អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

រដ្ឋមន្ត្រីការបរទេសអង់គ្លេស៖ យើងត្រូវការ «ផែនការ B»ក្នុងករណីដែលអ៊ីស្រាអែលឈ្លានពាន ទីក្រុងរ៉ាហ្វា

2024/04/10 10:27:19 am        96
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកដេវីត កាមេរុន ( Lord Cameron)បាននិយាយថា ប្រទេសលោកខាងលិចត្រូវការ «ផែនការ B» ក្នុងករណីដែលអ៊ីស្រាអែល បន្តទៅមុខជាមួយនឹងការលុកលុយទៅលើទីក្រុងរ៉ាហ្វា ( Rafah)។លោកកាមេរុន បានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយលោកអង់តូនី ប្ល៊ីនខិន ( Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។លោកបានប្រាប់សន្និសីទនេះថា៖«ដូចដែលយើងបានឃើញការសម្លាប់ដ៏សោកនាដកម្មនៃបុគ្គលិកអង្គការ World Central Kitchen ប្រសិនបើអ្នកមានជម្លោះនោះ រឿងផ្សេងៗទៀត ក៏អាចកើតឡើងដែរ។«យើងមានផែនការ A ច្បាស់លាស់ណាស់សម្រាប់របៀបដែលយើងធ្វើឲ្យជម្លោះនេះបញ្ចប់ យើងមានការផ្អាកបណ្តោះអាសន្ន យើងប្រែក្លាយទៅជាបទឈប់បាញ់ប្រកបដោយនិរន្តរភាព យើងឃើញមេដឹកនាំក្រុមហាម៉ាស ត្រូវបានដកចេញពីតំបន់ហ្កាហ្សា យើងឃើញហេដ្ឋារចនាសម្ព័ន្ធភេរវករ ត្រូវបានបំផ្លាញ។ នោះហើយជាវិធី ដើម្បីមានដំណើរការនយោបាយដែលនាំឲ្យសង្រ្គាមឈានដល់ទីបញ្ចប់។ប៉ុន្តែប្រសិនបើវាមិនដំណើរការទេ យើងត្រូវគិតអំពីអ្វីទៅជាផែនការB? តើអង្គការមនុស្សធម៌ និងអង្គការផ្សេងទៀត អាចធ្វើអ្វីបាន ដើម្បីប្រាកដថា ប្រសិនបើមានជម្លោះនៅទីក្រុងរ៉ាហ្វា ប្រជាជន អាចទទួលបានសុវត្ថិភាព ពួកគេអាចទទួលបានស្បៀងអាហារ ពួកគេអាចទទួលបានទឹក ពួកគេអាចទទួលបានថ្នាំ ហើយមនុស្ស ត្រូវមានសុវត្ថិភាព ហើយខ្ញុំគិតថា នោះជាអ្វីដែលយើងនឹងត្រូវសម្លឹងមើល និងនិយាយនៅថ្ងៃនេះ។

រដ្ឋមន្ត្រី៖ ការកាប់បំផ្លាញព្រៃឈើនៅព្រៃ Amazon របស់ប្រទេសប្រេស៊ីល ធ្លាក់ចុះ ៤០% នៅក្នុងត្រីមាសទី១

2024/04/10 10:09:55 am        49
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី Marina Silva បាននិយាយកាលពីថ្ងៃអង្គារ ទី៩ ខែមេសា ដោយដកស្រង់ទិន្នន័យពីទីភ្នាក់ងារស្រាវជ្រាវអវកាស INPE ថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃ Amazon របស់ប្រទេសប្រេស៊ីល បានធ្លាក់ចុះ ៤០% ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៤ នេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។លោកស្រី Silva បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅក្នុងព្រឹត្តិការណ៍មួយក្នុងរដ្ឋធានី Brasilia ថាទិន្នន័យមានសារៈសំខាន់ខ្លាំង ដោយសារកាលពីឆ្នាំ២០២៣ ការកាប់បំផ្លាញព្រៃឈើបានធ្លាក់ចុះ ៥០%។ លោកស្រី ពុំបានផ្តល់តួលេខលម្អិតនោះទេ។ ទិន្នន័យតាមផ្កាយរណបបឋម ដែលផ្តល់ឲ្យដោយទីភ្នាក់ងារ INPE បានឲ្យដឹងថា រហូតដល់ថ្ងៃទី ២៨ ខែមីនា បានបង្ហាញថាផ្ទៃដី ៤៩២ គីឡូម៉ែត្រក្រឡា នៃព្រៃ Amazon ត្រូវបានរុករានក្នុងអំឡុងពេលនោះ ដែលមានការធ្លាក់ចុះ៤១,៨% លើមូលដ្ឋានប្រចាំឆ្នាំ។លោកស្រី Silva បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលមានបំណងវិនិយោគក្នុងទឹកប្រាក់ ១៤៥,៨៧ លានដុល្លារ ក្នុងសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងការកាប់បំផ្លាញព្រៃឈើនៅក្នុងទីតាំងចំនួន ៧០កន្លែងនៅប្រទេសប្រេស៊ីល ជាកន្លែងដែលមានការកាប់បំផ្លាញព្រៃឈើជិត ៨០% នៃព្រៃ Amazon កាលពីឆ្នាំ ២០២២ ។លោកស្រី បាននិយាយបន្ថែមថា ប្រទេសប្រេស៊ីល ក៏កំពុងធ្វើការលើសំណើបង្កើតមូលនិធិសកលដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិរក្សព្រៃឈើ។

ក្រុមបាតុករ ដែលទាមទារឲ្យបង្វែរប្រទេសទៅជារាជាណាចក្រហិណ្ឌូ ប៉ះទង្គិចជាមួយនគរបាលនៅ នេប៉ាល់

2024/04/10 09:33:53 am        102
ក្រុមបាតុកររាប់រយនាក់ បានចេញធ្វើបាតុកម្មនៅក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃអង្គារ ដើម្បីទាមទារឱ្យមានការចាប់ផ្តើមឡើងវិញនូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ និងបង្វែរប្រទេសទៅជារាជាណាចក្រហិណ្ឌូ។ការតវ៉ា ត្រូវបានអំពាវនាវដោយគណបក្សប្រជាជនជាតិនិយម(Nationalist People's Party) ជាក្រុមគាំទ្រស្តាំនិយមជ្រុល ដែលបានមើលឃើញមនុស្សជាច្រើនដើរដង្ហែរបាតុកម្ម និងលើកបដាពាក្យស្លោកផ្សេងៗដើម្បីលុបបំបាត់រដ្ឋាភិបាលខេត្តបច្ចុប្បន្ន។ក្រុមបាតុករ បានប៉ះទង្គិចជាមួយនគរបាល និងបានរុះរើរបាំងការពារ ដើម្បីចូលទៅក្នុងតំបន់ហាមឃាត់ បន្ទាប់ពីកងកម្លាំងប្រឆាំងកុបកម្ម បានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីបំបែកពួកគេ។អតីតប្រធានក្រុមឧទ្ទាមម៉ៅនិយម លោក ពូសបា កាំម៉ល ដាហាល(Pushpa Kamal Dahal) ដែលបច្ចុប្បន្ននេះ គឺជានាយករដ្ឋមន្ត្រីរបស់ប្រទេសនេប៉ាល់ កំពុងដឹកនាំក្រុមចម្រុះជាមួយគណបក្សCongress នេប៉ាល់និយមកណ្តាល។សភាជាប់ឆ្នោតពិសេស បានលុបចោលរបបរាជានិយមដែលមានអាយុកាល ២៣៩ឆ្នាំ កាលពីឆ្នាំ ២០០៨ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលបានបញ្ចប់ការបះបោររបបម៉ៅនិយម ដែលបានសម្លាប់មនុស្ស ១៧.០០០នាក់នៅចន្លោះឆ្នាំ ១៩៩៦ និង ២០០៦ ហើយបានបង្កើតសាធារណរដ្ឋសហព័ន្ធ។

តុលាការរដ្ឋ អារីហ្សូណា របស់អាមេរិក ស្ដារឡើងវិញនូវច្បាប់សតវត្សរ៍ទី១៩ ដែលហាមប្រាមការរំលូតកូន

2024/04/10 09:09:58 am        181
តុលាការកំពូលរបស់រដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (០៩ មេសា) បានស្តារឡើងវិញនូវច្បាប់ហាមប្រាមលើការរំលូតកូន ស្ទើរតែទាំងអស់នៅក្រោមច្បាប់ពីឆ្នាំ ១៨៦៤ ពាក់កណ្តាលសតវត្សនៅមុនពេលមានភាពជារដ្ឋ និងការបោះឆ្នោតរបស់ស្ត្រី ដោយរឹតបន្តឹងបន្ថែមទៀតលើសិទ្ធិបន្តពូជនៅក្នុងរដ្ឋដែលការរំលូតកូនអំឡុងពេលពពោះ ១៥ សប្តាហ៍ ត្រូវបានរារាំងរួចទៅហើយ។តុលាការកំពូលប្រចាំរដ្ឋអារីហ្សូណា នេះបានកាត់សេចក្តីដោយសំឡេងគាំទ្រ ៤ ទល់ ២ ចំពោះគ្រូពេទ្យផ្នែកសម្ភពប្រឆាំងការរំលូតកូន និងរាជអាជ្ញាប្រចាំតំបន់ ដែលបានជំរុញឱ្យអនុវត្តលក្ខន្តិកៈសម័យសង្គ្រាមស៊ីវិលនេះ បន្ទាប់ពីអគ្គមេធាវីបក្សប្រជាធិបតេយ្យនៃរដ្ឋសមរភូមិដ៏សំខាន់របស់បេក្ខជនប្រធានាធិបតីមួយនេះ បានបដិសេធមិនធ្វើដូច្នេះ។ចៅក្រមរដ្ឋអារីហ្សូណា លោក ចន ឡូប៉េស (John Lopez) ដែលត្រូវបានតែងតាំងដោយអភិបាលរដ្ឋនៃបក្សសាធារណៈរដ្ឋ បានសម្រេចថា សភានីតិបញ្ញត្តិរបស់រដ្ឋ «មិនដែលបានបញ្ជាក់ពីសិទ្ធិក្នុងការរំលូតកូនដោយជ្រើសរើស ឬអនុញ្ញាតដោយឯករាជ្យឡើយ»។នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គមេធាវីរដ្ឋអារីហ្សូណា លោកស្រី គ្រីស ម៉ាយ៉េស (Kris Mayes) ដែលជាសមាជិកបក្សប្រជាធិបតេយ្យ បានហៅការសម្រេចនេះថា «គ្មានសតិសម្បជញ្ញៈ និងជាការគំរាមកំហែងដល់សិទ្ធសេរីភាព» ហើយបានសង្កត់ធ្ងន់ថាខ្លួននឹងមិនកាត់ទោសវេជ្ជបណ្ឌិត ឬស្ត្រីណាម្នាក់នៅក្រោម «ច្បាប់ដ៏តឹងរ៉ឹង» នេះទេ៕

UN កត់ត្រាកំណើនយ៉ាងខ្លាំងនៃការស្លាប់ និងរបួសជនស៊ីវិលនៅអ៊ុយក្រែន ក្នុងខែមីនា

2024/04/10 09:00:20 am        114
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (០៩ មេសា) ថាក្រុមអ្នកឃ្លាំមើលអង្គការសហប្រជាជាតិ បានកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកស្លាប់ និងរបួសដែលជាជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន កាលពីខែមុន ខណៈដែលកងកម្លាំងរុស្ស៊ី បានបង្កើនការវាយប្រហារឥតឈប់ឈរ។ ចំនួនអ្នកស្លាប់រួមមានកុមារយ៉ាងតិច ៥៧ នាក់បានស្លាប់ ឬរងរបួសនៅក្នុងខែមីនា ដែលចំនួននេះកើនឡើងទ្វេដងពីខែកុម្ភៈ។ បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានផ្ទៀងផ្ទាត់ថាជនស៊ីវិលយ៉ាងហោចណាស់ ៦០៤ នាក់ដែលត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងប្រទេសអ៊ុយក្រែនក្នុងខែមីនា ដែលកើនឡើងចំនួន ២០ ភាគរយពីខែកុម្ភៈ។ បេសកកម្មនេះបានរកឃើញថា អ្នករងគ្រោះភាគច្រើនគឺជាស៊ីវិលដែលមានចំនួន ៩៣,៥ ភាគរយ ក៏ដូចជាការខូចខាតភាគច្រើនដល់កន្លែងអប់រំ និងសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានកើតឡើងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។អ៊ុយក្រែន បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរជាពិសេសកាលពីខែមីនា ហើយលោកប្រធានាធិបតី វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា ប្រទេសនេះអាចអស់មីស៊ីលការពារដែនអាកាស ប្រសិនបើរុស្ស៊ី បន្តយុទ្ធនាការទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយដ៏ខ្លាំងក្លារបស់ខ្លួន។ លោកបាននិយាយកាលពីសប្តាហ៍មុនថា រុស្ស៊ីបានបាញ់ទម្លាក់គ្រាប់បែកពីលើអាកាសចំនួនជាង ៣.០០០ គ្រាប់ យានដ្រូនចំនួន ៦០០ គ្រឿង និងមីស៊ីល ៤០០ គ្រាប់ទៅលើអ៊ុយក្រែន នៅក្នុងខែមីនា ដែលជាតួលេខដ៏ច្រើនសន្ធឹកសន្ធាប់៕

ពលរដ្ឋប៉ាឡេស្ទីន១៤នាក់ស្លាប់ និងរាប់សិបនាក់រងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅជំរំ Nuseirat

2024/04/10 08:52:22 am        84
ក្រសួងសុខាភិបាលបាននិយាយថា ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់១៤នាក់ស្លាប់ កាលពីថ្ងៃអង្គារ ក្នុងអំឡុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើជំរំ Nuseirat ក្នុងតំបន់ហ្កាហ្សា។ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ដែនដីប៉ាឡេស្ទីន Wafa បានរាយការណ៍ថា ការវាយប្រហារ ដែលបានបង្កឲ្យរងរបួសមនុស្សជាច្រើននាក់ បានកំណត់គោលដៅលើទីតាំងលំនៅឋានក្នុងជំរំជនភៀសខ្លួន Nuseirat នៅផ្នែកភាគកណ្តាលនៃតំបន់ហ្កាហ្សា។ការវាយប្រហារតាមអាកាសផ្សេងទៀត ត្រូវបានគេរាយការណ៍នៅទីក្រុង Deir al-Balah នៅទីក្រុងហ្កាហ្សាភាគកណ្តាល និងទីក្រុង Rafah នៅភាគខាងត្បូងផុត។ការវាយប្រហារនេះ បានកើតឡើងនៅមុនថ្ងៃបុណ្យ Eid al-Fitr ជាពិធីដែលបញ្ចប់ការតមអាហារតាមច័ន្ទគតិរបស់សាសនាឥស្លាមនៃខែបុណ្យរ៉ាម៉ាដាន ដែលត្រូវបានរំពឹងទុកនៅតំបន់ហ្កាហ្សានៅថ្ងៃពុធ ទី១០ ខែមេសានេះ។ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារថា សំណើរបស់អ៊ីស្រាអែលស្តីពីបទឈប់បាញ់នៅក្នុងសង្រ្គាមរបស់ពួកគេនៅហ្កាហ្សា មិនបានបំពេញតាមការទាមទាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននោះទេ ប៉ុន្តែក្រុមនេះនឹងសិក្សាការផ្តល់ឲ្យពេលវេលាបន្ថែមទៀត និងផ្តល់ការឆ្លើយតបរបស់ខ្លួនទៅកាន់អ្នកសម្របសម្រួល។សំណើនេះ ត្រូវបានប្រគល់ទៅឱ្យចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីន ដោយអ្នកសម្របសម្រួលមកពីប្រទេសអេហ្ស៊ីប និងកាតា ក្នុងកិច្ចពិភាក្សានៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្នុងគោលបំណងស្វែងរកច្រកចេញពីសង្គ្រាមដ៏មហន្តរាយនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបច្ចុប្បន្ននេះ ឈានចូលដល់ខែទីប្រាំពីររបស់ខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីស្រាអែល ទិញតង់ចំនួន ៤០.០០០ តង់សម្រាប់ការជម្លៀសអ្នកក្រុង រ៉ាហ្វា

