អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម

សន្តិសុខ និង សង្គម

អ៊ីស្រាអែល រកឃើញរូងក្រោមដីរបស់ក្រុមហាម៉ាសចំនួន ៨០០កន្លែង នៅក្នុងតំបន់ហ្កាហ្សា

2023/12/04 06:43:29 pm        306
កងកម្លាំងអ៊ីស្រាអែល បានរកឃើញបង្គោលចំនួន ៨០០ដើម ដែលនាំទៅដល់បណ្តាញផ្លូវរូងក្រោមដី និងលេណដ្ឋានក្រោមដីដ៏ធំរបស់ក្រុមហាម៉ាស ចាប់តាំងពីប្រតិបត្តិការថ្មើរជើងនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមនៅថ្ងៃទី២៧ ខែតុលា ហើយបានបំផ្លាញជាងពាក់កណ្តាលនៃរូងក្រោមដីទាំងនោះ នេះបើតាមយោធាបាននិយាយកាលពីថ្ងៃអាទិត្យ (០៣ ធ្នូ)។កងទ័ពអ៊ីស្រាអែលបានចេញផ្សាយវីដេអូកាលពីថ្ងៃអាទិត្យ ដែលបង្ហាញថាទាហានរបស់ខ្លួនកំពុងស្វែងរក និងបំផ្លាញផ្លូវរូងក្រោមដី ហើយបាននិយាយថារូងជាច្រើនស្ថិតនៅក្នុងតំបន់ស៊ីវិល ដូចជាសាលារៀន វិហារអ៊ីស្លាម សាលាមត្តេយ្យ និងសួនកុមារជាដើម។ ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនមួយនេះ បាននិយាយមុនសង្រ្គាមរយៈពេលប្រាំបីសប្តាហ៍នៅតំបន់ហ្កាហ្សាស្ទ្រីប ថា ខ្លួនមានផ្លូវរូងក្រោមដីរាប់រយគីឡូម៉ែត្រ ដែលជាបណ្តាញមានទំហំប៉ុននឹងប្រព័ន្ធរថភ្លើងក្រោមដីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក ដើម្បីការពារ និងបម្រើជាមូលដ្ឋានប្រតិបត្តិការ។នោះបានធ្វើឱ្យរូងក្រោមដីទាំងនោះក្លាយជាគោលដៅចម្បងសម្រាប់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ជាមួយនឹងគ្រាប់រំសេវ ហើយក្រុមកងទ័ពវិស្វករបានប្រើប្រាស់រូបយន្តកំណត់ផែនទី និងជែលសម្រាប់បំផ្ទុះ ដែលអាចចាក់ចូលទៅក្នុងផ្លូវឆ្លងកាត់ទាំងនោះបាន៕

អាមេរិកផ្អាកការហោះហើរយន្តហោះកងទ័ពអាកាស Osprey នៅជប៉ុន បន្ទាប់ពីមានការធ្លាក់

2023/12/03 12:46:01 am        335
ក្រសួងការពារជាតិអាមេរិក បាននិយាយថា ខ្លួននឹងផ្អាកការហោះហើររបស់យន្តហោះដឹកជញ្ជូន Osprey ដែលប្រតិបត្តិការដោយកងទ័ពអាកាសអាមេរិក នៅប្រទេសជប៉ុន បន្ទាប់ពីមានការធ្លាក់បណ្ដាលឲ្យមានអ្នកស្លាប់ កាលពីថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា) នៅក្នុងដែនទឹកភាគនិរតីរបស់ប្រទេសនេះ។អនុរដ្ឋមន្ត្រីផ្នែកសារព័ត៌មានរបស់មន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) ថា សុវត្ថិភាពរបស់ទាហានអាមេរិក និងសន្តិសុខក្នុងតំបន់របស់ប្រទេសជប៉ុន គឺជាអាទិភាពចម្បងសម្រាប់ទីក្រុងវ៉ាស៊ីនតោន។ លោកស្រីបានបន្ថែមថា យន្តហោះ Osprey ដែលជាកម្មសិទ្ធិរបស់កងម៉ារីនអាមេរិក និងអង្គភាពផ្សេងទៀត នឹងត្រូវបានអនុញ្ញាតឲ្យហោះហើរ តែលុះត្រាណាបានឆ្លងកាត់ការថែទាំ និងការត្រួតពិនិត្យសុវត្ថិភាពយ៉ាងហ្មត់ចត់។លោកស្រី Singh បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងជប៉ុនកំពុងចែករំលែកព័ត៌មានអំពីឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងយន្តហោះ CV-22 Osprey ដែលបានដឹកនាវិកចំនួន ៨នាក់ នៅពេលដែលវាបានធ្លាក់នៅម្ដុំកោះ Yakushima ក្នុងខេត្ត Kagoshima។ អាជ្ញាធរបានរកឃើញសាកសពសមាជិកនាវិកម្នាក់។ ចំណែក៧នាក់ទៀត នៅតែបាត់ខ្លួន។សេចក្តីថ្លែងការណ៍នេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) បានស្នើឲ្យភាគីអាមេរិកបញ្ឈប់ការហោះហើរយន្តហោះ Osprey របស់អាមេរិក ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនទាំងអស់ លើកលែងតែបេសកកម្មស្វែងរក និងជួយសង្គ្រោះ រហូតដល់មានការបញ្ជាក់ថា យន្តហោះទាំងនោះមានសុវត្ថិភាព ក្នុងការហោះហើរ៕

