សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ អញ្ជើញដល់សាធារណរដ្ឋឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាព និងចាប់ផ្ដើមទស្សនកិច្ចការងារ

2025/05/05 11:58:24 pm        146
ភ្នំពេញ ៖នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។​ដំណើរអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកនយោបាយមានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំប្រទេសឥណ្ឌូនេស៊ីនោះ ទទួលបានការស្វាគមន៍យ៉ាងមហោឡារិក កក់ក្តៅ និងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិនាទីក្រុងហ្សាការតាភ្លាម សម្តេចតេជោ ទទួលបានការស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់ប្រទេសឥណ្ឌូនេស៊ី និងឈរអមជារបងដោយកងកិត្តិយសរបស់ឥណ្ឌូនេស៊ី ចាប់ពីព្រលានយន្តហោះ រហូតដល់វិមានប្រធានាធិបតីឥណ្ឌូនេស៊ី ក្បួនរថយន្តរបស់សម្តេចតេជោ ត្រូវបានហែហមអមក្បួនដោយរថយន្ត និងម៉ូតូកិត្តិយសជាច្រើនគ្រឿង។ នៅឯវិមានប្រធានាធិបតីវិញ មានការរៀបចំពិធីស្វាគមន៍ជាផ្លូវការយ៉ាងមហោឡារិក ដោយឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងកងកិត្តិយសជាច្រើនរូប មានទាំងកងកិត្តិយសជិះសេះជាក្បួនថែមទៀតផង។កាន់តែពិសេសថែមទៀតនោះ ដំណើររបស់សម្តេចតេជោ ចាប់ពីពេលអញ្ជើញដល់ព្រលានយន្តហោះ រហូតដល់ជួបជជែកការងារជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ី ត្រូវបានផ្សាយផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនរបស់ឥណ្ឌូនេស៊ីផងដែរ។ បន្ទាប់នៅនៅរសៀលនេះ សម្តេចតេជោ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតីផងដែរ។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃនៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ី សម្តេចតេជោ មានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូនេស៊ី រួមមានឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន, ប្រធានព្រឹទ្ធសភា និងលោកជំទាវស្រី ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។ក្នុងឱកាសស្នាក់នៅរដ្ឋធានីហ្សាការតា សម្ដេចតេជោប្រធានព្រឹទ្ធសភា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងមាន ជំនួបរួមគ្នាជាមួយអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្ត្រប្រចាំអាស៊ានផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងផ្តល់បាឋកថាពិសេស ក្រោមប្រធានបទ «កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក» ដែលជាវិភាគទានដ៏សំខាន់ក្នុងការអបអរសាទរខួប ២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ជាមួយគា្ននេះ សម្តេចតេជោ នឹងអញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលនឹងមានការចូលរួមដោយអគ្គលេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ីនិងប្រចាំអាស៊ាន, ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូនេស៊ី និងអង្គការសង្គមស៊ីវិលនៅឥណ្ឌូនេស៊ី៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូនេស៊ី និងទស្សនកិច្ចផ្លូវការទីម័រឡេស្តេ

2025/05/05 03:45:08 pm        353
នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ។តាមកម្មវិធីគ្រោងទុក ក្នុងអំឡុងទស្សនកិច្ចការងារនៅឥណ្ឌូណេស៊ី សម្ដេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបសម្តែង ការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមមាន ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, ឯកឧត្ដម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធាន ព្រឹទ្ធសភា, និងលោកជំទាវ ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។ ក្នុងឱកាសស្នាក់នៅរដ្ឋធានីហ្សាការតា សម្ដេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងមាន (១) ជំនួបរួមគ្នាជាមួយអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន និង (២)ផ្តល់បាឋកថាពិសេស ក្រោមប្រធានបទ “កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក” ដែលជាវិភាគទានដ៏សំខាន់ក្នុងការអបអរសាទរខួប ២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ នឹងអញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលនឹងមានការចូលរួមដោយអគ្គលេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ីនិងប្រចាំអាស៊ាន, ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូណេស៊ី និងអង្គការសង្គមស៊ីវិលនៅឥណ្ឌូណេស៊ី។ដោយឡែកកម្មវិធីដែលបានគ្រោងទុក ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អវតា ប្រធានាធិបតីទីម័រឡេស្តេ, ឯកឧត្តម កៃ វ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។ ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្ដេចតេជោ នឹងអញ្ជើញ ថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ និងផ្ដល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គមស៊ីវិលទីម័រឡេស្តេ។ គួរកត់សំគាល់ផងដែរថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏សំខាន់របស់ សម្ដេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជម្រុញទីម័រឡេស្តេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្ដ នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា៕ 

ថ្ងៃទី៣និងទី៥ឧសភានេះជាខួប៥ឆ្នាំមរណភាពម្តាយក្មេក និងខួប៣ឆ្នាំបងប្រុសទី២សម្ដេចតេជោ ខណៈពីថ្ងៃទី៧ដល់ទី៩ សម្ដេចត្រូវបំពេញទស្សនកិច្ចផ្លូវការនៅឥណ្ឌូនេស៊ី និងទីម័រឡេស្តេ

2025/05/03 03:04:11 pm        189
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហោះសារមួយបង្ហាញពីកាលវិភាគដ៏មមាញឹករបស់សម្ដេចនៅក្នុងសប្ដាហ៍នេះដោយទី១ ចាប់ពីថ្ងៃទី៣ និងទី៥ ឧសភានេះជាខួបខួប៥ឆ្នាំនៃមរណភាពម្តាយក្មេក និងខួប៣ឆ្នាំបងប្រុសទី២សម្ដេចតេជោ ខណៈចាប់ពីថ្ងៃទី៧ដល់ទី៩ សម្ដេចត្រូវបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេផងដែរ។ សម្ដេចតេជោ បានសរសេរថា បញ្ហាគ្រួសារ និងការងារពិបាកបែងចែកពីគ្នាណាស់។ គិតតែពីគ្រួសារចោលការងារក៏មិនបាន។ គិតតែពីការងារចោលគ្រួសារក៏មិនបាន។សម្ដេចតេជោបានបញ្ជាក់ថា៖«សម្រាប់ខ្ញុំពេលនេះ ថ្ងៃ៣ និង៤ ឧសភា ខួប៥ ឆ្នាំនៃមរណភាពម្តាយក្មេកក្នុងពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។ ថ្ងៃ៤ និង៥ ឧសភាខួប៣ ឆ្នាំនៃមរណភាពបងប្រុសទី២។ ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរតែជាអកុសលខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃ៥ ឧសភាសម្រាប់បងប្រុសបានទេ ព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេស៊ីនៅម៉ោង៧ព្រឹកដើម្បីជួបប្រធានាធិបតីឥណ្ឌូនេស៊ីនៅម៉ោង ១១ ថ្ងៃត្រង់ (ក្នុងករណីគ្មានការកែប្រែ)»។សម្ដេចតេជោបានបញ្ជាក់ថា នៅឥណ្ឌូនេស៊ីពីថ្ងៃ៥ ដល់ថ្ងៃ ៧ មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេស៊ីទស្សនកិច្ច និងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន នាល្ងាចថ្ងៃ៥ឧសភា។តាមការគ្រោងទុកសម្ដេច និងធ្វើបាឋកថាមួយទៀតនៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូពា៏នាទីក្រុងហ្សាកាតានាព្រឹកថ្ងៃទី៦ ខែឧសភា ហើយថ្ងៃត្រង់ ទី៧ ខែឧសភា សម្ដេចនឹងធ្វើដំណើរទៅកាន់ប្រទេសទីម័រឡេស្តេ ដើម្បីទស្សនកិច្ចផ្លូវការរហូតដល់ល្ងាចថ្ងៃ៩ ខែឧសភា ឆ្នាំ២០២៥ ទើបសម្ដេចអញ្ជើញនិវត្តមកដល់កម្ពុជាវិញ។សម្ដេចបានបញ្ជាក់ឱ្យដឹងដែរថា នៅថ្ងៃទី១០ ខែឧសភា សម្ដេចនៅមិនទាន់បានសម្រាកវាយកូនគោលនៅឡើយទេ ពីព្រោះរឿងគ្រួសារបានមកដល់ទៀតហើយនោះ គឺចូលរួមកាត់សក់ ចងដៃឲ្យចៅស្រីដែលជាកូនរបស់ក្មួយស្រីបង្កើតដែលកូនរបស់បងប្រុសរបស់ភរិយារបស់សម្ដេច ដែលត្រូវរៀបការដែលសម្ដេចត្រូវចូលរួមទាំងព្រឹកទាំងល្ងាចដោយខានមិនបាន។ សម្ដេចបញ្ជាក់ថា៖‍«ត្រង់នេះហើយដែលខ្ញុំលើកពីខាងលើថា ពិបាកបែងចែករវាងការងារ និងបញ្ហាគ្រួសារ»៕

សមាជិករដ្ឋសភាជប៉ុន៖ ក្រុមហ៊ុនជប៉ុនជាច្រេីន បន្ថែម​ទៀត​ ចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

