រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃ ដើម្បីបោសសម្អាត Online Scams
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
កម្ពុជា ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហោះ​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​នៃ​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​អាកាស​ថៃ ​លើដែនអធិបតេយ្យកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម​បណ្ឌិតសភាចារ្យ ច័ន្ទ សារុន

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ៖ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ម្ខាងភរិយាត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយ​ក៏កំពុងឈឺធ្ងន់»

2025/03/25 04:40:55 pm        760
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ កំពុងមានទុក្ខជាទម្ងន់ ខណៈពេលនេះភរិយារបស់សម្ដេច គឺសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយរបស់សម្ដេច មិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ»។ នេះបើតាមការអះអាងរបស់សម្ដេចតេជោនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកនេះ។សម្ដេចតេជោ បានសរសេរថា ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយតែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ព្រោះមិនអាចនៅកំដរ និងមើលថែទាំភរិយាបាន។ រឿងធ្ងន់ជាងនេះ គឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។សម្ដេចបានបញ្ជាក់ថា ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយ និងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋានក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។បើតាមប្រសាសន៍សម្ដេចតេជោ រឿងចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរសព្វ័មានរូបប្លែកពីគ្នានៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំហាក់បង្ហាញនូវការមិនអស់ចិត្ត ឬនៅអាឡោះអាល័យអ្វីមួយ។សម្ដេចសម្ដែងនូវសេចក្ដីអាឡោះអាល័យថា៖«ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរ ព្រោះគាត់សន្លប់មិនដឹងខ្លួន ២៤ ម៉ោងរួចមកហើយ។ មិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា? និងអ្នកអបីយជំនឿបកស្រាយរបៀបណា?»៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ដើម្បីតម្រង់ទិស ពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2025/03/25 04:10:33 pm        154
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ដើម្បីតម្រង់ទិសពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងកសាងកម្មវិធីអប់រំមួយ ដែលមានច្រកសិក្សាច្រើនជម្រើស ដោយផ្អែកលើសមត្ថភាពសិស្ស និងមានទំនាក់ទំនងច្បាស់លាស់ប្រកបដោយភាពបត់បែន រវាងប្រព័ន្ធអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច នៅវិមានសន្តិភាព៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ បង្ហាញ​អំពី​សាមគ្គីភាព​ និង​រួម​ចំណែក​​លើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព

2025/03/25 03:38:49 pm        177
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នាល្ងាច​ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ថា ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺ​បង្ហាញ​អំពីសាមគ្គីភាព ការយោគយល់គ្នា និង​ការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ រវាង​សហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខ​សន្តិភាព ហើយក៏ជា​ឱកាស​សម្រាប់​ឱ្យ​អ្នក​ចូល​រួម​ពិធី​បានជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិត​ស្និទ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែក​បទ​ពិសោធន៍​​ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែកដល់​ការ​លើក​ស្ទួយ​សុខ​ដុម​នីយកម្ម​ជាតិ​សាសន៍ និងសាសនានៅកម្ពុជា សំដៅថែរក្សា​នូវសុខសន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​ទាំង​ផ្លូវ​កាយ​ ផ្លូវចិត្ត និងស្មារតីនៅក្នុងការអភិវឌ្ឍសង្គម​សេដ្ឋកិច្ចជាតិ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និង​ផ្តល់​សេរីភា​ពជំ​នឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូល​ដ្ឋាន​នៃការ​ពង្រឹង​សុខ​ដុម​នីយកម្មសាសនិកនៃគ្រប់និកាយសាសនា, ប្រឆាំងនូវរាល់​ទង្វើ​រើសអើង​សំដៅ​ទប់​ស្កាត់​ការ​យក​សាសនា​ទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិ​សាសនា​នៅកម្ពុជា។ កម្ពុជា​ពិត​ជា​មាន​មោទនភា​ព​ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់​សាសនាផ្សេងៗគ្នា, ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ មិនត្រឹមតែជាមោទនភាពសម្រាប់​កម្ពុជា​នោះទេ, ថែមទាំងជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ដែល​ប្រទេសជាច្រើនកោតសសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោល​នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការ​ល្អជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាព​ងាយ​ស្រួល​ជូនប្រជាពលរដ្ឋគ្រប់សាសនិក នៅព្រះរាជាណាចក្រកម្ពុជា, ទាំងបច្ចុប្បន្ន និងទៅអនាគត ។ មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី បានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួន ដើម្បីឱ្យសហគមន៍​បងប្អូនខ្មែរឥស្លាម ទទួលបាននូវការីកចម្រើនបន្ថែមទៀត ដូចជា៖ ទី១/ ថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និងមិត្តភាព ព្រមទាំង​មានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត, ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ, ដោយឈរ​លើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ និងសាសនា, ទី២/ សូមបន្តរៀបចំដឹកនាំ​កិច្ចការ​សាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការ​យ៉ាង​ជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់, ទី៣/ អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម (ម៉ាស្ជិទ-ស៊ូរ៉ាវ) ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹងស្តីអំពីការកំណត់ និងការកសាងទីកន្លែងប្រតិបត្តិសាសនា ទៅតាមបណ្តាភូមិ និងមានសាសនិកខ្មែរ​ឥស្លាមរស់នៅ​ឱ្យស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេស​ទៅតាម​ស្ថាប័ន​មានសមត្ថកិច្ច​, ទី៤/ សូមបង្កើនសកម្មភាពសង្គម តាមរយៈកិច្ចការងារមនុស្សធម៌, សុខុមាលភាព, ការអប់រំ​, ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃ​ជំនឿ​ឥស្លាម និងគោរពតាមរដ្ឋ​ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ទី៥/ សូមបន្តជឿជាក់ និងគំាទ្រ​លើ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាយ៉ាងពេញលេញនូវសិទ្ធិសេរីភាពខាងសាសនា​ឥស្លាមនៅកម្ពុជា តាមរយៈសាមគ្គីភាពជាមួយសាសនិកដទៃ ដើម្បីភាពសុខដុមនីយកម្ម​ជាតិ​សាសន៍ និងសាសនា, ទី៦/ សូមបន្តកិច្ចសហប្រតិបត្តិការកម្រិតជាតិ-អន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមខ្មែរឥស្លាម ដោយចៀសវាងការ​យក​សាសនាសម្រាប់ធ្វើអាជីវកម្ម, បង្កើតបញ្ហាមិនល្អ, បែកបាក់សាមគ្គី និង ភាពជ្រុលនិយម​ក្នុង​សហគមន៍៕

សម្ដេចធិបតី៖ ការប្រេះស្រាំជាតិសាសន៍ ការរើសអើងជាតិសាសន៍ ជាចំណែកនាំឱ្យបែកបាក់សង្គម

2025/03/25 01:28:56 am        143
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សម្ដេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន និងពិសាភោជនាហារសាមគ្គីជា មួយសាសនិកអ៊ិស្លាមនៅកម្ពុជា។ ក្នុងពិធីនេះ សម្ដេចធិបតីបានលើកឡើងពីកត្តាសំខាន់នៃសុខដុម ភាពជាតិសាសន៍ និងសាសនានៅកម្ពុជា ដែលជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក។​ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន និងពិសាភោជនាហារសាមគ្គីជាមួយសាសនិកអ៊ិស្លាមនៅកម្ពុជានាល្ងាចថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេចបានមានប្រសាសន៍លើក ឡើងពីសារៈសំខាន់នៃសុខដុមភាពជាតិសាសន៍ និងសាសនានៅកម្ពុជា។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា កត្តានេះគឺជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក។​សម្ដេចធិបតីរំលេចបន្ថែមថា ដោយសារតែកម្ពុជារក្សាបាននូវសុខដុមភាពនៃជាតិសាសន៍ និងសាស នាបែបនេះហើយ ទើបកាលពីពេលថ្មីៗកន្លងមកនេះ អង្គការសហប្រជាជាតិបានប្រគល់នូវតួនាទីដ៏សំ ខាន់មួយដល់កម្ពុជា។​តំណាងសាសនាអ៊ិស្លាមបានលើកឡើងដែរថា សហគមន៍អន្តរជាតិ បានកោតសរសើរចំពោះកម្ពុជា និងបានមកសិក្សាស្វែងយល់ដកយកបទពិសោធន៍ពីកម្ពុជា ចំពោះភាពសុខដុម នៃជាតិសាសន៍ និងសាសនា។ កម្ពុជាគឺជាប្រទេសគំរូមួយនៅក្នុងពិភពលោក និងគួរសហគមន៍អន្តរជាតិរៀនសូត្រតាម ពីកត្តាទាំងនេះ៕​ដោយ៖ គង់ ឌិន

សម្តេចធិបតី សម្តែងមោទនភាព​ខណៈ​រយៈពេល​យ៉ាង​ខ្លី​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​គំរូ​សម្រាប់​ពិភព​លោក​កំចាត់ជំងឺរបេង

2025/03/24 05:02:57 pm        501
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងមោទនភាពយ៉ាងខ្លាំង ខណៈ​រយៈ​ពេលយ៉ាងខ្លីកម្ពុជា បានប្រែក្លាយ​ទៅ​ជា​ប្រទេស​គំរូ​មួយ​សម្រាប់​ពិភព​លោក​ចំពោះ​ការងារ​កំចាត់​ជំងឺ​របេបយ៉ាង សកម្ម និងប្រកបដោយប្រសិទ្ធភាព។តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ«មែន ហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ប្តេជ្ញាវិនិយោគ អនុវត្ត» នាថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២៥​នេះ ​សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា សម្តេច​ពិត​ជា​មាន​សេចក្តី​រីក​រាយ​ជា​អនេក​កប្បការដែល​កម្ពុជាសម្រេចបាននូវលទ្ធផលជាទីមោទនៈ ក្នុងការប្រយុទ្ធនឹ​ង​ជំងឺ​របេង​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ខណៈដែលប្រមាណពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​អ្នកកើតជំងឺ របេងខ្ពស់ជាងគេក្នុងពិភពលោក តែរយៈពេលយ៉ាង​ខ្លី​«កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​គំរូមួយសម្រាប់ពិភព លោកចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។ លទ្ធផលដ៏គាប់ប្រសើរនេះ បានកើតចេញពីកិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់​ប្រជា​ជាតិ​យើង ដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីកសេ វាពិនិត្យ និងព្យាបាលជំងឺរបេង នៅ​គ្រប់​មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួម ទំាងថ្នាក់សហគមន៍ នៅ​ទូទាំង​ប្រទេសផងដែរ»។យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានលើកឡើងផងដែរថា ទោះបីជាកម្ពុ ជា​ទទួលបានជោគជ័យ ក៏ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់​ដោយ​សារ​ជំងឺ​របេង​ខ្ពស់​នៅ​ឡើយ​ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅលើសកលោក។ ដូច្នេះបញ្ហា​នេះ​តម្រូវ​ឲ្យ​យើង​ត្រូវ​បង្កើន ល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់​បន្ថយ​ជា​អតិបរមា​អត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។ ក្នុងស្មារតីនេះ សម្តេចធិបតីនា យករដ្ឋមន្រ្តី ស្នើឲ្យភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​បន្ត​ជំរុញ​ការ​យក​ចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយសក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បី​លើក​កម្ពស់សុខភាព គុណភាពនៃការរស់នៅ និង សេចក្តីថ្លៃថ្នូរ​បស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​មូល​។ដើម្បីឆ្លើយតបប្រធានបទ«មែន ហើយ!យើងអាចបញ្ចប់ជំងឺរបេងបាន៖ប្តេជ្ញាវិនិយោគ អនុវត្ត» ក៏ បាន​ស្នើ​ឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ​ត្រូវ​បន្ត​ខិតខំ​យក​ចិត្ត​ទុក ដាក់លើការងារអាទិភាពមួយចំនួន ដោយក្នុងនោះ​រួម​មាន​ត្រូវ​បង្កើន​ល្បឿន​អនុវត្ត​ការងារ​ប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក។ ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុង​ការ​ស្រាវ​ជ្រាវ​ស្វែងរកជំងឺរបេង រាប់ បញ្ចូលទាំង​សកម្ម​ភាព​ស្រាវ​ជ្រាវ​រក​ជំងឺ​របេង​ដោយ​ស្មារតី​បុរេស​កម្ម​នៅតាម​សហគមន៍ និងទីកន្លែងសាធារណៈនានា។ បន្តថែរក្សាឲ្យ​បាន​ខ្ពស់​នូវ​អត្រា​ព្យាបាល​ជោគ​ជ័យ​នៃ​ជំងឺរបេងលើសពី៩០ភាគរយ។ និងខិត ខំកៀរគរធនធាន​បន្ថែម​ទៀត​សម្រាប់​បម្រើ​ឲ្យ​ការ​ងារប្រយុទ្ធជំងឺរបេង ដើម្បីធ្វើយ៉ាងណាប្រែក្លាយកម្ពុជា អាចធ្វើដំណើរ​ឆ្ពោះ​ទៅ​កាន់​អនាគតដ៏​ភ្លឺ​ស្វាង ត្រចះត្រចង់ និងជាទឹកដីមួយដែលគ្មានជំងឺរបេងជាដើម៕ អត្ថបទ៖ បាន ចក់

សម្ដេចធិបតីឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍនៅនឹងកន្លែងដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

2025/03/23 04:13:07 pm        294
តាកែវ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នាល្ងាចថ្ងៃសៅរ៍ ទី២២ មីនា ២០២៥ ថា៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«យើងចាំបាច់ត្រូវរក្សាសក្តានុពលដែលមានស្រាប់ និងរក្សាអ្វីដែលជាធម្មជាតិសម្រាប់ជំរុញភាពទាក់ទាញនៅក្នុងសហគមន៍ ព្រមទាំងជួយរៀបចំ និងផ្តល់ហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម ជាមួយនឹងការសិក្សាបង្កើនសមត្ថភាពរបស់សហគមន៍។ យើងធ្វើអ្វីមួយត្រូវគិតដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យអស់លទ្ធភាពជាមុនសិន មុននឹងអនុញ្ញាតឱ្យវិស័យឯកជនមកវិនិយោគនៅក្នុងសហគមន៍របស់ប្រជាពលរដ្ឋ ។ បន្ថែមពីលើនេះ, សូមស្វែងរកដៃគូសក្តានុពលមកជួយអភិវឌ្ឍនៅក្នុងសហគមន៍ ប៉ុន្តែយើងត្រូវរក្សាសហគមន៍ជាគោលជានិច្ច»។សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា៖ រាជរដ្ឋាភិបាលបានខិតខំបង្កើតព្រឹត្តិការណ៍ និង ផលិតផលទេសចរណ៍ថ្មីៗជាច្រើន ប្រកបដោយភាពទាក់ទាញ ព្រមទាំងជួយលើកស្ទួយបន្ថែមទៀតនូវគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ មានដូចជាព្រឹត្តិការណ៍បុណ្យទន្លេ, អង្គរសង្ក្រាន្ត និង ផ្លូវថ្មើរជើង ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ, បង្កើនប្រាក់ចំណូលជូនប្រជាជន និង អាជីវករ នៅក្នុងមូលដ្ឋានផ្ទាល់។ ក្នុងន័យនេះ, គ្រប់តួអង្គពាក់ព័ន្ធត្រូវប្រកាន់ខ្ជាប់នូវស្មារតីថា ការការពារកិត្តិនាមកម្ពុជា គឺជាការការពារសេដ្ឋកិច្ចកម្ពុជា ដែលកើតចេញពីសក្តានុពលទេសចរណ៍ ។ ដូច្នេះ, សូមកុំដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ឬ ផលប្រយោជន៍រយៈពេលខ្លី សុខចិត្តធ្វើទង្វើមិនគប្បីចំពោះភ្ញៀវទេសចរ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តទៅលើប្រព័ន្ធអេកូឡូស៊ីនៃវិស័យទេសចរណ៍ទាំងមូល ។ ត្រង់នេះហើយ គឺជាអត្ថន័យនៃឃ្លាដែលថា “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ។មុននឹងបញ្ចប់, សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី បានផ្តល់នូវទស្សនទានមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ រួមមាន៖ ទី១- សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព និងជួយផ្សព្វផ្សាយនូវពាក្យស្លោក «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» “ទេសចរណ៍ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” និង “បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”។ ទី២- ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ, ជាពិសេសជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានហ្មត់ចត់ និងជាប់ជាប្រចាំ ។ ទី៣- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍, ការតភ្ជាប់ និង ការដឹកជញ្ជូន ។ ទី៤- ត្រូវជំរុញការផលិតឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ សំដៅជំរុញ «ការនាំចេញនៅនឹងកន្លែង» ។ ទី៥- សូមលើកទឹកចិត្តដល់ប្អូនៗយុវជន អ្នកផលិតមាតិកាលើបណ្តាញសង្គម, បណ្តាញសារព័ត៌មាន ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ដែលបានខិតខំក្នុងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានារបស់កម្ពុជា ។ ទី៦- សូមរដ្ឋបាលរាជធានី-ខេត្ត បំផុសឱ្យមានការរៀបចំព្រឹត្តិការណ៍អបអរសង្រ្កាន្តឆ្នាំថ្មីក្នុងមូលដ្ឋានរបស់ខ្លួន ចាប់តាំងពីកម្រិតថ្នាក់ខេត្តដល់ថ្នាក់ក្រុង ស្រុក ឃុំ ភូមិ និងនៅតាមគោលដៅទេសចរណ៍ និងវត្តអារាមនានា បន្ថែមពីលើមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលយើងនឹងប្រារព្ធឡើងនៅខេត្តសៀមរាប ។ ទី៧-សូមចូលរួមឱ្យកាន់តែសកម្មជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការធ្វើពិពិធកម្មព្រឹត្តិការណ៍ និង ផលិតផលទេសចរណ៍៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព

2025/03/21 05:43:32 pm        361
កណ្ដាល៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះការរីកចម្រើនរបស់វិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងក្រុងតាខ្មៅ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពនៃការអប់រំសិក្សា។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលនឹងខិតខំគ្រប់លទ្ធភាព ដើម្បីធ្វើទំនើបកម្មនៅតាមសាលាទាំងអស់តាំងពីថ្នាក់មូលដ្ឋាន ជាពិសេសត្រូវឱ្យសិស្សចេះប្រើប្រាស់ កុំព្យូទ័រ និងបច្ចេកវិទ្យានានាតាំងពីថ្នាក់បឋមឡើងទៅ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិសុខសុវត្ថិភាពគឺជាកត្តាសំខាន់សម្រាប់ការសិក្សារបស់សិស្សានុសិស្ស និងការរស់នៅរបស់ប្រជាពលរដ្ឋ។ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព សុវត្ថិភាព សន្តិសុខ និងការអភិវឌ្ឍទូទាំងប្រទេស។-សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរសមត្ថកិច្ចដែលបានខំដោះស្រាយបញ្ហាសន្តិសុខ ពិសេសការឃាត់ខ្លួនចោរឆក់ការបូបអ្នកផលិតមាតិកាលើបណ្ដាញសង្គមបរទេសម្នាក់ កាលពីប៉ុន្មានថ្ងៃមុន បានឆាប់រហ័ស។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងធនធានមនុស្សគឺមានសារៈសំខាន់ណាស់សម្រាប់ជាតិ និងគ្រួសារ។ ប្រសិនបើយើងគ្មានធនធានមនុស្ស គ្មានសមត្ថភាពនោះទេយើងត្រូវពឹងពាក់លើគេ។ -សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ នៅក្រោយការរលំដួលនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម យើងពឹងផ្អែកច្រើនលើអ្នកជំនាញការបរទេសឱ្យមកជួយកសាងអភិវឌ្ឍកម្ពុជា។ កម្ពុជាបានប្រឹងប្រែងជាបន្តបន្ទាប់អភិវឌ្ឍសមត្ថភាពខ្លួនឯងដល់បច្ចុប្បន្ន ដែលធ្វើឱ្យយើងប្រើប្រាស់ធនធានមនុស្សក្នុងប្រទេសគ្រប់កន្លែងទាំងអស់ ចំពោះអ្នកជំនាញការបរទេសមាននៅសល់តិចតួចប៉ុណ្ណោះ។-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តតាមគោលនយោបាយការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ក្នុងការកសាងសាលារៀន ពង្រាយសាលាឱ្យបានច្រើនដល់មូលដ្ឋានគ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីបង្កការងាយស្រួលដល់កូនចៅប្រជាពលរដ្ឋបានចូលរៀនសូត្រគ្រប់ៗគ្នា។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ដើម្បីពង្រឹងគុណភាពអប់រំត្រូវពង្រឹងលើបរិមាណ និងគុណភាព។ បរិមាណ គឺត្រូវធ្វើយ៉ាងណាឱ្យសិស្សនៅគ្រប់ទីកន្លែងទូទាំងប្រទេសបានចូលរៀនសូត្រទាំងអស់គ្នា និងត្រូវរៀនសូត្រឱ្យបានចំណេះដឹងខ្ពង់ខ្ពស់កាន់តែច្រើន។ ចំពោះគុណភាព គឺផ្ដោតទៅលើការធ្វើទំនើបកម្មកម្មវិធីសិក្សា និងកែទម្រង់នៅក្នុងវិស័យអប់រំជាបន្តបន្ទាប់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងរយៈពេល ១០ឆ្នាំនេះ សិស្សថ្នាក់មធ្យមសិក្សាកើនដល់ ៤០ ម៉ឺននាក់ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងមានសាលារៀនច្រើននៅតាមមូលដ្ឋានភូមិឃុំ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា ខិតខំពង្រឹងគុណវុឌ្ឍិរបស់លោកគ្រូ អ្នកគ្រូ ខណៈដែលលោកគ្រូ អ្នកគ្រូ ត្រូវខិតខំសិក្សាស្រាវជ្រាវជាប់ជាប្រចាំ ដើម្បីគុណភាពនៃការបង្រៀន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រាយគ្រូដល់តំបន់ជនបទ គឺសំខាន់ណាស់ មានគ្រូ អាចបង្រៀនបានគ្រប់ទីកន្លែង តែអត់គ្រូទោះមានអគារសិក្សាល្អៗយ៉ាងណាក៏ដោយ គឺការរៀនសូត្រមិនអាចដំណើរការទៅបាននោះឡើយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងខែមេសាឆ្នាំ២០២៥នេះ ប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទនឹងត្រូវបើកសរុបនៅដើមខែមុនចូលឆ្នាំខ្មែរ គឺមិនបើកចំនួន២លើកដូចកន្លងមកនោះឡើយ។ ចំពោះប្រាក់ឧបត្ថម្ភចំនួន ៥០០០០រៀលសម្រាប់ចូលឆ្នាំ ក៏នឹងត្រូវបើករួមជាមួយនឹងប្រាក់ខែផងដែរ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការបើកប្រាក់ខែ និងប្រាក់ឧបត្ថម្ភនេះបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការបើកប្រាក់ខែជូនមន្ត្រីរាជការ មិនដូចការលើកឡើងរបស់ពួកជ្រុលនិយមនោះទេ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្ដេចតែងតែចុះជួបប្រជាពលរដ្ឋ និងសិស្សានុសិស្សដោយផ្ទាល់នៅតាមមូលដ្ឋានដោយមិនបានប្រាប់ជាមុន ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នេះនឹងបន្តពង្រឹងគុណភាព​អប់រំ​ចាប់​ពី​ថ្នាក់​ទី១ ដល់ទី១២ ដោយត្រូវពង្រឹងទាំងចំណេះដឹងឱ្យបានច្បាស់លាស់ និងពង្រឹង​លើ​ឥរិយាបថ​សម្រាប់​រស់នៅក្នុងសង្គម។ ការពង្រឹងចំណេះដឹងឱ្យបានច្បាស់លាស់ គឺត្រូវពង្រឹង ដោយ​ធ្វើ​យ៉ាងណានៅក្រោយរៀនចប់ ត្រូវមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញការងារនានា ដើម្បីចិញ្ចឹមជីវិត។ ចំពោះការពង្រឹងឥរិយាបថ គឺត្រូវពង្រឹងបែបបទសុជីវធម៌ សីលធម៌ឱ្យបានល្អ ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការពង្រឹងចំណេះដឹង និង​ឥរិយាបថ​នេះបច្ចុប្បន្នរាជរដ្ឋាភិបាលផ្ដោតលើបឋមសិក្សាជាមុន។-សម្ដេចធិបតី៖ ការនិយាយរបស់សម្ដេចនាពេលនេះខុស​ពីការនិយាយពីដើម​អាណត្តិ នៃ​រដ្ឋាភិបាល​ដោយសារ​រាជរដ្ឋាភិបាល​បានធ្វើ​ច្រើន​កសាងច្រើន និង​សមិទ្ធផល​កើត​ឡើង​ជា​ច្រើន​។ សម្ដេច​បានបញ្ជាក់​ថា​ ការ​និយាយនេះ​គឺ​ដើម្បី​ចែក​រំលែក និង​លើក​ទឹកចិត្ត​ដល់​លោកគ្រូ​អ្នកគ្រូ និង​មាតាបិតា និងសិស្សានុសិស្ស។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៤ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការអប់រំសិក្សា ១-អភិបាលកិច្ច, ២-ឥរិយាបទ, ៣-ការយកចិត្តទុកដាក់លើសុខភាពសិស្ស និង៤- ការចូលរួមរបស់អាណាព្យាបាល និងសហគមន៍-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ កត្តាដែលជះឥទ្ធិពលដល់មនុស្សមាន៣ គឺក្នុងសាលា, នៅផ្ទះ និងបរិស្ថានសង្គម។ បើកត្តាទាំង៣នេះផ្ដល់ភាពវិជ្ជមាន នាំឱ្យមនុស្សទទួលបានផលវិជ្ជមាន និងធ្វើឱ្យសង្គមទាំងមូលស្ថិតក្នុងគន្លងផ្លូវល្អ។ បើកត្តាទាំង៣ នេះផ្ដល់ភាពអវិជ្ជមាន នាំឱ្យ​មនុស្ស​ទទួល​បាន​ផល​អវិជ្ជមាន និង​ធ្វើ​ឱ្យសង្គមទាំងមូលស្ថិតក្នុងគន្លងផ្លូវមិនល្អ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិស្សានុសិស្សចៀសឱ្យឆ្ងាយពីគ្រឿងញៀន នាំ​ខូច​អនាគត​ខ្លួន ជាពិសេស​ឪពុកម្ដាយខូចចិត្ត ដែលបានខិតខំលះបង់គ្រប់យ៉ាងដើម្បីចិញ្ចឹមបីបាច់ថែរក្សាកូន ចង់ឃើញ កូនបានល្អ តែមិនបានដូចបំណងប្រាថ្នា។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គ្រោងនឹង​ចុះទៅពិនិត្យ​តាម​មណ្ឌល​សុខភាព​​នានា​ដោយមិនប្រាប់ឱ្យដឹងជាមុននោះឡើយ ដើម្បីតាមដានលើសេវាទទួល​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ២៤ម៉ោងលើ ២៤ម៉ោងនៅតាមមូលដ្ឋាន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យអ្នកសិក្សា និងអ្នកបំពេញការងារនានា គួរមាន​ពេល​ធ្វើ​សមាធិ ដែលជាវិទ្យាសាស្ត្រមួយនៅក្នុងការពង្រឹងស្មារតី រំងាប់អារម្មណ៍មិនល្អ និងមាន​ការ​ផ្ដោត​អារម្មណ៍​បាន​ល្អ ដែលធ្វើឱ្យការសិក្សា ការបំពេញការងារទទួលបានផលល្អ នៅ​បន្ទាប់​ពី​ការ​ធ្វើសមាធិ​។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ដើម្បីពលរដ្ឋមានសុខភាពល្អ គឺគ្រូពេទ្យត្រូវពិនិត្យវាយតម្លៃលើអ្នកជំងឺឱ្យត្រូវតាមស្ថានភាពរបស់អ្នកជំងឺ ពង្រឹងគុណភាពសុខាភិបាលឱ្យកាន់តែប្រសើរ និងត្រូវបង្ការកុំឱ្យឈឺ។ ប្រសាសន៍សម្ដេចធិបតីចប់នៅម៉ោង ១០និង៣៤នាទី

ប្រធាន​ និង​ជានាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា

2025/03/21 05:20:08 am        260
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Laurent Ferreira ប្រធាន និងនាយកប្រតិបត្តិធនាគារជាតិកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA និង​​គណៈប្រតិភូ​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។នៅក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ​ បានគោរពជម្រាបជូនសម្ដេចបវរធិបតី​ អំពីវឌ្ឍនភាពអាជីវកម្មរបស់ធនាគារ ABA ​ដែលបានក្លាយជាធនាគារលំដាប់ទី១ នៅកម្ពុជា និង​បានគូសបញ្ជាក់ថា ធនាគារ ABA ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ដែលបានចូលរួមចំណែកដល់ការធ្វើទំនើបកម្មប្រព័ន្ធធនាគារនៅកម្ពុជា។ លោកប្រធានធនាគារ​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តបំពេញតួនាទីសំខាន់​ និងបន្តចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរចំពោះវឌ្ឍនភាព​ និងការរីកចម្រើនរបស់​ធនាគារ​ ABA, ជាពិសេស ការទទួលបានចំណាត់ថ្នាក់ ជាធនាគារលំដាប់ទី១ នៅកម្ពុជា។ សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទី​ និងការចូលរួមចំណែករបស់ធនាគារ ABA នៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធធនាគារកម្ពុជា តាមរយៈការធ្វើប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ប្រកបដោយភាពងាយស្រួល​ និងសុវត្ថិភាព។ ទន្ទឹមនឹងនោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយគន្លឹះនានារបស់រាជរដ្ឋាភិបាល​ ក្នុងការគាំទ្រ និង ធានានូវភាពធន់នៃប្រព័ន្ធធនាគារកម្ពុជា។ ជាមួយគ្នានេះ, សម្តេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យធនាគារ ABA ពិនិត្យលទ្ធភាព ក្នុងការគាំទ្រហិរញ្ញវត្ថុទៅដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម​ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីជំរុញការបង្កើនតម្លៃបន្ថែម​របស់វិស័យនេះ ផងដែរ៕

រដ្ឋមន្រ្តី​ការបរទេស​ សមាហរណកម្មតំបន់​ និងប្រជាជនតូហ្គោនៅបរទេស​ នៃ​សាធារណរដ្ឋតូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា

2025/03/21 05:02:44 am        238
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យ Robert DUSSEY រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រី​ បាន​សម្ដែង​នូវការ​អបអរសាទរ​ចំពោះការអភិវឌ្ឍ​រីកចម្រើន​យ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា និងបានអបអរសាទរ​ចំពោះកម្ពុជាដែលនឹងធ្វេីម្ចាស់ផ្ទះ​​​នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលេីកទី២០​ នៅឆ្នាំ២០២៦ ហើយ ឯកឧត្តម ក៏បានបញ្ជាក់​ពីការគាំទ្រដល់កម្ពុជាក្នុងការរៀបចំកិច្ច​ប្រជុំកំពូលនេះ​ឱ្យទទួលបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចបវរធិបតី អំពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសតូហ្គោ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ ព្រមទាំងអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងឯកឧត្តម​ និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដេីម្បីសិក្សា​ និងស្វែងរកនូវកាលានុវត្តភាពក្នុង​ការពង្រីកកិច្ចសហប្រតិបត្តិការ​ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសភាពាណិជ្ជកម្ម​ នៃប្រទេសទាំងពីរ ផងដែរ។​ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ សម្ដេចវត្តធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតូហ្គោ ដែលបានគាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី​ លេីកទី២០​ នៅឆ្នាំ២០២៦។សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថាទំនាក់ទំនងការទូតរវាងកម្ពុជានិង តូហ្គោ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ កំពុងតែមានភាពសកម្មឡើង និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាន​នូវ​លទ្ធផលដ៏ល្អនៃ​កិច្ចសហប្រតិបត្តិការរបស់​ក្រសួង​ការបរទេស​នៃប្រទេសទាំងពីរ។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា​ និងតូហ្គោ​ មានវិស័យសក្ដានុពលជាច្រើនទៀត ក្នុង​ពង្រីកកិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​ ទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល និងរដ្ឋាភិបាល,​ វិស័យឯកជន និងឯកជន ក៏ដូច​ជា​ការតភ្ជាប់​រវាងប្រជាជន​ និងប្រជាជន។ សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីតូហ្គោក៏បានពិភាក្សា ស្វែងយល់ និងចែករំលែកនូវបទពិសោធន៍ ក្នុងការអភិវឌ្ឍប្រទេស ទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន ជាអាទិ៍៖ សេដ្ឋកិច្ច​, ពាណិជ្ជកម្ម, វិនិយោគ,​ កសិកម្ម,​ ថាមពលស្អាត​ និង​អប់រំ ​ផងដែរ។

ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ​ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត

2025/03/21 04:17:59 am        234
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ នៅក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិ បានសម្តែងសេចក្តីសោមនស្សរីករាយ និងមានមោទនភាព ដែលដែលក្រុមហ៊ុន AirAsia បានវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអាកាសចរណ៍។​ លោកនាយកប្រតិបត្តិជឿជាក់ថា តាមរយៈការសាងសង់អាកាសយានដ្ឋានចំនួនបី នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ចំនួនអ្នកធ្វើដំណើរ និង ភ្ញៀវទេសចរ មកកាន់កម្ពុជានឹងកើនឡើងជាលំដាប់ នាពេលខាងមុខ។ ទន្ទឹមនោះ, លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរចំពោះការរីកចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុន AirAsia នៅកម្ពុជា និងបានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន AirAsia បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលមានប្រតិបត្តិការនៅកម្ពុជា។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន AirAsia ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកំពង់ធំ ជួបសំណេះសំណាល និងអបអរសាទរសិស្សជ័យលាភីនិទ្ទេស A
09/06/2026 03:09 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាង​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
09/06/2026 02:09 PM
ជនជាតិចិន ត្រូវបានសង្រ្គោះចេញពីរូងក្រោមដីនេប៉ាល់ រយៈពេល ១០ថ្ងៃ ក្រោយទឹកជំនន់ដ៏គំហក់
09/06/2026 02:09 PM
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង ស្រុកជើងព្រៃ នាំយកអំណោយ និង​ថវិកា​ជូន​ដល់​ពលរដ្ឋមានជីវភាពខ្វះខាត
09/06/2026 02:09 PM
យានចម្លងអាល្លឺម៉ង់ឡើងដល់ទីអវកាស ខណៈអឺរ៉ុបចូលរួមប្រកួតប្រជែងបាញ់បង្ហោះផ្កាយរណប
09/06/2026 02:09 PM
ក្រសួងការងារ នាំយកឱកាសការងារដល់ផ្ទះជូនប្រជាពលរដ្ឋនៅស្រុកថ្មបាំង
09/06/2026 02:09 PM
រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃ ដើម្បីបោសសម្អាត Online Scams
09/06/2026 02:09 PM
អន្តរក្រសួង ចុះវាយតម្លៃការងារថែទាំផ្លូវជនបទ ១២ខ្សែ នៅខេត្តត្បូងឃ្មុំ
09/06/2026 02:09 PM
ក្រុមនិស្សិតចុះស្រាវជ្រាវផ្ទាល់ពីវប្បធម៌ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី
09/06/2026 01:09 PM
រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញអាជ្ញាពាក់ព័ន្ធបន្តផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបញ្ហាជំងឺអេដស៍
09/06/2026 01:09 PM