ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

ក្រុមហ៊ូទី៖ មនុស្ស ៣៧ នាក់បានស្លាប់ក្នុងការវាយប្រហាររាប់រយដងរបស់អាមេរិក និងអង់គ្លេស លើយេម៉ែន

2024/04/05 09:25:58 am        220
លោក អាបឌុល ម៉ាលីក អាល់ហ៊ូទី (Abdul Malik al-Houthi) មេដឹកនាំចលនាហ៊ូទី ដែលមានសម្ព័ន្ធមិត្តជាមួយប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ចំនួន ៤២៤ ដងលើគោលដៅក្នុងយេម៉ែន បានសម្លាប់មនុស្ស ៣៧ នាក់ និងរបួស ៣០ នាក់ ។ក្រុមហ៊ូទី ដែលគ្រប់គ្រងរដ្ឋធានី និងតំបន់ដែលមានប្រជាជនច្រើនជាងគេរបស់យេម៉ែន បានវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា មកក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលទាក់ទាញការវាយប្រហារសងសឹករបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ចាប់តាំងពីខែកុម្ភៈ។លោក អាល់ហ៊ូទី នៅក្នុងសុន្ទរកថាតាមទូរទស្សន៍បាននិយាយថា នាវាចំនួន ៩០ គ្រឿងត្រូវបានដាក់គោលដៅនៅក្នុងសមុទ្រក្រហម ហើយការវាយប្រហារដោយយានដ្រូនបានកើនឡើង និងពង្រីកទៅកាន់តំបន់បន្ថែមទៀត។ លោកបន្ថែមថា ការវាយប្រហារចំនួន ៣៤ លើកត្រូវបានចាប់ផ្តើមក្នុងរយៈពេលមួយខែ ដោយប្រើប្រាស់មីស៊ីលបាលិស្ទិក និងយានដ្រូនសរុបចំនួន ១២៥ គ្រឿង។ការវាយប្រហាររបស់ក្រុមហ៊ូទី បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក ដោយបង្ខំឱ្យក្រុមហ៊ុននានាចំណាយពេលយូរ និងការធ្វើដំណើរថ្លៃជាងមុននៅជុំវិញចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិក។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារលើគោលដៅរបស់ក្រុមហ៊ូទី ក្នុងការឆ្លើយតបនឹងការវាយប្រហារលើការដឹកជញ្ជូនរបស់ក្រុមនេះ៕

មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស៖ អេហ្ស៊ីបបានផ្តល់សំណើបទឈប់បាញ់ ប៉ុន្តែមិនរួមបញ្ចូលអ្វីថ្មីទេ

2024/04/05 09:17:54 am        113
មេដឹកនាំជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថាអេហ្ស៊ីប បានដាក់ចេញនូវសំណើបទឈប់បាញ់មួយដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សា ប៉ុន្តែសំណើនោះមិនបានរួមបញ្ចូលអ្វីថ្មីនោះទេ។ មន្រ្តីក្រុមហាម៉ាសរូបនេះបន្ថែមថា អ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក និងអេហ្ស៊ីប ចង់រក្សាដំណើរការបទឈប់បាញ់ឱ្យនៅតែមាន បើទោះបីជាពួកគេជឿជាក់ថា មានគម្លាតធំទូលាយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ដោយ។មេដឹកនាំក្រុមហាម៉ាសនេះបាននិយាយថា ជុំថ្មីនៃកិច្ចចរចាអាចនឹងធ្វើឡើងនៅមុនពិធីបុណ្យ អ៊ីត អាល់ហ្វីត (Eid al-Fitr) ដែលជាការប្រារព្ធបញ្ចប់នៃបុណ្យរ៉ាម៉ាដាន នៅទីក្រុងគែរ នៅសប្តាហ៍ក្រោយ រវាងភាគីសម្រុះសម្រួល និងអ៊ីស្រាអែល ក្នុងការប៉ុនប៉ងថ្មីមួយដោយអ្នកសម្រុះសម្រួលដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។នៅមុននោះ មន្ត្រីក្រុមហាម៉ាស លោក អូសាម៉ា ហាមដាន (Osama Hamdan) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយពីទីក្រុងបេរ៉ូត ថាមិនមានការរីកចំរើននៅក្នុងកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សាទេ ទោះបីជាក្រុមប៉ាឡេស្ទីនមួយនេះបង្ហាញភាពបត់បែនក៏ដោយ។លោក ហាមដាន បានស្តីបន្ទោសនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) ចំពោះភាពជាប់គាំងក្នុងកិច្ចចរចា ដោយនិយាយថាលោកកំពុងដាក់ឧបសគ្គដែលរារាំងភាគីទាំងពីរមិនឱ្យឈានដល់កិច្ចព្រមព្រៀងមួយ ហើយថាលោក ណេតាន់យ៉ាហ៊ូ «មិនចាប់អារម្មណ៍» ក្នុងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលនោះទេ៕

ក្រុមអ្នកសង្រ្គោះតៃវ៉ាន់ កំពុងតាមស្វែងរកអ្នកបាត់ខ្លួន១៨នាក់ ក្រោយរញ្ជួយដីសម្លាប់មនុស្ស១០នាក់

2024/04/05 09:10:35 am        138
ក្រុមអ្នកសង្រ្គោះកោះតៃវ៉ាន់ កំពុងព្យាយាមតាមស្វែងរកមនុស្ស១៨នាក់ទៀតកំពុងបាត់ខ្លួននៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រោយគ្រោះរញ្ជួយដីកម្រិត៧,២ រ៉ិចទ័រ វាយប្រហារតំបន់ភ្នំនិង ឆ្នេរសមុទ្រភាគខាងកើតរបស់កោះនេះ ខណៈរលករញ្ជួយរាប់សិបលើកបានអង្រួនតំបន់រងគ្រោះមហន្តរាយនេះ ហើយអ្នកជាប់ខ្លួនក្រោមគំនរកម្ទេចថ្ម ត្រូវបានរំដោះចេញប្រកបដោយសុវត្ថិភាព។ ក្រុមអាជ្ញារក្នុងតំបន់បាននិយាយថាអ្នករបួសបានកើនឡើងដល់ប្រមាណ១.១០០នាក់ ។ ការរញ្ជួយដីកាលពីថ្ងៃពុធទី៣មេសា នៅក្នុងតំបន់ហ័រលៀន(Hualien)ដែលមានប្រជាពលរដ្ឋរស់នៅតិចតួច នៅភាគខាងកើតរបស់កោះនេះ បានសម្លាប់មនុស្ស១០នាក់ និងបណ្ដាលឲ្យមនុស្សរាប់រយនាក់ជាប់ខ្លួននៅក្នុងឧស្យានជាតិ ខណៈផ្ទាំងថ្មធំៗ បានរបេះធ្លាក់ពីលើភ្នំកាត់ផ្ដាច់ផ្លូវធ្វើដំណើរ។ នាយករដ្ឋានពន្លត់អគ្គិភ័យដែនកោះរបស់ចិនមួយនេះ បានដាក់ចំនួនមនុស្សនៅតែបាត់ខ្លួនចំនួន១៨នាក់ រួមទាំងជនបរទេស៤នាក់ ដោយបានបញ្ជាក់ថាជាជនជាតិឥណ្ឌា កាណាដា និងអូស្ត្រាលី និងនិយាយថា គេពុំអាចដឹងទីតាំងជាក់លាក់ថាពួកគេនៅទីណានោះទេ។ ប្រភពដដែលនេះ បានបន្ថែមថា មនុស្សចំនួន៦នាក់ ផ្សេងទៀតបាត់ខ្លួននៅពេលឡើងភ្នំ ហើយក្រុមសង្រ្គោះមានគ្នា៤៥នាក់ កំពុងព្យាយាមទៅឲ្យដល់ទីតាំងរបស់ពួកគេ។ ក្រុមអ្នកសង្រ្គោះបានបញ្ជាក់ថា មនុស្សប្រហែល៤០០នាក់ ត្រូវបាននាំចេញពីសណ្ឋាគារប្រណិតនៅក្នុងតំបន់ឧស្យានជាតិ តារ៉ូកូ ចច (Taroko Gorge)ប្រកបដោយសុវត្ថិភាព និងត្រូវបានផ្គត់ផ្គង់ជំនួយតាមឧទ្ធម្ភាគចក្រ ហើយក៏បានដឹកជញ្ជូនអ្នករងរបួសចេញពីតំបន់គ្រោះរួចរាល់ដែរ។ គួររម្លឹកថាមនុស្សជាង១០០នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីក្នុងភាគខាងត្បូងរបស់កោះនេះកាលពីឆ្នាំ២០១៦ ខណៈរញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ បានអង្រួនកោះនេះផងដែរ ដែលបានឆក់យកជីវិតមនុស្សជាង២.០០០នាក់ កាលពីឆ្នាំ១៩៩៩៕

មនុស្សរាប់រយនាក់ តវ៉ានៅជិតស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុង Amman ប្រទេសហ៊្សកដានី

2024/04/05 08:46:42 am        100
ប្រជាជនហ្ស៊កដានី និងប៉ាឡេស្ទីន រាប់រយនាក់បានបន្តមកប្រមូលផ្តុំគ្នានៅជិតស្ថានទូតអ៊ីស្រាអែលនៅក្នុងទីក្រុង Amman ប្រទេសហ៊្សកដានី សម្រាប់សប្តាហ៍ទីពីរកាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែមេសា ដើម្បីគាំទ្រលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ ក្រុមអ្នកតវ៉ា បានស្រែកពាក្យផ្សេងៗ មានកាន់ផ្ទាំងបដា និងគ្រវីទង់ជាតិប៉ាឡេស្ទីន។សន្ធិសញ្ញាសន្តិភាពរបស់ប្រទេសហ្ស៊កដានី ជាមួយអ៊ីស្រាអែល គឺពុំមានការគាំទ្រខ្លាំងនោះទេក្នុងចំណោមពលរដ្ឋជាច្រើនដែលមើលឃើញថា ការធ្វើឱ្យមានលក្ខណៈប្រក្រតីភាពជាការក្បត់ទៅនឹងសិទ្ធិរបស់ជនរួមជាតិប៉ាឡេស្ទីនរបស់ពួកគេ។ អ្នកតវ៉ា ឈ្មោះ Imad al Malhi បាននិយាយថា យើងកំពុងស្នើឱ្យរដ្ឋាភិបាលហ៊្សកដានី លុបចោលសន្ធិសញ្ញា Wadi Araba ដោយលោកបាននិយាយបន្ថែមថាសន្ធិសញ្ញានេះ បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ របស់ប្រទេសហ្ស៊កដានី។ស្ថានទូតអ៊ីស្រាអែល ជាទីដែលក្រុមបាតុករមកប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃ បានក្លាយជាចំណុចក្តៅនៃការតវ៉ាប្រឆាំងអ៊ីស្រាអែលជាយូរណាស់មកហើយ នៅពេលមានភាពចលាចលនៅក្នុងតំបន់ហ្កាហ្សា និងដែនដីកាន់កាប់ប៉ាឡេស្ទីន។យោងតាមអាជ្ញាធរសុខាភិបាលនៃតំបន់ហ៊ុព័ទ្ធហ្កាហ្សា បានឲ្យដឹងថា ជម្លោះដ៏អាក្រក់បំផុតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាក្រុមអ៊ីស្លាមនិយមគ្រប់គ្រងដែនដីនេះ អ៊ីស្រាអែលបានបើកការវាយប្រហារ និងបានបាញ់ផ្លោងទៅលើតំបន់ហ្កាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៣៣.០០០នាក់។ ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល ដែលអ៊ីស្រាអែលបាននិយាយថាមនុស្ស ២.២០០នាក់ ត្រូវបានសម្លាប់។

ប្រទេសស៊ីប អំពាវនាវដល់សហភាពអឺរ៉ុប ឱ្យជួយដោះស្រាយវិបត្តិលំហូរជនអន្តោប្រវេសន៍

2024/04/04 02:46:58 pm        222
ប្រទេសស៊ីប បានអំពាវនាវដល់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃពុធ ដើម្បីផ្តល់ជំនួយជាក់ស្តែង ខណៈប្រទេសកោះនៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើតមួយនេះ កំពុងរកមធ្យោបាយដោះស្រាយលំហូរជនអន្តោប្រវេសន៍ស៊ីរី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ខន់ស្តេនទីណូស អាអូននូ(Constantinos Ioannou) បាននិយាយថា ប្រទេសស៊ីប ស្ទាក់ចាប់បានទូកចំនួន ១៣គ្រឿង ដោយមានជនអន្តោប្រវេសន៍សរុបចំនួន ៧៣៩ នាក់ នៅលើទូក នៅឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ខ្លួន ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។លោក Ioannou បាននិយាយថា ទូកទាំងអស់ បានចាកចេញពីឆ្នេរសមុទ្រប្រទេសលីបង់ ដែលមានចម្ងាយមិនដល់ ២០០ គីឡូម៉ែត្រនោះទេនៅភាគអាគ្នេយ៍ប្រទេសស៊ីប ដោយអ្នកដំណើរស្ទើរតែទាំងអស់គឺជាជនជាតិស៊ីរី។ លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរអំពីតម្រូវការសម្រាប់មូលនិធិរបស់សហភាពអឺរ៉ុប ដែលបានបែងចែកទៅឲ្យប្រទេសលីបង់ ដើម្បីផ្សារភ្ជាប់ទៅនឹងការធ្វើឲ្យប្រសើរឡើងការការពារឆ្នេរសមុទ្រ និងដែនទឹករបស់ប្រទេសលីបង់ធ្វើឡើងដោយអាជ្ញាធរតំបន់។ ប្រទេសស៊ីប ក៏កំពុងអំពាវនាវឱ្យមានការបង្កើនការឃ្លាំមើលឆ្នេរសមុទ្រប្រទេសលីបង់ដោយទីភ្នាក់ងារ Frontex ជាទីភ្នាក់ងារសន្តិសុខរបស់សហភាពអឺរ៉ុប។យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ចំនួនជនភៀសខ្លួនស៊ីរី សរុបដែលបានធ្វើដំណើរតាមទូកនៅប្រទេសស៊ីប រហូតមកដល់ពេលនេះមានដល់ទៅ ២.៥០០នាក់។ ប្រធានាធិបតី លោកនីកូស គ្រីស្តូដូលីដេស(Nikos Christodoulides) បាននិយាយថា លោកបានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដើម្បីស្នើសុំអន្តរាគមន៍ផ្ទាល់ របស់លោកស្រី ដោយនិយាយថាប្រទេសស៊ីប គឺស្ថិតក្នុងស្ថានភាពវិបត្តិ ដោយសារតែលំហូរជនភៀសខ្លួន។ប្រទេសស៊ីប រួមជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀត កំពុងគាំទ្រសម្រាប់ការប្រកាសតំបន់ចំនួនពីរក្នុងប្រទេសស៊ីរីថាមានសុវត្ថិភាព ដែលនឹងអនុញ្ញាតឱ្យមានការវិលត្រឡប់របស់ជនអន្តោប្រវេសន៍ស៊ីរីត្រឡប់ទៅវិញ។ ទោះជាយ៉ាងណា ក្រោមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបបច្ចុប្បន្ន ជនអន្តោប្រវេសន៍ មកពីប្រទេសស៊ីរីមានសិទ្ធិទទួលបានការការពារជាជនភៀសខ្លួន។

UN សន្យាគាំទ្រ បន្ទាប់ពីហ្ស៊ីមបាបវ៉េ ប្រកាសថាប្រទេសជួបគ្រោះមហន្តរាយរាំងស្ងួត

2024/04/04 02:41:33 pm        167
អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ (០៣ មេសា) បានសន្យាថានឹងជួយប្រទេសហ្ស៊ីមបាបវ៉េ ក្នុងការប្រមូលធនធានដើម្បីដោះស្រាយវិបត្តិគ្រោះរាំងស្ងួតដែលបណ្តាលមកពីគំរូអាកាសធាតុ អ៊ែលនីញ៉ូ (El Nino)។ការប្តេជ្ញាចិត្តនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីហ្ស៊ីមបាបវ៉េ លោក អ៊ែមមើសុន ម៉ានហ្កាវ៉ា (Emmerson Mnangagwa) អំពីស្ថានភាពនៃគ្រោះមហន្តរាយនៅថ្ងៃមុននោះ ដោយសារគ្រោះរាំងស្ងួត ដែលបានកាត់បន្ថយទិន្នផលធញ្ញជាតិយ៉ាងច្រើន និងប៉ះពាល់ដល់ធនធានសន្តិសុខស្បៀងដ៏សំខាន់សម្រាប់សហគមន៍ជនបទ។ជាផ្នែកនៃសកម្មភាពដែលរំពឹងទុក និងការឆ្លើយតបដំបូងរបស់ខ្លួន អង្គការសហប្រជាជាតិបានបែងចែកប្រាក់ចំនួន ៥ លានដុល្លារដល់ហ្ស៊ីមបាបវ៉េ ពីមូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាលរបស់ខ្លួនក្នុងខែធ្នូ ឆ្នាំ ២០២៣ ដោយផ្តោតលើវិស័យដូចជាទឹក អនាម័យ និងភាពស្អាត សុខភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ដោយលើកឡើងពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃគ្រោះរាំងស្ងួតនៅក្នុងប្រទេសហ្ស៊ីមបាបវ៉េ និងតំបន់អាហ្វ្រិកខាងត្បូង លោក អ៊ែដវើត ខាលលុន (Edward Kallon) អ្នកសម្របសម្រួលផ្នែកប្រជាជន និងមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយថា នៅប្រទេសហ្ស៊ីមបាវ៉េ វិបត្តិមានផលវិបាកយ៉ាងធំធេងនៅទូទាំងវិស័យផ្សេងៗនៃសេដ្ឋកិច្ច។ ប្រធានាធិបតីនៃប្រទេសអាហ្រ្វិកមួយនេះនិយាយថា ហ្ស៊ីមបាបវ៉េ ត្រូវការប្រាក់ជាង ២ ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងគ្រោះរាំងស្ងួត៕

អាមេរិក៖ លោកប្ល៊ីនខិន និងប្រធានាធិបតីអាស៊ែរបៃហ្សង់ ពិភាក្សាគ្នាអំពីការបន្ធូរបន្ថយភាពតានតឹងជាមួយអាមេនី

2024/04/04 01:05:15 pm        314
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្ល៊ីនខិន (Antony Blinken)កាលពីថ្ងៃពុធ បាននិយាយជាមួយប្រធានាធិបតីអាស៊ែរបៃហ្សង់ លោក Ilham Aliyev អំពីសារៈសំខាន់នៃការជំរុញដំណើរការសន្តិភាពជាមួយប្រទេសជិតខាង អាមេនី។ទីក្រុងយ៉េរ៉េវ៉ាន់ បានរងបរាជ័យដ៏ធំមួយកាលពីខែកញ្ញាឆ្នាំមុន នៅពេលដែលកងកម្លាំងរបស់ទីក្រុងបាគូ ដណ្តើមយកតំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ខណៈពេលដែលផ្នែកមួយនៃអាស៊ែរ បៃហ្សង់ មានប្រជាជនអាមេនីដ៏ច្រើនលើសលុប។សាធារណរដ្ឋកូកាសខាងត្បូងទាំងពីរ កំពុងព្យាយាមយល់ព្រមលើសន្ធិសញ្ញាសន្តិភាពផ្លូវការមួយ ប៉ុន្តែការពិភាក្សា បានក្លាយទៅជាបញ្ហាជាច្រើនរួមទាំងការបោះបង្គោលព្រំដែនប្រវែង១.000 គីឡូម៉ែត្រ (៦២០ ម៉ាយ) របស់ពួកគេ ដែលនៅតែបិទ និងមានយោធាឈរជើងយ៉ាងច្រើន។ការសង្ស័យគ្នាទៅវិញទៅមក នៅតែមានកម្រិតខ្ពស់ ហើយកាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិអាស៊ែរបៃហ្សង់ បាននិយាយថា ប្រទេសអាមេនី កំពុងប្រមូលផ្តុំកងទ័ពនៅតាមផ្នែកនៃព្រំដែន។ ប្រទេសអាមេនី បានច្រានចោលរបាយការណ៍នេះ។អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្ល៊ីនខិន បានប្រាប់លោក Aliyev ថា មិនមានហេតុផលសម្រាប់ការកើនឡើងភាពតានតឹង នៅតាមព្រំដែននោះទេ ហើយបានព្រមានថា សកម្មភាពឈ្លានពាន និងវោហាស័ព្ទពីភាគីណាមួយនឹងធ្វើឲ្យខូចដល់ក្តីរំពឹងទុកចំពោះសន្តិភាព។

មន្ត្រីរាជការ១៤នាក់ ត្រូវបានចាប់ខ្លួនពីការចោទប្រកាន់បទឧក្រិដ្ឋរៀបចំទុក ក្នុងប្រទេសអេក្វាឌ័រ

2024/04/04 12:51:24 pm        302
ការិយាល័យក្រសួងយុត្តិធម៌របស់ប្រទេស បាននិយាយថា យ៉ាងហោចណាស់មន្ត្រីរាជការចំនួន ១៤ នាក់ នៅក្នុងប្រទេសអេក្វាឌ័រ រួមទាំងចៅក្រម និងមន្រ្តីនគរបាល ត្រូវបានចាប់ខ្លួន កាលពីថ្ងៃពុធនៅក្នុងប្រតិបត្តិការទូទាំងប្រទេសប្រឆាំងអំពើពុករលួយនៅក្នុងប្រព័ន្ធច្បាប់។នគរបាល បានចាប់ខ្លួន និងឆ្មក់ចូលលំនៅឋានក្នុងខេត្តចំនួនប្រាំបី ជាផ្នែកមួយនៃប្រតិបត្តិការ ដែលកំណត់គោលដៅលើមន្ត្រីរាជការដែលត្រូវបានសង្ស័យនៃការអនុញ្ញាតជាប្រព័ន្ធឱ្យឧក្រិដ្ឋជនគេចចេញពីយុត្តិធម៌ ជាថ្នូរទៅនឹងប្រាក់ ឬការអនុគ្រោះ។ការិយាល័យ បាននិយាយនៅក្នុងការបង្ហោះនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា អ្នកដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធ បានផ្តល់ផលប្រយោជន៍ដល់មនុស្សដែលមានគ្រោះថ្នាក់ខ្លាំង ដោយផ្តល់សេរីភាពឱ្យពួកគេតាមរយៈល្បិចផ្នែកច្បាប់ និងការបំពានច្បាប់។ការិយាល័យបាននិយាយថា ចៅក្រមដែលជាប់ពាក់ព័ន្ធ បានអនុញ្ញាតឱ្យឧក្រិដ្ឋជនដែលនៅក្នុងពន្ធនាគាររួចហើយនោះ ទទួលបានសេរីភាពដោយខុសច្បាប់ ទោះបីជាវាមានលក្ខណៈស្របច្បាប់ក៏ដោយ។ប្រតិបត្តិការនេះ មានគោលបំណង ដើម្បីលុបបំបាត់បញ្ហាជាបន្តបន្ទាប់ ដែលដំណើរការនៅក្នុងប្រព័ន្ធយុត្តិធម៌ ដែលត្រូវបានរៀបចំជាប្រព័ន្ធ។

UN ព្រមានថា ការកើនឡើងជាសកលនៃជំនួយដែលត្រូវបានរារាំង បានគំរាមដល់អាយុជីវិតកុមារ

2024/04/04 12:47:20 pm        328
អង្គការសហប្រជាជាតិ បានបង្កើនការព្រមានកាលពីថ្ងៃពុធ អំពីការកើនឡើងជាសកលដែលគួរឱ្យព្រួយបារម្ភ នៅក្នុងឧបទ្ទវហេតុដែលជំនួយមនុស្សធម៌សម្រាប់កុមារ ត្រូវបានរារាំង ដោយព្រមានពីផលវិបាកធ្ងន់ធ្ងរសម្រាប់អ្នកដែលងាយរងគ្រោះបំផុត។ ក្នុងអំឡុងសន្និសីទសារព័ត៌មានរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីកុមារនិងជម្លោះប្រដាប់អាវុធ លោកស្រី វឺជីនៀ ហ្គាំបា( Virginia Gamba) តំណាងពិសេសទទួលបន្ទុកកុមារ និងជម្លោះប្រដាប់អាវុធ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននាំមកការបំភ្លឺអំពីការពន្លឿនជាបន្ទាន់នៃការដោះស្រាយផលវិបាកចំពោះការបដិសេធដំណើរការមនុស្សធម៌សម្រាប់កុមារ។លោកស្រី Gamba បាននិយាយថា នៅឆ្នាំ ២០២២ តួលេខខ្ពស់បំផុតនៃការបដិសេធដំណើរការ ត្រូវបានផ្ទៀងផ្ទាត់នៅក្នុងដែនដីប៉ាឡេស្ទីន ប្រទេសយេម៉ែន អាហ្វហ្គានីស្ថាន និងប្រទេសម៉ាលី ដោយបញ្ជាក់អំពីនិន្នាការដែលទំនងជាកាន់តែធ្ងន់ធ្ងរទៅៗជាសាកល ដោយសារតែការអនុម័តច្បាប់រឹតត្បិត ក្រឹត្យរដ្ឋបាល និងបង្កើនការគ្រប់គ្រងលើកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌។ លោកស្រីបានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះត្រូវតែទទួលខុសត្រូវចំពោះការរារាំងកុមារមិនឲ្យទទួលបានជំនួយសង្គ្រោះជីវិត ដែលគំរាមកំហែង មិនត្រឹមតែការរស់រានមានជីវិតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរីកលូតលាស់ និងការវិវឌ្ឍន៍រយៈពេលវែងរបស់ពួកគេផងដែរ។លោកស្រី Gamba និយាយថា ការបដិសេធដំណើរការចូលផ្នែកមនុស្សធម៌ រួមមានការរំលោភបំពានជាច្រើន រួមទាំងការរឹតបន្តឹងលើសកម្មភាពមនុស្សធម៌ ការជ្រៀតជ្រែកក្នុងប្រតិបត្តិការ ការវាយប្រហារដោយផ្ទាល់លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអំពើហិង្សាលើបុគ្គលិកផ្តល់ជំនួយមនុស្សធម៌។លោកស្រី Gamba បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ដែលមានជម្លោះ ដើម្បីអនុញ្ញាត និងសម្របសម្រួលដំណើរការផ្នែកមនុស្សធម៌ប្រកបដោយសុវត្ថិភាព ទាន់ពេលវេលា និងគ្មានការរារាំង ដោយសង្កត់ធ្ងន់លើកាតព្វកិច្ចក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ និងអនុសញ្ញាស្តីពីសិទ្ធិកុមារ ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ដល់កុមារដែលត្រូវការជំនួយ។

ផ្លូវច្រើនខ្សែប្រែក្លាយជាទន្លេ បន្ទាប់ពីព្យុះសង្ឃរាវាយបោកបក់នៅភាគខាងលិចសហរដ្ឋអាមេរិក

2024/04/04 12:33:24 pm        100
អាកាសធាតុមិនអំណោយផលខ្លាំង បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដល់ទីក្រុងជាច្រើននៅទូទាំងតំបន់ Midwest សហរដ្ឋអាមេរិក ដោយមានព្យុះសង្ឃរាជាបន្តបន្ទាប់ បានធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន និងតំបន់សហគមន៍នានា។ខណៈប្រព័ន្ធព្យុះសង្ឃរាបន្តដំណើរឆ្ពោះទៅទិសខាងកើត រដ្ឋដូចជា អូហៃយ៉ូ ភេនស៊ីលវ៉ានៀ និងរដ្ឋអ៊ីឌីអាណា បានកត់ត្រាការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។រហូតមកដល់ពេលនេះ មានអ្នករងរបួសមួយចំនួនត្រូវបានរាយការណ៍។ មន្ត្រីឧតុនិយម បានព្រមានថា នៅពេលដែលព្យុះសង្ឃរានៅតែបន្តកើតមាន តំបន់នានានៅភាគខាងកើត រដ្ឋវឺជីននៀ និងនៅភាគខាងជើងរដ្ឋខារ៉ីឡៃណាខាងជើង អាចប្រឈមនឹងព្យុះផ្គររន្ទះយ៉ាងខ្លាំង ខណៈអាកាសធាតុប្រែប្រួល បានអូសបន្លាយបន្តិចម្តងៗទៅកាន់ភាគអាគ្នេយ៍។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំឈូសមុទ្រធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាពីការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់
04/28/2026 08:04 PM
ប្រធានាធិបតីអេស្តូនី៖ «អឺរ៉ុបត្រូវតែត្រៀមខ្លួន» សម្រាប់គ្រាប់សេណារីយ៉ូ នៅក្នុងសង្គ្រាមអ៊ុយក្រែន
04/28/2026 08:04 PM
យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀស សម្រាប់តំបន់ភាគខាងត្បូងលីបង់
04/28/2026 08:04 PM
ស៊ុយអែតព្រមានអំពីលទ្ធភាពដែលអាចខ្វះខាតប្រេងឥន្ធនៈយន្តហោះ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា
04/28/2026 08:04 PM
រសៀលនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍​ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់
04/28/2026 08:04 PM
អារ៉ាប់រួម ចាកចេញពី OPEC និង OPEC+ ជាផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមផលិតប្រេងសកល
04/28/2026 08:04 PM
ក្រុមហ៊ុននីហ្សេរីយ៉ាផលិតយានបើកដោយខ្លួនឯង ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធអាហ្វ្រិក
04/28/2026 07:04 PM
មន្ត្រីការពារជាតិជាន់ខ្ពស់៖ ហ្វីលីពីនមិនបារម្ភថា សង្គ្រាមអ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិកងាកចេញពីតំបន់នោះទេ
04/28/2026 07:04 PM
មនុស្សជាច្រើននាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាប់ឆេះការដ្ឋានសំណង់អគារកំពុងសាងសង់នៅទីក្រុងមូស្គូ
04/28/2026 07:04 PM
អ៊ីរ៉ង់៖ អាមេរិកលែងមានឥទ្ធិពល «កំណត់» គោលនយោបាយដល់ប្រទេសដទៃទៀតហើយ
04/28/2026 07:04 PM