ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
តំណាងអយ្យការ មិនទាន់បញ្ចប់ការស៊ើបអង្កេត និងស្តាប់ចម្លើយមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងជនសង្ស័យពីររូបទៀតនៅឡើយទេពាក់ព័ន្ធករណីសង្ស័យស៊ីសំណូក និងសម្អាតប្រាក់ពីក្រុមឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ប្រព័ន្ធលូបង្ហូរទឹក ជាផ្នែកសំខាន់ដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅ​រដូវវស្សា

សន្តិសុខ និង សង្គម

កងទ័ពអ៊ីស្រាអែលនិយាយថា កងកម្លាំងបានរកឃើញមន្ទីរពិសោធន៍អាវុធនៅក្រោមវិហារឥស្លាមនៅតំបន់ហ្កាហ្សា

2023/11/21 10:46:31 am        78
អ្នកនាំពាក្យកងទ័ព លោក Daniel Hagari បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ីស្រាអែល បានរកឃើញរោងចក្រផលិតអាវុធនិងយានដ្រូន(UAVs) នៅក្រោមវិហារអ៊ីស្លាមមួយកន្លែងក្នុងតំបន់ហ្កាហ្សា ។ លោក Hagari និយាយថា ទាហានក៏បានរកឃើញច្រកផ្លូវរូងក្រោមដីមួយផងដែរ បន្ទាប់ពីបានស្វែងរកវិហារឥស្លាមនៅក្នុងសង្កាត់ជិតខាង Zaytun។ កងទ័ពអ៊ីស្រាអែល បានបញ្ចេញវីដេអូកាលពីថ្ងៃចន្ទ អំពីអ្វីដែលពួកគេនិយាយថាជាមន្ទីរពិសោធន៍អាវុធមួយកន្លែងនៅក្រោមវិហារឥស្លាមក្នុងសង្កាត់ជិតខាង Zaytun នៅតំបន់ហ្កាហ្សា។ ជាមួយគ្នានេះ យោធាអ៊ីស្រាអែលបានចេញផ្សាយវីដេអូ កាលពីថ្ងៃចន្ទ បង្ហាញពីការវាយប្រហារទៅលើអគារនានាក្នុងប្រទេសលីបង់ ដែលខ្លួនជឿថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា (Hezbollah)។ កងទ័ពអ៊ីស្រាអែល និយាយនៅក្នុងការបង្ហោះនៅលើគណនីតេឡេក្រាមផ្លូវការ របស់ពួកគេថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារជាបន្តបន្ទាប់តាមយន្តហោះចម្បាំង រថក្រោះយោធា និងឧទ្ធម្ភាគចក្រ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលគេជឿថាធ្វើប្រតិបត្តិការដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយប្រទេសអ៊ីរ៉ង់។

ទារកកើតមិនគ្រប់ខែនៅហ្កាហ្សា ជម្លៀសទៅអេហ្ស៊ីប ខណៈរថក្រោះអ៊ីស្រាអែល ឡោមព័ទ្ធមន្ទីរពេទ្យទីពីរ

2023/11/21 08:25:58 am        261
ទារកកើតមិនគ្រប់ខែចំនួន ២៨ នាក់ ដែលត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា ត្រូវបានគេនាំយកទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីព្យាបាលជាបន្ទាន់កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ខណៈក្រុមអាជ្ញាធរប៉ាឡេស្ទីន និងអង្គការសុខភាពពិភពលោក បាននិយាយថាមនុស្ស ១២នាក់ ត្រូវបានសម្លាប់នៅមន្ទីរពេទ្យហ្កាហ្សា មួយផ្សេងទៀតដែលឡោមព័ទ្ធដោយរថក្រោះអ៊ីស្រាអែល។ទារកទើបនឹងកើតទាំងនោះ បានស្ថិតនៅក្នុងមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) ភាគខាងជើងនៃតំបន់ហ្កាហ្សា ជាទីដែលទារកមួយចំនួនទៀតបានស្លាប់ បន្ទាប់ពីឧបករណ៍កម្ដៅខ្លួនរបស់ពួកគេត្រូវបានកាត់ផ្ដាច់ថាមពល ស្របពេលមានការដួលរលំនៃសេវាវេជ្ជសាស្រ្ត អំឡុងពេលការវាយលុកយោធារបស់អ៊ីស្រាអែល លើទីក្រុងហ្កាហ្សា។កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធមន្ទីរពេទ្យស៊ីហ្វា កាលពីសប្តាហ៍មុន ដើម្បីស្វែងរកអ្វីដែលពួកគេបាននិយាយថាជាបណ្តាញផ្លូវរូងក្រោមដី ដែលជាកម្មសិទ្ធិរបស់ក្រុមអ៊ីស្លាមនិយមហាម៉ាស បានសាងសង់នៅខាងក្រោមនោះ។ អ្នកជំងឺរាប់រយនាក់ បុគ្គលិកពេទ្យ និងជនភៀសខ្លួនបានចាកចេញពីមន្ទីរពេទ្យស៊ីហ្វា កាលពីចុងសប្តាហ៍ ដោយក្រុមគ្រូពេទ្យនិយាយថា ពួកគេត្រូវបានបណ្តេញចេញដោយកងទ័ព ប៉ុន្តែអ៊ីស្រាអែលនិយាយថា ការចាកចេញនោះគឺជាការស្ម័គ្រចិត្តប៉ុណ្ណោះ៕

សមាជិកក្រុមជនអន្ធពាលជាង២០០ នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២.១០០ ឆ្នាំក្រោយជម្រះក្តីដ៏ធំនៅអ៊ីតាលី

2023/11/21 08:21:00 am        186
សមាជិកក្រុមជនអន្ធពាលជាង ២០០ នាក់ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារសរុបចំនួន ២.១០០ ឆ្នាំបន្ទាប់ពីការកាត់ទោសក្រុមម៉ាហ្វ្យា (mafia) ដ៏ធំបំផុតមួយរបស់ប្រទេសអ៊ីតាលី។ មនុស្សសរុបចំនួន៣៨៨ នាក់ត្រូវបានចោទប្រកាន់ថាជាផ្នែកមួយនៃក្រុមជនអន្ធពាល ដ្រាងហេតា( 'Ndrangheta)របស់ប្រទេសអ៊ីតាលី ខណៈការកាត់ក្តីនៅតែបន្តចាប់តាំងពីខែមករា ឆ្នាំ២០២១មក ។ជនជាប់ចោទចំនួន៦៧ នាក់ត្រូវបានគេរកឃើញថាមានទោសរួចហើយបន្ទាប់ពីជ្រើសរើសការកាត់ក្តីដ៏លឿន ហើយមនុស្ស ១៣១ នាក់ត្រូវបានរួចទោស។ ក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំជាសម្ព័ន្ធ គឺជាក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពល និងអ្នកមានទ្រព្យសម្បត្តិបំផុតមួយរបស់ពិភពលោក។ សារព័ត៌មាន Sky News រាយការណ៍ថា នេះគឺជាក្រុមម៉ាហ្វ្យា តែមួយគត់ដែលសកម្មនៅគ្រប់ទ្វីបទាំងអស់ ត្រូវគេនិយាយថាគ្រប់គ្រង ៨០ ភាគរយនៃពាណិជ្ជកម្មគ្រឿងញៀនកូកាអ៊ីនរបស់អឺរ៉ុប និងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រហែល ៥២ ពាន់លានផោន។ ការជំនុំជម្រះក្ដីនេះមានគោលបំណងធានាការផ្ដន្ទាទោស និងការកាត់ទោសដោយផ្អែកលើការចោទប្រកាន់ថា មានការឃុបឃិតគ្នាក្នុងចំណោមក្រុមឧក្រិដ្ឋកម្ម និងក្រុមអ្នកនយោបាយក្នុងស្រុក មន្ត្រីសាធារណៈនិងធុរកិច្ចជន ដើម្បីបង្ហាញថាតើក្រុមនេះមានឫសគល់ជ្រៅប៉ុណ្ណានៅក្នុងតំបន់ភ្នំកាឡាប្រីយ៉ា (Calabria)របស់ប្រទេសអ៊ីតាលី ។ ជនល្មើសបានប្រឈមទៅនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអាវុធ ក៏ដូចជាការចោទប្រកាន់ពីបទជំរិតទារប្រាក់ និងសមាគមម៉ាហ្វៀ ជាពាក្យដែលប្រើនៅក្នុងប្រទេសអ៊ីតាលី សម្រាប់សមាជិកនៃក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំជាសម្ព័ន្ធ៕

