គ្រោះ​មហន្តរាយ​។ ការលើកកម្ពស់ភាពជាដៃគូ ពហុភាគី ដោយមានការចូលរួមពីវិស័យឯកជន អ្នក​សិក្សា​ស្រាវជ្រាវ និង​សង្គមស៊ីវិល ដើម្បីជំរុញឲ្យមាននវានុវត្តន៍ និងកៀរគរធនធាន។ ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា និងនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិម្មិត(AI) ឧបករណ៍ភូមិសាស្ត្រ និង​ការ​វិភាគ​ទិន្នន័យ ​ដើម្បីបង្កើនភាពជាក់លាក់ និង ប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹង គ្រោះមហន្តរាយ។ ពង្រឹង​ទំនាក់​ទំនងជាសកល តាមរយៈការកសាង​ភាព​ជាដៃ​គូ​របស់​អាស៊ាន​ជាមួយ​នឹង​ស្ថាប័ន​អន្តរជាតិ ​ដូចជាការិយាល័យសហប្រជាជាតិដើម្បី បន្ថយហានិភ័យនៃគ្រោះហន្តរាយ ដើម្បី​រៀបចំ​បង្កើត​យុទ្ធសាស្ត្រ និង ការចែករំលែក​ចំណេះ​ដឹង​ឧត្ត​មានុវត្តន៍ និង​នវានុវត្តន៍​អាស៊ាន​ជាមួយ​តំបន់​ផ្សេង​ទៀត​ ជាពិសេសការគ្រប់គ្រង ហានិភ័យគ្រោះមហន្តរាយតាម សហគមន៍ និង​កិច្ច​សហ​ប្រតិបត្តិការឆ្លងដែន៕ អត្ថបទ​៖ មុត សុទ្ធ

សម្តេចធិបតី៖ កម្ពុជាប្តេជ្ញាខ្ពស់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិពាក់ព័ន្ធ នឹង​ក្របខណ្ឌគ្រប់គ្រងគ្រោះមហន្តរាយ

2025/10/16 04:55:54 pm        363
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គ្រោះ​មហន្ត​រាយ​គ្រប់​ទម្រង់​បាន​បន្តជាបញ្ហាឥតឈប់ឈរសម្រាប់ប្រជាជាតិទាំងអស់ ហើយមិន​ថា​តូច​ឬ​ធំ​ទេ​គ្រោះ​មហន្ត​រាយ​នេះ តែង​បន្សល់ទុក្ខ​នូវ​ភាព​លំបាក​យ៉ាង​ធ្ងន់ធ្ងរ​ដល់ម​នុស្ស និង​សង្គម​។​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយកម្ពុជាសូមចិត្តយ៉ាងរឹងមាំធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិក និង​ដៃគូ​ទាំង​អស់ ដើម្បី​ពង្រឹងបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និង​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ក្រប​ខណ្ឌ​គ្រប់គ្រងគ្រោះមហន្តរាយនេះ។ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ នៅ​ទីស្តីការគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា គ្រោះមហន្តរាយ ដូចជា​គ្រោះរញ្ជួយដី ទឹកជំនន់ ព្យុះនានា បានបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន និង​ការ​ខូចខាតយ៉ាងដំណំ ហើយតាមទស្សនវិស័យរបស់កម្ពុជា យើងចាំបាច់​ត្រូវ​បែង​ចែក​ឲ្យ​មាន​សកម្ម​ភាព​ជួយ​សង្រ្គោះ​គ្រាមានគ្រោះមហន្តរាយនៅតាមទីប្រជុំជន និងតាមទីជនបទពិសេស​ពាក់ព័ន្ធ​នឹង​ទឹកជំនន់។ សម្តេចធិបតី បានលើកឡើងទៀតថា គ្រោះមហន្តរាយ​គ្រប់​ទម្រង់​បាន​បន្ត​ជា​បញ្ហា​ឥត​ឈប់​ឈរ​សម្រាប់​ប្រជាជាតិទាំងអស់ គ្រោះមហន្តរាយមិនថាធំ ឬតូចតែងបន្សល់ទុក្ខ នូវភាព​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​មនុស្ស និងសង្គម។ សម្តេច​បាន​បន្ត​ថា​ជា​មួយ​នឹង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​នៃ​អាកាស​ធាតុ​ គ្រោះមហន្តរាយក៏បានកំពុងកើតមានឡើងកាន់តែញឹកញាប់ កាន់តែធ្ងន់ធ្ងរ និង​កាន់​តែ​ពិបាក​ស្មាន​ផងដែរ។យ៉ាងណាក៏ដោយនៅមុខចំពោះថ្នាក់រដ្ឋមន្រ្តីអាស៊ាន សម្តេចធិបតី នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជា​ប្តេជ្ញាចិត្តយ៉ាងរឹងមាំធ្វើការ យ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិក និង​ដៃគូ​ទាំង​អស់​ដើម្បី​ពង្រឹ​ង​បន្ថែម​ទៀតនៅកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ និងអន្តរជាតិ​ពាក់ព័ន្ធ​នឹង​ក្រប​ខណ្ឌ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ និងជំរុញចក្ខុវិស័យឲ្យសហគមន៍អាស៊ានឆ្នាំ២០៤៥៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ​ដើម្បី​ពិនិត្យ​​សម្រេចលើរបៀបវារៈចំនួន៣

2025/10/16 03:47:41 pm        340
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣ មានដូចខាងក្រោម៖១-ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនិងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥។២-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។៣-ផ្សេងៗ។បន្ទាប់ពីបានពិនិត្យនិងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក ដើម្បីបើកសម័យប្រជុំ លើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺស្ដាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពី សកម្មភាពនិងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM
កម្មករ ៣នាក់ស្លាប់ ក្នុងឧបទ្ទេហេតុក្នុងរោងចក្រផលិតគ្រឿងបង្គុំក្រុមហ៊ុន Tata Electronics ប្រទសឥណ្ឌា
11/10/2026 06:11 PM