អាមេរិកបង្ហាញផែនការនៅ COP28 ដើម្បីកាត់បន្ថយការបំពុលខ្លាំងដល់បរិយាកាសពីប្រេង និងឧស្ម័ន

2023/12/03 12:27:39 am        345
រដ្ឋបាលរបស់ប្រធានាធិបអាមេរិកលោក Joe Biden នៅថ្ងៃសៅរ៍ (ទី២ ខែធ្នូ) នេះ បានបង្ហាញនូវច្បាប់ចុងក្រោយដែលមានគោលបំណងរឹតបន្តឹងការបញ្ចេញសារធាតុមេតានរបស់ឧស្សាហកម្មប្រេង និងឧស្ម័ន នៅសហរដ្ឋអាមេរិក ដោយនេះជាផ្នែកនៃផែនការសកល ក្នុងការទប់ស្កាត់ការបំភាយឧស្ម័ន ដែលរួមចំណែកដល់បម្រែបម្រួលអាកាសធាតុ។ច្បាប់ ដែលប្រើពេល ២ឆ្នាំ ដើម្បីបង្កើតឡើង ត្រូវបានប្រកាសដោយមន្ត្រីអាមេរិក នៅឯសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុ COP28 របស់អង្គការសហប្រជាជាតិ នាទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ គេរំពឹងថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងទៀត ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ នឹងរៀបរាប់លម្អិតពីរបៀប ដែលពួកគេនឹងសម្រេចបាននូវការសន្យា ដែលធ្វើឡើងពីប្រទេសចំនួន ១៥០ កាលពី ២ឆ្នាំមុន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នមេតានចំនួន ៣០ភាគរយ ពីកម្រិតឆ្នាំ២០២០ នៅត្រឹមឆ្នាំ២០៣០។សារធាតុមេតានលេចធ្លាយទៅក្នុងបរិយាកាសដោយមិនអាចមើលឃើញបានពីកន្លែងខួង បំពង់បង្ហូរឧស្ម័ន និងឧបករណ៍ប្រេង និងឧស្ម័នផ្សេងទៀត។ សារធាតុនេះមានសក្តានុពលបង្កឲ្យមានកម្ដៅខ្លាំងជាងកាបូនឌីអុកស៊ីត ហើយបំបែកខ្លួននៅក្នុងបរិយាកាសលឿនជាង ដូច្នេះ ការទប់ស្កាត់ការបំភាយឧស្ម័នមេតានអាចមានឥទ្ធិពលភ្លាមៗទៅលើការកំណត់ការប្រែប្រួលអាកាសធាតុ។ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) បាននិយាយថា ច្បាប់នេះនឹងទប់ស្កាត់ឧស្ម័នមេតាន ដែលត្រូវបានប៉ាន់ប្រមាណ ៥៨លានតោនមិនឲ្យចូលទៅក្នុងបរិយាកាស ក្នុងចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០៣៨ ដែលស្ទើរតែស្មើនឹងការបំភាយកាបូនឌីអុកស៊ីតទាំងអស់ពីវិស័យថាមពល ក្នុងឆ្នាំ២០២១៕