2025/05/03 01:08:47 am        351
ភ្នំពេញ ៖ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា នាគ្រប់ឱកាសដែលឯកឧត្តមមកទស្សនកិច្ចកម្ពុជា។ ឯកឧត្តមក៏បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងជប៉ុន-កម្ពុជា ដែលកាន់តែមានភាពរីកចម្រើន និងសកម្មបន្ថែមទៀតផងដែរ។ ឯកឧត្តម​សមាជិករដ្ឋសភាក៏បាន​គូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ​ លេីវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌកងកម្លាំងថែរក្សាសន្តិភាព (PKO) ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងសកម្មភាពបោសសម្អាតមីន ព្រមទាំងការបណ្ដុះបណ្ដាលលើការបោសសម្អាតមីនមនុស្សធម៌។ ជាមួយគ្នានោះ, ឯកឧត្តមសមាជិករដ្ឋសភា​ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសប្រកបដោយសក្ដានុពល ជាពិសេស​ លេីផលិតផលកសិកម្ម ដែលអាចកែច្នៃសម្រាប់បម្រើដល់ការនាំចេញ និងកម្លាំងពលកម្មដែលខិតខំប្រឹងប្រែង​ និងមានជំនាញដ៏ប៉ិនប្រសប់ ក្នុងការផលិតផលិតផលនានាប្រកបដោយគុណភាព​ ដែលការណ៍នេះនឹងអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកណ្ដាលមួយរបស់អាស៊ាន។ ឯកឧត្តមសមាជិករដ្ឋសភា​ ក៏បានបន្ថែមថា សក្ដានុពលទាំងនេះបានទាក់ទាញក្រុមហ៊ុនជប៉ុនធំៗជាច្រើន មកធ្វើការវិនិយោគនៅកម្ពុជា ដូចជាក្រុមហ៊ុន Toyota, AEON,​ និង Minebea ជាដើម ខណៈពេលដែលមានក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀត​ កំពុងចាប់អារម្មណ៍ក្នុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការកៀរគរ, ជំរុញ និងលើកទឹកចិត្តវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ រវាងកម្ពុជា-ជប៉ុន។ សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកនៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងនេះ នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត។ ទន្ទឹមនឹងនោះ, សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងស្វ័យការពារជប៉ុន ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈកងកម្លាំងថែរក្សាសន្តិភាពរបស់ជប៉ុន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្ដេចបវរធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវសសរស្ដម្ភនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលនឹងចូលរួមចំណែកនៅក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្ដេចបវរធិបតី បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន នៅក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ។មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕

សម្ដេចធិបតី៖ លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើន និងមានសណ្តាប់ធ្នាប់កាន់​តែប្រសើរ

2025/05/02 10:15:28 pm        423
ក្នុងឱកាសអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅថ្ងៃស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់តែប្រសើរ។ តាមរយៈសារលិខិត សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ទិវាសេរីភាពសារព័ត៌មាននេះ ជាថ្ងៃដ៏មានអត្ថន័យ ដែលរំឭកពីសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពនៃការបោះពុម្ពផ្សាយ ក៏ដូចជាទិវារំឭកដល់វីរភាព និងការលះបង់របស់អ្នកសារព័ត៌មាន ក្នុងការបំពេញការងាររាយការណ៍ព័ត៌មានពិតត្រឹមត្រូវជូនសាធារណជន។ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើង ក្រោម ប្រធានបទ-ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាព សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ» ដោយផ្តោតជាសំខាន់លើបរិបទនៃការរីកចម្រើន ផ្នែកបច្ចេកវិទ្យា ឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលបណ្តាលឱ្យមានការប្រែប្រួលនៃប្រតិបត្តិការផ្នែកកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយ។សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាបានចាត់ទុកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួម អភិវឌ្ឍជាតិ ពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង តម្លាភាពសង្គម។ កម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់ សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។ នៅកម្ពុជាទទួលស្គាល់ការចូលរួមដ៏សំខាន់របស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងបាននាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលដែលជាទំនាក់ទំនងទ្វេមុខក្នុងទិសដៅរួមតែមួយគឺពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយទាក់ទងនឹងច្បាប់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងសមិទ្ធផលសម្រេចបានដោយរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ជូនប្រជាពលរដ្ឋ និងការភ្ជាប់ពីសំណើសំណូមពរ និងបញ្ហាផ្សេងៗរបស់ពលរដ្ឋដើម្បីរាជរដ្ឋាភិបាលដោះស្រាយ។ សម្ដេចធិបតីថ្លែងថា កម្ពុជាសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារសេរីភាពសារព័ត៌មាន ធានាសុវត្ថិភាព អ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យមានការសន្ទនាប្រកបដោយភាពច្នៃប្រឌិតនៅគ្រប់វេទិកាទាំងអស់ ដើម្បីវិស័យសារព័ត៌មានកម្ពុជាកាន់តែមានភាពរីកចម្រើនពោរពេញដោយគុណភាព។បើតាមសម្ដេចបធិបតី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានមើលឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុង ការធ្វើបរិវត្តកម្មឌីជីថល និងការទទួលបានព័ត៌មាន។ នៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយដែលកំពុងរីក ចម្រើននេះ រាជរដ្ឋាភិបាលលើកទឹកចិត្តបងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងស្ថាប័នសារព័ត៌មាន ឱ្យប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងស្តង់ដាក្រមសីលធម៌វិជ្ជាជីវៈ ខណៈដែលសារព័ត៌មានបន្តធ្វើ ជាស្ពានតភ្ជាប់រវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ សម្ដេចមានប្រសាសន៍ថា ជាការពិត តាមរយៈប្រធានបទនៃទិវាសេរីភាព សារព័ត៌មានលើកទី៣២ នេះ បរិវត្តកម្មនៃបញ្ញាសិប្បនិម្មិតទៅក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បាននាំ មកនូវអត្ថប្រយោជន៍យ៉ាងច្រើន រួមមានការប្រើប្រាស់ច្រើនភាសា និងការវិភាគទិន្នន័យ សម្រាប់ការផលិត ផ្សព្វផ្សាយ និងចែកចាយបានរហ័សនិងចំគោលដៅ។ ទោះជាយ៉ាងណាក៏ដោយ ភាពជឿនលឿនទាំងនេះ ក៏បាននាំមកនូវហានិភ័យនៃព័ត៌មានក្លែងក្លាយ ដែលបង្កើតដោយបច្ចេកវិទ្យា។ ជាងនេះទៅទៀតបរិវត្តកម្មនេះក៏នឹងជះឥទ្ធិពលទាំងវិជ្ជមាននិងអវិជ្ជមានដល់អាជីពសារព័ត៌មានផងដែរ។យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មាន គិតត្រឹមដើម ត្រីមាសទី២ ឆ្នាំ២០២៥ នេះ អង្គភាពសារព័ត៌មានទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួង ព័ត៌មាន និងកំពុងប្រតិបត្តិការមានចំនួន ១ ៦២០ អង្គភាព ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី រោងពុម្ព មាន៧៤៥ អង្គភាព និងប្រព័ន្ធផ្សព្វផ្សាយទំនើប រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ ទូរទស្សន៍ឌីជីថល ទូរទស្សន៍ប្រភេទ OTT និងទូរទស្សន៍ផ្កាយរណប សរុបមានចំនួន៨៧៥ អង្គភាព។ នេះមិនទាន់រាប់បញ្ចូលបណ្តាញសង្គមហ្វេសប៊ុក ទឹកតុក តេឡេក្រាម CoolApp ជាច្រើនលានគណនីផ្សេងទៀត ដែលកំពុងដើរតួនាទីសំខាន់ជាមធ្យោបាយក្នុងការផ្សព្វផ្សាយ ព័ត៌មាន និងទទួលព័ត៌មាន។ នៅត្រឹមចុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងព័ត៌មាន បានចេញបណ្ណ សារព័ត៌មាន ដែលបានបំពាក់ QR code ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verity gov.kh រួចរាល់ជូនដល់អង្គភាព និងអ្នកសារព័ត៌មានបានចំនួន ៨០៦២ បណ្ណ ដែលអ្នកសារព័ត៌មានទាំងនោះបាននិងកំពុងធ្វើសកម្មភាព យ៉ាងសកម្មក្នុងវិស័យសារព័ត៌មាន៕

