ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ក្រសួងការបរទេស៖ អាមេរិកដឹងថា អតីតទាហានម៉ារីន បានរងរបួសនៅពេលប្រយុទ្ធនៅអ៊ុយក្រែន

2023/07/26 07:11:38 pm        129
អាមេរិក៖ អ្នកនាំពាក្យរងក្រសួងការបរទេស លោក វីដានធ៍ ប៉ាតែល (Vedant Patel) បាននិយាយកាលពីថ្ងៃអង្គារ (ទី២៥ កក្កដា)ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកដឹងថា លោក ទ្រីវ័រ រីដ (Trevor Reed) អតីតទាហានម៉ារីនអាមេរិក ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៊ី ហើយបន្ទាប់មកត្រូវបានដោះលែងនៅក្នុងការដោះដូរអ្នកទោសកាលពីឆ្នាំមុន បានរងរបួសក្នុងពេលកំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។ លោកប៉ាតែល ក៏បាននិយាយផងដែរថា គាត់មិនបានដឹងពីការទំនាក់ទំនងណាមួយ ដែលផ្តល់ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិកអំពីផែនការធ្វើដំណើររបស់លោកទ្រីវ័រ រីដ ទៅកាន់អ៊ុយក្រែននោះទេ។លោកប៉ាតែល បាននិយាយទៀតថា លោករីដ ត្រូវបានដឹកជញ្ជូនដោយមានការជំនួយពីអង្គការក្រៅរដ្ឋាភិបាលមួយទៅកាន់ប្រទេសអាល្លឺម៉ង់សម្រាប់ការថែទាំសុខភាព។សហរដ្ឋអាមេរិក បានព្រមានម្តងហើយម្តងទៀត មិនឲ្យជនជាតិអាមេរិកធ្វើដំណើរទៅអ៊ុយក្រែន ឬចូលរួមក្នុងការប្រយុទ្ធគ្នា ហើយទីប្រឹក្សាផ្នែការធ្វើដំណើររបស់ក្រសួងការបរទេសសម្រាប់អ៊ុយក្រែន ព្រមានថាមានរបាយការណ៍អំពីជនជាតិរុស្សី បានដាក់គោលដៅលើពលរដ្ឋអាមេរិកនៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន សម្រាប់ការឃុំខ្លួន ការសួរចម្លើយឬ ការបៀតបៀន៕

ក្រុមវេជ្ជបណ្ឌិតអ៊ីស្រាអែល ចេញធ្វើកូដកម្មតវ៉ាប្រឆាំង ទៅនឹងការអនុម័តច្បាប់កំណែទម្រង់ប្រព័ន្ធតុលាការ

2023/07/26 07:06:47 pm        182
អ៊ីស្រាអែល៖ ក្រុមវេជ្ជបណ្ឌិតអ៊ីស្រាអែលបានចាប់ផ្ដើមធ្វើកូដកម្មរយៈពេល២៤ម៉ោងកាលពីថ្ងៃអង្គារ ទី២៥ខែកក្កដា ឆ្លើយតបទៅនឹង ការផ្ដល់សច្ចាប័នរបស់រដ្ឋាភិបាលស្ដាំនិយមប្រកាន់តឹង ដំណាក់កាលដំបូងរបស់ច្បាប់កំណែទម្រង់ប្រព័ន្ធតុលាការ ដែលក្រុមអ្នករិះគន់ បារម្ភពីគ្រោះថ្នាក់ដល់ឯករាជភាពរបស់តុលាការ។ ច្បាប់មិនសមហេតុផលនេះ នឹងកំណត់អំណាចរបស់តុលាការកំពូលក្នុងការប្រឆាំងសេចក្ដីសម្រេចរបស់រដ្ឋាភិបាល និងការតែងតាំងរដ្ឋមន្ត្រី ដែលខ្លួនមើលឃើញថាជារឿងមិនសមហេតុផល។ ពង្រាងច្បាប់នេះ បានឆ្លងផុតអំណានទី២និងទី៣ កាលពីថ្ងៃចន្ទ ដោយសំឡេងភាគច្រើន ចំនួន៦៤ ក្នុងចំណោមសមាជិកសភា សរុប១២០ រូប ទោះបីជាផ្ទុះការតវ៉ាប្រឆាំងទូទាំងប្រទេស និងការតវ៉ាបានឈានចូលដល់សប្ដាហ៍ទី២៩ ក៏ដោយ។ ក្រុមអ្នកប្រឆាំងមួយចំនួនបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ពីបទរុញអ៊ីស្រាអែលទម្លាក់ចូលក្នុងរបបដឹកនាំផ្ដាច់ការ។សមាគមន៍វេជ្ជសាស្ត្រអ៊ីស្រាអែល បានបញ្ជឲ្យក្រុមវេជ្ជបណ្ឌិតធ្វើកូដកម្មរយៈពេល២៤ម៉ោង នៅទូទាំងប្រទេសលើកលែងតែទីក្រុងហ្ស៊េរ៉ុយសាឡឹម ។នគរបាលបាញ់ទឹកដើម្បីបំបែកក្រុមអ្នកតវ៉ា  និងមនុស្សមួយចំនួនត្រូវបានទាញចេញដោយនគរបាល ។ នគរបាលអ៊ីស្រាអែលនិយាយថា មនុស្សយ៉ាងហោចណាស់២២នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ៕

ក្រុមអន្ធពាលប្រដាប់អាវុធ បានសម្លាប់មនុស្ស៣៤នាក់ ក្នុងការវាយប្រហារនៅប្រទេសនីហ្ស៊េរីយ៉ាភាគពាយ័ព្យ

2023/07/26 06:53:39 pm        189
នីហ្ស៊េរីយ៉ា៖ សារព័ត៌មាន Reuters  បានរាយការណ៍ដោយសំអាងប្រភពពីប្រធានក្រុមអ្នកស្ម័គ្រចិត្តបង្ក្រាបអំពើឧក្រឹដ្ឋកម្ម និងប្រជាពលរដ្ឋថា មនុស្សយ៉ាងហោចណាស់៣៤នាក់ រួមទាំងទាហាន៧នាក់ បានស្លាប់ ក្នុងការវាយប្រហារមួយដោយក្រុមអន្ធពាលប្រដាប់អាវុធ នៅក្នុងរដ្ឋ ហ្សាំហ្វារ៉ា ភាគពាយ័ព្យរបស់ប្រទេសនីហ្ស៊េរីយ៉ា ។លោក អ៊ីស្មាអ៊ីល ម៉ាហ្គាជី (Ismail Magaji) ប្រធានក្រុមខាងលើ បានប្រាប់សារព័ត៌មាន Reutersថា ការវាយប្រហារនៅក្នុងស្រុក ដាច់ស្រយាល ដាន ហ្គាល់ប៊ី (Dan Gulbi)  នៃទីប្រជុំជន              ម៉ារ៉ូ (Maru)របស់រដ្ឋនេះ បានកើតឡើង កាលពីរសៀលថ្ងៃចន្ទ ។  លោក ឡាវ៉ាលី ហ្ស៊ូណៃ (Lawali Zonai) បាននិយាយថា អ្នកភូមិចំនួន២៧នាក់ បានស្លាប់ក្នុងការវាយប្រហារនេះ ខណៈកងទ័ពចំនួន៧នាក់ ត្រូវបាន បញ្ជូន ពីកន្លែងវាយប្រហារដ៏រន្ធត់បំផុត ទៅសង្រ្គោះនៅសហគមន៍ ។អ្នកនាំពាក្យនគរបាលប្រចាំរដ្ឋហ្សាំហ្វារ៉ា ពុំបានឆ្លើយតបភ្លាមៗទេ ចំពោះការហៅទូរស័ព្ទសុំការបញ្ជាក់ពីឧបទ្ទវហេតុនេះ។ក្រុមអន្ធពាលប្រដាប់អាវុធជាបុរស ដែលតំបន់នេះហៅថាជាក្រុមចោរប្លន់ បានលុកលុយទូទាំងភាគពាយ័ព្យរបស់នីហ្ស៊េរីយ៉ា កាលពី៣ឆ្នាំកន្លងទៅ ដោយបានចាប់ជំរិតមនុស្សរាប់ពាន់នាក់ សម្លាប់មនុស្សរាប់រយនាក់ និងបង្កអសុវត្ថិភាព ក្នុងការធ្វើដំណើរតាមផ្លូវឬ ការធ្វើស្រែចម្ការនៅក្នុងតំបន់មួយចំនួន៕

