BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរបន្ទាយមានជ័យ នឹងចាក់វ៉ាក់សាំងកុមារពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចុងសប្ដាហ៍នេះ

2021/09/16 11:48:25 am        327
ភ្នំពេញ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានកំណត់ពេលវេលាច្បាស់លាស់ហើយ ដើម្បីចាក់វ៉ាក់​សាំងការពារឆ្លងជំងឺកូវីដ១៩ ចំពោះកុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅ៩ក្រុង-ស្រុក ទូទាំងខេត្ត ដោយដំណើរការចាក់ នឹងចាប់ផ្ដើម ពីថ្ងៃទី១៨ ខែកញ្ញា គ្រោងនឹងបញ្ចប់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានមាន​ប្រសាសន៍​ថា សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ នៅទូទាំងខេត្ត គ្រោងនឹងទទួល​វ៉ាក់​សាំង​ការពារឆ្លងជំងឺកូវីដ១៩ មានចំនួន ៩៣ ៣៩២នាក់ (ស្រី ៤៥ ៧៨១នាក់) ខណៈទីតាំងដែល​ត្រូវចាក់ ក៏បានកំណត់រួចរាល់ហើយដែរ ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ទីកន្លែងដែលចាក់វ៉ាក់សាំង មាននៅតាមមណ្ឌលសុខភាពតាមឃុំ-សង្កាត់ របស់ក្រុង-ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ ហើយពេលមកចាក់ ត្រូវមានភ្ជាប់​ជាមួយ​សំបុត្រ​កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ​ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់ផ្សេងៗ​ពីអាជ្ញាធរមូលដ្ឋាន ។ ការចាក់វ៉ាក់សាំងនេះ ត្រូវមានមាតា បិតា ឬអាណាព្យាបាលនាំកុមារ មក​​ទទួល​វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ហើយការចាក់នេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត និង​មិនមាន​បង់ថវិកាឡើយ ។ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាមាតា បិតា និង​អាណាព្យាបាលសូមចូលរួមនាំកុមារមានអាយុចាប់ពី៦ ដល់ក្រោម១២ឆ្នាំ ទៅទទួលវ៉ាក់សាំង​ការពារ​ឆ្លងជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា និងសូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ។ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាកថា ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បាន​​ចាក់​វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ពលរដ្ឋចាប់ពីអាយុ១២ឆ្នាំ រហូតដល់អាយុលើ១៨ឆ្នាំ បាន​ចំនួនជាង ៤៧ម៉ឺននាក់ ស្មើនឹង ៧៥ភាគរយ ខណៈផែនការដែលត្រូវចាក់ទូទាំង​ខេត្តមានចំនួនជាង ៦៣ម៉ឺននាក់ ៕អត្ថបទ ៖ សុខរិទ្ធ

អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុរ (កសិ្សណ) ប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល

2021/09/15 01:21:34 pm        609
សៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ព័ន្ធកំាជណ្តើរច្រាំងកសិន្ធុរ (កសិ្សណ) ខាងលិច ផ្នែកខាងត្បូងនៃស្ពានហាលប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុក ដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភណ្ឌភាពស្រស់ស្អាតបន្ថែម នៃប្រាសាទអង្គរវត្ត។ នេះបើយោងតាមការបញ្ចេញឲ្យដឹងពីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។លោក ម៉ៅ សុខនី​ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណ​វិទ្យាបង្ការ បានឱ្យដឹងថា គម្រោងជួសជុលនេះ មានប្រវែងសរុប ២០០ម៉ែត្រ ដោយចែកចេញជា ៣ដំណាក់កាល និងប្រើប្រាស់ពេលវេលាជួសជុលប្រមាណជា៣ឆ្នាំ។គួររំឭកដែរថា ច្រាំងកសិន្ទុរ(កសិ្សណ)ប្រាសាទអង្គរវត្តនេះ ក៏ធ្លាប់មានប្រវត្តិបានធ្វើការជួសជុល​ជាច្រើន​ដងរួចមកហើយដែរ ដោយសាលាបារាំងចុងបូព៌ា អ្នកជំនាញការអ៊ីតាលី និងអ្នកជំនាញការប្រទេសឥណ្ឌា៕អត្ថបទ ៖ គឹមឡេង 

សិស្សនៅភ្នំពេញថា ការសិក្សាផ្ទាល់ជាមួយគ្រូ ធ្វើឲ្យយល់ដឹងច្រើន ជាងរៀនតាមអនឡាញ

2021/09/15 12:40:23 pm        595
ភ្នំពេញ ៖ សិស្សានុសិស្សនៅរាជធានីភ្នំពេញ បានលើកឡើងថា ការសិក្សាផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ បានធ្វើឲ្យពួកគេបានយល់ដឹងមេរៀនច្រើន ជាងការសិក្សាតាមរយៈអនឡាញ ព្រោះការសិក្សាតាមប្រព័ន្ធអ៊ីនធឺណេត មានការរំខានច្រើន និងមិនបានគ្រប់ជ្រុងជ្រោយ ។ក្នុងថ្ងៃបើកដំណើរការសិក្សាឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សិស្សានុសិស្សនៅ​វិទ្យាល័យ​ទួលអំពិល ស្ថិតនៅក្នុងខណ្ឌដង្កោ បានឲ្យដឹងថា ពួកគេពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ដែលរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ឲ្យសិស្សចូលរៀនក្នុងសាលាឡើងវិញ ក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ១៩នេះ ។ពួកគេបន្តថា ការបានមករៀនជាមួយគ្រូផ្ទាល់វិញនេះ មានភាពល្អប្រសើរច្រើន ព្រោះការរៀនតាម​អនឡាញ មានការរំខានច្រើន ទាំងការដាច់ប្រព័ន្ធអ៊ីធឺណេត ខ្សោយសេវា មិនអាចស្ដាប់លឺ​គ្រូ​ពន្យល់ច្បាស់ ហើយពេលឆ្ងល់មេរៀន ពេលខ្លះមិនអាចសួរគ្រូបានភ្លាមៗ ដែលធ្វើឲ្យការយល់​ដឹងពីមេរៀន នៅមានកម្រិត ។សម្រាប់វិទ្យាល័យទួលអំពិលនេះ តាមការឲ្យដឹង ពីលោកគ្រូអ្នកគ្រូបង្រៀននៅក្នុងសាលា គឺចាប់ផ្ដើមជាជំហ៊ានដំបូង បើកឲ្សតែសិស្សតែ២កម្រិតប៉ុណ្ណោះ ឲ្យចូលរៀន គឺថ្នាក់ទី៩ និងថ្នាក់ទី១២ សរុបមានសិស្សជាង ៦០០នាក់ ហើយត្រូវបានបំបែកឲ្យរៀន ២វេន គឺពេលព្រឹក និងពេលរសៀល ។ពួកគាត់ បានបន្តថា ការសិក្សានេះ គឺមួយថ្នាក់ដាក់សិស្សតែ ១៥នាក់ ក្នុងបរិវេណសាលា​មិនឲ្យ​មានការលក់ដូរចំណីអាហារ ហើយសិស្សមក មុនចូលសាលាមានអ្នកចាំបាញ់កម្ដៅ បាញ់អាល់កុល ឬជែល និងមិនឲ្យមានការប្រមូលផ្ដុំគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាព ខណៈលោកគ្រូ អ្នកគ្រូក្នុង​សាលា​ជាង ១០០នាក់ ក៏បានធ្វើសំណាករួចរាល់អស់ហើយមុនបើកឲ្យចូលបង្រៀនសិស្ស ជាលទ្ធផលអវិជ្ជមានទាំងអស់ ៕ អត្ថបទ បាន សុខរិទ្ធិ

ជប៉ុនប្រគល់អំណោយម៉ូតូចំនួន៤០០គ្រឿង ជូនដល់កម្ពុជា ដើម្បីការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩

2021/09/15 12:19:28 pm        777
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានប្រគល់អំណោយ​ម៉ូតូ​ចំនួន៤០០គ្រឿង ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការ ការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩, នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្នុងពិធីប្រគល់-ទទួលនេះ លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា នៅថ្ងៃនេះទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេស​ជប៉ុន បានផ្តល់ជូនម៉ូតូចំនួន៤០០ គ្រឿង សម្រាប់ចែកជូនមន្រី្ត​សុខាភិបាល​ជួរមុខនៅ​តាម​បណ្តាខេត្ត- រាជធានីទាំង២៥ ដើម្បីប្រើបា្រស់ក្នុងការងារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ លោកស្រី ក៏សូមសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជា​ការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល និងសូមអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់រាជ​រដ្ឋា​ភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ជនជាតិជប៉ុនទាំងអស់​ដែលរស់នៅលើ​ទឹកដី​កម្ពុជា។ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងនូវទឹកចិត្តសប្បុរសធម៌ដ៏​ថ្លៃថ្លា​របស់ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេសជប៉ុន ត្រូវបានចងចាំទុកដោយ​រាជ​រដ្ឋាភិបាលកម្ពុជា និងមន្រី្តសុខាភិបាលព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រី្ត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង​ប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ជាពិសេសក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការ ការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាល នៃជំងឺកូវីដ-១៩ នៃព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភៈ៕អត្ថបទ រដ្ឋា

នាយករដ្ឋមន្រ្តី ប្រកាសឲ្យចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់១២ឆ្នាំ ដើម្បី​ឈាន​ដល់​បើក​សាលាបឋមសិក្សាឡើងវិញ

2021/09/15 12:01:46 pm        391
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ បានប្រកាស​ឲ្យចាក់​វ៉ាក់សាំងបង្ការកូវីដ១៩ ដល់កុមារចាប់ពីអាយុ ៦ឆ្នាំដល់ ១២ឆ្នាំ ដើម្បីឈាន​ទៅការបើក​សាលាបឋមសិក្សាឡើងវិញ ក្រោយពីធ្វើការបិទអស់រយៈពេលវែង ហើយការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងក្នុងក្របខណ្ឌទូទាំងប្រទេសផងដែរ ដោយនឹងចាប់ផ្តើមពីថ្ងៃសុក្រខាងមុននេះតែម្តង។តាមរយៈសាអេឡិចត្រូនិច (តេលេក្រាម) នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមការសិក្សាពីប្រទេសនានាវ៉ាក់សាំងការពារមេរោគកូវីដ១៩ សម្រាប់ក្មេងៗ គឺគេបានធ្វើរួចហើយ ដូច្នេះសម្រាប់កុមារអាយុចន្លោះ ៦ដល់១២ឆ្នាំ មិនចោទជា​បញ្ហាអ្វីនោះឡើយ​សម្រាប់ប្រទេសកម្ពុជា ខណៈដែលប្រទេសកម្ពុជា យើងគឺមានវ៉ាក់កូវីដ-១៩ នៅក្នុងដៃស្រាប់ ដែលយើងអាចដំណើរការចាក់ពេលណាក៏បាននោះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវដល់ក្រសួងសុខាភិបាល គណៈកម្មការ​ចាក់វ៉ាក់សាំង​ក្នុងក្របខណ្ឌទូទាំងប្រទេស អាជ្ញាធររាជធានី-ខេត្តទាំងអស់ត្រូវ​ត្រៀម​ក្រុមគ្រូពេទ្យនិង បែងចែកវ៉ាក់សាំងសម្រាប់ចាក់ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់ ១២ឆ្នាំនេះ​ ឲ្យបានត្រឹមត្រូវបំផុត ខណៈការចាក់នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធានាការចាក់វ៉ាក់សាំងជូនដល់យុវ័យចាប់​ពី​អាយុ១២ ឆ្នាំដល់ក្រោម១៧ឆ្នាំកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ដោយការចាក់នេះ បានប្រកប ដោយសុវត្ថិភាព និងជោគជ័យបំផុត ដែលមានកុមារកម្ពុជារហូតដល់ជិតពីរលាននាក់ បានមកចាក់ជាបន្តបន្ទាប់តាមគម្រោងរបស់រាជរដ្ឋាភិបាលនោះ។ក្រោយពីទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់យុវ័យអាយុ ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំនោះ រាជរដ្ឋាភិបាលបានសម្រេចចាក់ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំឡើងដល់ ១២ឆ្នាំ​បន្តទៀត​ដើម្បីបន្សាំទៅនឹងមេរោគកូវីដ១៩ ហើយក៏ដើម្បីឈានដល់ការបើកសាលារៀន​បឋម​សិក្សាឡើងវិញ ផងដែរ ខណៈការបើកត្រឹមអនុវិទ្យាល័យ និងវិទ្យាល័យ រួមទាំង​គ្រឹះស្ថាននានា​ទាំងឯកជន និងរដ្ឋទើបតែបើកដំណើរការនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ៕អត្ថបទ ៖ បាន ចក់

ចំនួនភ្ញៀវទេសចរផ្ទៃក្នុង មានចំនួន២.៣លាននាក់ ក្នុងឆមាសទី១ ខណៈភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ៩០ភាគរយ

2021/09/15 11:40:42 am        215
ភ្នំពេញ ៖ ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាជាង ១០ម៉ឺននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ថយចុះប្រមាណជាង ៩១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ខណៈចំនួនភ្ញៀវទេសចរផ្ទៃក្នុងធ្លាក់ចុះ ៣៤ភាគរយ ឬមានប្រមាណ ២.៣លាននាក់។នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជាជាង ១០ម៉ឺននាក់ ថយចុះប្រមាណជាង ៩១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃពុធនេះ។របាយការណ៍ដដែល បញ្ជាក់ថា ចំនួនទេសចរណ៍ផ្ទៃក្នុងសរុប មានចំនួនជាង ២លាន ៣០ម៉ឺននាក់ ក្នុងនោះ ទេសចរណ៍ជាតិដែលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាសរុបចំនួនជាង ២លាន ១៤ម៉ឺននាក់ ថយចុះ ៣៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។មានប្រសាសន៍ក្នុងអង្គប្រជុំថ្ងៃថ្ងៃពុធនេះ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ថា បញ្ហាខាង​លើទាំង​អស់នេះ បណ្តាលមកពីវិបត្តិសកលនៃការរីករាលដាលនៃវីរុសកូវីដ១៩ ដែលបង្ក​ឲ្យ​មាន​ផលប៉ះពាល់យ៉ាងខ្លាំងទៅលើសង្គម និងសេដ្ឋកិច្ចពិភពលោក ជាពិសេសគឺវិស័យ​ទេសចរណ៍​ចាប់តាំង​ពីចុងឆ្នាំ២០១៩មក។យោងតាមក្រុមប្រឹក្សាទេសចរណ៍ និងដំណើរកម្សាន្តរបស់ពិភពលោក (WTTC) ទោះបីជាពិភព​លោក​កំពុងតែព្យាយាមឈានទៅរកដំណាក់កាលនៃការងើប​ឡើងវិញពីវិបត្តិជំងឺឆ្លងកូវីដ១៩ ជាសកលនេះ​ក៏ដោយ ឧស្សាហកម្មទេសចរណ៍ត្រូវបានគេរំពឹងថា នឹងមានភាពយឺតយ៉ាវជាងបណ្តា​ឧស្សាហកម្មដទៃ ទៀតក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក ចំនួនភ្ញៀវទេសចរអន្តរជាតិ​នៅលើ​ពិភពលោក បានធ្លាក់ចុះប្រមាណជា ៨៥% គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១ បើធៀបទៅ នឹងរយៈពេលដូចគ្នានៃឆ្នាំមុន កើតមានជំងឺឆ្លងកូវីដ១៩ ពីឆ្នាំ២០១៩។ យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ គិតត្រឹមរយៈពេល០៧ខែ ដើមឆ្នាំ២០២១នេះ ក្នុង​ចំណោម​មូលដ្ឋានអាជីវកម្មទេសចរណ៍សរុបចំនួន ៩ ៤៦៧កន្លែង ក្នុងនោះមានអាជីវកម្មដែលបាន​បិទមានចំនួនជាង ៥២៧ និងអាជីវកម្មដែលបានផ្អាកមានចំនួន ៣ ៣៨៩កន្លែង។ នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃពុធនេះ។កាលពីឆ្នាំ២០១៩ វិស័យទេសចរណ៍បានចាក់បញ្ជូនចំណូលចូលសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ប្រមាណ​៥ប៊ីលានដុល្លារ ប៉ុន្តែចំណូលពីវិស័យទេសចរណ៍មួយនេះ បានធ្លាក់ចុះមកត្រឹម​ប្រមាណ១ ប៊ីលានដុល្លារ នៅឆ្នាំ២០២០​ នៅពេលដែលពិភពលោក រួមទាំងកម្ពុជាផង រងគ្រោះដោយសារវិ​បត្តិសុខភាពសាធារណជាសកល៕ អត្ថបទ ៖ ឈិត បូរ៉ាវី

ស្ថានភាពទឹកទន្លេមេគង្គក្រចេះ ហក់ឡើងដល់១៧,៣៦ម៉ែត្រ ធៀបនឹងឆ្នាំ២០២០ កើនឡើង ៥,៦១ម៉ែត្រ

2021/09/14 01:15:44 pm        427
ក្រចេះ ៖ ស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកទន្លេមេគង្គខេត្តក្រចេះ គិតត្រឹមព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានហក់ឡើងដល់១៧,៣៦ម៉ែត្រ បើប្រៀបធៀបរយៈពេលដូចគ្នា ដឹងឆ្នាំ២០២០ ស្ថានភាពទឹកកើនឡើង ៥,៦១ម៉ែត្រ។ រីឯអាកាសធាតុវិញ ផ្ទៃមេឃមានពពកក្រាស និងមានភ្លៀងធ្លាក់ពីតិចទៅច្រើន នៅតាមបណ្ដា ស្រុក ក្រុងទាំង៦ទូទាំងខេត្ត។លោក ហេង រត្ន័មុន្នីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានឲ្យដឹង នៅ​ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា ស្ថានភាពទឹកទន្លេមេគង្គចាប់ផ្ដើមហក់ឡើង តែមិនទាន់​ហូរចូល​អាងនូវឡើយទេ ទាល់តែកំរឹតទឹកទន្លេមេគង្គមានកំពស់ចាប់ពី ១៩ម៉ែត្រឡើង​ទៅទើប​ហូរចូរអាង ចំពោះទឹកដែលបានឡើងនេះ គឺដោយសារមានភ្លៀង នៅខាងលើចំអាងមេគង្គ និងមាន​ភ្លៀងធ្លាក់​ក្នុងខេត្តយើងដែរ។លោកបានសង្ឃឹងយ៉ាងខ្លាំងថា ការហក់ឡើងនៃទឹកទន្លេមេគង្គនៅពេលនេះ នឹងផ្ដល់ផល វិជ្ជមាន​ដល់ការ​បង្ករបង្កើតផលស្រែចម្ការរបស់បងប្អូនប្រជាកសិករ ហើយទឹកទន្លេមេគង្គ នឹងបន្តទៀត។ លោក បានបញ្ជាក់ថា ស្ថានភាពជាក់ស្ដែង ខេត្តក្រចេះពុំមានរងឥទ្ធិពល ខ្យល់ព្យុះធ្ងន់ធ្ងរ​នោះឡើយ​ គ្រាន់តែបង្កមានភ្លៀងធ្លាក់បន្តិចបន្តួច នៅតាមតំបន់មួយចំនួន ដោយមិនអាចបង្កឲ្យមាន​ទឹកជំនន់​ទឹកភ្លៀង​លិចខ្លាំងនោះទេ។ ម្យ៉ាងវិញទៀត គឺដោយសារ កត្តាស្ថានភាពភូមិសាស្រ្តខេត្តក្រចេះ​ ជាតំបន់ខ្ពង់រាប ដូច្នេះកាលណាភ្លៀងធ្លាក់ទឹកហូរ ចូលអាងលឿន។គួរបញ្ជាក់បន្ថែមថា ដោយសារកត្តាធម្មជាតិមានភ្លៀងធ្លាក់ នៅតាមតំបន់មួយចំនួន ក្នុងខេត្តក្រចេះ​ មន្ទីរបានណែនាំដល់សហគមន៍ ឱ្យបិទបើកទឹកទៅតាមលក្ខណៈបច្ចេកទេស ប្រសិនបើ នៅកន្លែង​ណា​ដែលគ្មានទឹកគ្រប់គ្រាន់ សហគមន៍ត្រូវបិទទឹកទុកក្នុងអាង ដើម្បីទុកធ្វើស្រែប្រាំង៕ អ​ត្ថបទ ៖ សេង ម័រ

សម្ដេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលចាក់វ៉ាក់សាំងដូសទី៣ នៅឯភូមិគ្រឹះក្រុងតាខ្មៅ

2021/09/14 12:44:40 pm        365
កណ្ដាល ៖ វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលចាក់ នៅព្រឹកថ្ងៃទី១៤កញ្ញានេះ នៅឯភូមិគ្រឹះក្រុងតាខ្មៅផ្ទាល់។តាមរយៈហ្វេសប៊ុកផ្លូវការសម្តេចតេជោ បានសរសេរថា ថ្ងៃនេះ​បានចាក់វ៉ាក់សាំងដូសទី៣ ​ឬដូស​ជំរុញ​ជាមួយភរិយាជាទីស្រឡាញ់ «តែពីរនាក់បានហើយយាយ និងតា»។សម្តេចបន្តថា នៅទូទាំងប្រទេសចាក់ដូសទី៣ ឬដូសជំរុញចាក់ បានប្រមាណជិត ​៧៨ម៉ឺននាក់​រួចទៅ​ហើយ។​យើងនឹងបន្តការចាក់ដូសទី៣​ ឱ្យបានគ្រប់ៗគ្នា​សម្រាប់បងប្អូន​ដែលបានចាក់ដូសទី១​ និងដូសទី២ រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ ដោយគិតពីដូសទី២ ទៅដូសទី៣​ ក្នុងរយៈពេលពី ៤ទៅ៦ខែ។សូមបញ្ជាក់ថា បើតាមប្រភពក្រសួងសុខាភិបាល បានឲ្យដឹងថា កំណើន អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មានចំនួន ៩៧,៥៨% ធៀបជាមួយចំនួន​ប្រជា​ជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ៨៧,០៦% ធៀបជាមួយនឹង ប្រជាជនគោលដៅ១,៩៦៦,៩៣១ នាក់៕អត្ថបទ មុត សុទ្ធ

ថៃសន្យាជួយទប់ស្កាត់សកម្មជនខ្មែរ ដែលយកទឹកដីថៃស្នាក់​​​អាស្រ័យ​ប្រឆាំង នឹង​រាជរដ្ឋាភិបាល​កម្ពុជា

2021/09/14 12:33:23 pm        380
ភ្នំពេញ ៖ លោក Somsak Tepsuthinរដ្ឋមន្រ្តីក្រសួងយុត្តិធម៌របស់ព្រះរាជាណាចក្រថៃ បានសន្យាថា នឹងជួយទប់ស្កាត់រាល់ទង្វើរបស់ក្រុមសកម្មជនខ្មែរ ដែលកំពុងស្នាក់អាស្រ័យនៅលើទឹកដីថៃ ហើយមានសកម្មភាពនានាដើម្បីប្រឆាំង និងជេរប្រមាថដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យខាងតែបាន ។ការសន្យារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃនេះ គឺបានធ្វើឡើង បន្ទាប់ពីមានសំណើរ​របស់​ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា​ដោយ​ឯកឧត្តម​ បានស្នើ​ដល់ភាគីថៃ​ ឲ្យបន្តជួយទប់ស្កាត់សកម្មភាពរបស់សកម្មជនក្រុមប្រឆាំង ដែលកំពុងរស់នៅ​ប្រទេសថៃ និងយកទឹកដីថៃធ្វើសកម្មភាពនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា និងជេរប្រមាថថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា តាមបណ្តាញសង្គម និងសារព័ត៌មានជាតិ-អន្តរជាតិ ដែលមានប្រភពនៅក្នុងប្រទេសថៃជាដើម។ល។នៅក្នុងកិច្ចជំនួបពិភាក្សាគ្នាកាលពីម្សិលមិញ នៅវិមានព្រឹទ្ធសភា ទីក្រុងបាងកកប្រទេសថៃ​ នោះលោក Somsak Tepsuthinបានបញ្ជាក់ថា «ខ្ញុំនឹងទទួលយកសំណើរបស់កម្ពុជា ដោយសន្យា​នឹង​ជួយ​​ទប់ស្កាត់សកម្មភាពរបស់ក្រុមប្រឆាំង​ ដែលមានបំណងធ្វើសកម្មភាពនានា ​ដើម្បីប្រឆាំង​រាជ​រដ្ឋាភិបាលកម្ពុជាឲ្យខាងតែបាន»។ជាមួយគ្នានោះដែរ លោក Somsak Tepsuthin រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ ក៏នមានជំនឿជឿ​ជាក់លើ​នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែលបច្ចុប្បន្ន កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់​កាល​កំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យបន្ទាប់ពីវិបត្តិកូវីដ-១៩ ជាពិសេស កំណែទម្រង់ស៊ីជម្រៅ​លើ​វិស័យទេសចរណ៍។សូមបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួង​ទេសចរណ៍ បានស្នើដល់ភាគីថៃ ជួយពង្រឹង និងបង្កើនទំនាក់ទំនងរវាងកម្ពុជា-ថៃ ឲ្យកាន់តែល្អ​ប្រសើបន្ថែមទៀត​ក្នុងវិស័យយុត្តិធម៌។ ស្នើបន្តជំរុញ និងលើកកំពស់កិច្ចសហការគ្នាឲ្យ​កាន់តែ​ជិតស្និទ្ធ និងកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេស ជំនួយទៅវិញទៅមកលើផ្នែកច្បាប់ និងសន្តិសុខជាដើម៕អត្ថបទ ៖ បាន ចក់

គ្រូបង្រៀននៅរាជធានីភ្នំពេញ បន្តយកសំណាក មុនបើកសាលានៅថ្ងៃស្អែក

2021/09/14 12:22:34 pm        296
ភ្នំពេញ៖ មន្ត្រីសុខាភិបាល បន្តយកសំណាកលោកគ្រូ អ្នកគ្រូ តាមរយៈឧបករណ៍តេស្តរហ័ស (Rapit Test) នៅតាមសាលាមួយចំនួន ដែលគ្រោងនឹងបើកឲ្យចូលសិក្សាឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខណៈសាលាតាមបណ្ដាខេត្តមួយចំនួន ក៏បានចាប់ផ្ដើមបើកឲ្យសិស្សចូលរៀនវិញ បណ្ដើរៗដែរនោះ ។សកម្មភាពយកសំណាកនេះ គឺត្រូវបានអាជ្ញាធររៀបចំជាមណ្ឌលមួយទីតាំង ក្នុងខណ្ឌនីមួយៗ ដើម្បីឲ្យគ្រូបង្រៀនតាមសាលា បានអនុញ្ញាតការពីក្រសួងអប់រំ យុវជន និងកីឡា ឲ្យចូលសិក្សា​ឡើងវិញ មកធ្វើសំណាក ហើយជាក់ស្ដែងនៅខណ្ឌដូនពេញ គឺធ្វើនៅអនុវិទ្យាល័យចតុមុខ ។ លោកគ្រូ យី សុគន្ធ គ្រូបង្រៀនផ្នែកជីវវិទ្យា និងជាតំណាងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យ សម្ដេច ប៊ុន រ៉ានី ហ៊ុនសែនវត្តភ្នំ លើកឡើងថា សម្រាប់វិទ្យាល័យនេះ បានត្រៀមរួចរាល់ហើយ ក្នុងការបើកឲ្យសិស្សចូលរៀនឡើងវិញ រួមទាំងមានត្រៀមនូវឧបករណ៍វាស់កម្ដៅ កន្លែងលាងដៃនឹងសាប៊ូ អាល់កុល និងជែល និងការធ្វើអនាម័យក្នុងសាលាជាដើម ។លោកគ្រូ បានបន្តថា មួយវិញទៀត នៅមុនពេលបើកឲ្យមានការសិក្សាតាមសាលាឡើងវិញ ដោយមន្ត្រីសុខាភិបាល បានយកសំណាកបុគ្គលិកអប់រំ តាមសាលានីមួយៗ គឺពិតជាល្អ ដើម្បីអាច​ដឹងភ្លាមៗ ពីអ្នកណាម្នាក់មានវិជ្ជមានកូវីដ១៩ ហើយអាចទប់ស្កាត់ការឆ្លងរាលដាល​បានទាន់​ពេលវេលា ។លោកគ្រូអ្នកគ្រូ ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ បានបន្ថែមថា ចំពោះការបើកឲ្យសិស្សចូល​រៀន​វិញនេះ គឺមានភាពល្អប្រសើរជាងការរៀនតាមអនឡាញ ដោយសិស្សអាចនឹងយល់ដឹងច្បាស់ ពីមេរៀនដែលបង្រៀន ព្រោះការបង្រៀនតាមអនឡាញ ពេលខ្លះក៏មានការខ្វះចន្លោះជាង​ការ​បង្រៀន​ផ្ទាល់ ។គួរបញ្ជាក់ថា សម្រាប់ក្នុងរាជធានីភ្នំពេញ មានសាលារៀនមួយចំនួន ដែលមិនសូវមាន​ហានិភ័យ​នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នឹងត្រូវបើកឲ្យសិក្សាឡើងវិញ​នៅថ្ងៃស្អែក បន្ទាប់ពីមានការ​អនុញ្ញាត​​ពីក្រសួងអប់រំ ហើយសាលាទាំងអស់នោះ ត្រូវមានការអនុវត្តនូវវិធានការ​សុខាភិបាល​នានា ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បារាំងប្រកាសគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការបង្កើតឱ្យកម្ពុជា-ថៃ មានបទឈប់បាញ់ភ្លាមៗហើយជំរុញភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗ និងត្រឡប់ទៅរកការសន្ទនាវិញ
12/14/2025 08:12 PM
TOP STORY | សម្ដេចតេជោ៖ ការផ្អាកការធ្វើដំណើរចេញចូលកម្ពុជា-ថៃ គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះ​ ផ្លូវ​អាកាសអាចធ្វើដំណើរបានធម្មតា
12/14/2025 07:12 PM
កងទ័ពនារីនៃកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនដល់វីរកងទ័ព
12/14/2025 05:12 PM
មកទល់រសៀលនេះ យោធាថៃ​បន្តការ​បាញ់​ប្រហារ​មក​លើ​ដែន​អធិបតេយ្យ​ភាព​កម្ពុជា​ក្នុង​ភូមិ​សាស្រ្ដ​យោធភូមិទី៤ និងទី៥
12/14/2025 05:12 PM
ជនភៀសសឹកកម្ពុជាកើនជាង ៣៩ម៉ឺននាក់ ខណៈមានអ្នកស្លាប់១១នាក់ ដោយសារ​ថៃឈ្លានពាន
12/14/2025 05:12 PM
BREAKING NEWS | ម៉ោង១៦:០៤នាទី យោធាថៃបានបាញ់​ប្រហារ​មក​លើ​កម្ពុជា​ដោយ ​ប្រើប្រាស់​គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ
12/14/2025 05:12 PM
[BREAKING NEWS] មនុស្ស ១០នាក់ បានស្លាប់ ក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំនៅឆ្នេរប្រទេសអូស្រ្តាលី
12/14/2025 04:12 PM
គោលនយោបាយប្រឆាំងជនអន្តោប្រវេសន៍ កាន់តែខ្លាំងក្លាឡើងនៅទូទាំងទ្វីបអឺរ៉ុប
12/14/2025 04:12 PM
ភាពភ័យខ្លាចគ្របដណ្ដប់ក្រុង Uvira របស់កុងហ្គោ ខណៈហិង្សាក្រុមឧទ្ទាម សម្លាប់មនុស្សរាប់រយនាក់
12/14/2025 04:12 PM
រុស្ស៊ី បើកការវាយប្រហារផ្លូវអាកាសទ្រង់ទ្រាយធំ ធ្វើឱ្យអ៊ុយក្រែន ដាច់ចរន្តអគ្គិសនីទូទាំងប្រទេស
12/14/2025 04:12 PM