សម្ដេចតេជោ ហ៊ុន សែន៖ កំពង់ផែមូលដ្ឋានកងទ័ពជើងទឹករាម កំពុងក្លាយជាច្រកការទូតមួយ​ដ៏សំខាន់​ក្នុងការតភ្ជាប់ទំនាក់ទំនងវិស័យកងទ័ពរវាងកម្ពុជាជាមួយបណ្ដាប្រទេសនានា

2025/05/02 08:29:27 pm        492
នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ (NISHIMURA Yasutoshi) សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ដែលឯកឧត្តម បាន​អញ្ជើញ​មក​​កាន់ប្រទេសកម្ពុជា ហើយសម្ដេចសង្ឃឹមថា ឯកឧត្តម និងសហការី​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ប្រកប​ដោយ​ភាពរីករាយ និងបានឃើញពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសជំនួបនេះ ឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភា បានថ្លែងអំណរគុណ​ដល់​សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាត​ឱ្យ​នាវា​កង​ស្វ័យ​ការពារ​របស់​ជប៉ុន​បាន​ចូល​ចត​កាលពីពេលកន្លងទៅនៅកំពង់ផែ មូលដ្ឋានកងទ័ពជើងទឹករាម ដែលនេះបានបង្ហាញ​យ៉ាង​ច្បាស់ អំពីការបើកជំហ របស់កម្ពុជាដោយមិនមានការរើសអើងចំពោះប្រទេសណាមួយទេ ដោយ​ប្រទេសដែលជាសម្ព័ន្ធមិត្តកម្ពុជាអាចចូលចតបាននៅកំពង់ផែ មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​នេះ ហើយវាក៏ជាការ​បង្ហាញនូ​វ​អ្វី​ដែល​កម្ពុជា​ធ្លាប់​បាន​សន្យា​ជាមួយ​ជប៉ុន​ក្នុង​ការ​អនុញ្ញាត​ឱ្យ​នាវា​របស់​ជប៉ុន​បានចូលចតផងដែរ។ ទាក់ទងនឹងរឿងនាវាចូលចតនៅកំពង់ផែ មូលដ្ឋានកងទ័ពជើងទឹករាមនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានរំលេចដែរថា កម្ពុជាបានធ្វើការងារនេះ ដោយបើកចំហ ចំពោះ​ប្រទេស​ដែល​ជា​សម្ព័ន្ធ​មិត្ត ដែលចង់ចូលសំចតមិនថាចំពោះប្រទេសណាមួយសម្រាប់ប្រើសប្រាស់នោះឡើយ គឺជាសិទ្ធិ និង​អធិបតេយ្យរបស់កម្ពុជា ក្នុងការសម្រេច ក្នុងការអនុញ្ញាត​ឱ្យ​ប្រទេស​ណា​ចូល​សំចត​នាវា​ក៏បាន​ដែរ គឺជាអធិបេតេយ្យភាពរបស់កម្ពុជា ដូច្នេះជាការសម្រេចរបស់កម្ពុជា។ សម្ដេចតេជោ បានចាត់ទុកថា ការចូលសំចតនាវាបរទេសនៅ មូលដ្ឋានកងទ័ពជើងទឹករាម ក៏ជាផ្នែកមួយដែលកំពង់ផែនេះ កំពុងក្លាយ​ជា​ច្រក​ការ​ទូត​មួយ​ដ៏​សំខាន់​ក្នុង​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្ពុជា​ក្នុង​វិស័យកងទ័ព និងជាផ្នែកមួយ​នៃ​ការទូត​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​បណ្ដា​ប្រទេស​នានា។ សម្ដេចមានប្រសាសន៍ថា តួយ៉ាងដូចជាពេលថ្មីៗនេះ មានប្រទេ​ស​ជប៉ុន​បាន​សំចត​នាវា​របស់​ខ្លួន​នៅ​កំពង់​ផែ មូលដ្ឋានកងទ័ពជើងទឹករាម ក្រោយមកមានវានាប្រទេសរុស្ស៊ី, នាវាប្រទេសឥណ្ឌា និង​នាវារបស់ប្រទេសវៀតណាមជាដើម។សម្ដេចតេជោ បានបញ្ជាក់ថា ដូច្នេះ មូលដ្ឋានកងទ័ពជើងទឹករាម បានក្លាយទៅ​ជា​ការ​តភ្ជាប់​នូវ​ទំនាក់​ទំនងការទូតថ្មីមួយទៀតរបស់កម្ពុជា ហើយសម្ដេចបានគូសបញ្ជាក់ថា វាគឺជាអធិបតេយ្យ​របស់​កម្ពុជា ដែលកម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ឱ្យ​នាវា​របស់​ប្រទេស​ណា​ចូល​សំចត​ក៏​បាន​ដែរ​តាម​ការ​សម្រេចរបស់កម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន៖ ធនធានយុវជនគឺជាកត្តាកំណត់ពីការអភិវឌ្ឍក្នុងប្រទេសនីមួយៗ រួមទាំង​កម្ពុជាផងដែរ

