សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

ទស្សនកិច្ចសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅជប៉ុនទទួលបានជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច

2025/06/01 06:28:18 pm        144
ភ្នំពេញ ៖ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញកាលពីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ បេសកកម្មនេះ ទទួលបានជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច។ វត្តមាន សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ក៏ទទួលបាននូវការស្វាគមន៍ប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់យ៉ាងកក់ក្តៅ និងសិ្នទ្ធស្នាលបំផុតពីសំណាក់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនផងដែរ។ ក្នុងក្របខ័ណ្ឌនយោបាយ និងការទូត៖ សម្ដេចធិបតី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន ព្រមទាំងទទួលជួបសម្ដែងការគួរសមជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន និងសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជាផងដែរ។ ជំនួបពិភាក្សាទ្វេភាគីជាមួយប្រធានព្រឹទ្ធសភាជប៉ុន៖ ឯកឧត្តមប្រធានព្រឹទ្ធសភា បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងយូរអង្វែងរវាងជប៉ុននិងកម្ពុជា ដែលត្រូវបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ រហូតត្រូវបានដំឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣។ ឯកឧត្តម បានប្ដេជ្ញាបន្តចូលរួមពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការសភា។ ជំនួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាជប៉ុន៖ ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីបំណងក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមដោយរដ្ឋសភាជប៉ុនបន្តយកចិត្តទុកដាក់ និងគាំទ្រចំពោះគ្រប់សកម្មភាពទាំងឡាយ ដែលរួមចំណែកដល់ការជំរុញចំណងមិត្តភាពប្រទេសទាំងពីរ។ជំនួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុន៖ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏សំខាន់របស់ជប៉ុន។ កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា មានភាពរីកចម្រើនជាលំដាប់ និងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ជប៉ុននិងកម្ពុជាបានសហការគ្នាក្នុងការបណ្តុះបណ្តាលលើការដោះមីនមនុស្សធម៌ សម្រាប់អ្នកដោះមីនអ៊ុយក្រែន។ ជាការឆ្លើយតប សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ជប៉ុនជាមិត្តចាស់ មិត្តដ៏សំខាន់ និងមិត្តជិតស្និទ្ធរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងដំណាក់កាលស្វែងរកសន្តិភាព និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាមកដល់បច្ចុប្បន្ន។ សម្ដេចធិបតី បានថ្លែងថា ក្នុងរយៈពេល៧២ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពូនជ្រំ ពង្រឹងនិងពង្រីកស្ទើរគ្រប់វិស័យ។ ការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីដល់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០២៣ គឺជាសក្ខីភាពនៃភាពជឿទុកចិត្តរវាងប្រទេសទាំងពីរ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីអាទិភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ សន្តិសុខនិងការពារជាតិ ហិរញ្ញវត្ថុនិងធនាគារ ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ បរិវត្តកម្មឌីជីថលនិងសន្តិសុខសាយប័រ ថាមពលស្អាត ព្រមទាំងការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈវិស័យអប់រំ ទេសចរណ៍ និងការហោះហើរត្រង់។ក្នុងជំនួបពិភាក្សាទ្វេភាគីនោះ នាយករដ្ឋមន្រ្តីទាំងពីរ បានអញ្ជើញចូលរួមថ្លែងក្នុង សន្និសីទសារព័ត៌មានរួម ដោយ នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ រួមមានសហបង្កើតគុណតម្លៃសេដ្ឋកិច្ច និងសង្គម និងកិច្ចសហប្រតិបត្តិការសន្តិសុខ ផ្អែកលើទំនុកចិត្តនិងមិត្តភាពដែលប្រទេសទាំងពីរបានកសាងជាច្រើនឆ្នាំកន្លងមក។ នាយករដ្ឋមន្ត្រីទាំងពីរ បានប្រកាសដាក់ចេញនូវ «កញ្ចប់សហបង្កើតសេដ្ឋកិច្ចជប៉ុន-កម្ពុជា» ដោយឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដូចជាការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការចូលរួមចំណែករបស់ជប៉ុនចំពោះអង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ការគាំទ្រក្រុមហ៊ុនជប៉ុន ការបង្កើតគម្រោងភាពជាដៃគូរដ្ឋ-ឯកជន និងការគាំទ្រការធ្វើឱ្យរីកចម្រើនបណ្តាញទូរគមនាគមន៍ ដើម្បីពង្រឹងឧស្សាហកម្ម និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។ ក្នុងឱកាសដ៏វិសេសវិសាលនៃទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុននេះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Akishino Fumihito រជ្ជទាយាទជប៉ុន។ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ ក្នុងជំនួបដាច់ដោយឡែក សម្ដេចធិបតី បានអនុញ្ញាតជូនថ្នាក់ដឹកនាំស្ថាប័ន និងក្រុមហ៊ុនជប៉ុនលំដាប់អន្តរជាតិចំនួន ១៣ ចូលជួបសម្ដែងការគួរសម ក្នុងនោះរួមមាន សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា (JCPFL), សមាគមកម្ពុជា-ជប៉ុន (JCA),ក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិ, អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន, ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA), ក្រុមហ៊ុន Watami និង School Aid Japan, ក្រុមហ៊ុន KOUA SHOJI Co., Ltd., ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., ក្រុមហ៊ុន Minebea Mitsumi Inc.