ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

ប្រមុខចារកម្មអ៊ុយក្រែន និយាយថា លោក Navalny បានស្លាប់ដោយសារឈាមកក

2024/02/26 08:35:25 pm        136
ប្រមុខចារកម្មរបស់ក្រសួងការពារជាតិអ៊ុយក្រែននិយាយថា មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny បានស្លាប់ដោយសារឈាមកក ដោយច្រានចោលការសន្និដ្ឋានថា លោកត្រូវបានសម្លាប់ខណៈនៅក្នុងពន្ធនាគារ។លោក គីរីឡូ ប៊ូដាណូវ(Kyrylo Budanov) ត្រូវបានគេដកស្រង់សម្តី ខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា «លោកប្រហែលជាធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្ត ប៉ុន្តែយើងដឹងថា លោក Alexei Navalny បានស្លាប់ ដោយសារឈាមកក» ។លោក Navalny គឺជាអ្នករិះគន់ឥតសំចៃ លើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលតាមគេរាយការណ៍ថា បានស្លាប់នៅពន្ធនាគារតំបន់អាកទិក(Arctic) កាលពីថ្ងៃទី ១៦ ខែកុម្ភៈ។ ក្រុមមន្ត្រីប្រទេសរុស្ស៊ី បាននិយាយថា លោកបានស្លាប់ដោយសារមូលហេតុធម្មជាតិ ប៉ុន្តែមានការសន្និដ្ឋាននៅប្រទេសលោកខាងលិចថា រដ្ឋបាលរបស់លោកPutin ទទួលខុសត្រូវចំពោះការស្លាប់របស់លោក។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ មេដឹកនាំនៃក្រុមប្រទេសទាំងប្រាំពីរ ឬ G7 បានអំពាវនាវឱ្យរដ្ឋាភិបាលរុស្ស៊ី បញ្ជាក់ច្បាស់ពីស្ថានភាព ជុំវិញការស្លាប់របស់លោក Navalny ។

ក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូងកំពុងធ្វើកូដកម្មនិយាយថា ពួកគេធ្វើការលើសកម្លាំងនិង ពុំមានការដឹងឮ

