នាវាទេសចរណ៍បរទេសមួយគ្រឿងដឹកភ្ញៀវទេសចរ និងនាវិកជិត១ពាន់នាក់ចូលទស្សនកិច្ចនៅកំពង់ផែព្រះសីហនុ
អត្តពលិក ៥០ប្រទេស ត្រៀមចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ
ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៨ នៅម៉ាឡេស៊ី
ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ មានបេក្ខជនសរុប ១២០០នាក់ ខណៈមានបេក្ខជន​អាយុតិចជាងគេ ៦ឆ្នាំ និង​វ័យចាស់ជាងគេ ៨១ឆ្នាំ

វប្បធម៌ និងទេសចរណ៍

បណ្តាមគ្គុទេសក៍ទេសចរណ៍នាំគ្នាពង្រឹងគោរពក្រមសីលធម៌ខ្លួនក្រោយមានការណែនាំពីក្រសួង

2024/01/10 12:23:11 pm        64
ប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍រាជធានីភ្នំពេញ និងបណ្តាមគ្គុទេសក៍ទេសចរណ៍ បាន​សហការ​គា្ន​ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឲ្យបានល្អប្រសើរ ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​ស្រឡាញ់​ពេញចិត្ត ក្រោយពីក្រសួង​ទេសចរណ៍​បាន​ជូន​សេចក្ដី​ណែនាំ​ស្តីពី​ការ​ពង្រឹង​ការ​ប្រតិបត្តិ​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តជូនភ្ញៀវទេសចរអន្តរជាតិនានា។លោក ឈុន សំណាង ប្រធានសមាគមន៍ទេសចរណ៍ប្រចាំរាជធានីភ្នំពេញ ថ្លែងប្រាប់ BTV នៅថ្ងៃ​ទី១០ ខែមករានេះថា មគ្គុទេសក៍ទេសចរណ៍ គឺជាអ្នកដឹកនាំភ្ញៀវ បកប្រែ​ភាសា​ណែនាំ​ដើរ​កម្សាន្ត​នៅ​តាម​បណ្តា​គោលដៅទេ​សចរណ៍សំខាន់ៗនានា ដែលមានក្រមសីលធម៌វិជ្ជាជីវៈ របស់​ខ្លួន​ច្បាស់លាស់ ​ហើយថា កន្លងមកយើង​ក៏​បាន​ណែនាំ​មគ្គុទេសក៍​ទេសចរណ៍​យើង​ទាំង​អស់​ត្រូវ​គោរព​ក្រម​សីលធម៌វិជ្ជាជីវៈនេះ ដើម្បីបង្កើនភាពទាក់ទាញ និងការផ្តល់ក្តីស្រឡាញ់ពីភ្ញៀវ និង​ទាក់​ទាញ​ឲ្យគេមកទស្សនាកម្ពុជា ម្តងហើយចង់មកទស្សនាម្តងទៀត។បណ្តាប្រតិបត្តិករមគ្គុទេសក៍ទេសចរណ៍ថ្លែងថា អំឡុងពេលទេសចរណ៍កម្ពុជា កំពុង​ងើប​ឡើង​វិញ​ជា​បណ្តើរ​ៗនេះ យើងទាំងអស់គ្នាជាមគ្គុទេសក៍ទេសចរណ៍មានអាជ្ញាបណ្ណត្រឹមត្រូវ គឺ​បាន​ខិតខំ​គោរព​ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លាំងណាស់ ពិព្រោះបើយើងមិនគោរព គឺធ្វើ​ឲ្យ​ប៉ះពាល​ខូច​មាត់​ប្រទេសជាតិ ខូចទេសចរណ៍របស់កម្ពុជា។ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ថ្លែងថា ការងារមគ្គុទេសក៍​ទេសចរណ៍​បច្ចុប្បន្ន​មិន​មាន​បាតុភាព​អាក្រក់​កើត​ឡើង​នោះ​ទេ​ ហើយការចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពីកា​រ​ពង្រឹង​ការ​ប្រតិបត្តិ​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត គឺគ្រាន់តែ​ការ​ក្រើន​រំលឹក​ឲ្យ​មគ្គុទេសក៍​ទេសចរណ៍​ខិតខំ​ផ្តល់​សេវា​បដិសណ្ឋាកិច្ចល្អ ឲ្យភ្ញៀវស្រឡាញ់ចេញចិត្ត។សូមបញ្ជាក់ថា នៅក្នុងសេចក្តី​ដំណឹង​របស់​ក្រសួង​ទេសចរណ៍​បាន​ណែនាំ​មគ្គុទេសក៍​ទេសចរណ៍​ប្រតិបត្តិ​ការងារ​ ៨ចំណុច ដែលមានដូចជា ណែនាំឲ្យគោរពក្រមសីលធម៌វិជ្ជាជីវៈ មិនត្រូវ​ទាមទារ​ប្រាក់​កំរៃ​ក្រៅសេវាពីភ្ញៀវ ស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ មិនត្រូវដើរតួធ្វើជាការីទេសចរណ៍ ត្រូវ​ផ្តល់​ព័ត៌មានពិត និងត្រូវចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវ និងការ​ទប់ស្កាត់​បទ​ល្មើស​នានា​ក្នុងវិស័យទេសចរណ៍ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធចំពោះការផ្សព្វផ្សាយរឿងពុករលួយ​នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប

2024/01/10 12:06:59 pm        250
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​ធ្វើការបដិសេធ​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​អំពើ​ពុករលួយ​នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ នេះបើតាមសេចក្តី​បំភ្លី​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ចេញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។សេចក្តីបំភ្លឺ បានឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យឃើញថា កាលពីថ្ងៃទី៩ ខែ​មករា ឆ្នាំ២០២៤ មានទំព័រហ្វេសប៊ុកមួយឈ្មោះ The CEROC បាន​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​អាកាស​យានដ្ឋាន​អន្តរជាតិសៀមរាបថ្មី ដែលមានខ្លឹមសារចោទប្រកាន់ថា «មិនយក​អតិថិជន​ជា​ធំ​ទេ ​មើលចុះពួកគេអោយពិន្ទុទាបខ្លាំងណាស់រឿងពុករលួយ សេវាកម្មអត់ល្អ និងថែម​ទាំងផ្តាំ​អ្នក​ដទៃ​មិន​អោយឆ្លងកាត់ព្រលាននេះថែមទៀត» ។ពាក់ព័ន្ធទៅ​នឹងការចុះផ្សាយខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យឃើញថា ការ​បញ្ចេញ​មតិដែលបានចុះផ្សព្វផ្សាយនេះ មិនមានប្រភពព័ត៌មានច្បាស់លាស់ ហើយ​កាលបរិច្ឆេទ នៃ​ការ​បញ្ចេញមតិ​ទាំង​នេះភាគច្រើន​បាន​ផុសមុន​ពេលដែល​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ត្រូវបានបើកដំណើរការជាផ្លូវការទៅទៀត។សេចក្តីបំភ្លឺខាងលើ បញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់ស្តីពីអន្តោប្រវេសន៍យ៉ាងម៉ឺងម៉ាត់បំផុត និងបានធ្វើការក្រើន​រំលឹក​ជាញឹកញាប់​ដល់​មន្ត្រី​ក្រោមឱវាទនៅក្នុងកិច្ចប្រជុំនានា ជាពិសេសលើការគ្រប់គ្រងដំណើរចេញ-ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបាន​ណែនាំ​ឲ្យ​ដាក់ផ្លាក​ជា​ចំហអំពីតម្លៃទិដ្ឋាការនៅមុខទីតាំងផ្តល់ទិដ្ឋាការនៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា ដោយ​មាន​សរសេរជាភាសាអង់គ្លេស ដាក់នៅចំពីមុខបញ្ជរស្នើសុំទិដ្ឋាការជូនអ្នកដំណើរ និង​ភ្ញៀវ​បរទេស​ឲ្យ​បានឃើញច្បាស់ផងដែរ។បន្ថែមលើនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណដល់សាធារណជន និងអ្នក​ប្រើប្រាស់​បណ្តាញសង្គមគ្រប់ប្រភេទទុកជាមុន ចំពោះការចូលរួមផ្ដល់ព័ត៌មានសំដៅរួមចំណែក ជាមួយ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងន័យស្ថាបនា ដើម្បីកែលម្អចំណុចខ្វះខាត និង​លើក​កម្ពស់​កិត្យានុភាពជាតិ តាមរយៈការ​ចូលរួម​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​វិជ្ជមាន​ពី​កម្ពុជា​ ចៀសវាងផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន និងមិនពិត​ដែលបន្ត​ឱ្យមាន​ការ​ភ័ន្តច្រឡំ​ដល់​សាធារណជន និងភ្ញៀវបរទេសនានា៕ អត្ថបទ៖ សេក ឧត្តម 

កំណាត់ផ្លូវជាតិលេខ៧៦ ដែលបាក់ស្រុតត្រង់ចំណុចអូរងើយ បានស្ថាបនាក្រាលកៅស៊ូ និងបើកឱ្យធ្វើចរាចរណ៍វិញហើយ​