2025/05/02 08:03:58 pm        233
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក បណ្ឌិត បាក់ អ៊ុកស៊ូ (Ock Soo Park) ស្ថាបនិកអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ (International Youth Fellowship-IYF) ចូលជួប​សម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះលោក បណ្ឌិត បាក់ អ៊ុកស៊ូ ស្ថាបនិក​អង្គការ សម្ព័ន្ធយុវជនអន្តរជាតិ និងសហការី​ដែល​បាន​អញ្ជើញ​មក​កាន់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ សម្ដេចតេជោ ក៏បានអរគុណដល់ អង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ដែលបាន​ចូល​រួម​ចំណែក​ក្នុង​ការជួយដល់យុវជនកម្ពុជា និងយុវជននានានៅលើសកលលោក។ នៅក្នុងឱកាសនោះ លោក បណ្ឌិត បាក់ អ៊ុកស៊ូ បានសម្ដែងនូវ​ការ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្ដេ​ច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បាន​ចូល​ជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ នៅក្នុងឱកាសនោះ លោកបណ្ឌិត បាន​ជម្រាប​ជូន​សម្ដេច​តេជោ​នូវសកម្មភាពរបស់អង្គការរបស់លោកដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា បានជួយដល់យុវជកម្ពុជា និងយុវជននានា​នៅ​លើ​សកល​លោក​នា​ពេល​កន្លង​មក ដែលជាតួនាទីស្នូលរបស់អង្គការជាពិសេស អង្គការ​បាន​ផ្ដោត​ទៅ​លើ​ការ​អប់រំ​ផ្លូវ​ចិត្ត​របស់​យុវជន។ លោក បណ្ឌិត បាក់ អ៊ុកស៊ូ បានគោរពអរគុណដល់សម្ដេចតេជោ ដែលបាន​គាំទ្រដ​ល់​សកម្មភាពការងាររបស់ អង្គការ សម្ព័ន្ធយុវជនអន្តរជាតិ និងស្នើសម្ដេចតេជោបន្តគាំទ្របន្តទៀត ដើម្បី​មាន​ឱកាសធ្វើសកម្មភាពកាន់តែច្រើនជួយដល់យុវជននៅកម្ពុជា។ក្នុងឱកាស​នោះសម្ដេចតេជោ ហ៊ុន សែន បានអរគុណជាថ្មីចំពោះអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ដែលបានរួមចំណែកជួយដល់យុវជនកម្ពុជា។ សម្ដេចបានលើកឡើងថា បញ្ហាយុវជនជាបញ្ហាធំ ជាបញ្ហាស្នូលសម្រាប់ប្រទេសនីមួយនៅលើសកលលោក ហើយសម្រាប់ប្រទេសកម្ពុជាក៏ដូចគ្នាដែរ ការគិតគូរមកលើយុវជនគឺជាអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់។ សម្ដេចតេជោ បានបញ្ជាក់ថា មាននិស្សិតជាង ៤ លាននាក់ ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងដើម្បីបណ្ដុះនូវធនធានជំនាញរបស់យុវជន ដូចជាការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១,៥ លាននាក់ ដែលរដ្ឋាភិបាលអាណត្តិទី៧បាននឹងកំពុងធ្វើ និងការផ្ដល់ឱកាការងារដល់យុវជនដើម្បីកុំឱ្យពួកគេធ្វើទង្វើដែលមិនគប្បីនៅក្នុងសង្គម។ សម្ដេចតេជោបានបញ្ជាក់ទៀតថា សម្រាប់ប្រទេសកម្ពុជាក្នុងចំណោមប្រជាជនប្រមាណ ១៧ លាននាក់កម្ពុជាសម្បូរដោយធនធានយុវជនច្រើន ក្នុងនោះកម្លាំងពលកម្មយុវជនវ័យក្មេងក៏មានច្រើន ដែលជាផ្នែកដ៏សំខាន់រាជរដ្ឋាភិបាលកំពុងតែមាននូវអាទិភាព និងកំពុងពង្រឹងបន្ថែមទៀតចំពោះករលើកកម្ពស់សមត្ថភាពយុវជននេះ។ សម្ដេចតេជោបានបញ្ជាក់ទៅកាន់ ស្ថាបនិកអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ទៀតថា កម្ពុជាមិនមែនត្រឹមតែគិតគូរលើយុវជនប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាក៏បានគិតគូរទៅដល់កុមារ និងស្រ្ដីផងដែរ ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ស្រ្ដីមានផ្ទៃពោះ លើការពិនិត្យសុខភាពចំនួន៤ដងដោយិនគិតថ្លៃ និងផ្ដល់ការឧបត្ថម្ភថវិកាបន្ថែម ការជួយឧបត្ថម្ភពេលសម្រាលកូន និងជួយទៅដល់កូនក្រោយពេលសម្រាលរហូតដល់អាយុពីរឆ្នាំបន្ថែមទៀត រួមជាមួយនឹងគោលនយោបាយជាច្រើនទៀតដែលបានដាក់ចេញសម្រាប់ជួយដល់ស្រ្ដី និងកុមារកម្ពុជា។ សម្ដេចតេជោ បានរំលេចថា ធនធានយុវជន គឺជាកត្តានៃការកំណត់ពីការអភិវឌ្ឍនៅក្នុងប្រទេសនីមួយៗ ជាក់ស្ដែងដូចជាប្រទេសកម្ពុជា គឺមិនអាចអភិវឌ្ឍបានឡើយ ប្រសិនបើធនធាន ចំណេះដឹង ឬជំនាញរបស់យុវជនកម្ពុជាខ្សោយ ដូច្នេះទើបរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចំពោះយុវជន។ នៅក្នុងឱកាសនោះសម្ដេចតេជោ ក៏បានបញ្ជាក់ថា សម្ដេចផ្ទាល់ក៏បានផ្ដល់តម្លៃសំខាន់ចំពោះតួនាទីរបស់យុវជនដែរ ហើយសម្ដេចក៏ជាអ្នកដែលបានផ្ដល់ឱកាស និងលុបបំបាត់ដែលើកឡើងថា យុវជននៅក្មេងពេកមិនអាចតែងតាំង ឬផ្ដល់តួនាទី សំខាន់បាន ដោយបានលុបបំបាត់នូវគំនិតនេះ ជាពិសេសនូវទសវត្សរ៍ឆ្នាំ ១៩៨០-១៩៩០ ដែលសម្ដេចបានខិតខំរំដោះប្រទេសជាតិ និងបានក្លាយជាយុវជនដ៏សកម្ម និងក្លាយជារដ្ឋមន្រ្ដីការបរទេសក្នុងវ័យត្រឹមតែ ២៧ឆ្នាំ និងជានាយករដ្ឋមន្រ្ដីក្នុងវ័យ ៣២ឆ្នាំ ដែលលទ្ធផលនេះបានឆ្លុះញ្ចាំងអំពីសារៈសំខាន់របស់យុវជននៅពេលនោះបានកើតមានសម្រាប់ប្រទេសកម្ពុជាដោយមិនមានការរើសអើងពីភាពក្មេងខ្ចីឡើយឱ្យតែមានសមត្ថភាព៕

សម្ដេចតេជោ ហ៊ុន សែន៖ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ជួយស្វែងរកសន្តិភាព និងការអភិវឌ្ឍ​កម្ពុជា

2025/05/02 07:24:06 pm        324
នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ (NISHIMURA Yasutoshi) សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហក​ម្ម​នៃ​ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ដែលឯកឧត្តម បានអញ្ជើញ​មក​កាន់​ប្រទេស​កម្ពុជា ហើយសម្ដេចសង្ឃឹមថា ឯកឧត្តម និងសហការរីស្នាក់​នៅ​ប្រទេស​កម្ពុជា​ប្រកប​ដោយ​ភាពរីករាយ និងបានឃើញពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។សម្ដេចតេជោ បានរំលេចដែរថា សម្ដេចរីករាយដែលបានជួបឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិក​រដ្ឋសភារបស់ជប៉ុនសារជាថ្មីក្រោយពីបានជួបកាលពីឆ្នាំ ២០១៨-២០១៩ កាល​ដែល​ឯកឧត្តម​នៅ​ជានាយករងខុទ្ទកាល័យរបស់អតីតនាយករដ្ឋមន្រ្ដីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ។ សម្ដេចបានចាត់ទុកវត្តមានរបស់ឯកឧត្តមអញ្ជើញមកដល់កម្ពុជាជាថ្មីនេះ ក៏ជាការរួមចំណែក​មួយ​នៃ​ការ​ពង្រឹងមិត្តភាពរវាងកម្ពុជា និងប្រទេសជប៉ុនផងដែរ។នៅក្នុងឱកាសនោះ ឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភាជប៉ុន បានថ្លែងអំណរ​គុណ​សម្ដេច​តេជោ ដែលបានស្វាគមន៍ និងផ្ដល់ឱកាសឱ្យឯកឧត្តម និងសហការីបាន​ជួប​សម្ដែង​ការ​គួរ​សម​នៅ​ក្នុង​ឱកាសនេះ។ ឯកឧត្តម ក៏បានរំលេចអំពី​អនុស្សាវរីយ​ដែល​បាន​ជួប​ជាមួយ​សម្ដេច​តេជោ កាលនៅជាអតីតនាយករងខុទ្ទកាល័យរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ កន្លងទៅដែរ។ ឯកឧត្តមបានសម្ដែងនូវក្ដីរីករាយចំពោះក្រោយបានឃើញនូវភាពរីកចម្រើនរបស់កម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្រ្ដី និ​ង​បន្ត​ដឹក​នាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យប្រទេស​កម្ពុជា​កាន់​តែរីក​ចម្រើន​បន្ត​ទៅ​មុខ​ជានិច្ច។ក្នុងឱកាសនោះ ឯកឧត្តម សមាជិករដ្ឋសភារបស់ជប៉ុន ក៏បានរម្លឹកអំពី​អនុស្សាវរីយ​មួយ​ដែលឯ​កឧត្តម​បានមកចូលរួមនៅក្នុងកម្មវិធីប្រជុំនៅខេត្តសៀមរាប ក្នុងឋានៈពេលនោះឯកឧត្តមជា រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុនផងដែរ ដែលបាន​ឃើញ​ពី​ការ​អភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមលើកឡើងថា កូនស្រី និងគ្រួសាររបស់​ឯក​ឧត្តម​បាន​អញ្ជើញ​មក​កម្ពុជា ក៏បានបង្ហាញនូវការរីករាយ សប្បាយចិត្ត និងចាត់ទុកប្រទេស​កម្ពុ​ជា​ជា​ប្រទេស​ទី​ពីរ ដែលបានពេញចិត្ត និងចង់រស់នៅ។ជា​ការឆ្លើយតប សម្ដេចតេជោ បានបង្ហាញការត្រេកអរ ដែលឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភាជប៉ុន និងក្រុមគ្រួសារ បានពេញចិត្ត