សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

កម្ពុជា-អូម៉ង់ នឹងជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រេីន

2025/05/27 08:27:46 pm        263
នាព្រឹកថ្ងៃ ២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ក្នុងឱកាសនៃជំនួបនេះ សម្ដេចបវរធិបតីបានថ្លែងអំពីសុខដុមនីយកម្មសាសនានៅកម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាដល់ការប្រតិបត្តិជំនឿសាសនាទាំងអស់ នៅកម្ពុជា។សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា និងអូម៉ង់ មានសក្ដានុពលច្រើនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត។ ក្រសួងពាណិជ្ជកម្មកម្ពុជាបាននិងកំពុងខិតខំស្វែងរកឱកាស និងការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀតក្នុងជំរុញទំហំពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមពីតំបន់មជ្ឈិមបូព៌ា រួមទាំងប្រទេសអូម៉ង់។ ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said បានសម្តែងនូវសេចក្តីសោមន្សរីករាយដែលបានជួបជាមួយសម្ដេចបវរធិបតី។ ព្រះអង្គម្ចាស់បានលេីកឡេីងថា កម្ពុជាជាប្រទេសដែលមានលក្ខណៈល្អប្រសេីរក្នុងការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសអូម៉ង់ ក៏ដូចជាបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា។ អូម៉ង់-កម្ពុជាមានជំហរស្រដៀងគ្នាលើការដោះស្រាយបញ្ហានានា ដោយឈរលើគោលការណ៍សន្ដិវិធី។ ព្រះអង្គម្ចាស់បានបន្ថែមថា ស្របពេលដែលបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែក្សកំពុងផ្តោតមកទិសខាងកើត កម្ពុជា និងអូម៉ង់នឹងមានឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ សម្តេចបវរធិបតី និងព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said បានឯកភាពជំរុញ ក្រសួង-ស្ថាន័បពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តស្វែងរកកិច្ចសហប្រតិបត្តិការលើលើវិស័យសក្កានុពលសំខាន់ៗ រួមមាន ពាណិជ្ជកម្ម កសិកម្ម និងការជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ

2025/05/27 08:18:39 pm        301
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៍ល្អប្រសេីរ នៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីបំណងពង្រឹង និងពង្រីក ទំនាក់ទំនងផ្នែកពាណិជ្ជកម្មបន្ថែមទៀត។ សម្ដេចបវរធិបតីបានអរគុណរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះសម្ដេចបវរធិបតី និងគណៈប្រតិភូកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន កាលពីដើមឆ្នាំ២០២៥ នេះ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រេីន នៃទំនាក់ទំនង កម្ពុជា-ហ្វីលីពីន ព្រមទាំងបានស្វាគមន៍ចំពោះការបន្តស្វែងរកកាលានុវត្តភាពថ្មីៗថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាគ្នាអំពីវិស័យសក្ដានុពលសំខាន់ៗមួយចំនួន ជាអាទិ៍៖ ឌីជីថល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI), សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs), ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេវាកម្មថែទាំសុខភាព, ទេសចរណ៍, ព្រមទាំងសន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចពិភាក្សាលម្អិតលើវិស័យសក្តានុពលខាងលើ ដើម្បីជំរុញឱ្យចេញជាសកម្មភាពជាក់ស្ដែង៕

ព្រឹទ្ធសភាសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីនៅកម្ពុជាទៅគណៈកម្មការជំនាញ ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់