អ្នករស់នៅទីក្រុងញូវដេលី ប្រឈមនឹងការបង្កកខ្វក់ខ្យល់តាមរដូវ ដែលនៅបន្តមាន

2023/12/02 11:50:55 pm        244
សំណុំផ្សែងអ័ព្ទដ៏ក្រាស់ បានធ្វើឲ្យការមើលគ្នាឃើញពីចម្ងាយមិនសូវច្បាស់ នៅព្រឹកថ្ងៃសៅរ៍ (ទី២ ខែធ្នូ) នេះ ខណៈដែលអ្នកស្រុកក្រុងញូវដេលីរបស់ប្រទេសឥណ្ឌា មានការលំបាក ក្នុងការបន្តសកម្មភាពចុងសប្តាហ៍របស់ខ្លួន ចំពេលមានការបង្កកខ្វក់យ៉ាងធ្ងន់ធ្ងរ។ផ្លូវ និងអគារនានាត្រូវបានគ្របដណ្ដប់ទៅដោយផ្សែងអ័ព្ទ ខណៈដែលសន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ស្ថានទូតសហរដ្ឋអាមេរិក មានក្នុងរង្វង់កម្រិត ២៥៩ ដោយធ្វើឲ្យខ្យល់នេះ ស្ថិតនៅក្នុងប្រភេទ «មិនល្អខ្លាំង»។AQI កម្រិតពី ៤០០-៥០០ ប៉ះពាល់ដល់មនុស្សដែលមានសុខភាពល្អ និងមានគ្រោះថ្នាក់ដល់អ្នកដែលមានជំងឺស្រាប់ ខណៈដែលកម្រិត ១៥០-២០០ មិនអំណោយផលដល់អ្នកដែលមានជំងឺហឺត សួត និងបេះដូង ហើយកម្រិត ០-៥០ ត្រូវបានចាត់ទុកថា ជាសន្ទស្សន៍គុណភាពខ្យល់ល្អ។ការបំពុលបរិយាកាសនៃរដ្ឋធានីរបស់ប្រទេសឥណ្ឌា មានសភាពកាន់តែអាក្រក់ទៅៗ ក្នុងរដូវរងា នៅពេលដែលល្បឿនខ្យល់ ធ្លាក់ចុះ ហើយខ្យល់ត្រជាក់ ជាប់ទៅដោយជាតិបំពុល ដែលបង្កឡើងដោយយានយន្ត ឧស្សាហកម្ម និងកសិករ ដែលដុតកាកសំណល់កសិកម្ម ក្នុងរដ្ឋនានា នៅជុំវិញ ដើម្បីត្រៀមដាំដំណាំថ្មី៕

តំបន់ហ្កាហ្សា ចាប់ផ្ដើមជួបនឹងសំឡេងផ្ទុះបន្ថែមទៀត បន្ទាប់ពីបទឈប់បាញ់ ដួលរលំ

2023/12/02 10:51:57 pm        272
សំឡេងផ្ទុះបានលាន់ឮឡើង ហើយសំណុំផ្សែង បានហុយយ៉ាងខ្មួលខ្មាញ់ពេញផ្ទៃមេឃលើតំបន់ហ្កាហ្សា នៅថ្ងៃសៅរ៍ (ទី២ ខែធ្នូ) ខណៈយោធាអ៊ីស្រាអែល បានចាប់ផ្ដើមឡើងវិញនូវប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស ដែលជាថ្ងៃទី២ បន្ទាប់ពីបទឈប់បាញ់ត្រូវបានបញ្ចប់។ភាគីជម្លោះបានបន្ទោសគ្នាទៅវិញទៅមកថា បានធ្វើឲ្យដួលរលំបទឈប់បាញ់នេះ ដោយបដិសេធមិនទទួលយកលក្ខខណ្ឌ ក្នុងការបន្ថែមការដោះលែងចំណាប់ថ្នូប្រចាំថ្ងៃ ដែលត្រូវបានឃុំខ្លួន ដោយពួកសកម្មប្រយុទ្ធ ជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីន ដែលជាប់ឃុំនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។អ៊ីស្រាអែលបាននិយាយថា កងកម្លាំងជើងគោក អាកាស និងជើងទឹករបស់ខ្លួន បានវាយប្រហារលើ «គោលដៅភេរវកម្ម» ជាង ២០០កន្លែង នៅតំបន់ហ្កាហ្សា ហើយគិតត្រឹមល្ងាចថ្ងៃសុក្រ (ទី១ ខែធ្នូ) មន្ត្រីសុខាភិបាល នៅតំបន់ឆ្នេរ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ១៨៤នាក់ របួសយ៉ាងតិច ៥៨៩នាក់ និងបំផ្លាញផ្ទះសម្បែងជាង ២០ខ្នង។ក្រុមអ្នកសម្របសម្រួល បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កំពុងបង្កការស្មុគស្មាញដល់ការប្រឹងប្រែង ដើម្បីឲ្យមានការផ្អាកអរិភាពជាថ្មីម្ដងទៀត។ បទឈប់បាញ់រយៈពេល ៧ថ្ងៃ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែវិច្ឆិកា និងដែលត្រូវបានពន្យារពេល ២ដងនោះ បានអនុញ្ញាតឲ្យមានការដោះដូរចំណាប់ថ្នូររាប់សិបនាក់ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ជាមួយអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ និងជួយសម្រួលដល់ការនាំជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលរងការបំផ្លិចបំផ្លាញនេះ៕

ក្រុមអ្នកសារព័ត៌មានហុងកុង បារម្ភយ៉ាងខ្លាំង ដោយសារអ្នករាយការណ៍ព័ត៌មានមិនបានត្រឡប់ពីដំណើរទៅទីក្រុងប៉េកាំង

2023/12/02 10:33:05 pm        88
សមាគមអ្នកសារព័ត៌មានក្រុងហុងកុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) ថា ខ្លួនមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីសុវត្ថិភាព និងកន្លែងនៅរបស់អ្នករាយការណ៍ព័ត៌មានរបស់សារព័ត៌មាន South China Morning Post (SCMP) ដែលមិនអាចទាក់ទងបាននោះឡើយ ចាប់តាំងពីទៅចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងប៉េកាំង កាលពីចុងខែតុលា។អ្នកសារព័ត៌មានជាន់ខ្ពស់ម្នាក់ គឺអ្នកនាង Minnie Chan ដែលរាយការណ៍ពីបញ្ហាសន្តិសុខរបស់សារព័ត៌មាននេះ បានធ្វើដំណើរពីទីក្រុងហុងកុងទៅកាន់ទីក្រុងប៉េកាំង ដើម្បីរាយការណ៍នៅក្នុងវេទិកាការពារជាតិរបស់ចិន កាលពីចុងខែតុលា។ នេះបើយោងតាមប្រភព២ ដែលស្និទ្ធនឹងរូបនាង។ប្រភពចំនួន ៤ទៀត ដែលដឹងពីបញ្ហានេះ ដោយក្នុងនោះរួមមានទាំងសហការី SCMP របស់អ្នកនាង Chan និងមិត្តភក្តិរបស់នាងផងដែរ បាននិយាយថា ពួកគេមិនអាចទាក់ទងនាងបានសោះ ចាប់តាំងពីថ្ងៃបន្ទាប់ពីវេទិកានោះ។ ប្រភពទាំងនោះបដិសេធមិនបញ្ចេញឈ្មោះរបស់ខ្លួននោះទេ ដោយសារតែស្ថានការណ៍មិនអំណោយផល។សមាគមអ្នកសារព័ត៌មានហុងកុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សមាគមអ្នកសារព័ត៌មានក្រុងហុងកុង មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់អ្នកនាង Minnie ហើយកំពុងស្នើសុំព័ត៌មានបន្ថែមពី SCMP»។តែយ៉ាងណាក្ដី SCMP បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ្នកនាង Chan បាន «សុំឈប់សម្រាកផ្ទាល់ខ្លួន»។ សារព័ត៌មាននេះ បានបន្ថែមថា គ្រួសាររបស់អ្នកនាង Chan «បានប្រាប់យើងថា នាងកំពុងនៅទីក្រុងប៉េកាំង ប៉ុន្តែត្រូវការពេលវេលា ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន។ គ្រួសាររបស់នាង បានប្រាប់យើងថា នាងមានសុវត្ថិភាព ប៉ុន្តែបានស្នើសុំឲ្យយើងគោរពសិទ្ធិឯកជនរបស់នាង»។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា លោក «មិនដឹងពាក់ព័ន្ធនឹងស្ថានភាពនេះទេ» នៅពេលត្រូវបានសួរអំពីករណីរបស់អ្នកនាង Chan នៅក្នុងសន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំ។ រីឯការិយាល័យសន្តិសុខក្រុងហុងកុង ក៏មិនមានការអត្ថាធិប្បាយអ្វីភ្លាមៗនោះដែរ៕

អ្នកនាំពាក្យអង្គការយូនីសេហ្វ និយាយថា «នេះជាសង្គ្រាមលើកុមារ»