និងឃើញនូវ​ផល​នៃ​ផ្លែ​ផ្កា​នៃ​ការ​អភិវឌ្ឍ​របស់កម្ពុជា តាមរយៈការរក្សាបាននូវសន្ដិភាពជាង ២៦ឆ្នាំកន្លងមកនេះ ពោលគឺ​តាំង​ពី​ឆ្នាំ​១៩៩៨ ដែលមកដល់ពេលនេះកម្ពុជាមានសន្ដិភាព និងមានការរីកចម្រើន។សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា ការរីកចម្រើន​របស់​កម្ពុជា​ក៏​មិន​អាច​កាត់​ផ្ដាច់​បាន​នូវ​តួនាទី​យ៉ាង​សំខាន់​របស់ជប៉ុន ជាពិសេសបើយើងត្រលប់ទៅក្រោយ គឺការស្វែងរកសន្ដិភាព គឺ​ជប៉ុន​មិន​ត្រឹម​តែ​បាន​ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍកម្ពុជានោះទេ ក៏ប៉ុន្ដែពី​អតីត​កាល​ជប៉ុន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការស្វែងរកសន្តិភាព ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ កន្លងទៅ ដែលជប៉ុនបាន​ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ និងនាំឱ្យកម្ពុជាមានសន្ដិភាព។ ក្រៅពីនេះ ជប៉ុនបានចូលរួមចំណែកយ៉ាងសកម្ម ក្រោយ​ពី​កម្ពុជា​មាន​សន្ដិភាព ដោយបានជួយស្ដារសេដ្ឋកិច្ច សង្គមកម្ពុជា​ឡើង​វិញ​ក្រោយ​សង្គ្រាម​រ៉ាំ​រ៉ៃ​រាប់​ទសវត្សរ៍​។ សម្ដេចតេជោ បានគត់សម្គាល់ថា កម្ពុជាសម្ដេចបាននូវភាពរីកចម្រើនៅពេលនេះ គឺ​មិន​អាច​កាត់ផ្ដាច់ពីការឧបត្ថម្ភ និងជំនួយនានារបស់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះទេ។ក្នុង​ជំនួបនេះដែរ សម្ដេចតេជោ បានលើកឡើងពីការពង្រីកនូវទំនាក់ទំនងជាពិសេស លើ​ការ​ផ្ដល់​ជំនួយ​របស់ជប៉ុនចំពោះកម្ពុជា ដោយសម្ដេចតេជោ បានស្នើឱ្យជប៉ុន​បន្ត​គាំទ្រ​ជួយ​ដល់​កម្ពុជា​បន្ថែម​ទៀត​ ពោលគឺការអភិវឌ្ឍនូវកំពុងផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យកម្ពុជា​មាន​លទ្ធភាព​ទទួល​យក​នូវនាវាគ្រប់ប្រភេទអាចចូលចតក្នុងការដឹកញ្ជូនទំនិញ និងឈានទៅ​កាត់​បន្ថយ​នូវ​ថ្លៃ​ចំណាយ​លើ​ការដឹកញ្ជូនតាមផ្លូវទឹក។ សម្ដេចតេជោ មានប្រសនស៍ថា ប្រសិនបើកម្ពុជា​មិន​មាន​នូវ​កំពង់​ផែទឹកជ្រៅដែលជប៉ុនបានជួយនេះទេ កម្ពុជានឹងមាន​ផល​វិបាក​ដល់​ការ​ដឹក​ជញ្ជូន​លើ​ការ​ដឹក​ទំនិញ​តាមផ្លូវទឹកនេះពុំខានឡើយ ដូច្នេះសម្ដេចតេជោ បានស្នើភាគីជប៉ុនបន្តយកចិត្តទុកដាក់ និង​ជួយ​គាំទ្រលើការភិវឌ្ឍកំពង់ផែទឹកជ្រៅកម្ពុជានេះ។ជាការឆ្លើយ​តបឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភាជប៉ុន បានសន្យាជា​មួយ​សម្ដេច​តេជោ​ថា នឹងខិតខំប្រឹង​ប្រែង​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​កម្ពុជា​នៅ​ក្នុង​ការ​អភិវឌ្ឍ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បន្ថែមទៀត ដើម្បីជួយសម្រួលដល់ការដឹកញ្ជូនផ្លូវទឹករបស់កម្ពុជា។ ឯកឧត្តម​ក៏​បា​ន​សន្យា​ថា នឹងខិតខំប្រឹងប្រែងពង្រីកនូវទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសជ​ប៉ុន​ឱ្យកា​ន់​តែ​រឹង​មាំ​បន្ថែមទៀត៕

