សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

2025/07/02 06:11:51 pm        279
នាព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត នៅវិមានសន្តិភាព។  ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសភា បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតី និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល ជូនចំពោះ ឯកឧត្តម និងគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកទី១ របស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានសភា បានជម្រាបជូនសម្តេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការនេះ ក្នុងនោះ គោលដៅចម្បង គឺដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងរឹងមាំ។ ឯកឧត្តមប្រធានសភា ក៏បានបន្ថែមទៀតថា សភានៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត បានអញ្ជើញ សម្តេចប្រធានរដ្ឋសភា កម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅអារ៉ាប់ប៊ីសាអូឌីត ដែលនេះជាការអញ្ជើញជាពិសេសរបស់ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតចំពោះព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការជម្រាបជូនអំពីសក្តានុពល និងការរីកចម្រើនដ៏ឆាប់រហ័សរបស់អារ៉ាប់ប៊ីសាអូឌីត, ឯកឧត្តមប្រធានសភាក៏បានលើកឡើងថា កម្ពុជា ជាប្រទេសដែលមានសក្តានុពល ហើយកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយក្នុងគោលដៅធានានូវកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេស ការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមប្រធានសភា និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅកម្ពុជា។ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ រវាងថ្នាក់ដឹកនាំ គឺបានបង្ហាញពីវឌ្ឍនភាពដ៏ល្អនៃទំនាក់ទំនង និង ចូលរួមចំណែកដល់ការ ពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត ដែលបានជួយគាំទ្រដល់សហគមន៍ឥស្លាមនៅកម្ពុជា ជាពិសេស ការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាម ទៅសិក្សានៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។ បន្ថែមពីនេះ, សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងល្អនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ សម្តេចបវរធិបតីបានថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានានៅមជ្ឈិមបូព៌ា ដែលក្នុងនោះ រួមមានទាំងប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ, ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា បាន និងកំពុងភ្ជាប់ទំនាក់ទំនងជាមួយអារ៉ាប់ប៊ីសាអូឌីត ដើម្បីពង្រីកការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្តេចបវរធិបតីក៏បានរំឭកពីកិច្ចប្រជុំកំពូល អាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC) ដែលបានប្រព្រឹត្តទៅកាលពីខែឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលកិច្ចប្រជុំនេះ គឺជាកាលានុវត្តភាពនៃការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងប្លុកទាំងពីរ (អាស៊ាន និងមជ្ឈិមបូព៌ា)។សម្តេចបវរធិបតី និងឯកឧត្តមប្រធានសភា ក៏បានផ្លាស់ប្តូរយោបល់ និង ពិភាក្សាគ្នា ក្នុង ការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលេីវិស័យសក្តានុពលមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម, កសិកម្ម, វប្បធម៌, ទេសចរណ៍ និង អាកាសចរណ៍ ជាដេីម។ សម្តេចបវរធិបតី និង ឯកឧត្តមប្រធានសភា ក៏បានឯកភាព និង លេីកទឹកចិត្តដល់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធ និង សកម្មបន្ថែមទៀត ដេីម្បីបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី

2025/07/02 05:41:42 pm        212
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Lawrence Wong (ឡរ៉េនវ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១០:០០នាទី...។

សមាជិកសភាជប៉ុន បានគូសបញ្ជាក់អំពី ការ បតេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត

2025/07/02 03:54:01 am        123
នារសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ណាហ្គាស៊ីម៉ា អាគិហិសា (NAGASHIMA Akihisa) ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រី និងជាសមាជិករដ្ឋសភាជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តមបានសម្ដែងនូវការពេញចិត្ត និង វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជប៉ុន-កម្ពុជា នៅក្នុងវិស័យគន្លឹះនានា។ ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និង សន្តិសុខ, ឯកឧត្តមក៏បានសម្ដែងនូវការពេញចិត្ត, ជាពិសេស ក្នុងកិច្ចសហប្រតិបត្តិរវាង កងស្វ័យការពារជេីងគោកជប៉ុន និង កងទ័ពជេីងគោកកម្ពុជា តាមរយៈការបន្តផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា។ ទន្ទឹមនេះ, ឯកឧត្តមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានស្វាគមន៍ និងអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន បំពេញទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ដែលនឹងរួមចំណែកដល់ការស្វែងរកឱកាសពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ នាពេលអនាគត។ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ឯកឧត្តមក៏បានសម្ដែងនូវការស្វាគមន៍ចំពោះកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ( Economic Co-Creations Package) ដែលនេះគឺជាកាលានុវត្តភាពថ្មីមួយ នៅក្នុងការទាក់ទាញនូវវិនិយោគិនជប៉ុនបន្ថែមទៀតមកវិនិយោគ នៅប្រទេសកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការត្រីភាគី លេីការបណ្តុះបណ្តាល ការបោសសម្អាតមីនមនុស្សធម៌, ជប៉ុននឹងបន្តសហការជាមួយកម្ពុជា ជួយដល់ប្រទេសអ៊ុយក្រែននិង ប្រទេសផ្សេងទៀត។ ឯកឧត្តម សមាជិកសភា បានគូសបញ្ជាក់ អំពី ការប្តេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន-កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត ស្របតាមទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯឧត្តមសមាជិករដ្ឋសភាជប៉ុន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនដ៏ល្អ នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងបានថ្លែងអំណរគុណដល់ភាគីជប៉ុនដែលបានផ្ដល់នូវការគាំទ្រដល់ការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពដល់កងទ័ពកម្ពុជា។ ជាមួយគ្នានេះ, សម្ដេចបវរធិបតីបានសម្តែការពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ចេញនូវយន្តការថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ផ្តោតលើសសរស្តម្ភសំខាន់ៗទាំង៣ និង បានគូសបញ្ជាក់ថា ក្រសួង ស្ថាប័ន កម្ពុជា បាន ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សារភ្ជាប់ ទំនាក់ទំនង និង កិច្ចសហការជាមួយ ភាគី ជប៉ុន ដេីម្បីអនុវត្តយន្តការនៃ កិច្ចសហប្រតិបត្តិការ ថ្មីនេះ ឱ្យទទួលបានជោគជ័យ ។ សម្ដេចបវរធិបតីក៏បានអរគុណដល់ភាគីជប៉ុន ដែលបានផ្ដល់ការគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា នាពេលកន្លងមក និងបានគូសបញ្ជាក់អំពីការបន្តនូវការគាំទ្ររបស់កម្ពុជាទៅលើគំនិតផ្ដួចផ្ដើរមរបស់ជប៉ុនទៅលើសកម្មភាពបោសសម្អាតមីនមនុស្សធម៌ ដើម្បីជាការរួមចំណែកត្រឡប់ទៅវិញរបស់កម្ពុជា ជាមួយសហគមន៍អន្តរជាតិ តាមរយៈការបញ្ជូននូវកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលផ្ដោតទៅលើការបោសសម្អាតមីន និងការថែរក្សាសន្តិភាព ដែលពីមុន កម្ពុជា ជាប្រទេសដែលធ្លាប់ទទួលកងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ ។

តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ

2025/07/02 03:11:50 am        203
នារសៀលថ្ងៃអង្គារ ទី១ ខែកក្កដា ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប , លោកស្រី Alissar Chaker បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសនេះ។ លោកស្រី Alissar Chaker បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសមិទ្ធផល នៃភាពជាដៃគូដ៏ល្អរវាងUNDP និងរាជរដ្ឋាភិបាលកម្ពុជា ដោយបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយ UNDP, ជាពិសេស នៅក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលគ្រោងនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅក្នុងឆ្នាំ ២០២៩ ដែលនេះគឺជាជោគជ័យមួយបន្ថែមទៀត របស់កម្ពុជា ហើយលោកស្រីសង្ឃឹមថា UNDP នឹងបន្តចូលរួមចំណែក និងគាំទ្រដល់កម្ពុជានៅក្នុងការរៀបចំការចាកចេញនេះ។ លោកស្រីក៏បានកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជាលើសកម្មភាពបោសសម្អាតមីន ដោយលោកស្រីបានគូសបញ្ជាក់ថា ជាមួយនឹងការគាំទ្រពីអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា, កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងលើសកម្មភាពបោសសម្អាតមីនដោយប្រសិទ្ធភាព, ប្រកបដោយភាពម្ចាស់ការ និង ស្វ័យប្រវត្តិ។ លោកស្រី Alissar Chaker បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានសក្តានុពលជាច្រើន និង ជាប្រទេសដែលបានចាប់ផ្ដើមកសាងប្រទេសឡេីងវិញពីចំណុចសូន្យ ក្រោយពីសង្គ្រាម  ឱ្យមានការអភិវឌ្ឍលេីគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។ លោកស្រីបានសង្កត់ធ្ងន់ថា៖ សន្តិភាពបាននាំមកនូវការអភិវឌ្ឍ ហើយគ្មានការអភិវឌ្ឍណាដែលអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ។ លោកស្រី Alissar Chaker មានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យ របស់សម្ដេចបវរធិបតី, កម្ពុជានឹងកាន់តែមានការអភិវឌ្ឍ, រីកចម្រើន និង រឹងមាំបន្ថែមទៀត។ លោក ស្រី Alissar Chaker ក៏បាន ជម្រាប ជូន សម្តេច បវរ ធិបតី អំពី ការ បន្ត កិច្ច សហប្រតិបត្តិការ របស់ UNDP ជាមួយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ កម្ពុជា និង សង្ឃឹម ថា រាជរដ្ឋាភិបាល កម្ពុជា នឹង នៅ តែ បន្ត កិច្ច សហប្រតិបត្តិការ ជាមួយ UNDP ក្នុង ភាព ជាដៃគូ ប្រកប ដោយ ទំនុកចិត្ត។ ជាឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការវាយតម្លៃខ្ពស់ និងអរគុណចំពោះការគាំទ្រ  និង កិច្ចសហ ប្រតិបត្តិការ របស់ UNDP តាម រយៈ កម្មវិធីនានា ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា និង បាន ផ្តល់នូវ ផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជនកម្ពុជា។ សម្តេច បវរ ធិបតី បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨, រាជរដ្ឋាភិបាលបានខិតខំកៀរគរ ប្រមូលកម្លាំង និងធនធានមនុស្ស ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្ដេចបវរធិបតីគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្ដោតទៅលើប្រជាជន ជាចម្បង តាមរយៈការពង្រឹងវិស័យអប់រំ , វិស័យសុខាភិបាល, ការបង្កើតការងារជូនដល់ប្រជាជនកម្ពុជាសំដៅដល់ការ លេីកកម្ពស់ មូលធនមនុស្សកម្ពុជា ព្រមទាំង ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធគាំពារសង្គម និងការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១.៥ លាននាក់ ឱ្យមាន ចំណេះដឹង និង ជំនាញ មួយច្បាស់លាស់ ដែល នឹង រួម ចំណែកដល់ ការ ត្រៀមខ្លួន របស់ កម្ពុជាក្នុងការចាកចេញ ពី ប្រទេស ដែល មាន ការ អភិវឌ្ឍ តិចតួច (LDC) នៅ ឆ្នាំ ២០២៩ ប្រកប ដោយ ភាព ធន់។ មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពី ការបន្តការគាំទ្រ ដល់ កិច្ច សហប្រតិបត្តិការ របស់ រាជរដ្ឋាភិបាល កម្ពុជា ជាមួយនឹង UNDP និង លេីកទឹកចិត្ត ដល់ UNDP ឱ្យបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការក្នុង ភាព ជាដៃគូ ឱ្យ កាន់តែ រីកចម្រើន និងរឹងមាំ បន្ថែមទៀត។

សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម

2025/07/02 03:05:22 am        221
ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថាសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនៅក្តីរីករាយដែលបានជួបឯកឧត្តមប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះ ជាផ្នែកដ៏សំខាន់ នៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតឲ្យកាន់តែល្អប្រសើរទាំងក្នុងក្របខណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ សម្ដេចតេជោបានអរគុណចំពោះការទទួលស្វាគមន៍សម្ដេចយ៉ាងរាក់ទាក់ពេលសម្ដេចទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនាពេលកន្លងទៅ។ ឯកឧត្តមប្រធានសភាអារ៉ាប់ប៊ីសាអូឌីត បានអរគុណចំពោះសម្ដេចតេជោដែលបានចំណាយពេលវេលាឱ្យឯកឧត្តមបានជួបពិភាក្សានាពេលនេះ។ ឯកឧត្តមបានសរសើរអំពីទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតដែលមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមក៏ចង់ឃើញភាពរីកចម្រើនរវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរកើនឡើងទៀតតាមរយៈភាគីទាំងពីរផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ច នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានបញ្ជាក់ពីការជំរុញទំនាក់ទំនងប្រទេសទាំងពីរតាមរយៈការផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលឯកឧត្តមបានចាត់ទុកថាជាចំណុចសំខាន់ ក្នុងការរុញច្រើនទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរ។ ឯកឧត្តមក៏ចាប់អារម្មណ៍លើវិស័យកសិកម្ម និងទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលក្នុងវិស័យទេសចរណ៍ឯកឧត្តមបានលើកឡើងថា ប្រទេសទាំងពីរនៅមិនទាន់មានជើងហោះហើរ ហើយក៏មិនទាន់មានក្រុមហ៊ុនទេសចរណ៍ច្រើនដែលទៅទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងនាំទេសចរណ៍ពីអារ៉ាប៊ីសាអូឌីតមកកម្ពុជាដែរ ច្រើនដែរ។ ឯកឧត្តមចង់ឲ្យភាគីទាំងពីរ បង្កើននូវកិច្ចសហប្រតិបត្តិការមួយគ្នាឲ្យកាន់តែល្អប្រសើរ លើវិស័យទេសចរណ៍និងកសិកម្ម ជាដើម។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត ហើយសម្ដេចក៏បានលើកឡើងអំពីសក្តានុពលរបស់ប្រទេសកម្ពុជាដែលអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតគួរតែសម្លឹងមក នឹងធ្វើការសិក្សា ហ្នឹងវិនិយោគក្នុងវិស័យសំខាន់ៗក្នុងប្រទេសកម្ពុជាគឺវិស័យកសិកម្មតែម្ដង។ សម្ដេចបញ្ជាក់ថាវិស័យកសិកម្មនៅកម្ពុជាគឺមានសក្តានុពលច្រើនដែលត្រូវការវិនិយោគពីក្រៅប្រទេស ហើយប្រសិនបើអារ៉ាប់ប៊ីសាអូឌីតចាប់អារម្មណ៍គួរតែពិនិត្យទៅលើការវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ពិសេសកាកែច្នៃផលិតផលកសិកម្មដើម្បីធ្វើការនាំចេញ។ កម្ពុជាសព្វថ្ងៃមានសមត្ថភាពផលិត ដែលជាវត្ថុធាតុដើម ប៉ុន្តែយើងនៅមានកង្វះខាតក្នុងការកែច្នៃដើម្បីនាំចេញ។ សម្ដេចតេជោក៏បានលើកឡើងទាក់ទងទៅនឹងអង្កររបស់កម្ពុជាទទួលបានការចាប់អារម្មណ៍លើទីផ្សារអន្តរជាតិជាច្រើន ដែលជាអង្ករមិនមានជាតិគីមី ហើយទទួលបានការផ្ដល់តម្លៃហើយអាចវាយលុកទៅលើទីផ្សារគ្រប់ទីកន្លែង ប៉ុន្តែចំណុចសំខាន់គឺយើងនៅខ្វះការកែច្នៃដើម្បីនាំចេញ។ ទាក់ទងទៅនឹងទេសចរណ៍ សម្ដេចតេជោចង់ឃើញអារ៉ាប់ប៊ីសាអូឌីតមានការហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ដែលមិនត្រឹមតែប្រជាជនរ៉ាប៊ីសាវ៉ាឌីតមកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ តែប្រជាជននៅតំបន់មជ្ឈឹមបូព៌ានិងអាចធ្វើដំណើរមកកាន់ប្រទេសកម្ពុជាបានផងដែរ ហើយក៏ជាការបង្កើតនូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជនផងដែរ។ សម្ដេចតេជោក៏បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីមូលហេតុដែលបានកើតឡើង គឺផ្ដើមឡើងដោយទាហានថៃចូលមកបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ និងថៃបានបិទព្រំដែនជាឯកតោភាគី និងការគំរាមកំហែងផ្សេងៗជាច្រើនទៀត។ឯកឧត្តមប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត ក៏បានអរគុណសម្តេចតេជោដែលបានប្រាប់អំពីមូលហេតុបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយឯកឧត្តមបានដឹងច្បាស់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការរីកចម្រើន និងមានសុខសន្តិភាព ហើយឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងអារ៉ាប៊ីសាអូឌីត នឹងកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕

សម្ដេចធិបតីជួបជាមួយមេធាវីអន្តរជាតិដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធការបន្តនីតិវិធីរបស់កម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីវិវាទព្រំដែនជាមួយថៃ

2025/07/02 02:31:02 am        359
ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជួបពិនិត្យ និងពិភាក្សាជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដែលជាក្រុមទីប្រឹក្សាអ្នកច្បាប់ និងជាមេធាវីអន្តរជាតិមួយរូប ពាក់ព័ន្ធនឹងការនាំរឿងក្ដីវិវាទព្រំដែនកម្ពុជាជាមួយថៃទៅតុលាការអន្តរជាតិ ICI។ សម្ដេចធិបតីបានសរសេរថា៖«ខ្ញុំទើបបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី»។សម្ដេចធិបតីបានបញ្ជាក់ាថ លោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល គឺជាសមាជិកដ៏សំខាន់មួយរូបក្នុងក្រុមទីប្រឹក្សាច្បាប់និងមេធាវី ដែលបានជួយអោយកម្ពុជាទទួលជោគជ័យ ក្នុងរឿងក្តីនៃនៃការបកស្រាយសាលក្រមប្រាសាទព្រះវិហារ (១៩៦២) នៅឆ្នាំ ២០១១-២០១៣ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ជាថ្មីថា៖‍«កម្ពុជានៅបន្តមិនរាថយ ចំពោះការនាំយករឿងក្តីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិនោះទេ»៕

សម្ដេចតេជោ បន្តប្រាប់ការពិតទៅសមាជិករដ្ឋសភាជប៉ុន ករណីថៃបាញ់សម្លាប់យោធិនកម្ពុជា និងបិទព្រំដែនជាឯកតោភាគី

