សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ៖ មានកត្តា៤យ៉ាងធ្វើពលរដ្ឋដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ គ្រប់ទីកន្លែងក្នុងឱកាសឆ្នាំថ្មី

2025/04/22 09:06:19 pm        220
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា មានកត្តា៤យ៉ាងដែលបានធ្វើពលរដ្ឋដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយគ្រប់ទីកន្លែងក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ្រិស្តសករាជ ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។សម្ដេចតេជោបានថ្លែងថា មានកត្តា ៤យ៉ាងដែលធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាចូលឆ្នាំថ្មី ២០២៥នេះ ក្នុងនោះទី១ គឺកត្តាសុខសន្ដិភាព ដែលនេះគឺជាកត្តាចាំបាច់ មុនគេ ខណៈកាលពីឆ្នាំ១៩៧៥ ក្នុងឱកាសរដូវចូលឆ្នាំបែបនេះ គឺជាពេលវេលាវ៉ៃផ្ដាច់ព្រ័ត្រនៅទីក្រុងភ្នំពេញ ដូច្នេះប្រជាជននៅក្នុងកាលៈទេសៈមានសង្គ្រាមនាគ្រានោះ គឺមិនអាចប្រារព្ធពិធីចូលឆ្នាំដ៏សប្បាយរីករាយដូចបបច្ចុប្បន្ននេះបានទេ។ សម្ដេចតជោ មានប្រសាសន៍ថា ជាមួយនឹងការចាត់ចែងរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អ ប្រជាពលរដ្ឋបានធ្វើដំណើរដោយគ្មានការភ័យខ្លាចជាមួយសុខសន្ដិភាពដែលកម្ពុជាមាន។ បើយើងប្រៀបធៀបជាមួយនឹងប្រទេសដែលមានសង្គ្រាម នឹងប្រទេសខ្លួនឯងដែលធ្លាប់មានសង្គ្រាម គឺកត្តាសន្ដិភាពនេះ ចាំបាច់ណាស់ដែលយើងត្រូវរួមគ្នាការពារ។ សម្ដេចតេជោបានបន្តថា កត្តាទី២ដែលធ្វើឱ្យប្រជាពលរដ្ឋដើរលេងគ្រប់ទីកន្លែងនោះ គឺហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលបានបង្កើតនូវទំនាក់ទំនងចរាចរអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន បើយើងប្រៀបធៀបត្រឹមឆ្នាំ ២០០០ ឬក្រោយឆ្នាំ ២០០០ បន្ដិច គឺស្ថានភាពខុសគ្នាដាច់ស្រឡះ ខណៈបច្ចុប្បន្នហេដ្ឋាចរនាសម្ព័ន្ធស្អាតល្អនៅតាមរាជធានីខេត្តបានបង្កបរិយាកាសឱ្យពលរដ្ឋបានដើរលេងកម្សាន្តនៅគ្រប់ទិសទី។ ចំណែកកត្តាទី៣ គឺមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ គឺមានការកើនឡើង៖ ទោះបីថាវិបត្តិសេដ្ឋកិច្ចក៏ប៉ុន្ដែចរាចរនៅតែស្ទះ ដែលចំណុចនេះបង្ហាញអំពីការលូតលាស់។ រីឯកត្តា ទី៤ គឺជីវភាពរបស់ប្រជាជនក៏មានការកើនឡើង តាមរយៈការដើរលេងកម្សាន្តសប្បាយចាយវាយនៅតាមខេត្ត និងតំបន់ទេសចរផ្សេងៗ ហើយចរន្តនៃការទិញលក់ ការលក់រាយក៏នៅមានចរន្តល្អ។ ក្នុងឱកាសនោះសម្ដេចតេជោ ក្នុងនាមប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានខិតខំរៀបចំព្រឹត្តិការសង្ក្រាន្តឆ្នាំថ្មីនៅគ្រប់រាជធានី ខេត្តជូនប្រជាពលរដ្ឋលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងរក្សាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិដើរលេងកម្សាន្តក្នុងឱកាសនេះ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

2025/04/22 05:22:43 pm        151
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥។កិច្ចប្រជុំនេះ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើរបៀបវារៈដូចខាងក្រោម៖ ទី១៖ ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេប ស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៥។ ទី២៖ កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការ សម័យប្រជុំព្រឹទ្ធសភា លើកទី៣ នីតិកាលទី៥។បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩:១៥នាទី សម្ដេចតេជោ បានបន្តដឹកនាំការបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ កិច្ចប្រជុំនេះមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧ រូប។អង្គប្រជុំនេះបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផលនិងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៥។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញឡើងអានរបាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផលនិងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៥ ជូនអង្គប្រជុំបានជ្រាប៕ 

កម្ពុជា-ចិនបានចុះព្រមព្រៀងលើទំហំទឹកប្រាក់ ១,១៥៦ ប៊ីលានដុល្លារសម្រាប់គម្រោងព្រែកជីកហ្វ៊ូណនតេជោ

2025/04/20 01:15:57 am        760
ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៥ រាជរដ្ឋភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយដៃគូឯកជនសាធារណៈ ដើម្បីអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វ៊ូណន តេជោ ដែលមានទំហំទឹកប្រាក់សរុបចំនួន ១១៥៦ប៊ីលានដុល្លាអាមេរិក ដែលនឹងធ្វើទំនើបកម្មប្រពន្ធ័ដឹកជញ្ជូនតាមផ្លូវទឹក ពង្រឹងការធ្វើសេដ្ឋកិច្ចបែបឯករាជ្យ និងពង្រឹងការតភ្ជាប់នៅក្នុងតំបន់។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅក្នុងពេលដែល ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជាហើយក៏ជាការ ឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមួយឈានដល់កម្រិតខ្ពស់រវាងឯកឧត្តម ស៊ី ជីនពីង និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយនឹង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Wang Tongzhou ប្រធានក្រុមហ៊ុនសាងសង់ ទូរគមនាគមន៍ចិន China Communication Construction Company(CCCC)។ ទំហំទឹកប្រាក់នេះនឹង ចំណាយលើ ចម្ងាយផ្លូវទឹក ដែលលាតសន្ធឹងប្រវែង 151.6 គីឡូម៉ែត្រ ពីទន្លេបាសាក់ជិតរាជធានីភ្នំពេញ ដល់ខេត្តកែបរួមជាមួយនឹង ការបង្កើតច្រករបៀងផ្លូវទឹក-សមុទ្រថ្មីមួយដែលអាចផ្ទុកកប៉ាល់រហូតដល់ទៅ៣០០០deedwiegh។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានអោយដឹងថាគម្រោងប្រកបដោយមហិច្ចតា ដែលនឹងតភ្ជាប់ វិស័យដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម កសិកម្ម ការគ្រប់គ្រងធនធានទឹក ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទេសចរណ៍ និង ការដឹកជញ្ជូនក្នុងតំបន់។ “នេះជាការរស់ឡើងវិញនៃប្រពន្ធ័ផ្លូវទឹកជាប្រវត្តិសាស្រ្ត និង ជាកម្លាំងនៃការតភ្ជាប់អតីតកាល និង អននាគតរបស់កម្ពុជា” ។ សូមឱ្យគម្រោងមួយនេះក្លាយទៅជាអត្តសញ្ញាណដែលសម្រេចបាននូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ តាមរយៈការសហការគ្នារវាងរដ្ឋ និង ឯកជន ដែលបានផ្តល់ជូនប្រជាជន។ លោក Wang Tongzhou ប្រធានក្រុមហ៊ុនសាងសង់ ទូរគមនាគមន៍ចិន China Communication Construction Company(CCCC)បានអោយដឹងថា គម្រោងព្រែកជីហ្វ៊ូណន តេជោ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដែលនឹងនាំអោយសេដ្ឋកិច្ចកម្ពុជា មានការរីកលូតលាស់ ក្រោយពីព្រែកជីកនេះបានសាងសង់រួចរាល់នៅពេលខាងមុខ។ គម្រោងនេះនឹងកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន លើកកម្ពស់វិស័យឧស្សាហកម្ម និង ការនាំចេញនាំចូល។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។ ចំពោះការសាងសង់ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបាន។ គម្រោងផ្លូវទឹកនេះនឹងចំណាយទុនចំនួន ១.៧ ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិន CRBC ស្ថិតក្នុងរូបភាព BOT។ ក្នុងនោះក្រុមហ៊ុនខ្មែរកាន់កាប់ទុនវិនិយោគ ៥១% និងក្រុមហ៊ុន CRBC កាន់កាប់ទុនវិនិយោគ៤៩% និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៨ ខាងមុខ៕ អត្ថបទ៖ សូដាវណ្ណ

ចិនគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះវានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា

2025/04/19 08:30:33 pm        581
ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះគម្រោង​ផ្លូវ​ទឹក​ដ៏​សំខាន់​មួយ​នេះ នឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា លើការដឹកជញ្ជូន​ផ្លូវ​នាវា​ចរណ៍។ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន នៅកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងថា ភាគី​ចិន​យល់​យ៉ាង​ច្បាស់ពីតម្រូវការរបស់កម្ពុជាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ហើយចិន​ក៏​បាន​បង្ហាញ​នូវ​ការគាំទ្រ។ឯកឧត្តមបានបន្តថា ដោយនៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ក៏មាន​សហគ្រិន​របស់​ប្រទេសចិន ដែលពាក់ព័ន្ធនឹងគម្រោងនេះ បានចុះហត្ថលេខា​នូវ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិការ​ជាមួ​យភាគីកម្ពុជា ។គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ព្រែកជីកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ដែលត្រូវបានស្នើឡើងក្នុងប្រទេសកម្ពុជា ដែលតភ្ជាប់ កំពង់​ផែ​ស្វយ័តភ្នំពេញ ជាមួយ ក្រុងកែប និងឈូងសមុទ្រថៃ ។ ព្រែកជីកនេះនឹងចាប់ផ្តើមពី ព្រែក​តាកែវ នៃទន្លេមេគង្គ កាត់តាមព្រែកតាឯក នៃទន្លេបាសាក់ និងចុងក្រោ​យ​បញ្ចូល​គ្នា​ជាមួយ​ព្រែក​តាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ ដោយគ្រោងចំណាយថវិកាសាងសង់ចំនួនជាង ១ពាន់ ៧រយលានដុល្លារអាមេរិក ៕ អត្ថបទ បាន សុខរិទ្ធិ

ព្រះមហាក្សត្រ៖ កម្ពុជាបន្តគាំទ្រចិនតែមួយ និងសង្ឃឹមថា មិត្តចិននឹងបន្តជួយ ព្រមទាំង​ផ្ទេរបច្ចេក​វិទ្យាថ្មីៗ ដល់កម្ពុជា

2025/04/19 07:35:06 pm        230
ព្រះករុណា ព្រះមហាក្សត្រក្នុងព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជាកិត្តិយសជូនឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងគណៈប្រតិភូ, ព្រះអង្គបានមានព្រះរាជបន្ទូលថា កម្ពុជា​បន្ត​គាំទ្រ​ឥតងាក​រេចំពោះគោលនយោបាយចិនតែមួយ ហើយសង្ឃឹមថា មិត្តចិននឹងបន្តផ្ដល់​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ ក៏ដូចជាបន្តចែករំលែកបទពិសោធ និងផ្ទេរបច្ចេកវិទ្យា​ដល់​កម្ពុជា​បន្ថែម​ទៀត។ក្នុង​ព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជាកិត្តិយសជូនឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួនពីរថ្ងៃនៅកម្ពុជា ព្រះ​ករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គ​បាន​មាន​ព្រះរាជ​បន្ទូលថា កម្ពុជាបន្តគាំទ្រឥតងាករេចំពោះគោលនយោបាយចិនតែមួយ ហើយសង្ឃឹមថា មិត្ត​ចិន​នឹងបន្តផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបន្ត​ចែក​រំលែក​បទ​ពិសោធន៍​ល្អ​ៗ​ និងផ្ទេរបច្ចេកវិទ្យាថ្មីៗដល់កម្ពុជាបន្ថែមទៀត។ក្រៅពីមានព្រះរាជបន្ទូលបែបនេះ ព្រះករុណាព្រះមហាក្សត្រ ក៏បានមាន​ព្រះរា​ជបន្ទូល​ថ្លែង​នូវ​អំណរ​គុណ​ចំពោះមិត្តចិនដែលតែងយកចិត្តទុកដាក់ជួយទំនុកបម្រុងដល់កម្ពុជាជានិច្ច ជា​ពិសេស​ជំនួយ​អភិវឌ្ឍ។សូមជម្រាបជូនថា ឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋនៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅក​ម្ពុជារយៈពេល ២ ថ្ងៃគឺពីថ្ងៃទី១៧ ដល់ទី១៨ ខែមេសា ឆ្នាំ២០២៥ តបតាមការ​អញ្ជើញ​របស់​ព្រះករុណា ព្រះមហាក្សត្រ។ ដំណើរទស្សន​កិច្ច​នេះ​បាន​នាំ​មក​នូវ​ជោគ​ជ័យ​ថ្មី​ៗ​ថែម​ទៀត​ចំពោះ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជា​ពិសេស​វិស័យ​ពាណិជ្ជ​កម្ម វិនិយោគ ការទូត សេដ្ឋកិច្ច-សង្គមវ ប្បធម៌ និងទេសចរណ៍ជាដើម៕ ដោយ៖ គង់ ឌិន

ក្នុងឱកាសជំនួបជាមួយសម្ដេចធិបតី ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយម​លើការសាងសង់​ព្រែកជីកហ្វូណនតេជោ

2025/04/18 10:00:54 pm        464
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) នៅវិមានសន្តិភាព។ក្នុងជំនួបនោះ, លោក វ៉ាង តុងចូវ បានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះការផ្ដោតអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការសាងសង់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវបរិយាកាសវិនិយោគល្អ។ លោកប្រធានបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការជីកស្តារព្រែកជីក ក៏ដូចជាប្រព័ន្ធស្រោចស្រពធំៗ ជាដេីម។ បច្ចុប្បន្ន ក្រុមហ៊ុន មានប្រតិបត្តិការអាជីវកម្ម នៅក្នុង ១៥៨ ប្រទេស ជុំវិញពិភពលោក។ លោកបានបន្តថា ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC ជាអ្នកទទួលបន្ទុកសាងសង់ព្រែកជីកហ្វូណនតេជោ។ លោក វ៉ាង តុងចូវ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលបានឈានដល់ការចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗសម្រាប់ការអនុវត្តគម្រោងនេះ ស្របពេលនៃដំណេីរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជា ព្រមទាំងបង្ហាញជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នាពេលនេះ នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ថែមទៀត។ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលចិន ដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញលេីគម្រោងនេះ។ លោកប្រធាន ក៏បានគូសបញ្ជាក់ពីសុទិដ្ឋិនិយម នៃការអនុវត្តគម្រោង និងបានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងការសាងសង់ព្រែកជីកនេះ ឱ្យសម្រេចបានជោគជ័យ តាមផែនការដែលបានកំណត់ ប្រកបដោយគុណភាពខ្ពស់ និងជាគំរូមួយ។ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងសម្ដែងការរីករាយចំពោះក្រុមហ៊ុន CRBC ដែលបានដេីរតួនាទីយ៉ាងសំខាន់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោនេះ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល និងសារៈសំខាននៃព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលនឹងបើកសក្ដានុពលក្នុងការតភ្ជាប់ផ្លូវទឹក ពីទន្លេទៅកាន់សមុទ្រ និងពង្រីកសក្ដានុពលវិនិយោគក្នុងវិស័យឧស្សាហកម្ម កសិកម្ម ឡូជីស្ទីក និងអចលនទ្រព្យ ដែលនឹងជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ ថែមទៀត។មុនបញ្ចប់, សម្ដេចបវរធិបតី បានអបអរសាទរចំពោះការឯកភាពលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗសម្រាប់ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ និងជឿជាក់ថា គម្រោងនេះនឹងបញ្ចប់ការសាងសង់ដោយជោគជ័យតាមផែនការដែលបានគ្រោងទុក៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរឯកឧត្តម Xi Jinping និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍

2025/04/18 08:42:00 pm        352
បន្ទាប់ពីបញ្ចប់នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃ​សាធារណ​រដ្ឋ​ប្រជា​មានិតចិន និងគណៈប្រតិភូបានធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជាវិញហើយ។ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​នៃ​ព្រះរាជាណាចក្រកម្ពុជា និងមន្ត្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បានជូន​ដំណើរ​ឯកឧត្តម​ប្រធានាធិបតី និងគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ឯកឧត្តម Xi Jinping ​ប្រធានាធិបតីនៃសាធារណរដ្ឋ​ប្រជា​មានិតចិន គឺតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរ​បំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិន បានពង្រឹងពង្រីក​ទំនាក់​ទំនង​ទ្វេភាគី​ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខា​ន់​ៗ​ជា​ច្រើន រួមមានការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារ​យុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យ​កិច្ចការនារី និងវិស័យផ្សេងទៀត។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែល​នឹង​ធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ៕

ឯកឧត្តម ស៊ី ជីនពីង អញ្ជើញធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបញ្ចប់​ទស្សនកិច្ចផ្លូវរដ្ឋ​រយៈពេល២ថ្ងៃ នៅកម្ពុជា

2025/04/18 07:16:19 pm        485
បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវរដ្ឋប្រកដោយផ្លែផ្កា និងជោគជ័យរយៈពេលពីរថ្ងៃនៅកម្ពុជា គឺ​ចាប់​ពី​ថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥នេះ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ ឯកឧត្តម ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អញ្ជើញ​ធ្វើ​មាតុភូមិ​និវត្តន៍​វិញ​ហើយ។ក្នុងឱកាសនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញជូនដំណើរនិវត្តន៍របស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់​ពី​បាន​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះមហាជនក៏បានចូលរួមជូនដំណើរនិវត្តន៍របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋប្រជាមានិតចិន បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋចំនួនពីរថ្ងៃនៅកម្ពុជា ប្រកប​ដោយ​ជោគ​ជ័យ​នៅខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។សូម​ជម្រាបថា តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ ប្រជាមានិតចិនបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជា​ណា​ចក្រ​កម្ពុជា ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ស៊ី ជីនពីង បានចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា និង សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ។ ឯកឧត្តម បានមានជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។ដំណើរទស្សនកិច្ចនេះបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ក្នុងបរិការណ៍នេះ ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្គរ”៕

កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ គ្របដណ្តប់​លើវិស័យជាច្រើន

2025/04/18 06:44:05 pm        575
ជាលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងនោះមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខសកល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ ពន្ធគយ ចត្តាឡីស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពឹង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥នេះ។ ចំនួនឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ៣៧ គ្របដណ្តប់លើវិស័យជាច្រើននេះ មិនរាប់បញ្ចូលឯកសាររវាងរដ្ឋ និងឯកជន ព្រមទាំងរវាងធុរកិច្ច និងធុរកិច្ចមួយចំនួន ដែលបានចុះហត្ថលេខា លើគម្រោងធំៗ រួមមានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ការសាងសង់រោងចក្រថាមពល LPG 900 MW ក្នុងខេត្តកោះកុង និងគម្រោងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែកជាដើម។ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់យ៉ាងខ្លាំង នៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតក្នុងការថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង និងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ។ ភាគីទាំងពីរបានបង្ហាញពីបំណងរួមក្នុងការលើកកម្ពស់ការផ្លាសប្តូរ និងជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ រួមទាំងរវាងក្រសួង ការបរទេស និងក្រសួងការពារជាតិផងដែរ។ ភាគីទាំងពីរបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែង រួមគ្នានាពេលបច្ចុប្បន្ន ក្នុងការជំរុញទំនាក់ទំនងយ៉ាងស្អិតរមួត និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។ភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមក។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ កម្ពុជាប្រឆាំងចំពោះការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។ភាគីចិនបានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដី នៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ។ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងវិនិយោគ ភាគីកម្ពុជាបានវាយតម្លៃ ខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏ឆ្នើមរបស់ប្រទេសចិន និងបានសាទរចំពោះការរីកចម្រើន ឥតឈប់ឈររបស់ចិនឆ្ពោះទៅការកសាងប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យ និងប្រជាជាតិចិនដ៏ រុងរឿង។ ភាគីចិនបានអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការរក្សា ស្ថិរភាពនយោបាយ ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងគាំទ្រ យ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ ភាគីទាំងពីរបានឯកភាពធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញការអភិវឌ្ឍកាន់តែខ្លាំងថែមទៀត។ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នា ដើម្បីកសាងច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មប្រកបដោយសុវត្ថិភាព និងស្ថិរភាព។ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍតំបន់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដាខ្ពស់ ក៏ដូចជាការលើកកម្ពស់ការកសាងហេដ្ឋារចនា សម្ព័ន្ធគាំទ្រសំខាន់ៗ រួមមានប្រព័ន្ធដឹកជញ្ជូន បណ្តាញថាមពល ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម។ភាគីចិនបានបញ្ជាក់ជាថ្មីនូវការគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងបានសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាព កាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា។ លើសពីនេះ ភាគីចិនក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ភាគីទាំងពីរបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ខណៈរួមគ្នាលើកកម្ពស់ការរីកចម្រើនជាបន្ត បន្ទាប់ នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួល។ ភាគីទាំងពីរបានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញយ៉ាងសកម្មឱ្យមានការចុះហត្ថលេខាលើពិធីសារដំឡើងកម្រិត កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០។ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាព ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរ ទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការ ហ្វឹកហ្វឺន និងសមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ ការជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ និងការកែលម្អផ្នែកសេវាវេជ្ជសាស្ត្រ និងភស្តុភារកម្ម។ភាគីចិនបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាម ប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង ល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងការក្លែងបន្លំ។ចំពោះសន្តិសុខមនុស្សជាតិ ភាគីទាំងពីរបានទទួលស្គាល់ការគំរាមកំហែងជាសកលដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ហើយប្តេជ្ញាពង្រឹងការការពារបរិស្ថាន ជំរុញកិច្ចសហការ ថាមពលស្អាត រួមមានវារីអគ្គិសនី ថាមពលព្រះអាទិត្យ និងថាមពលខ្យល់។ កម្ពុជាបានវាយតម្លៃ ខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់ចិន ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ឧបករណ៍បោសសម្អាតមីន ដើម្បីជួយកម្ពុជាឱ្យសម្រេចគោលដៅកម្ពុជាមិនទទួលរងផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ភាគីទាំងពីរបានឯកភាពលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ ផ្នែកឱសថបុរាណ ការគ្រប់គ្រងវេជ្ជសាស្ត្រ ការបណ្តុះបណ្តាលបុគ្គលិកវេជ្ជសាស្ត្រ ការគ្រប់គ្រងជំងឺ និងវិស័យសុខាភិបាលផ្សេងៗ រួមទាំងការគាំទ្រផ្នែកសង្គ្រោះបន្ទាន់។ចំពោះការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងវប្បធម៌ ភាគីចិនបានសន្យាផ្តល់អាហារូបករណ៍បន្ថែមទៀត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីបង្កើនការងារ និងលើកកម្ពស់សហគ្រិនភាព។ ភាគីទាំងពីរបានឯកភាពយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងរួមគ្នាអភិវឌ្ឍវិថី ទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក សុវត្ថិភាពទេសចរណ៍។ ភាគីទាំងពីរនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងជំរុញកម្មវិធីអភិរក្ស និងស្តារព្រះបរមរាជវាំងបុរាណនៅអង្គរ ក៏ដូចជាប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃទៀត។ លើសពីនេះ ភាគីទាំងពីរនឹងបង្កើតយន្តការដើម្បីសម្រួលដល់ការផ្លាស់ប្តូរទៀងទាត់រវាងនាយកដ្ឋានកិច្ចការ យុវជន និងសហភាពសហព័ន្ធយុវជន នៃប្រទេសទាំងពីរ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រវាងធនាគារខួរក្បាល និងទីក្រុងសម្ព័ន្ធមេត្រីភាព ក្នុងគោលបំណងលើកកម្ពស់មិត្តភាពកម្ពុជា-ចិន។ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និង សកល ដែលជាការចាប់អារម្មណ៍និងកង្វល់រួម ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។ ភាគីកម្ពុជា បានអះអាងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងគំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) ធម៌សកល (GCI) និងបានកោតសរសើរចំពោះការប្តេជ្ញារបស់ចិន ក្នុងការអនុវត្តតំបន់បើកចំហ លើកកម្ពស់មជ្ឈភាពអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងជំរុញភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ការកសាងសហគមន៍វាសនារួមអាស៊ាន-ចិន និងសហគមន៍ វាសនារួម នៃសន្តិភាព និងវិបុលភាព ក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង។ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមជាសាកលទាំងបីនឹងត្រូវចេញផ្សាយនៅចុងបញ្ចប់ នៃទស្សនកិច្ច៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ÷ កម្ពុជា និងចិន ប្តេជ្ញាពង្រឹងការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី គ្រប់រដូវកាល

2025/04/18 06:37:01 am        218
ភ្នំពេញ ÷ នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសន្តិភាព។ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះឯកឧត្តមប្រធានាធិបតី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២ នៅកម្ពុជា។ សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមកតែងតែគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ លើសពីនេះ សម្តេចបវរធិបតីបានគូសរំលេចកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព រួមមាន៖ នយោបាយ, សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, ទេសចរណ៍, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងជំនួយអភិវឌ្ឍន៍របស់ចិនសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា។ សម្តេចក៏បានលើកឡើងពីលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ដូចជា «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ», «ច្រករបៀងអភិវឌ្ឍឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ» ជាដើម។ សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ រឹតតែជួយលើកកម្ពស់ទំនាក់ទំនងមិត្តភាពដ៏យូរលង់ ជាមិត្តដែកថែប និងជាមិត្តល្អ រវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹង ពង្រីកបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ជាការឆ្លើយតប, ឯកឧត្តម ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា ហើយបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចម្តងទៀតនៅកម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ឯកឧត្តមបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។ ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា, ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងថាចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ ភាគីចិននឹងបន្តលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីដោយបន្តជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, ការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ ការផ្លាស់ប្តូរទស្សនកិច្ចរវាងយុវជន និងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់។ក្នុងឱកាសនៃជំនួបនោះ សម្តេចបវរធិបតី និងឯកឧត្តម ស៊ី ជីនពីង ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាដែលជាក្ដីកង្វល់រួម និងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ សន្តិសុខ និងការពារជាតិ, ការបង្ក្រាបបទល្មើសឆ្លងដែន, ការពង្រឹងយន្តការពហុភាគីនិយម, និងការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី។ ជាពិសេស ថ្នាក់ដឹកនាំទាំងពីរបានឯកភាពកសាងផែនការសកម្មភាពសម្រាប់ "ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល" ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
07/25/2026 11:07 AM
កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
07/25/2026 11:07 AM
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
07/25/2026 11:07 AM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
07/25/2026 11:07 AM
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
07/25/2026 10:07 AM
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
07/25/2026 10:07 AM
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
07/25/2026 10:07 AM
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
07/25/2026 10:07 AM
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
07/25/2026 10:07 AM
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
07/25/2026 10:07 AM