ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ចំនួនអ្នកស្លាប់កើនឡើងដល់៦នាក់ បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បំផុតវាយប្រហារប្រទេសស្លូវេនី

2023/08/09 08:30:28 pm        303
ស្លូវេនី៖ ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់នៅក្នុងប្រទេសស្លូវេនី ដែលបច្ចុប្បន្នកំពុងវាយប្រហារដោយទឹកជំនន់ដ៏អាក្រក់បំផុតក្នុងកំណត់ត្រា ដោយបានបំផ្លាញផ្ទះសម្បែង និងភូមិជាច្រើនត្រូវបានកកស្ទះដោយកម្ទេចកំទី ខណៈដែលប្រតិបត្តិការបោសសម្អាតបានបន្តកាលពីថ្ងៃចន្ទ (៧ សីហា)។ភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាល និងភាគខាងជើងប្រទេសស្លូវេនី បាននាំឱ្យមានទឹកជំនន់ដ៏គំហុក និងបំណាក់ដី ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយចាប់តាំងពីពេលនោះមកបានជន់លិចផ្នែកជាច្រើននៃតំបន់ ដោយកាត់ផ្តាច់ផ្លូវទៅកាន់ភូមិ និងរំខានដល់ចរាចរណ៍ទៀតផង។នាយករដ្ឋមន្ត្រីស្លូវេនី លោក Robert Golob បានពណ៌នាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលប្រទេសដែលមានប្រជាជន២លាននាក់នេះកំពុងជួបប្រទះថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យកាលពីបីទសវត្សរ៍មុនមក។ប្រទេសស្លូវេនី ដែលជាសមាជិកសហភាពអឺរ៉ុប បានសុំជំនួយពីប្លុក២៧ប្រទេសនេះ ហើយបានស្នើសុំគ្រឿងចក្រធុនធ្ងន់ ដូចជាអេស្កាវ៉ាទ័រ និងគ្រឿងម៉ាស៊ីនជាដើម ក្នុងការស្ដារតំបន់ដែលរងគ្រោះដោយទឹកជំនន់។ ប្រទេសនេះក៏បានស្នើសុំឧទ្ធម្ភាគចក្រ កងកម្លាំង និងបំណែកស្ពានដែលបានសាងសង់រួចពីអង្គការណាតូផងដែរ៕

រលកកម្ដៅប៉ះពាល់ដល់កម្មករអ៊ីតាលីយ៉ាងខ្លាំង ខណៈសហជីពអំពាវនាវឲ្យមានវិធានការរឹងមាំជាងមុនដើម្បីទប់ទល់នឹងវិបត្តិនេះ

2023/08/09 08:26:13 pm        157
អ៊ីតាលី៖ កម្ដៅដ៏ខ្លាំងនៅរដូវក្តៅនេះ ត្រូវបានចាត់ទុកជាមូលហេតុមួយផ្នែកសម្រាប់ការស្លាប់របស់មនុស្សជាច្រើន នៅកន្លែងធ្វើការនៅទូទាំងប្រទេសអ៊ីតាលី រួមទាំងការដ្ឋានសំណង់ ហាងនំប៉័ង និងផ្សារទំនើបផងដែរ។ កាលពីខែមុន បុរសវ័យ ៤៤ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីដួលពេលកំពុងគូរគំនូរតាមផ្លូវក្នុងតំបន់ឡូឌី ជាទីប្រជុំជនជិតទីក្រុងមីឡាន។ក្រុមកម្មករអាចទទួលរងនូវជំងឺសុរិយរោគ បាត់បង់ជាតិទឹកយ៉ាងគ្រោះថ្នាក់ ឬកម្ដៅអាចធ្វើអោយស្ថានភាពដែលមានស្រាប់ ដូចជាជំងឺបេះដូង កាន់តែធ្ងន់ធ្ងរផងដែរ។ បន្ទាប់ពីរលកកម្ដៅដ៏ខ្លាំងនៅអឺរ៉ុបនៅរដូវក្តៅនេះ សហជីពបាននឹងកំពុងអំពាវនាវឱ្យមានច្បាប់ថ្មីដើម្បីការពារមនុស្សដែលធ្វើការនៅខាងក្រៅ រួមទាំងកម្មករសំណង់ និងកម្មករកសិកម្មផងដែរ។នៅក្នុងប្រទេសអ៊ីតាលី រដ្ឋាភិបាលបានប្រតិបត្តិការយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងរលកកម្ដៅដ៏ក្ដៅបំផុតរបស់ខែកក្កដា។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោកស្រី Giorgia Meloni បានណែនាំវិធានការបន្ទាន់ថ្មី រួមទាំងការបន្ធូរបន្ថយបទប្បញ្ញត្តិសម្រាប់ក្រុមហ៊ុនសំណង់ និងកសិកម្ម។ដោយសាររដូវក្តៅនៅក្នុងប្រទេសអ៊ីតាលី និងជុំវិញពិភពលោកនៅតែបន្តក្តៅខ្លាំង ផលប៉ះពាល់លើកម្មករជាទូទៅត្រូវបានកំណត់ថាកាន់តែអាក្រក់ទៅៗ។ អង្គការសហប្រជាជាតិនិយាយថាភាពតានតឹងនឹងកម្ដៅនឹងកាត់បន្ថយម៉ោងធ្វើការសរុបជាងពីរភាគរយនៅទូទាំងពិភពលោកក្នុងឆ្នាំ២០៣០៕

ជប៉ុនប្រារព្ធខួបលើកទី ៧៨នៃការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Nagasaki

2023/08/09 08:23:22 pm        119
ជប៉ុន៖  នៅថ្ងៃពុធនេះ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី ៧៨នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកលើទីក្រុង Nagasaki ក្នុងនោះលោកនាយករដ្ឋមន្រ្តី Fumio Kishidaបានថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមតាម Video Conference ។  លោក Kishidaនិយាយថា ក្នុងនាមជាប្រទេសតែមួយគត់នៅលើពិភពលោកដែលរងគ្រោះដោយសារការទម្លាក់គ្រាប់បែកបរមាណូនៅក្នុងសង្រ្គាម ពួកយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ដើម្បីធ្វើឲ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ហើយនិងប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្មានអាវុធនុយក្លេអ៊ែរទាំង ៣ ។ នេះគឺជាបេសកកម្មប្រទេសរបស់ពួកយើង ហើយវានឹងមិនផ្លាស់ប្តូរនោះទេ ។  ក្នុងឆ្នំានេះដែរ ពិធីរំឭកខួបត្រូវបានប្តូរទីតាំងឲ្យប្រារព្ធនៅក្នុងអគារ មិនមែននៅឧទ្យានសន្តិភាព Nagasaki នោះទេ ដោយសារក្តីកង្វល់ពីព្យុះទីហ្វុង Khanun ស្របពេលដែលវាបោកបក់ឆ្លងកាត់តំបន់ឆ្នេរភាគខាងលិចប្រទេសជប៉ុន ។  គួររំឭកថា ការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Nagasaki បានកើតមានរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-29 ឬ Enola Gay បានទម្លាក់គ្រាប់បែកបរមាណូលើកដំបូងរបស់ពិភពលោកលើទីក្រុង Hiroshima កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ អំឡុងសង្រ្គាមលោកលើកទី ២ ។   កាទម្លាក់គ្រាប់បែកទាំង ២លើកនេះ បានសម្លាប់មនុស្សជាង ២១៥.០០០នាក់ ក្នុងនោះមនុស្សរាប់ពាន់នាក់បន្ថែមទៀតបានស្លាប់តាមក្រោយដោយសាររបួស និងជំងឺពាក់ព័ន្ធនឹងសារធាតុវិទ្យុសកម្ម ។   រយៈពេល ៦ថ្ងៃក្រោយមក នៅថ្ងៃទី ១៥ ខែសីហា ជប៉ុន បានសុំចុះចាញ់ ដើម្បីបញ្ចប់ការឈ្លានពានយោធារបស់ខ្លួនដែលនាំឲ្យកើតមានសង្រ្គាមលោកលើកទី ២ ៕

រង្វាន់ធំរបស់ឆ្នោតផ្សងសំណាងសហរដ្ឋអាមេរិក Mega Millions កើនឡើងទឹកប្រាក់ដល់ ១,៥៨ពាន់លានដុល្លារ

2023/08/09 08:20:10 pm        133
អាមេរិក៖  រង្វាន់ធំរបស់ឆ្នោតផ្សងសំណាងសហរដ្ឋអាមេរិក Mega Millionsបានកើនឡើងទឹកប្រាក់រហូតដល់ ១,៥៨ពាន់លានដុល្លារនៅថ្ងៃអង្គារ ក្រោយគ្មាននរណាម្នាក់ក្នុងចំណោមប្រជាពលរដ្ឋអាមេរិករាប់លាននាក់ ដែលលេងឆ្នោតចម្រុះរដ្ឋមួយនេះ កាន់សំបុត្រឈ្នះ អំឡុងពេលចាប់លេខកាលពីថ្ងៃសុក្រសប្តាហ៍មុន ។  យោងតាមវែបសាយរបស់ឆ្នោតផ្សងសំណាង Mega Millionsបានឲ្យដឹងថា បើសិនជាសំបុត្រសំណាងត្រូវបានរកឃើញអំឡុងពេលចាប់លេខនៅថ្ងៃអង្គារនេះ(ត្រូវនឹងថ្ងៃពុធនៅកម្ពុជា) អ្នកឈ្នះអាចជ្រើសរើសរវាងការទទួលបានប្រាក់ ១,៥៨ពាន់លានដុល្លារ អំឡុងការទូទាត់ប្រចាំឆ្នាំចំនួន ២៩លើក ឬសាច់ប្រាក់សុទ្ធសរុប ៧៥២,២លានដុល្លារ ។  លេខសំណាងនៅការចាប់ឆ្នោតនៅថ្ងៃអង្គារនេះ គឺ ៣២, ១៩, ១៣, ៣៣, ២០ និងលេខបាល់ ១៤របស់ឆ្នោតផ្សងសំណាង Mega Millions ។  ការចាប់ឆ្នោតផ្សងសំណាង Mega Millionsត្រូវបានធ្វើឡើងនៅវេលាម៉ោង ១១យប់ រៀងរាល់ថ្ងៃអង្គារ និងថ្ងៃសុក្រ (ត្រូវនឹងព្រឹកថ្ងៃពុធ និងថ្ងៃសៅរ៍នៅកម្ពុជា) ។  សូមបញ្ជាក់ថា រង្វាន់ធំចុងក្រោយគេរបស់ឆ្នោតផ្សងសំណាង Mega Millions ត្រូវបានឈ្នះដោយអ្នកលេងម្នាក់នៅទីក្រុងញូវយ៉ក កាលពីខែមេសា ដែលមានទំហំទឹកប្រាក់ ២០លានដុល្លារ ៕

មន្ទីរបច្ចកោណមានជំនឿចិត្តលើការចែករំលែកចារកម្មជាមួយជប៉ុន បើទោះជាមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ចិន

2023/08/09 08:17:00 pm        129
ចិន៖ កាលពីថ្ងៃអង្គារម្សិលមិញ មន្ទីរបច្ចកោណ និយាយថា ពួកគេមានជំនឿចិត្តចំពោះការចែករំលែកព័ត៌មានចារកម្មជាមួយជប៉ុន បើទោះបីជាសេចក្តីរាយការណ៍របស់សារព័ត៌មានសហរដ្ឋអាមរិក និយាយថា ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតយោធាចិន ចូលដល់បណ្តាញការពារជាតិដ៏រសើបបំផុតរបស់ជប៉ុនក៏ដោយ ។  កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កាសែត Washington Postបានលើកឡើងពីសម្តីក្រុមមន្រ្តីបច្ចុប្បន្ន និងអតីតរបស់សហរដ្ឋអាមេរិក និងជប៉ុន ដែលបាននិយាយថា ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតយោធាចិន បានចូលដល់បណ្តាញការពារជាតិសម្ងាត់របស់ជប៉ុនកាលពីឆ្នាំ ២០២០ ដោយពួកគេទទួលបានព័ត៌មានពីសមត្ថភាពយោធាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ ផែនការ និងការវាយតម្លៃចំណុចខ្វះខាត ។  អ្នកស្រី Sabrina Singhគឺជាអ្នកនាំពាក្យមន្ទីរបច្ចកោណ បដិសេធន៍ពុំផ្តល់សេចក្តីអធិប្បាយចំពោះសេចក្តីរាយការណ៍របស់កាសែត Washington Post ដោយអ្នកស្រីគ្រាន់តែនិយាយថា អ្នកស្រីចង់ឲ្យទីក្រងតូក្យូជាអ្នកនិយាយពីចារកម្មរបស់ពួកគេ និងសមត្ថភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ពួកគេ ។  អ្នកស្រី Singh និយាយថា អ្វីដែលខ្ញុំត្រូវនិយាយម្តងទៀត ខ្ញុំនឹងឲ្យជប៉ុននិយាយពីសមត្ថភាពចារកម្មខ្លួនឯងរបស់ពួកគេ ហើយនិងសមត្ថភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ។ អ្វីដែលខ្ញុំអាចនិយាយបាន គឺតាមទស្សនៈក្រសួងការពារជាតិអាមេរិក ពួកយើងនៅតែមានជំនឿចិត្តលើទំនាក់ទំនងរបស់ពួកយើងជាមួយជប៉ុន ៕

ទឹកទន្លេនេប៉ាល់ ឡើងប្រៀបច្រាំងបណ្តាលឲ្យមានទឹកជំនន់ ស្របពេលដែលប្រទេសមួយនេះ រងឥទ្ធិពលខ្យល់មូសុង

2023/08/09 08:13:32 pm        172
នេប៉ាល់៖  ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីកដ្ឋម៉ាន់ឌូ ប្រទេសនេប៉ាល់ កំពុងជួបការលំបាកខ្លាំងដោយសារតែទឹកជំនន់ ក្រោយទឹកទន្លេឡើងប្រៀបច្រាំង ដោយសារភ្លៀងមូសុងវស្សាវាយប្រហារប្រទេសមួយនេះ ។  ទឹកទន្លេ Bagmatiស្ថិតតាមជ្រលងភ្នំកដ្ឋម៉ាន់ឌូ បានហូរប្រៀបច្រាំង ហើយនិងជន់លិចតំបន់ជុំវិញនោះ ជាកន្លែងដែលមានមនុស្សប្រហែល ៤លាននាក់រស់នៅ ។  ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីកដ្ឋម៉ាន់ឌូ បានព្យាយាមបាចទឹកចេញពីផ្ទះរបស់ពួកគេ ស្របពេលដែលក្រុមអាជ្ញាធរ បានស្នើសុំឲ្យអ្នកស្រុកនៅជិតទន្លេភាគខាងកើត Sindhuliជម្លៀសចេញ ពេលដែលកម្រិតទឹកហក់ឡើងខ្ពស់ ។  លោក Ambar Goleគឺជាអ្នកដឹកបន្លែលក់ក្នុងផ្សារមួយរូប និយាយថា ផ្សារលក់បន្លែ បានរងការជន់លិចទាំងស្រុង ។ ពួកយើងសង្រ្គោះបានរថយន្តមួយគ្រឿងនៅទីនេះពីការជន់លិច ប៉ុន្តែរថយន្ត ៣ ឬ ៤គ្រឿង បានរងការខូចខាត ។ សូមបញ្ជាក់ថា ភ្លៀងមូសុងវស្សាដែលបោកបក់លើប្រទេសនៅតំបន់ភ្នំហិម៉ាឡៃនេះ ចាប់ពីខែមិថុនា ដល់ខែកញ្ញា បានសម្លាប់មនុស្ស ៣៨នាក់ មកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៣នេះ ៕

មនុស្ស៣៣នាក់ស្លាប់ ដោយទឹកជំនន់នៅទីក្រុងប៉េកាំង និងមនុស្ស១៨នាក់នៅបាត់ខ្លួន

2023/08/09 07:51:04 pm        295
ចិន៖ ការរាយការណ៍ប្រចាំថ្ងៃរបស់ទីក្រុងប៉េកាំងបានឲ្យដឹងថា មានអ្នកស្លាប់ចំនួន៣៣នាក់ដោយសារតែទឹកជំនន់ដ៏ខ្លាំងនៅក្នុងទីក្រុងប៉េកាំង និង១៨នាក់នៅបាត់ខ្លួន។ សារព័ត៌មានរាយការណ៍ថា ទឹកជំនន់កើតមានឡើងបន្ទាប់ពីព្យុះទីហ្វុង Doksuri ដែលបានវាយប្រហារមកលើមនុស្ស១.២៩លាននាក់ បណ្តាលឲ្យបាក់រលំផ្ទះ៥៩.០០០ខ្នង និងខូចខាតធ្ងន់ធ្ងរដល់ផ្ទះចំនួន១៤៧.០០០ខ្នង។ ទឹកជំនន់ បានបំផ្លាញ កសិដ្ឋាននិងទីក្រុងនានា នៅខេត្ត Hebei ភាគខាងជើង និងតំបន់នៅជុំវិញនោះនិងបានបានឃើញមនុស្សជាង១.៥លាននាក់ត្រូវបានជម្លៀសខ្លួន។ទឹកភ្លៀងធ្លាក់លើសពីកំណត់ត្រា បានមកដល់កាលពីចុងខែកក្កដា ខណៈសំណល់នៃព្យុះ Doksuri បានបក់មកលើដីគោក ដែលបានវាយប្រហារលើប្រទេសចិនភាំគខាងជើង។ ភ្លៀងធ្លាក់កាលពីសប្តាហ៍មុន បានកើនលើសពីកំណត់ត្រាច្រើន នៅក្នុងទីក្រុងប៉េកាំង និងប្រទេសចិនភាគខាងជើង ដោយអាងទន្លេ Haihe ដ៏ធំល្វឹងល្វើយ បានរងការជនលិចខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៦៣មក។ អ្នកជំនាញឧតុនិយម បាននិយាយថា ផលប៉ះពាល់នៃព្យុះទីហ្វុងនានា គឺកម្រកើតមាននៅភាគឦសានប្រទេសចិន ដោយព្យុះទីហ្វុងភាគច្រើនបក់ឆ្ពោះទៅទិសខាងលិច ឬភាគពាយព្យ បន្ទាប់ពីធ្វើឲ្យមានបំណាក់ដី។គណៈរដ្ឋមន្ត្រីចិន បាននិយាយថា អាជ្ញាធរ នឹងពន្លឿនការស្តារឡើងវិញអគ្គិសនី និងទំនាក់ទំនងទូរគមនាគមន៍ ដែលត្រូវបានបំផ្លាញដោយទឹកជំនន់។ផ្នែកដ៏ទៃទៀតរបស់ប្រទេសចិន កំពុងតស៊ូក្នុងភាពរាំងស្ងួត ដែលកំពុងដាក់សម្ពាធបន្ថែមទៀតលើការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជាជន១,៤ពាន់លាននាក់របស់ប្រទេសនេះដែលកំពុងប្រឹងប្រែងរួចទៅហើយជាមួយការបង្អាក់ក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ដែលបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន៕

រុស្ស៊ីរិះគន់សម្ពាធលោកខាងលិចដែលមិនអាចទទួលយកបានលើអ៊ីរ៉ង់ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

2023/08/09 07:42:11 pm        333
រុស្ស៊ី៖ កាលពីថ្ងៃអង្គារ រុស្ស៊ី បានគាំទ្រដោយផ្ទាល់ជាមួយប្រទេសអ៊ីរ៉ង់ជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការបដិសេធការប៉ុនប៉ងរបស់ប្រទេសលោកខាងលិចដើម្បីបន្តទប់ស្កាត់លើប្រទេសអ៊ីរ៉ង់ ទោះបីជាមានការដួលរលំនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលមានបំណងរារាំងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មក៏ដោយ។ បន្ទាប់ពីជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ក្នុងទីក្រុងតេអេរ៉ង់ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់សុទ្ធតែជឿថា ការបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះកើតចេញពី គោលនយោបាយខុសឆ្គងនៃសម្ពាធអតិបរមា ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ្នកទាំងឡាយណាដែលគិតស្រដៀងគ្នានោះ។ ក្រោយមក លោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលគេស្គាល់ថា JCPOA នៅក្នុងឆ្នាំ ២០១៨ ដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកវិញ ហើយទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយប្រទេសលោកខាងលិចកាន់តែធ្លាក់ចុះយ៉ាប់យ៉ឺនមិនធ្លាប់មានចាប់តាំងពីពេលនោះមក ដោយសារអ៊ីរ៉ង់បានពន្លឿនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែរុស្ស៊ីដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមជាមួយអាមេរិក ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បាននិងកំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសអ៊ីរ៉ង់ចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែន។ សង្រ្គាមដែលរុស្ស៊ីហៅថាជា «ប្រតិបត្តិការសិកពិសេស» បានជំរុញទំនាក់ទំនងផ្ទាល់របស់ខ្លួនជាមួយប្រទេសលោកខាងលិចដល់កម្រិតទាបបំផុតក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ។ ប្រភពជាច្រើនបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីខែមិថុនាថា អ្នកការទូតអឺរ៉ុប បានជូនដំណឹងដល់ប្រទេសអ៊ីរ៉ង់ថា ពួកគេមានផែនការចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការរក្សាទណ្ឌកម្មលើកម្មវិធីមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ ដែលនឹងផុតកំណត់នៅខែតុលាក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ពួកគេបានផ្តល់ហេតុផលចំនួនបីគឺ រុស្ស៊ីបានប្រើប្រាស់យានដ្រូនរបស់អ៊ីរ៉ង់ប្រឆាំងប្រទេសអ៊ុយក្រែន លទ្ធភាពដែលអ៊ីរ៉ង់អាចផ្ទេរមីស៊ីលបាលីស្ទីកទៅឲ្យរុស្ស៊ី និងការដកផលប្រយោជន៍របស់អ៊ីរ៉ង់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលខ្លួនបានរំលោភលើបន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញុ៕

