សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

សន្តិសុខ និង សង្គម

កងទ័ពជើងទឹកឥណ្ឌា បញ្ចេញវីដេអូបង្ហាញជួយសង្គ្រោះនាវា MV Ruen ដែលត្រូវបានចោរសមុទ្រប្លន់

2024/03/18 02:42:18 pm        98
កងទ័ពជើងទឹកប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ បានចេញផ្សាយវីដេអូដែលបង្ហាញពីការជួយសង្គ្រោះនាវាដឹកទំនិញ ដែលត្រូវបានប្លន់ដោយចោរសមុទ្រប្រទេសសូម៉ាលី។ យោងតាមអ្នកនាំពាក្យរបស់កងទ័ពជើងទឹកបាននិយាយថា កងកម្លាំងជើងទឹកឥណ្ឌា រួមទាំងកងកុម្មង់ដូពិសេស បានរឹបអូសនាវាដឹកទំនិញមួយគ្រឿង ដោយបានជួយសង្គ្រោះសមាជិកនាវិក ១៧នាក់។វីដេអូ ដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយអ្នកនាំពាក្យ បានបង្ហាញពីចោរសមុទ្រប្រទេសសូម៉ាលី កំពុងត្រូវបានឃុំខ្លួននៅលើនាវា ខណៈសមាជិកនាវិកកំពុងត្រូវបានជម្លៀសចេញតាមនាវាកងទ័ពជើងទឹកតូចៗ។អ្នកនាំពាក្យកងទ័ពជើងទឹក បាននិយាយថា ប្រតិបត្តិការដែនសមុទ្ររបស់ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ពួកគេឆ្ពោះទៅរកការពង្រឹងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។កងទ័ពជើងទឹកបាននិយាយថា ចោរសមុទ្រទាំង ៣៥នាក់ ជិះនៅលើនាវា ជានាវាដឹកទំនិញមានទង់ជាតិប្រទេសម៉ាល់តា ឈ្មោះ Ruen បានលើកទង់ជ័យស ហើយនាវាត្រូវបានត្រួតពិនិត្យរកអាវុធ គ្រាប់រំសេវ និងសម្ភារៈប្រើប្រាស់ខុសច្បាប់។ នាវា Ruen ត្រូវបានប្លន់ដោយក្រុមចោរសមុទ្រ កាលពីឆ្នាំមុន ហើយកងទ័ពជើងទឹក បាននិយាយថា ខ្លួនបានស្ទាក់ចាប់នាវានេះ កាលពីថ្ងៃសុក្រ ទី១៥ មីនា។

ជំនួយយោធារបស់អាមេរិក សម្រាប់អ៊ីស្រាអែល មានភាពយឺតយ៉ាវណាស់ ចំពេលមានជម្លោះអំពីការលុកលុយក្រុងរ៉ាហ្វា