ចំនួនអ្នកស្លាប់ ដោយសារអំពើហិង្សាក្នុងពន្ធនាគារ នៅអេក្វាឌ័រ កើនដល់ ៣១នាក់

2023/07/26 06:49:38 pm        130
អេក្វាឌ័រ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសអេក្វាឌ័រ បានដំឡើងតួលេខចំនួនអ្នកស្លាប់ ដោយសារអំពើហិង្សាក្នុងពេលតែមួយ កាលពីចុងសប្តាហ៍ នៅឯពន្ធនាគារដ៏គ្រោះថ្នាក់បំផុតមួយរបស់ប្រទេសនេះ កើនដល់ ៣១នាក់ហើយ កាលពីល្ងាចថ្ងៃអង្គារ (ទី២៥ ខែកក្កដា) បន្ទាប់ពីរដ្ឋាភិបាល នៅមុននេះ បានប្រកាសដាក់ប្រទេស ក្នុងច្បាប់គ្រាអាសន្នរយៈពេល ៦០ថ្ងៃ សម្រាប់ពន្ធនាគាររបស់ប្រទេស។រដ្ឋាភិបាល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីប្រកាសគ្រាអាសន្ន ហាក់ដូចជាបានបញ្ឈប់អំពើហិង្សា នៅក្នុងទីក្រុង Esmeraldas ដែលនៅទីនោះ ឆ្មាំពន្ធនាគារចំនួន ១៥នាក់ និងបុគ្គលិក ២នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅឯពន្ធនាគារមួយកន្លែង។នៅទីក្រុង Guayaquil ឯណោះវិញ ទាហាន និងនគរបាលយ៉ាងហោចណាស់ ២.៧០០នាក់ ដែលបំពាក់ដោយអាវុធគ្រប់ដៃ បានចូលទៅក្នុងពន្ធនាគារ Penitenciaaria del Litoral បន្ទាប់ពីមានការប្រកាសច្បាប់គ្រាអាសន្នរយៈពេល ៦០ថ្ងៃនេះ ដោយអាចគ្រប់គ្រងអាគារចំនួន៣ ជាមួយនឹងការបំផ្ទុះ ដែលគ្រប់គ្រងបាន។ ការប៉ះទង្គិចគ្នារវាងក្រុមក្មេងទំនើង បានចាប់ផ្តើមកើតមាន កាលពីថ្ងៃសៅរ៍ (ថ្ងៃទី២២ ខែកក្កដា) នៅពន្ធនាគារ ដែលជាការប៉ះទង្គិចដ៏គ្រោះថ្នាក់បំផុតមួយ នៅក្នុងប្រទេសអេក្វាឌ័រ។ការិយាល័យរដ្ឋអាជ្ញា បានដំឡើងចំនួនអ្នកស្លាប់ដល់ ៣១នាក់ ពីចំនួន ១៨នាក់ ក្នុងការបង្ហោះលើបណ្ដាញសង្គម X ដែលពីមុនគេស្គាល់ថា ជាបណ្ដាញសង្គម Twitter។ ជាមួយគ្នានេះ ចំនួនអ្នករងរបួស ក៏ត្រូវបានដំឡើងដល់ ១៤នាក់ផងដែរ ខណៈរដ្ឋាភិបាល បានឲ្យដឹងថា មន្ត្រីពន្ធនាគារប្រហែល ១២០នាក់ ត្រូវបានដោះលែង បន្ទាប់ពីត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ក្នុងពន្ធនាគារចំនួន៦ នៅទូទាំងប្រទេស៕

ចៅក្រមសហរដ្ឋអាមេរិក រារាំងការរឹតបន្តឹងសិទ្ធិជ្រកកោនតាមព្រំដែនថ្មីរបស់លោក Biden

2023/07/26 06:45:58 pm        108
អាមេរិក៖ ចៅក្រមសហព័ន្ធអាមេរិកមួយរូបកាលពីថ្ងៃអង្គារបានរារាំងបទប្បញ្ញត្តិថ្មីរបស់លោកប្រធានាធិបតី Joe Biden ដែលរឹតបន្តឹងសិទ្ធិជ្រកកោននៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយលើកកម្ពស់គោលការណ៍សំខាន់នៃផែនការរបស់លោកក្នុងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍បន្ទាប់ពីការរឹតបន្តឹងមាត្រា ៤២ បានបញ្ចប់កាលពីខែឧសភាឆ្នាំនេះ ។  លោក Jon Tigar ចៅក្រមសហប្រចាំតំបន់របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា (California)បានបន្តបទបញ្ជានេះរយៈពេល១៤ថ្ងៃ ដោយបន្សល់ទុកការរឹតត្បិតរហូតដល់ពេលនេះ។ រដ្ឋបាលលោក Biden ក្នុងរយៈពេលប៉ុន្មានម៉ោង បានប្តឹងទៅតុលាការឧទ្ធរណ៍ទី៩ របស់សហរដ្ឋអាមេរិក។ លោក Biden ដែលជាអ្នកប្រជាធិបតេយ្យបានចូលកាន់តំណែងកាលពីឆ្នាំ ២០២១ ដោយសន្យាថានឹងផ្លាស់ប្តូរគោលនយោបាយប្រកាន់តឹងជាច្រើនរបស់អតីតប្រធានាធិបតី Donald Trump មកពីគណបក្សសាធារណរដ្ឋ ប៉ុន្តែបានអនុម័តវិធានការព្រំដែនមួយចំនួនដូចលោក Trump ខណៈមានជនអន្តោប្រវេសន៍មួយចំនួនត្រូវបានចាប់ខ្លួនដោយខុសច្បាប់។    បទប្បញ្ញត្តិសិទ្ធិជ្រកកោនថ្មីរបស់លោក Biden ដែលចូលជាធរមាននៅពេលមាត្រា ៤២ បានបញ្ចប់កាលពីថ្ងៃទី១១ ខែឧសភា សន្មតិថាជនអន្តោប្រវេសន៍ភាគច្រើនមិនមានសិទ្ធិជ្រកកោនទេ ប្រសិនបើពួកគេឆ្លងកាត់ប្រទេសផ្សេងទៀតដោយមិនស្វែងរកការការពារពីកន្លែងផ្សេងទៀតជាមុន ឬប្រសិនបើពួកគេបរាជ័យក្នុងការប្រើប្រាស់ផ្លូវច្បាប់សម្រាប់ការចូលទៅក្នុងសហរដ្ឋអាមេរិក។ ចំនួនជនអន្តោប្រវេសន៍ ដែលចាប់ខ្លួន ពេលឆ្លងកាត់ព្រំដែនដោយខុសច្បាប់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីបទប្បញ្ញត្តិថ្មីចូលជាធរមាន។ គេនៅតែមិនច្បាស់នៅឡើយ ថាតើនិន្នាការនេះនឹងបន្តឬយ៉ាងណា ប្រសិនបើការរឹតត្បិតសិទ្ធិជ្រកកោនថ្មីត្រូវបានរារាំង ៕

អ្នកពន្លត់អគ្គិភ័យរាប់រយនាក់ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីពន្លត់ចំហេះព្រៃរបស់ប្រទេសព័រទុយហ្គាល់

2023/07/26 06:29:11 pm        171
ព័រទុយហ្គាល់៖ ដោយមានជំនួយពីអ្នកស្រុក អ្នកពន្លត់អគ្គិភ័យជនជាតិព័រទុយហ្គាល់រាប់រយនាក់ បាននប្រញាប់ប្រញាល់ ដើម្បីពន្លត់ភ្លើង ដែលកំពុងឆេះពាសពេញឧទ្យានធម្មជាតិក្បែរកន្លែងសម្រាកលំហែដ៏ពេញនិយមរបស់ទីក្រុង Cascais ខណៈដែលខ្យល់បក់ខ្លាំងធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំ ដើម្បីគ្រប់គ្រងអណ្ដាតភ្លើងដ៏សន្ធោរសន្ធៅនេះ។ចំហេះព្រៃនេះ បានចាប់ផ្តើមនៅម៉ោង ៥ល្ងាច (ត្រូវនឹងម៉ោង ១៦:០០ ម៉ោងសកល) នៅឯតំបន់ភ្នំដែលជាផ្នែកមួយនៃឧទ្យានធម្មជាតិ Sintra-Cascais ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ១៤៥គីឡូម៉ែត្រក្រឡា និងស្ថិតនៅភាគខាងលិចនៃរដ្ឋធានីលីសបុន (Lisbon)។ ដោយមានការគាំទ្រពីរថយន្ត ១៨៩គ្រឿង អ្នកពន្លត់អគ្គិភ័យជាង ៦០០នាក់ ត្រូវបានដឹកយកមក បន្ទាប់ពីភ្លើងបានឆាបឆេះឡើង។ យន្តហោះបាញ់ទឹកពីលើអាកាស ក៏បានចូលរួមប្រយុទ្ធនឹងអណ្ដាតភ្លើងនេះដែរ ប៉ុន្តែត្រូវបញ្ឈប់ប្រតិបត្តិការ ដោយសារចាប់ផ្ដើមចូលដល់ពេលយប់ហើយ។នៅភូមិមួយ ក្នុងចំណោមភូមិដែលរងផលប៉ះពាល់ពីអគ្គិភ័យនេះ អ្នកស្រុកដែលអស់សង្ឃឹម បានប្រឹងប្រែងទប់ទល់នឹងការឆេះនេះដោយខ្លួនពួកគេផ្ទាល់ ដោយពួកគេបានព្យាយាមការពារលំនៅឋានរបស់ខ្លួនជាមួយនឹងធុងទឹក និងបំពង់ទុយោបាញ់ទឹក ខណៈដែលខ្យល់ខ្លាំង បានធ្វើឲ្យអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើងៗ។អភិបាលក្រុង Cascais លោក Carlos Carreiras បាននិយាយថា ខ្យល់បក់មានល្បឿនរហូតដល់ ៦០គីឡូម៉ែត្រក្នុងមួយម៉ោង គឺជាបញ្ហាប្រឈមដ៏ធំបំផុតនៅខាងមុខ ហើយមនុស្សមួយចំនួន ត្រូវបានជម្លៀសចេញជាការប្រុងប្រយ័ត្នទុកមុន។ ប្រជាជនពលរដ្ឋមូលដ្ឋាន បានប្រើរទេះរុញ ដើម្បីជួយជម្លៀសអ្នកដែលពិបាកធ្វើចលនា។យ៉ាងណាក្ដី បើតាមសមត្ថកិច្ច បានឲ្យដឹងថា មិនទាន់មានគេហដ្ឋានណារងការខូចខាត និងមិនមានអ្នករងរបួសធ្ងន់ធ្ងរនៅឡើយទេ។ ទិន្នន័យរបស់សហភាពអឺរ៉ុបបង្ហាញថា ប្រទេសព័រទុយហ្គាល់ ជាធម្មតា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយចំហេះព្រៃដែរ បើទោះរហូតមកដល់ពេលនេះ បានរួចផុតពីរលកកម្ដៅនាពេលថ្មីៗ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងការបំផ្លិចបំផ្លាញ នៅទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូងក៏ដោយ៕

មនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈដែលព្យុះទីហ្វុង Doksuri វាយប្រហារប្រទេសហ្វីលីពីន

2023/07/26 06:25:27 pm        97
ហ្វីលីពីន៖ ខ្យល់បក់ខ្លាំង និងភ្លៀង បានគ្របដណ្តប់ប្រទេសហ្វីលីពីនភាគខាងជើង ខណៈដែលព្យុះទីហ្វុង ដូកស៊ូរី (Doksuri) បានបោកបក់ដល់ដីគោកនៅថ្ងៃពុធ (ទី២៦ ខែកក្កដា) នេះ បណ្តាលឲ្យទឹកទន្លេហូរហៀរលិចច្រាំង និងធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។អ្នកស្រុកនៅក្នុងសហគមន៍ឆ្នេរសមុទ្រ ត្រូវបានជម្លៀសចេញមុនពេលព្យុះ ដោយនាំមកនូវកម្លាំងខ្យល់បក់រហូតដល់ល្បឿន១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថា នឹងរក្សាបាននូវកម្លាំង នៅពេលដែលវាបន្តដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ និងប្រទេសចិន។លោក ម៉ានុអែល ម៉ាមបា (Manual Mamba) អភិបាលខេត្តកាហ្គាយ៉ាន (Cagayan) ភាគខាងជើង បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«យើងកំពុងរងការវាយប្រហារនៅទីនេះ» ដោយបន្ថែមថា រហូតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសទេ។ឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយថា អ្នកដំណើរជាង ៤.០០០នាក់ ត្រូវជាប់គាំងនៅកំពង់ផែនានា ក្នុងប្រទេស បន្ទាប់ពីការធ្វើដំណើរតាមសមុទ្រ ត្រូវបានផ្អាក៕