2025/05/27 07:26:43 pm        274
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន២៨។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេច៖ ១-បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទៅគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា ដើម្បី ពិនិត្យសិក្សា និងផ្តល់យោបល់។ ២-បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បានយ៉ាន អេនើជី ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង ទៅគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់ និង៣- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន វេ សាន់ ស៊ី.អេ.ភី យូណាយធីត អ៊ិនវេសម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពល ពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង ទៅគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់ផងដែរ។ ចំណែករបៀបវារៈចំនួន២៥ទៀត បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចបញ្ជូនគណៈកម្មការជំនាញ ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់ផងដែរ។ សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណា-ចក្រកម្ពុជាឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជាទាំង២៤រៀបចំឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងតម្រូវការអគ្គិសនីដែលកើនឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៨ ដោយផ្អែកតាមផែនការមេអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនីនៅកម្ពុជា (២០២០.២០៤០) និងផែនការមេថ្មីដែលបានធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០២៤ និងដោយសារតែនៅចន្លោះពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ មានការរឹតបន្តឹងវិធានការរបស់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំងឡើងបាននាំឱ្យគម្រោងអភិវឌ្ឍរោងចក្រផលិត អគ្គិសនីដុតធ្យូងថ្ម ដែលកម្ពុជាបានចុះហត្ថលេខាតាំងពីមុនឆ្នាំ២០១៩ ទាំងការអភិវឌ្ឍក្នុងប្រទេសទាំងការនាំចូល អគ្គិសនីពីប្រទេសឡាវ ត្រូវបានជាប់គាំង ដោយសារមិនអាចរកហិរញ្ញ-ប្បទានបាន។ ការផ្គត់ផ្គង់អគ្គិសនី នៅកម្ពុជាពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៨ អាចប្រឈមនឹងកង្វះប្រភពអគ្គិសនី ប្រសិនបើមិនមានការរៀបចំការអភិវឌ្ឍ ប្រភពអគ្គិសនីថ្មីមកជំនួសឱ្យបានទាន់ពេលវេលា៕

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានព្រឹកនេះសម្ដេចធិបតី បន្តមាន​ជំនួបជាមួយ​មេដឹកនាំ​អាស៊ាន ​និងចិន

2025/05/27 06:40:37 pm        262
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​នៅ​ទី​ក្រុង​គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តមានជំនួបជាមួយ នាយករដ្ឋ​មន្រ្តី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន, ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន, និងឧបនាយករដ្ឋមន្ត្រី​ទំនាក់​ទំនង​អន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ ក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ។ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទី​ក្រុង​គូឡា​ឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥​នេះ​សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីតែងតែមានជួបដាច់ដោយឡែកជាមួយមេដឹកនាំអាស៊ាន និ​ង​អាស៊ាន​បូក ជាមួយនឹងក្រុមធុរកិច្ចបរទេសនានាជាបន្តបន្ទាប់ ដើម្បីពង្រឹងទំនាក់ទំនង កិច្ច​សហ​ប្រតិបត្តិ​ការ​ និងទាក់ទាញអ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា។ មិន​ខុសគ្នា ក្នុងឱកាសអញ្ជើញ​ចូលរួម​កិច្ច​ប្រជុំកំពូលអាស៊ានលើកទី៤៦នេះ សម្ដេចធិបតី នាយករដ្ឋ​មន្រ្ដី ចាប់តាំងពី​ថ្ងៃ​ដំបូង​ទៅ​ដល់​ទឹក​ដីនៃប្រទេសម៉ាឡេស៊ី ក្រៅពីចូល​រួម​កិច្ច​ប្រជុំ​កំពូល​ផ្លូវ​ការសម្ដេចធិបតី បាន​ឆ្លៀត​មាន​ជំនួប​ដាច់​ដោយឡែកជាមួយមេដឹកនាំអាស៊ាន និងអាស៊ាន​បូក​ជា​បន្ត​បន្ទាប់។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ សម្ដេចបានបន្តមានជំនួបជា ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីនៃសាធារណររដ្ឋប្រជាមានិតចិន, ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងព្រះអង្គម្ចាស់ (សាយយីត អាស៊ាដ ប៊ីន តារីក អាល់ស៊ាដ) Sayyid Assad bin Tarik al Said ឧប​នាយករដ្ឋ​មន្ត្រី​ទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ អូម៉ង់ ក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ។នៅព្រឹកនេះ សម្ដេចធិបតី ក៏បានបន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​លើកទី២ផងដែរ។សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato' Seri Anwar Ibrahim) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២៥ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ​បណ្ឌិត​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំ កំពូលពាក់​ព័ន្ធ​ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីចាប់ថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ ក្រោម​ប្រធាន​បទ «បរិយាបន្ន និងចីរភាព» ដែលកិច្ចប្រជុំបាន​ផ្តោត​លើការ​ជំរុញ​ការ​កសាង​សហគមន៍​អាស៊ាន និងបានអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាព្រឹត្តិកា​រណ៍ដ៏​សំខាន់​មួយ​ក្នុង​ការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ ការប្តេជ្ញាចិត្តរួមគ្នា​របស់​តំបន់​អាស៊ាន​ដែល​ប្រកប​ដោយ​ភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្តោតលើប្រជាជនជាចម្បង៕