2024/01/05 09:31:29 am        360
កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បច្ចុប្បន្ននេះការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញ បានសម្រេចការងារក្រាលកៅស៊ូ DBST ប្រវែង ៤២៥ម បានលទ្ធផល១០០% និងបានបើក​ឱ្យធ្វើចរាចរណ៍ សម្រាប់រថយន្តគ្រប់ប្រភេទវិញបានហើយ។គួររំលឹកដែរថា ផ្លូវជាតិលេខ៧៦ (ស្នួល - សែនមនោរម្យ) មានប្រវែង ១២៧គ.ម ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២៕

ឆ្នាំ២០២៣ កម្ពុជាទទួលជើងហោះហើរអន្តរជាតិងើបឡើងវិញជិត ៥០ភាគរយ

2024/01/03 12:31:31 pm        320
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កម្ពុជា មាន​កំណើន​ជើង​ហោះហើរអន្តរជាតិងើបឡើងវិញបានប្រមាណ ៥០% បើប្រៀបធៀប​ចំនួន​ជើងហោះហើរ​ដឹក​អ្នក​ដំណើរ​អន្តរជាតិសរុប នៅឆ្នាំ២០១៩ មុនពេលមិនទាន់មានវិបត្តិកូវីដ១៩។ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បានថ្លែងប្រាប់ BTV នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះថា កំណើនជើងហោះហើរ ចាប់​ពី​ក្រោយ​​វិបត្តិកូវីដ១៩នេះពីមួយខែទៅមួយខែ គឺមានកំណើនការហោះហើរក្នុងរង្វង់ ៥% និង​ចំនួន​អ្នក​ដំណើរ​គឺ​មានកំណើនប្រមាណជាង ១០% ហើយកំណើនជើងហោះហើរ ឆ្នាំ២០២៣ កើន​៤៥% ប្រៀបធៀបឆ្នាំ២០២២។ ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ គឺមានក្រុមហ៊ុនអាកាសចរណអន្តរជាតិ បើក​ជើង​ហោះ​ហើរពីបណ្តាប្រទេសនានា មកកាន់រាជធានីភ្នំពេញគឺមានកំណើនប្រមាណ៨៧% ក្នុង​នោះ​មានក្រុមហ៊ុនបើកជើងហោះហើរចំនួន២៨ក្រុមហ៊ុន មានកំណើន​ជើង​ហោះ​ហើរ​ក្នុង​មួយ​ថ្ងៃ​មួយ​ៗ​មាន​រង្វង់១២០ជើង និងមានអ្នកដំណើរអន្តរប្រមាណ ១៤០០នាក់ ខណៈឆ្នាំ​២០១៩ គឺ​មាន​ចំនួន​ហោះហើរប្រមាណ២៧០ជើង និងមានអ្នកដំណើរប្រមាណ១៦០០នាក់ក្នុងមួយថ្ងៃ។ដោយឡែកសម្រាប់អាកាសយន្តដ្ឋានអន្តរជាតិខេត្តសៀមរាប ដែល​ទើប​នឹង​ចាប់​ផ្តើម​បើក​ដំណើរ​ការ​នៅ​ពេល​ថ្មីនេះ នៅក្នុងឆ្នាំ២០២៣ គឺចំនួនជើងហោះហើរបាន​ងើប​ឡើង​វិញ​បាន​ប្រមាណ​ជាង​៤០%​ ក្នុ​ងនោះមានក្រុមហ៊ុន បើកជើងហោះហើរចំនួន១០ក្រុមហ៊ុន មានជើង​ហោះហើរ​សរុប​ជិត​៥០​ជើង​ក្នុងមួយថ្ងៃៗ និងមានអ្នកដំណើរប្រមាណ៤៥០០នាក់ក្នុងមួយថ្ងៃៗ ខណៈកាលពី​ឆ្នាំ២០១៩ គឺមានក្រុមហ៊ុនបើកជើងហោះហើរចំនួន៤០ក្រុមហ៊ុន មានជើងហោះហើរ​ចំនួន​១០០​ជើង និងមានអ្នកដំណើរប្រមាណជាង១០០០០នាក់ក្នុងមួយថ្ងៃ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បន្តថា ដោយឡែកសម្រាប់តែអាកាសយានដ្ឋានអន្តរជាតិកងកេង នៅខេត្តព្រះសីហនុ គឺ​បាន​ងើប​ឡើង​វិញ​បានប្រមាណតែរង្វង់២ជើងក្នុងមួយថ្ងៃៗ៕ អត្ថបទ៖ ស៊ុម សុខជា 

ថ្ងៃរាប់ថយក្រោយឆ្លងឆ្នាំ ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិជិត៤០ម៉ឺនាក់

2024/01/01 01:37:50 pm        414
មន្ត្រីជំនាញបានលើកឡើងថា ព្រឹត្តិការណ៍ឆ្លងឆ្នាំ២០២៣ ចូល២០២៤ ភ្ញៀវទេសចរ បាន​នាំ​គ្នា​ចេ​ញ ដើរកម្សាន្តតាមបណ្តាខេត្តច្រើនជាងឆ្នាំមុនៗ ក្នុងខេត្តកំពត សម្រាប់​តែ​ថ្ងៃ​ Count Down ឆ្លង​ឆ្នាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកកម្សាន្តជិត៤០ម៉ឺននាក់។ ហើយភ្ញៀវទេសចរ និង​អាជីវករ បានបង្ហាញ អារម្មណ៍សប្បាយរីករាយ និងនិយាយថារដ្ឋបាលខេត្តរៀបចំបានស្អាតប្លែក ធ្វើ​ឲ្យ​ទេចរសប្បាយរីករាយ កក់ក្ដៅក្នុងចិត្តយ៉ាងខ្លាំង។ ប្រធានមន្ទីរទេសណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ចង្អុលបង្ហាញ និងដឹកនាំដោយផ្ទាល់ពី សំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុ​ង​ការ​រៀបចំតុបតែងកែលម្អសោភ័ណភាពក្រុង ពិសេសការអភិវឌ្ឍន៍តំបន់ឆ្នេរ និង​កម្ម​វិធី​កម្សាន្ត​សប្បាយ​ច្រើន​ផងនោះ បានធ្វើឲ្យព្រឹត្តិការណ៍ឆ្លងឆ្នាំនៅខេត្តកំពត មានភាពអធឹកអធម គគ្រឹក​គគ្រេង ពោពេញដោយភាពសប្បាយរីករាយក្រៃលែង។ លោកប្រធានមន្ទីរបានប្រាប់ឲ្យដឹងថា សម្រាប់​ថ្ងៃទី៣១ ខែធ្នូ (ថ្ងៃCount Downឆ្លងឆ្នាំ)ខេត្តកំពត មានទេសចរសរុបចំនួន៣៨៦ ៤៨៨ នាក់ ក្នុងនោះ ៖ ភ្ញៀវទេសចរកំសាន្តតាមរមណីយដ្ឋាន សហគមន៍​ទេសចរណ៍​នានា​សរុប​ចំនួន ៥៦ ៤៨៨ នាក់ (ភ្ញៀវអន្តរជាតិចំនួន២៤៨៨នាក់) ខណៈដែលភ្ញៀវទេសចរជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ ចូលរួមកំសាន្តសប្បាយកម្មវិធីរាប់ថយក្រោយ(Count Down) ក្នុង​ក្រុង មានចំនួនសរុប ៣៣០ ០០០នាក់ (ភ្ញៀវទេសចរអន្តរជាតិចំនួន១៥០០នាក់ )។ភ្ញៀវ​ទេសចរមកពីរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយរបស់ខ្លួនថា ពួក​គាត់​សម្រេចចិត្តមកលេងខេត្តកំពត ពិតជាមិនខុសបំណងទេ កំពតមានកន្លែងដើរលេងច្រើន ហើយ​ការរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំបានស្អាត មានសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព អនាម័យ​បរិស្ថាន​ល្អ សេវាកម្មផ្សេងៗមានតម្លៃសមរម្យ អ្នកដែលខកខាន​មិន​បាន​មក​ឆ្លង​ឆ្នាំ​នៅ​ខេត្ត​កំពត​ពិត​ជា​ស្តាយ​ក្រោយ។ តំណាងអាជីវករលក់ដូរ និងម្ចាស់ទូកទេសចរណ៍ដឹកភ្ញៀវកម្សាន្តតាមដងព្រែកកំពង់បាយ បាន​ប្រាប់​ឲ្យ​ដឹងដែរថា រយៈពេលពីរថ្ងៃ(៣០ និង៣១ ខែធ្នូ)នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​មក​លេង​កំពត​ច្រើន​ខ្លាំង ទូកទេសចរណ៍ក៏មានអ្នកមកជិះច្រើនដែរ។ អាជីវកររូប​នេះ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាល ពិសេសឯកឧត្តមអភិបាលខេត្ត ដែលលោកតែងតែគិតគូរដល់សុខទុក្ខ និង​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ តាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្ត ថាព្រឹត្តិការណ៍ឆ្លងឆ្នាំ(២០២៣ ចូល២០២៤) បាន​ព្រឹត្តិទៅល្អប្រសើរ មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកក់សំគាល់នោះឡើយ ហើយ​បើ​ទោះ​ជា​មាន​ទេសចរ​មកលេងពេញក្រុងកំពត និងគ្រប់គោលដៅទេសចរណ៍ និងរមណីយដ្ឋាន​យ៉ាង​ណា​ក៏​ដោយ​ រដ្ឋបាលខេត្តនៅតែរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានការ​កក​ស្ទះ​ចរាចរណ៍ ធ្វើឲ្យភ្ញៀវទេចរមានទទួលបានភាពសប្បាយរីករាយ និងកក់ក្តៅក្នុងចិត្តយ៉ាងខ្លាំង៕ អត្ថបទៈ អន សារឹម

ថ្ងៃឆ្លងឆ្នាំសកលមានយានយន្តជិត ៣ម៉ឺនគ្រឿង ធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

2024/01/01 10:41:30 am        448
ពេញមួយថ្ងៃនៃថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំសកល មាន​យានយន្ត​ជិត​៣ម៉ឺន​គ្រឿង​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ពេញមួយថ្ងៃនៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលជាថ្ងៃមានការ​ធ្វើ​ដំណើរ​សម្រាប់​ការ​កម្សាន្ត​នានា​ក្នុង​ពេល​ឆ្លង​ឆ្នាំសកល ២០២៣ ឈានចូលឆ្នាំ២០២៤ ការធ្វើចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ មាន​ភាពមមាញឹកច្រើន ដែលមានយានយន្តចំនួន ២៨,៨៦១ គ្រឿង​បាន​ធ្វើ​ដំណើ​រលើ​ផ្លូវ​ល្បឿនលឿននេះ ដែលចំនួននេះគឺមានការកើនឡើងប្រមាណ ១ម៉ឺនគ្រឿង ខណៈ​ដែល​ថ្ងៃ​អាទិត្យ​ធម្មតាជាទូទៅមានចំនួនយានយន្តប្រមាណ ១ម៉ឺន៩ពាន់គ្រឿងធ្វើដំណើរ។ នេះ​បើ​តាម​ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ។ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ គឺជា​ខែ​ដែល​មាន​ចរាចរណ៍​ខ្ពស់​ជាងគេ ក្នុងឆ្នាំ ២០២៣ ដែលមានចំនួនរហូតដល់ទៅ ៤៥,៨ម៉ឺនគ្រឿង។ ឯកឧត្តម​បញ្ជាក់ថា បើគិតមួយឆ្នាំពេញនៃឆ្នាំ២០២៣ គឺមានយានយន្តជាង ៤,៩លាន​គ្រឿង​បាន​ធ្វើ​ចរាចរណ៍​លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជា​ការ​ធ្វើ​ចរាចរណ៍​ទៅ​មក​សម្រាប់​ភ្នំពេញ-​កំពង់ស្ពឺ ភ្នំពេញ-ស្រែអំបិលនៃខេត្តកោះកុង និងភ្នំពេញ-ព្រះសីហនុផ្ទាល់។ ជាមួយ​គ្នា​នេះក្នុ​ងនាមក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បាន​អំពាវ​នាវ​ដល់​អ្នក​ដែល​ធ្វើដំណើរលើ​ផ្លូវល្បឿនលឿនទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ កុំបើកបញ្ច្រាស ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ សូមបើក​តាមល្បឿនកំណត់ និង​មិន​លើស​ល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អតីតតំបន់សង្គ្រាមនៅភ្នំគូលេនខេត្ដសៀមរាប ក្លាយជាកន្លែងលំហែរកម្សាន្តធម្មជាតិ សម្រាប់អ្នកទេសចរ