2024/03/18 02:36:04 pm        119
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយរូប បាននិយាយថា ជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ីស្រាអែល មានភាពយឺតយ៉ាវណាស់ ចំពេលមានជម្លោះជុំវិញប្រតិបត្តិការដែលបានគ្រោងទុកនៅទីក្រុងរ៉ាហ្វា។ដោយមានភាពតានតឹងកើនឡើងរវាងលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក មន្ត្រីដែលមិនបញ្ចេញឈ្មោះ បាននិយាយថា ការបញ្ជូនអាវុធ និងគ្រាប់រំសេវ «មានភាពឆាប់រហ័សណាស់» បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។មន្ត្រីរូបនោះ បានប្រាប់ទូរទស្សន៍ ABCរបស់សហរដ្ឋអាមេរិកថា ប៉ុន្តែ«ឥឡូវនេះ យើងមើលឃើញថា វាយឺតណាស់ ដោយបន្ថែមថា អ៊ីស្រាអែលកំពុងអស់គ្រាប់រំសេវនិងគ្រាប់កាំភ្លើងធំ ធុន១៥៥មីលិ្លម៉ែត្រ សម្រាប់រថក្រោះរបស់ខ្លួន។ប្រធានាធិបតីអាមេរិក កំពុងមានជម្លោះជាមួយសម្ព័ន្ធមិត្តអ៊ីស្រាអែលជុំវិញការផ្តល់ជំនួយដល់តំបន់ហ្កាហ្សា ចំពេលមានសង្រ្គាមដ៏អាក្រក់បំផុតដែលបានវាយលុក ចាប់តាំងពីក្រុមហាម៉ាស ចូលកាន់កាប់ក្នុងឆ្នាំ ២០០៧។កាលពីសប្តាហ៍មុន លោក Chuck Schumer មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភា ដែលជាមន្ត្រីជាប់ឆ្នោតជនជាតិជ្វីហ្វមានឋានៈខ្ពស់ជាងគេ នៅសហរដ្ឋអាមេរិក បាននិយាយថា លោកណេតាន់យ៉ាហ៊ូ (Netanyahu) បានវង្វេងផ្លូវ ហើយគួរតែរៀបចំការបោះឆ្នោតមួយសម្រាប់អ្នកជំនួសដ៏មានសក្តានុពល។លោក Schumer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ខ្ញុំជឿថា ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង ដែលយើងចង់បាន អ៊ីស្រាអែលត្រូវតែធ្វើការកែតម្រូវមធ្យោបាយសំខាន់ៗមួយចំនួន»។

មនុស្ស២១ នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន

2024/03/18 02:28:24 pm        52
យ៉ាងហោចណាស់អ្នកដំណើរចំនួន ២១ នាក់បានស្លាប់ និងមនុស្ស ១១ នាក់ផ្សេងទៀតបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត ហែលម៉ាន់ (Helmand) ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ (១៧ មីនា) នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលខេត្ត លោក ម៉ាវវ៉ាលី ម៉ូហាមេដ កាស៊ីមរ៉ាស (Mawlawi Mohammad Qasim Riaz)។គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅលើផ្លូវមួយក្នុងសង្កាត់ ហ្កេរ៉េស (Gereshk) កាលពីព្រឹកថ្ងៃអាទិត្យ នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរ ហើរ៉ាត (Herat) បានបុកជាមួយរថយន្តដឹកប្រេង និងម៉ូតូមួយគ្រឿង។ មន្ត្រីដដែលនោះបានបន្តថា រថយន្តក្រុងបានក្រឡាប់ និងឆេះបណ្តាលឲ្យមនុស្ស ២១ នាក់ស្លាប់នៅនឹងកន្លែង ដោយបន្ថែមថា មូលហេតុនៃគ្រោះថ្នាក់នេះអាចមកពីការបើកបរមិនប្រុងប្រយ័ត្ន ។មន្ត្រីរូបនោះបានបន្ថែមថា ការស៊ើបអង្កេតត្រូវបានចាប់ផ្តើមលើឧបទ្ទវហេតុនេះ។ ក្នុងពេលជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានរដ្ឋ បាកតា (Bakhtar) បាននិយាយថាមានមនុស្សស្លាប់ ២១ នាក់ និងរបួសដល់ទៅ ៣៨ នាក់។យោងតាមអគ្គនាយកដ្ឋាននគរបាលចរាចរណ៍អាហ្វហ្គានីស្ថាន បានឱ្យដឹងថា មនុស្សជាង ១.៦០០ នាក់ត្រូវបានសម្លាប់ និងជាង ៤.០០០ នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ១០ ខែចុងក្រោយនេះ៕