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ​ចំពោះប្រទេសទីម័រឡេស្ដេនឹង​ចូលជាសមាជិក​ពេញ​សិទ្ធិ​អាស៊ាន​នៅ​ខែតុលាខាងមុខ ខណៈកម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់សមាជិកភាពនេះ

2025/05/27 06:06:25 pm        325
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២៥នេះ បានផ្ញើសារបង្ហាញក្ដីរីករាយ អបអរសាទរជូនចំពោះ ឯកឧត្តម ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯក​ឧត្តម​ កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ាវ នាយករដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យទី​ម័រ​ឡេស្តេ និងប្រជាជនទីម័រឡេស្ដេ ចំពោះសេចក្តីប្រកាសដ៏មានសារៈសំខាន់របស់ប្រធានអាស៊ាន និង​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេ​ស​ម៉ា​ឡេស៊ី ស្តីពី​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​អាស៊ាន​របស់​ទីម័រ​ខាង​កើត​ក្នុង​ពេល​ដ៏​ខ្លីខាង​មុខនេះ។តាមរយៈសារលិខិតអបអរសាទរសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញ សេចក្តីសោមនស្ស​រីក​រាយ​ជា​ខ្លាំង ដែលបានដឹងពីសេចក្តីប្រកាសដ៏មានសារៈសំខាន់របស់ប្រធានអាស៊ាន និង​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ីស្តី​ពី​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​អាស៊ាន​របស់​ទីម័រ​ខាង​កើត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។​ សម្ដេចតេជោចាត់ទុក ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺជាខណៈវេលា​ដ៏​មាន​មោទនភាព​មួយ​សម្រាប់​ប្រជាជនទីម័រ និងជាសក្ខីភាពនៃសាមគ្គីភាព មជ្ឈភាព និងការប្តេជ្ញាចិត្តរបស់​អាស៊ាន​ចំពោះ​សមាហរណកម្មក្នុងតំបន់។ ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្ដេច​បាន​ចូល​រួម​អបអរសាទរ ដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រដ្ឋាភិបាល និងប្រជាជន ទីម័រឡេស្តេ ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រនេះ។ សម្ដេច​តេជោ មានប្រសាសន៍បញ្ជាក់ថា ការចូលជាសមាជិកជាផ្លូវការរបស់ទីម័រឡេស្ដេ ជាសមាជិក​ទី​១១ នៃអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅខែតុលា ឆ្នាំ២០២៥​ខាង​មុខ​ បន្ទាប់ពីការចូល​ជា​សមាជិក​អាស៊ាន​ជាគោលការណ៍​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ និងលើកទី៤១ នៅកម្ពុជាក្នុងឆ្នាំ២០២២ គឺជាជំហាន​ឆ្ពោះ​ទៅមុ​ខ​ដ៏​សំខាន់​សម្រាប់​តំបន់​អាស៊ាន​។សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាមិត្តដ៏យូរអង្វែង កម្ពុជាបានគាំទ្រយ៉ា​ង​ពេញ​ទំហឹង​ដល់​សមាជិកភាពអាស៊ានរបស់ ទីម័រឡេស្តេ ដែលនឹងធ្វើឱ្យកិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​​គ្នា​របស់​យើង​ក្នុង​ការ​លើកកម្ពស់ឯកភាព បរិយាប័ន្ន និងការអភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍។​ សម្ដេចបន្តថា ប្រឈមមុខនឹងបរិការណ៍សកលលោក កាន់តែស្មុគស្មាញ ការ​ដាក់​បញ្ចូល​ទីម័រឡេស្តជាសមាជិកអាស៊ាន ពង្រឹងចក្ខុវិស័យរួមសម្រាប់សហគមន៍អាស៊ានដែលធន់ និង​ស្អិតរមួត។ ខណៈកម្ពុជា ទន្ទឹងរង់ចាំធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធជាមួយទីម័រឡេស្តេ ដើម្បីជំរុញគោលដៅ​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងថា ការទទួល​យកទីម័រ​ឡេស្តេ​ជា​សមាជិក​ពេញ​សិទ្ធិនៅខែតុលាខាងមុខ គឺជាការឆ្លុះបញ្ចាំងពីការខិតខំរបស់រដ្ឋាភិបាលទីម័ និង​ឥទ្ធិពល​​របស់សម្តេចតេជោ នៅក្នុងតំបន់អាស៊ាន ពោលគឺរាល់មតិយោបល់ និងសំណើររបស់​ស​ម្តេចតេជោ តែងតែត្រូវបានមេដឹកនាំអាស៊ានពិចារណានឹងអនុវត្តតាម។ ឯកឧត្ដម​​បាន​លើកឡើងថា នៅក្នុងតំបន់អាស៊ាន សម្តេចតេជោ ជាមេដឹកនាំ​ដ៏​មាន​ពិសោធន៍​ច្រើន​ និងតែងតែមានគំនិតផ្តួចផ្តើមសំខាន់ៗ ដើម្បី​សាមគ្គីភាពនិងភាពរីកចម្រើន​នៅ​ក្នុង​តំបន់​អាស៊ាន​។ ខណៈបច្ចុប្បន្នទោះសម្ដេចតេជោឈប់ធ្វើនាយករដ្ឋមន្រ្តី តែមេដឹកនាំ​អាស៊ាន​នូវ​តែ​ត្រូវ​ការ​ការណែនាំពីសម្ដេចហើយនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៥ បាន​តែងតាំងសម្តេចជាទីប្រឹក្សាជុំវិញការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាផងដែរ។ សម្តេចតេជោ ក៏​ត្រូវ​បាន​ប្រធានាធិបតីឥណ្ឌូនេស៊ី និងមេដឹកនាំនានា ហៅថា ជារដ្ឋបុរសរបស់អាស៊ាន និងជា​មេដឹកនាំ​ដ៏​មានឥទ្ធិពលក្នុងតំបន់។ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា អ្វីដែលកម្ពុជាទទួលបានពីការចូលរបស់ទីម័រនេះ។ គឺកិត្តិនាម​សម្រាប់​ជាតិ ជាពិសេសគឺការគោរពដឹងគុណពីប្រជាជននិងមេដឹកនាំទីម័រគ្រប់លំដាប់ថ្នាក់ ចំពោះ​ប្រទេស​កម្ពុជា និង​ថ្នាក់ដឹកនាំកម្ពុជាពោលគឺសម្តេចតេជោ ដែលបានជួយជ្រោម​ជ្រែង​យ៉ាង​សកម្ម​ស្វែង​រក​ការ​គាំទ្រសម្រាប់ទីម័រក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ ទំនាក់ទំនងកម្ពុជា និ​ង​ទីម័រ​នឹង​កាន់​តែរឹងមាំ៕

