សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ស្ដេចយាងក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា

2025/06/05 06:54:33 pm        120
នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុង ព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) » នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ ការរៀបចំទិវាបរិស្ថាននេះមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និង ជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ឱ្យចូលរួមយ៉ាងផុសផុលក្នុងកិច្ចគាំពារបរិស្ថាន ដែលរួមបញ្ចូលទាំងគុណភាពខ្យល់ ទឹក សំឡេង និងការគ្រប់គ្រងសំរាម ប្លាស្ទិក ដើម្បីរួមគ្នាការពារភពផែនដីឱ្យមានភាពស្អាត បៃតង និងចីរភាព ដែលជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។​បើតាម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ការប្រារព្ធព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក» ៥ មិថុនា ឆ្នាំ២០២៥ ជាការបង្ហាញពីស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងការអនុវត្តសកម្មភាពការពារបរិស្ថានឱ្យកាន់តែមានសុក្រឹតភាព ស៊ីសង្វាក់សំដៅសម្រេចឱ្យបាននូវយុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថាន ជាមួយនឹងការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និង អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២ ក្នុងឱកាសសន្និសីទ ស្តីពីបរិស្ថានមនុស្សនៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជាថ្ងៃប្រារព្ធពិធី។ ប្រទេសកម្ពុជា បានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោក តាំងពីឆ្នាំ១៩៩៣ និងប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកបញ្ចូលគ្នាជារៀងរាល់ឆ្នាំ។ ទិវាបរិស្ថានជាតិ ត្រូវបានចារឹក ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។សព្វថ្ងៃនេះប្លាស្ទិកបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ បច្ចុប្បន្នផលិតផល ប្លាស្ទិក ជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗប៉ុន្តែមានប្រមាណ ១២% ត្រូវបានដុតបំផ្លាញហើយប្រមាណ ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ចំណែកដែលនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។ប្រសិនបើគ្មានវិធានការប្រកបដោយ និរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិក ដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងទឹកនឹងកើនឡើងជិតបីដងប្រមាណពី១១លានតោន ក្នុងឆ្នាំ២០១៦ ដល់ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០។ មិនតែប៉ុណ្ណោះ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺប្លាស្ទិកបានបំបែកខ្លួនក្លាយជាបំណែកតូចៗហៅថា មីក្រូប្លាស្ទិក និងណាណូប្លាស្ទិក កំពុងបំពុលខ្សែចង្វាក់អាហារ និងបង្កគ្រោះថ្នាក់ដល់ ភាវៈមានជីវិតទាំងនៅក្នុងទឹកនិងលើគោក។ មីក្រូប្លាស្ទិក ត្រូវបានរកឃើញនៅក្នុងសរសៃឈាមអាកទែរសួត និងខួរក្បាលរបស់មនុស្ស និងសូម្បីតែនៅក្នុងទឹកដោះម្ដាយ៕

ព្រះមហាក្សត្រអំពាវនាវគ្រប់ភាគីពាក់ព័ន្ធបន្តផ្តល់កិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថានក្នុងបេសកកម្ម ពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព

2025/06/05 06:28:52 pm        230
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក- «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ព្រះករុណា ព្រះមហាក្សត្រ បានអំពាវនាវបែបនេះក្នុងឱកាសថ្លែងព្រះរាជសុន្ទរកថា ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ មានហឫទ័យរីករាយឥតឧបមា ដោយបានចូលរួមប្រារព្ធពិធី “ទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៥ ក្រោមប្រធានបទ៖  ប្រយុទ្ធប្រឆាំងការបំពុល ដោយប្លាស្ទិក» ដ៏មានអត្ថន័យ ដែលកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសដ៏មហោឡារិក នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ រាជធានីភ្នំពេញដ៏ស្រស់បំព្រងនេះ។ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយអំពីសមិទ្ធផលដែលថ្នាក់ដឹកនាំ និងមន្ត្រី រាជការក្រសួងបរិស្ថានទាំងអស់ប្រឹងប្រែងសម្រេចបានកន្លងមកសំដៅធានា អភិរក្សធនធានធម្មជាតិ និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជានៃយើង។មាតុភូមិកម្ពុជានៃយើង គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វ បុរសយើងបានថែរក្សាកេរដំណែលនេះទុកសម្រាប់យើងទាំងអស់គ្នា។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃពេ ដ៏ខៀវស្រងាត់ស្រស់ត្រកាល ទន្លេមេគង្គ បឹងទន្លេសាបដែលជាមរតកធនធានធម្មជាតិដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរសមុទ្ទដ៏ស្រស់រស់រវើក និងប្រជុំកោះតូចធំជាច្រើន។ សម្បត្តិធម្មជាតិទាំងអស់នេះ ហើយគឺជាសរសៃឈាម នៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង ។ព្រះអង្គមានព្រះរាជបន្ទូលថា ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក។ ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ ។ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានផ្តួចផ្តើមរៀបចំបង្កើតតំបន់ការពារធម្មជាតិនានា ទុកជាកេរមរតក និងលើកទឹកចិត្តកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិនៅទូទាំងប្រទេស។ព្រះអង្គមានព្រះរាជបន្ទូលបញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើនរហូតទទួលបានការកោត សរសើរពីសហគមន៍អន្តរជាតិ និងមានលទ្ធភាពត្រៀមខ្លួនរួចជាស្រេចដើម្បីបន្សំនឹងផលប៉ះពាល់ ក៏ដូចជាចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ការរៀបចំព្រឹត្តិការណ៍ទិវាបរិស្ថានជាតិ ស្របពេលជាមួយនឹងទិវាបរិស្ថានពិភពលោក ៥ មិថុនា នាថ្ងៃនេះ គឺជាការជួបជុំគ្នាដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន ដែលរៀបចំឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ។ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវព្រះរាជហឫទ័យរីករាយជាអនេក និង សូមអរព្រះគុណចំពោះវត្តមាន របស់សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិ និងបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ ដែលបានចូលរួម ចំណែកគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងឺជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ជាតិយើង។ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ថែមថា ប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” សម្រាប់ទិវាបរិស្ថានឆ្នាំ២០២៥នេះ គឺជាការក្រើនរំឭក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការ ទទួលខុសត្រូវខ្ពស់។ ការដោះស្រាយបញ្ហានេះមិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័ន ណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ទាំងកម្រិត ជាតិ តំបន់ និងអន្តរជាតិ និងសូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក-កម្ពុជាស្អាត ខ្មែរធ្វើបាន៕

TOP STORY សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រគល់ដី២ហិកតាតម្លៃជាង១០លានដុល្លារ នៅជ្រោយចង្វារ ដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រី

2025/06/04 09:53:35 pm        455
ក្រោយជំនួបជាមួយ​ប្រតិភូ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដែលដឹកដោយលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ តាមរយៈ​បណ្ដាញសង្គមហ្វេសប៊ុក​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរា​ជា​ណាច​ក្រកម្ពុជា បាន​ប្រកាស​ថា​នឹង​ប្រគល់ដី ២ហិកតា ដែលទិញតម្លៃជាង ១០លាន​ដុល្លារ សម្រាប់​សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួង​កិច្ចការនារី ដើម្បី​សាង​សង់អន្តេវាសិកដ្ឋាន។សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ព្រឹកមិញ ខ្ញុំបានដឹកនាំការ​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ ខ្ញុំបានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាង​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជ​ធានី​ភ្នំពេញ។ បន្ទាប់​ពី​ការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំយកការសម្រេច៖ យកដី ២ហិកតា ដែល​ទិញ​តម្លៃ​ជាង ១០លានដុល្លារ សម្រាប់សាងសង់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នៅ​ជ្រោយ​ចង្វារ​ប្រគល់​ជូន​ទៅ​ក្រសួង​កិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន។សម្ដេចតេជោបានបន្ថែមទៀតថា ការសាងសង់អន្តេវាសិកដ្ឋាន​សម្រាប់និស្សិតស្រ្តីស្នាក់ចំនួន ៥០០នាក់ ដោយក្នុង១បន្ទប់​ស្នាក់នៅ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ដូច​នេះ​យើងត្រូវកសាងចំនួន ១២០បន្ទប់។ យើងត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់​ដី​ ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។ ក្រោយ​ការ​សាង​សង់​នឹង​ប្រគល់​ជូន​ជា​សម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។សម្ដេចតេជោ ប្រធានព្រឹទ្ធសភា សង្ឃឹមថាអន្តេវាសិកដ្ឋាននេះនឹងជួយ​កាត់បន្ថយ​ការ​លំបាក​របស់​និស្សិត​ជា​ស្ត្រី និងជួយពន្លឿនដល់ការវិយោគ​កសាងសមត្ថភាពរបស់ស្រ្តី និងការ​ចូលរួម​របស់​ស្រ្តី​ក្នុង​ការ​កសាង​ប្រទេសជាតិ៕