2024/04/10 08:30:11 am        76
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអង្គារ (០៩ មេសា) ថា ក្រសួងការពារជាតិអ៊ីស្រាអែល កំពុងបញ្ជាទិញតង់ចំនួន ៤០.០០០ តង់ មុនពេលការជម្លៀសអ្នកស្រុកចេញពីទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលបាននិយាយថា ខ្លួនគ្រោងនឹងវាយលុកដើម្បីបំផ្លាញកងវរសេនាតូចដែលនៅសេសសល់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ុន្តែមិនបានបញ្ជាក់កាលបរិច្ឆេទ។មិនមានការបញ្ជាក់ភ្លាមៗពីក្រសួងការពារជាតិនៃការទិញនេះទេ ខណៈសារព័ត៌មាន ហ្សេរុយសាឡឹម បុស្តិ៍ (Jerusalem Post) ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយក្នុងចំណោមផ្សព្វផ្សាយដែលបានរាយការណ៍ព័ត៌មាននេះ បាននិយាយថាដំណឹងនេះត្រូវបានបែកធ្លាយដោយពុំមានការប្រកាសជាផ្លូវការ។ព័ត៌មាននៃការគ្រោងទិញតង់ ដែលតង់នីមួយៗអាចស្នាក់នៅបានមនុស្ស ១២ នាក់នេះគឺជាសញ្ញាមួយក្នុងចំណោមសញ្ញាដំបូងនៃការរៀបចំជាក់ស្តែងសម្រាប់ការជម្លៀសក្រុងរ៉ាហ្វា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១ លាននាក់បានជ្រកកោន។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានលើកឡើងម្តងហើយម្តងទៀតនូវផែនការដើម្បីលុកលុយទីក្រុងរ៉ាហ្វា ដែលជាទីក្រុងចុងក្រោយបង្អស់នៅតំបន់ហ្កាហ្សា ដែលមិនទាន់ប្រឈមមុខនឹងការវាយលុកដ៏ធំ។ នៅមុនពេលមានការវាយប្រហារណាមួយកើតឡើង យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួននឹងជម្លៀសប្រជាជនស៊ីវិលទៅកាន់អ្វីដែលគេហៅថា «កោះមនុស្សធម៌» នៅភាគកណ្តាលហ្កាហ្សា ដោយផ្តល់អាហារ ទឹក និងបរិក្ខារពេទ្យដល់អ្នកដែលត្រូវការ៕

អ៊ីស្រាអែលនិយាយថា ជំនួយបន្ថែមទៀតកំពុងចូលក្នុងដែនដីហ្កាហ្សា ប៉ុន្តែចំនួនត្រូវបានជំទាស់

2024/04/10 08:12:36 am        85
អ៊ីស្រាអែលនិយាយថា ជំនួយកំពុងសម្រុកចូលក្នុងដែនដីហ្កាហ្សាកាន់តែលឿន បន្ទាប់ពីសម្ពាធអន្តរជាតិកើនឡើងលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ យ៉ាងណា ចំនួននេះត្រូវបានជំទាស់ ហើយអង្គការសហប្រជាជាតិនិយាយថា បរិមាណជំនួយនេះនៅតែតិចជាងចំនួនអប្បបរមាដើម្បីបំពេញតម្រូវការមនុស្សធម៌នៅឡើយ។អ៊ីស្រាអែល បាននិយាយថារថយន្តដឹកទំនិញចំនួន៤១៩គ្រឿង ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីជម្លោះបានចាប់ផ្តើម បានចូលទៅក្នុងតំបន់នេះកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ទោះបីជាអង្គការអឌ្ឍចន្ទក្រហមនិងអង្គការសហប្រជាជាតិ បានផ្តល់តួលេខទាបជាងនេះយ៉ាងណាក្ដី ដោយអង្គការសហប្រជាជាតិបាននិយាយថា ចំនួនរថយន្តមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដោយសារតែច្បាប់អធិការកិច្ចរបស់អ៊ីស្រាអែល។ រយៈពេល៦ខែនៅក្នុងយុទ្ធនាការផ្លូវអាកាស និងថ្មើរជើងរបស់កងទ័ពអ៊ីស្រាអែល នៅក្នុងដែនដីហ្កាហ្សា ដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី ៧ ខែតុលា ពីសំណាក់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល ដែនដីប៉ាឡេស្ទីន ត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធនេះ បានមើលឃើញការបំផ្លិចបំផ្លាញ ឈានដល់ការប្រឈមគ្រោះទុរ្ភិក្ស និងជំងឺរាតត្បាត ស្របពេលប្រជាជនស្ទើរតែទាំងអស់នៅពេលបច្ចុប្បន្ននេះគ្មានផ្ទះសម្បែង។ ទីភ្នាក់ងារជំនួយបានត្អូញត្អែរថា អ៊ីស្រាអែលពុំបានធានាឱ្យមានលទ្ធភាពគ្រប់គ្រាន់សម្រាប់អាហារ ឱសថ និងការផ្គត់ផ្គង់មនុស្សធម៌ដែលត្រូវការចាំបាច់ផ្សេងទៀតនោះទេ ហើយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានចោទប្រកាន់ថា អ៊ីស្រាអែលបានប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្គ្រាម។ អ្នកនាំពាក្យទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ អូឆា (OCHA) លោក ជែនស៍ឡេអើគី (Jens Laerke) ក៏បានចង្អុលបង្ហាញអំពីការរឹតបន្តឹងធ្ងន់ធ្ងរលើការផ្តល់ជំនួយនៅខាងក្នុងតំបន់ហ្កាហ្សានេះដែរកាលពីខែមុន ដោយនិយាយថា អ៊ីស្រាអែល បានបដិសេធប្រហែល៣លើក មិនព្រមឲ្យក្បួនពាក់កណ្តាលដែលខ្លួនព្យាយាមបញ្ជូនទៅកាន់ភាគខាងជើងកាលពីខែមីនា រួមទាំងក្បួនជំនួយរបស់អង្គការសហប្រជាជាតិចូលទេ៕

ក្រុមហេសបូឡា បានបាញ់ទម្លាក់យានដ្រូនតម្លៃ៥លានដុល្លាររបស់អ៊ីស្រាអែល

2024/04/09 02:15:06 pm        166
ក្រុមយុទ្ធជនហេសបូឡា (Hezbollah) បានបាញ់ទម្លាក់យានដ្រូនដែលមានតម្លៃប្រមាណ ៥លានដុល្លាររបស់អ៊ីស្រាអែល។ សារព័ត៌មាន Al Mayadeen របស់អ៊ីរ៉ង់ បានរាយការណ៍ថា វីដេអូនៃឧបទ្ទវហេតុដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីយានដ្រូនដែលកំពុងឆេះ ដោយបានធ្លាក់មកដីលើ នៅក្នុងប្រទេសលីបង់។ក្រុមហេសបូឡា បានអះអាងថា យានដ្រូននេះ គឺម៉ូដែល Hermes 900។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ជាការឆ្លើយតប អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងទីតាំងចំនួនបី ដែលពាក់ព័ន្ធនឹងការការពារដែនអាកាសរបស់ក្រុមហេសបូឡា នៅស្រុកបាអាល់បែក ( Baalbek) ភាគឦសាននៃប្រទេសលីបង់។ការវាយប្រហារនេះ បានកើតឡើង នៅពេលដែលលោក Nabih Berri ប្រធានសភាលីបង់ បានចោទប្រកាន់អ៊ីស្រាអែលថា មានចេតនាចង់ «ទាក់ទាញ» ទីក្រុងបេរូត (Beirut)ឲ្យចូលទៅក្នុងសង្រ្គាម ចំពេលមានការព្រមានពីមន្ត្រីអង្គការសហប្រជាជាតិថា ការប៉ះទង្គិចគ្នានៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ «ត្រូវតែបញ្ឈប់» «ខណៈពេលដែលនៅតែមានឱកាសសម្រាប់ផ្លូវការទូត»។

ខែមីនាជាខែក្ដៅបំផុតលើកំណត់ត្រារបស់ពិភពលោក ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ

2024/04/09 01:55:36 pm        130
ទីភ្នាក់ងារតាមដានបម្រែបម្រួលអាកាសធាតុបាននិយាយនៅថ្ងៃអង្គារទី៩ខែមីនានេះ ថា ពិភពលោកទើបតែបានជួបប្រទះការហក់ឡើងសីតុណ្ហភាពក្ដៅបំផុតក្នុងខែមីនាលើកំណត់ត្រារបស់ពិភពលោកជាខែក្ដៅបំផុតក្នុងរយៈពេល១០ខែដែលគ្រប់ខែនីមួយៗ បានកើនឡើងសីតុណ្ហភាពខ្ពស់បំផុតថ្មីៗ ។ ទីភ្នាក់ងារតាមដានបម្រែបម្រួលអាកាសធាតុ កូភើនីកាស (Copernicus) ឬ(C3S) របស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងព្រឹត្តិបត្រប្រចាំខែមួយថា ក្នុងរយៈពេល១០ខែចុងក្រោយនីមួយៗ ជាប់ចំណាត់ថ្នាក់ជាខែក្តៅបំផុតរបស់ពិភពលោក បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ C3S បាននិយាយថាខែមីនាបានជាប់ចំណាត់ថ្នាក់ជាខែមានអាកាសធាតុក្តៅបំផុតមិនធ្លាប់មានរបស់ភពផែនដីក្នុងរយៈពេល ១២ ខែ។ ចាប់ពីខែមេសា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកគឺ ១,៥៨ អង្សាសេ លើសពីកម្រិតមធ្យមភាគក្នុងសម័យមុនឧស្សាហកម្មឆ្នាំឆ្នាំ១៨៥០ ដល់១៩០០។នាយករងទីភ្នាក់ងារ C3S លោកស្រីសាម៉ាន់តា ប៊ើហ្គេស(Samantha Burgess)បានស្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ៨មេសា ថា និន្នាការរយៈពេលវែងជាមួយនឹងកំណត់ត្រាពិសេស បានធ្វើឱ្យពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ។ការចងក្រងទិន្នន័យរបស់ទីភ្នាក់ងារ C3S កាលពីឆ្នាំ ១៩៤០ ដែលក្រុមអ្នកវិទ្យាសាស្ត្រឆ្លងកាត់ការត្រួតពិនិត្យជាមួយនឹងទិន្នន័យផ្សេងទៀត បានបញ្ជាក់ថាខែមុនគឺជាខែមីនា ជាខែក្តៅបំផុតចាប់តាំងពីសម័យមុនឧស្សាហកម្មមក។ កាលពីឆ្នាំ២០២៣កន្លងទៅនេះ គឺជាឆ្នាំក្តៅបំផុតរបស់ភពផែនដីក្នុងកំណត់ត្រាពិភពលោក ចាប់តាំងពីឆ្នាំ១៨៥០មក ។ គ្រោះរាំងស្ងួតដែលជំរុញដោយបម្រែបម្រួលអាកាសធាតុ និងបាតុភូតអេល នីញ៉ូ នៅក្នុងតំបន់ព្រៃអាម៉ាហ្សូនបានធ្វើឱ្យមានភ្លើងឆេះព្រៃក្នុងប្រទេសវេណេហ្ស៊ុយអេឡា ចាប់ពីខែមករាដល់ខែមីនា ខណៈគ្រោះរាំងស្ងួតនៅអាហ្វ្រិកខាងត្បូងបានបំផ្លាញដំណាំ និងធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមភាពអត់ឃ្លាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទិន្នន័យបង្ហាញថា អឺរ៉ុបរកឃើញករណីមនុស្សស្លាប់ជាង ១ម៉ឺននាក់ អំឡុងរលកកម្តៅកាលពីចុងខែមិថុនា
07/14/2026 09:07 PM
ក្រសួងការបរទេសឥណ្ឌាកោះហៅឲ្យចូលខ្លួនឯកអគ្គរដ្ឋទូតរងអ៊ីរ៉ង់ ជុំវិញការស្លាប់នាវិកម្នាក់
07/14/2026 09:07 PM
EU រិះគន់ការគំរាមកំហែង លើ ICC ខណៈសហរដ្ឋអាមេរិកកំណត់គោលដៅតុលាការ
07/14/2026 08:07 PM
កុងហ្គោអះអាងថា ការរីករាលដាលឆ្លងជំងឺអេបូឡា បានទៅដល់ខេត្ត Haut-Uele និងខេត្ត Tshopo
07/14/2026 08:07 PM
ក្រុមឧទ្ទាមហ៊ូធី វាយប្រហារមីស៊ីលលើអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបញ្ចប់ភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ
07/14/2026 08:07 PM
សភាអ៊ុយក្រែនបោះឆ្នោតបន្ថែមរយៈពេលនៃ​​​ច្បាប់អាជ្ញាសឹក និងការកេណ្ឌ​ទ័ព ៩០​ថ្ងៃទៀត
07/14/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា ច្រកសមុទ្រ Hormuz ត្រូវតែបិទក្រោយរលកចុងក្រោយនៃការវាយប្រហាររបស់អាមេរិក
07/14/2026 08:07 PM
វិមានក្រឹមឡាំងច្រានចោលការចោទប្រកាន់ថា រុស្ស៊ីនៅពីក្រោយការវាយប្រហារអ៊ីនធឺណិតលើ EU
07/14/2026 08:07 PM
កម្លាំងរុស្ស៊ីវាយប្រហារនាវាស៊ីវិលនៅជិតកំពង់ផែសមុទ្រខ្មៅOdesa របស់អ៊ុយក្រែន
07/14/2026 08:07 PM
រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនពីបទអំពើភេរវកម្ម ចំពោះការវាយប្រហារលើការដឹកជញ្ជូន
07/14/2026 08:07 PM