សម្តេចតេជោ ហ៊ុន សែន នឹងបើកកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ ខែមិថុនា

2025/05/27 03:54:12 pm        316
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តាមរបៀបវារៈដូចតទៅ៖១- ការពិភាក្សា និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម២- ការពិភាក្សា និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ៣- ការពិភាក្សា និងអនុម័តប្រធានបទអំពីវិស័យកសិកម្ម។

កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ

2025/05/27 01:59:16 am        134
នាសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato' Seri Anwar Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានអបអរសាទរ និងកោតសរសើរចំពោះការរៀបចំយ៉ាងល្អប្រសើរនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ ជាមួយគ្នានេះ សម្ដេចបវរធិបតី បានសម្ដែងការគាំទ្រចំពោះការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់។ ជាការឆ្លើយតប, ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម បានថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា វិស័យថាមពល និង ហាឡាល់ ដោយថ្នាក់ដឹកនាំទាំងពីរបានលេីកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា-ម៉ាឡេស៊ី បន្តពិភាក្សាគ្នា ឱ្យបានស៊ីជម្រៅបន្ថែមទៀត៕

ប្រមុខរដ្ឋាភិបាល កម្ពុជា-ឡាវ-វៀតណាម ពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងប្រទេសទាំងបី

2025/05/27 12:47:12 am        156
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ក្នុងជំនួបអាហារពេលព្រឹកការងារ, នាយករដ្ឋមន្ត្រីទាំងបី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ ជាមួយគ្នានេះ, ប្រមុខរដ្ឋាភិបាលទាំងបី បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ថាមពល (អគ្គិសនី), ទេសចរណ៍ ព្រមទាំងសន្តិសុខ និងការពារជាតិ ។ ជាមួយគ្នានេះ, ប្រមុខរាជរដ្ឋាភិបាលទាំងបី ក៏បានផ្លាស់ប្ដូរមតិយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ៕

សម្តេចធិបតីណែនាំគ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបគ្រោះធម្មជាតិនារដូវវស្សា