សាធារណៈរដ្ឋដូមីនីក ការពារព្រំដែន ខណៈអំពើហិង្សា ធ្វើឲ្យរង្គោះរង្គើប្រទេសហៃទី

2024/03/18 02:22:45 pm        65
អាជ្ញាធរសាធារណៈរដ្ឋដូមីនីក បានឃ្លាំមើលនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសហៃទី កាលពីថ្ងៃអាទិត្យ ក្នុងពេលមានអំពើហិង្សា និងអស្ថិរភាពនៅក្នុងប្រទេសនេះ។ អាជ្ញាធរសាធារណៈរដ្ឋដូមីនីក ក្នុង ទីក្រុង Dajabon ដែលត្រូវបានគេដឹងថាជាតំបន់ទំនិញផ្លាស់ប្តូរគ្នារវាងប្រជាជនហៃទី និងពលរដ្ឋក្នុងតំបន់ ត្រូវបានគេមើលឃើញថា បានកំពុងនិរទេសជនអន្តោប្រវេសន៍ហៃទី រាប់សិបនាក់ កាលពីថ្ងៃអាទិត្យ។ដោយឆ្លងកាត់ព្រំដែនប្រទេសហៃទី ក្នុងទីក្រុងភីសិន វីល (Petion-Ville) អ្នកលក់ដូរតាមដងផ្លូវ បានសម្តែងពីទុក្ខលំបាករបស់ពួកគេអំពីការខ្វះខាតអាជីវកម្ម ខណៈអំពើហិង្សាជាច្រើនខែបានធ្វើឱ្យពលរដ្ឋជាប់គាំងសាច់ប្រាក់ និងមិនអាចទិញទំនិញបាន។ប្រទេសហៃទី កំពុងព្យាយាម ដោះស្រាយវិបត្តិនយោបាយ និងមនុស្សធម៌ ដែលអូសបន្លាយពេលជាយូរមកហើយ ដែលទីភ្នាក់ងារកុមារ អង្គការយូនីសេហ្វ បានព្រមានថា កំពុងបង្កឱ្យមានភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភដែលគំរាមកំហែងដល់អាយុជីវិត នៅក្នុងផ្នែកខ្លះនៃរដ្ឋធានី ព័រអូប្រាំង។ក្រុមជនអន្ធពាលប្រដាប់អាវុធ បានដណ្តើមកាន់កាប់ភាគច្រើននៅក្នុងរដ្ឋធានី នៅក្នុងប្រទេសហៃទី ហើយក្រុមសិទ្ធិមនុស្ស បានរាយការណ៍ពីការសម្លាប់រីករាលដាល ការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទ។ លោក អារីយ៉ែល ហេនរី (Ariel Henry) ជានាយករដ្ឋមន្ត្រីដែលមិនជាប់ឆ្នោតរបស់ប្រទេស បាននិយាយថាលោកនឹងលាលែចេញពីតំណែងនៅថ្ងៃចន្ទ ទី១៨ ខែមីនានេះ ខណៈលោកប្រឈមមុខនឹងសម្ពាធអន្តរជាតិ ។

ប្រធាន WHO ជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារជើងគោកលើទីក្រុង រ៉ាហ្វា

2024/03/18 01:27:36 pm        138
ប្រធានអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារជើងគោករបស់ខ្លួនទៅលើទីក្រុង រ៉ាហ្វា (Rafah) ដែលជាទីក្រុងចុងភាគខាងត្បូងរបស់តំបន់ហ្កាហ្សា ដោយនិយាយថាមនុស្ស ១,២ លាននាក់ដែលស្នាក់នៅទីនោះ មិនមានកន្លែងមានសុវត្ថិភាពដើម្បីរត់គេចនោះទេ។ប្រធាន WHO លោក តេដ្រូស អាដហាណូម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានសរសេរនៅលើបណ្ដាញសង្គម X ដែលពីមុនជា Twitter ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃផែនការរបស់អ៊ីស្រាអែល ដើម្បីបន្តការវាយលុកថ្មើរជើងលើក្រុងរ៉ាហ្វា។ ការកើនឡើងបន្ថែមទៀតនៃអំពើហឹង្សានៅក្នុងតំបន់ដែលមានប្រជាជនច្រើននេះ នឹងនាំឱ្យមានការស្លាប់ និងការរងទុក្ខជាច្រើន ជាពិសេសកន្លែងថែទាំសុខភាព ដែលបានដួលរលំរួចទៅហើយនោះ»។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បានចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអនុម័តផែនការកាលពីថ្ងៃសុក្រ សម្រាប់ការវាយប្រហារលើទីក្រុងរ៉ាហ្វា ជាទីដែលជនភៀសខ្លួនប៉ាឡេស្ទីនប្រហែល ១,៥ លាននាក់កំពុងស្វែងរកទីជម្រក។ប្រធាន WHO បានបន្ថែមថា មហន្តរាយមនុស្សធម៌នេះ មិនត្រូវអនុញ្ញាតឱ្យកាន់តែអាក្រក់ទៅៗនោះទេ។ ទីភ្នាក់ងារសុខភាពពិភពលោកបានអំពាវនាវដល់អ៊ីស្រាអែលកុំឱ្យបន្តប្រតិបត្តិការយោធា ហើយផ្ទុយទៅវិញធ្វើការឆ្ពោះទៅរកសន្តិភាព «ក្នុងនាមមនុស្សជាតិ» ដើម្បីបញ្ចប់ការរសម្លាប់ដ៏បង្ហូរឈាមនេះ៕

លោក Netanyahu និយាយថា អ៊ីស្រាអែលនឹងបន្តផែនការវាយប្រហារទីក្រុង Rafah

2024/03/18 01:07:52 pm        98
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា លោក នឹងបន្តយុទ្ធនាការយោធាប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ជាកន្លែងដែលទីភ្នាក់ងារជំនួយនិយាយថា គ្រោះទុរ្ភិក្ស ជិតចូលមកដល់ ខណៈកិច្ចចរចាបទឈប់បាញ់ ត្រូវបានកំណត់បន្តឡើងវិញ។ លោក Netanyahu បាននិយាយទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា អ៊ីស្រាអែលនឹងរុលចូលទៅក្នុងទីក្រុង Rafah ជាកន្លែងសុវត្ថិភាពចុងក្រោយនៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សាដែលមានមនុស្សច្រើន និងតូចចង្អៀត បន្ទាប់ពីសង្រ្គាមរយៈពេលជាងប្រាំខែ ទោះបីជាមានសម្ពាធពីអន្តរជាតិឲ្យអ៊ីស្រាអែល បញ្ចៀសការស្លាប់ និងរងរបួស ជនស៊ីវិល ក៏ដោយ។ លោកបាននិយាយបន្ទាប់ពីជំនួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅទីក្រុងហ្សេរុយសាឡឹម ថា អ៊ីស្រាអែលនឹងមិនទុកឲ្យជនស៊ីវិលនៅជាប់ក្នុងទីក្រុង Rafah ឡើយ នៅពេលដែលកងកម្លាំងរបស់ខ្លួនចាប់ផ្តើមការវាយលុក។ សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល បានដាក់សម្ពាធលើលោក Netanyahu មិនឱ្យវាយប្រហារទីក្រុង Rafah ជាកន្លែងដែលប្រជាជនជាងមួយលាននាក់ភៀសខ្លួនពីផ្នែកផ្សេងៗនៃតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញបានស្វែងរកទីជម្រក ដោយគ្មានផែនការការពារជនស៊ីវិល។ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងព្រឹត្តិការណ៍ St Patrick's Day នៅសេតវិមាន ជាមួយនាយករដ្ឋមន្ត្រីប្រទេសអៀរឡង់ លោកលីអូ វ៉ារ៉ាដកា(Leo Varadkar) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបញ្ជាក់លើតម្រូវការក្នុងការបង្កើនជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា និងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនាំយកចំណាប់ថ្នូរត្រឡប់មកផ្ទះវិញ។ លោក Biden និយាយថា ការចំណាត់ការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ គឺជា មធ្យោបាយតែមួយគត់សម្រាប់សន្តិភាព និងសន្តិសុខយូរអង្វែង។ លោក Varadkar បាននិយាយថា ប្រជាជននៅតំបន់ហ្កាហ្សា ត្រូវការអាហារ ថ្នាំពេទ្យ និងទីជម្រកយ៉ាងខ្លាំង។ លោកបាននិយាយថា ជាពិសេស ពួកគេត្រូវការឲ្យការទម្លាក់គ្រាប់បែកត្រូវបញ្ឈប់។ នេះត្រូវតែបញ្ឈប់ទាំងសងខាង ចំណាប់ថ្នូរត្រូវនាំយកមកលំនៅឋានវិញ ហើយការផ្តល់ជំនួយមនុស្សធម៌ត្រូវបានអនុញ្ញាត។ អ៊ីស្រាអែលត្រូវតែផ្លាស់ប្តូរវិញការសម្រេចចិត្ត ដ៏គួឲ្យព្រួយបារម្ភ ក្នុងការអនុញ្ញាតឱ្យមានការវាយលុកជើងគោកចូលទៅក្នុងទីក្រុង Rafah ។