2025/07/01 09:56:52 pm        490
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានអនុញ្ញាតឲ្យ លោក Nagashima Akihisa សមាជិករដ្ឋសភា និង​ជា​ទីប្រឹក្សា​ពិសេស​នាយក​រដ្ឋ​មន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើម សម្ដេច​តេជោ​ បានសម្ដែងការសាទរ និងរីករាយចំពោះវត្តមានរបស់ឯកឧត្តមសមាជិកសភា និងជា​ទី​ប្រឹក្សា​ពិសេស​នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដោយ​សម្ដេច​បានចាត់ទុកដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជា គឺជា​ផ្នែក​មួយ​នៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។នៅ​ក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន បានសម្ដែង​នូវ​ក្ដី​អរ​គុណ​ចំពោះ​សម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី បានជួបសម្ដែង​ការ​គួរ​សម​ក្នុង​ឱកាស​នេះ ហើយឯកឧត្តម បានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងជប៉ុន នា​ពេល​កន្លងមក ក៏ដូចជាបច្ចុប្បន្ន និងបន្តរីកចម្រើនទៅមុខទៀត ។ឯកឧត្តម​ក៏​បានរំលេចអំពីទំនាក់ទំនងជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ គឺទទួលបាននូវផ្លែផ្កាដ៏ល្អ។ ជា​មួយ​គ្នា​នេះ ​ឯកឧត្តមក៏បានសម្ដែងនូវការអរគុណចំពោះកម្ពុជា ជាពិសេស សម្ដេចតេជោផ្ទាល់ ក្នុង​ការ​អនុញ្ញាត​ឲ្យ​នាវាជើងទឹករបស់ជប៉ុន បានចូលចតនូវកំពង់ផែរាមកាលពីពេលថ្មីៗនេះ ដែលជាផ្នែក​ដ៏​សំខាន់ នៃការញ៉ាំងទំនាក់ទំនងក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ អោយកាន់​តែ​រីក​ចម្រើន​។ ក្រៅពីនោះ ឯកឧត្តម ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងកម្ពុជា និង​ជប៉ុន នៅក្នុងវិស័យដោះមីន ជាពិសេស គឺការចូលរួមចំណែករបស់ជប៉ុន ក្នុងកា​រ​ជួយ​ដល់​ការ​ដោះ​មីន​ នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និង​ជប៉ុន ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាពិសេស ចាប់តាំងពីជំនាន់ឯកឧត្តមស៊ីនហ្សូ អាបេ ដែលមានការរីកចម្រើនខ្លាំងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយមកដល់ពេលនេះ គឺ​កម្ពុជា នឹងជប៉ុន បានឈានដ៏កម្រិតដៃគូយុទ្ធសាស្ត្រជាមួយគ្នា នៃកម្រិត​ទំនាក់​ទំនង​ដ៏​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ។ សម្ដេចតេជោ ក៏បានរំលេចអំពីភាពជោគជ័យ​របស់​សម្ដេចធិប​តី​កន្លង​មក​នៅ​ប្រទេស​ជប៉ុន និងជាផ្នែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំង​សេដ្ឋកិច្ច នយោបាយ និងយោធាជាមួយគ្នា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ទន្ទឹម​នឹង​នោះ សម្ដេចតេជោ ក៏បានកត់សម្គាល់ទាក់ទងទៅនឹងវិស័យដោះមីនផងដែរ ដោយ​សម្ដេច​តេជោ បានរំលឹកថា កម្ពុជា នាពេលបច្ចុប្បន្ននេះ បានបញ្ជូនកងទ័ពរបស់ខ្លួន ទៅ​ចូល​រួម​រក្សា​សន្តិភាព​ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយក្នុងចំណោមកងទ័ព របស់កម្ពុជា​ភាគច្រើន​នោះ ត្រូវបានទៅជួយដោះមីននៅតាមបណ្ដាប្រទេសនានា ដែលជាផ្នែកជំនាញរបស់កម្ពុជា ដែល​បាន​ធ្វើកិច្ចការទៅលើការដោះមីន ហើយសម្ដេច ក៏មិនភ្លេចដែរនូវការអរគុណចំពោះភាគីជប៉ុន ពី​ព្រោះភា​ព​ជំនាញរបស់កម្ពុជា នៅក្នុងការដោះមីននេះ ក៏មានការរួម​ចំណែក​ជួយ​ជ្រោមជ្រែង​ទាំង​បច្ចេក​ទេស និងសម្ភារៈផងដែរ ដែលជួយដល់កងកម្លាំងរបស់កម្ពុជា ។ទាក់ទង​ទៅ​នឹងបញ្ហាព្រំដែន សម្ដេចតេជោ បានបញ្ជាក់ទៅកាន់ទីប្រឹក្សាពិសេស របស់នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បន្ថែមឱ្យបានយល់អំពីទិដ្ឋភាពជាក់ស្ដែងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែល​កំពុង​កើត​មាន ដោយចាប់ផ្ដើមចេញពីការបាញ់ប្រហាររបស់ទាហានថៃ មកលើទាហានកម្ពុជាស្លាប់ កាល​ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ និងការសម្រេចបិទព្រំដែនជាឯកតោភាគទី រប​ស់​ភាគី​ថៃ ដែលធ្វើឲ្យស្ថានភាព នៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កាន់តែ​តាន​តឹង​នា​ពេល​បច្ចុប្បន្ន​នេះ​។ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីចំណុចសំខាន់ ដើម្បីពន្យល់​ទៅ​កាន់​ទីប្រឹក្សា​ពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុន ឱ្យបានជ្រាបពីទិដ្ឋភាពជាក់ស្ដែង ដែលបាន​កើត​ឡើង​រវាង​កម្ពុជា​ និងថៃនាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន ។ក្នុងឱកាស​នោះ សម្ដេចតេជោ ក៏បានឆ្លៀតប្រាប់ទៅទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា កម្ពុជា មកដល់ពេលនេះ មិនទាន់ត្រូវការភាគីទី៣ ក្នុងការចូលរួមចំណែកដោះស្រាយ បញ្ហា​ព្រំដែន​រវាង​កម្ពុជា និងថៃទេ (ភាគីទី៣ នោះ គឺសំដៅទៅលើប្រទេសទី៣) ។ អ្វីដែលកម្ពុជា ត្រូវ​ការ​នោះ គឺការជំរុញការដោះស្រាយតាមរយៈយន្តការសន្តិវិធី ពោល គឺតាមរយៈយន្តការ នៃច្បាប់​អន្តរជាតិ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។ ក្នុងនោះ សម្ដេចតេជោ បានបញ្ជាក់ថា ទោះ​បី​ពេល​នេះ កម្ពុជា មិនទាន់ត្រូវការប្រទេសទី៣ ក្នុងការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ក៏​ពិតមែន ប៉ុន្តែសម្ដេចបានប្រាប់ទៅកាន់ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា ដោយ​អាច​ប្រាប់​ទៅនាយករដ្ឋមន្ត្រីជប៉ុន បានជ្រាប ហើយអាចឲ្យជប៉ុន ជំរុញភាគីថៃ ឲ្យដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និងឈរលើយន្តការនៃច្បាប់អន្តរជាតិ ពោល គឺទៅកាន់តុលាការ ICJ ៕ 

TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា

2025/06/30 09:58:42 pm        5721
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥នេះ បានបង្ហោះ​សារ​នៅ​លើ​ប​​ណ្ដាញ​សង្គមដោយសម្ដេចតេជោបានបញ្ជាក់ថា «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតា​ចង់​បាន​ទឹក​ដី​កម្ពុជា​»។សម្ដេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា អ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹម​ថង​គុល​ បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹង​លើក​កង​ទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយ​អាច​រហូត​ដល់​រាជ​ធានី​ភ្នំពេញ​ទៀត​ផង​។សម្ដេច​តេជោបានបង្ហាញសំដីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃ៖ «អា​ហ៊ុន​សែន​មហា​តេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែល​អញ​អត់​មាន​អំណាច​ ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះបាត់ដំបង សៀមរាប សិរីសោភណ្ឌ អញ​នឹង​ដណ្តើម​យក​មក ហើយស្អែកអញនឹងទៅយកព្រះវិហារ និងបន្តទៅយកកោះគុជទៀត ហើយ​អញ​សួរ​ហ្អែង​ថា ប្រសិនបើនៅមិនពេញចិត្តទៀត អញនឹងទៅយកភ្នំពេញ»។សម្ដេចតេជោ​បានចាត់ទុក សម្តីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃ បង្ហាញ​យ៉ាង​ច្បាស់​អំពី​​ការ​ចិញ្ចឹម​ចិត្ត និងមហិច្ចតាចង់បានទឹកដីរបស់កម្ពុជា ដូច្នេះ​ហើយ​ខ្ញុំ​សូម​ប្រកាស​ឲ្យ​ជន​រួម​ជាតិ​​ខ្មែរ​យើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវ​ត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃ ដែល​ចិញ្ចឹម​ចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។សម្ដេចតេជោបានបញ្ជាក់ថា ដោយចរិតឈ្លានពានបែបនេះ ទើបយើងត្រូ​វព​ង្រឹង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន ត្រូវខិតខំចរចា ដើម្បី​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ថៃ​ឲ្យ​បានឆាប់។ យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធា នយោបាយ ការ​ទូត និងផ្លូវច្បាប់។ ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់ លទ្ធភាព​ប៉ះ​ទង្គិច​ខាង​យោធា ឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើង និងពិបាកជៀសផុត។សម្ដេចតេជោបានសង្គត់ធ្ងន់ថា៖«ខ្ញុំមិនតបតជាមួយពួកចោរឈ្លានពានទឹកដីទេ តែ​នេះ​ជា​សារ​ដាស់​តឿន​ដល់ បងប្អូនជនរួមជាតិកម្ពុជាដើម្បីត្រៀម ខ្លួនវាយចោរឈ្លានពានទឹកដី»៕