(MMI), ក្រុមហ៊ុន Japan Bank of International Cooperation (JBIC), ក្រុមហ៊ុន Shinto Holdings Inc. (Kitayama Shoji Col., Ltd.) និងក្រុមហ៊ុន YACHIYO Engineering Co., Ltd.។ ក្នុងជំនួបនោះ តំណាងស្ថាប័ន និងក្រុមហ៊ុននីមួយៗ បានគោរពជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពនៃដំណើរការការងាររបស់ខ្លួន ជាពិសេសគម្រោងពង្រឹងនិងពង្រីកវិនិយោគថ្មីៗបន្ថែមទៀតនៅប្រទេសកម្ពុជា និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈអំណោយផលគ្រប់បែបយ៉ាងធ្វើឱ្យដំណើរការងារប្រកបដោយរលូន និងជោគជ័យ។ សម្តេចធិបតីបានប្រកាសស្វាគមន៍រាល់ការ វិនិយោគរបស់ក្រុមហ៊ុនជប៉ុន ជាមួយការបង្កលក្ខណៈងាយស្រួល ការដាក់ចេញគោលនយោបាយគាំទ្រ ព្រមទាំងធានានូវបរិយាកាសអំណោយផលប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែង។អំឡុងពេលស្នាក់នៅប្រទេសជប៉ុននោះដែរ សម្តេចធិបតី បានអញ្ជើញចូលរួមក្នុង វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ដែលបានសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មជប៉ុន (AMEICC) និងធនាគារមីស៊ូហ៊ុ (Mizuho) ដែលមានវិនិយោគិនចូលរួមចំនួនជិត ៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧។សម្តេចធិបតី បានកត់សម្គាល់ពីការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ខណៈការដោះដូរទំនិញរវាងប្រទេសទាំងពីរសម្រេចបានជាង ២ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤កន្លងទៅ។ សម្តេចធិបតី បានលើកឡើងពីសក្តានុពលក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយធុរជន និងវិនិយោគិនជប៉ុន អាចទាញយកប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការអនុគ្រោះពន្ធរបស់កម្ពុជា។ បន្ទាប់ពីវេទិកាធុរកិច្ចបានបញ្ចប់ សម្តេចធិបតី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន ២ គឺ ១. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងលើកកម្ពស់ភាពជាដៃគូធុរកិច្ចរវាងកម្ពុជានិងជប៉ុន ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរ និង ២. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងគោលបំណងកសាងភាពជាដៃគូវិនិយោគដ៏រឹងមាំនាពេលអនាគត។នាឱកាសបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុននោះ សម្ដេចធិបតី បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី អនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» ដើម្បីបង្ហាញពីទស្សនៈ និងគោលនយោបាយនៃរាជរដ្ឋាភិបាល និងការត្រៀមលក្ខណៈរបស់កម្ពុជានៅក្នុងការជំរុញប្រទេសទៅមុខក្នុងដំណាក់កាលនៃការវិវឌ្ឍរបស់ពិភពលោកប្រែប្រួល។ ក្នុងវេទិកានេះ សម្តេចធិបតី បានលើកឡើងពីការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ដែលបានធ្វើឱ្យអ្វីៗទាំងអស់នៅក្នុងទំនាក់ទំនងអន្តរជាតិកាន់តែមានភាពស្មុគស្មាញ ចាប់ពីបញ្ហានយោបាយរហូតដល់ពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលបានធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរី បើកចំហ បរិយាបន្ន និងផ្អែកលើច្បាប់ចុះខ្សោយ។ សម្តេចធិបតី ក៏បានចែករំលែកមេរៀនមួយចំនួនដែលកម្ពុជាធ្លាប់ឆ្លងកាត់ និងបានចាត់ទុកថា សន្តិភាព គឺជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា។ សម្តេចធិបតី បានលើកឡើងក្នុងវេទិកានេះថា កម្ពុជាបាននិងកំពុងអនុវត្តនូវសកម្មភាព ចំនួន ៣ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលផ្តោតលើប្រជាជន ក្នុងនោះរួមមាន ១. ការកែសម្រួលឧស្សាហកម្មតាមវិស័យ ២. ការកែសម្រួលគុណភាពនៃប្រព័ន្ធឧស្សាហកម្ម និង ៣. ការធ្វើឱ្យពាណិជ្ជកម្មពហុភាគីរស់រវើកឡើងវិញ និងការជំរុញសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ។ ក្នុងបេសកកម្មអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញបដិបត្តិសមាធិតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្ត Zenshoan និងពិភាក្សាគ្នាជុំវិញការបដិបត្តិសមាធិនៅកម្ពុជា និងជប៉ុន ប្រកបដោយអំណររីករាយ ស្និទ្ធស្នាល និងសទ្ធាជ្រះថ្លាជាទីបំផុត។មុនចាកចេញពីប្រទេសជប៉ុន សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានឆ្លៀតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការងារ និងសិក្សានៅប្រទេសជប៉ុនប្រមាណជាង ១៦០០នាក់។ ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីទំនាក់ទំនងកាន់តែល្អរវាងកម្ពុជា-ជប៉ុន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកិច្ចសហប្រតិបត្តិការក្នុងកម្រិតខ្ពស់បំផុត និងដែលបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់វិនិយោគិន។ សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តគោលនយោបាយបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស ដើម្បីឆ្លើយតបតាមការចង់បានរបស់ប្រជាពលរដ្ឋ ហើយគោលនយោបាយនេះទៀតសោតផ្តល់ផលចំណេញយ៉ាងច្រើនទាំងសេដ្ឋកិច្ច និងចំណេះជំនាញ៕

សម្តេចធិបតី៖ ទីតាំងដែលទាហានថៃលួចបាញ់ទាហានខ្មែរស្លាប់ត្រូវគ្រប់គ្រងបានវិញ ខណៈ​ស្ថានការណ៍​ក៏​វិលត្រឡប់ដូចដើមវិញ

2025/05/31 08:29:06 pm        292
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងថា ទីតាំង​ដែល​ទាហាន​ឈ្លានពាន​ថៃ​បាន​លួចឆ្មក់បាញ់សម្លាប់ទាហានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា កន្លង​ទៅ​នេះ​នៅ​តំប​ន់​មុំបី​នោះ ត្រូវបានទាហានខ្មែរដណ្តើមគ្រប់គ្រងបានមកវិញ ហើយស្ថានការណ៍​នៅ​តាម​ព្រំដែន​ក៏​បានវិលត្រឡប់មករកភាព ប្រក្រតីវិញផងដែរ ប៉ុន្តែការត្រៀម និងពង្រាយ​ទ័ព​នៅ​តែ​បន្ត​ដើម្បី​ការពារនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង។ផ្ញើសារពីប្រទេសជប៉ុន ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅ​ប្រទេស​ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​គូស​បញ្ជាក់​ថា ភ្លាមៗបន្ទាប់ ពីមានឧបទ្ទវហេតុ​ទាហាន​ថៃ​លួច​បាញ់​ទាហាន​ខ្មែរ​ដែល​បាន​បណ្តាល​ឲ្យ​បាត់​បង់​ជីវិតនោះ កងទ័ពនៃប្រ ទេសទាំងពីរបានប្រឈមមុខ និងត្រដាង​ស្លាប​ដាក់​គ្នា​យ៉ាង​ក្តៅ​គគុក ដោយបានចល័តទាំងរថក្រោះ កាំភ្លើងធំរៀងៗខ្លួន ដែលបានបណ្តាលឲ្យបងប្អូនខ្មែរ ដែល​កំពុង​រស់នៅតំបន់នោះមានការព្រួយបារម្ភ រហូតដល់រត់ភៀសខ្លួន មកទីកន្លែងមានសុវត្ថិភាព។ ប៉ុន្តែ​ទោះជាយ៉ាងណាស្ថានការណ៍ត្រូវបានវិលទៅរកភាពស្ងប់ស្ងាត់វិញ ក្រោយ​មាន​ការ​ចរចា​រវាង​មេទ័ព​ជើង​គោក​នៃប្រទេសទាំងពីរនោះ។សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាមិនបានខ្លាចនោះទេ ខណៈ​ការ​ដែល​សម្តេច​ឲ្យ​មាន​ការ​ជួប​ប្រជុំគ្នាជាបន្ទាន់ រវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងថៃនោះគឺ​ដោយ​សារ​តែ​កុំ​ឲ្យ​ស្ថានការណ៍កាន់តែរីករាលដាលខ្លាំងដោយមិនដឹងមូលហេតុច្បាស់លាស់ ហើយក៏ចង់ដឹងថា ការ​ខិតចូលរបស់ ទាហានថៃនោះគឺដោយសារអ្វី ជាការបញ្ជាពីថ្នាក់ណា ឬ​កម្រិត​ណា​ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប​វិញឲ្យសមស្រប ទៅតាមសភាពការណ៍ដែលបានកើតឡើងនោះទាក់ទងនឹងបញ្ហាព្រំដែននេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏​បាន​ប្រកាស​ជា​ថ្មីម្តងទៀតថា កម្ពុជានៅតែប្រកាន់ជំហរចចារដោយសន្តិវិធី និងដោះ​ស្រាយ​តាម​ច្បាប់​ជាតិ និងអន្តរជាតិ។ ប៉ុន្តែ​កម្ពុ​ជា​រក្សា​សិទ្ធិ​ក្នុង​ការ​ការពារ​ទឹក​ដី​របស់​ខ្លួន​ទៅ​តាម​គ្រប់​មធ្យោបាយ​រួម​ទាំង​កងកម្លាំង ប្រដាប់អាវុធ បើសិនជាមានភាគីម្ខាងទៀត ព្យាយាម​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ឈ្លាន​ពា​នទឹកដីកម្ពុជានោះ។ជាមួយគ្នានោះដែរសម្តេចធិបតីក៏បានឆ្លើយតប ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​តែង​តែ​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង ទៅតុលាការអន្តរជាតិ ICJទាក់ទងនឹងបញ្ហានៅព្រំដែននេះ ប៉ុន្តែ​ត្រូវ​បាន​សម្តេច​លើក​ឡើងថាកម្ពុជាមិនមែនជាប្រទេសជួបប្តឹងនោះទេ កម្ពុជាចង់ដោះ​ស្រាយ​បញ្ហា​ព្រំដែ​ន​ដោយ​សន្តិភាព ប្រតិបត្តិការល្អ ផ្អែកទៅលើច្បាប់ និងបច្ចេកទេសច្បាប់អន្តរជាតិ។ ប៉ុន្តែ​ក៏​មិន​បណ្តែត​បណ្តោយ​ឲ្យគេឈ្លានពាន បានស្រេចតែចិត្តនោះដែរ៕

កម្ពុជា-ជប៉ុន ឯកភាពបន្តជំរុញកិច្ចសហប្រតិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត

2025/05/31 05:04:16 pm        299
នាល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុនបានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏សំខាន់របស់ជប៉ុន។ កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាមានភាពរីកចម្រើនជាលំដាប់ និងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ជប៉ុននិងកម្ពុជាបានសហការគ្នា ក្នុងការបណ្តុះបណ្តាលលើការដោះមីនមនុស្សធម៌ សម្រាប់អ្នកដោះមីនអ៊ុយក្រែន។ ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់ នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងខែមេសា កន្លងទៅ ដែលស្របទៅនឹងគោលនយោបាយនៃការបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ជប៉ុនជាមិត្តចាស់ មិត្តដ៏សំខាន់ និងមិត្តជិតស្និទ្ធរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងដំណាក់កាលស្វែងរកសន្តិភាព និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា មកដល់បច្ចុប្បន្ន។ សម្ដេចបវរធិបតីបានថ្លែងបន្តថា ក្នុងរយៈពេល ៧២ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពូនជ្រំ ពង្រឹង និងពង្រីកស្ទើរគ្រប់វិស័យ។ ការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅឆ្នាំ២០២៣ គឺជាសក្ខីភាពនៃភាពជឿទុកចិត្ត រវាងប្រទេសទាំងពីរ។ប្រមុខរដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីអាទិភាពនៃកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, សន្តិសុខ និងការពារជាតិ, ហិរញ្ញវត្ថុ និងធនាគារ, ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់, បរិវត្តកម្មឌីជីថល និងសន្តិសុខសាយប័រ, ថាមពលស្អាត, ព្រមទាំងការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈវិស័យអប់រំ, ទេសចរណ៍, និងការហោះហើរត្រង់៕

ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ

2025/05/31 04:59:06 pm        212
នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន ក្នុងឱកាសទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីបំណងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។ ឯកឧត្តមប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាជប៉ុនបន្តយកចិត្តទុកដាក់ និងគាំទ្រចំពោះគ្រប់សកម្មភាពទាំងឡាយ ដែលរួមចំណែកដល់ការជំរុញចំណងមិត្តភាពប្រទេសទាំងពីរ។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងបង្កបរិយាកាសអំណោយផលចំពោះវិនិយោគិនជប៉ុននៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមមានជំនឿជឿជាក់ថា តាមរយៈទស្សនកិច្ចរបស់សម្ដេចបវរធិបតីនាឱកាសនេះ ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន នឹងកាន់តែមានភាពស៊ីជម្រៅថែមទៀត។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា នាពេលកន្លងមកនេះ គឺមិនអាចកាត់ផ្ដាច់ចេញពីការរួមចំណែក និងការគាំទ្ររបស់ប្រទេសជាមិត្ត រួមទាំងប្រទេសជប៉ុនផង ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការស្វែងរកសន្តិភាព និងកសាង អភិវឌ្ឍន៍របស់ប្រទេសកម្ពុជា នាពេលកន្លងមក ។ សម្ដេចបវរធិបតីបានប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងជំរុញ“ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ ឱ្យកាន់ស៊ីជម្រៅបន្ថែមទៀត។សម្ដេចបវរធិបតី និងឯកឧត្តមប្រធានរដ្ឋសភា បានពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។ ឯកឧត្តមប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់ នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងខែមេសា កន្លងទៅ ៕

ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា

2025/05/31 04:54:55 pm        184
នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងឱកាសទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ជាកិច្ចចាប់ផ្ដើម ឯកឧត្តម SEKIGUCHI Masakazu បានកោតសរសើរការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ច។ ឯកឧត្តមបានសម្ដែងការពេញចិត្ត ចំពោះទំនាក់ទំនងយូរអង្វែងរវាងជប៉ុននិងកម្ពុជា ដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ រហូតត្រូវបានដំឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣។ ឯកឧត្តមក៏បានបង្ហាញជំនឿជឿជាក់ថា ទស្សនកិច្ចរបស់សម្ដេចបវរធិបតី នាពេលនេះ នឹងរួមចំណែកពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ឯកឧត្តមប្រធានព្រឹទ្ធសភាបានប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការសភា។ជាការឆ្លើយតប សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដោយក្នុងឆ្នាំ២០២៥ នេះ គឺជាខួបលើកទី៧២ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្ដេចបវរធិបតីក៏បានរំឭកពីតួនាទីយ៉ាងសំខាន់របស់ជប៉ុនក្នុងដំណើរស្វែងរកសន្ដិភាព និងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ ក្នុងវិស័យអប់រំ ភាគីជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសជប៉ុន ហើយនិស្សិតមួយចំនួនដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន បាននិងកំពុងកាន់តួនាទីសំខាន់ៗនៅក្នុងរាជរដ្ឋាភិបាល។សម្ដេចបវរធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភា បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមមាន៖ ការពារជាតិ សន្តិសុខ ការបោសសម្អាតមីន ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគរបស់វិស័យឯកជន រួមទាំងវិនិយោគិនជប៉ុន។ ឯកឧត្តមប្រធានព្រឹទ្ធសភាក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះវិនិយោគិនជប៉ុន នៅកម្ពុជា៕

ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​នៅទីក្រុងតូក្យូ ​ប្រទេស​ជប៉ុន