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍សំខាន់ៗបន្ថែមចំនួន ៤ ដើម្បីលើកកម្ពស់ និងគាំទ្រស្រ្ដីនៅក្នុងប្រទេសកម្ពុជា

2025/06/04 09:21:15 pm        368
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ដល់អនុសាសន៍សំខាន់ៗបន្ថែមចំនួន ៤ ដើម្បីលើកម្ពស់ និងគាំទ្រស្រ្ដីនៅក្នុងប្រទេសកម្ពុជា។ នេះបើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា ក្រោយជំនួប សម្ដេចតេជោ ហ៊ុន សែន អនុញ្ញតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្តែងការគួសម នៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។ ឯកឧត្តមបានឱ្យដឹងថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ស្នើទៅកាន់នាយករដ្ឋមន្រ្ដីឱ្យកំណត់នូវកូតានៃអភិបាលរង ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអភិបាលរង រាជធានី-ខេត្ត ដោយកំណត់នូវកូតាចំនួនយ៉ាងតិចបំផុតពីររូបសម្រាប់ស្រ្ដី ខណៈកាលពីមុនកូតាជាអភិបាលរងនេះ មានត្រឹមតែមួយរូបប៉ុណ្ណោះ។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ប្រជុំពិភាក្សា ដើម្បីស្នើសុំយោបល់បន្ថែមពីនាយករដ្ឋមន្រ្ដី ជាពិសេស គឺរដ្ឋមន្រ្ដីមុខងារសាធារណៈ ចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការ ដោយសម្ដេចបានផ្ដល់អនុសាសន៍ថា គួរតែមានការកំណត់កូតាផ្ដល់អាទិភាពដល់ការជ្រើសរើសស្រ្ដីក្នុងចំណោម ១០០ភាគរយ គួរតែផ្ដល់កូតាដល់ស្រ្ដីយ៉ាងតិចបំផុត ៥០ ភាគរយ ក្នុងគោលដៅដើម្បីឱ្យស្រ្ដីបានចូលរួមចំណែកក្នុងការងាររាជរដ្ឋាភិបាលឱ្យបានកាន់តែច្រើន។ សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីឱ្យពង្រឹង-ពង្រីនូវអនុត្តរភាពរបស់ស្រ្ដី ពោលគឺការធ្វើឱ្យស្រ្ដីមានភាពខ្លាំង មានអំណាចនៅគ្រប់វិស័យ។ ប៉ុន្ដែសម្ដេចតេជោបានសង្គត់ធ្ងន់ដោយឱ្យចាប់ផ្ដើមពីការធ្វើអនុត្តរភាពស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ច មានន័យថាឱ្យស្រ្ដីកាន់តែខ្លាំងឡើងនៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏ដូចជាការក្ដោមសេដ្ឋកិច្ចនៅក្នុងគ្រួសាររបស់គាត់ដើម្បីឈានទៅដល់ការលើកកម្ពស់ និងធ្វើឱ្យស្រ្ដីកាន់តែមានឥទ្ធិពលបន្ថែមទៀត។ ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា តាមការវាយតម្លៃរបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងយូរបំផុត ២០-៣០ ឆ្នាំទៀត ឥទ្ធិពល និងអនុត្តរភាពរបស់ស្រ្ដី នៅក្នុងប្រទេសកម្ពុជារបស់យើងនឹងកាន់តែខ្លាំងឡើងចំពោះការចូលរួមចំណែករបស់ស្រ្ដីនៅក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ និងគ្រួសារ គឺមិនតិចជាងបុរសនោះទេ។

សមាជរដ្ឋសភានិងព្រឹទ្ធសភារយៈពេលពីរថ្ងៃជាប្រវត្តិសាស្រ្ត បានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន

2025/06/04 02:29:27 am        202
ភ្នំពេញ៖នៅល្ងាចថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥ រដ្ឋសភា និងព្រឹទ្ធសភា បានបិទកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា។សូមជម្រាបថា អង្គប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភារយៈពេល២ថ្ងៃនេះ បានផ្ដោតទៅលើរបៀបវារៈចំនួន៣ យកមកពិភាក្សា រួមមាន៖១.ប្រធានបទទី១ ស្ដីពីប្រព័ន្ធគាំពារសង្គម។២.ប្រធានបទទី២ ស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។៣.ប្រធានទី៣ ស្ដីពីវិស័យកសិកម្ម។សមាជរដ្ឋសភា និងព្រឹទ្ធសភាបានរៀបចំធ្វើឡើង តបតាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។សមាសភាពរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងមានថ្នាក់ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទំាងឥស្សរជនបច្ចេកទេសពាក់ព័ន្ធ ចំនួន៨៣រូប និងប្រតិភូគណបក្សនយោបាយ ជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ចំនួន២៧នាក់។ សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលបានបម្រើឱ្យឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត បង្ហាញពីស្មារតីទទួលខុស កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងអង្គការនីតិប្បញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងភាគីពាក់ព័ន្ធក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ៕

សម្តេចតេជោ ហ៊ុន សែន៖«អ្នកជេររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាខ្លាំង មិនប្រាកដថាប្រឆាំងពិតប្រាកដនោះទេ»

2025/06/04 12:31:51 am        191
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អ្នកដែលជេររាជរដ្ឋាភិបាល និងជេរគណបក្សប្រជាជនកម្ពុជាខ្លាំងបំផុត មិនប្រាកដថាបុគ្គលនោះ ជាអ្នកប្រឆាំងពិតប្រាកដនោះទេ ព្រោះថាជួនកាល បន្ទាប់ពីជេររួច គេនឹងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាអ្វីដែលសម្តេចហៅថា «យុទ្ធសាស្រ្តតេជោ»។ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ដែលប្រារព្ធនៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រើយុទ្ធសាស្រ្តនយោបាយជាច្រើន រួមមានទាំងយុទ្ធសាស្រ្ត «រុញទូកបណ្តោយទឹក» ជាដើម តាមរយៈការបណ្តោយឱ្យសមាជិកទៅចូលរួមឈរឈ្មោះនៅក្នុងអតីតគណបក្សសង្រ្គោះជាតិ ដូចករណី ឯកឧត្តម ឡុង ប៊ុន្នី ជាដើម។ ដូចនេះ គេមិនអាចចោទថា ឯកឧត្តម ឡុង ប៊ុន្នី លក់ឧត្តមគតិបានទេ។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបានដឹងថា ក្នុងបរិបទបច្ចុប្បន្ននេះ គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ក៏កំពុងតែរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ខ្លួនដើម្បីឈរឈ្មោះបោះឆ្នោត ហើយក៏កំពុងតែខ្វះមនុស្សផងដែរ ដូចនេះហើយ សម្តេចអាចនឹងប្រើប្រាស់យុទ្ធសាស្រ្តរុញទូកបណ្តោយទឹកបន្តទៀត៕

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានការបង្កើតកម្មវិធីប្រឡងប្រណាំងមន្ត្រីកសិកម្មឃុំ

2025/06/04 12:29:20 am        163
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានស្នើទៅរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា គួរតែបង្កើតកម្មវិធីប្រលងប្រណាំង មន្ត្រីកសិកម្មឃុំដែលមានការងារសកម្ម ជាគំរូល្អ ដើម្បីជាការលើកទឹកចិត្ត។សម្ដេតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសសម្ដេច បន្ដដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី២ លើប្រធានបទ លើវិស័យកសិកម្មរបស់កម្ពុជា ដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧។ សម្តេចតេជោបានបញ្ជាក់ថា៖«រដ្ឋមន្ដ្រីកសិកម្ម គួរតែពិនិត្យមើល អំពីចលនាប្រឡងប្រណាំង ទាក់ទិនជាមួយនឹងក្រុមមន្ដ្រីកសិកម្ម ដែលយើងពង្រាយ...... គួរតែត្រូវមានលក្ខខណ្ឌវិនិច្ឆ័យ ហើយឲ្យមានការប្រឹងប្រែងប្រឡងប្រណាំង»។ក្នុងឱកាសនោះ សម្តេចតេជោ បានបញ្ជាក់ាថ ការប្រលងប្រណាំងកសិកម្មឃុំនេះ គួរតែបង្កើតឱ្យមានពីរថ្នាក់ ដោយថ្នាក់ទី១ គឺក្នុងមួយខេត្ដ ប្រឡងយកម្នាក់ដែលឆ្នើម ហើយនៅក្នុងខេត្ដទាំងអស់ និងថ្នាក់ជាតិ គួរតែមានចំនួនជាក់លាក់ ក្នុងការជ្រើសរើស ដើម្បីឲ្យចលនាប្រឡងប្រណាំង រៀនសូត្រ ហើយធ្វើការសកម្មជាមួយនឹងកសិករ។សូមជម្រាបថា ដើម្បីធានាតម្លៃកសិផលរបស់ប្រជាកសិករ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម បានជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្មឬហៅថា មន្រ្ដីកសិកម្មឃុំ ដើម្បីពង្រាយតាមឃុំ ជួយកសិករដែលមានបញ្ហា ផ្នែកបច្ចេកទេស លើការដាំដុះ និងចិញ្ចឹមសត្វ៕

សម្ដេចធិបតី៖រដ្ឋត្រៀមថវិកាពិសេស ៣៥ លានដុល្លារដើម្បីជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប

2025/06/04 12:19:39 am        227
ភ្នំពេញ ៖ នៅចំពោះមុខអង្គសមាជព្រឹទ្ធសភា និងរដ្ឋសភាថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះបានត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារ ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីអត្រាការប្រាក់ទាបដល់សហគគមន៍កសិកម្មទំនើបក្នុងរយៈពេល៣ឆ្នាំ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣៥លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់សហគគមន៍កសិកម្មទំនើបក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២៥-២០២៧។ បច្ចុប្បន្នមានសហគមន៍កសិកម្មទំនើបចំនួន ៦ ទទួលបានប្រាក់កម្ចីពីរាជរដ្ឋាភិបាលក្នុងអត្រាការប្រាក់ ០,៧% ក្នុងមួយឆ្នាំសម្រាប់ធ្វើជាទុនបង្វិលដោយមានទឹកប្រាក់សរុបប្រមាណ ១,៩ លានដុល្លារ។ ទន្ទឹមនេះរាជរដ្ឋាភិបាលកំពុងពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅតាមបណ្ដាខេត្តបន្ថែមទៀត ដែលគ្របដណ្ដប់លើដំណាំដែលមានសក្ដានុពលខ្ពស់ដូចជាស្វាយចន្ទី កៅស៊ូ និងទុរេនជាដើម។សម្តេចធិបតីបានបញ្ជាក់ថា បច្ចុប្បនន្នកម្ពុជាបង្កើតសហគមន៍កសិកម្មទំនើបបានចំនួន ១២ សហគមន៍ បន្ថែមលើសហគមន៍កសិកម្មដែលមានស្រាប់ ចំនួន ២,៦០១ សហគមន៍ ហើយតាមផែនការណ៍សហគមន៍កសិកម្មទំនើបចំនួន ៥ បន្ថែមទៀតនឹងត្រូវបង្កើតឡើងនៅដំណាច់ឆ្នាំ២០២៥នេះ។ សហគមន៍ថ្មីនេះ នឹងផ្ដោតលើដំណាំស្វាយចន្ទីចំនួន ៣ សហគមន៍ និងស្រូវចំនួន ២ សហគមន៍នៅក្នុងខេត្តសៀមរាប បន្ទាយមានជ័យ ឧត្ដរមានជ័យ និងបាត់ដំបង។ សម្ដេចមានប្រសាសន៍ថា ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យកសិម្ម និងកសិឧស្សាហកម្មនៅកម្ពុជា រាជរដ្ឋាភិបាលគ្រោងបង្កើតសួនកសិឧស្សាហកម្មនៅក្នុងខេត្តចំនួន ៣ រួមមានខេត្តកំពង់ធំ បាត់ដំបង និងកំពង់ស្ពឺ សំដៅបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគកែច្នៃផលិតផលកសិកម្មបម្រើឱ្យការនាំចេញ។សូមជម្រាបថា ការចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប ប្រជាកសិករនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនតាមរយៈការជួយការពារហានិភ័យ និងដោះស្រាយបញ្ហាប្រឈម បង្កើនសមត្ថភាពប្រកួតប្រជែងរបស់កសិករ កាត់បន្ថយថ្លៃធាតុចូល និងទទួលបានការគាំទ្រផ្នែកទីផ្សារ និងបច្ចេកទេស ពិសេសគឺការទទួលបានកម្ចីឥណទានក្នុងអត្រាការប្រាក់ទាបជាដើម៕

សមាជរដ្ឋសភានិងព្រឹទ្ធសភា គំាទ្រគោលនយោបាយវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប មានហូប មានប្រើ មានបាន និងមានរហូត

2025/06/04 12:02:42 am        129
ភ្នំពេញ៖សមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភាបានគាំទ្រទាំងស្រុងនូវគោលនយោបាយទូទៅយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាបាលក្នុងវិស័យកសិកម្មថា  ជាគោលនយោបាយដ៏ត្រឹមត្រូវ ស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលនីតិកាលទី៧ នៃរដ្ឋសភា។សមាជរដ្ឋសភានិងព្រឹទ្ធសភានៅព្រឹកថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកយកប្រធានបទស្តីពីវិស័យកសិកម្ម មកប្រជុំពិភាក្សា។ នៅក្នុងនោះសមាជិកសមាជចំនួន២៣ បានឡើងមតិយោបល់ ក៏ដូចជាបានគំាទ្រលើ កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាបាលក្នុងវិស័យកសិកម្ម។  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអង្គសមាជ ថា រាជរដ្ឋាភិបាលមានកម្មវិធីគោលនយោបាយ ២ សំខាន់ ទាក់ទងវិស័យកសិកម្ម គឺ យន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងទី២ ការដាក់ពង្រាយមន្រ្តីកសិកម្មទៅគ្រប់ឃុំ សង្កាត់ដែលមានសកម្មភាពនៅទូទាំងប្រទេស ការរៀបចំឧ្យសហគមន៍កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មឧ្យក្លាយជាកម្លាំងចលករដ៏រឹងមាំនៅក្នុងការធានាសន្តិសុខស្បៀងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពល   រដ្ឋ។ គោលនយោបាយវិស័យកសិកម្ម គឺចង់ផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូបដែលរួមមានទាំងទទួលទាន និងប្រជាកសិករ អ្នកបង្កបង្កើនផល តាមរយៈអនុវត្តន៍គោលនយោបាយសាមញ្ញ ៤ ចំណុច គឺមានហួប មានប្រើ មានបាន និងមានរហូត។ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងកម្មវិធីគោលនយោបាយអាទិភាព ២ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល បានប្រកាសដាក់ឧ្យអនុវត្តន៍ជាផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនអង្គសមាជបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលនៅតែជាវិស័យអាទិភាពនិងបន្តដើរតួនាទីសំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ បើទោះបីសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនលើគ្រប់វិស័យក៏ដោយ ជារួមវិស័យ កសិកម្ម នឹងនៅតែជាវិស័យយុទ្ធសាស្រ្តគន្លឹះសំរាប់ធានាឧ្យបាននូវសន្តិសុខស្បៀងរបស់កម្ពុជា។ ដោយមានការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក៏ដូចជាមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈតាម    រយៈការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយទូទៅ និងផែនការយុទ្ធសាស្រ្តក្នុងវិស័យកសិកម្ម ជាពិសេសយុទ្ធសាស្រ្តដែលត្រូវបានដាក់ចេញ និងអនុវត្តចាប់តាំងពីឆ្នាំ១៩៨៧ មកស្តីពីការផ្ទេរការអនុវត្តផ្ទាល់បែបបើកទូលាយ មកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ ព្រមទាំងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលគួរបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន។តាមរបាយការណ៍របស់ជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួមចំណែកប្រមាណ ១៦,៧% (គិតជាតម្លៃបច្នុប្បន្ន) ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម បន្តកើនឡើងជារៀងរាល់ឆ្នាំ ប្រមាណ ៤,៩៥ពាន់លានដុល្លារ នៅឆ្នាំ២០១៥ ដល់ ២៤ ២៨២ ប្រមាណ ៦,០៧ពាន់លានដុល្លារ នៅឆ្នាំ២០២០ និងដល់ ប្រមាណ ៧,៨២ពាន់លានដុល្លារ នៅឆ្នាំ២០២៤។ ការចូលរួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមានផ្នែកដំណាំ ៦១,៣% ផ្នែកផលិតកម្មសត្វ ១៥,៤% ផ្នែកជលផល ២០% និងផ្នែកព្រៃឈើ ៣,៣%។កម្ពុជាមានផ្ទៃដីកសិកម្ម ចំនួន ១៧លានហិកតា ដោយបានបែងចែកជាផ្ទៃដីដាំដុះដំណាំ ផ្ទៃដីព្រៃ ផ្ទៃដីចិញ្ចឹមសត្វ ព្រមទាំងដែនទឹកជាតំបន់គ្រប់គ្រងជលផលទឹកសាបនិងសមុទ្រ។ ទន្ទឹមនេះ កម្ពុជាក៏មានផ្ទៃដីស្រែវស្សាប្រមាណ ៣លានហិកតា ផ្ទៃដីស្រែប្រាំងប្រមាណ ៧០ម៉ឺនហិកតា ដែលអាងពង្រីកបានរហូតដល់ជិត ៩០ម៉ឺនហិកតា ក្នុងឆ្នាំ២០២៥។ កម្ពុជា សម្រេចបានការនាំចេញផលិតផលដាំណាំគួរឧ្យកត់សម្គាល់ប្រមាណ ១២លានតោន ទៅកាន់ ៩៥ប្រទេស នៅឆ្នាំ២០២៤ ដែលបាននាំមុខនូវរូបិយប័ណ្ណបរទេស ៥,៣ ប៊ីលលាន ដុល្លារ។ ទន្ទឹមនេះ អង្កផ្ការំដួលបានឈ្នះពានរង្វាន់អង្កល្អដាច់គេលើកទី៦ ក្នុងការប្រកួតប្រជែងនៅប្រទេសហ្វីលីពីន និងពានមាសអង្កក្រអួបពីប្រទេសចិនដែលមានមោទនភាពសំរាប់កម្ពុជា។ដោយមើលឃើញពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម សមាជរដ្ឋសភានិងព្រឹទ្ធសភា បានគាំទ្រទាំងស្រុងនូវផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការទាំងឡាយដែលបានអនុវត្តកន្លងមកថាស្របនឹងគោលនយោបាយទូទៅ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ដែលបានដាក់ចេញ ហើយដែលបម្រើដល់ផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល រួមទាំងប្រជាកសិករ និងអ្នកផលិតកែច្នៃ ដោយគិតគូរដល់និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ

2025/06/02 04:41:51 am        186
ភ្នំពេញ ៖ ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷១. រៀបចំការប្រជុំជាបន្ទាន់ជាមួយគណៈកម្មការព្រំដែនចម្រុះ(JBC) ជាមួយភាគីថៃ ដើម្បីបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។ ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ។ ខ្ញុំបានផ្ដល់គោលការណ៍ណែនាំឲ្យភាគីកម្ពុជា។ ខ្ញុំសង្ឃឹមថាភាគីទាំងពីរនិងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM