រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃ ដើម្បីបោសសម្អាត Online Scams
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
កម្ពុជា ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហោះ​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​នៃ​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​អាកាស​ថៃ ​លើដែនអធិបតេយ្យកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម​បណ្ឌិតសភាចារ្យ ច័ន្ទ សារុន

ព័ត៌មានសំខាន់ៗ

ធនាគារអភិវឌ្ឍន៍អាស៊ី( ADB)​ នឹងបន្តពង្រឹង​ និង​ពង្រីកកិច្ចសហប្រតិបត្តិការក្នុង​ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាល​កម្ពុជា

2025/03/21 03:52:35 am        229
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធាន ADB បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏មានសារៈសំខាន់ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ADB និងកម្ពុជា បានរីកចម្រើនជាលំដាប់។ ឯកឧត្តមប្រធាន ADB ក៏បានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ADB និងកម្ពុជា នឹងបន្តរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានោះ, ឯកឧត្តមប្រធាន ADB ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១ របស់ឯកឧត្តម មកកាន់កម្ពុជា នាឱកាសនេះ ឯកឧត្តម និង គណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តកែប ដើម្បីស្វែងយល់អំពីគម្រោងនៃ “ការពង្រឹងភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា” ក៏ដូចជាបានបំពេញទស្សនកិច្ចនៅវិទ្យាល័យមួយ។ ភាពជោគជ័យនៃការអនុវត្តគម្រោងនេះ ជា​ ឧទាហរណ៍ជាក់ស្តែងដ៏ល្អមួយក្នុងភាពជាដៃគូរវាង ADB និង កម្ពុជា។ ឯកឧត្តមប្រធាន ADB ក៏បានគូសបញ្ជាក់ផងដែរថា ការអនុម័តអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជា ឆ្នាំ ២០២៤-២០២៨ របស់ ADB មានភាពស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ADB​ នឹងបន្តពង្រឹង​ និង​ពង្រីកកិច្ចសហប្រតិបត្តិការក្នុង​ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាល​កម្ពុជាដើម្បីចូលរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការវាយតម្លៃខ្ពស់ និង អរគុណចំពោះការគាំទ្ររបស់ ADB ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការដាក់ចេញនូវគោលដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការដាក់ចេញនូវគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅដល់ការលើកកម្ពស់វិស័យសុខាភិបាល, វិស័យអប់រំ និងឱកាសការងារ ជាដើម។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវវិធានការ និងយន្តការគន្លឹះដើម្បីគាំទ្រទៅដល់សហគមន៍មូលដ្ឋាននៅក្នុងការអភិវឌ្ឍសក្ដានុពលររបស់ខ្លួននៅតាមមូលដ្ឋាន តាមរយៈការដាក់ចេញនូវការគាំទ្រលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន សំដៅធានាដល់ការផ្តល់ផលប្រយោជន៍ផ្ទាល់របស់សហគមន៍។ ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយនៅក្នុងការលើកកម្ពស់ការអប់រំ ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ក៏ដូចជាការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានា ដើម្បីធានាបរិយាកាសវិនិយោគ ក៏ដូចជា ការធានាភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តដល់ ADB បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដេីម្បីបន្តជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាង ADB និង កម្ពុជា​ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតផងដែរ៕

សម្ដេចធិបតី៖ គោលការណ៍សំខាន់ចំនួន ៣ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះទទួលបន្ទុកអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល

2025/03/20 11:08:55 pm        202
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ថា៖ គោលការណ៍សំខាន់ចំនួន ៣ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ទទួលបន្ទុកអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល គឺ៖ ១/ ការផ្តល់ជាទម្ងន់ និងសារនយោបាយក្នុងការគាំទ្រ ដោយផ្តោតលើការពង្រឹង ជាជាងការពង្រីក, ២/ ការផ្តល់លទ្ធផលលឿន និង៣/ ការទទួលខុសត្រូវ។សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមថា ការកែទម្រង់មុខងារសាធារណៈ ពិសេសករណីស្រពិចស្រពិលនៃការវិភាគមុខងារ, និងក្របខណ្ឌនៃការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៣ គឺ៖ ១/ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព, ២/ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និង ៣/ ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។ចំពោះវិធានគន្លឹះទី១ ស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានពន្យល់ច្បាស់ថា ជាពិសោធន៍ក្នុងការតាមដានគុណផលនៃការជ្រើសរើស តាមរយៈការប្រឡង គឺត្រូវពិនិត្យតាមដំណាក់កាលនីមួួយៗ ដូចជា៖ ១/ តើមានការលេចចេញវិញ្ញាសារប្រឡងឬទេ?, ២/ តើមានព្រឹត្តិការណ៍អ្វីកើតឡើងក្នុងអំឡុងពេលប្រឡងឬទេ? និង ៣/ តើមានប្រតិកម្មអ្វីខ្លះ ក្រោយការប្រឡងបានបញ្ចប់? ជាលទ្ធផល និងគោលបំណងដែលយើងចង់បាន គឺភាពយុត្តិធម៌ និងការជឿទុកចិត្ត។ ដូចនេះ, ចំពោះភាពជោគជ័យដែលសម្រេចបាន, សម្តេចបវរធិបតី បានសម្តែងការអរគុណដល់ក្រសួងមុខងារសាធារណៈ ជាពិសេសសាមីខ្លួន ដែលជាបេក្ខជនប្រលង ដែលបានជឿជាក់ និង មកចូលរួមប្រឡង និងអាណាព្យាបាលដែលបានជឿជាក់ និង ជំរុញកូនចៅរបស់ខ្លួនមកចូលរួមប្រឡង ដោយឈរលើ គោលការណ៍ “ការផ្តល់ឱកាសស្មើគ្នា ដើម្បីគ្រប់គ្នា និងជឿទុកចិត្ត”។សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមអំពីវិធានការគន្លឹះទី២ គឺការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយត្រូវធានាប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ។ អ្វីដែលរាជរដ្ឋាភិបាលធ្វើការកែទម្រង់ គឺមិនមែនត្រឹមតែកិច្ចការរដ្ឋបាលប៉ុណ្ណោះទេ តែត្រូវធ្វើការកែទម្រង់ ទាំងឯកសារ, មនុស្ស និងរបៀបរបបនៃការដឹកនាំគ្រប់គ្រង ដោយឈរលើអភិក្រម៖ “ការពង្រឹងជាជាងពង្រីក និងការរៀបចំផ្ទះឱ្យរៀបរយ”។ ជាលទ្ធផលសម្រេចបានក្នុងការអនុវត្តការកែទម្រង់កន្លងមក គឺធានាបានចំពោះវិស័យមួយចំនួនដែលគ្រោងស្នើពង្រឹង មិនមានការពង្រីករចនាសម្ព័ន្ធ, ប្រើប្រាស់អភិក្រមពង្រឹងដោយមិនពង្រីក, ថែរក្សា និងកែសម្រួលតាមការចាំបាច់ ហើយត្រូវមានការចូលរួមទាំងអស់គ្នា ជាមួយនឹងការលះបង់ខ្ពស់។មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីវិធានការគន្លឹះទី៣ គឺការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព, ការជំរុញ និងរៀបចំមេដាយសម្រាប់មន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងមន្ត្រីជាប់កិច្ចសន្យា ដោយត្រូវធ្វើឱ្យសុក្រឹត្យ សម្រាប់មន្ត្រីដែលសកម្ម មានស្នាដៃ និងធ្វើការជាប់ជាប្រចាំ ដោយបានណែនាំឱ្យក្រុមការងារចំពោះកិច្ច ទទួលបន្ទុកអនុវត្ត និងរៀបចំមេដាយជូនមន្ត្រីដែលបានធ្វើការចាប់ពី ១០ឆ្នាំឡើងទៅ និង មិនដែលទទួលបានមេដាយសោះ នៅក្របខណ្ឌទូទាំងប្រទេស ។ ក្រុមការងារចំពោះកិច្ចនេះ គឺត្រូវរៀបចំធ្វើតែចំពោះករណីលើកទី១ប៉ុណ្ណោះ, ដោយបន្ទាប់មក គឺត្រូវជូនសិទ្ធិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ក្រសួងស្ថាប័ន ជាអ្នករៀបចំ ឬស្នើតាមក្របខណ្ឌដែលមានស្រាប់៕

សម្ដេធិបតីឱ្យរៀបចំផ្ដល់មេដាយជូនមន្រ្ដីរាជការទ្រង់ទ្រាយធំ និងធ្វើតែម្ដងប៉ុណ្ណោះចំពោះមន្រ្ដីដែលធ្វើការងារ១០ឆ្នាំឡើងទៅ និងមិនទាន់ទទួលបានមេដាយសោះ

2025/03/20 12:39:42 am        166
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានចេញសារពិសេសណែនាំឲ្យរៀបចំមេដាយជូនមន្ត្រីតាមបណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិករណីពិសេស ដែលសម្តេចបានប្រគល់ការងារជូនឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីដឹកនាំរៀបចំការងារនេះ។តាមរយៈសារសំឡេងពិសេស «ស្តីពីការរៀបចំមេដាយជូនមន្ត្រីតាមបណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ករណីពិសេសនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា ម្សិលមិញនេះ នៅក្នុង វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេចបានផ្ដល់គោលការណ៍រួចហើយដើម្បីឱ្យគិតគូរអំពីការផ្ដល់មេដាយទៅដល់មន្រ្ដីជាប់កិច្ចសន្យា គ្រូជាប់កិច្ចសន្យាដែលបានបំពេញ ដែលបានបំពេញការងារមួយរយៈហើយ ប៉ុន្ដែមិនទាន់បានស្នើសុំមេដាយជូនពួកគាត់។ សម្ដេចធិបតីបញ្ជាក់ថា តាមរយៈប្រព័ន្ធបណ្ដាញសង្គមសម្ដេចបានទទួលនូវសារជាច្រើនពីលោកគ្រូ អ្នកគ្រូ និងមន្រ្ដីរាជការផ្ទាល់ ក្នុងនោះមិនត្រឹមតែមន្រ្ដីកិច្ចសន្យាប៉ុណ្ណោះទេ ប៉ុន្ដែគឺមន្រ្ដីក្របខណ្ឌតែម្ដង ដែលមន្រ្ដីរាជការ លោកគ្រូអ្នកគ្រូខ្លះ ធ្វើការងារ១០ឆ្នាំ ២០ឆ្នាំទៅហើយ ប៉ុន្ដែមិនទាន់បានទទួលនូវមេដាយមួយទេ។ សម្ដេចធិបតីបានបញ្ជាក់ថា ជាការពិតសម្ដេចបានដឹងថា កន្លងទៅគ្រប់បណ្ដាក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិបានធ្វើការស្នើសុំមេដាយជាបន្តបន្ទាប់ជូនមន្រ្ដីរាជការ ហើយសម្ដេចក៏ធ្លាប់បានណែនាំចំពោះការងារនេះផងដែរ ប៉ុន្ដែទោះជាយ៉ាងណាសម្ដេចគិតថាក៏នៅមានចន្លោះប្រហោងនៅឡើយ។ សម្ដេចបានទទួលសារដែលបងប្អូនបានផ្ញើទៅហ្វេសប៊ុករបស់សម្ដេចប្រាកដជាមានករណីនេះ។ ដើម្បីដោះស្រាយបញ្ហាផ្ដល់មេដាយនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំឱ្យធ្វើកិច្ចការងារចំនួនពីរ រួមមាន កិច្ចការងារទី១ គឺជាកិច្ចការងារចំពោះមុខ និងធ្វើបន្ទាន់ គឺជូនទៅទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការងារពិសេសមួយនេះដោយធ្វើការងារសហការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្រង់ឈ្មោះមន្រ្ដី ដែលបានធ្វើការងារយ៉ាងតិច ១០ ឆ្នាំឡើង ដែលសកម្ម មានវត្តមានជាប់ជាប្រចាំ ហើយដែលមិនដែលបានមេដាយសោះដើម្បីរៀបចំធ្វើជូនគាត់តែម្ដងជាលក្ខណៈទ្រង់ទ្រាយធំ។ សម្ដេចធិបតី បានបញ្ជាក់ថា យន្តការនេះគឺជាយន្តការពិសេសធ្វើតែម្ដងទេ ហើយសូមពិនិត្យសម្រាប់តែមន្រ្ដី ទាំងមន្រ្ដីក្របខណ្ឌ និងមន្រ្ដីកិច្ចសន្យា ដែលធ្វើការលើសពី១០ឆ្នាំ ហើយមិនទាន់ទទួលបានមេដាយសោះ ដើម្បីរៀបចំមេដាយជូនពួកគាត់។ សម្ដេចធិបតីបញ្ជាក់ថា៖«សូមផ្ដោតមើលឱ្យច្បាស់ថា មន្រ្ដីដែលសកម្ម និងមានវត្តមានធ្វើការ មិនមែនមន្រ្ដីដែលអត់មានមុខមកធ្វើការឬមួយក៏មានបញ្ហាអ្វីផ្សេងៗនោះទេ គឺសូមឱ្យចំគោលដៅតែម្ដង [លើការផ្ដល់ជូនមេដាយនេះ]»។ ដោយឡែកសម្រាប់ការស្នើសុំមេដាយលើកទឹកចិត្តសម្រាប់មន្រ្ដីផ្សេងៗទៀត សម្ដេចបានណែនាំដល់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការវាយតម្លៃ និងស្នើសុំដូចដែលបានធ្វើកន្លងទៅតាមនីតិវិធីជាធរមាន ដោយផ្អែកទៅលើស្នាដៃ អតីតភាព និងលក្ខខណ្ឌនានាដែលមានចែងនៅក្នុងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ សម្ដេចនាយករដ្ឋមន្ដ្រីក៏បានណែនាំដល់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ពិនិត្យមើល ខណៈរាជរដ្ឋាភិបាលមានសារាចរណែនាំលេខ០១ ដែលចេញពីឆ្នាំ២០០១ ដែលបានកំណត់កូតានៃការស្នើសុំ គ្រឿងឥស្សរយសប្រចាំឆ្នាំមិនឱ្យលើសពី១០ភាគរយនៃក្របខណ្ឌសរុបរបស់ក្រសួង ស្ថាប័ន ហើយក្នុងនោះក៏មានកំណត់ជាភាគរយ គោលការមួយចំនួនសម្រាប់ក្របខណ្ឌមន្រ្ដីជាន់ខ្ពស់ មន្រ្ដីក្រមការ មន្រ្ដីលេខាធិការផ្សេងៗ ហើយឆ្លាសវេនគ្នា ២ ឆ្នាំម្ដង។ ពាក់ព័ន្ធនឹងបញ្ហានេះសម្ដេចបានណែនាំឱ្យ ស្តីការគណៈរដ្ឋមន្ត្រី ឱ្យមន្រ្ដីជំនាញសិក្សា ដើម្បីរៀបចំជាសារាចរណែនាំថ្មីមួយដើម្បីឱ្យស្របទៅតាមស្ថានភាពជាក់ស្ដែង ព្រោះបើសិនជានៅតែបន្តកំណត់កូតាត្រឹម ១០ ភាគរយ គឺអាចលំបាកនៅក្នុងការផ្ដល់ឱកាសសម្រាប់មន្រ្ដីរាជការបានទទួលនូវមេដាយ។ សម្ដេចបន្តថា ពិតណាស់ យើងមិនអាចផ្ដល់ម្ដង ១០០ ភាគរយនោះទេ ប៉ុន្ដែយើងត្រូវពិនិត្យរៀបចំនូវចំនួនកំណត់ណាមួយដែលអាចផ្ដល់ភាពបត់បែនទៅដល់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់ការលើកទឹកចិត្ត ស្នើសុំមេដាយនេះជូនទៅដល់មន្រ្ដីរាជការដែលមានចំនួនច្រើនដោយអនុវត្តទៅតាមលក្ខណៈសម្បត្តិមួយចំនួនដែលត្រូវផ្ដល់ឱ្យ៕

សម្ដេចធិបតី ស្នើឱ្យរៀបចំក្រុមការងារពិសេស ដើម្បីរៀបចំផ្ដល់មេដាយ​ជូន​មន្ត្រីដែលមិនធ្លាប់​បាន​ទទួល​មេដាយ

2025/03/19 11:42:31 pm        210
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ សម្ដេច​បាន​ចេញ​សារ​ស្នើ​ឱ្យមានក្រុមការងារពិសេស ដើម្បីផ្ដល់មេដាយ​ជូន​មន្ត្រី​ដែល​មិន​ធ្លាប់​ទទួល​បាន​មេដាយ។សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃនេះបានផ្ញើសារសំឡេងជូនពលរដ្ឋ និង​សាធារណ​ជន​ទាំង​អស់​ជ្រាបពីការរៀបចំបង្កើតក្រុមការងារពិសេស ដើម្បីពិនិត្យ និងវិនិច្ឆយ​លើកា​រ​ផ្ដល់​មេដាយ​ជូន​មន្ត្រី​រាជការស្ថិតក្នុងក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យាដែលបានបំពេញការងារចាប់ពី ១០ឆ្នាំឡើងទៅ និងមិនធ្លាប់ទទួលបានមេដាយសោះ។សម្ដេច​ធិបតីបញ្ជាក់បន្ថែមថា ការផ្ដល់ជូននេះ គឺចំពោះតែមន្ត្រីដែលសកម្ម មិនដែលមាន​បញ្ហា​ក្នុង​ការ​បំពេញការងារ និងមិនធ្លាប់ទទួលបានមេដាយសោះ។តាមរយៈសារសំឡេងនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ឱ្យ​ពិនិត្យ​កែ​សម្រួល​សារាចរ​ដែល​មានហើយ ដើម្បីបង្កើន​ភាគរយ​ឱ្យ​បាន​សមរម្យ​នៅ​ក្នុង​ការ​ផ្ដល់​មេដាយ​ការងារ​ជូន​មន្ត្រី​រាជ​ការ​គ្រប់​ប្រភេទ។កន្លង​មកមន្ត្រីរាជការដែលត្រូវទទួលមេដាយការងារ គឺត្រូវឆ្លង​កាត់​ការ​ពិនិត្យ​វាយ​តម្លៃ​ពី​ប្រធាន​របស់​ខ្លួន ដែលមានតាំងពីថ្នាក់ការិយាល័យ, នាយកដ្ឋាន, អគ្គនាយកដ្ឋាន រហូតដល់​ប្រធាន​អង្គភាព​ផ្ទាល់សម្រេច។ មន្ត្រីដែលសកម្ម, មកបំពេញការងារបានទៀងទាត់ និងមានស្នាដៃល្អ តែង​ទទួលបានការវាយតម្លៃឱ្យទទួលមេដាយ។ មេដាយការងារ ដែល​មន្ត្រី​រាជការ​ត្រូវ​ទទួល​បាន​មាន​ មេដាយសំរឹទ្ធ, មេដាយប្រាក់ និងមេដាយមាស ដែលជាកម្រិតខ្ពស់បំផុត​ក្នុង​ការងារ​ជា​មន្ត្រី​រាជ​ការ​។ ការផ្ដល់មេដាយ ដែលសម្រេចដោយរាជរដ្ឋាភិបាល គឺក្នុងមួយ​ស្ថាប័ន​អនុញ្ញាត​ឱ្យ​មាន​ក្នុង​រង្វង់ ១០ភាគរយប៉ុណ្ណោះ៕ ដោយ៖ គង់ ឌិន

សម្តេចធិបតី៖កម្ពុជាថ្ងៃនេះ ៥៥ ឆ្នាំមុនជាព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រខ្មែរប្រទេសយើងធ្លាក់ក្នុងភ្លើងសង្គ្រាម

2025/03/19 02:03:05 am        162
ភ្នំពេញ ៖ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃនេះ ៥៥ឆ្នាំមុន (១៨ មីនា ១៩៧០) ព្រឹត្តិការណ៍មួយបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា គឺការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ និងការចាប់ផ្ដើមនៃសង្រ្គាមស៊ីវិលនៅកម្ពុជា។ ប៉ុន្តែថ្ងៃនេះ (១៨ មីនា ២០២៥) ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា កំពុងរស់នៅក្នុងម្លប់នៃសន្តិភាព ការឯកភាពជាតិ និងការរួបរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេសជាតិ។​នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ គឺជាខួបទី៥៥ នៃព្រឹត្តិការប្រវត្តិសាស្ដ្ររដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុមសេនាប្រមុខលន់ នល់ និងទ្រង់ សិរីមតៈ ដែលជាហេតុធ្វើឲ្យកម្ពុជា ឈានជើងដល់មាត់ព្រោះមរណៈ នៃភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក អំពើហិង្សា និងអសន្ដិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ដ។សម្តេចបវរធិបតី បានថ្លែងថា៖«ថ្ងៃនេះ ៥៥ឆ្នាំមុន គឺចំថ្ងៃ១៨ មីនា ១៩៧០ ដែលព្រឹត្ដិការណ៍សំខាន់មួយ នៅក្នុងប្រវត្ដិសាស្ដ្រខ្មែរ បានជំរុញប្រទេសយើង ឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាម ដែលថ្ងៃនោះ គឺជាថ្ងៃចាប់ផ្ដើម នៃភាពមិនច្បាស់លាស់ នៃអនាគតរបស់ប្រទេសជាតិ។ តែថ្ងៃនេះ ៥៥ឆ្នាំក្រោយ គឺយើងអង្គុយនៅទីនេះ នៅក្នុងសុខសន្ដិភាព អង្គុយជជែកគ្នា អំពីរួមគ្នាយ៉ាងម្ដេចទៀត ដើម្បីបម្រើប្រជាជនឲ្យកាន់តែល្អ ហើយថ្ងៃនេះ គឺជាថ្ងៃនៃការពិភាក្សាគ្នា»។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើប្រៀបធៀបមើលថ្ងៃដូចគ្នា ៥៥ឆ្នាំមុន គឺខុសគ្នាស្រឡះ ដែលយើងកំពុងតែនាំប្រទេសយើង ប្រកបដោយភាពជឿជាក់ ភាពច្បាស់លាស់ នៅក្នុងសុខសន្ដិភាព។ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ នូវសមិទ្ធផលដែលធ្វើបានរួមគ្នា រវាងកម្ពុជាជាមួយនឹងដៃគូអភិវឌ្ឍន៍ទាំងជាតិ និងអន្ដរជាតិផងដែរ។ជាពិសេស ប្រជាពលរដ្ឋ បានរួមគ្នាកសាងប្រទេស តាមបែបបទនៃវិមជ្ឈការ និងវិសហមជ្ឈការ ដែលធានាឲ្យបាន តាមរយៈការពង្រឹងលិទ្ធប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។ នេះជាការគូសបញ្ជាក់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។សូមជម្រាបថា ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គឺជាខួបលើកទី៥៥ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជូរចត់មួយកើតឡើងក្នុងប្រទសកម្ពុជា នោះគឺរដ្ឋប្រហារធម្មនុញ្ញ ដែលទម្លាក់អតីតព្រះប្រមុខរដ្ឋសម្តេចព្រះ នរោត្តម សីហនុ។ រដ្ឋប្រហារតាមរយៈសម្លេងបោះឆ្នោតទម្លាក់សម្តេចនៅក្នុងរដ្ឋសភានាពេលនោះ បាននាំឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ រដ្ឋប្រហារ រៀបចំឡើងដោយលោកសេនាប្រមុខ លន់ នល់ និងគាំទ្រដោយសហរដ្ឋអាមេរិក មិនត្រឹមធ្វើឱ្យសង្គ្រាមស៊ីវិលបានឆាបឆេះប៉ុណ្ណោះទេ ថែមទាំងបានរុញច្រានកម្ពុជា ឱ្យធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមថែមទៀត។រដ្ឋប្រហារថ្ងៃទី១៨ មីនានោះហើយ បានផ្លាស់ប្តូររបបពីរាជានិយម ក្លាយជារបបសាធារណរដ្ឋខ្មែរ, បង្កើតទិដ្ឋភាពនៃព្រឹត្តិការណ៍ចូលក្នុងព្រៃតស៊ូដើម្បីរំដោះជាតិ, មនុស្សស្លាប់រាប់ម៉ឺនសែននាក់ ដោយសារសង្គ្រាម និងក្រោយមកមានព្រឹត្តិការណ៍សម្លាប់រង្គាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕

សម្ដេចធិបតី៖មានសមិទ្ធផលសំខាន់ៗចំនួន៣ នៃកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការជាង ២ ទសវត្សរ៍នេះ

2025/03/19 12:51:50 am        147
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគត់សម្គាល់ឃើញមានសមិទ្ធផលសំខាន់ៗចំនួន ៣ នៃការអនុវត្ត កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការជាង ២ ទសវត្សរ៍កន្លងមកនេះ។​សមិទ្ធផលទាំងបីដែលសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានគត់សម្គាល់ឃើញ តាមរយៈនៃការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងរយៈពេលជាង ២ ទសវត្សកន្លងមកនេះ រួមមាន ទី១ ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន, ទី២ ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន, ទី១ ការចូលរួមកាត់បន្ថយភាពក្រីក្រដោយផ្ទាល់នៅមូលដ្ឋាន។សូមជម្រាបថា ក្នុងរយៈពេល៣ឆ្នាំ (២០២១-២០២៣) កន្លងមកនេះ រដ្ឋបាល ថ្នាក់ក្រោមជាតិបានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមមាន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតាមមូលដ្ឋាននីមួយៗ ការផ្តល់សេវាសាធារណៈដែលជាសេវាតម្រូវការ និងសេវាសំណូមពរនានារបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ជាពិសេស សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងសេវាសង្គមគាំពារដល់ការលើកកម្ពស់ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ គ្រួសាររងគ្រោះនិង ងាយរងគ្រោះ ជនមានពិការភាព ស្ត្រី និងកុមារ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នានានៅមូលដ្ឋាន ដូចជា ការសាងសង់ ការជួសជុល ការថែទាំផ្លូវថ្នល់ ស្ពាន លូ ប្រឡាយ ប្រព័ន្ធធារាសាស្ត្រ សួនច្បារ អគារសាលារៀន និងសំណង់សិល្បការ្យផ្សេងៗទៀតដែលជាតម្រូវការ នៅមូលដ្ឋាន៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖រាជរដ្ឋាភិបាលចាត់ទុកការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាការកែទម្រង់ស្នូល

2025/03/19 12:38:16 am        212
៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសានស៍បញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាការកែទម្រង់ស្នូលមានលក្ខណៈជាប្រព័ន្ធដ៏មានសារៈសំខាន់មួយក្នុងចំណោមការដ្ឋានកែទម្រង់នានា ដើម្បីកសាងមូលដ្ឋានសង្គម និងមូលធននយោបាយដែលជាបុរេលក្ខខណ្ឌសម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញលើគ្រប់វិស័យ។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្ដិភាព ការឯកភាពជាតិ និងការឯកភាពទឹកដីពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ផ្ដួចផ្ដើម និងដឹកនាំអនុវត្តដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, រាជរដ្ឋាភិបាលបានចាប់ផ្ដើមកែទម្រង់លើគ្រប់វិស័យដើម្បីធានាឱ្យបាននូវសុខសន្ដិភាព សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងគោលដៅអនុវត្តសង្គមសេដ្ឋកិច្ចតាមបែបប្រជាធិបតេយ្យ។ សម្ដេចបានបន្តថា ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចចិត្តប្រកបដោយឆន្ទៈនយោបាយយ៉ាងមុះមុតក្នុងការដាក់ចេញ និងជំរុញការអនុវត្តគោលនយោបាយកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់រយៈពេលវែង។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា ចំពោះការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលបានចាប់ផ្ដើមសិក្សាឱ្យមានការពិគ្រោះយោបល់ទូលំទូលាយ និងល្អិតល្អន់អំពីជម្រើសនានាលើគោលនយោបាយនេះនៅឆ្នាំ ១៩៩៩។ ផ្អែកលើការសិក្សានេះ រាជរដ្ឋាភិបាល បានចាត់ទុកការកែទម្រង់នេះ ជាការកែទម្រង់ស្នូលមានលក្ខណៈជាប្រព័ន្ធដ៏មានសារៈសំខាន់មួយក្នុងចំណោមការដ្ឋានកែទម្រង់នានា ដើម្បីកសាងមូលដ្ឋានសង្គម និងមូលធននយោបាយដែលជាបុរេលក្ខខណ្ឌសម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញលើគ្រប់វិស័យ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១

2025/03/18 06:37:50 pm        263
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងវេទិការវាងរាជរដ្ឋាភិបាល និង​រដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បី​ចូលរួ​មសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០» នៅសណ្ឋាគារសុខាភ្នំពេញ។គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅកាត់ថា គ.ជ.អ.ប. បានឱ្យដឹងថា វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១នេះ ធ្វើ​ឡើង​ក្នុង​គោលបំណងរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និង​ការ​តម្រង់​ទិស​ផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិ​សហ​មជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។វេទិកា​នេះ​បានប្រព្រឹត្តទៅដោយមានសមាសភាពចូលរួមមកពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាជិករាជរដ្ឋាភិបាល ឧត្តមក្រុម​ប្រឹក្សា​ពិគ្រោះ និងផ្តល់ យោបល់ ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ​សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា សរុបប្រមាណ ១.៤០០​នាក់​។ ទន្ទឹមនេះ ក៏មានការៀបចំតាមប្រព័ន្ធ អនឡាញ (Zoom) ពីគ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌផងដែរ។យោងតាមរបាយការណ៍សង្ខេបដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. អំពីកិច្ចដំណើរការ​នៃ​ការ​រៀបចំ​វេទិកា​រវាង​រាជ​រដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅព្រឹកដែរនេះបានឱ្យដឹងថា វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី “កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បី​ចូល​រួម​សម្រេច​បាន​ចក្ខុ​វិស័យកម្ពុជាឆ្នាំ២០៥០” ត្រូវបានរៀបចំឡើងក្រោម គំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និង​ចក្ខុ​វិស័យ​វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។កិច្ចដំណើរការរៀបចំវេទិកានេះត្រូវអនុវត្តទៅតាមជំហានសំខាន់ៗចំនួន បី រួមមាន៖ជំហានទី១៖ ការរៀបចំវេទិកានៅថ្នាក់ក្រោមជាតិ ដែលជំហាននេះត្រូវរៀបចំនៅថ្នាក់ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងនៅថ្នាក់រាជធានី ខេត្តនីមួយៗ។ ជំហានទី២៖ ការរៀបចំ​កិច្ច​ប្រជុំ​របស់​អនុគណៈកម្មាធិការនានានៃគ.ជ.អ.ប. និងការរៀបចំ កិច្ចប្រជុំគ.ជ.អ.ប. និង ជំហានទី៣៖ ការរៀប​ចំវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបាន និងកំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិកអធមនាពេលនេះ។ក្នុងជំហាននីមួយៗផ្តោតលើការពិនិត្យ និងពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៧ ដែលពាក់​ព័ន្ធ​នឹង​រដ្ឋ​បាលថ្នាក់ក្រោមជាតិ រួមមាន៖ ១. ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធី​ការ​ងារ​, ២. ស្ថានភាពនៃការផ្ទេរ និងការអនុវត្តមុខងារ, ៣. ស្ថានភាពនៃការគ្រប់គ្រង និង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស, ៤. ការគ្រប់គ្រង ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ, ៥. ទំនាក់​ទំនង​ការ​ងារ និងខ្សែគណនេយ្យភាពផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាង រដ្ឋបាលថ្នាក់​ក្រោម​ជាតិ​ជា​មួយស្ថាប័នថ្នាក់ជាតិ និងជាមួយប្រជាពលរដ្ឋ, ៦. ការផ្តល់សេវាសាធារណៈ និងការ​អភិវឌ្ឍមូ​លដ្ឋាន និង, ៧. ការគាំទ្រ តាមដាន ត្រួតពិនិត្យ វាយតម្លៃ ការធ្វើអធិការកិច្ច និងសវនកម្ម។ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងទៀតថា ដើម្បីធានាដល់ការ​រៀបចំវេទិកា​រវាង​រាជ​រដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាម គោលការណ៍ ខ្លឹមសារ និងជំហាន​នានាដែ​លបា​នកំ​ណត់ គ.ជ.អ.ប.បានសហការរៀបចំយន្តការ គាំទ្រ បណ្តុះបណ្តាល តាមដាន ត្រួតពិនិត្យ និង​តម្រង់​ទិសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដំណើរការរៀបចំវេទិកានេះ។ រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស បានរៀបចំ​របាយ​ការណ៍​បូក​សរុប​លទ្ធ​ផល​ការងារសម្រាប់រយៈពេល៣ឆ្នាំ (២០២១-២០២៣) សម្រាប់ជាមូលដ្ឋានរៀបចំកិច្ចប្រជុំ និង​វេទិកា​ដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បី ត្រួតពិនិត្យ វាយតម្លៃទៅលើ​លទ្ធ​ផល​ការងារ និងបញ្ហាប្រឈម ព្រមទាំងបានកំណត់នូវវិធានការ ចាំបាច់នានា​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែលរដ្ឋបាលរបស់ខ្លួនបានជួបប្រទះ។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននេះ ក្នុងរយៈពេល៣ឆ្នាំ (២០២១-២០២៣) កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមមាន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតាមមូលដ្ឋាននីមួយៗ ការផ្តល់សេវាសាធារណៈដែលជាសេវាតម្រូវការ និងសេវាសំណូមពរនានារបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ជាពិសេស សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងសេវាសង្គមគាំពារដល់ការលើកកម្ពស់ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ គ្រួសាររងគ្រោះនិង ងាយរងគ្រោះ ជនមានពិការភាព ស្ត្រី និងកុមារ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នានានៅមូលដ្ឋាន ដូចជា ការសាងសង់ ការជួសជុល ការថែទាំផ្លូវថ្នល់ ស្ពាន លូ ប្រឡាយ ប្រព័ន្ធធារាសាស្ត្រ សួនច្បារ អគារសាលារៀន និងសំណង់សិល្បការ្យផ្សេងៗទៀតដែលជាតម្រូវការ នៅមូលដ្ឋាន៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជូនគណៈប្រតិភូកុងស៊ុលកិត្តិយសចំនួន ១១ ប្រទេសចូលជួបសម្ដែងការគួរសម

2025/03/18 04:55:02 pm        318
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូកុងស៊ុលកិត្តិយសចំនួន ១១ ប្រទេស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបនាព្រឹកនេះថា ប្រតិភូកិត្តិយសទាំង១១ ប្រទេសនេះ បានដឹកនាំដោយ ឯកឧត្តម Salah ESSA កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) នឹងអមដោយកុងស៊ុលកិត្តិយសចំនួន ១០ ទៀត ដូចជា កុងស៊ុលកិត្តិយស អ៊ីតាលី, អាល្លឺម៉ង់, ហ្វាងឡង់, ន័រវេស, អេស្បាញ, ស៊ុយអ៊ែត និងចក្រភពអង់គ្លេស ជាដើម។ នៅក្នុងឱកាសនោះសម្ដេចប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ចំពោះវត្តមាននៃបណ្ដាប្រតិភូកិត្តិយសទាំង១១ ប្រទេស បានចូលជួបសម្ដែងការគួរសម។ សម្ដេចក៏រំពឹងថា តាមរយៈជំនួននេះ នឹងធ្វើឱ្យទំនាក់ទំនង រវាងប្រទេសកម្ពុជា ជាមួយនឹងបណ្ដាប្រទេសទាំង១១ មានភាពរីកចម្រើនបន្ថែមទៀត។ នៅក្នុងឱកាសនោះឯកឧត្តម Salah ESSA ដែលជាតំណាងប្រតិភូកុងស៊ុលទាំង ១១ ប្រទេស បានថ្លែងនូវអំណរគុណ ចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាស និងអនុញ្ញាតឱ្យតំណាងកុងស៊ុលកិត្តិយសទាំង ១១ ប្រទេសបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ ឯកឧត្តម ក៏បានអបអរសាទរ ចំពោះសម្ដេចតេជោ ដែលបានទទួលតួនាទីជាប្រធានព្រឹទ្ធសភា របស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញនូវក្ដីរីករាយចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កាលពីនៅជាអតីតនាយករដ្ឋមន្រ្ដី និងភាពរីកចម្រើនរបស់កម្ពុជាមកដល់ពេលនេះដែលដឹកនាំបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីបន្តវេន។ ក្នុងឱកាសនោះសម្ដេចប្រមុខរដ្ឋស្ដីទី បានរំលេចអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយនឹងប្រទេសទាំង១១ ជាពិសេសគឺផ្ដោតទៅលើការធ្វើពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍ ជាមួយនឹងបណ្ដាប្រទេសទាំង១១ឱ្យមានការកើនឡើងបន្ថែមទៀត ដែលជាក្ដីចង់បានរបស់ប្រទេសកម្ពុជា។ សម្ដេចក៏ចង់ឱ្យបណ្ដាប្រទេសទាំង ១១ ជួយបន្ថែមទៀតដល់កម្ពុជាមិនត្រឹមតែក្នុងក្របខណ្ឌហិរញ្ញវត្ថុប៉ុណ្ណោះទេ ក៏ប៉ុន្ដែអ្វីដែលកម្ពុជាចង់បាននោះ គឺការបណ្ដុះនូវធនធានខួរក្បាល គឺសំដៅទៅលើធនធានមនុស្ស របស់ប្រទេសកម្ពុជាឱ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត ដែលជាក្ដីចង់បានដ៏ធំបំផុតសម្រាប់កម្ពុជា។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម Salah ESSA បានលើកឡើងថា ឯកឧត្តមនឹងខិតខំប្រឹងប្រែង ជាមួយនឹងតំណាងនៃកុងស៊ុលកិត្តិយសទាំង១០ប្រទេសទៀត ក្នុងការធ្វើយ៉ាងណាឱ្យការធ្វើវិនិយោគ, ពាណិជ្ជកម្ម, អភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ រវាងប្រទេសកម្ពុជា ជាមួយនឹងបណ្តាប្រទេសទាំង ១១ មានការរីកចម្រើនបន្ថែមទៀត។ ជាពិសេសឯកឧត្តម នឹងខិតខំប្រឹងប្រែងក្នុងការទាក់ទាញ អ្នកវិនិយោគក្នុងចំណោមប្រទេសទាំង ១១ នេះ មកវិនិយោគ ធ្វើពាណិជ្ជកម្ម និងជំរុញទេសចរមកទស្សនាកម្ពុជា។ ឯកឧត្តម Salah ESSA បានបង្ហាញនូវការកោតសរសើរចំពោះលក្ខណៈអំណោយផលរបស់ប្រទេសកម្ពុជា ដែលមានកត្តាសុខសន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្រ្ដី ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្ដិភាព និងមានភាពរីកចម្រើននឹងមានសន្ដិសុខជាតិល្អប្រសើរ។ ក្នុងឱកាសនោះសម្ដេចតេជោ បានអរគុណ ចំពោះ ឯកឧត្តម Salah ESSA និងតំណាងកុងស៊ុលទាំង ១០ ប្រទេស ដែលបានវាយតម្លៃដោយសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា រួមទាំងកត្តាសន្ដិសុខផងដែរ៕

សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះលោក ដូណាល់ ត្រាំ មានសេចក្តីក្លាហានចេញដឹកនាំពិភពលោកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន

2025/03/18 04:46:38 am        238
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥នេះ បានបង្ហោះសារលើបណ្ដាញសង្គម បង្ហាញការវាយតម្លៃខ្ពស់ចំពោះលោក ដូណាល់ ត្រាំ មានសេចក្តីក្លាហានចេញដឹកនាំពិភពលោកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន។សម្ដេចតេជោ បានសរសេរថា៖«យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន»។ សម្ដេចប្រមុខរដ្ឋស្ដីទី បានបញ្ជាក់ថា នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនាដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា។សម្ដេចតេជោថ្លែងថា៖«ដូចខ្ញុំបានជម្រាបអង្គប្រជុំអាស៊ាន អាមេរិកចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីនឆ្នាំ២០១៧ ថា ការមិនទុកលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក»។សម្ដេចតេជោបានបញ្ជាក់ថា៖«ចរិតមាយាទ និងសំដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្តាញព័ត៌មាននេះឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកំពង់ធំ ជួបសំណេះសំណាល និងអបអរសាទរសិស្សជ័យលាភីនិទ្ទេស A
09/06/2026 03:09 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាង​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
09/06/2026 02:09 PM
ជនជាតិចិន ត្រូវបានសង្រ្គោះចេញពីរូងក្រោមដីនេប៉ាល់ រយៈពេល ១០ថ្ងៃ ក្រោយទឹកជំនន់ដ៏គំហក់
09/06/2026 02:09 PM
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង ស្រុកជើងព្រៃ នាំយកអំណោយ និង​ថវិកា​ជូន​ដល់​ពលរដ្ឋមានជីវភាពខ្វះខាត
09/06/2026 02:09 PM
យានចម្លងអាល្លឺម៉ង់ឡើងដល់ទីអវកាស ខណៈអឺរ៉ុបចូលរួមប្រកួតប្រជែងបាញ់បង្ហោះផ្កាយរណប
09/06/2026 02:09 PM
ក្រសួងការងារ នាំយកឱកាសការងារដល់ផ្ទះជូនប្រជាពលរដ្ឋនៅស្រុកថ្មបាំង
09/06/2026 02:09 PM
រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃ ដើម្បីបោសសម្អាត Online Scams
09/06/2026 02:09 PM
អន្តរក្រសួង ចុះវាយតម្លៃការងារថែទាំផ្លូវជនបទ ១២ខ្សែ នៅខេត្តត្បូងឃ្មុំ
09/06/2026 02:09 PM
ក្រុមនិស្សិតចុះស្រាវជ្រាវផ្ទាល់ពីវប្បធម៌ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី
09/06/2026 01:09 PM
រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញអាជ្ញាពាក់ព័ន្ធបន្តផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបញ្ហាជំងឺអេដស៍
09/06/2026 01:09 PM