2025/05/31 04:25:27 pm        274
នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួប​សំណេះសំ​ណាលជាមួយសហគមន៍ខ្មែរ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗសម្ដេចធិបតី៖-សម្ដេចធិបតី÷ អរគុណចំពោះបងប្អូនខ្មែរដែលខំធ្វើដំណើរមកឆ្ងាយ ដើម្បី មកជួបជុំគ្នានាពេលនេះ បង្ហាញពីការគោរពស្រឡាញ់ជាតិសាសនាខ្មែរដូចគ្នា។ សម្ដេចបានជម្រាបថា កម្ពុជាចង់មានទំនាក់ទំនងទាំងអស់លើពិភពលោកដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិយើង-សម្ដេចធិបតី÷ដំណើរទស្សនៈកិច្ចនាពេលនេះគឺដើម្បីទំនាក់ទំនងដំឡើងកម្រិតការទូតរវាងកម្ពុជាជប៉ុនជាកម្រិតខ្ពស់បំផុតនៃការទំនាក់ទំនងរវាងកម្ពុជាជប៉ុនក្នុងប្រវត្តិសាស្រ្ត។សម្ដេចមិនបានចាប់អារម្មណ៍និងការស្រែកតវ៉ាលើកបដាមនុស្ស ២០ទៅ៣០ នាក់នោះទេ-សម្ដេចធិបតី÷ទទួលស្គាល់ថាមិនមានអ្នកស្រឡាញ់សម្ដេចទាំងអស់ហើយក៏មិនមានអ្នកស្អប់សម្ដេចទាំងអស់នោះដែរទោះបីព្រះក៏មានមារនៅផ្ចាញ់ដែដែរ។ ប៉ុន្តែការបញ្ចេញមតិសិទ្ធិសេរីភាពនិងគោរពច្បាប់របស់ប្រទេសគេ ។ មានទស្សនៈខុសគ្នាមែនប៉ុន្តែយើងត្រូវគិតថាយើងជាខ្មែរដូចគ្នា។-សម្ដេចធិបតី÷ ការបញ្ចេញមតិរបស់ប្រទេសគេគេបង្កើតជាទស្សនៈវិជ្ជមានរិះគន់ដើម្បីស្ថាបនា ការបញ្ចេញមតិត្រូវគោរពសិទ្ធិរបស់បងប្អូនខ្មែរដែលមកជួបជុំគ្នាយ៉ាងច្រើនកុះកររាប់ពាន់នាក់នាពេលនេះ-សម្ដេចធិបតី÷ការទាក់ទាញវិនិយោគមកកម្ពុជាមិនមែនជាសិទ្ធិផ្ដាច់មុខរបស់រាជរដ្ឋាភិបាលនោះទេគឺជាការចូលរួមគ្រប់ភាគីតួអង្គអ្នកវិនិយោគដើម្បីផលប្រយោជន៍ប្រទេសជាតិ-សម្ដេចធិបតី៖ទោះបីបងប្អូនមួយចំនួនតូចមិនទទួលស្គាល់ខ្ញុំជានាយករដ្ឋមន្ត្រី​ក៏មានរាជរដ្ឋាភិបាល​ជប៉ុន និង​បងប្អូន​រាប់ពាន់​នាក់​ដែល​មាន​វត្តមាន​នៅ​ទីនេះ​បាន​ទទួ​ល​ស្គាល់ និង​ផ្ដល់​កិត្តិយស​យ៉ាង​ធំធេង​ចំពោះ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។--នៅចំពោះមុខប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ដើម្បីសុខភាព និង​ភាព​រីក​ចម្រើន​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋខ្មែរ គឺរាជរដ្ឋាភិបាលយកទាំងអស់ យកទាំងស្ពៃ និងសាច់គោ ខណៈ​ន័យ​នេះ​គឺ​ចង់​មាន​ន័យ​ថា រាជរដ្ឋាភិបាលចាប់យកទំនាក់ទំនងទាំងអស់មិនថាប្រទេសណា ប្រទេសចិន ជប៉ុន អាមេរិក ប្រទេសម៉ាឡេស៊ី ថៃ នោះឡើយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំ​ដល់​តំណាង​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​នៅ​ជប៉ុន​ជា​អាណា​ព្យាបាលបើមានបងប្អូនខ្មែរមានបញ្ហាប៉ាស្ព័រត្រូវតែធ្វើជួយសម្រួលជូនគាត់ ឲ្យ​បាន​ទាន់​ពេល​វេលា-សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅគណបក្សប្រឆាំងថាហ៊ានដាក់គោល នយោបាយ​បក្ស​របស់​ខ្លួនថានឹងមិនបញ្ជូនពលករ​ខ្មែរ​ឲ្យទៅធ្វើការនៅស្រុកគេ ពេលខ្លួនឈ្នះឆ្នោតដែរឬទេ? ខណៈ​សព្វថ្ងៃនេះក្រុមប្រឆាំងទាំងនោះតែងតែរិះគន់ រាជរដ្ឋាភិបាលបច្ចុប្បន្នថា ដឹក​នាំ​ប្រទេស​ហើយ​បាន​បញ្ជូន​ពលរដ្ឋខ្មែរឲ្យទៅធ្វើការនៅស្រុក​គេច្រើននោះ។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺយើង​ខិតខំ​ជួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែងនៅគ្រប់ប្រទេសទាំងអស់ គឺមិនទុកប្រជាពលរដ្ឋខ្មែរ ណា​ចោល​នោះ​ឡើយ។ សម្ដេចធិបតីរំលេចបន្ថែមថា ទោះជាមានពលរដ្ឋខ្មែរមួយចំនួនតូចតែងរិះគន់ វាយ​ប្រហារ​មក​លើ​រាជ​រដ្ឋាភិបាលក្ដី ក៏មន្ត្រីរបស់រដ្ឋាភិបាលនៅគ្រប់ទីកន្លែង ជាពិសេស​មន្ត្រី​ស្ថានទូត​នៅ​តាម​ប្រទេស​នានា នៅតែខិតខំជួយសម្រួលរាល់ឯកសារដែលពលរដ្ឋទាំងនោះត្រូវការទាំងអស់ រួម​ទាំង​វាយ​ត្រា​លើ​លិខិតឆ្លងដែនក្នុងករណីគេមានតម្រូវការផងដែរ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការ​រិះ​គន់​ជា​សិទ្ធិ​របស់គេ ប៉ុន្តែភារកិច្ចរបស់រាជរដ្ឋាភិបាល គឺត្រូវតែជួយ ត្រូវតែការពារពលរដ្ឋទាំងអស់ ទោះ​បី​គេមាននិន្នាការបែបណាក៏ដោយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំ​ដល់​ក្រសួងការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​បងប្អូន​ពលករ និង​ជួយ​សម្រួល​កិច្ច​ការងារ​លើ​ឯកសារ​ផ្សេង​ៗ​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ឲ្យ​បានល្អ និងទាន់ពេលវេលា-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា និងរដ្ឋសភាជប៉ុន បាន​កោត​សរសើរ​ចំពោះ​អត្តចរិកបងប្អូនខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុនថា មាន​ភាព​ស្មោះ​ត្រង់​ និងព្យាយាមធ្វើកិច្ចការងារ។ ជាមួយគ្នានោះ​សម្តេច​ក៏​បាន​ឆ្លៀត​ឱកាស​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាលជប៉ុន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនខ្មែរដែលកំពុងរស់នៅ សិក្សា និង​ធ្វើការនៅប្រទេសជប៉ុនផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នៅពេលខាងមុខនេះ មានក្រុមហ៊ុនមួយ​គ្រោង​បង្កើត​រោង​ចក្រ​ដំឡើង​គ្រឿ​​ងបង្គុំរបស់រថយន្ត Mercedes នៅកម្ពុជា ដើម្បីនាំចេញទៅក្រៅប្រទេស។ សម្ដេចធិបតី​រំលេចបន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កូនខ្មែរកាន់​តែ​មាន​សមត្ថភាព​នៅ​ក្នុងការ​រៀប​ចំ​បង្កើត និងដំឡើងគ្រឿងយន្ត​ជា​ច្រើន​ក្នុង​នោះ​មាន​តាំង​ពី​ការ​ដំឡើង​រថយន្ត​ជា​ដើម។ សម្ដេចធិបតីបន្ថែមថា នៅពេលថ្មីៗកន្លងមកនេះ កូនខ្មែរបង្កើតបាន​នូវប្រព័ន្ធ​បច្ចេក​​វិទ្យា​ថ្មីៗជាច្រើនរហូតទទួលបានពានរង្វាន់អន្តរជាតិ ហើយថែមទាំង​ប្រទេស​នានា​យក​កម្ម​វិធី​ដែល​បង្កើតដោយកូនខ្មែរនោះយកទៅប្រើថែមទៀត។-ផ្ញើសារពីប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការ​ដោះស្រាយគ្នារឿងព្រំដែនមិនមែនមានអ្វីបន្តិចប្តឹងនោះទេ ពោលគឺធ្វើតាមជំនាញនៃការចរចា និង​ដោះស្រាយដោយមានការទទួលខុសត្រូវ ខណៈកាលណាមាន​ការ​ប្តឹង​ហើយ​នឹង​មាន​ការ​បិទ​ផ្លូវ​ការ​ចរចា​ទាំងអស់ រួមទាំងបិទច្រកព្រំដែនថែមទៀតផង។ សម្តេចបានបញ្ជាក់​បន្ថែម​ទៀត​ថា​«កម្ពុជា​មិន​មែន​ជាប្រទេសជួបប្តឹងនោះទេ»។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាព្រំដែនគឺ​ជាបញ្ហា​ស្មុគស្មាញ​ដែល​យើង​ត្រូវ​អត់​ធ្មត់​ខិតខំប្រឹ​ង​ប្រែង​ដោះ​ស្រាយ​តាមផ្លូវច្បាប់ ផ្លូវការទូត-សម្ដេចធិបតី៖​ ការសម្រេចចិត្តរាជរដ្ឋាភិបាលការ​បោះបង្គោល​តាម​ព្រំដែន​គឺ​មិន​ចង់​ឲ្យ​នៅសល់​ភាព​ស្រពិចស្រពិល​មិនច្បាស់​លាស់​នាំ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​មាន​ជម្លោះ​រវាង​ប្រទេស​ជិត​ខាង​។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការបោះបង្គោលខណ្ឌ​សីមា​ព្រំដែន​ត្រូវ​ការ​គណៈ​កម្មាធិការ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ យោធា កងទ័ព មិនអាចកំណត់ព្រំដែនតាមរយៈកងកម្លាំងវ៉ៃគ្នានោះទេ។-សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា កន្លែងដែលទាហានឈ្លានពានថៃ​លួចឆ្មក់បាញ់​ទាហានខ្មែរ​បណ្តាល​ឲ្យបាត់បង់ជីវិតម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ ត្រូវ​បាន​ទាហាន​ខ្មែរយើងដណ្តើមទីតាំងបានមកវិញហើយ ខណៈទីតាំងនោះគឺជាដែនអធិបតេយ្យ ភាព​របស់​ខ្មែរ។-សម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមភាគីម្ខាងតែងតែបំប៉ោងការស្លាប់រស់ដើម្បីបំបាក់ស្មារតីសត្រូវ និង​លើកទឹកចិត្តដល់កងទ័ព។ ការគ្រប់គ្រង​ព័ត៌មាន​ចំពោះ​ក្នុង​ពេល​សង្គ្រាម​នេះ​វា​សំខាន់​ណាស់​វា​ប៉ះពាល់​ដល់ផ្ទៃក្នុងកងទ័ព។ សូមបងប្អូន​យក​ព័ត៌មាន​ពី​ប្រភព​ក្រសួង​ការពារ​ជាតិ​កុំ​យក​ព័ត៌មាន​តាមប្រទេសគេ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅចំពោះមុខពលរដ្ឋ និស្សិត និងពលករខ្មែរ​ដែល​កំពុង​រស់​នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនថា បញ្ហាព្រំដែនគឺត្រូវការជំនាញច្បាស់លាស់ ត្រូវ​ការ​ឯក​សារ​ច្បាស់​លាស់ ត្រូវការបច្ចេកទេសច្បាស់លាស់ និងផ្អែកលើច្បាប់ ដើម្បីដោះស្រាយ ទើប​សម្រេច​បាន​ជោគជ័យ និងយូរអង្វែង។ សម្ដេចធិបតីបន្ថែមថា កម្ពុជាចង់ដោះស្រាយ បញ្ហា​ព្រំដែន​ដោយ​សន្តិភាព ដោយសន្តិវិធី និងសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង តែ​កម្ពុជា​រក្សា​សិទ្ធិ​នៅ​ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនមិនឱ្យបាត់បង់ ក្នុងករណីមាន​ការ​រំលោភ​បំពាន​ណា​មួយ​។-សម្ដេចធិបតីបានបញ្ជាក់ថា តួនាទីភារកិច្ចរបស់កងទ័ពខុសៗគ្នា កងទ័ពសម្រាប់វ៉ៃលុក ថ្មើរជើង កងទ័ព​សម្រាប់ឧបត្ថម្ភគ្រប់គ្រងស្បៀងអាហារ កងទ័ពសម្រាប់អន្តរាគមន៍។ រាជរដ្ឋាភិបាល​បាន​គិតគូរ​ចំពោះសុខទុក្ខកងទ័ពតាំងពីដើមតរៀងមករហូតដល់បច្ចុប្បន្ន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវ​ដល់​គ្រប់​បណ្ដា​កង​ទ័ព​ទាំង​អស់ ពិសេសតំបន់ព្រំដែន សូមកុំថតពីការត្រៀមកម្លាំងរបស់កងទ័ព ការត្រៀម​យុទ្ធោបករណ៍​(សម្ភារយោធា)​នានា បង្ហោះនៅលើបណ្ដាញសង្គមនោះអី ព្រោះនេះជាការសម្ងាត់របស់កងទ័ព។-សម្ដេចធិបតី៖ ​បក្សប្រឆាំង​មិន​ដែលបានចូលរួមជួ​យ​ដល់​កង​ទ័ព​នៅ​សម​រភូមិ​បាន​មួយ​រៀល​នោះ​ទេ​អន់​ជាង​អ្នក​សុំទាន​ដែល​បាន​ចូលរួមថវិកា​ជួយដល់កងទ័ពនូវតាមសមរភូមិដើម្បីការពារទឹកដី។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សូមបងប្អូនជនរួមជាតិកុំបំបែកបំបាក់ការ​សាមគ្គី​ទឹកចិត្ត​រវាង​កង​ទ័ព​នឹង​ជួយ​លើកទឹកចិត្តស្នេហាជាតិរបស់កងទ័ពយើង។ សូមអ្នកនយោបាយ បើស្រឡាញ់​ជាតិ​ត្រូវ​រួម​គ្នា​ការពារទឹកដី និងរួមគ្នាលើកទឹ​ក​ចិត្ត​កង​ទ័ព​នេះ​ជា​ម៉ោង​គ្នាមូល​ចិត្ត​មូយ​គំនិត​ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹកដីទាំងអស់គ្នា៕ ប្រសាសន៍សម្ដេចធិបតីចប់នៅម៉ោង៩និង១៨នាទី

សម្ដេចតេជោ បញ្ជាក់៣ចំណុចដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រនៅតំបន់មុំបី ខណៈការកើតឡើង៣ថ្ងៃនេះជាល្បិចកលចង់យកដីពីកម្ពុជា

2025/05/31 06:37:01 am        258
ភ្នំពេញ៖នៅយប់ថ្ងៃទី៣០ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្ដាញសង្គមបញ្ជាក់៣ចំណុចដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រនៅតំបន់មុំបី ខណៈការកើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ សម្ដេចចាត់ទុកជារឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម ដោយមានការគាំទ្រពីក្រុមនិយមជ្រុលរបស់ថៃផងដែរ។សម្ដេចតេជោ បានសរសេរថា នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចលនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។សម្ដេចបានបញ្ជាក់ថា ដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា និយាយមកកាន់ខ្ញុំ ចំពោះមុខប្រធានាធិបតីឥណ្ឌូណេសុី កាលពីខ្ញុំពី២០១១ ថា សូមភាគី២ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់ អាភិសិដ្ឋ វិញថា ខ្ញុំមិនអាចដកកងទ័ពចេញទឹកដី​ខ្លួនឯងបានទេផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌ។ការកើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម ដោយមានការគាំទ្រពីក្រុមនិយមជ្រុលរបស់ថៃផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពចំនួន២៩គណបក្ស

2025/05/31 02:18:30 am        110
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយ​ក្នុងសម្ព័ន្ធភាព ដែលមានគណបក្សនយោបាយចំនួន ២៩ចូលរួម។គណបក្សនយោបាយទាំង២៩ ដែលបានចូលរួម រួមមាន៖ គណបក្សប្រជាជនកម្ពុជា , គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរក្រោក,គណបក្សសំបុកឃ្មុំសង្គម​ប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ ,គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សយុវជនកម្ពុជា ,គណបក្សធម្មាធិបតេយ្យ , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ ,គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា ,គណបក្សមហានគរ និងគណបក្សសន្តិភាពជាតិ។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះវឌ្ឍនភាពដែលបានកើតឡើងជុំវិញគណបក្សនយោបាយដែលជាតំណាងដែលបានចូលរួមសហការគ្នា ជាពិសេសការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការនានាដែលមានកន្លងមក។ នៅក្នុងជំនួបនេះ សម្ដេចតេជោបានចែករំលែកអំពីសភាពការណ៍នាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសលទ្ធផលនៃការចរចារវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានទទួលលទ្ធផលល្អ និងគោលជំហររបស់សម្ដេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើយ៉ាងណាដោះស្រាយបញ្ហាដោយសន្តិវិធី និងការចរចា។ សម្ដេចតេជោបានបញ្ជាក់ថា ជំហររបស់កម្ពុជាគឺយើងមិនចង់មានសង្គ្រាមនោះទេ ក៏ប៉ុន្តែក្នុងករណីចាំបាច់ ត្រូវតែធ្វើសង្គ្រាមបើសិនមានករណីឈ្លានពាន តែទោះជាយ៉ាងណាសម្ដេចតេជោនៅតែលើកទឹកចិត្តឲ្យភាគីទាំងអស់បន្តការអត់ធ្មត់ និងបន្តការចរចាគ្នា ដើម្បីរក្សាបាននូវព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ សម្ដេចតេជោក៏បានមានប្រសាសន៍ទៅកាន់បណ្ដាគណបក្សសម្ព័ន្ធភាព ទាក់ទងទៅនឹងការចូលរួមទប់ស្កាត់ភាពនិយមជ្រុល ជាក់ស្ដែងដូចជាបញ្ហាព្រំដែននេះជាដើម គឺយើងត្រូវចូលរួមទប់ស្កាត់កុំឲ្យមានភាពជាតិនិយម ឬញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ និងធ្វើឲ្យប៉ះទង្គិចដល់ទំនាក់ទំនងប្រទេសជិតខាង ដែលជារឿងមួយមិនគប្បីនោះទេ។ ក្នុងឱកាសនោះ សម្ដេចតេជោក៏បានមានប្រសាសន៍ចូលរួមចែករំលែកជាមួយបណ្ដាគណបក្សនយោបាយ ទាក់ទងទៅនឹងការទប់ស្កាត់នូវនយោបាយជ្រុលនិយម ដោយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ដរាបណានយោបាយជ្រុលនិយមនៅតែកើតមានក្នុងប្រទេសកម្ពុជា គឺប្រទេសកម្ពុជាយើងនៅតែមានហានិភ័យ តែសម្ដេចបានមានប្រសាសន៍ហើយថា សម្ដេចត្រូវតែមានវិធានការក្នុងការកំចាត់នូវនយោបាយជ្រុលនិយមនេះ ហើយសម្ដេចធ្វើចំពោះតែក្រុមណា ឬជនណាដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលក្រៅប្រព័ន្ធច្បាប់ ឬការធ្វើបដិវត្តន៍ពណ៌ ដែលប្រាសចាកពីរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យ នោះរាជាដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនឹងមានវិធានការ។ នៅថ្ងៃនេះ សម្ដេចតេជោក៏បានប្រាប់ទៅដល់បណ្ដាគណបក្សនយោបាយសម្ព័ន្ធភាពថា គណបក្សប្រជាជនកម្ពុជា កំពុងតែសិក្សាស្រាវជ្រាវ ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខ ហើយក៏ចង់បានយោបល់បន្ថែមពីបណ្ដាគណបក្សនយោបាយទាំងអស់ផងដែរធ្វើយ៉ាងណាដើម្បីឈានទៅទៅដល់ការធ្វើវិសោធនកម្មច្បាប់ ទាក់ទងទៅនឹងការបោះឆ្នោតព្រឹទ្ធសភា ដើម្បីពង្រីកបន្ថែម និងបង្កើននូវគណនេយ្យភាព រវាងសមាជិកព្រឹទ្ធសភា ជាមួយនឹងអង្គបោះឆ្នោត និងការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះប្រជាពលរដ្ឋ។ នៅក្រោយជំនួបនេះផងដែរ សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានរៀបចំនូវអាហារសាមគ្គីមួយពេលជាមួយប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព២៩គណបក្ស ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕

នាយករដ្ឋមន្រ្ដីកម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

2025/05/31 01:36:11 am        92
ភ្នំពេញ ៖ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន បានបញ្ជាក់ថា ក្នុងជំនួបជាមួយសម្ដេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជានៅល្ងាចនេះ ឯកឧត្តម និងសម្ដេចធិបតីបានពិភាក្សាដោយត្រង់ទៅត្រង់មកជាមួយគ្នា ហើយបានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកស្ថិតនៅជាតំបន់ដែលបើកចំហ ព្រមទាំងជាតំបន់សម្រាប់ការធ្វើពាណិជ្ជកម្មដោយសេរីផងដែរ។​ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន មានប្រសាសន៍ថា ជប៉ុន និងកម្ពុជា បានកសាងទំនុកចិត្តជាមួយគ្នាជាមួយគ្នាជាយូរឆ្នាំមកហើយចាប់តាំងពីកម្ពុជាបានស្ដារប្រទេសឡើងវិញ និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។ ឯកឧត្តម និងសម្ដេចធិបតី បានឯកភាពគ្នា ជំរុញបន្ថែមវិស័យឯកជនទាំងជប៉ុន និងកម្ពុជាឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការវិនិយោគ និងទំនាក់ទំនងពាណិជ្ជកម្ម។ ក្នុងឱកាសសន្និសីទនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានសម្ដែងការដឹងគុណ ដល់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ចំពោះការជួយជ្រោមជ្រែងរបស់ជប៉ុនដល់កម្ពុជាចាប់តាំងពីការចាប់ផ្ដើមស្ដារប្រទេសឡើងវិញរហូតដល់ពេលបច្ចុប្បន្ន។ សម្ដេចធិបតី ក៏បានអរគុណចំពោះវិនិយោគិនជប៉ុននានាដែលបានជ្រើសរើសកម្ពុជាក្នុងការវិនិយោគនាពេលកន្លងមក ខណៈកាលពីម្សិលមិញក្នុងវេទិការធុរកិច្ច ក៏មានវិនិយោគិនជប៉ុនជាង ២០០ បានចាប់អារម្មណ៍មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។សូមបញ្ជាក់ថា សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត កំពុងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន តបតាមការអញ្ជើញ របស់រដ្ឋាភិបាលជប៉ុន និងអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី “អនាគតរបស់អាស៊ី ចាប់ពីថ្ងៃទី ២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីតូក្យូ ប្រទេសជប៉ុន។ ដំណើរទស្សនកិច្ចរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសជប៉ុននេះ បានជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ប្រធាន​គណបក្ស​មាន​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា

2025/05/30 04:29:19 pm        348
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ បាន​អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយប្រធានគណបក្សមានសម្ព័ន្ឋភាពជាមួយគណបក្សប្រជាជនកម្ពុជា​ចំនួន ២៧គណបក្ស និងគណបក្សថ្មីមួយបន្ថែមទៀត មានឈ្មោះថា គណបក្ស​សន្តិភាព​ជាតិ​ ដែលទើបបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងកិច្ចប្រជុំព្រឹកនេះ។គួរបញ្ជាក់ដែរថា កិច្ចព្រមព្រៀង សហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និង​បណ្តាគណបក្សនយោបាយទាំង២៩នេះ ធ្វើ​ឡើង​ដើម្បី​ជំរុញ​ការ​អនុវត្ត​នយោបាយ​បង្រួប​បង្រួម​ជាតិ​ឲ្យ​កា​ន់តែរឹងមាំ ប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សំដៅ​ធានាឲ្យភាពសុខសាន្ត និងការអភិវឌ្ឍ​ប្រទេស​រយៈ​ពេល​យូរ​អង្វែង​។ ហើយ​ការ​ចង​សម្ព័ន្ធ​ភាព​នេះ គោរពតាមកិច្ចព្រៀមព្រៀងសំខាន់ៗដូចជា៖ សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​ដោយ​ស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផល​ប្រយោជន៍​ជាតិ និងប្រជាជនកម្ពុជា និងប្តេជ្ញាគោរព ប្រតិបត្តិការពារ​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ​៕ អត្ថបទ៖ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM