ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ

2026/09/08 08:12:30 pm        223
កំពត៖ លោកស្នងការនគរបាលខេត្តកំពតកំពុងដំណើរការតាមដានចំពោះអធិការ និងអធិការរងទទួលបន្ទុកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកឈូកពាក់ពន្ធ័ភាពមិនប្រក្រតីក្នុងការរាយការណ៍អំពីករណីគ្រោះថ្នាក់ចរាចរមួយដែលបានបណ្តាលឲ្យមនុស្សបាត់បង់ជីវិតនោះ។ ប្រសិនបើរកឃើញមានកំហុស ស្នងការដ្ឋាននគរបាលខេត្តកំពតនឹងអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិដោយគ្មានការលើកលែងឡើយ។ សូមរម្លឹកថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត និងម៉ូតូក្នុងទឹកដីស្រុកឈូកបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត។ ជាមួយហេតុការណ៍នោះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រថយន្តយកទៅសួរនាំនៅអធិការដ្ឋានស្រុកឈូក។ ក្រោយមកសមត្ថកិច្ចបានដោះលែងជនសង្ស័យដោយធ្វើរបាយការណ៍បញ្ជូនទៅស្នងការដ្ឋានខេត្តកំពតមានខ្លឹមសារថា ឆ្លងតាមការវាស់វែងរបស់ជំនាញគឺអ្នកបើកបរម៉ូតូមានពិសាគ្រឿងស្រវឹង ហើយបានបើកម៉ូតូចូលចំណែកផ្លូវរថយន្តដែលមានទិសដៅផ្ទុយគ្នា។ អធិការដ្ឋានបានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញារអមសាលាដំបូង ហើយក៏អនុញ្ញាតឲ្យអ្នកបើករថយន្តត្រឡប់ទៅលំនៅស្ថានសិន។ ក្រោយករណីនេះកើតឡើង ឪពុកសពដែលជាអតីតមន្ត្រីនគរបាលចរាចរណ៍បានអះអាងថាជារឿងអយុត្តិធម៌ព្រោះរថយន្តបានជ្រុលចូលមកបុកនៅផ្នែកផ្លូវរបស់ម៉ូតូ។ តាមរយ:សំណូមពររបស់សាច់ញាតិសពទាំង២ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាឲ្យកម្លាំងជំនាញនៃស្នងការដ្ឋានចុះសហការជាមួយសមត្ថកិច្ចនគរបាលស្រុកឈូកដើម្បីដំណើរការវាស់វែង និងធ្វើកំណត់ហេតុឡើងវិញ។ ផ្អែកតាមលទ្ធផល ស្នងការដ្ឋាននគរបាលខេត្តកំពតបានចេញសេចក្តីប្រកាសមានខ្លឹមសារថា យោងតាមកំណត់ហេតុស្រាវជ្រាវ និងវាស់វែងនៅកន្លែងកើតហេតុរបស់ក្រុមការងារដែលបានចុះស្រាវជ្រាវឃើញថា គ្រោះថ្នាក់ចរាចរនៅស្រុកឈូកនោះពិតជាបានបង្កឡើងដោយរថយន្តព្រូសប្រាកដមែន ដោយរថយន្តបើកចូលគំនូសផ្លូវរបស់ម៉ូតូ២តឹកកន្លះ។ គ្រាកើតហេតុ ភាគីខាងម៉ូតូគឺមានស្រាបៀរមួយចំនួនជាប់តាមខ្លួន។ ពេលនេះ សមត្ថកិច្ចបាននាំខ្លួនអ្នកបើករថយន្តបង្កមកកាន់ស្នងការដ្ឋានដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាការ។ ចំពោះលោកអធិការស្រុកឈូក និងអធិការរងទទួលការងារចរាចរណ៍ក៏នឹងត្រូវស្រាវជ្រាវបន្ថែមពាក់ពន្ធ័ភាពមិនប្រក្រតីដោយខ្ជីខ្ជាក្នុងការរាយការណ៍ដែលមិនយកចិត្តទុកដាក់ចំពោះករណីគ្រោះថ្នាក់នោះ។ ប្រសិនបើរកឃើញមានកំហុស នោះស្នងការដ្ឋាននគរបាលខេត្តកំពតនឹងអនុវត្តវិន័យ ៨៧៣ របស់កងកម្លាំងនគរបាលជាតិដោយគ្មានការលើកលែងជាដាច់ខាត៕

រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)

2026/09/08 04:24:21 pm        438
ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) សហការជាមួយអង្គភាពឬស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការបោសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាជាង ៦០០ ទីតាំងនៅទូទាំងប្រទេស ក្នុងនោះចំពោះវិស័យល្បែងពាណិជ្ជកម្ម, លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានបន្តសហការយ៉ាងស្អិតល្មួតជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅក្នុងការតាមដានទីតាំងកាស៊ីណូដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ឯកឧត្ដមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានគូសបញ្ជាក់ថា «គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦, កាស៊ីណូដែលមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ១៨ កាស៊ីណូ ត្រូវបានកំណត់មុខសញ្ញា និងដកហូតអាជ្ញាបណ្ណ ចំណែកឯ ៩ កាស៊ីណូផ្សេងទៀត ត្រូវបានព្យួរអាជ្ញាបណ្ណ និងស្ថិតក្នុងការស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកនិងប្រមូលភស្តុតាងដាក់បន្ទុកឱ្យពេញលេញ មុននឹងឈានដល់ការសម្រេចដកហូតអាជ្ញាបណ្ណ»។ កាស៊ីណូដែលត្រូវបានដកហូតអាជ្ញា-បណ្ណចំនួន ១៨ នោះ រួមមាន (១) ខេអឹមអេច ផារាដាយ ថៅវឺ កាស៊ីណូ និងសណ្ឋាគារ, (២) កាស៊ីណូ អ៊ីហ្គល ឃីង, (៣) អរឆីដ អូតែល និងរិច កាស៊ីណូ, (៤) សៀងហៃ រីហ្សត, (៥) ហ្គោលដិនហ្កាឡាក់ស៊ី កាស៊ីណូ, (៦) កាស៊ីណូ ឡឺ ហ្សឹង, (៧) កាស៊ីណូ ហ្គោលដេន ហ្វ័រឈូន រីហ្សត វើលដ៍, (៨) កាស៊ីណូ ខ្ញុំ, (៩) ជីន ប៉ី គ្រុប, (១០) ជីន ប៉ី, (១១) កាស៊ីណូ ហ្សុងហ័រវ៉ី ហ្គោលឌិន សេន អ៊ីនធើនេស៊ិនណល អេនធើធេនម៉ិន, (១២) ជី.ស៊ី កាស៊ីណូ, (១៣) ដា ជីន កាង កាស៊ីណូ & ហូថេល, (១៤) ហ្គាន់ ដាវ, (១៥) កាស៊ីណូ យីង ហ័ង, (១៦) កាស៊ីណូ ជីន​ ប៉ី បួន, (១៧) កាស៊ីណូ ស៊ីន ហៅភីក, និង (១៨) កាស៊ីណូ ជីន យូ មេន តាំង។គួរបញ្ជាក់ផងដែរថា ចំពោះទីតាំងដែលត្រូវបានដកហូត និង ព្យួរអាជ្ញាបណ្ណទាំងអស់, លេខាធិ-ការដ្ឋាន នៃ គ.ប.ឆ.ប. បន្តសហការយ៉ាងពេញទំហឹងជាមួយ គ.ល.ក., មន្ត្រីនគរបាលយុត្តិធម៌, ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត, សាលាដំបូងខេត្ត, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត លើចំណាត់ការឃាត់ទុក បង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់ម្ចាស់ទីតាំង និង/ឬ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនកាស៊ីណូទាំងអស់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។បន្ថែមពីនេះ លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បន្ដបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការនានា និងសំណូមពរសាធារណជនគ្រប់មជ្ឈដ្ឋាន ជាពិសេសស្ថាប័នអន្តរជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងករណីទទួលបានព័ត៌មានសង្ស័យពាក់ព័ន្ធនឹងទីតាំងណាមួយ ជាពិសេសទីតាំងកាស៊ីណូ ដែល​បានលបលួចប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. នឹងសហការជាមួយ គ.ល.ក. និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតស្វែងរកនិងប្រមូលភស្តុតាងឱ្យបានពេញលេញ ឈានដល់ការចុះបង្ក្រាប និងដក-ហូតអាជ្ញាបណ្ណកាស៊ីណូ ព្រមទាំងចាត់វិធានការលើការឃាត់ទុក បង្កក និងរឹបអូសទ្រព្យសម្បត្តិ របស់ម្ចាស់ទីតាំង និង/ឬ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនកាស៊ីណូទាំងអស់ ស្របតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាធរមាន។

រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ

2026/09/05 02:30:42 pm        464
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន​ធ្វើការ​បណ្តេញ​ជន​បរទេស​ចេញ​ពី​កម្ពុជា​មាន​ចំនួន​ជិត ​៣ម៉ឺននាក់​ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ​ទៀត។ ហើយជិតបរទេសជិត ២ពាន់​នាក់​កំពុង​ស្នាក់​នៅ​កន្លែង​មណ្ឌល​ត្រៀម​បណ្តេញចេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អ្នកនាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ថ្លែង​ប្រាប់ ​BTV ថា ជនបរទេសដែលកំពុងស្នាក់នៅកន្លែងមណ្ឌលត្រៀមបណ្តេញចេញសរុបចំនួន ១៩០៩​នាក់ ស្រីចំនួន ១៦០នាក់ មាន៣៦សញ្ជាតិ ក្នុងនោះពាក់​ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ​(Online Scams) មានចំនួនសរុប ៦៧១នាក់ ក្នុងនោះស្រីមាន ១១៥នាក់ មាន​១៥​សញ្ជាតិ​។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា “គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដល់​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ធ្វើ​ការ​បណ្តេញ​ចេញ​ជន​បរទេស​ចេញ​ពី​ព្រះរាជាណាចក្រកម្ពុជាសរុបចំនួន ២៨១៥៧នាក់ ក្នុងនោះមានស្រីចំនួន ៣៤៦០​នាក់​ មាន៧៨សញ្ជាតិ”។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា អនុវត្ត​តាម​គោល​ការណ៍​របស់​រាជ​រដ្ឋាភិបាល ​ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺខិតខំប្រឹង​ប្រែង​ដើម្បី​សម្អាត​ផ្នែក​មួយ​នៃ​ការ​ងារ​ជន​បរទេសដែល​ល្មើសច្បាប់ ពោល​គឺ​មិន​ថា​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ​​(Online Scams) ការងារឆ្លងដែនខុសច្បាប់ ស្នាក់នៅខុសច្បាប់ គឺ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​ការងារ​នេះ។​ ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធ​ការ​លួច​ស្នាក់​នៅ​ធ្វើ​ការ​ងារ​ខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុង​ព្រះរាជាណាចក្រកម្ពុជា។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ប្រតិបត្តិការ​បណ្ដេញ​ចេញ​ជន​ជាតិ​បរទេស​ខុស​ច្បាប់​ចេញ​ពី​កម្ពុជា គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការ​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លង​មក​សម្តេច​ធិបតី​ធ្លាប់​បាន​បញ្ជាក់​ជំហរ​យ៉ាងច្បាស់ៗថា «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬ​ជន​ខុស​ច្បាប់​ប្រើ​ប្រាស់​ទឹក​ដី​កម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និង​ពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និង​បណ្ដេញ​ចេញ​​ដោយ​គ្មាន​ការ​លើក​លែង​ ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»៕ អត្ថបទ៖ វង្ស សុភាព

គយឃាត់ខ្លួនបុរសម៉ាឡេស៊ីម្នាក់រកឃើញហេរ៉ូអ៊ីន ៨១ កញ្ចប់ ពេលត្រៀមចាកចេញពីកម្ពុជាទៅកោះតៃវ៉ាន់

2026/09/03 04:45:05 pm        299
នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករ បានធ្វើការត្រួតពិនិត្យអ្នកដំណើរភេទប្រុសម្នាក់ សញ្ជាតិម៉ាឡេស៊ី ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកោះតៃវ៉ាន់។ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីគយនិងរដ្ឋាករបានរកឃើញកញ្ចប់សារធាតុសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៨១ កញ្ចប់តូច មានទម្ងន់សុទ្ធសរុប ៥៧០ ក្រាម ដែលត្រូវបានលាក់ទុកក្នុងសម្ភារៈរបស់អ្នកដំណើររូបនេះ។បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយ មន្ត្រីគយនិងរដ្ឋាករបានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារៈពាក់ព័ន្ធជូនអង្គភាពនគរបាលជំនាញប្រឆាំងគ្រឿងញៀនមានសមត្ថកិច្ច ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បំបែកសំណុំរឿងលួចទូរស័ព្ទជាង ២០០គ្រឿង និងអ្នកទទួល​ផលចោរកម្ម

