អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងបើកឱ្យសាធារណជនចូលកម្សាន្ដ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
រដ្ឋមន្រ្តីក្រសួងវប្បធម៌ អញ្ជើញជាអធិបតីក្នុង​ពិធី​ចែកពាន​រង្វាន់​មហោ​ស្រព​ភាព​យន្ត​កម្ពុជា​អាស៊ី លើកទី៤
អ្នកផលិតភាពយន្តចិនជ្រើសរើសកម្ពុជាជាទីតាំងថត និងផលិតវីដេអូ AI ផ្សព្វផ្សាយ «សម្រស់​ពិត​របស់​កម្ពុជា» ទៅកាន់ពិភពលោក
អាកាសយានដ្ឋានTIA រៀបចំពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» ជំរុញ​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​កម្ពុជា​ទៅ​កាន់​ពិភពលោក

វប្បធម៌ និងទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ «យើងចាំបាច់ត្រូវកសាង និងពង្រឹងសមត្ថភាពយុវជនឲ្យមានកាវិវត្តន៍រីកចម្រើន លើជំនាញសរសេរអត្ថបទ តែងនិពន្ធភាពយន្ត»

2025/06/04 11:08:32 pm        436
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃ​អគ្គ​នាយក​ដ្ឋាន​បច្ចេក​ទេស​វប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នារសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២៥នេះថា យើងចាំបាច់ត្រូវកសាង ពង្រឹង​សមត្ថភាព​យុវជន​ឲ្យ​មាន​ការ​វិត្តន៍​រីក​ចម្រើន លើជំនាញសរសេរអត្ថបទតែងនិពន្ធភាពយន្ត ដែលអាចចាត់ទុកថា ជា​ជំនាញ​អាទិភាព​មួយ​ក្នុង​វិស័យភាពយន្ត។លោក ប៉ុក បូរក្ស បានបន្តថា ក្នុងឆ្នាំ២០២៥នៃផែនការអនុវត្តន៍ការងារ មានគម្រោងបើកវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៥ ជាលើកទី៨(Cambodia Film Lab 2025) ដែលនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ចាប់ផ្តើមនាចុងខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំ២០២៥ ផ្តោតជាសំខាន់ដើម្បីចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជនដែលស្រលាញ់វិស័យភាពយន្ត។សូមបញ្ជាក់ផងដែរថា លក្ខខណ្ឌនៃការចូលរួមក្នុងវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៥នេះ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ អាយុចាប់ពី២០ឆ្នាំ រហូតដល់៣៥ឆ្នាំ មានបទពិសោធន៍ខ្លះ ឬមានចំណេះដឹងមូលដ្ឋានក្នុងវិស័យភាពយន្ត ឬប្រព័ន្ធផ្សព្វផ្សាយ។ កម្មវិធីសិក្សាវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា នឹងផ្តោតសំខាន់លើការសរសេរអត្ថបទភាពយន្ត (Script) ការដឹកនាំរឿង (Directing) ការរៀបចំប្លង់ថត (Cinematography) ព្រមទាំងជំនាញមួយចំនួនទៀតដូចជា ការតុបតែងលំអរឆាក (Arts and Prop) ការដំឡើង និងកែពណ៌រូបភាព (Editing Color grading ) និងការផ្គុំសម្លេង (Sound mixing) ៕ អត្ថបទ រដ្ឋា

ក្រសួងទេសចរណ៍ចុះសិក្សារៀបចំគោលដៅទេសចរណ៍ និងកញ្ចប់ទស្សនកិច្ចភ្នំគូលែន ដើម្បីជំរុញការស្នាក់ និងការដកបទពិសោធន៍ទេសចរណ៍ភ្នំគូលែន!

2025/05/19 11:38:47 pm        219
កាលពីថ្ងៃទី១៣-១៦ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេទេសក្រសួងទេសចរណ៍ ដឹកនាំដោយ លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារបានចុះសិក្សានៅលើទីតាំងជាក់ស្តែង សក្តានុពល ប្រមូលទិន្នន័យ និងស្វែងរកបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់រៀបចំឯកសារទស្សនទានស្តីពីវិធានគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅឧទ្យានជាតិព្រះជ័យនរោត្តម-ភ្នំគូលែន (អតីតដែនដីរាជធានីបុរាណ "មហិន្ទ្របពត៌") នៅតាមគោលដៅសំខាន់ៗមួយចំនួន ដោយមធ្យោបាយរថយន្ត ម៉ូតូ និងថ្នើរជើងរួមមាន៖ ១) សួនកេសរកូល សុខ អាន ២) ពើងតាខុ(ពើងជ្រួញ) ៣) ទឹកធ្លាក់ភ្នំគូលែន ៤) ស្ទឹងលិង្គ ១០០០ ៥) ព្រះអង្គធំ ៦) ស្នាក់ការឧទ្យានុរក្សខ្នងភ្នំ ៧) រមណីយដ្ឋានធីស័ក្តិ ៨) ទីតាំងថ្មដាប់ ៩) ទីតាំងបោះជំរំបេងមាលា ១០) ពើង ៧៥ ឬ Camps International site ១១) ភូមិខ្លាឃ្មុំ ១២) ប្រាសាទខ្លាឃ្មុំ ១២) ប្រាសាទក្រហម ១៣) សហគមន៍ទេសចរណ៍ពពេល ១៤) ពើងត្បាល់ ១៥) ប្រាសាទអារាមរោងចិន ១៦) ប្រាសាទអរផ្អុង ១៧) វត្តព្រះកាល ១៨) ល្អាងប្រចៀវ ១៩) ស្រះដំរី ២០) ប្រាសាទដំរីក្រាប និង២១) សហគមន៍ទេសចរណ៍ព្រៃធំអន្លង់ធំ.ក្រុមការងារក៏បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនគោកធ្លក អាជ្ញាធរស្រុក/ឃុំ មេភូមិ វិស័យឯកជន និងប្រជាសហគមន៍ ដើម្បីទទួលបានព័ត៌មាន ទិន្នន័យ និងបញ្ហាប្រឈមនានា សំដៅរួមគ្នាដោះស្រាយ និងរៀបចំពង្រឹងគុណភាពផលិតផល/សេវាកម្ម ធនធានមនុស្ស និងសម្បទាទ្រទ្រង់នានា សំដៅជំរុញការស្នាក់នៅរបស់ទេសចរជាតិ-អន្តរជាតិ ក្នុងខ្សែទស្សនកិច្ច៖ ភ្នំពេញ-ភ្នំគូលែន-ក្រុងសៀមរាប និងក្រុងសៀមរាប-ភ្នំគូលែន-ភ្នំពេញ និងភ្ជាប់ការទស្សនាទៅកាន់គោលដៅជុំវិញនានាផងដែរ។

ប្រាសាទភ្នំបាខែងជួសជុលបានពីរជាន់ហើយ និងបន្តជួសជុលពីរជាន់ទៀត

2025/05/16 10:45:59 pm        648
តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយ​អង្គការ​មូល​និធិ​ប្រាសាទ​ពិភព​លោក (World Monument Fund) អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុង​បន្ត​ការងារ​ជួសជុល​នៅ​តាម​ផ្នែក​ខ្លះ នៃប្រាសាទភ្នំបាខែង ជាពិសេស នៅផ្នែកខាងត្បូងឆៀងខាងលិច និងបន្តមក​ជួស​ជុល​នៅ​ផ្នែក​ខាងលិចជាបន្តទៀត។ លោក ជីវ ភិរម្យ វិស្វករគម្រោង ទទួលបន្ទុកការងារគ្រប់គ្រងបច្ចេកទេសជួសជុល និង​អភិរក្ស​នៅ​ប្រាសាទ​ភ្នំ​បាខែង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩មក កិច្ចការងារ​ជួសជុល​អភិរក្ស​នៅ​លើ​ប្រាសាទ​ភ្នំបាខែងបានដំណើរការជាបន្តបន្ទាប់។ ក្នុងនោះអំឡុងឆ្នាំ២០១៩មក ក្រុម​ការងារ​បាន​អនុវត្ត​គម្រោង​ជួសជុលនៅផ្នែកខាងត្បួងឆៀងខាងលិចនៃប្រាសាទនេះ មកដល់បច្ចុប្បន្ន​បាន​ជួស​ជុល​រួច​រាល់ បានចំនួន២ជាន់ហើយ(ជាន់ទី៣ និងជាន់៤) និងនៅសល់​ពីរ​ជាន់​ទៀត​(ជាន់​៥​និង​ជាន់​៦​)កំពុងរៀបចំកម្រាល និងជញ្ជាំងផ្នែកខាងត្បួង។ កិច្ចការ​ទាំង​នេះស​ម្រេច​លទ្ធ​ផល​បាន​ប្រមាណ​៨៥ភា​គរយហើយ ដោយគម្រោងនេះ គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២៥ខាងមុខ។ ក្រៅពីដំណើរការនៅផ្នែកខាងត្បូងឆៀងខាងលិចហើយនោះ ក្រុមការងារ​ក៏​កំពុង​បន្ត​ជួស​ជុល​មួយ​ផ្នែក​ទៀត គឺផ្នែកខាងលិច ដោយចាប់អនុវត្តនៅជាន់ទី៦ ទី៥ ទី៤ និងជាន់ទី៣។ ជាលទ្ធផល បាន​បញ្ចប់ការជួសជុលជញ្ជាំងនៅជាន់ទី៥ និងទី៤ ដោយបច្ចុប្បន្ន​កំពុង​រៀបចំ​ជញ្ជាំង​នៅ​ជាន់​ទី៦ និងជាន់ទី៣។ សូមជម្រាបថា ប្រាសាទភ្នំបាខែង ត្រូវបានកសាងនាដើមសតវត្សរ៍ទី១០ ក្នុង​រជ្ជកាល​ព្រះបាទ​យសោវរ្ម័ន​ទី១។ ប្រាសាទភ្នំបាខែងនេះ គឺជាទីប្រជុំនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់​រយ​នាក់​ក្នុង​មួយ​ថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាពនៅតំបន់អង្គរស្ទើរតែទាំងមូល៕

មហោស្រពសិល្បៈចម្រៀងសម័យទសវត្សរ៍ទី៦០ ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ ប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃនេះ

2025/05/14 07:32:05 pm        287
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងស.ស.យ.ក. ខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីប្រឡងចម្រៀងក្នុងមហោស្រពសិល្បៈចម្រៀងសម័យឆ្នាំ២០២៥ «ទសវត្សរ៍ទី៦០» ប្រកួតវគ្គផ្តាច់ព្រ័ត្រ នាវេលាម៉ោង១៧:៣០នាទី ដើម្បីស្វែងរកបេក្ខជន បេក្ខនារី ដែលមានទឹកដមសំឡេងពីរោះ ដើម្បីគ្រងជ័យលាភី។ ជ័យលាភី លេខ១ លេខ២ និងលេខ៣ ឯ៣រូបទៀតទទួលបានជ័យលាភីកិត្តិយស។លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់ BTV ព័ត៌មាន នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះថា គោលបំណងរៀបចំឲ្យមានមហោស្រពសិល្បៈចម្រៀងសម័យ “ទសវត្សរ៍ទី៦០” ទី១. ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងទី២. គឺជាការរំលឹកទៅដល់អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត ក៏ដូចជាតារាចម្រៀងប្រុស ស្រី ជាច្រើននាក់ផ្សេងទៀត នៅក្នុងអំឡុងទសវត្សរ៍ទី៦០។សម្លេង Motion: លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ....មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ រៀបចំនូវកម្មវិធីមហោស្រពសិល្បៈចម្រៀងសម័យ ដោយជ្រើសរើសយកបទចម្រៀងសម័យ ទសវត្សរ៍ទី៦០។ ទី១. គឺជាការចូលរួមថែរក្សា និងអភិរក្សសំនៀងមរតកដើម និងទី២. គឺបំផុសយុវជនជំនាន់ក្រោយឲ្យមានការចាប់អារម្មណ៍នូវចម្រៀងទសវត្សរ៍ទី៦០........(sound 01)សូមរំលេចឡើងវិញថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានដំណើរការរៀបចំមហោស្រពសិល្បៈចម្រៀងសម័យ “ទសវត្សរ៍ទី៦០” ឆ្នាំ២០២៥ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រឡងចំនួន៣៦រូប ស្រីចំនួន១៨រូប។ -នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ មន្ទីរបានរៀបចំការប្រឡងវគ្គជម្រុះ ដោយគណៈមេប្រយោគបានសម្រាំងជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន១៣រូប ស្រីចំនួន០៤រូប។ -នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ មន្ទីរបានរៀបចំការប្រឡងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយគណៈមេប្រយោគបានសម្រាំងជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន០៦រូប (ស្រី២រូប) សម្រាប់ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ -នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧:៣០នាទី មន្ទីរនឹងរៀបចំការប្រឡងវគ្គពផ្ដាច់ព្រ័ត្រ ស្វែងរកបេក្ខជន បេក្ខនារី ដែលមានទឹកដមសំឡេងពីរោះ ដើម្បីគ្រងជ័យលាភី។ ជ័យលាភី លេខ១ លេខ២ និងលេខ៣ ឯ៣រូបទៀតទទួលបានជ័យលាភីកិត្តិយស៕ អត្ថបទ៖ រដ្ឋា 

លោកជំទាវ ភឿង សកុណា អញ្ជើញ អធិបតីពិធីបិទ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ដល់យុវជន ខណៈសិស្សចំនួន ១១១ នាក់ទទួលបានលទ្ធផលសិក្សាដោយជោគជ័យ

2025/05/13 10:01:23 pm        439
ភ្នំពេញ៖ នៅថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤- ២០២៥ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៥- ២០២៦។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ មានការចែកជូនបណ្ណសរសើរចំពោះគ្រូជំនាញដូនតាចំនួន៥រូប និងវិញ្ញាបនប័ត្រជូនដល់សិស្សដែលបានបញ្ចប់វគ្គសិក្សាឆ្នាំ២០២៤-២០២៥ចំនួន៦២រូប។ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចមហាបវរធិបតី នាយករដ្ឋមន្រ្តី សំដៅដល់ការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា បង្កើតឱកាសការងារសម្រាប់យុវជន ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។ដើម្បីចូលរួមអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាអនុលោមតាមគោលនយោបាយជាតិវិស័យវប្បធម៌ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលផ្តល់អាទិភាពជាចម្បងក្នុងការអភិរក្ស ថែរក្សា និងលើកស្ទួយមរតកវប្បធម៌ជាតិ ឲ្យសិ្ថតស្ថេរគង់វង្ស ដើម្បីពង្រឹងអត្តសញ្ញាណនិងកិត្យានុភាពជាតិ ព្រមទាំងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របពេលលើកតម្កើនសុខុមាលភាព ជីវភាព និងបង្កើនចំនួនអ្នកបន្តវេនមរតកវប្បធម៌ជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំដាក់ឲ្យដំណើរជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២៤-២០២៥ បើកដំណើរការនៅក្នុងខេត្តចំនួន៦ ទីតាំងចំនួន១១ ថ្នាក់ចំនួន១៣ ជំនាញចំនួន៨ មានដូចជា៖ ខ្មុកស្មាច់, ចម្លាក់ថ្ម, ចម្លាក់ស្មិត, ចម្លាក់ស្បែក, តម្បាញក្រមាពណ៌ត្រុំ, តម្បាញសូត្រ និងស្មូនឆ្នាំង។ សិស្សចំនួន ១១១ នាក់ទទួលបានលទ្ធផលសិក្សាដោយជោគជ័យក្រោយពីការចុះវាយតម្លៃយ៉ាងល្អិតល្អន់របស់លេខាធិការដ្ឋានជំនាញវិជ្ជាជីវៈដូនតា ទៅតាមទីតាំងបណ្តុះបណ្តាលនីមួយៗ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំបើកដំណើរការថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនវគ្គ២ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ចំនួន២០ថ្នាក់៕

នាវាទេសចរណ៍ SEVEN SEA VOYAGER សញ្ជាតិ BAHAMAS ដឹកនាវិក និងភ្ញៀវទេសចរជាង១ពាន់នាក់ចូលទស្សនាខេត្តព្រះសីហនុ

2025/04/24 08:26:45 pm        166
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរទេសចរណ៍បានចូលរួមសហការជាមួយអាជ្ញាធរ និងវិស័យឯកជនទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍ SEVEN SEA VOYAGER សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង ២០៦.៥០ ម៉ែត្រ និងទទឹងប្រវែង ២៨.៨០ម៉ែត្រ ជំរៅទឹក ៧.១០ម៉ែត្រ ធ្វើដំណើមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៦:២០នាទីព្រឹក និងចេញទៅប្រទេសថៃ នៅវេលាម៉ោង១៧:០០ ថ្ងៃ ខែ ឆ្នាំដដែល មាន ភ្ញៀវទេសចរសរុប ៦០១នាក់ ស្រី ៣២១នាក់ មាន១៧សញ្ជាតិ នាវិកចំនួន ៤៥៥នាក់ ស្រី ៩៧នាក់ មាន៤៤ សញ្ជាតិ។ ភ្ញៀវទេសចរភាគច្រើនជនជាតិអាមេរិក ៤២២នាក់។ គោលដៅភ្ញៀវទេសចរទៅទស្សនាមានរមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដើម។ ទន្ទឹមនេះ មានភ្ញៀវមកពីខេត្តសៀមរាប ចេញតាមនាវា ចំនួន១៨នាក់ ស្រី៩នាក់ ១សញ្ជាតិ៕

ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរប្រមាណជិត ៣០ ម៉ឺននាក់ រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

2025/04/18 09:48:17 pm        487
រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាន និងសង្រ្កាន្តក្រចេះ ប៉ុន្មានជិត ៣០ ម៉ឺននាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានមានការកើនឡើងចំនួន ២៦.៤៣ ភាគរយ។នេះយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ។ យោងតាមរបាយការណ៍ ក៏បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី ១ ទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ៥៧.២៣៩ នាក់, ថ្ងៃទី ២ ចំនួន ៨២.៦៥៣ នាក់ និងថ្ងៃទី ៣ ទទួលបានភ្ញៀវទេសចរ ចំនួន ១៥៥.៨៤៣ នាក់ សរុបរួមរយៈពេលបីថ្ងៃ នៃពិធីចូលឆ្នាំប្រពៃណីជាតិទទួលបានភ្ញៀវទេសចរមកលេងកម្សាន្ត ចំនួន ២៩៥.៧៣៥ នាក់។ ជាមួយគ្នានោះដែរ អាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី លោក រីម បានឲ្យដឹងថា មុខម្ហូបល្បីប្រចាំនៅរមណីយដ្ឋានទឹកជួរកាំពី ដែលភ្ញៀវទេសចរណ៍និយមកម្មង់ញ៉ាំច្រើងជាងគេ ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ មានដូចជា ត្រីប៉ាសេអ៊ី ត្រីក្អែក ចាក់ច្រែង។ ជាពិសេស គឺមុខម្ហូប ចាក់ច្រែង តែម្តង ដោយសារ ចាក់ច្រែង ជារបស់កម្រ ហើយឆ្នាំនេះទឹកក៏ច្រើនពិបាករក ពុំសូវសំបូរដូចឆ្នាំមុនៗ។ រីឯ តម្លៃម្ហូបអាហារនៅទីនេះវិញ ពុំមានការតំឡើងតម្លៃ ឬឡើងថ្លៃឡើយ ដោយអនុវត្តទៅតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្ត បានកំណត់។ ដោយឡែក រោងទឹកវិញ តម្លៃគិត១កន្ទេល ៥ម៉ឺនរៀល អង្គុយលេងតាមសប្បាយ រហូតដល់ពេលភ្ញៀវត្រឡប់ទៅវិញ។ លោកក៏បានបញ្ជាក់ថា នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំនេះ ត្រី សាច់ មាន់ទា ក៏ដូចជា សម្ភារៈឥវ៉ាន់ផ្សេងៗ មានការឡើងតម្លៃ ប៉ុន្តែតម្លៃម្ហូបអាហារនៅរមណីយដ្ឋានទឹកជួរកាំពីវិញ មិនមានការឡើងថ្លៃឡើយសូមបងប្អូនកុំមានការយល់ច្រឡំ។ ជាងនេះទៅទៀត រដ្ឋបាលខេត្តក្រចេះ នៅបន្តរៀបចំសង្ក្រាន្តក្នុងទីរួមខេត្ត រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដើម្បីបន្តអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕ ដោយ សេង ម័រ

រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តទូទាំងប្រទេសជិត ២៤លាននាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤

2025/04/18 09:18:37 pm        368
ប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១.៨១៣.១៣៨ នាក់) ក្នុងនោះ៖- ភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់- ភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់។ដោយ តួលេខប្រចាំថ្ងៃ រួមមាន៖− ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៥.៦៨៥.២២៣ នាក់− ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៨.៣៦៥.៧២៤ នាក់− ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៩.៩២៦.៤៩៤ នាក់ក្នុងរយៈពេល០៣ថ្ងៃនេះ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥ រួមមាន៖− រាធានីភ្នំពេញ ២.៨៦៣.៩២២ នាក់− ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់− ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់− ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់− ខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនាដោយ រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។ជាក់ស្តែង- រាជធានីភ្នំពេញ មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ និងការលេងកម្សាន្តនៅ តាមផ្លូវថ្មើរជើងមាត់ទន្លេ- ខេត្តសៀមរាបមានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត- ខេត្តកំពង់ចាម មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាល ៣តានប្រវែង១ពាន់ម៉ែត្រ-ខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង និង-ខេត្តបាត់ដំបង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ជាដើម។ ដែលបានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងរាជធានី ខេត្ត របស់ខ្លួន ចូលរួមលេងកម្សាន្តពេញរយៈពេល៣ថ្ងៃនៃពិធីបុណ្យនេះ។ទន្ទឹងនឹងនេះ បណ្តាខេត្តផ្សេងៗ ក៏បានរៀបចំឱ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមស្រុកភូមិនានា ដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារនិងសេវាស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។ វិស័យឯកជនមានក្តីរីករាយ និងបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍន៍លើមាគ៌ាដ៏ត្រឹមត្រូវនៃវិស័យ ទេសចរណ៍កម្ពុជា។សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានាជារួម មានភាពល្អប្រសើរ ខណៈដែលកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្តបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន សិស្ស-និស្សិត និងកម្មករ កម្មការី មានសេចក្តីរីករាយ និងសូមថ្លែងអំណរគុណ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃសម្រាប់ការធ្វើដំណើរទៅមកស្រុកកំណើត៕

អាជ្ញាធរជាតិអប្សរា ត្រៀមភ្នាក់ងារទេសចរជាង៤០០នាក់ ទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥

2025/04/11 09:46:35 pm        599
នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះ មានក្រុមការងារភ្នាក់ងារទេសចរ ចំនួនជាង៤០០នាក់ ប្រចាំនៅគោលដៅចំនួន១៨សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានរៀបចំក្រុមការងារភ្នាក់ងារទេសចរនៅតាមគោលដៅសំខាន់ៗចំនួន១៨ ក្នុងរមណីយដ្ឋានអង្គរនេះ ដើម្បីជួយសម្រួលការធ្វើដំណើរតាមដងផ្លូវរបស់ភ្ញៀវទេសចរកុំឱ្យកកស្ទះចរាចរណ៍ ជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរដែលមានគ្រោះថ្នាក់ផ្សេងៗ រក្សាទុកសម្ភារភ្ញៀវទេសចរដែលភ្លេច ឬជ្រុះ ដើម្បីផ្តល់ជូនម្ចាស់ដើមវិញ។ ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចររូបនេះ បញ្ជាក់ថា ដើម្បីទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខក្រុមការងារភ្នាក់ងារទេសចរប្រចាំគោលដៅនីមួយៗបានសម្អាតបរិស្ថាន រៀបចំទីធ្លាចំណត ជួសជុលជណ្ដើរកម្រាល និងដំឡើងបង្កាន់ដៃឈើមួយចំនួន និងសម្អាតគ្រឿងបរិក្ខាតាមប្រាសាទ។ បន្ថែមពីនេះ មានក្រុមការងារភ្នាក់ងារទេសចរប្រចាំនៅតាមដងផ្លូវនៃគោលដៅទេសចរណ៍សំខាន់ៗ មានខ្លោងទ្វារទន្លេអុំ ខ្លោងទ្វារជ័យ និងខ្លោងទ្វារដីឆ្នាំងរបស់ក្រុងអង្គរធំ ដើម្បីជួយសម្រួល និងបញ្ជៀសចរាចរណ៍ កុំឱ្យកកស្ទះទៀតផង។អាជ្ញាធរជាតិអប្សរា សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប ដែលនឹងមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ សូមចូលរួមរក្សាអនាម័យក្នុងរមណីយដ្ឋានអង្គរ កុំពិសាគ្រឿងស្រវឹង ឬអាហារផ្សេងៗនៅក្នុងបរិវេណប្រាសាទបុរាណ។ ការធ្វើដំណើរកម្សាន្តក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវមានការយោគយល់អធ្យាស្រ័យគ្នា កុំបើកបរយានយន្តបញ្ច្រាសទិស និងចតនៅចំណតរក្សាសណ្តាប់រៀបរយ។ គោរពតាមក្រមប្រតិបត្តិអង្គរ ស្លៀកពាក់ឱ្យបានសមរម្យ ចៀសវាងការស្លៀកពាក់មិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រពៃណី និងវប្បធម៌របស់ជាតិខ្មែរ៕ 

សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈចាប់ផ្តើមនៅថ្ងៃនេះ ជាមួយទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះ

2025/04/01 09:11:53 pm        546
កម្មវិធីសង្រ្កាន្តសាលាមធ្យមវិចិត្រសិល្បៈ ចាប់ផ្តើមពីថ្ងៃទី១ និងទី២ ខែមេសានេះ ដោយមានការ សម្ដែងទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះ និងការតាំងពិព័រណ៍។ ពិធីបើកកម្មវិធីនេះ បានរៀបចំធ្វើឡើង នៅព្រឹកថ្ងៃទី១ ខែមេសា នេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានអ្នកចូលរួមពីមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិស្សា នុសិស្សសាលាមធម្យវិចិត្រសិល្បៈ ។នៅក្នុងពិធីបើកកម្មវិធីសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា បានថ្លែងអំណរគុណចំពោះគំរូវីរៈរបស់អ្នកគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ នៅសាលា មធ្យមវិចិត្រសិល្បៈ ដែលបានលៈបង់កម្លាំងកាយចិត្ត ក្នុងបណ្តុះបណ្តាលជំនាញសិល្បៈផ្សេងៗ នៅដល់យុវជនជំនាន់ក្រោយ។ លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួម លេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានប្រាប់BTVថា សង្ក្រាន្ត នៅសាលា មធ្យមវិចិត្រសិល្បៈ មានការសម្ដែងទស្សនីយភាពចម្រុះជាច្រើន ដូចជា ល្ខោនខោល ល្ខោនបាក់សាក់ ល្ខោននិយាយ លេងល្បែងប្រជាប្រិយ និងការប្រគំតន្រ្តីសម័យ ជាដើម។ លើសពីនេះ លោកបានអំពាវនាវ ដល់សាធារណជនអញ្ជើញចូលរួមលេងកម្សាន្តក្នុងសង្រ្កាន្តសាលាមធ្យមវិចិត្រសិល្បៈឲ្យបានច្រើនកុះករ។យុវជន បានបង្ហាញអារម្មណ៍រីករាយពេលបានចូលរួមក្នុងកម្មវិធីសង្រ្កាន្តសាលាមធ្យមវិចិត្រសិល្បៈ ដែលមានការរៀបចំតុបតែងលម្អយ៉ាងស្អាត ព្រមទាំងមានស្តង់លក់ម្ហូបអាហារផងដែរ ។ជាការកត់សម្គាល់ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលមកដល់ គេសង្កេតឃើញថា នៅតាម បណ្តាវត្តអារាម សាលារៀន ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងវិស័យឯកជននានា បានរៀបចំកម្មវិធី សង្ក្រាន្តយ៉ាងផុលផុស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ជាក់ស្តែងដូចជាសាលាមធ្យមវិ ចិត្រសិល្បៈ ជាដើម៕ អត្ថបទ៖ សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សានុសិស្ស និងនិស្សិត មកពីសាលារដ្ឋនិងឯកជន ស្វែងយល់អំពីឱកាសសិក្សានៅប្រទេសអូស្ត្រាលី
09/03/2026 09:09 PM
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
09/03/2026 07:09 PM
កងទ័ពអ៊ីរ៉ង់អះអាងពីការវាយប្រហារចុងក្រោយបង្អស់​ លើមូលដ្ឋានទ័ពអាមេរិក នៅកូវ៉ែត និងអារ៉ាប់រួម
09/03/2026 06:09 PM
មនុស្ស ៥នាក់ស្លាប់ ​នៅ​ពេល​ទូកដឹកជនអន្តោប្រវេសន៍ ត្រូវបានជួយសង្គ្រោះ នៅ​ម្ដុំប្រជុំ​​កោះ Canary របស់អេស្ប៉ាញ​
09/03/2026 06:09 PM
របាយការណ៍៖ ប៉ូឡូញកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញ «សកម្មភាពឈ្លានពាន»
09/03/2026 06:09 PM
WSJ៖ អឺរ៉ុបនៅសល់ជម្រើសតិចតួចដើម្បីដាក់សម្ពាធលើរុស្ស៊ី
09/03/2026 06:09 PM
ពលរដ្ឋប៉ាឡេស្ទីន៖ កងទ័ពអ៊ីស្រាអែលបានសម្លាប់យុវជនពីរនាក់នៅតំបន់វេសបែង
09/03/2026 06:09 PM
ប្រភព៖ អ៊ីរ៉ង់ប្រាប់​អាមេរិកកុំ​ឱ្យអ៊ីស្រាអែលធ្វើ​ការ​វាយ​ប្រហារ​ នៅ​តំបន់ជួរ​ភ្នំភាគខាងត្បូងលីបង់
09/03/2026 06:09 PM
តៃវ៉ាន់ស្នើបន្ថែម​ថវិកាការពារដែន​កោះ​ ៤,៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦
09/03/2026 06:09 PM
អាល្លឺម៉ង់បាន​កត់​ត្រាអ្នក​ស្លាប់​ខ្ពស់​បំផុត​ចំនួន​ ១៦.៣០០ករណី ទាក់ទងនឹងកម្ដៅ​
09/03/2026 06:09 PM