អ្នកទេសចរអស់សង្ឃឹមនៅហៃទី ដែលហែកហួរដោយអំពើហិង្សា ខណៈជើងហោះហើរត្រូវបានលុបចោល

2024/03/18 12:14:44 pm        73
ជម្លោះប្រដាប់អាវុធដែលកំពុងផ្ទុះឡើងកាន់តែខ្លាំងនៅក្នុងប្រទេសហៃទី រវាងក្រុមឧក្រិដ្ឋជន និងកងកម្លាំងសន្តិសុខជាតិ បានបំផ្លិចបំផ្លាញរដ្ឋធានីព័រ- អូ-ប្រាំង (Port-au-Prince) របស់ប្រទេសនេះ ក្នុងកុបកម្ម ហើយបានធ្វើឱ្យអ្នកទេសចរ និងអ្នកស្រុកដែលជាប់គាំងស្ថិតក្នុងភាពអស់សង្ឃឹម។ មនុស្សជាច្រើនកំពុងព្យាយាមចាកចេញពីប្រទេសហែកហួរដោយអំពើហិង្សា ដែលក្រុមជនអន្ធពាលប្រឆាំងរដ្ឋាភិបាលបានបិទអាកាសយានដ្ឋានអន្តរជាតិខេបហៃធាន(Cap-Haitien) រួចហើយ។ក្នុងចំណោមពួកគេមានលោកអេលី ម៉ុនដេឡាស់ (Elie Mondelus) ដែលបានមកប្រទេសហៃទីដើម្បីរៀបការ ប៉ុន្តែបានជាប់គាំងនៅក្នុងប្រទេសនេះ ដោយសារតែជើងហោះហើរត្រូវបានគេលុបចោល។លោកបាននិយាយថា ខ្ញុំមករៀបការ ខ្ញុំស្នាក់នៅសណ្ឋាគារ។ ប៉ុន្តែខ្ញុំមិនមានថវិកាច្រើនដើម្បីស្នាក់នៅរយៈពេលយូរនោះទេ។ ថវិការបស់ខ្ញុំផ្តោតលើអាពាហ៍ពិពាហ៍របស់ខ្ញុំ បន្ទាប់មកខ្ញុំត្រូវត្រលប់ទៅធ្វើការវិញ ។លោក Mondelus បានបន្ថែមថា មុខតំណែងរបស់លោកនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក គឺស្ថិតក្នុងហានិភ័យ ខណៈដែលនិយោជករបស់លោកគំរាមបណ្តេញលោកចេញ បើខកខានក្នុងការត្រឡប់ទៅវិញភ្លាមៗ។ក្រុមប្រដាប់អាវុធបានបង្អាក់ការផ្គត់ផ្គង់ឥន្ធនៈ រារាំងរថយន្តដឹកប្រេងមិនឱ្យចូលទៅក្នុងស្ថានីយប្រេងឥន្ធនៈ វ៉ារ៉េស(Varreux) ដ៏សំខាន់ និងទុកចោលស្ថានីយ៍ប្រេងឥន្ធនៈ។ វិបត្តិប្រេងឥន្ធនៈបានបណ្តាលឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់លើថ្លៃដឹកជញ្ជូនដែលដាក់បន្ទុកកាន់តែខ្លាំងលើជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋសាមញ្ញ។ រដ្ឋាភិបាលហៃទី នៅថ្ងៃចន្ទនេះ បានបន្ថែមពេលវេលាសម្រាប់បម្រាមគោរចរណ៍ដល់ថ្ងៃទី២០ខែមីនា។រដ្ឋបាលហៃទី បាននិយាយថា បម្រាមគោចរណ៍នេះចូលជាធរមានចាប់ពីម៉ោង៧ យប់ដល់ម៉ោង៥ព្រឹករាល់ថ្ងៃ៕

កសិករប្រទេសអេស្បាញ តវ៉ានៅទីក្រុងម៉ាឌ្រីដ ប្រឆាំងនឹងសម្ពាធជាច្រើន

2024/03/18 12:09:11 pm        104
ក្បួនត្រាក់ទ័រ បានបើកឆ្លងកាត់រដ្ឋធានីប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ អមដោយកសិករថ្មើរជើង ដើម្បីតវ៉ាប្រឆាំងទៅនឹងសម្ពាធជាច្រើន ដែលពួកគេនិយាយថាតម្លៃកសិផលមានតម្លៃថោក ការនាំចូលមានតម្លៃទាប ដែលកាត់បន្ថយផលិតផលក្នុងស្រុក ហើយមានច្បាប់បរិស្ថានរបស់សហភាពអឺរ៉ុប តឹងរឹង។កសិករចូលនិវត្តន៍អាយុ ៦៦ឆ្នាំ លោក អាទូរ៉ូ សានឌីន (Arturo Sandin) ដែលបានឈប់ធ្វើការនៅក្នុងឆ្នាំ ២០២២ ហើយបានផ្តល់ការងារបន្តទៅកូនៗរបស់លោក បាននិយាយថា វិស័យកសិកម្មស្ថិតក្នុងស្ថានភាពស្មុគស្មាញ។លោកស្រី អាជេតដា ម៉ុនតុន អាហ្គីឡា(Ageda Monton Aguilar) បាននិយាយថាកូនៗ របស់គាត់ប្រហែលជាមិនចង់កាន់កាប់មុខរបរនេះទេ នៅពេលដែលប្តីរបស់លោកស្រីចូលនិវត្តន៍ព្រោះ កូនៗមិនចង់រស់នៅក្នុងស្ថានភាពបែបនេះទេ។ការទាមទាររបស់កសិករ ក៏រួមបញ្ចូលផងដែរនូវការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលក្រុមកសិករ និយាយថាបាននាំឱ្យមានការនាំចូលមានតម្លៃថោក ពីប្រទេសនានាដែលអ្នកផលិតប្រឈម នឹងស្តង់ដារបរិស្ថានតឹងរ៉ឹង។

លោកស្រី von der Leyen៖ តំបន់ហ្កាហ្សាកំពុងប្រឈមគ្រោះទុរ្ភិក្ស ដែលត្រូវការបទឈប់បាញ់ឲ្យបានឆាប់

2024/03/18 12:03:49 pm        139
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃអាទិត្យថា តំបន់ហ្កាហ្សា កំពុងប្រឈមគ្រោះទុរ្ភិក្ស ហើយត្រូវតែមានកិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានឆាប់រហ័ស នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោកស្រី von der Leyen បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងទីក្រុងគែរ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi ថា តំបន់ហ្កាហ្សាកំពុងប្រឈមគ្រោះទុរ្ភិក្ស ហើយយើងពុំអាចទទួលយករឿងនេះបានទេ។ លោក Sisi និយាយថា មេដឹកនាំអេហ្ស៊ីប និងសហភាពអឺរ៉ុប បានព្រមព្រៀង បដិសេធប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅទីក្រុង Rafah។ការអត្ថាធិប្បាយរបស់ភាគីទាំងពីរ ធ្វើឡើងបន្ទាប់ពីការប្រកាសកញ្ចប់ថវិកាចំនួន ៧,៤ ពាន់លានអឺរ៉ូ (៨,១ ពាន់លានដុល្លារ) ពីសហភាពអឺរ៉ុប សម្រាប់ប្រទេសអេហ្ស៊ីប ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសអាហ្វ្រិកខាងជើង ជាផ្នែកមួយនៃការជំរុញ ដែលត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្ស ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ទៅកាន់អឺរ៉ុប។ រថក្រោះយោធា និងរថពាសដែក (APC) អាចត្រូវបានគេមើលឃើញពីភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបើកបរនៅជិតព្រំដែនជាមួយតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ។ ដោយឆ្លងកាត់ព្រំដែន ប្រជាជននៅតំបន់ហ្កាហ្សា បានដើរចន្លោះអគារនានាដែលត្រូវបានបំផ្លាញ ខណៈផ្សែងហុយចេញពីគំនរបាក់បែកនៅក្នុងតំបន់ហ៊ុមព័ទ្ធដែលប្រយុទ្ធគ្នា។ អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សារបស់ក្រុមហាម៉ាស បាននិយាយថា យុទ្ធនាការតាមអាកាសនិងជើងគោកនៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៣១.៦០០នាក់ និងបានជំរុញឲ្យប្រជាជនភាគច្រើនភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយនាំពួកគេឲ្យឈានទៅដល់មាត់ជ្រោះនៃគ្រោះទុរ្ភិក្ស។

ក្រុមមន្ត្រី៖ រុស្ស៊ីធ្វើឲ្យខូចទំនាក់ទំនងនៃសម្ព័ន្ធមិត្តអាហ្វ្រិកខាងលិចដ៏សំខាន់ជាមួយអាមេរិក

2024/03/18 11:57:25 am        167
ដៃគូសំខាន់របស់អាមេរិកនៅអាហ្វ្រិកភាគពាយព្យ កំពុងងាកទៅរករុស្ស៊ី ចំពេលមានការព្រមានពីមេបញ្ជាការកំពូលអាមេរិកប្រចាំទ្វីបថា ជនជាតិរុស្ស៊ី កំពុងព្យាយាម «កាន់កាប់» តំបន់សាហែល (Sahel) ទាំងមូលនៃទ្វីបអាហ្វ្រិក។ប្រទេសនីហ្សេដែលបានបម្រើការជាមូលដ្ឋានដ៏សំខាន់សម្រាប់ប្រតិបត្តិការប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អស់រយៈពេលជិតមួយទសវត្សរ៍នោះ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងបញ្ចប់កិច្ចព្រមព្រៀង ដែលបានអនុញ្ញាតឲ្យបុគ្គលិកយោធា និងបុគ្គលិកស៊ីវិលរបស់សហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការ នៅក្នុងប្រទេស ចាប់តាំងពីឆ្នាំ ២០១៤។សេចក្តីប្រកាសនេះ បានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកិច្ចប្រជុំដ៏តានតឹងមួយរវាងរបបយោធានីហ្សេដែលបានដណ្ដើមអំណាចក្នុងរដ្ឋប្រហារខែកក្កដា ឆ្នាំ២០២៣ និងមន្ត្រីការទូត និងយោធារបស់សហរដ្ឋអាមេរិក រួមទាំងឧត្តមសេនីយ៍ Michael Langley មេបញ្ជាការនៃទីបញ្ជាការអាហ្វ្រិកអាមេរិក និងលោកស្រី Celeste Wallander ឧបការីរដ្ឋមន្ត្រីការពារជាតិសម្រាប់មន្ត្រីការពារជាតិ បានប្រាប់សារព័ត៌មាន CNN អំពីកិច្ចការសន្តិសុខអន្តរជាតិ។ ក្រុមមន្ត្រី បាននិយាយថា នៅក្នុងកិច្ចប្រជុំនោះ គណៈប្រតិភូអាមេរិក បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃវត្តមានយោធារុស្ស៊ី នៅក្នុងប្រទេសនីហ្សេ និងជាពិសេសអំពីអនាគតនៃមូលដ្ឋានទ័ពអាកាស ១០១ នៅក្នុងរដ្ឋធានីរបស់នីហ្សេ និងថាតើមូលដ្ឋានទ័ពនេះ នឹងត្រូវប្រគល់ឲ្យរុស្ស៊ីដែរឬទេ។ការពិភាក្សានេះ បានធ្វើឲ្យមេដឹកនាំរបបយោធាខឹងសម្បា ដែលមានអារម្មណ៍ថា ពួកគេកំពុងត្រូវបានស្តីបន្ទោស បើទោះបីជាសហរដ្ឋអាមេរិក បានកាត់ផ្តាច់ជំនួយផ្នែកយោធា និងជំនួយបរទេសជាច្រើនរបស់ខ្លួនដល់ប្រទេសនីហ្សេ កាលពីចុងឆ្នាំមុន បន្ទាប់ពីរដ្ឋប្រហារក៏ដោយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនប្ដេជ្ញាថា នឹងចាត់វិធានការតបតវិញ ប្រសិនបើ EU អនុវត្តផែនការ «ផលិតនៅអឺរ៉ុប»
04/27/2026 04:04 PM
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
04/27/2026 04:04 PM
ធុរកិច្ចជប៉ុនមានសុទិដ្ឋិនិយមខ្ពស់លើរាជរដ្ឋាភិបាល និងបរិយាកាសវិនិយោគនៅកម្ពុជា
04/27/2026 04:04 PM
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ធ្វើដំណើរទៅដល់រុស្ស៊ីសម្រាប់កិច្ចប្រជុំជាមួយលោក Putin
04/27/2026 04:04 PM
ផែនការបញ្ចប់សង្គ្រាមរបស់អ៊ីរ៉ង់ មាន ៣ដំណាក់កាល ខណៈភាពតានតឹងនៅច្រកសមុទ្រ Hormuz កើនឡើង
04/27/2026 04:04 PM
លោក Trump ពិពណ៌នាអំពីការបាញ់ប្រហារថា ជាភស្តុតាងនៃអំណាចប្រធានាធិបតីរបស់លោក
04/27/2026 04:04 PM
ក្រសួងការងារ ចុះដោះស្រាយភ្លាមៗនូវការទាមទាររបស់បងប្អូនកម្មករ រោងចក្រ អឹមអិល ដោយគិតគូរពីអត្ថប្រយោជន៍របស់បងប្អូនកម្មករជាអាទិភាព
04/27/2026 04:04 PM
ហេសបូឡា៖ កងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ ត្រូវបានវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះ
04/27/2026 04:04 PM
មេដឹកនាំអ៊ុយក្រែន រិះគន់ការវាយប្រហាររបស់រុស្ស៊ីនៅឆ្នាំ២០២៥ លើរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl
04/27/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់ផ្តល់ឲ្យអាមេរិកនូវសំណើបើកច្រកសមុទ្រ Hormuz និងពន្យារការចរចានុយក្លេអ៊ែរ
04/27/2026 04:04 PM