2023/12/31 03:31:03 pm        718
សៀមរាប៖ អតីតជាតំបន់សង្គ្រាមនៅភ្នំគូលែន ខេត្ដសៀមរាប ក្លាយជាកន្លែងលំហែរ​កម្សាន្ត​ដ៏​ល្អ​ប្រណិត សម្រាប់អ្នកទេសចរចូលចិត្ដទស្សនាបែបធម្មជាតិ ជាពិសេស​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ២​០២៣​ឈានចូលឆ្នាំ២០២៤នេះ។ តំបន់ទេសចរណ៍នេះ មានឈ្មោះថា ស្ពានពស់អូរមានជ័យ ស្ថិត​នៅ​ជើងភ្នំគូលែន ស្រុកស្វាយលើ ដែលមានចំង៉ាយប្រមាណ៧០គីឡូម៉ែត្រពីខេត្ដសៀមរាប ។លោក យ៉ាត សាយ័ន អ្នកគ្រប់គ្រងតំបន់ទេសចរណ៍ស្ពានពស់ អូរមានជ័យ មានប្រសាសន៍ថា តំបន់​ទេសចរណ៍នេះ បានបង្ហាញសម្រស់ធម្មជាតិ ដែល​គ្រប់​ដណ្ដប់​ទៅ​ដោយ​វាល​ស្មៅស​ម្រស់​ជើង​ភ្នំគូលែន មានខ្យល់អាកាសល្អបរិសុទ្ធ សម្រាប់​ក្លាយជាជ​ម្រើស​លំហែរ​កាយ​ដ៏​ទាក់​ទាញរ​បស់​អ្នក​ទេសចរ​ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះ ក៍ដូចជាការដើរ​កំសាន្ដ​អ្នក​ទេសចរ​ដែល​ស្រលាញ់​បែប​ទេសចរណ៍​ធម្មជាតិ។លោកបន្ដថា នៅតំបន់នេះ អតីតជាតំបន់សង្គ្រាម ប៉ុន្ដែដោយសារប្រទេសជាតិមានសុខសន្ដិភាព លោក​បានអភិវឌ្ឍន៍ឱ្យទៅជាតំបន់ទេសចរណ៍ដ៍ប្រណិត ដោយមានកន្លែងបោះតង់ ភោជនីយដ្ឋាន ការជិះកង់លើស្ពានពស់ ថតរូបព្រីវីឌីង អមទៅដោយធម្មជាតិស្រស់បំព្រង ជាពិសេស​នៅរដូវវស្សា ដែលអាចមើល​ឃើញ​ដល់​ទិដ្ឋភាព​ខៀវស្រង៉ាត់​នៃ​ជើង​ភ្នំគូលែន​។​ ជាមួយ​គ្នា​នេះ​ ការអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់ទេសចរណ៍ទាក់ទាញនេះ ដើម្បីបង្កើត​ឱ្យ​កាស​ការងារ​ដល់​ប្រជា​ពលរដ្ឋ មានប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុក ជាពិសេស​បង្កើត​ដើម្បី​ឱ្យ​អ្នក​ទេសចរ​ដែល​ចូល​ចិត្ដបែប​ធម្មជា​តិ​ទៅ​កំសាន្ដ​សប្បាយ​មិ​ន​ថា​ថ្ងៃ​បុណ្យ​ឬ​ថ្ងៃ​ឈប់​សំរាក​ថ្ងៃ​សៅរ៍​ថ្ងៃអាទិត្យនោះទេ។លោក យ៉ាត សាយ័ន ជាអ្នកគ្រប់គ្រង បានលើកឡើងថា សម្រាប់ថ្ងៃឆ្លងឆ្នាំសកលនេះ តំបន់​ទេសចរណ៍​ស្ពានពស់អូរមានជ័យ មានភ្ញៀវទេសចរ​ជាច្រើន​បាន​ទំនាក់​ទំនង​មក​កក់​បន្ទប់​ស្នាក់នៅ និងកក់ម្ហូបអាហារ សម្រាប់ជួបជុំកម្សាន្ត ប្រកបដោយភាពសុខសាន្ដ មានសុខសន្ដិភាព ។ លោក​បន្ដថា ស្រុកស្វាយលើ ខេត្ដសៀមរាប មានអភិវឌ្ឍន៍តំបន់ទេសចរណ៍ជាច្រើន កន្លែង ដោយ​អ្នកទេសចរអាចទៅទស្សនានៅស្ពានពស់ ប្រាសាទបឹងមាលា ភ្នំគូលែន ប្រាសាទកោះកេរ និង​ទី​កន្លែងជាច្រើនទៀត ដែលអាចធ្វើដំណើរតាមផ្លូវជាតិលេខ៦៤ តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៦​ត្រង់​ចំណុច​ស្រុក​សូទ្រនិគមខេត្ដសៀមរាប៕

រដ្ឋបាលខេត្ដព្រះសីហនុ រំពឹងនឹងមានភ្ញៀវទេសចរច្រើនមកលេងកម្សាន្ដឆ្លងឆ្នាំសកល

2023/12/31 12:23:25 pm        280
រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមរួចស្រេចក្នុងការធានាសុន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ដ និងស្នាក់នៅលម្ហែ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បី​អបអរ​សាទរ​ពិធីបុណ្យឆ្លងឆ្នាំសកល ២០២៣-២០២៤ នៅក្នុងខេត្ដព្រះសីហនុ ដោយសុវត្ថភាព និងក្ដីរីករាយ “ឆ្នាំថ្មី ជ័យជំនះថ្មី សិរីសួស្ដី” ។ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ បង្ហាញពីភាពជឿជាក់ថា ទោះបីរដ្ឋបាលខេត្ត មិន​បាន​រៀបចំ​កម្ម​វិធី ឬព្រឹត្ដិការណ៍អ្វីធំដំនោះទេ តែរដ្ឋបាលខេត្ដ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំង​កិច្ច​សហការ​ពី​វិស័យ​ឯកជន បានត្រៀមជាស្រេចក្នុងរៀបចំតុបតែងលម្អទីប្រជុំជនក្នុងក្រុង និងកម្មវិធី​កម្សាន្ដ​មួយ​ចំនួន​ដែល​វិស័យឯកជនរៀបចំ ដូចជាការប្រគុំតន្ដ្រី ស្ដង់តាំងពិព័រណ៍ពាណិជ្ជកម្ម ។ល។ ទន្ទឹមនឹងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដព្រះសីហនុ បានចាត់​ចែង​បែង​ចែក​កម្លាំង​សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដាក់ពង្រាយកម្លាំងតាមគោលដៅទេសចរណ៍ រម្មនីយដ្ឋាន និង​តាម​តំបន់ឆ្នេរសមុទ្រទាំងនៅលើគោក និងតំបន់ដីកោះ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ធានា​បាននូវសុវត្ថិភាពសន្ដិសុខល្អជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​។ខេត្ដព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធល្អ ធនធានធម្មជាតិសម្បូរបែប រម្មនីយដ្ឋានធម្មជាតិ និង​រមណីយដ្ឋានកែច្នៃជាច្រើន ប្រព័ន្ធគមនាគមន៍សម្បូរបែប បានផ្ដល់ជម្រើសសម្រាប់ពលរដ្ឋ និង​ភ្ញៀវ​អាច​ធ្វើដំណើរចេញ-ចូលខេត្ដព្រះសីហនុ ដោយសេរី ពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ដ​ព្រះសីហនុ។ ខេត្ដ មានឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកវែងជាងគេ ប្រវែងជាង ១៧៥​គីឡូ​ម៉ែត្រ មានកោះតូចធំ ៣០កោះ និងថ្មប៉ប្រះទឹកចំនួន ០២ ដែលមានឆ្នេរខ្សាច់សល្អស្អាត ជាមួយ​នឹង​ធន​ធានធម្មជាតិសមុទ្រ អាចឱ្យពលរដ្ឋ ឬភ្ញៀវទេសចរ អាចជិះទូកស្ទូចត្រី មុជទឹកមើលផ្កាថ្ម មុជទឹកមើលសួនធម្មជាតិបាតសមុទ្រ ។ល។ អត្ថបទៈ គង់ ប៊ុនថា 

នាវាទេសចរណ៍បរទេសមួយគ្រឿងទៀត ផ្ទុកទេសចរជិត ១.០០០នាក់ ចូលចតធ្វើទស្សនកិច្ចក្នុងខេត្ដព្រះសីហនុ នៅព្រឹកនេះ

2023/12/29 09:31:54 am        194
នាវាទេសចរណ៍បរទេសមួយគ្រឿងទៀត ដែលមានផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ៩៥៩នាក់ បានចូលចតនៅកំពង់ ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែធ្នូ នេះ ដើម្បីធ្វើ​ទស្សន​កិច្ច​នៅ​ខេត្ដព្រះសីហនុ រយៈពេល១ថ្ងៃ មុនចាក ចេញទៅវិញនៅយប់នេះ ។នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវា​​ដែល​ចូលចតថ្ងៃនេះ មានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បាន​ធ្វើ​ដំណើរ​មក​ពីប្រទេសថៃ ដែលមានផ្ទុកអ្នកដំណើរ ចម្រុះជាតិសាសន៍ ហើយជាតិ​សាសន៍​ដែល​ច្រើន​ជាង​គេ គឺសញ្ជាតិអាមេរិក និងអូស្រ្ដាលី ។មួយរយៈពេល​ចុងក្រោយនេះ បន្ទាប់ពីវិបត្ដិជំងឺកូវីដ-១៩បានបញ្ចប់ មាននាវាទេសចរណ៍បរទេស បាន​ចូលចតជាបន្ដ បន្ទាប់នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សន​កិច្ច​ក្នុង​ខេត្ដ​ព្រះសីហនុ និងព្រះរាជាណាចក្រកម្ពុជា។ការចូលចតនាវាទេសចណ៍ បានផ្ដល់​ឱកាស​ឱ្យ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​បាន​ទស្សនា​ពី​វឌ្ឍនភាព​ខេត្ដព្រះសីហនុ្ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និង​ធន​ធាន​ធម្មជាតិ​ដ៏​សម្បូរបែបរបស់ខេត្ដព្រះសីហនុ ដែល អាចឱ្យភ្ញៀវទេសចរ បន្ដផ្សព្វផ្សាយ​ពី​ខេត្ដ​ព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ សម្រាប់លើក កម្ពស់​វិស័យ​ទេសចរណ៍ឡើងវិញ ៕

នាវាទេសចរណ៍បរទេសផ្ទុកអ្នកដំណើរជាង ១០០០នាក់ ចូលចតធ្វើទស្សនកិច្ច ក្នុងខេត្ដព្រះសីហនុ

2023/12/26 10:49:54 am        1774
នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជាង១០០០នាក់ បាន​ចូលចត​នៅ​កំពង់ផែ​ស្វយ័ត​អន្ដរជាតិ​ក្រុង​ព្រះសីហនុ នៅថ្ងៃទី២៦ធ្នូនេះ ដើម្បីធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ មុន​​ចេញ​ដំណើរ​បន្ដទៅប្រទេសវៀតណាម នៅយប់ថ្ងៃដដែលនេះ ។នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវា​ដែលចូលចតថ្ងៃនេះ មានឈ្មោះ UASCO DA GAMA សញ្ជាតិ Portugal បានធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ ដែលមានផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ចំនួន១១០០នាក់ ក្នុងនោះ មាននាវិក ចំនួន ៤៩១នាក់ ជាតិសាសន៍ដែលច្រើនជាងគេ គឺសញ្ជាតិអាល្លឺម៉ង់ ។ នាវានេះ នឹង​ចាក​ចេញ​ពី​កំពង់ផែ​ស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ បន្ដដំណើរទេសចរណ៍ទៅកាន់ប្រទេសវៀតណាម នៅ​យប់​ថ្ងៃ​នេះ។លោកវរសេនីយ៍ បានបន្ដថា ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាស​ឱ្យ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​បានទស្សនា ពីវឌ្ឍនភាពខេត្ដព្រះសីហនុ្ និងបានស្វែងយល់​ពី​វប្បធម៌​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាមួយនឹងធនធានធម្មជាតិដ៏សម្បូរ បែបរបស់ខេត្ដ ដែលនឹងអាចឱ្យភ្ញៀវទេសចរ បន្ដ​ផ្សព្វផ្សាយពីខេត្ដព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា ក្នុងការទាក់ទាញ ភ្ញៀវទេសចរ សម្រាប់​លើក​កម្ពស់​វិស័យទេសចរណ៍នៅកម្ពុជា។ ម្យ៉ាងវិញទៀត ការចូលចតនេះ បានផ្ដល់អត្ថ​ប្រយោជន៍ មួយចំនួនដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេស​អ្នក​រត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ជាដើម ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥
01/24/2025 10:01 PM
លោក Medvedev ៖ ពលរដ្ឋរុស្ស៊ី ៤៥ម៉ឺននាក់ ចុះហត្ថលេខាលើកិច្ចសន្យាបម្រើកងទ័ពក្នុងឆ្នាំ ២០២៤
01/24/2025 08:01 PM
នគរបាលអេស្ប៉ាញ អូសនាវាមុជទឹកសង្ស័យដឹកគ្រឿងញៀន មកកាន់កំពង់ផែ
01/24/2025 08:01 PM
ការប្រយុទ្ធគ្នាដោយអាវុធ បានផ្ទុះឡើងនៅជិតរថយន្តដឹកជំនួយខូច ក្នុងទីក្រុង Rafah តំបន់ហ្កាហ្សា
01/24/2025 07:01 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តកោះកុង ដឹកនាំនិស្សិតអាហារូបករណ៍ អ.ម.ត ធ្វើសកម្មភាពសប្បុរសធម៌
01/24/2025 07:01 PM
ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ២៥នាក់ ខណៈអាកាសធាតុអាក្រក់រារាំងដល់ការជម្លៀស
01/24/2025 07:01 PM
UN៖ ជនប៉ាឡេស្ទីនយ៉ាងហោច ១២នាក់ ត្រូវបានសម្លាប់នៅតំបន់វ៉េសប៊ែងចាប់តាំងពីថ្ងៃអង្គារ
01/24/2025 07:01 PM
KOICA សន្យាផ្តល់ហិរញ្ញប្បទានចំនួន ១១,៧លានដុល្លារ សម្រាប់កំណែទម្រង់អភិបាលកិច្ច និងការកសាងសមត្ថភាពនៅសាលាភូមិន្ទរដ្ឋបាលកម្ពុជា
01/24/2025 07:01 PM
សម្ដេចធិបតីលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា» ដើម្បីផ្សព្វផ្សាយអរិយធម៌ខ្មែរ និងទាក់ទាញទេសចរ
01/24/2025 07:01 PM
មនុស្ស ៨នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះរោងចក្រយុទ្ធភ័ណ្ឌនៅភាគខាងលិចប្រទេសឥណ្ឌា
01/24/2025 07:01 PM