យុវជនគណបក្សប្រឆាំង ប៉ះទង្គិចជាមួយនគរបាលក្នុងការតវ៉ានៅទីក្រុង New Delhi

2023/08/09 07:34:14 pm        305
ឥណ្ឌា៖ ក្រុមយុវជនគណបក្សប្រឆាំង បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅទីក្រុង New Delhi កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងអំពើហិង្សារវាងក្រុមជនជាតិដើមភាគតិច ដែលបានបំផ្លាញរដ្ឋម៉ានីពួ (Manipur) របស់ប្រទេសឥណ្ឌា។សមាជិកយុវជនរបស់គណបក្សប្រឆាំង បានស្រែកពាក្យប្រឆាំងរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី លោក Narendra Modi ដោយបង្ហាញការព្រួយបារម្ភអំពីអតិផរណា និងភាពអត់ការងារធ្វើ។ ក្រុមបាតុករជាច្រើននាក់ ត្រូវបានកម្លាំងសន្តិសុខបណ្តេញទៅឆ្ងាយ។ការផ្ទុះឡើងនៃអំពើហឹង្សារយៈពេលជាច្រើនខែ នៅក្នុងរដ្ឋ Manipur បានចាប់ផ្តើមកាលពីថ្ងៃទី ៣ ខែឧសភា បន្ទាប់ពីតុលាការបានបង្គាប់ឱ្យរដ្ឋនេះពិចារណាលើការពង្រីកអត្ថប្រយោជន៍សេដ្ឋកិច្ចពិសេសរបស់ប្រជាជនជនជាតិភាគតិច Meitei ភាគច្រើន និងប្រព័ន្ធកូតានៅក្នុងការងារ និងការសិក្សាអប់រំរបស់រដ្ឋាភិបាល ដែលរហូតមកដល់ពេលនេះត្រូវបានបម្រុងទុកសម្រាប់ពលរដ្ឋជនជាតិភាគតិច Kuki កុលសម្ព័ន្ធ៕

លំហូរចូលជនភៀសខ្លួនស៊ូដង់ទៅកាន់ប្រទេសឆាដនៅតែបន្ត ស្របពេលដែលសង្រ្គាមមិនទាន់បញ្ចប់

2023/08/09 07:31:36 pm        295
ស៊ូដង់៖  ជនភៀសខ្លួនស៊ូដង់រាប់ម៉ឺននាក់ នៅតែបន្តធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសឆាដ ស្របពេលដែលសង្រ្គាមនៅក្នុងប្រទេសកំណើតរបស់ពួកគេ គ្មានសញ្ញាណាមួយនៃការបញ្ចប់នោះ ។  ជនភៀសខ្លួនដែលជិះលើរទេះជាមួយនឹងឥវ៉ាន់របស់ពួកគេ និយាយថា ពួកគេប្រឈមនឹងការបំពានឥតឈប់ឈរនៅតំបន់ដាហ្វួខាងលិច ជាកន្លែងដែលពួកគេរត់ភៀសខ្លួន ។  យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សជាង ៤លាននាក់ ត្រូវបានជម្លៀសខ្លួននៅក្នុងសង្រ្គាមស៊ូដង់ ក្នុងនោះមនុស្សជាង ៣៧៧.០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសឆាដ ចេញពីតំបន់ដាហ្វួ ស្ថិតនៅភាគខាងលិចប្រទេសស៊ូដង់ ជាកន្លែងដែលក្រុមសាក្សីដាក់ការស្តីបន្ទោសលើក្រុមជីវពលអារ៉ាប់ដែលជាខ្សែបណ្តាញរបស់កងកម្លាំងគាំទ្ររហ័ស (RSF) ។  លោក Aymen Elmainគឺជាអ្នកសម្របសម្រួលកម្មវិធីស្បៀងអាហារពិភពលោក(WFP)សម្រាប់ជនភៀសខ្លួនមកពីស៊ូដង់ និយាយថា ពួកយើងមើលឃើញពីស្ថានភាពដ៏គួរឲ្យព្រួយបារម្ភនៅប្រទេសឆាដ ។ ជនភឿសខ្លួនស៊ូដង់ប្រហែល ៣៤៨.០០០នាក់ បានធ្វើដំណើរឆ្លងកាត់ព្រំដែនពីប្រទេសស៊ូដង់ ចូលទៅកាន់តំបន់ភាគខាងកើតប្រទេសឆាដ ។  លោក Elmainបន្តថា បច្ចុប្បន្ន កម្មវិធី WFPកំពុងធ្វើការរួមគ្នាជាមួយដៃគូដទៃទៀត ដើម្បីជួយដល់ជនភៀសខ្លួនទាំងអស់នេះ ហើយនិងផ្តល់ការការពារផងដែរចំពោះកង្វះខាតអាហារូបត្ថម្ភសម្រាប់កុមារ និងស្រ្តី ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រាប់ទៅពួកបោកប្រាស់ក្រៅស្រុក បើចេះត្រូវចេះឲ្យគេកោតតែបើឆោត គឺត្រូវឆោតឲ្យគេអាណិត
10/07/2026 08:10 PM
សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
10/07/2026 06:10 PM
លោក Rubio៖ អ៊ីរ៉ង់បាន​បាត់បង់ការគ្រប់គ្រងទាំងស្រុង លើ​ច្រកសមុទ្រ Hormuz ខណៈ​សេដ្ឋកិច្ច​ធ្លាក់ចុះខ្លាំង​​
10/07/2026 06:10 PM
នគរបាល៖ មនុស្ស ៧នាក់រងរបួស ដោយសារ​ការ​វាយប្រហារដោយកាំបិត ក្នុង​សាលារៀន នៅ​ប៉ូឡូញ
10/07/2026 06:10 PM
ភាពអត់ឃ្លានកំពុងបង្កវិនាសកម្មដល់កុមារនៅប្រទេសយេម៉ែនដែលហែកហួរដោយភ្លើងសង្រ្គាម
10/07/2026 06:10 PM
នគរបាល​បែលហ្ស៊ិកចាប់ខ្លួនមនុស្ស ១០៧នាក់ អំឡុងការតវ៉ារបស់សិស្ស នៅទីក្រុង Liege
10/07/2026 06:10 PM
បារាំងផ្អាកប្រើគ្រាប់បែកផ្សែង​ធ្វើ​ឱ្យ​ភាំង​ស្មារតី​ លើ​​ការ​តវ៉ារបស់សិស្ស មុននាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថា
10/07/2026 06:10 PM
មន្ត្រីមូលដ្ឋាន និងពលរដ្ឋ៖ កងទ័ពអេរីត្រេ ត្រូវបានដាក់ពង្រាយនៅតំបន់ Tigray នៃប្រទេសអេត្យូពី
10/07/2026 06:10 PM
ប្រភព៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបអនុម័តកញ្ចប់ទណ្ឌកម្មលើកទី២២
10/07/2026 06:10 PM
លោក Rubio៖ សហរដ្ឋអាមេរិក និងក្រិក នឹងរួមគ្នាប្រយុទ្ធប្រឆាំងការគំរាមកំហែងផ្នែកសន្តិសុខ
10/07/2026 06:10 PM