គណៈប្រតិភូយោធារុស្ស៊ីទៅដល់ប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមប្រារព្ធខួបសង្គ្រាមកូរ៉េ

2023/07/26 05:25:51 pm        330
កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធ ទី២៦ ខែកក្កដានេះថា គណៈប្រតិភូរុស្ស៊ីដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិលោក សឺហ្គេ ស៊ូហ្គូ ( Sergei Shoigu) បានទៅដល់ទីក្រុង ព្យុងយ៉ាងកាលពីថ្ងៃអង្គារ (ទី២៥ កក្កដា) ដោយចូលរួមជាមួយក្រុមចិនជាភ្ញៀវសាធារណៈលើកដំបូងទៅកាន់ប្រទេសនេះ ចាប់តាំងពីការចាប់ផ្តើមផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ-១៩។KCNA បាននិយាយថា គណៈប្រតិភូទាំងពីរ នឹងចូលរួមក្នុងការប្រារព្ធខួបលើកទី៧០នៃ«ទិវាជ័យជម្នះ» នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) នៅទីក្រុងព្យុងយ៉ាង ដោយមានសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក លី ហុងចុង (Li Hongzhong)ដឹកនាំក្រុមប៉េកាំង។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនត្រូវបានអញ្ជើញដោយសមភាគីកូរ៉េខាងជើង ហើយនឹងចូលរួមក្នុងព្រឹត្តិការណ៍ទិវាជ័យជម្នះ។ ព្រឹត្តិការណ៍គម្រប់ខួបនេះ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការដង្ហែក្បួនយោធាដ៏សំខាន់ៗ។ប្រទេសកូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ ២០២០ ចំពោះរាល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូត សូម្បីតែជាមួយដៃគូសេដ្ឋកិច្ច និងនយោបាយសំខាន់ៗគឺប្រទេសចិន និងរុស្ស៊ីក៏ដោយ។ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបាននិយាយថា តើដំណើរទស្សនកិច្ចនេះ បានធ្វើការផ្លាស់ប្តូរណាមួយក្នុងគោលនយោបាយនោះទេ៕

ចំហេះព្រៃបានវាយប្រហារប្រទេសទុយនីស៊ី ស្របពេលមានរលកកម្ដៅដ៏ខ្លាំង

2023/07/25 10:33:37 pm        130
ផ្នែកខ្លះនៃតំបន់ភាគខាងជើងប្រទេសទុយនីស៊ី ត្រូវបានបំផ្លាញដោយសារចំហេះព្រៃកាលពីថ្ងៃចន្ទ (២៤ កក្កដា) ស្របពេលមានរលកកម្ដៅដ៏ខ្លាំងនៅក្នុងប្រទេសនេះ។ វីដេអូដែលថតដោយសាក្សីម្នាក់នៅទីប្រជុំជន Tabarka បានបង្ហាញពីឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យមួយគ្រឿងកំពុងផ្ទុកទឹក មុនពេលចូលទៅធ្វើប្រតិបត្តិការនៅជិតចំហេះព្រៃ នៅលើភ្នំដែលគ្របដណ្តប់ដោយព្រៃឈើ ក្រោមផ្សែងខ្មៅដ៏ខ្មួលខ្មាញ់។ទីប្រឹក្សាគ្រប់គ្រងវិបត្តិ Crisis24 បាននិយាយថា ក្រុមអាជ្ញាធរកំពុងព្យាយាមជម្លៀសមនុស្សយ៉ាងហោចណាស់ ២.៥០០នាក់ ចេញពីទីប្រជុំជន Tabarka ប៉ុន្តែអគ្គិភ័យបានបិទផ្លូវ និងរារាំងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនោះ។ទីភ្នាក់ងារ Crisis24 បានបន្ថែមទៀតថា លក្ខខណ្ឌអាកាសធាតុក្តៅ និងស្ងួត ត្រូវបានគេរំពឹងថានឹងនៅតែមាននៅជុំវិញតំបន់ Tabarka ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយកំណើននៃចំហេះព្រៃបន្ថែមទៀត ក៏ត្រូវបានគេរំពឹងទុកថា នឹងកើតមានផងដែរ៕

ការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល គឺជាគន្លឹះក្នុងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ

2023/07/25 10:29:52 pm        128
យោងតាមប្រធានអង្គការឧតុនិយមពិភពលោក (WMO) បានឱ្យដឹងថា ការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល គឺជាគន្លឹះដើម្បីផ្លាស់ប្តូរនិន្នាការអវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយបញ្ហាអាកាសធាតុធ្ងន់ធ្ងរដូចជារលកកម្តៅ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។លោក Petteri Taalas អគ្គលេខាធិការ WMO បានប្រាប់សារព័ត៌មាន China Media Group (CMG) កាលពីថ្ងៃច័ន្ទក្នុងបទសម្ភាសជាវីដេអូថា ការបន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលគឺជាគន្លឹះនៃសុខុមាលភាពរបស់មនុស្សជាតិនាពេលអនាគត។អ្នកឧតុនិយមជាន់ខ្ពស់រូបនេះបាននិយាយថា ប្រទេសចិនកំពុងជួយកំណត់របៀបវារៈស្តីពីការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត ជាមួយនឹងការវិនិយោគរបស់ប្រទេសនេះលើបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ និងរថយន្តអគ្គិសនី។ លោក Taalas បានបញ្ជាក់ថា ទោះបីជាមានវិធានការជាច្រើនកំពុងត្រូវបានធ្វើឡើងដើម្បីពង្រឹងការឆ្លើយតបទៅនឹងការគំរាមកំហែងនៃបម្រែបម្រួលអាកាសធាតុ ព្រមទាំងអភិវឌ្ឍន៍ប្រភពថាមពលស្អាតបន្ថែមទៀតដូចជាខ្យល់ ថាមពលព្រះអាទិត្យ និងថាមពលនុយក្លេអ៊ែរក៏ដោយ ក៏វិធានការទាំងនោះមិនមានប្រសិទ្ធភាព គ្រប់គ្រាន់ក្នុងការដោះសា្រយបញ្ហាអាកាសធាតុនោះដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

NATO បង្ហាញការឆ្លើយតបដោយយោធាខ្លាំងក្លាប្រសិនបើមានការវាយប្រហារណាមួយពីសំណាក់រុស្ស៊ី
10/13/2026 09:10 AM
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិស្តីពី «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៦» នៅរាជធានីភ្នំពេញ
10/13/2026 09:10 AM
អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសច្រានចោលការផ្សាយរបស់សារព័ត៌មានថៃ និងទាមទារឱ្យបុគ្គល សម រង្ស៊ី បញ្ជាក់ករណីចោទថាកងកម្លាំងកម្ពុជាបាញ់ប្រហារមុន
10/13/2026 09:10 AM
អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណើរបងប្អូនប្រជាពលរដ្ឋ វិលត្រលប់ទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ
10/13/2026 08:10 AM
កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
10/12/2026 09:10 PM
ប៉ូឡូញពង្រាយនគរបាល​ជាង ២០.០០០នាក់ នៅ​​សាលារៀន ក្រោយ​ការវាយប្រហារ​ដោយ​កាំបិត​​ជាបន្តបន្ទាប់
10/12/2026 05:10 PM
សិស្សវិទ្យាល័យ នៅបារាំង គ្រោងធ្វើបាតុកម្មថ្មី ដោយ​សង្ឃឹម​រក្សា​សន្ទុះ​ចលនា​​ទាមទារ ​
10/12/2026 05:10 PM
ភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជាអញ្ជើញដល់ប្រទេសហូឡង់ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃយន្តការUNCLOS
10/12/2026 04:10 PM
តម្លៃប្រេងធ្លាក់ចុះ ខណៈរំពឹង​ថា ការផ្អាកការវាយប្រហារលើថាមពល រវាងរុស្ស៊ី និងអ៊ុយក្រែន នឹងជំរុញ​ការផ្គត់ផ្គង់
10/12/2026 04:10 PM
ការស្ទង់មតិ៖ បេក្ខជនស្ដាំនិយមជ្រុល និងឆ្វេងនិយមជ្រុល ឆ្ពោះទៅជុំទី២ ខណៈនយោបាយបារាំងបែកបាក់កាន់តែខ្លាំង
10/12/2026 04:10 PM