2024/02/26 08:16:06 pm        131
លោក Park Dan ដែលថ្មីៗនេះបានយល់ដឹងពីក្តីស្រមៃកាលពីកុមារភាពរបស់លោក ក្នុងការធ្វើជាគ្រូពេទ្យសង្គ្រោះបន្ទាន់ គឺជាគ្រូពេទ្យហាត់ការម្នាក់ក្នុងចំណោមគ្រូពេទ្យហាត់ការ និងវេជ្ជបណ្ឌិត ដែលសុំលាលែងពីការងារ នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ដែលគំរាមកំហែងចាប់ខ្លួនពួកគេ។ លោកនិយាយថា វេជ្ជបណ្ឌិតចុះកម្មសិក្សា ជាសមាជិកសំខាន់នៅក្នុងប្រព័ន្ធវេជ្ជសាស្ត្រដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង បានធ្វើការលើសកម្រិតការងារ ទទួលបានប្រាក់ខែតិច និងពុំមានការដឹងឮ។ វេជ្ជបណ្ឌិតវ័យក្មេងដូចជា លោក Park ចង់បានប្រាក់ខែ និងលក្ខខណ្ឌការងាររបស់ពួកគេជាអាទិភាព ជាជាងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួនគ្រូពេទ្យ។ អាជ្ញាធរ បាននិយាយថា ត្រូវការបុគ្គលិកបន្ថែមទៀតដើម្បីបង្កើនសេវាថែទាំសុខភាពនៅតំបន់ដាច់ស្រយាល និងបំពេញតាមតម្រូវការដែលកំពុងកើនឡើងរបស់សង្គមដែលមានមនុស្សវ័យចំណាស់ឆាប់រហ័ស របស់ពិភពលោក។ បន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំបំផុតចំនួន៥ របស់ប្រទេសកូរ៉េខាងត្បូង បានស្ថិតក្នុង «ការព្រមានពណ៌ក្រហម» កាលពីថ្ងៃអាទិត្យ ដែលមន្ទីរពេទ្យទាំងនេះកំពុងអស់គ្រែសម្រាក។ នាយករដ្ឋមន្ត្រី លោក Han Duck-soo បាននិយាយថា មន្ទីរពេទ្យរដ្ឋ នឹងនៅតែបើក នៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក ដើម្បីបំពេញតម្រូវការ។ មន្ទីរពេទ្យ បានបង្វែរអ្នកជំងឺចេញ និងលុបចោលការវះកាត់ បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតវ័យក្មេងប្រហែល ២ ភាគ ៣ របស់ប្រទេសនេះ បានដើរចេញពីការងារ ដើម្បីតវ៉ា។ យោងតាមសមាគមគ្រូពេទ្យហាត់ការប្រទេសកូរ៉េ បានឱ្យដឹងថា គ្រូពេទ្យហាត់ការ និងវេជ្ជបណ្ឌិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ធ្វើការប្តូរវេន ៣៦ម៉ោង បើប្រៀបធៀបទៅនឹងការប្តូរវេនតិចជាង២៤ម៉ោង នៅសហរដ្ឋអាមេរិក។ សមាគម និយាយថា គ្រូពេទ្យវ័យក្មេងពាក់កណ្តាលនៅសហរដ្ឋអាមេរិក ធ្វើការ ៦០ ម៉ោងក្នុងមួយសប្តាហ៍ឬតិចជាងនេះ ខណៈក្រុមវេជ្ជបណ្ឌិតប្រទេសកូរ៉េ ធ្វើការលើសពី ១០០ម៉ោង។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃចន្ទនេះថា គ្រូពេទ្យ និងវេជ្ជបណ្ឌិត កូរ៉េខាងត្បូងចំនួនជាង១ម៉ឺននាក់ បានបញ្ជូនលិខិតលាលែងពីការងាររបស់ពួកគេ ក្នុងការតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាល ដើម្បីបង្កើនចំនួននិស្សិតពេទ្យ។

ជនអន្តោប្រវេសន៍ប្រឈមការលង់ទឹកស្លាប់ និងបាត់ខ្លួន ក្នុងពេលព្យាយាមឆ្លងទឹកចូលរដ្ឋ តិចសាស់

2024/02/26 08:12:42 pm        132
ជនអន្តោប្រវេសន៍ដែលកំពុងព្យាយាមឆ្លងទឹកទន្លេ រីយ៉ូគ្រែន (Rio Grande) ចូលទៅក្នុងរដ្ឋតិចសាស់(Texas) ត្រូវបានជួយសង្រ្គោះកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីទឹកហូរគួចពួកគេ។ជនអន្តោប្រវេសន៍មួយក្រុមមានគ្នា៥នាក់ រួមទាំងបុរសជនជាតិកាតេម៉ាឡា និងមិត្តស្រីរបស់គេ បានទៅតាមបុរសជនជាតិម៉ិកស៊ីកូម្នាក់ដែល បានព្យាយាមជាលើកទី២នាំពួកគេឆ្លងទន្លេ ។ ក្នុងការប៉ុនប៉ងលើកទី២ចរន្តទឹកហួរខ្លាំងក្នុងទន្លេបានហួរគួចក្រុមនេះ ដែលធ្វើឲ្យពួកគេស្រែកឲ្យគេជួយខណៈពួកគេកាន់ដៃគ្នា។ ឆ្មាំជាតិនិងនគរបាលម៉ិកស៊ិក បានប្រញាប់ប្រញាល់ទៅច្រាំងទន្លេ។ បុរសម្នាក់បានលោតចូលក្នុងទន្លេនិងបានទាញបុរសម្នាក់ដែលជាមេក្រុម ក្នុងស្ថានភាពសន្លប់ឡើងមកលើច្រាំងនិងចាប់ផ្ដើមសង្រ្គោះ។ជនអន្តោប្រវេសន៍មួយចំនួនបានរត់ទៅកាន់មាត់ច្រាំង ប៉ុន្តែនៅពេលព្រះអាទិត្យលេច ស្ត្រីជនជាតិកាតេម៉ាឡា នៅតែបាត់ខ្លួនហើយមិនត្រូវបានគេដឹងភ្លាមៗទេថាតើនាងនៅមានជីវិតឬយ៉ាងណា។ ប្រហែលកន្លះម៉ោងក្រោយមក ក្រុមអាជ្ញាធរម៉ិកស៊ិក បានប្រើឈើវែងមួយដើមជួយសង្រ្គោះស្ត្រី ជនជាតិកូឡុំប៊ីម្នាក់ពីទន្លេនេះ។ទីក្រុងភីដ្រាស ណេក្រាស(Piedras Negras) រដ្ឋ គ័រអ៊ុយឡា(Coahuila) ប្រទេសម៉ិកស៊ិក គឺជាចំណុចឆ្លងទន្លេរីយ៉ូគ្រែន ពីទីក្រុង Eagle Pass រដ្ឋតិចសាស់ ជាទីដែលអភិបាលរដ្ឋ តិចសាស់ លោក Greg Abbott បានចាប់ផ្ដើមសាងសង់ជំរំមូលដ្ឋានយោធារបស់រដ្ឋនេះ ដែលលោកនិយាយថា នឹងក្លាយជាជម្រកសម្រាប់កងទ័ព១.៨០០នាក់ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការពារព្រំដែនដើម្បីទប់ស្កាត់ចំនួនអន្តោប្រវេសន៍ខុសច្បាប់៕

អតីតប្រធានាធិបតីប្រេស៊ីល ប្រមូលផ្តុំអ្នកគាំទ្រដើម្បីបង្ហាញពីភាពរឹងមាំ ក្នុងពេលមានការស៊ើបអង្កេតរដ្ឋប្រហារ

2024/02/26 08:09:19 pm        71
អតីតប្រធានាធិបតីប្រទេសប្រេស៊ីល លោក Jair Bolsonaro បានប្រមូលផ្តុំក្រុមអ្នកគាំទ្ររាប់ពាន់នាក់ នៅលើវិថី ប៉ាវលីស្តា អឺវេនញូ(Paulista Avenue) ដ៏ល្បីល្បាញរបស់ទីក្រុង Sao Paulo កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីភាពរឹងមាំខាងនយោបាយ ក្នុងពេលមានការស៊ើបអង្កេត ដែលមនុស្សជាច្រើន ជឿថា អាចធ្វើឱ្យលោកជាប់ពន្ធនាគារ។ អតីតប្រធានាធិបតីស្តាំនិយម ដែលបានអំពាវនាវឲ្យមានការប្រមូលផ្តុំគ្នា បន្ទាប់ពីត្រូវបានកំណត់គោលដៅដោយការវាយឆ្មក់របស់នគរបាលកាលពីដើមខែនេះ ដើម្បីស៊ើបអង្កេតការប៉ុនប៉ងធ្វើរដ្ឋប្រហារតាមដែលបានចោទប្រកាន់ បាននិយាយប្រហែល ២០នាទី ដើម្បីការពារខ្លួន ខណៈពេលរំលឹកឡើងវិញអំពីអាណត្តិរបស់លោក កាលពី ២០១៩ដល់ឆ្នាំ២០២២។ លោក Bolsonaro ត្រូវបានគេរឹបអូសយកលិខិតឆ្លងដែន ហើយត្រូវបានចោទប្រកាន់ពីបទកែសម្រួលក្រិតដែលបានពង្រៀង ដើម្បីលុបចោលលទ្ធផលបោះឆ្នោត ដោយដាក់សម្ពាធលើមេបញ្ជាការយោធា ឱ្យចូលរួមក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងរៀបចំផែនការដាក់ពន្ធនាគារប្រធានតុលាការកំពូល បន្ទាប់ពីការចាញ់ការបោះឆ្នោតរបស់ ប្រធានាធិបតីឆ្វេងនិយម លោក លូអ៊ីស អ៊ីណាស៊ីញ៉ូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) ក្នុងឆ្នាំ ២០២២។ លោក Bolsonaro កាលពីថ្ងៃអាទិត្យ បានច្រានចោលបទចោទប្រកាន់នេះ និងបាននិយាយថា លោកកំពុងត្រូវបានគេ «ធ្វើទុក្ខបុកម្នេញ» ហើយក្រឹតដែលបានពង្រៀងនោះ គឺផ្អែកតាមរដ្ឋធម្មនុញ្ញ។ លោក បានអំពាវនាវ ឲ្យមានការលើកលែងទោសចំពោះអ្នកទាំងឡាយណា ដែលបានចូលរួមក្នុងកុបកម្ម ថ្ងៃទី ៨ ខែ មករា។ មេដឹកនាំស្តាំនិយមរូបនេះ បានថ្លែងសន្ទរកថារបស់លោក នៅលើរថយន្តដឹកទំនិញ ដែលហ៊ុមព័ទ្ធដោយក្រុមអ្នកគាំទ្រ ដែលភាគច្រើន កាន់ទង់ជាតិអ៊ីស្រាអែលផងដែរ។

អ៊ីស្រាអែល និងក្រុមហាម៉ាស ប្រយុទ្ធគ្នានៅហ្កាហ្សា ខណៈកិច្ចប្រឹងប្រែងបទឈប់បាញ់កំពុងបង្កើនល្បឿន

2024/02/26 08:04:41 pm        81
ទាហានអ៊ីស្រាអែល និងខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានប្រយុទ្ធគ្នានៅពាសពេញតំបន់ហ្កាហ្សាស្ទ្រីប កាលពីចុងសប្តាហ៍ ខណៈក្រុមអ្នកសម្របសម្រួល បានបង្កើនល្បឿននៃកិច្ចពិភាក្សាជុំវិញបទឈប់បាញ់ដែលអាចធ្វើទៅបាន ដើម្បីដោះលែងចំណាប់ថ្នូរដែលចាប់ខ្លួនដោយក្រុមហាម៉ាស និងនាំយកវិធានការសម្រាប់ការផ្អាកនៅថ្ងៃសម្រាក បុណ្យរ៉ាម៉ាដាន ទៅកាន់តំបន់ហ៊ុមព័ទ្ធដែលរងការវាយប្រហារមួយនេះ។ ទោះជាយ៉ាងណា ទស្សនវិស័យ សម្រាប់ការធានាបានបទឈប់បាញ់ណាមួយ មើលទៅដូចជាមិនប្រាកដប្រជា ដោយអ៊ីស្រាអែលនិយាយថា មានផែនការពង្រីកការបោសសម្អាតដើម្បីកម្ទេចក្រុមហាម៉ាស ខណៈ ក្រុមសកម្មប្រយុទ្ធ បានប្រកាន់ជំហររឹងមាំ លើការទាមទាររបស់ខ្លួន សម្រាប់ការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្គ្រាមរយៈពេលជិតប្រាំខែ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក នៅក្នុងសន្និសីទមួយកាលពីល្ងាចថ្ងៃសៅរ៍ ដោយប្រមុខចារកម្ម ដែលបានបានវិលត្រឡប់ពីកិច្ចប្រជុំជាមួយក្រុមអ្នកសម្របសម្រួលរបស់ប្រទេសកាតា អេហ្ស៊ីប និងអាមេរិក នៅទីក្រុងប៉ារីស អំពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា ជាលើកទីពីរ។ ទីប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន លោក Jake Sullivan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា ក្រុមអ្នកចរចាសម្រាប់សហរដ្ឋអាមេរិក អេហ្ស៊ីប កាតា និងអ៊ីស្រាអែល បានឈានដល់ការយោគយល់គ្នា លើទម្រង់ការជាមូលដ្ឋាននៃកិច្ចព្រមព្រៀងចំណាប់ថ្នូរ ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងប៉ារីស។ លោក Sullivan និយាយថា កិច្ចព្រមព្រៀងនេះកំពុងស្ថិតក្រោមការចរចានៅឡើយ ហើយនឹងត្រូវតែមានការពិភាក្សាដោយប្រយោល ធ្វើឡើងដោយប្រទេសកាតា និងអេហ្ស៊ីប ជាមួយក្រុមហាម៉ាស។ លោក Netanyahu បាននិយាយថា វាមិនទាន់ច្បាស់នៅឡើយទេថាតើ កិច្ចព្រមព្រៀងចំណាប់ថ្នូរនឹងលេចចេញជារូបរាងពីកិច្ចពិភាក្សានេះឬយ៉ាងណា ដោយបដិសេធមិនពិភាក្សាអំពីចំណុចជាក់លាក់ ប៉ុន្តែនិយាយថាក្រុមហាម៉ាស ចាំបាច់ត្រូវទាមទារឲ្យសមហេតុផលបន្ថែមទៀត។

ក្រុមតាលីបង់ ដោះលែងសកម្មជនស្តាំនិយមអូទ្រីសដែលត្រូវគេឃុំខ្លួន នៅប្រទេសអាហ្វហ្គានីស្ថាន

2024/02/26 08:01:51 pm        65
ក្រុមតាលីបង់ បានដោះលែងលោក Herbert Fritz មានវ័យ ៨៤ឆ្នាំ ជាអ្នកជាតិនិយមស្តាំនិយមអូទ្រីសដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីខែឧសភាឆ្នាំមុន។រដ្ឋាភិបាលអូទ្រីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោក Fritz បានមកដល់ទីក្រុងដូហា (Doha) ប្រទេសកាតា មុនមួយថ្ងៃ បន្ទាប់ពីការសម្របសម្រួលដោយរដ្ឋាភិបាលកាតាបានជួយធានាការដោះលែងលោក។លោក Fritz ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីបានប្រឆាំងនឹងការព្រមានដ៏យូរអង្វែងរបស់ប្រទេសអូទ្រីសប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដែលក្រុមតាលីបង់ បានវិលត្រឡប់មកគ្រប់គ្រងវិញ នៅក្នុងឆ្នាំ២០២១។ លោកបានប្រាប់អ្នកយកព័ត៌មាន ពេលមកដល់ទីក្រុងដូហា នៅពេលសួរអំពីទុក្ខលំបាករបស់ខ្លួនថា៖«ខ្ញុំគិតថា វាជាសំណាងអាក្រក់ ប៉ុន្តែខ្ញុំចង់ទៅលេងម្តងទៀត»។លោក Fritz បានបន្ថែមថា៖«ខ្ញុំសូមទោស មានមនុស្សល្អមួយចំនួន ប៉ុន្តែក៏មានមនុស្សខ្លះពុំមានពិចារណាបានត្រឹមត្រូវទេ ដោយបានពណ៌នាអំពីក្រុមអ្នកចាប់របស់ខ្លួនលោក»។បន្ទាប់ពីការចាប់ខ្លួនលោក សារព័ត៌មាន Der Standard របស់ប្រទេសអូទ្រីស បាននិយាយថា លោក Fritz បានទៅប្រទេសអាហ្វហ្គានីស្ថាន ហើយបានរាយការណ៍ជាវិជ្ជមានអំពីជីវិតនៅទីនោះ។ លោកបានបោះពុម្ពអត្ថបទមួយដែលមានចំណងជើងថា«វិស្សមកាលជាមួយក្រុមតាលីបង់»តាមរយៈប្រព័ន្ធផ្សព្វ ផ្សាយស្តាំនិយម។សារព័ត៌មាននេះ បាននិយាយថា ករណីនេះ បានជួយជំរុញឲ្យមានការអំណះអំណាងប្រឆាំងនឹងជនអន្តោប្រវេសន៍ដែលថា អាហ្វហ្គានីស្ថានជាប្រទេសមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួន អាចវិលត្រឡប់មកវិញបាន។

ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានកើនឡើងដល់២៩.៦៩២នាក់

2024/02/26 07:57:50 pm        104
ក្រសួងសុខាភិបាលហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានអ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៨៦នាក់និង១៣១នាក់ រងរបួស ក្នុងតំបន់ហ្កាហ្សាស្ទី្របអំឡុងរយៈពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់២៩.៦៩២នាក់ និងអ្នករបួសឡើងដល់៦៩.៨៧៩នាក់ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រមហាម៉ាស បានផ្ទុះឡើងជាង៤ខែមកនេះ ។ ក្រសួងនេះបានគូសបញ្ជាក់ថា ជនរងគ្រោះជាច្រើននៅតែកប់ក្រោមគំនរកម្ទេចថ្មដោយសារតែការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា និងកង្វះការការពារជនស៊ីវិល និងក្រុមការងារសង្គ្រោះ។ ទូរទស្សន៍ប៉ាឡេស្ទីន បាននិយាយថា ការទម្លាក់គ្រាប់បែកឥតឈប់ឈរពីសំណាក់កងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្ស៤៨នាក់ នៅក្នុងភាគខាងជើង និងខាងត្បូងតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ រួមទាំង២៣នាក់ ក្នុងទីក្រុងភាគខាងត្បូង Khan Younis។ ទាហានអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានសម្លាប់កងកម្លាំងប្រដាប់អាវុធមួយចំនួនរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។នៅថ្ងៃដដែលនោះដែរ ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានវាយប្រហារទាហាន និងរថយន្តអ៊ីស្រាអែល ដោយការបាញ់ផ្លោងគ្រាប់រ៉ូកែត៕

ក្រុមស្រាវជ្រាវ៖ ភាសាស្អប់ខ្ពើមប្រឆាំងនឹងជនជាតិមូស្លីម កើនឡើងខ្លាំងក្នុងប្រទេសឥណ្ឌា

2024/02/26 07:54:23 pm        102
ក្រុមស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅថ្ងៃច័ន្ទ (២៦ កុម្ភៈ) នេះថាភាសាស្អប់ខ្ពើមប្រឆាំងនឹងជនជាតិមូស្លីម នៅក្នុងប្រទេសឥណ្ឌា បានកើនឡើង ៦២2% នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៣ ហើយសង្រ្គាមអ៊ីស្រាអែល-ហ្កាហ្សា ជាកត្តាសំខាន់នៃកំណើនការស្អប់ខ្ពើមទាំងនោះក្នុងរយៈពេលបីខែចុងក្រោយ។ក្រុមស្រាវជ្រាវបាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃច័ន្ទ ថាស្ថាប័នស្រាវជ្រាវការស្អប់ខ្ពើមប្រឆាំងពូជសាសន៍របស់ឥណ្ឌា បានចងក្រងឯកសារអំពីឧប្បត្តិហេតុពាក្យសម្ដីស្អប់ខ្ពើមចំនួន ៦៦៨ ករណីដែលផ្តោតលើជនជាតិមូស្លីមក្នុងឆ្នាំ២០២៣ ដែល ២៥៥ ករណីបានកើតឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ខណៈដែលចំនួន ៤១៣ ករណីបានកើតឡើងក្នុងរយៈពេលប្រាំមួយខែចុងក្រោយនៃឆ្នាំដដែលនេះ។បាយការណ៍នោះបានបន្ថែមថា រវាងថ្ងៃទី០៧ ខែតុលា នៅពេលក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស វាយប្រហារអ៊ីស្រាអែល ដែលបង្កឱ្យមានជម្លោះនៅតំបន់ហ្កាហ្សាស្ទ្រីបដោយសារការសងសឹករបស់អ៊ីស្រាអែល រហូតដល់ថ្ងៃទី៣១ ខែធ្នូ មានឧប្បត្តិហេតុនៃការប្រើប្រាស់ភាសាស្អប់ខ្ពើមចំនួន ៤១ ករណីប្រឆាំងនឹងប្រជាជនអ៊ីស្លាមឥណ្ឌា ជុំវិញបញ្ហាសង្គ្រាម ហើយចំនួនប្រហែល ២០% នៃការនិយាយស្អប់ខ្ពើមទាំងនោះកើតឡើងក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ ២០២៣៕

ប្លុក ECOWAS របស់អាហ្រិ្វកខាងលិច ដកទណ្ឌកម្មលើរដ្ឋដែលដឹកនាំដោយរបបសឹកចំនួនបួន

2024/02/26 07:51:13 pm        92
សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានបើកកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃសៅរ៍ (២៤ កុម្ភៈ) ហើយបានប្រកាសពីការដកទណ្ឌកម្មដែលដាក់លើប្រទេសនីហ្សេ ម៉ាលី បួគីណាហ្វាសូ និងហ្គីណេ ដោយប្លុកក្នុងតំបន់មួយនេះកំពុងជំរុញឱ្យមានកិច្ចសន្ទនាដើម្បីបញ្ចៀសវិបត្តិនយោបាយនៅក្នុងតំបន់។ប្លុក ECOWAS បានដាក់ទណ្ឌកម្មលើប្រទេសទាំងនេះ បន្ទាប់ពីការផ្លាស់ប្តូររដ្ឋាភិបាលមិនស្របតាមរដ្ឋធម្មនុញ្ញ តាមរយៈរដ្ឋប្រហារយោធាកាលពីឆ្នាំមុន។ ទណ្ឌកម្មនេះបានឃើញប្រទេសនីហ្សេ ម៉ាលី និងបួគីណាហ្វាសូ ប្រកាសពីចេតនាដកខ្លួនចេញពីប្លុកជាអចិន្ត្រៃយ៍ ប៉ុន្តែ ECOWAS បានអំពាវនាវឲ្យរដ្ឋទាំងបីត្រឡប់មកវិញ។ប្រធានគណៈកម្មការ ECOWAS លោក អូម៉ា អាលីវ ថួរ៉ាយ (Omar Alieu Touray) បាននិយាយថា ការសម្រេចនេះគឺផ្អែកលើការពិចារណាផ្នែកមនុស្សធម៌ ហើយប្លុកនេះមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការដកខ្លួនរបស់ប្រទេសទាំងនេះ ជាពិសេសទៅលើប្រជាពលរដ្ឋ និងចំពោះដំណើរការសមាហរណកម្មក្នុងតំបន់។មេដឹកនាំយោធានៃប្រទេសនីហ្សេ បួគីណាហ្វាសូ និងម៉ាលី មានទំនាក់ទំនងមិនចុះសម្រុងជាមួយប្លុក ECOWAS ចាប់តាំងពីពួកគេបានកាន់អំណាចនៅក្នុងប្រទេសរៀងៗខ្លួនតាមរយៈរដ្ឋប្រហារមក ហើយទណ្ឌកម្មដែលត្រូវដកចេញដំបូងនេះគឺមានគោលបំណងបញ្ច្រាសរដ្ឋប្រហារក្នុងការជំរុញឱ្យមានការសន្ទនា៕

ក្រុមសកម្មជនជំរុញឲ្យបោះឆ្នោតសម្រាប់បក្ស ជាការតវ៉ាប្រឆាំងការគាំទ្ររបស់លោក Bidenលើអ៊ីស្រាអែល

2024/02/26 07:45:44 pm        85
ក្រុមអ្នកគាំទ្រយុទ្ធនាការបោះឆ្នោត "សន្លឹកឆ្នោតសម្រាប់តែបក្ស" បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ ២៥កុម្ភៈ នៅមុនការបោះឆ្នោតបឋមនៃការជ្រើសរើសបេក្ខជនប្រធានាធិបតីក្នុងគណបក្សប្រជាធិបតេយ្យនៅរដ្ឋ មីជីហ្គែន (Michigan) ដើម្បីប្រឆាំងនឹងលោកប្រធានាធិបតី Joe Biden ដែលមិនបានអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។សកម្មជន និងអ្នកនយោបាយជាច្រើននាក់ បានប្រមូលផ្ដុំគ្នាតវ៉ាដោយមានពាក្យស្លោកដែលហៅប្រធានាធិបតីអាមេរិកថា " Joe ប្រល័យពូជសាសន៍ " ខណៈជំរុញអ្នកបោះឆ្នោតឱ្យបោះឆ្នោត គាំទ្រសម្រាប់តែគណបក្សប៉ុណ្ណោះ ក្នុងការប្រកួតប្រជែងជ្រើសរើសបេក្ខជនក្នុងបក្សប្រជាធិបតេយ្យនៅរដ្ឋ មីជីហ្គែន នៅថ្ងៃទី២៧ ខែកុម្ភៈ។ រដ្ឋ Michigan ស្ថិតក្នុងចំណោមរដ្ឋទាំងប្រាំពីរដែលយុទ្ធនាការរបស់លោក Biden ចាត់ទុកថាជារដ្ឋដែលមានបោះឆ្នោតដ៏ប្រទាញប្រទង់ ដោយសារតែចំណង់ចំណូលចិត្តរបស់អ្នកបោះឆ្នោតរបស់ពួកគេអាចផ្លាស់ប្តូរទៅភាគីណាមួយ និងកំណត់លទ្ធផលនៃការប្រកួតប្រជែងក្នុងខែវិច្ឆិកា។ គេហទំព័រយុទ្ធនាការ "ស្តាប់រដ្ឋមីឈីហ្គែន" ដែលមានក្រាហ្វិកពណ៌ទង់ជាតិប៉ាឡេស្ទីន ផ្តល់ការណែនាំលម្អិតអំពីរបៀបចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ដែលមិនចាំបាច់មានការប្ដេជ្ញាចិត្តពីបេក្ខជនឈរឈ្មោះឡើយ។ រដ្ឋបាលលោក Biden បាននិយាយថា បទឈប់បាញ់ដ៏ទូលំទូលាយនាពេលនេះ នឹងហុចផលប្រយោជន៍ដល់ក្រុមហាម៉ា ប៉ុន្តែរដ្ឋបាលនេះ បានអំពាវនាវឱ្យមានការបញ្ឈប់ប្រយុទ្ធគ្នា ជាដំណាក់កាលបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស បានចាប់ និងការផ្ដល់ជំនួយដល់ប្រជាជននៅតំបន់ហ្កាហ្សា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាង FASMEC ជំរុញឱ្យ SMEs ដែលប្រើបច្ចេកវិទ្យាឌីជីថល ចូលរួមក្នុងភូមិហ្រ្វង់កូហ្វូនី ជំរុញតភ្ជាប់ SMEs ទៅកាន់អន្តរជាតិ
11/06/2026 07:11 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
11/06/2026 07:11 PM
ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុក ពិព័រណ៍ផលិតផលខ្មែរ ជាឱកាសបង្ហាញសក្ដានុពលសេដ្ឋកិច្ចកម្ពុជា
11/06/2026 06:11 PM
មីយ៉ាន់ម៉ាគ្រោងរៀបចំការបោះឆ្នោតបំពេញ​អាសនៈ​ នៅខែមេសា រួមទាំងតំបន់មានជម្លោះផង​ដែរ
11/06/2026 06:11 PM
លោក Zelenskyy៖ អ៊ុយក្រែនត្រូវសម្របនឹងនយោបាយថ្មីរបស់​អាមេរិក និងដោះស្រាយប្រព័ន្ធ​ការពារដែនអាកាស
11/06/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
11/06/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
11/06/2026 06:11 PM
លោក Trum អាច​ប្រឹង​ប្រែងបញ្ចុះបញ្ចូល​កូរ៉េខាងជើង ក្រោយ​ខកចិត្ត​ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
11/06/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរ ជំរុញឱ្យអ្នកផលិតកាន់តែខំប្រឹងពង្រឹងគុណភាព
11/06/2026 06:11 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមពិព័រណ៍ផលិតផលខ្មែរ បង្ហាញយ៉ាងច្បាស់ នូវកម្លាំងសាមគ្គីជាតិខ្មែរ
11/06/2026 06:11 PM