2026/09/02 04:19:27 pm        380
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបំបែកសំណុំរឿងករណីលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម ដោយឃាត់ខ្លួនជនសង្ស័យបាន ៦នាក់និង ចាប់យកវត្ថុតាងទូរស័ព្ទជាច្រើនគ្រឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោយធ្វើសកម្មភាពលួចទូរសព្ទពីហាងជនរងគ្រោះនៅក្នុងភូមិសាស្ត្រស្រុកថ្ពង។ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងស្វាយរៀង និងឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ៦នាក់ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម។ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺឱ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ រស់នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១:៣០នាទី យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះបានប្រទះឃើញចោរម្នាក់កំពុងធ្វើសកម្មភាពលួចទូរសព្ទនៅខាងក្នុងហាងរបស់ខ្លួន ហើយបានយកទូរសព្ទរត់គេចខ្លួន ដែលជនរងគ្រោះបានត្រួតពិនិត្យមើលក្នុងទូរដាក់ទូរសព្ទ គឺបាត់ទូរសព្ទសរុបចំនួន ២១០គ្រឿង។ ក្រោយពីបានទទួលបណ្តឹងរបស់ជនរងគ្រោះភ្លាម ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់។ មានឈ្មោះ កែម សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ទូរសព្ទ និងឈ្មោះ ឈុន ម៉ុនដេ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ទូរសព្ទ ព្រមទាំងចាប់យកវត្ថុតាងរួមមានទូរសព្ទចំនួន ៣៣គ្រឿង ក្នុងនោះទូរសព្ទចំនួន៣០គ្រឿង ជារបស់ជនរងគ្រោះ ស្ថិតនៅចំណុចភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ។ ក្រោមវិធានជំនាញរបស់អាវុធហត្ថខេត្តកំពង់ស្ពឺ បាន បន្តសហការ កម្លាំង អាវុធហត្ថ រាជធានី ភ្នំពេញ បន្តឆែកឆេរ២ទីតាំង និងឃាត់ខ្លួន ជនសង្ស័យ បាន២នាក់ទៀត នៅចំណុចហាងលក់ទូរស័ព្ទដៃយីហោ គឹម ហាក់ ស្ថិតនៅផ្លូវ៥៩៩ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជនសង្ស័យ មានឈ្មោះ ជា គឹមហាក់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូរសព្ទ មានទីលំនៅផ្លូវ៥៩៩ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងឈ្មោះ គឹម ថេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទ ទីលំនៅផ្ទះលេខ៣០ ផ្លូវលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ លុះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំង ជំនាញ អាវុធហត្ថ បាន បន្ត សហការ ឃាត់ខ្លួន ជនសង្ស័យ បានម្នាក់ទៀតឈ្មោះ ទត ថា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅនៅផ្ទះ២៣១ ផ្លូវចុងកោះចិន ស្រុកពញាឮ ខេត្តកណ្តាល និងបានបន្តសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួន ជនសង្ស័យបាន១នាក់ទៀត មានឈ្មោះ ញឹម សារី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជាលទ្ធផលក្នុងរង្វង់ប្រតិបត្តិការនេះ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានចូលរួមការសហការយ៉ាងរលូនប្រកបដោយប្រសិទ្ធិភាពពីអាជ្ញាធរមានសមត្ថកិច្ចតាមបណ្តាខេត្តក្រុងពាក់ព័ន្ធ ធ្វើការ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ និងចាប់យកវត្ថុតាងបានរួមមានទូរស័ព្ទ សរុបចំនួន១៩៨គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

[UPDATE] ភ្លើងឆេះលំនៅឋានពលរដ្ឋនៅខណ្ឌជ្រោយចង្វាររលត់ហើយ

2026/09/01 07:34:23 pm        783
ភ្នំពេញ ៖ ករណីអណ្តាតភ្លើងឆាបឆេះលំនៅឋានប្រជាពលរដ្ឋ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចជំនាញអគ្គីភ័យជួយអន្តរាគមន៍បាញ់ទឹករលត់អស់ហើយ ។ហេតុការណ៍ភ្ញាក់ផ្អើលករណីគ្រោះអគ្គីភ័យកើតឡើងនាព្រលប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ភ្លាមៗ ។ ចំពោះមូលហេតុដែលនាំឲ្យកើតមានគ្រោះអគ្គីភ័យ និង ការខូចខាតសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវត្រួតពិនិត្យជាក់ស្តែង ។ ជាមួយគ្នានេះនគរបាលជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះករណីអគ្គិភ័យ ដែលងាយបង្កកើតមានឡើងខ្លាំងណាស់ ៕អត្ថបទ ៖ តារាវុទ្ធី

ឧត្តមសេនីយ៍ឯកជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវបន្ទាន់ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនឆ្លៀតឱកាសលួចយកម៉ូតូ

2026/09/01 06:02:14 pm        1091
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្រាវជ្រាវបន្ទាន់ ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនឆ្លៀតឱកាសបន្លំលួចម៉ូតូ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅលើបណ្តោយមហាវិថីព្រះនរោត្តម ជាប់សាលាបឋមសិក្សាសិក្សាព្រះនរោត្តម ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយយុវតីរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនបន្លំជូនទៅមន្ទីរពេទ្យ រួចក៏បន្លំលួចយកម៉ូតូជនរងគ្រោះទៅបាត់ ។ ឧត្តមសេនីយ៍ឯកស្នងការ បានដាក់បញ្ជាបន្ទាន់មួយ ឲ្យកម្លាំងសមត្ថកិច្ចជំនាញផែននគរបាលព្រហ្មទណ្ឌ និងផែនការងារចរាចរណ៍ សហការជាមួយអធិការនគរបាលខណ្ឌដូនពេញ បើកការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលបន្លំលួចយកម៉ូតូ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ឲ្យខាងតែបាន ។ កំឡុងការដាក់បញ្ជា ឯកឧត្តមស្នងការ ក៏បានសង្កត់ធ្ងន់ និងណែនាំដល់អធិការខណ្ឌទាំង១៤ ត្រូវម្ចាស់ការគ្រប់គ្រង និងស្ថានដានសភាពការសន្តិសុខ សុវត្ថិភាពឲ្យបានជាប់លាប់ក្នុងមូលដ្ឋានខ្លួន ពិសេសហេតុការណ៍ដែលបានកើតឡើងហើយ ត្រូវរកយុត្តិធម៌ត្រឹមត្រូវជូនជនរងគ្រោះឲ្យខាងតែម្តង ប្រកបដោយការទទួលខុសត្រូវ ក្នុងដែនសមត្ថកិច្ច និងដែនដីរបស់ខ្លួន ៕ លីហេង

រដ្ឋបាលខេត្តកោះកុងបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនមនុស្ស ជាង៣០នាក់ ពាក់ព័ន្ធនឹង Online Scam

2026/08/31 05:49:11 pm        300
តាមរបាយការណ៍ដែលលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ទទួលបានពីសមត្ថកិច្ចជំនាញរដ្ឋបាលខេត្តកោះកុង​ សមត្ថកិច្ចស្រុកគិរីសាគរ ចុះប្រតិបត្តិការលើទីតាំងសង្ស័យមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣៤ នាក់ ក្នុងនោះរួមមាន ជនជាតិចិន ៣៣ នាក់ (ស្ត្រីជនជាតិចិន ០៣ នាក់ និងស្ត្រីជនជាតិខ្មែរ ០១ នាក់)។ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង និងសម្ភារប្រព្រឹត្តបទល្មើសជាច្រើនរួមមាន ទូរស័ព្ទដៃចំនួន ៧៤៦ គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ៣៣ គ្រឿង, កុំព្យូទ័រលើតុ/All-in-One ៣៤ គ្រឿង, CPU ០២ គ្រឿង, និងអេក្រង់ (Monitor) ០២ គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់បន្ត។ដោយឡែក នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចនាំចូលសម្ភារគេចពន្ធមួយកន្លែង ស្ថិតនៅផ្ទះលេខ ១២៨G១០ មហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់។ ប្រតិបត្តិការនេះ អាជ្ញាធរដកហូតបានវត្ថុតាងសង្ស័យរួមមាន ទូរស័ព្ទដៃប្រមាណ ៣,០០០ គ្រឿង (ច្រកក្នុងកេះចំនួន ៤២ កេះ) កុំព្យូទ័រ All-in-One ចំនួន ២១១ គ្រឿង កុំព្យូទ័រយួរដៃ ១៦ គ្រឿង CPU ១៦ គ្រឿង និងម៉ូនីទ័រ ០៩ គ្រឿង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។ទាំងនេះបានស្តែងឱ្យឃើញថា សកម្មភាពឆបោកតាមប្រព័ន្ធបច្ចកវិទ្យាបានវិវត្តទៅជាតូចៗ និងរាយប៉ាយតាមទីតាំងផ្សេងៗគ្នា ដូចជាតាមផ្ទះល្វែង បន្ទប់ជួល ឬហាងទំនិញជាដើម ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋបង្កើនកិច្ចសហការ និងការរាយការណ៍ព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីលុបបំបាត់បទល្មើសទាំងនេះឱ្យអស់ចេញពីកម្ពុជា។ស្របពេលជាមួយគ្នានេះដែរ លេខាធិការដ្ឋានគ.ប.ឆ.ប.អំពាវនាវជាថ្មីឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងការផ្តល់ព័ត៌មានអំពីទីតាំងសង្ស័យពាក់ព័ន្ធការឆបោកអនឡាញ ដើម្បីសមត្ថកិច្ចចាត់វិធានការឆ្លើយតបបានឆាប់រហ័ស។ សូមបញ្ជាក់ជាថ្មីថាក្រោយការបោសសម្អាតរយៈពេលជាង១ឆ្នាំក្នុងក្របខណ្ឌយុទ្ធនាការជាតិ សកម្មភាពឆបោកដែលបន្តកើតមាន កំពុងផ្លាស់ប្តូររូបភាព ទៅជាប្រតិបត្តិការតូចៗ ដោយធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ តាមផ្ទះ តាមរថយន្ត ហាងកាហ្វេ ។ល។ យោងតាមប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគ.ប.ឆ.ប. ថ្លែងក្នុងជំនួបជាមួយតំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិ នៅក្រសួងការបរទេស កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បច្ចុប្បន្ននេះនៅកម្ពុជាគ្មានទៀតទេ ទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំ ឬហៅថាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រោះទីតាំងធំៗចំនួន ៨៦ កន្លែង ដែលត្រូវបានរកឃើញដោយសមត្ថកិច្ចកម្ពុជានាពេលកន្លងមក​ ត្រូវបានបង្រ្កាប គ្រប់គ្រង និងចាត់វិធានការដើម្បីឈានទៅរឹបអូសជាសម្បត្តិរដ្ឋតាមនីតិវិធីច្បាប់ជាធរមាន។ រីឯមេខ្លោង គូកន និងអ្នកជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវចាត់វិធានការដើម្បីផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ ។សមត្ថកិច្ចកម្ពុជាបាន និងកំពុងបន្តស្រាវជ្រាវ សើបអង្កេត និងរកឃើញសកម្មភាពឆបោកអនឡាញមួយចំនួនទៀត ដែលលេខាធិការដ្ឋានគ.ប.ឆ.ប. នឹងផ្តល់ព័ត៌មានជូនក្រោយទទួលបានរបាយការណ៍ជាក់លាក់ពីសមត្ថកិច្ចក្នុងពេលខាងមុខ។រាជរដ្ឋាភិបាលកម្ពុជា បានបន្តអំពាវនាវដោយម៉ឺងម៉ាត់បំផុត ជូនដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាអតិបរមា ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់នៃល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលវិវត្តរូបរាងជាទម្រង់ផ្សេងៗ និងបង្កភាពស្មុគស្មាញ។ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ស្របពេលដែលក្រុមជនល្មើសបានផ្លាស់ប្តូរយុទ្ធសាស្ត្រពីប្រតិបត្តិការទ្រង់ទ្រាយធំ មកជាការលួចលាក់ធ្វើសកម្មភាពតាមទីតាំងតូចៗ រាយប៉ាយ ដូចជាតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ ផ្ទះល្វែង និងហាងកាហ្វេ រាជរដ្ឋាភិបាលបាន និងកំពុង៖បង្កើនការចាត់វិធានការផ្លូវច្បាប់ និងប្រតិបត្តិការស្រាវជ្រាវជាប្រចាំ ដើម្បីបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកអនឡាញឱ្យដល់ឫសគល់ ដោយមិនលើកលែង និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ។ជម្រុញការផ្សព្វផ្សាយ និងការយល់ដឹងជាសាធារណៈ ដើម្បីអប់រំអំពីទម្រង់ល្បិចកលថ្មីៗ ជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទី។បើកទូលាយកិច្ចសហការ និងការផ្តល់ព័ត៌មាន ដោយបន្តអំពាវនាវ និងស្វាគមន៍រាល់ការរាយការណ៍ ឬការចែករំលែកព័ត៌មានអំពីទីតាំងសង្ស័យពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាពីភាគីពាក់ព័ន្ធ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ និងចាត់វិធានការឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។សូមរំលឹកជូនផងដែរថា ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានប្រាប់តំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា កម្ពុជាបន្តបើកចំហរសម្រាប់គ្រប់កិច្ចសហការទាំងអស់ជាមួយបណ្តាប្រទេស អង្គការដៃគូ និងភាគីពាក់ព័ន្ធ សម្រាប់រួមចំណែកក្នុងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នាឱកាសនោះដែរ ឯកឧត្តមបានស្នើទៅកាន់តំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិ ឱ្យសហការជាមួយលេខាធិការដ្ឋានគបឆប ក្រសួង-ស្ថាប័នសមត្ថកិច្ចដើម្បីផ្តល់ព័ត៌មានស្តីពីទីតាំងសង្ស័យមាន ករណីលបលួចធ្វើសកម្មភាពឆបោកអនឡាញ ដើម្បីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការអន្តរាគមន៍ឆាប់រហ័ស។ ការណ៍នេះនឹងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ឆ្លើយតបបានទាន់ពេលវេលា បង្កើនទំនុកចិត្តលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈនយោបាយដ៏ម៉ឺងម៉ាត់ ព្រមទាំងបង្ហាញពីភាពម្ចាស់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកឱ្យកម្ពុជាក្លាយជាជម្រក ឬជារងគ្រោះនៃក្រុមឧក្រិដ្ឋជនឆ្លងដែនឡើយ៕

មន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃព្រឈមនឹងការកាត់ក្របខ័ណ្ឌប្រសិនបើកបរបង្កគ្រោះថ្នាក់ដោយការស្រវឹង

2026/08/27 07:38:46 pm        21
មន្ត្រីនគរបាល និងស៊ីវិល ដែលឋិតក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ព្រឈមនឹងការបណ្តេញចេញពីក្របខណ្ឌ ប្រសិនបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយប្រើប្រាស់គ្រឿងស្រវឹង ។ ប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញការព្រមានថ្មីមួយទៅដល់បណ្តាមន្ត្រីនគរបាល និងមន្ត្រីស៊ីវិលទាំងអស់ ដោយប្រើវិធានការកាត់ក្របខណ្ឌចោលតែម្តង ក្នុងករណីមន្ត្រីរូបនោះ បានប្រើប្រាស់គ្រឿងស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃ លើដងផ្លូវសាធារណៈ ។សារព្រមានធ្ងន់ៗ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងស្របពេលដែលបច្ចុប្បន្ននេះ កំណើត នៃគ្រោះថ្នាក់ចរាចរណ៍ក្នុងក្របខណ្ឌទូទាំងប្រទេស មានការកើនឡើងគួរកត់សម្គាល់ និងព្រួយបារម្ភ ដោយបានឆក់យកអាយុជីវិត និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋអស់ជាច្រើន ។ លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឲ្យដឹងថា ៖ កត្តាគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបច្ចុប្បន្ននេះ ជារឿងដែលប្រមុខក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាំបាច់ក្នុងការគិតគូរ និងដាក់ចេញទិសដៅនានា ដើម្បីកាត់បន្ថយបានពីអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងគំហែងដល់សុវត្ថិភាពដងផ្លូវសាធារណៈ ។ ដូច្នោះហើយ ផ្តើមចេញពីការចូលរួមដំបូង គឺត្រូវពង្រឹង និងធានាបានថា មន្ត្រីក្នុងជួរក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ ត្រូវតែទទួលទណ្ឌទណ្ឌតានរយៈការបណ្តេញចេញពីក្របខណ្ឌ បើមន្ត្រីទាំងនោះ ពុំចូលរួមគោរពច្បាប់ តាមរយៈការប្រើប្រាស់គ្រឿងស្រវឹង ហើយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។ ពលរដ្ឋក៏បង្ហាញការគាំទ្រ ចំពោអវិធានការនេះ ព្រោះនេះគឺជាការដុះខាត់មន្ត្រីអ្នកអនុវត្តច្បាប់ឲ្យបានល្អ និងជាការតម្រង់ទិសមួយឲ្យពួកគាត់ចូលរួមគោរពច្បាប់ជាមុនសិន ដើម្បីជាគំរូល្អដល់ពលរដ្ឋ ក្នុងសង្គមជាតិ ។ គួរបញ្ជាក់ថា ៖ ការអនុវត្តការចុះរឹងបន្តឹងច្បាប់ចរាចរណ៍ឡើងវិញជាថ្មី នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ឆាប់ៗខាងមុខនេះ ដោយអនុវត្តតែក្នុងក្របខណ្ឌរាជធានីខេត្តចំនួន០៥តែប៉ុណ្ណោះ មានរាជធានីភ្នំពេញជាអាទិ៍ , ខេត្តព្រះសីហនុ , កំពង់ស្ពឺ , កណ្តាល និងខេត្តស្វាយរៀង ។ ក្រៅពីនោះ ខេត្តនៅសេសសល់ គឺជាការអនុវត្តដោយការបន្តប្រើប្រាស់វិធានការអប់រំណែនាំ ៕អត្ថបទ ៖ លីហេង

តំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង

2026/08/25 07:00:00 pm        447
ភ្នំពេញ ៖ តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរតាមនីតិវិធី លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សាលើបុរសម្នាក់នៅខណ្ឌបឹងកេងកង ។ នេះបើតាមការបញ្ជាក់របស់ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ។ អ្នកនាំពាក្យដដែលបញ្ជាក់ថា ៖ ជនត្រូវចោទ ឆេង ភារុណ ត្រូវបានចោទប្រកាន់ពីបទ “ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស “ តាមមាត្រា២១៨ ចំណុចទី២ និងចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ។ និងបក្សពួកម្នាក់ទៀតឈ្មោះ ជា សានជាំង ត្រូវបានចោទប្រកាន់ពីបទ “ ផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស “ តាមមាត្រា២៨ និងមាត្រា២១៨ ចំណុចទី២ និងចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ ។ គួររំលឹកថា ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាតឈាន ចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយបុរស០២នាក់ កើតជម្លោះដោយបាន យកកែវប្រើហិង្សាទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសក្បាល នៅក្នុងហាងផឹកស៊ីមួយកន្លែង យីហោ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ក្រោយបង្កហេតុ ជនសង្ស័យទាំង០២ ក៏បានរត់គេចចេញពីកន្លែងកើតហេតុ ។ កំឡុងពេលដែលជនសង្ស័យឈ្មោះ ឆេង ភារុណ បានរត់ខ្លួនដល់ក្នុងទឹកដីប្រទេសវៀតណាមនោះ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានចេញសារតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយព្រមានឲ្យជនសង្ស័យត្រឡប់ពីប្រទេសវៀតណាម ចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ លើកំហុសដែលបានប្រព្រឹត្តិ ដោយកំណត់ឱសានវាទរយៈពេលត្រឹម៤៨ម៉ោងប៉ុណ្ណោះ ទោះជនសង្ស័យមិនព្រមចូលខ្លួនមកវិញ ក៏សមត្ថកិច្ចកម្ពុជា ស្នើសុំការសហការជាមួយនគរបាលជាតិវៀតណាមដើម្បីតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសដែរ ។ ក្រោយការប្រកាសរបស់ប្រមុខក្រសួងមហាផ្ទៃ នៅយប់ថ្ងៃខែដដែល នគរបាលវៀតណាមបានចាប់ខ្លួនជនសង្ស័យ ឆេង ភារុណ ហើយក៏ធ្វើសំណុំបែបបទបញ្ចូនខ្លួនរូបគេមកឲ្យសមត្ថកិច្ចកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រី៖ មនុស្សប្រហែល ៤០នាក់ស្លាប់​ និងរងរបួស អំឡុង​​ការវាយប្រហារ​ដោយក្រុមហ៊ូទី នៅខេត្ត Shabwa របស់​យេម៉ែន
10/19/2026 07:10 PM
ជនសង្ស័យ ៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការណីបាញ់ប្រហារតារាបូលីវូដឥណ្ឌានៅទីក្រុងម៉ុមបៃ
10/19/2026 07:10 PM
ជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក
10/19/2026 07:10 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជួបសមភាគីអ៊ូសបេកគីស្ថាននៅទីក្រុង Samarkand
10/19/2026 06:10 PM
និស្សិតបិទច្រកចូលសារមន្ទីរ Louvre ដើម្បីបង្ហាញ​ការ​គាំទ្រដល់ការតវ៉ារបស់សិស្សវិទ្យាល័យ នៅបារាំង​
10/19/2026 06:10 PM
ព្រះចៅមហាម៉ាត់គូវ៉ែតស្វាគមន៍ប្រធានាធិបតីបារាំងលោក Macron នៅអាកាសយានដ្ឋាន
10/19/2026 06:10 PM
សេដ្ឋកិច្ចចិនមានសន្ទុះនៅត្រីមាសទី ៣ ក្នុងឆ្នាំនេះ ប៉ុន្តែការងើបឡើងវិញនៅមិនទាន់មានតុល្យភាព
10/19/2026 06:10 PM
សភាអេហ្ស៊ីបពន្យារពេលបោះឆ្នោតលើការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអ៊ូឌីត
10/19/2026 06:10 PM
KCNA៖ ប្អូន​ស្រីមេដឹកនាំ​កូរ៉េខាងជើង បញ្ជាក់​ថា ការ​ចាក់​ឧបករណ៍បំពង​សំឡេង​ឆ្ពោះ​ទៅក្រុងសេអ៊ូល ស្ថិត​ក្នុង​ការពិចារណា
10/19/2026 06:10 PM
កិច្ចព្រមព្រៀងអ៊ីស្រាអែល-លីបង់ បង្ហាញឲ្យឃើញសហគមន៍ជ្វីហ្វដែលបានបាត់បង់ទៅយូរមកហើយ
10/19/2026 06:10 PM