2025/05/24 01:01:01 am        491
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវ ត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីឆ្លើយតបចំពោះគ្រោះធម្មជាតិនារដូវវស្សា និងបានណែនាំដល់ក្រ សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យត្រៀមពូជទុកចែកជូនដល់កសិករពេលជួបគ្រោះធម្មជាតិផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៥នេះបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំឲ្យគ្រប់ក្រ សួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះហន្តរាយធម្មជាតិនារដូវវស្សានេះ ពិសេសគឺគ្រោះទឹកជំនន់ ដោយត្រូវកំណត់ទីទូលសុវត្ថិភាព ត្រៀមកម្លាំង មធ្យោបាយសម្ភារៈ ដើម្បីអន្តរាគមន៍ ក្នុងករណីកើតមានគ្រោះទឹកជំនន់ ដោយមានការចូលរួមពីកងទ័ព និងនគរបាលផងនោះ។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដាន កម្ពស់ទឹកជាច្រចាំ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមពូជដើម្បីចែកជូនកសិករក្នុង ការស្តាដំណាំស្រូវឡើងវិញ ក្នុងករណីមានាករខូចខាតជាដើមនោះ។ នៅក្នុងកិច្ចប្រជុំនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការ យកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ចំពោះការនាំចូលចំណីអាហារដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជាបណ្តោះអាសន្ន ដោយសារជំងឺរ ខណៈចំណាត់ ការនេះគឺដើម្បីការពារសុខភាពប្រជាពរដ្ឋ។ បើតាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំ ដល់ក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង គ្រួពេទ្យ និងទីតាំងដើម្បីត្រៀមអន្តរាគមន៍បន្ទាន់ក្នុងករណីដែល ជំងឺកូវិដ១៩ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ។ សម្តេចធិបតី ក៏បានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាជ្ញាធរអប្សរាជាសេនាធិការ ត្រូវសហការជាមួយអាជ្ញាធរខេត្តសៀមរាប សិក្សាឡើងវិញអំពីប្រ ព័ន្ធការពារន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ជាពិ សេសរមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងបរិបទដែលគ្រោះធម្មជាតិដូចជារន្ទះ ជាដើម កាន់តែមានសភាពខ្លាំងជាងមុននោះ។ នៅក្នុងកិច្ចប្រជុំនោះដែរ សម្តេចធិបតី ក៏បានណែនាំក្រសួងធម្មការ និងសាសនា ពិនិត្យចំពោះអ្នក អះអាងថាខ្លួនមានបារមី ហើយយកសាសនាដើម្បីធ្វើអាជីវកម្ម និងឆបោកដល់ប្រជាពលរដ្ឋផងដែរ។ សម្តេច ធិបតីក៏បានក្រើនរំលឹកដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរត្រូវពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព ជាពិសេសគឺអ្នកបើកបរពេលស្រវឹង និងត្រូវអនុវត្តនូវគោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដោយត្រូវមានវិធានការឲ្យដូចជាភ្លៀងរលឹម ដើម្បីលុបបំបាត់បញ្ហាចោរកម្ម គ្រឿងញៀន ក្មេងទំនើង ដើម្បីរក្សាភាពសុខសាន្តជូនដល់បងប្អូនប្រជាពលរដ្ឋ៕អត្ថបទ ៖ បាន  ចក់

ក្រោយអនុសាសន៍សម្ដេចតេជោ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ជួបប្រជុំជាមួយ ឯកឧត្តម ជា សុមេធី លើការរៀបចំការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជាបញ្ចូលទាំងមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល

2025/05/23 12:50:40 am        153
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្ដោតជាសំខាន់លើការរៀបចំការធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជា តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងផែនការដាក់បញ្ចូលនិវត្តជននៃមន្រ្តីរាជការស៊ីវិល ចូលទៅក្នុងសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបង្កើតក្រុក្រុមការងារផ្សព្វផ្សាយព័ត៌មាននៃសមាគមអតីតយុទ្ធជនកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយឯកឧត្តម ជា សុមេធី ថា គតិបណ្ឌិតរបស់សម្ដេចតេជោនាពេលនេះគឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ ពោលគឺទាំងមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ដោយមិនទុកឱ្យមន្ត្រីចូលនិវត្តន៍ណាម្នាក់នៅឯកោ និងរស់នៅដោយលំបាកឡើយ។ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ឆ្លើយតបថា ក្រសួងនឹងពិភាក្សាជាមួយមន្ត្រីផ្នែកច្បាប់ដើម្បីរៀបចំក្រុមការងារអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM