អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សបីនាក់រួមទាំងមេបញ្ជាការក្រុមហេសបូឡា

2024/04/17 01:09:03 pm        161
ប្រភពព័ត៌មានពីសន្តិសុខប្រទេសលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអង្គារ បានសម្លាប់មនុស្ស៣នាក់ រួមទាំងមេបញ្ជាការតំបន់ របស់ក្រុមហេសបូឡា ជាការកើនឡើងអំពើហិង្សាបន្ទាប់ពីមានភាពស្ងប់ស្ងាត់យ៉ាងហោចណាស់មួយសប្តាហ៍ ក្នុងរយៈពេលជាងកន្លះឆ្នាំ នៃអរិភាព។យោធាអ៊ីស្រាអែល និយាយថា លោក អ៊ីម៉េល បាស(Ismail Baz) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើរថយន្តនៅជិតទីក្រុង អេន អ៊ីប៊ែល(Ain Ebel) ភាគខាងត្បូង គឺជាមេបញ្ជាការតំបន់ឆ្នេររបស់ក្រុមហេសបូឡា ហើយបានចូលរួមក្នុងការរៀបចំផែនការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងមីស៊ីលប្រឆាំងរថក្រោះលើអ៊ីស្រាអែល។ក្រុមហេសបូឡា បានចេញសេចក្តីថ្លែងការណ៍កាន់ទុក្ខចំពោះការស្លាប់របស់លោក Baz ប៉ុន្តែពុំបានបញ្ជាក់លម្អិតអំពីតួនាទីរបស់លោកនៅក្នុងអង្គភាពនោះទេ។ ប្រភពព័ត៌មានពីសន្តិសុខ និងមន្ត្រីការពារស៊ីវិលម្នាក់បាននិយាយថា ការវាយប្រហារដាច់ដោយឡែកមួយរបស់អ៊ីស្រាអែលទៅលើរថយន្តពីរគ្រឿងនៅជិតទីក្រុង ឆេហាប៊ីយ៉េ(Chehabiyeh) ភាគខាងត្បូង បានសម្លាប់សមាជិកក្រុម ហេសបូឡា យ៉ាងហោចណាស់ពីរនាក់។ក្រុមហេសបូឡា និងអ៊ីស្រាអែល បានបាញ់តគ្នា ស្របពេលជាមួយសង្រ្គាមនៅតំបន់ហ្កាហ្សាក្នុងអរិភាពដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីពួកគេបានប្រយុទ្ធគ្នាក្នុងសង្គ្រាមដ៏ធំក្នុងឆ្នាំ២០០៦។ការប្រយុទ្ធគ្នានេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣៧០នាក់នៅប្រទេសលីបង់ រួមទាំងអ្នកប្រយុទ្ធក្រុមហេសបូឡាជាង២៤០នាក់ និងជនស៊ីវិល៦៨នាក់។

នគរបាលបង្ក្រាបកុបកម្មហ្ស៊កហ្ស៊ីបោសសម្អាតក្រុមបាតុករ ខណៈសភាបានជជែកដេញដោលលើច្បាប់ភ្នាក់ងារបរទេស

2024/04/17 11:36:26 am        86
នគរបាលបង្ក្រាបកុប្បកម្មក្នុងប្រទេសហ្ស៊កហ្ស៊ី បានចាប់ផ្តើមបោសសម្អាតកក្រុមបាតុករជុំវិញសភាសាងសង់ដោយអតីតរដ្ឋសូវៀតកាលពីថ្ងៃអង្គារ ១៦ មេសា ស្របពេលសមាជិកសភា បានជជែកដេញដោលច្បាប់ស្តីពី "ភ្នាក់ងារបរទេស" ដែលបក្សប្រឆាំង រិះគន់ថាជា ទង្វើរផ្តាច់ការ។សំណើច្បាប់នេះនឹងតម្រូវឱ្យអង្គការដែលទទួលបានច្រើនជាង២០% នៃមូលនិធិរបស់ពួកគេពីបរទេស ត្រូវចុះឈ្មោះជាភ្នាក់ងារនៃឥទ្ធិពលបរទេស។ សំណើច្បាប់នេះ ទំនងជាត្រូវឆ្លងកាត់សភាគ្រប់គ្រងដោយគណបក្សកាន់អំណាចក្ដីស្រមៃ ហ្ស៊កហ្ស៊ី (Georgian Dream) និងសម្ព័ន្ធមិត្តរបស់ខ្លួន។ក្រុមប្រឆាំងនិយាយថាច្បាប់នេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការព្យាយាមរបស់ប្រទេសហ្ស៊កហ្ស៊ី ចូលរួមជាមួយសហភាពអឺរ៉ុប។ក្រុមបាតុករជាង៥.០០០នាក់ បានប្រមូលផ្តុំគ្នាជិតរដ្ឋសភាសម្រាប់ថ្ងៃទី ២ ដើម្បីតវ៉ាបង្ហាញការមិនពេញចិត្តចំពោះសេចក្តីព្រាងច្បាប់នេះ ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការសភាកាលពីថ្ងៃចន្ទ ទី១៥មេសា ។មន្ត្រីដែលមួយចំនួនកំពុងកាន់កាំភ្លើងខ្លី បានបញ្ជាឲ្យបាតុករបំបែកជួរ ហើយបានដាក់ពង្រាយអ្វីដែលទំនងជាសារធាតុគ្រប់គ្រងហ្វូងមនុស្សដូចជាម្ស៉ៅម្រេចជាដើម។សេចក្តីស្នើច្បាប់នេះត្រូវតែឆ្លងកាត់អំណានចំនួនបីលើកនៅក្នុងសភា បន្ទាប់មកទំនងជានឹងត្រូវប្រឈមនឹងការបោះឆ្នោតជាលើកទីបួនដើម្បីលុបចោលការវេតូដោយលោកស្រីប្រធានាធិបតី សាឡូម៉េ ហ្ស៊ូរ៉ាប៊ីឈ្វីលី (Salome Zourabichvili) ដែលជាអ្នករិះគន់គណបក្សក្ដីស្រមៃហ្ស៊កហ្ស៊ី ដែលប្រឆាំងនឹងសេចក្ដីស្នើច្បាប់នេះ។ បណ្តាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ បានជំរុញប្រទេសហ្ស៊កហ្ស៊ី កុំឱ្យអនុម័តសំណើច្បាប់នេះ៕

រលកកម្ដៅបានសម្លាប់ព្រះសង្ឃមួយអង្គ និងបុរសម្នាក់នៅមីយ៉ាន់យ៉ា

2024/04/17 11:26:45 am        136
ប្រភពបានឱ្យដឹងថា កម្ដៅដ៏ខ្លាំងក្លាបានសម្លាប់ព្រះសង្ឃមួយអង្គនៅភូមិ អូកកាឡាប៉ា ខាងត្បូង (South Oakkalapa) ហើយមនុស្សម្នាក់ទៀតបានស្លាប់ភ្លាមៗនៅភូមិ អ៊ីនសេន (Insein) នៅក្នុងទីក្រុងយ៉ានហ្គន (Yangon) សហភាពមីយ៉ាន់ម៉ា។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលព្រះសង្ឃមួយអង្គ បានដួលបោកព្រះកេសពេលកំពុងនិមន្តតាមផ្លូវ ហើយសុង្គត់ភ្លាមៗនៅនឹងកន្លែងនៅម៉ោងប្រហែល ២ រសៀល កាលពីទី៩ ខែមេសា ហើយព្រះសពត្រូវបានបញ្ជូនទៅមន្ទីពេទ្យអូកកាឡាខាងជើង នេះបើយោងតាមសមាគមជំនួយសង្គម មេត្តាធា យាយស៊ិន (Metta Theta Yay Sin)។មន្ត្រីម្នាក់របស់អង្គការជំនួយសង្គមនោះបាននិយាយថា៖ «គេមិនទាន់ដឹងថាព្រះសង្ឃអង្គនោះអាពាធ ឬយ៉ាងណាទេ គឺយើងកំពុងរង់ចាំការបញ្ជាក់ពីខាងមន្ទីរពេទ្យ។ ព្រះសង្ឈនោះបានដួលសន្លប់ពេលកំពុងនិមន្តតាមផ្លូវ ហើយក៏សុង្គត់ទៅ»។បន្ថែមពីលើនេះ ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះបានជូនដំណឹងដល់សមាគមន៍ជួយសង្គម ធ្វេឡេក (Twe Lek) ថា បុរសម្នាក់បានដួលបោកក្បាលស្លាប់នៅចំណុចផ្លូវស៊ីតាធុកា (Sita Thukha) ភូមិ អ៊ីនសេន ហើយសមាគមបានចុះទៅជួយ។ បុរសវ័យ ៤៥ ឆ្នាំនោះ បានស្លាប់ដោយពុំមានរបួសខាងក្រៅ នៅវេលាម៉ោង ៤:៤០ នាទីរសៀល កាលពីថ្ងៃទី៩ ខែមេសា ដដែលនោះ ហើយត្រូវគេជឿថាបានស្លាប់ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដោយសារសីតុណ្ហភាពកើនឡើងខ្ពស់ខ្លាំងពេក៕

អាជ្ញាធរប្រទេសប្រេស៊ីល រកឃើញសាកសពជនអន្តោប្រវេសន៍អាហ្វ្រិកនៅលើទូក

2024/04/17 09:04:50 am        244
នគរបាលប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃអង្គារថា សាកសពមនុស្សចំនួន៩នាក់ ដែលត្រូវបានរកឃើញនៅលើទូកមួយគ្រឿងនៅឆ្នេរសមុទ្ររដ្ឋប៉ារ៉ា(Para) គឺជាពលរដ្ឋម៉ូរីតានី និងម៉ាលី។ នគរបាល និងក្រុមអ្នកពន្លត់អគ្គិភ័យរបស់ប្រទេសប្រេស៊ីល បានធ្វើការរុះរើទូកដែលដឹកសាកសពស្អុយរលួយនៅជិត ឆ្នេរសមុទ្រប្រាហ្កានកា(Braganca) រដ្ឋ Para ភាគខាងជើង។ទូកមួយគ្រឿងនេះ ត្រូវបានរកឃើញដោយអ្នកនេសាទនៅក្នុងតំបន់ដែលគេស្គាល់ថា បារ៉ា ដូ ហ្កាទីពូរូ(Barra do Quatipuru)។ នគរបាលសហព័ន្ធ បាននិយាយថា អ្នកដំណើរច្រើននាក់អាចស្លាប់ដោយសារតែកង្វះអាហារ និងទឹក ខណៈទូកនេះបានចាកចេញពីប្រទេសម៉ូរីតានី ក្រោយថ្ងៃទី ១៧ ខែមករា ហើយនៅចំណុចខ្លះទូកបានរសាត់អណ្តែតនៅលើសមុទ្រ។ ការស៊ើបអង្កេតនឹងបន្តដើម្បីបញ្ជាក់ពីអ្វីដែលបានកើតឡើងជាមួយទូកមួយគ្រឿងនេះ។

តំបន់មជ្ឈិមបូព៌ាប្រឈមការរីកសាយនៃសង្រ្គាម ខណៈអ៊ីស្រាអែល ប្ដេជ្ញាសងសឹកការវាយប្រហារពីអ៊ីរ៉ង់

2024/04/17 08:53:54 am        422
អ៊ីស្រាអែល និងអ៊ីរ៉ង់បាន គំរាមកំហែងដាក់គ្នាទៅវិញទៅមក បន្ទាប់ពីការវាយប្រហារដោយផ្ទាល់ជាលើកដំបូងរបស់ក្រុងតេអេរ៉ង់ទៅលើសត្រូវរបស់ខ្លួន បានបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ា ខណៈសង្រ្គាមនៅតំបន់ហ្កាហ្សាមនៅតែបន្តដោយពុំទាន់មានបទឈប់បាញ់នៅឡើយ។ប្រមុខកងទ័ពអ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានប្តេជ្ញាឆ្លើយតបវិញ បន្ទាប់ពីអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបាញ់ស្រោចមីស៊ីល និងយានដ្រូន រួមទាំង រ៉ូកែតជាង ៣០០ ទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន ស្របពេលអ៊ីរ៉ង់និយាយថាជាការសឹងសឹកទៅនឹងការវាយប្រហារលើស្ថានកុងស៊ុលរបស់ខ្លួននៅប្រទេសស៊ីរី សម្លាប់មនុស្ស៧នាក់ រួមទាំងឧត្ដមសេនីយ៍អ៊ីរ៉ង់២នាក់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ក៏បានព្រមានផងដែរថា ទោះបីជាសកម្មភាពនោះមានទំហំតិចតួចបំផុត ឲ្យតែជាការប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីរ៉ង់ អ្នកនឹងត្រូវទទួលបានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ ធំធេង និងឈឺចាប់ ។ ក្រុមមេដឹកនាំពិភពលោក បានជំរុញឱ្យមានការអត់ធ្មត់ ចាប់តាំងពីការវាយប្រហាររបស់អ៊ីរ៉ង់លើ អ៊ីស្រាអែល ដែលបានបង្កឱ្យមានភាពច្របូកច្របល់នៃវិបត្តិការទូត និងបានធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់ ខណៈទីផ្សារភាគហ៊ុនដាំក្បាលចុះ។អ៊ីស្រាអែលកំពុងថ្លឹងថ្លែងជម្រើសរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ បណ្តាលឱ្យមានការខូចខាតតិចតួច ខណៈប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលបានស្ទាក់ចាប់គ្រាប់មីស៊ីលភាគច្រើន ដោយមានជំនួយពីកងកម្លាំងសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង និងសម្ព័ន្ធមិត្តក្នុងតំបន់។ក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅទូទាំងតំបន់មជ្ឈិមបូព៌ាបានបើកការវាយប្រហារជាបន្តបន្ទាប់អំឡុងសង្គ្រាមរយៈពេល៦ខែមកនេះ។ក្រុមឧទ្ទាមហេសបូឡា (Hezbollah) របស់ប្រទេសលីបង់ បានបើកការបាញ់ប្រហារឆ្លងព្រំដែនដ៏ខ្លាំងក្លាជាមួយអ៊ីស្រាអែល ក្រុមឧទ្ទាមហ៊ួទី គាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បានដាក់គោលដៅលើការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម ហើយក្រុមប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីបានបាញ់ផ្លោងទៅលើមូលដ្ឋានទ័ពអាមេរិក៕

គណៈកម្មាធិការ UN មិនអាចយល់ព្រមលើសំណើសមាជិកភាពពេញសិទ្ធិរបស់ប៉ាឡេស្ទីនបានទេ

2024/04/17 08:46:44 am        266
គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលកំពុងពិចារណាលើពាក្យស្នើសុំរបស់អាជ្ញាធរប៉ាឡេស្ទីន ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ «មិនអាចធ្វើអនុសាសន៍ជាឯកច្ឆ័ន្ទបានទេ» ទៅលើថា តើប៉ាឡេស្ទីនបំពេញតាមលក្ខណៈវិនិច្ឆ័យ ឬយ៉ាងណា នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារ (១៦ មេសា)។ក្រុមអ្នកការទូតបាននិយាយថា អាជ្ញាធរប៉ាឡេស្ទីននៅតែត្រូវបានគេរំពឹងថានឹងជំរុញក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ រូបឱ្យបោះឆ្នោតឆាប់បំផុតនៅសប្តាហ៍នេះ លើពង្រាងសេចក្តីសម្រេចដែលបានផ្តល់អនុសាសន៍ឱ្យខ្លួនក្លាយជាសមាជិកពេញលេញ។សមាជិកភាពពេញសិទ្ធិបែបនេះ នឹងធ្វើឱ្យមានការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនប្រកបដោយប្រសិទ្ធភាព។ ប៉ាឡេស្ទីនបច្ចុប្បន្នជារដ្ឋអ្នកសង្កេតការណ៍មិនមែនជាសមាជិក ដែលជាការទទួលស្គាល់ជាក់ស្ដែងនៃឋានៈរដ្ឋ ដែលត្រូវបានផ្តល់ដោយមហាសន្និបាតអង្គការសហប្រជាជាតិសមាជិក ១៩៣ ប្រទេសក្នុងឆ្នាំ២០១២។ប៉ុន្តែពាក្យស្នើសុំចូលជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ត្រូវតែអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ ដែលសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលគឺសហរដ្ឋអាមេរិកអាចរារាំងបាន ហើយបន្ទាប់មកត្រូវមានការគាំទ្រយ៉ាងតិចពីរភាគបីនៃមហាសន្និបាត។ សហរដ្ឋអាមេរិកបាននិយាយកាលពីដើមខែនេះថា ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយគួរតែកើតឡើងតាមរយៈការចរចាដោយផ្ទាល់រវាងភាគីនានា និងមិនមែននៅអង្គការសហប្រជាជាតិនោះទេ៕

ការិយាល័យសិទ្ធិមនុស្ស UN៖ អ៊ីស្រាអែល នៅតែរឹតបន្តឹងដោយខុសច្បាប់លើជំនួយហ្កាហ្សា

2024/04/17 08:42:53 am        124
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៦ មេសា) ថា អ៊ីស្រាអែលនៅតែដាក់កំហិត «ដោយខុសច្បាប់» លើការផ្តល់ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា បើទោះបីជាមានការអះអាងពីអ៊ីស្រាអែល និងប្រទេសដទៃទៀតថា ឧបសគ្គរារាំងជំនួយបានធូរស្រាលច្រើនក៏ដោយ។ការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបង្កឡើងដោយការវាយប្រហារឆ្លងព្រំដែនដ៏បង្ហូរឈាមរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា បានប្រែក្លាយតំបន់ហ្កាហ្សាភាគច្រើនទៅជាវាលរហោស្ថាន ដោយមនុស្សរាប់សែននាក់ឥឡូវនេះបានភៀសខ្លួន និងប្រមូលផ្ដុំគ្នាកកកុញទៅកាន់ទីជម្រកផ្សេងៗដែលពោរពេញដោយជំងឺ។លោកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា «អ៊ីស្រាអែល បន្តរឹតបន្តឹងដោយខុសច្បាប់លើការចូល និងការចែកចាយជំនួយមនុស្សធម៌ និងដើម្បីអនុវត្តការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៃហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។បរិមាណជំនួយដែលចូលទៅក្នុងតំបន់ហ្កាហ្សាបច្ចុប្បន្ននេះកំពុងមានជម្លោះ ដោយអ៊ីស្រាអែល និងទីក្រុងវ៉ាស៊ីនតោន បាននិយាយថាលំហូរជំនួយបានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែទីភ្នាក់ងារអង្គការសហប្រជាជាតិនិយាយថា ជំនួយនៅតែទាបជាងកម្រិតអប្បបរមាដែលត្រូវការ៕

ក្រុមឧទ្ទាមមីយ៉ាន់ បានវាយបកទៅលើកងទ័ពរដ្ឋាភិបាលយោធា ដើម្បីដណ្តើមយកទីប្រជុំជនព្រំដែនមកវិញ