2023/12/02 10:29:32 pm        138
អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ (UNICEF) បានហៅជម្លោះដែលកំពុងបន្តមាន នៅក្នុងតំបន់ហ្កាហ្សាថា ជា «សង្គ្រាមលើកុមារ» ដោយការលើកឡើងនេះ មាននៅក្នុងវីដេអូដែលថតចេញពីខាងក្នុងមន្ទីរពេទ្យ Nasser របស់តំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ)។នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម Instagram លោក James Elder បាននិយាយថា៖ «យើងមិនអាចឈរមើលកុមារជាច្រើនបន្ថែមទៀតរងរបួសដោយសារសង្រ្គាម រលាកខ្លួន អំបែងគ្រាប់ខ្ទាតត្រូវរាងកាយ និងបាក់ឆ្អឹងបានទៀតទេ។ ការនៅស្ងៀមមិនធ្វើអ្វីសោះរបស់ពួកអ្នកមានឥទ្ធិពល កំពុងបណ្ដោយឲ្យមានការសម្លាប់កុមារ។ នេះជាសង្រ្គាមលើកុមារ»។ក្រុមអ្នកផ្ដល់ជំនួយ និងអង្គការសហប្រជាជាតិ (UN) និយាយថា ផ្នែកតូចមួយនៃកន្លែងថែទាំសុខភាព នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានបំផ្លិចបំផ្លាញ នៅតែដំណើរការ ហើយកន្លែងទាំងនោះមិនមានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយរលកថ្មីនៃជនរងគ្រោះបាននោះទេ។អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ដែល UN ចាត់ទុកថា គួរឲ្យទុកចិត្ត បាននិយាយថា អ្នកស្រុកហ្កាហ្សាជាង ១៥.០០០នាក់ ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់ ហើយរាប់ពាន់នាក់ទៀត កំពុងបាត់ខ្លួន និងមានការភ័យខ្លាចថា កប់នៅក្រោមគំនរបាក់បែក។ ជាមួយគ្នានេះ UN ប្រាប់ថា ប្រជាជន ៨០ភាគរយ អាចត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ៕

សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនបង្កបើករថយន្តព្រូស បុកបុរសម្នាក់បណ្តាលឱ្យស្លាប់ នៅក្នុងកោះពេជ្រ

2023/12/02 10:01:33 pm        7209
ភ្នំពេញ៖ ករណីរថយន្តតូយូព្រូសមិនចាំស្លាកលេខមួយគ្រឿង បើក​បញ្ច្រាស​ទិស ទៅបុកនឹងម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែង នៅក្នុងកោះពេជ្រ កាល​ពី​វេលាទាបភ្លឺថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣នោះ គិតមកទល់ពេលនេះ សមត្ថកិច្ចនគរបាល​ជំនាញ​កំពុងព្យាយាមស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោស ។ លោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹងថា ​ករណីនេះ សមត្ថកិច្ចការិយាល័យ​ជំនាញ​របស់រាជធានី បានសហការជាមួយនគរបាលខណ្ឌចំការមន​ បើកការស្រាវជ្រាវតាំងពីថ្ងៃកើតហេតុ ជាបន្តបន្ទាប់តាមជំនាញ ​ពិសេសកាមេរ៉ាសុវត្ថិភាព នៅជុំវិញតំបន់កើតហេតុ ។ លោកបន្តថា បច្ចុប្បន្ន ​សមត្ថកិច្ចបានកំណត់បានតម្រុយខ្លះៗហើយ នឹងកំពុង​បន្តស្រាវជ្រាវបន្ថែមទៀត ​ដើម្បីឈានទៅចាប់ឃាត់ខ្លួនអ្នកបើកបរ​ និងរថយន្ត យកមកផ្តន្ទាទោសតាមច្បាប់ ​ឱ្យបាននៅពេលខាងមុខ ។ គួររំលឹកថា ​ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង ​នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតនៅគល់ស្ពានកោះនរាត្រើយខាងលិច ក្នុងសង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការមន រាជធានីភ្នំពេញ ។ជនរងគ្រោះមានឈ្មោះ ចាន់ ប៉េងលាង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់គ្រឿងសក្ការៈ បូជា មានទីលំនៅភូមិសន្សំកុសល ​សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ​ខាងលើ​ជិះម៉ូតូមួយគ្រឿង​ម៉ាកគុបសេរីចាស់គ្មាន​ស្លាកលេខ ធ្វើដំណើរចេញពីផ្ទះបម្រុងធ្វើដំណើរ​ទៅហាត់ប្រាណនៅកោះនរា ​ក្នុងទិសដៅពីលិចទៅកើត​ លុះដល់ចំណុចកើតហេតុ ក៏មាន​រថយន្តម៉ាកព្រូស ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ ​បានបើក​បរ​បញ្ច្រាសរង្វង់មូលសួនច្បារ ក៏បានបើកលឿនទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង ​បណ្ដាលឲ្យជនរងគ្រោះ បែកក្បាលស្លាប់ភ្លាមៗ​នៅហ្នឹងកន្លែងតែម្តង ។សូមជម្រាបថា បច្ចុប្បន្ននេះសពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារ​សាច់ញាតិ រៀបចំ​ធ្វើ​បុណ្យបូជាតាមប្រពៃណីរួចរាល់ហើយ ​ប៉ុន្តែ​សាច់ញាតិ​ជនរងគ្រោះ​ កំពុង​ដង្ហើយរកពន្លឺយុត្តិធម៌ និងស្នើរឱ្យសមត្ថកិច្ចមេត្តាព្យាយាមស្រាវជ្រាវតាមចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសឱ្យខាងតែបានផង ​ដើម្បីផ្តល់ភាពសមស្របចំពោះការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគាត់ ។ គួរបន្ថែមថា អ្វីជាភាពសោកសង្រែង ​ក្នុងមរណះភាពរបស់ជនរងគ្រោះខាងលើ ក៏បានបន្សល់​ទុកនូវភាពឈឺចាប់ធ្ងន់ធ្ងរដល់កូនៗ​ ពិសេសស្ត្រីជាប្រពន្ធ ​ដែលកំពុងមាន​ជម្ងឺមហារីកសុដន់​ធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍មួយផ្នែកទៅហើយ ឥលូវបែរជាមកទទួលបាន​អារម្មណ៍​ប៉ះពាល់​ផ្លូវចិត្តមួយផ្នែកធំបន្ថែមទៀត ​ដែលជាការបាត់បង់មនុស្សជាទីស្រលាញ់​បំផុតក្នុងជីវិត ដែល​បានទៅហើយមិនអាចវិលត្រឡប់មកវិញ ៕ លីហេង

បាតុករគាំទ្រប៉ាឡេស្ទីនដុតខ្លួនឯងនៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល នៅអាត្លង់តា

2023/12/02 08:24:17 pm        158
អាជ្ញាធរបានឲ្យដឹងថា បាតុករម្នាក់ដែលមានទង់ជាតិប៉ាឡេស្ទីន បានដុតខ្លួនឯង កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) នៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដោយបានធ្វើឲ្យសន្តិសុខម្នាក់រងរបួស នៅពេលដែលសន្តិសុខរូបនោះ ព្យាយាមចូលទៅអន្តរាគមន៍។មេនគរបាលក្រុងអាត្លង់តា លោក Darin Schierbaum បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា បុគ្គលដែលមន្ត្រីមិនបានកំណត់អត្តសញ្ញាណនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយចំណែកស្ថានភាពរបស់សន្តិសុខ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។នគរបាលបាននិយាយបន្ថែមថា បាតុករបានទៅដល់ម៉ោងប្រហែល ១២:១៥នាទី (ម៉ោងនៅសហរដ្ឋអាមេរិក) នៅអគារការិយាល័យ ដែលជាទីកន្លែងសម្រាប់ស្ថានកុងស៊ុល ក៏ដូចជាក្រុមហ៊ុនជាច្រើនទៀត ហើយបានប្រើសាំងដុត។ ការិយាល័យ នៅក្រុងអាត្លង់តារបស់ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) បានប្រាប់ថា ខ្លួនកំពុងសម្របសម្រួលជាមួយរដ្ឋបាលអនុវត្តច្បាប់ក្នុងតំបន់។ ស្ថានកុងស៊ុល និងស្ថានទូតអ៊ីស្រាអែលប្រចាំក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។អ៊ីស្រាអែលបានចាប់ផ្ដើមការវាយប្រហារផ្នែកយោធា នៅតំបន់ហ្កាហ្សាឡើងវិញ កាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចពិភាក្សា ដើម្បីបន្តបទឈប់បាញ់រយៈពេល ១សប្តាហ៍ បានបរាជ័យ។ អ៊ីស្រាអែលបានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមួយនេះ បានវាយប្រហារអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ខ្មាំង ២៤០នាក់។ចំណែកខាងមន្ត្រីប៉ាឡេស្ទីនវិញ បាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ១៥.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញទឹកដីយ៉ាងច្រើន៕

ប្រជាជនយេម៉ែនធ្វើបាតុកម្មគាំទ្រប៉ាឡេស្ទីន ខណៈក៏មានបាតុកម្មគាំទ្រប៉ាឡេស្ទីន នៅទីក្រុងវ៉ាស៊ីនតោន

2023/12/02 06:16:16 pm        169
មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីសាណា(Sanaa) របស់ប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ ទី១ ខែធ្នូ ដើម្បីបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ក្នុងពេលមានជម្លោះនៅបន្តរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមនិយមហាម៉ាសប៉ាឡេស្ទីន។ក្រុមបាតុករ បានគ្រវីទង់ជាតិប៉ាឡេស្ទីន អាវុធ និងដាវបុរាណ ខណៈពួកគេបានស្រែកពាក្យគាំទ្រប៉ាឡេស្ទីន។ ការប្រមូលផ្តុំគ្នានេះ ត្រូវបានរៀបចំឡើងដោយចលនាក្រុមហួធី(Houthi) គាំទ្រដោយអ៊ីរ៉ង់ ដែលបានគ្រប់គ្រងភាគច្រើននៅប៉ែកពាយ័ព្យប្រទេសយេម៉ែន រួមទាំងទីក្រុង Sanaa ចាប់តាំងពីចុងឆ្នាំ ២០១៤ មក។ជាមួយគ្នានេះកាលពីថ្ងៃសុក្រ ទី១ ខែធ្នូ ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានមកប្រមូលផ្តុំគ្នានិងបួងសួងក្នុងការជួបជុំគ្នាមួយនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី(Washington, D.C.)។ក្រុមបាតុករពាក់កន្សែង keffiyeh ជាកន្សែងក្រឡាមានព័ណ៌ស-ខ្មៅ បែបប្រពៃណី ដែលមានពាក់នៅមជ្ឈិមបូព៌ា ហើយបានគ្រវីទង់ជាតិប៉ាឡេស្ទីន ទាមទារឲ្យបញ្ចប់ការហ៊ុមព័ទ្ធនៅហ្កាហ្សា។ការប្រយុទ្ធជាថ្មីនៅហ្កាហ្សា បានអូសបន្លាយចូលដល់ថ្ងៃទីពីរនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីកិច្ចពិភាក្សាដើម្បីបន្តបទឈប់បាញ់ដែលមានរយៈពេលមួយសប្តាហ៍ជាមួយក្រុមហាម៉ាស់បានដួលរលំ ហើយអ្នកសម្របសម្រួលបាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលកំពុងធ្វើឱ្យស្មុគស្មាញដល់ការប៉ុនប៉ងដើម្បីផ្អាកប្រយុទ្ធម្តងទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
09/26/2026 05:09 PM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
09/26/2026 05:09 PM
សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
09/26/2026 05:09 PM
ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
09/26/2026 05:09 PM
ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
09/26/2026 05:09 PM
ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៤ ទីតាំងបន្ថែមទៀត ក្នុងស្រុកអង្គរជ័យ ខេត្តកំពត
09/26/2026 05:09 PM
ប្រមុខ UN ទទួលបន្ទុកជនភៀសខ្លួន ព្រមានពីស្ថានភាព «កាន់តែធ្ងន់ធ្ងរឡើង» នៅតំបន់ Sahara ខាងលិច
09/26/2026 04:09 PM
មនុស្ស​រាប់លាននាក់នៅភាគឦសានរបស់​សហរដ្ឋអាមេរិក ត្រៀមប្រឈម​នឹង​ព្យុះដ៏ខ្លាំងក្លា
09/26/2026 04:09 PM
កុមារនៅភាគខាងត្បូងលីបង់ ត្រឡប់ទៅសាលារៀនដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល
09/26/2026 04:09 PM
UN បន្ថែមក្រុមហ៊ុន ៦១ទៀតក្នុងបញ្ជីពាក់ព័ន្ធនឹងការតាំងទីលំនៅអ៊ីស្រាអែលធ្វើឲ្យចំនួនសរុបកើនដល់ ២១៤
09/26/2026 04:09 PM