TOP STORY | អគ្គនាយកដ្ឋានអន្តោប្រវេសន៍​មិនអនុញ្ញាតឱ្យ​មានការ​ដឹកជញ្ជូន​ទំនិញគ្រប់​ប្រភេទចូល ចេញឬ​ឆ្លងកាត់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ឬច្រកទ្វារតំបន់​ណាមួយ​តាមខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃឡើយ

2025/06/29 08:40:00 pm        2208
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៩ ខែមិថុនានេះ បានជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិ នានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ!។

គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ

2025/06/29 06:51:28 pm        354
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ឆ្លងកាត់រយៈពេល ៧៤ ឆ្នាំមកនេះការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធមីទ្ទិញអបអរសាទរខួប ៧៤ ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ។សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បន្ទាប់ពីសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩មក គណបក្សបានដឹកនាំប្រទេសតាមមាគ៌ានយោបាយមួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងសភាពការណ៍ជាក់ស្ដែង សម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាបំផុតលើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិ ធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលបានរស់នៅយ៉ាងសុខសាន្តប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន និងព្យាបាលបាននូវស្នាមរបួសដ៏ឈឺចាប់បំផុតពីអតីតកាល។ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាជនពិតជាបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលជាតំណាងនៃឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងជាគណបក្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារជាតិ ការកសាង និងថែរក្សាសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបន្តដឹកនាំប្រជាជនឆ្ពោះទៅរកអនាគតដ៏រុងរឿងបាន។ សច្ចធម៌នេះ បានបញ្ជាក់ច្បាស់តាមរយៈការគាំទ្រយ៉ាងច្រើនលើសលប់របស់ប្រជាជនមកលើគណបក្សនៅក្នុងរាល់ការបោះឆ្នោតកន្លងមក ទាំងការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់មូលដ្ឋានឃុំ សង្កាត់៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការអំពាវនាវឱ្យ​កែទម្រង់​ នៅថៃ កើត​ឡើង​ ក្រោយ​ផ្ទុះ​រឿងអាស្រូវពាក់ព័ន្ធអង្គការដឹកនាំដោយអតីតបវរកញ្ញាឯក​
11/10/2026 06:11 PM
ទីក្រុងដែលី ឈ្លក់ដោយកង្វក់បរិយាកាស ខណៈផ្សែងអ័ព្ទគ្របដណ្តប់រដ្ឋធានីរបស់ឥណ្ឌាមួយនេះ
11/10/2026 06:11 PM
អារ៉ាប៊ីសាអ៊ូឌីត បើកការវាយប្រហារតាមច្រកអាកាសលើរដ្ឋធានីគ្រប់គ្រងដោយក្រុមហ៊ូធីយេម៉ែន
11/10/2026 06:11 PM
មនុស្សជាង ១០នាក់ ស្លាប់ក្នុង​គ្រោះថ្នាក់រថយន្តច្រើនគ្រឿង​បុកបន្តគ្នា នៅលើផ្លូវ​ហាយវេរបស់ប៊ុលហ្គារី
11/10/2026 05:11 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកជួបសមភាគីអ៊ុយក្រែន នៅក្រៅជំនួប G7 ក្នុងទីក្រុងប៉ារីស
11/10/2026 05:11 PM
យុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម
11/10/2026 05:11 PM
លោក Zelenskyy៖ ជោគជ័យរបស់អ៊ុយក្រែននៅសមរភូមិ ពង្រឹងជំហររបស់ទីក្រុងគីវ នៅក្នុងការចរចា
11/10/2026 05:11 PM
រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយអគ្គលេខាធិការ OIF ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
11/10/2026 05:11 PM
កម្ពុជា បើកយុទ្ធនាការចាក់វ៉ាក់សាំងកម្ចាត់មហារីកមាត់ស្បូនដល់កុមារីអាយុពី ៩ឆ្នាំ ដល់ ១៤ឆ្នាំទូទាំងប្រទេស
11/10/2026 05:11 PM
អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពិនិត្យវឌ្ឍនៈភាពការងារជួសជុលថែទាំ និងតុបតែងភ្លើងបំភ្លឺតាមមហាវិថី ត្រៀមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
11/10/2026 05:11 PM