2024/04/15 01:06:56 pm        158
ក្រុមតស៊ូប្រឆាំងនឹងការគ្រប់គ្រងយោធារបស់មីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមយុទ្ធជនរបស់ខ្លួន បានវាយបកទៅលើការប៉ុនប៉ងរបស់កងទ័ពរបបយោធា ដើម្បីរុលចូលទៅកាន់ទីប្រជុំជន Myawaddy ដ៏សំខាន់នៅតាមបណ្តោយព្រំដែនថៃដែលត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាមកាលពីសប្តាហ៍មុន។អ្នកនាំពាក្យរបស់សម្ព័ន្ធជាតិការ៉ែន(KNU) លោក Saw Taw Nee បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ការពង្រឹងកងកម្លាំងយោធា បានព្យាយាមវាយលុកលើទីប្រជុំជន Myawaddy អស់ជាច្រើនថ្ងៃ ប៉ុន្តែត្រូវបានវាយបកមកវិញ នៅក្នុងការប្រយុទ្ធគ្នា ដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ។លោកបានប្រាប់សារព័ត៌មានរ៉យទ័រថា៖«វាមិនងាយស្រួលទេក្នុងការមកទីនេះ។ ពួកគេប្រឈមមុខនឹងការលំបាកជាច្រើន» ដោយនិយាយថា កងកម្លាំងរបស់ KNU បាននឹងកំពុង «រារាំង និងស្ទាក់ចាប់»កងទ័ពរបស់របបយោធា។ព័ត៌មានរបស់ KNU មិនអាចបញ្ជាក់ដោយឯករាជ្យបានទេ។ អ្នកនាំពាក្យរបបយោធាដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតនៅឆ្នាំ ២០២១ មិនបានឆ្លើយតបនឹងទូរស័ព្ទពីសារព័ត៌មានរ៉យទ័រទេ។ទីប្រជុំជនព្រំដែន Myawaddy ជាប់នឹងប្រទេសថៃ ត្រូវបានវាយដណ្តើមពីការគ្រប់គ្រងដោយយោធា ដោយកងកម្លាំងប្រឆាំងរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយ KNU កាលពីថ្ងៃព្រហស្បតិ៍។

អ៊ីស្រាអែល វាយប្រហារទីតាំងហេសបូឡា នៅលីបង់ភាគខាងកើត

2024/04/15 12:39:14 pm        134
កងទ័ពអ៊ីស្រាអែល និងប្រភពពីក្រុមគាំទ្រដោយអ៊ីរ៉ង់បាននិយាយថា អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានវាយប្រហារទីតាំងរបស់ក្រុមហេសបូឡានៅភាគខាងកើតនៃប្រទេសលីបង់ក្បែរព្រំដែនស៊ីរី ខណៈដែលភាពតានតឹង បានកើនឡើង បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែលដោយផ្ទាល់។ប្រភពពីក្រុមហេសបូឡា បានប្រាប់សារព័ត៌មាន AFP ថា៖«ការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅលើតំបន់មួយ...នៅជិតទីក្រុង Baalbek និងបានកំណត់គោលដៅអគារពីរជាន់ ដែលជាកម្មសិទ្ធិរបស់ក្រុមហេសបូឡា ដោយបន្ថែមថា មិនមានអ្នកស្លាប់ និងរបួសទេ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ បានរាយការណ៍ថា` ការវាយប្រហារតាមអាកាសរបស់សត្រូវ បានតម្រង់ទៅលើអគារមួយ«នៅក្នុងភូមិ Nabi Sheet ហើយ«បានបំផ្លាញវាទាំងស្រុង»។អ្នកថតរូបសារព័ត៌មាន AFPម្នាក់នៅកន្លែងនោះ បានឃើញបំណែកបេតុង និងដែកនៃអគារដែលបានរងការវាយប្រហារនោះ។កងទ័ពអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាការឆ្លើយតបទៅនឹងការវាយប្រហារ នៅពេលយប់នោះ «យន្តហោះចម្បាំង បានវាយប្រហារទីតាំងផលិតអាវុធដ៏សំខាន់មួយរបស់ក្រុមហេសបូឡា នៅក្នុងតំបន់ Nabi Sheet ដែលចូលយ៉ាងជ្រៅក្នុងប្រទេសលីបង់»។

អ៊ីស្រាអែល ជំរុញឲ្យអង់គ្លេស ចាត់ទុកកងឆ្មាំបដិវត្តន៍ឥស្លាមជាក្រុមភេរវកម្ម

2024/04/15 12:35:28 pm        268
អ៊ីស្រាអែល បានជំរុញសម្ព័ន្ធមិត្តរួមទាំងអង់គ្លេសឲ្យចាត់ទុកកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ជាក្រុមភេរវកម្ម បន្ទាប់ពីការវាយប្រហារដោយយានដ្រូន និងមីស៊ីលមកលើប្រទេសនេះ។កាលពីថ្ងៃអាទិត្យ លោក Lior Haiat អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល បានអំពាវនាវឲ្យមានការហាមឃាត់ភេរវកម្មលើ IRGC ជា«ផលវិបាកដំបូង» សម្រាប់ការឈ្លានពាន«ទ្រង់ទ្រាយធំ និងមិនធ្លាប់មានពីមុនមក» របស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល។ការអំពាវនាវនេះ នឹងបង្កើនសម្ពាធលើរដ្ឋាភិបាលជាមួយសមាជិកសភា និងការងារ កំណត់ដើម្បីបញ្ជាក់ឡើងវិញនូវការទាមទាររបស់ពួកគេសម្រាប់ការហាមឃាត់នៅថ្ងៃចន្ទនេះ នៅពេលដែលលោករីស៊ី ស៊ុណាក់ (Rishi Sunak)ត្រូវបានគេរំពឹងថា នឹងផ្តល់សេចក្តីថ្លែងការណ៍ស្តីពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅកាន់សភា។ទន្ទឹមនឹងនោះ លោកដេវីត កាមេរុន ( Lord Cameron) រដ្ឋមន្ត្រីការបរទេស បានកោះហៅភារៈធារីរបស់ អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យម្នាក់ បានរំលឹកឡើងវិញថា ចក្រភពអង់គ្លេស បានថ្កោលទោសចំពោះសកម្មភាពរបស់អ៊ីរ៉ង់ ហើយបាននិយាយថា ចក្រភពអង់គ្លេស «នឹងបន្តការគាំទ្រដល់សន្តិសុខរបស់អ៊ីស្រាអែល»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទិន្នន័យបង្ហាញថា អឺរ៉ុបរកឃើញករណីមនុស្សស្លាប់ជាង ១ម៉ឺននាក់ អំឡុងរលកកម្តៅកាលពីចុងខែមិថុនា
07/14/2026 09:07 PM
ក្រសួងការបរទេសឥណ្ឌាកោះហៅឲ្យចូលខ្លួនឯកអគ្គរដ្ឋទូតរងអ៊ីរ៉ង់ ជុំវិញការស្លាប់នាវិកម្នាក់
07/14/2026 09:07 PM
EU រិះគន់ការគំរាមកំហែង លើ ICC ខណៈសហរដ្ឋអាមេរិកកំណត់គោលដៅតុលាការ
07/14/2026 08:07 PM
កុងហ្គោអះអាងថា ការរីករាលដាលឆ្លងជំងឺអេបូឡា បានទៅដល់ខេត្ត Haut-Uele និងខេត្ត Tshopo
07/14/2026 08:07 PM
ក្រុមឧទ្ទាមហ៊ូធី វាយប្រហារមីស៊ីលលើអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបញ្ចប់ភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ
07/14/2026 08:07 PM
សភាអ៊ុយក្រែនបោះឆ្នោតបន្ថែមរយៈពេលនៃ​​​ច្បាប់អាជ្ញាសឹក និងការកេណ្ឌ​ទ័ព ៩០​ថ្ងៃទៀត
07/14/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា ច្រកសមុទ្រ Hormuz ត្រូវតែបិទក្រោយរលកចុងក្រោយនៃការវាយប្រហាររបស់អាមេរិក
07/14/2026 08:07 PM
វិមានក្រឹមឡាំងច្រានចោលការចោទប្រកាន់ថា រុស្ស៊ីនៅពីក្រោយការវាយប្រហារអ៊ីនធឺណិតលើ EU
07/14/2026 08:07 PM
កម្លាំងរុស្ស៊ីវាយប្រហារនាវាស៊ីវិលនៅជិតកំពង់ផែសមុទ្រខ្មៅOdesa របស់អ៊ុយក្រែន
07/14/2026 08:07 PM
រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនពីបទអំពើភេរវកម្ម ចំពោះការវាយប្រហារលើការដឹកជញ្ជូន
07/14/2026 08:07 PM