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់រយនាក់ បានទៅដល់ឥណ្ឌូណេស៊ី បន្ទាប់ពីឆ្លងកាត់សមុទ្រ

2023/11/20 02:53:00 pm        128
មន្ត្រីម្នាក់មកពីស្នងការជាន់ខ្ពស់របស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ក្នុងតំបន់បាននិយាយថា ជនភៀសខ្លួនម៉ូស្លីមរ៉ូហ៊ីងយ៉ា ជាង ៥០០នាក់ ដែលមានដើមកំណើតមកពីសហភាពមីយ៉ាន់ម៉ា បានចូលចតនៅច្រាំងសមុទ្រខេត្ត អាចចេ (Aceh) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ដែលនោះជារលកទីបួន នៃការមកដល់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងសប្តាហ៍នេះ។ លោកស្រី ម៉ុណាវ៉ារ៉ាទុល ម៉ាកយ៉ា (Munawaratul Makhya) មន្ត្រីរបស់ទីភ្នាក់ងារ UNHCR បានប្រាប់សារព័ត៌មានរ៉យទ័រថា ជនភៀសខ្លួនដែលបានមកដល់ផ្នែកផ្សេងៗនៃខេត្តនេះ រួមមានតំបន់ ប៊ីរ៉េអេន (Bireuen) តំបន់ ពីឌី (Pidie) និងតំបន់ អាចចេ ភាគខាងកើត (East Aceh) បានធ្វើឲ្យទីតាំងស្នាក់នៅនានាក្នុងស្រុកពោរពេញដោយមនុស្សយ៉ាងច្រើន។លោកស្រី ម៉ាកយ៉ា បាននិយាយថា ទីតាំងដែលពួកគេកំពុងស្នាក់នៅក្នុងតំបន់ ពីឌី គឺពោរពេញដោយអ្នកមកដល់ថ្មីៗ ហើយទីភ្នាក់ងារ UNHCR កំពុងរង់ចាំរដ្ឋាភិបាលផ្តល់ជម្រកបណ្ដោះអាសន្នធំជាងនេះដើម្បីឲ្យពួកគេស្នាក់នៅ។ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា រាប់រយនាក់បានទៅដល់ខេត្ត Aceh ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានធ្វើឱ្យចំនួនជនភៀសខ្លួនសរុបនៅទីនោះកើនឡើងដល់ជាងមួយពាន់នាក់ ដោយបន្តការធ្វើអន្តោប្រវេសន៍ដែលមានរយៈពេលជាច្រើនឆ្នាំ ដែលមើលឃើញជនជាតិរ៉ូហ៊ីងយ៉ា បានរត់គេចពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសបង់ក្លាដែស ភាគច្រើនកាន់សាសនាឥស្លាម ឬធ្វើដំណើរដោយទូកឈើដ៏ចាស់ទៅកាន់ប្រទេសម៉ាឡេស៊ី និង ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាប្រទេសថៃផងដែរ៕

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីននៅហ្កាហ្សា កើនឡើងលើស ១៣.០០០នាក់

2023/11/20 02:50:34 pm        126
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅតំបន់ហ្កាហ្សា បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងលើស ១៣.000 នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។លោក Ismail al-Thawabta អគ្គនាយកនៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់មានកុមារចំនួន ៥.៥០០នាក់ និងស្ត្រីចំនួន ៣.៥០០នាក់ ខណៈដែលមនុស្សជាង ៣០.000 នាក់ផ្សេងទៀត បានរងរបួសផ្សេងៗគ្នា។លោក Al-Thawabta បាននិយាយថា ចំនួនអ្នកបាត់ខ្លួន បានកើនលើស ៦.០០០នាក់ ក្នុងនោះមានកុមារ និងស្ត្រីចំនួន ៤.000 នាក់ នៅតែស្ថិតនៅក្រោមគំនរបាក់បែកនៃអគារ ដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល។អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយប្រហារលើតំបន់ហ្កាហ្សាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដើម្បីសងសឹកនឹងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ក្នុងអំឡុងពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់មនុស្សប្រហែល១.២០០ នាក់ និងចាប់ចំណាប់ថ្នូរជាង ២០០នាក់។

រថភ្លើងបុករថយន្តក្រុងខ្នាតតូចនៅខេត្តជ្វាខាងកើត បណ្តាលឲ្យមនុស្ស១១នាក់ស្លាប់

2023/11/20 02:47:30 pm        159
ក្រុមអ្នកសង្គ្រោះនិយាយថា រថភ្លើង បានបុកជាមួយរថយន្តក្រុងខ្នាតតូចមួយគ្រឿង នៅទីក្រុង Lumajang ខេត្តជ្វាខាងកើតរបស់ប្រទេសឥណ្ឌានេស៊ី កាលពីល្ងាចថ្ងៃអាទិត្យបណ្តាលឲ្យមនុស្ស១១នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។លោក Muhammad Hariyadi ប្រធានាការិយាល័យសង្រ្គោះនិងស្វែងរកប្រចាំខេត្តបាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលរថយន្តក្រុងខ្នាតតូចមួយគ្រឿង បានបើកកាត់ផ្លូវរថភ្លើងដែលកំពុងមកដល់ដោយគ្មានរនាំងសម្រាប់រថភ្លើងឆ្លងកាត់នៅក្នុងភូមិ Ranupakis ម៉ោង៧:៥៣នាទីល្ងាច ម៉ោងក្នុងតំបន់ ដោយរថភ្លើងបានមកបុករថយន្តក្រុងខ្នាតតូចភ្លាមៗ។ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា រថភ្លើងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងកំពង់ផែ Surabaya នៅពេលនោះបានបុកជាមួយរថយន្តក្រុងខ្នាតតូចដឹកអ្នកដំណើររាប់សិបនាក់ នៅចំណុចឆ្លងកាត់។មនុស្ស១០នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ស្លាប់នៅមជ្ឈមណ្ឌលសុខភាពសហគមន៍ បន្ទាប់ពីបញ្ជូនទៅព្យាបាល។ មនុស្ស៤នាក់រួមមានកុមារម្នាក់ កំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យក្នុងតំបន់ ហើយនៅពុំទាន់ច្បាស់នោះទេថាតើពួកគេមានជាប់ពាក់ព័ន្ធក្នុងករណីនេះ។ យោងតាមនគរបាលតំបន់ បាននិយាយថា ការស៊ើបអង្កេតមួយ ត្រូវបានធ្វើឡើងនៅកន្លែងកើតហេតុ។

មនុស្សជាង ១៤.៤០០នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះរវាងប៉ាឡេស្ទីន- អ៊ីស្រាអែលដែលនៅតែបន្ត

2023/11/20 02:36:40 pm        113
យោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយភាគីទាំងសងខាងបាននិយាយថា ចំនួនអ្នកស្លាប់ដោយជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលនៅតែបន្តបានកើនឡើងលើសពី ១៤.៤០០នាក់ ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្កាហ្សា បានប្រកាសកាលពីថ្ងៃទី ១៩ ខែវិច្ឆិកាថា ចំនួនអ្នកស្លាប់នៅខាងភាគីប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានកើនឡើងលើសពី ១៣.០០០នាក់ ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។លោក Ismail al-Thawabta អគ្គនាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់មានកុមារ ៥.៥០០នាក់ និងស្ត្រីចំនួន ៣.៥០០នាក់ ខណៈ ជាង ៣០.០០០នាក់ ផ្សេងទៀតបានរងរបួសក្នុងស្ថានភាពផ្សេងៗគ្នា។ លោកនិយាយថា មានមនុស្សជាង ៦.០០០នាក់ បានបាត់ខ្លួន ក្នុងនោះមានកុមារ និងស្ត្រីចំនួន ៤.០០០នាក់ នៅតែស្ថិតនៅក្រោមកម្ទេចកម្ទីបាក់បែកនៃអគារដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល។ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថា ជម្លោះនៅបន្តនេះបានសម្លាប់មនុស្ស ២១៥នាក់ និងរបួសជាង ២.៨០០នាក់ នៅតំបន់ West Bank។ នៅថ្ងៃដដែលនេះដែរ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ពីការស្លាប់របស់ទាហាន ៥៧នាក់ និងរងរបួសជាច្រើននាក់ ចាប់តាំងពីខ្លួនចាប់ផ្តើមប្រតិបត្តិការតាមដីគោកនៅតំបន់ហ្កាហ្សា។ ផ្អែកលើទិន្នន័យកាលពីពេលមុនរបស់អ៊ីស្រាអែល វាត្រូវបានគេប៉ាន់ប្រមាណថា ពលរដ្ឋអ៊ីស្រាអែលប្រហែល ១.២០០នាក់ បានបាត់បង់ជីវិតនៅក្នុងជម្លោះនេះ។ យោងតាមសារព័ត៌មាន The Times of Israel នាយសេនាធិការការពារជាតិអ៊ីស្រាអែល ឧត្តមសេនីយ៍ឯក Herzi Halevi បានអនុម័តផែនការដើម្បីបន្តការវាយលុកតាមដីគោកនៅតំបន់ហ្កាហ្សា ហើយកងទ័ពអ៊ីស្រាអែល ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅភាគខាងត្បូងតំបន់ហ្កាហ្សាផងដែរ។

អ៊ុយក្រែននិយាយថា កងទ័ពរបស់ខ្លួនបានវាយរុញច្រានរុស្ស៊ី នៅច្រាំងខាងកើតទន្លេ Dnipro

2023/11/20 02:33:27 pm        109
យោធាអ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយរុញច្រានកងទ័ពរុស្ស៊ីនៅច្រាំងភាគខាងកើតទន្លេ Dnipro ភាគខាងត្បូងតំបន់ Kherson។ ច្រាំងខាងកើតទន្លេ Dnipro គឺជាសមរភូមិមុខមួយ ក្នុងចំណោមសមរភូមិចំនួនបី ដែលការប្រយុទ្ធគ្នាតាមដីគោកខ្លាំងក្លា ត្រូវបានគេជឿថានឹងបន្តរវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី។ តំបន់ពីរផ្សេងទៀតគឺតំបន់ Kupiansk នៅភាគខាងកើតទីក្រុង Kharkiv និងតំបន់ Avdiivka នៅ Donetsk ។ទន្ទឹមនឹងនេះ អភិបាលក្រុង Kherson បាននិយាយនៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យោធារុស្ស៊ី បានដាក់គោលដៅទៅលើលំនៅឋានពលរដ្ឋនៅក្នុងតំបន់នេះ។ អភិបាលក្រុង បាននិយាយថា ពលរដ្ឋ៥នាក់ រួមទាំងកុមារអាយុ ៣ ឆ្នាំម្នាក់ បានរងរបួសនៅក្នុងការវាយប្រហារ។នៅក្នុងការវិវឌ្ឍន៍ដែលពាក់ព័ន្ធ ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ី ទំនងជាកំពុងពិចារណានាំយកយន្តហោះឈ្លបយកការណ៍សម័យសូវៀត ចូលមកប្រើប្រាស់វិញ។ តាមសេចក្តីរាយការណ៍ យន្តហោះនេះអាចហោះឡើងដល់រយៈកម្ពស់ជាង ២០.០០០ម៉ែត្រ។ក្រសួងនិយាយថា យន្តហោះនេះត្រូវបានគេប្រើប្រាស់កាលពីពេលថ្មីៗនេះ ជាវេទិកាក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រផែនដី។ ប៉ុន្តែវាត្រូវបានគេសង្កេតឃើញមានផ្ទុកនូវឧបករណ៍ឈ្លបយកការណ៍យោធា។ ក្រសួងនិយាយថា ខណៈយោធារុស្ស៊ី ពុំបានបង្កើតការស៊ើបការណ៍សម្ងាត់ ការតាមដាន លទ្ធភាពទទួលបានគោលដៅ និងសមត្ថភាពឈ្លបយកការណ៍ ប្រទេសនេះកំពុងព្យាយាមពង្រឹងសមត្ថភាពបែបនេះដោយប្រើប្រាស់យន្តហោះឈ្លបយកការណ៍។

អ៊ីស្រាអែល បដិសេធការធ្វើទារុណកម្មលើយុទ្ធជនហាម៉ាស ដែលមានស្នាមជាំ និងប្រឡាក់ឈាម

2023/11/20 02:30:23 pm        174
ទីភ្នាក់ងារ Shin Bet ដែលជាទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល បដិសេធការធ្វើទារុណកម្មលើជនសង្ស័យក្រុមហាម៉ាស ខណៈដែលពួកគេធ្វើកម្មវិធីសួរចម្លើយដ៏តឹងតែងបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការសាធារណៈប្រឆាំងនឹងការធ្វើទារុណកម្មក្នុងប្រទេសអ៊ីស្រាអែល បានចោទប្រកាន់ថា អ៊ីស្រាអែលប្រើយុទ្ធសាស្ត្រដូចជា ការធ្វើមិនឲ្យដេកលក់ ការឲ្យឈរដោយប្រើទម្ងន់ជើង និងសីតុណ្ហភាពក្តៅខ្លាំង ដើម្បីទទួលបានព័ត៌មានពីជនសង្ស័យ។ទីភ្នាក់ងារនេះ កំពុងសួរចម្លើយជនសង្ស័យក្រុមហាម៉ាសដែលចាប់បាន ក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ ខែតុលា ដើម្បីដកស្រង់ចម្លើយសារភាព ទទួលបានព័ត៌មានសម្រាប់ពេលអនាគត និងផលិតវីដេអូសម្រាប់អ៊ីស្រាអែល ដើម្បីផ្សព្វផ្សាយទៅកាន់លោកខាងលិច។ លោក Shalom Ben Hanan មន្ត្រីចារកម្មចូលនិវត្តន៍ដែលបានត្រឡប់មកធ្វើការវិញ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ហើយបានឃើញការសួរចម្លើយនោះ បាននិយាយថា ការយកចិត្តទុកដាក់លើប្រព័ន្ធផ្សព្វផ្សាយ និង វីដេអូ គឺជាគោលដៅសំខាន់ណាស់ ក្នុងការសួរចម្លើយដ៏ជាក់លាក់នេះ។នៅពេលដែលសារព័ត៌មាន NBC បានសួរថាតើជនសង្ស័យហាម៉ាស ដែលត្រូវបានគេឃើញនៅក្នុងវីដេអូដែលមាន«ស្នាមជាំនៅលើមុខ និងស្នាមនៅលើកដៃរបស់ពួកគេ ត្រូវបានគេធ្វើទារុណកម្មទេ លោកHanan បានបញ្ជាក់ថា មិនមាន«ការធ្វើទារុណកម្ម នៅក្នុងការសួរចម្លើយរបស់ទីភ្នាក់ងារ Shin Bet ប៉ុន្តែបានបន្ថែមថា៖«ពួកគេត្រូវបានចាប់ខ្លួននៅក្នុងការប្រយុទ្ធគ្នា។ វាមិនមែនជាការចាប់ខ្លួនតាមសម្រួលទេ។

មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន ក្នុងសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន

2023/11/20 02:07:44 pm        180
មនុស្សរាប់ពាន់នាក់កាលពីថ្ងៃអាទិត្យ ទី ១៩ ខែវិច្ឆិកា បានធ្វើបាតុកម្មគាំទ្រពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និងថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល អំឡុងពេលការប្រមូលផ្តុំគ្នានៅទីក្រុង Lahore ជាទីក្រុងធំបំផុតទីពីររបស់ប្រទេសប៉ាគីស្ថាន។ ដោយក្រវីទង់ជាតិប៉ាឡេស្ទីន និងស្រែកពាក្យថា «មិត្តណាក៏ដោយរបស់អាមេរិកគឺជាជនក្បត់» ពួកគេបានស្តាប់សុន្ទរកថា របស់សមាជិកនៃគណបក្សអ៊ីស្លាមដ៏ធំមួយរបស់ប្រទេសគឺគណបក្ស Jamaat-e-Islami (JI) ដែលបានរិះគន់អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) ផងដែរ សម្រាប់ការធ្វើពុំបានគ្រប់គ្រាន់ក្នុងការការពារពលរដ្ឋប៉ាឡេស្ទីនមូស្លីម ប្រឆាំងការវាយលុករបស់អ៊ីស្រាអែល។ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីសប្តាហ៍មុនបានរៀបចំកិច្ចប្រជុំកំពូលមួយស្តីពីតំបន់ហ្កាហ្សា។ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ព្រះរាជាណាចក្រមួយនេះ បានរៀបចំផែនការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំវិសាមញ្ញចំនួនពីរ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម និងសម្ព័ន្ធអារ៉ាប់ ក្នុងរយៈពេលពីរថ្ងៃ ប៉ុន្តែបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូលរួមគ្នា ដោយសារតែស្ថានភាពតំបន់ហ្កាហ្សា កាន់តែប្រែប្រួលខ្លាំង។ ក្នុងអំឡុងកិច្ចប្រជុំ ប្រទេសអារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសមូស្លីមផ្សេងទៀត បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា ដោយបដិសេធការបញ្ជាក់របស់អ៊ីស្រាអែលចំពោះសកម្មភាពរបស់ខ្លួនទៅលើប៉ាឡេស្ទីនថាជាការការពារខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយ បានឱ្យដឹងថា កិច្ចប្រជុំកំពូលអ៊ីស្លាម-អារ៉ាប់រួមគ្នាវិសាមញ្ញ នៅទីក្រុងរីយ៉ាដ បានជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអ៊ីស្រាអែលកំពុងប្រព្រឹត្ត នៅលើដែនដីប៉ាឡេស្ទីន។ នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo ដែលជាប្រទេសមានប្រជាជនមូស្លីមច្រើនបំផុតនៅលើពិភពលោក បាននិយាយថា មធ្យោបាយមួយត្រូវតែរកឲ្យឃើញ ដើម្បីធ្វើឱ្យអ៊ីស្រាអែលបញ្ឈប់ការបាញ់ផ្លោងភ្លាមៗ មុនពេលលោកនិយាយបន្ថែមថា តុលាការព្រហ្មទណ្ឌអន្តរជាតិ OIC ត្រូវតែប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីឲ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះអំពើឃោរឃៅមនុស្សធម៌ដែលប្រទេសនេះបានប្ដេជ្ញាចិត្ត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខ
04/24/2026 08:04 PM
មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់
04/24/2026 08:04 PM
សមាជិកសភាហេសបូឡា៖ បទឈប់បាញ់ «គ្មានន័យ» ទេ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល
04/24/2026 08:04 PM
កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីរបស់ UN ស្លាប់ដោយសាររបួស អំឡុងការផ្ទុះ នៅលីបង់
04/24/2026 07:04 PM
ទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់របស់លោក Trumpថា នាវាអ៊ីរ៉ង់ស្ទាក់ចាប់បានមានអំណោយពីចិន
04/24/2026 07:04 PM
អាល្លឺម៉ង់ និងអ៊ីតាលី សង្កត់ធ្ងន់លើការរួបរួម ក្នុងចំណោមសមាជិករបស់អង្គការណាតូ
04/24/2026 07:04 PM
លោក Putinនិយាយថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួននៅតំបន់អាក់ទិក
04/24/2026 07:04 PM
ក្តីបារម្ភ និងភាពមិនច្បាស់លាស់កើតមាននៅអ៊ីរ៉ាក់ ខណៈអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ដុល្លារ
04/24/2026 07:04 PM
គណៈកម្មការស៊ើបអង្កេតតង់ហ្សានី៖ មនុស្សជាង ៥០០នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សាបោះឆ្នោតឆ្នាំមុន
04/24/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ត្រូវបានរំពឹងថា នឹងទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ មុនកិច្ចចរចាអាមេរិក-អ៊ីរ៉ង់
04/24/2026 07:04 PM