កម្ពុជាត្រៀមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាម៉េរិកនៅថ្ងៃទី១៤-១៥ ឧសភានេះ នៅវ៉ាស៊ីនតោន

2025/05/02 06:30:51 pm        244
ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជ​កម្ម​បដិការ​រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែ​ឧសភា ឆ្នាំ២០២៥នេះ នារដ្ឋធានីវ៉ាស៊ីនតោន។ នេះបើយោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​អ្នក​នាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។សេចក្ដីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នៅព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧប​នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម បានដឹកនាំ​ក្រុម​ការងារ​ចំពោះ​កិច្ច​សម្រប​សម្រួល​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ តំណាង​ពាណិជ្ជកម្មសហរដ្ឋអាមេរិក ដឹកនាំដោយ លោកជំទាវ Surah Ellerman អនុ​ប្រធាន​តំណាង​ពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀម​សម្រាប់​ការ​ចរចា​លើ​កិច្ច​ព្រម​ព្រៀង ពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅ​ថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីវ៉ាស៊ីនតោន។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹង​បន្ត​ធ្វើ កិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលជួបសវនាការ ជាមួយគណៈប្រតិភូ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC/BIDV) ដែលបាននាំយកថវិកាចំនួន ៣០.០០០ ដុល្លារ មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា

2025/05/01 11:49:18 pm        433
នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ ជាមួយគណៈប្រតិភូ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC/BIDV) ដឹកនាំដោយលោក ឡាំ វ៉ាន់ ហៃ (Lam Van Hai) អគ្គនាយកធនាគារ BIDC ដែលបាននាំយកថវិកាចំនួន ៣០.០០០ ដុល្លារ (បីម៉ឺនដុល្លារអាម៉េរិក) មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។គិតចាប់ពីឆ្នាំ២០១១ ដល់បច្ចុប្បន្ននេះ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ១៦លើក មានថវិកាសរុប ៩២០.០០០ ដុល្លារអាម៉េរិក។ស្ថិតក្នុងឱកាសជួបជាមួយសប្បុរសជនទាំងអស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC/BIDV) ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូ អំពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដូចជាតាមរយៈការឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២រៀងមក, ការឧបត្ថម្ភថវិកា ៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ, ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់សមាគម អង្គការ មជ្ឈមណ្ឌលនានា ដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រា ជនមានពិការភាព ចាស់ឥតទីពឹងជាដើម ។ល។ ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ, ការសាងសង់ផ្ទះ-អណ្តូងទឹកជូនប្រជាពលរដ្ឋនៅតាមទីជនបទឆ្ងាយដាច់ស្រយ៉ាល និងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤កន្លងទៅ កាកបាទក្រហមកម្ពុជា បានប្រើប្រាស់មូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានធ្វើប្រតិបត្តិការដោយមានអ្នកទទួលផលដោយផ្ទាល់និងប្រយោលប្រមាណជាង ២លាននាក់ តាមរយៈវិស័យអាទិភាពទាំង៤ រួមមាន ១. ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២. សុខភាព និងការថែទាំសុខភាពតាមសហគមន៍ ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងសុខុមាលភាពសង្គម និង៤. ការអភិវឌ្ឍស្ថាប័ន។ លោកជំទាវបណ្ឌិត ក៏បានគោរពជូនពរដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសប្បុរសជន ព្រមទាំងគណៈប្រតិភូទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់។ជាកិច្ចឆ្លើយតប លោក ឡាំ វ៉ាន់ ហៃ អគ្គនាយកធនាគារ BIDC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យធនាគារ និងសប្បុរសជន វិស័យឯកជន បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM