សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខការពារជាតិកម្ពុជា ៖ ការធ្វើទំនើបកម្មនៅក្នុងមូលដ្ឋានសមុទ្ររាម គឺដើម្បីសន្តិសុខជាតិ និងទំនាក់ទំនងអន្តរជាតិ

2021/09/16 12:16:53 pm        277
ភ្នំពេញ ៖ ជាថ្មីម្តងទៀតសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ទៅកាន់ភាគីអាមេរិកថា ការដែលរាជរដ្ឋាភិបាលធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ស្ថិតនៅខេត្តព្រះសីហនុនោះ គឺធ្វើឡើងដើម្បីអភិវឌ្ឍន៍មូលដ្ឋានរាមក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិតែប៉ុណ្ណោះ គ្មានអ្វីលើសពីហ្នឹងនោះឡើយ។ការអះអាងជាថ្មីម្តងទៀតរបស់ប្រមុខការពារជាតិកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួប​ជាមួយ​លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក និងលោក វរសេនីយ៍ឯក Thang Ly ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធាអាមេរិកថ្មីប្រចាំកម្ពុជាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់លោក Patrick Murphy ទាក់ទងនឹងការកសាងមូលដ្ឋានរាម​របស់កម្ពុជា​នោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា​បានខិតខំ​ស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍមូលដ្ឋានរាមក្នុងបុព្វហេតុ​សន្តិសុខ សន្តិភាព និងកិច្ច សហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ។ កន្លងមកតបតាមការស្នើសុំរបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា ក្រសួងការពារជាតិបានស្វាគមន៍ និងអនុញ្ញាតជូននាយទាហានដឹកនាំក្រុមការងារចូលរួមបំពេញ​ទស្សនកិច្ច នៅមូលដ្ឋានសមុទ្ររាម និងទីបញ្ជាការសន្តិសុខលម្ហសមុទ្រថ្មី២លើក បានដំណើរការ​ប្រកប​ដោយលទ្ធផលជាផ្លែផ្កា មានទំនុកចិត្តគ្នាទៅវិញទៅមកផងដែរ»។យ៉ាងណាក៏ដោយសម្តេចពិជ័យសេនាទៀ បាញ់ ក៏បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២០-២០២១នេះ ទោះបីមានការរីករាលដាលជំងឺកូវីដ-១៩ និងមានភាពរអាក់រអួលកិច្ចការមួយចំនួនក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីប្រទេសទាំងពីរនៅតែបន្តកិច្ចសហការតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដែលអាចដំណើរការបានតាមគន្លងប្រក្រតីភាពថ្មី តាមរយៈកិច្ចប្រជុំការ​ប្រាស្រ័យ​ទំនាក់ទំនងទៅវិញទៅមក។ ជាមួយគ្នានោះសម្តេចពិជ័យសេនា និងលោក ឯកអគ្គរដ្ឋទូត ក៏បានប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យយោធាក្នុងការពង្រឹង និងពង្រីកចំណង មិត្តភាព ទំនាក់ទំនងល្អឱ្យកាន់តែមានភាពរីកចម្រើនថែមទៀតផងដែរ។នៅក្នុងកិច្ចជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូត បានរំលឹកពីការជួយវ៉ាក់សាំងចំនួន១លាន​ដូសតាម​រយៈយន្តការ COVAC ជូនក្រសួងសុខាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ១៩ និងនៅថ្ងៃនេះសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយបន្ថែម ដល់កម្ពុជានូវថវិកាចំនួន ១០០,០០០ដុល្លារ​អាមេរិក និងឧបករណ៍សម្ភារៈវេជ្ជសាស្ត្រមួយចំនួនផ្សេងទៀត ដោយសហការ​ជាមួយអង្គការ សុខភាពពិភពលោក UNICEF។ជាការឆ្លើយតបសម្តេចពិជ័យសេនា ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបាន​ផ្តល់​អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Johnson&Johnson ជូនរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការ COVAC និង ប្រកាសផ្តល់ជំនួយថ្មីៗបន្ថែមទៀតនៅថ្ងៃនេះ គឺជាការរួមចំណែក​ប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជានោះ៕អត្ថបទ បាន ចក់

ក្រសួងសុខាភិបាល ទទួលអំណោយម៉ាស់ សម្ភារៈឧបករណ៍បាញ់សម្លាប់មេរោគកូវីដ-១៩ ពីក្រុមហ៊ុនទាំង៣

2021/09/16 11:59:37 am        282
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលជំនួយ​របស់​ក្រុមហ៊ុន​ចំនួន០៣ ដែលបានរួមគ្នា គឺក្រុមហ៊ុន LHR ASEAN Investment Co.Ltd, ក្រុមហ៊ុន CC Blue Sea Travel Tour Co.,Ltd និងក្រុមហ៊ុន KN Marble Co., Ltd ជូនក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់​ក្នុងការ​ការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩។អំណោយដែលក្រុមទាំង៣បានរួមគ្នា ប្រគល់ជូនក្រសួងនាថ្ងៃនេះ រួមមាន ម៉ាស់ប្លូស៊ី ចំនួន២៥០០០, ទឹកសម្លាប់មេរោគ LH Clean Anolyte ចំណុះ៥លីត្រ ចំនួន៣០០ពីដុង ស្មើនិង១៥០០លីត្រ និងចំណុះ៣០លីត្រ ចំនួន៥០ពីដុង ស្មើនិង១៥០០លីត្រ, ស្រ្ពាយដបទឹកសម្លាប់មេរោគ ចំណុះ០.៥លីត្រ ចំនួន២៤០ដប, ទឹកបរិសុទ្ធប្លូស៊ី អង់ទីអុកស៊ីដង់ ចំនួន២៣០កេស, និងម៉ាស៊ីនផ្សែងសម្លាប់មេរោគ ចំនួន៦០គ្រឿង (ម៉ាស៊ីនធំ ចំនួន២០គ្រឿង និងម៉ាស៊ីនតូច ចំនួន៤០គ្រឿង។លោកឧកញ៉ា ឡេង ហ៊ួរ អគ្គនាយករង LHR ASEAN Investment Co.Ltd តំណាងក្រុមហ៊ុនទាំង៣ ក៏សូមសម្តែងនូវ ការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែល​បាន​ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាត ជំងឺកូវីដ-១៩ ក៏ដូចជា​ការពារ​សុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ ប្រតិបតិ្តការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងនូវទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លារបស់លោកឧកញ៉ា ឡេង ហ៊ួរ លោកឧកញ៉ា ឡេង ស្រ៊ួយហៀង និងលោក ឌី ហឿងញ៉ែន ជាអគ្គនាយកក្រុមហ៊ុន ត្រូវបានចងចាំទុក​ដោយរាជ​រដ្ឋា​ភិបាលកម្ពុជា និងមន្រី្តសុខាភិបាលព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះជំនួយ​មនុស្ស​ធម៌ដ៏ថ្លៃថ្លានេះ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ជាពិសេស​ក្នុងកាលៈទេសៈបច្ចុប្បន្នដែលយើង បាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការ ការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាល នៃជំងឺកូវីដ-១៩ នៃព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភៈ៕អត្ថបទ រដ្ឋា

អាជ្ញាធរបន្ទាយមានជ័យ នឹងចាក់វ៉ាក់សាំងកុមារពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចុងសប្ដាហ៍នេះ

2021/09/16 11:48:25 am        336
ភ្នំពេញ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានកំណត់ពេលវេលាច្បាស់លាស់ហើយ ដើម្បីចាក់វ៉ាក់​សាំងការពារឆ្លងជំងឺកូវីដ១៩ ចំពោះកុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅ៩ក្រុង-ស្រុក ទូទាំងខេត្ត ដោយដំណើរការចាក់ នឹងចាប់ផ្ដើម ពីថ្ងៃទី១៨ ខែកញ្ញា គ្រោងនឹងបញ្ចប់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានមាន​ប្រសាសន៍​ថា សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ នៅទូទាំងខេត្ត គ្រោងនឹងទទួល​វ៉ាក់​សាំង​ការពារឆ្លងជំងឺកូវីដ១៩ មានចំនួន ៩៣ ៣៩២នាក់ (ស្រី ៤៥ ៧៨១នាក់) ខណៈទីតាំងដែល​ត្រូវចាក់ ក៏បានកំណត់រួចរាល់ហើយដែរ ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ទីកន្លែងដែលចាក់វ៉ាក់សាំង មាននៅតាមមណ្ឌលសុខភាពតាមឃុំ-សង្កាត់ របស់ក្រុង-ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ ហើយពេលមកចាក់ ត្រូវមានភ្ជាប់​ជាមួយ​សំបុត្រ​កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ​ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់ផ្សេងៗ​ពីអាជ្ញាធរមូលដ្ឋាន ។ ការចាក់វ៉ាក់សាំងនេះ ត្រូវមានមាតា បិតា ឬអាណាព្យាបាលនាំកុមារ មក​​ទទួល​វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ហើយការចាក់នេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត និង​មិនមាន​បង់ថវិកាឡើយ ។ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាមាតា បិតា និង​អាណាព្យាបាលសូមចូលរួមនាំកុមារមានអាយុចាប់ពី៦ ដល់ក្រោម១២ឆ្នាំ ទៅទទួលវ៉ាក់សាំង​ការពារ​ឆ្លងជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា និងសូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ។ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាកថា ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បាន​​ចាក់​វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ពលរដ្ឋចាប់ពីអាយុ១២ឆ្នាំ រហូតដល់អាយុលើ១៨ឆ្នាំ បាន​ចំនួនជាង ៤៧ម៉ឺននាក់ ស្មើនឹង ៧៥ភាគរយ ខណៈផែនការដែលត្រូវចាក់ទូទាំង​ខេត្តមានចំនួនជាង ៦៣ម៉ឺននាក់ ៕អត្ថបទ ៖ សុខរិទ្ធ

អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុរ (កសិ្សណ) ប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល

2021/09/15 01:21:34 pm        649
សៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ព័ន្ធកំាជណ្តើរច្រាំងកសិន្ធុរ (កសិ្សណ) ខាងលិច ផ្នែកខាងត្បូងនៃស្ពានហាលប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុក ដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភណ្ឌភាពស្រស់ស្អាតបន្ថែម នៃប្រាសាទអង្គរវត្ត។ នេះបើយោងតាមការបញ្ចេញឲ្យដឹងពីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។លោក ម៉ៅ សុខនី​ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណ​វិទ្យាបង្ការ បានឱ្យដឹងថា គម្រោងជួសជុលនេះ មានប្រវែងសរុប ២០០ម៉ែត្រ ដោយចែកចេញជា ៣ដំណាក់កាល និងប្រើប្រាស់ពេលវេលាជួសជុលប្រមាណជា៣ឆ្នាំ។គួររំឭកដែរថា ច្រាំងកសិន្ទុរ(កសិ្សណ)ប្រាសាទអង្គរវត្តនេះ ក៏ធ្លាប់មានប្រវត្តិបានធ្វើការជួសជុល​ជាច្រើន​ដងរួចមកហើយដែរ ដោយសាលាបារាំងចុងបូព៌ា អ្នកជំនាញការអ៊ីតាលី និងអ្នកជំនាញការប្រទេសឥណ្ឌា៕អត្ថបទ ៖ គឹមឡេង 

សិស្សនៅភ្នំពេញថា ការសិក្សាផ្ទាល់ជាមួយគ្រូ ធ្វើឲ្យយល់ដឹងច្រើន ជាងរៀនតាមអនឡាញ

2021/09/15 12:40:23 pm        646
ភ្នំពេញ ៖ សិស្សានុសិស្សនៅរាជធានីភ្នំពេញ បានលើកឡើងថា ការសិក្សាផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ បានធ្វើឲ្យពួកគេបានយល់ដឹងមេរៀនច្រើន ជាងការសិក្សាតាមរយៈអនឡាញ ព្រោះការសិក្សាតាមប្រព័ន្ធអ៊ីនធឺណេត មានការរំខានច្រើន និងមិនបានគ្រប់ជ្រុងជ្រោយ ។ក្នុងថ្ងៃបើកដំណើរការសិក្សាឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សិស្សានុសិស្សនៅ​វិទ្យាល័យ​ទួលអំពិល ស្ថិតនៅក្នុងខណ្ឌដង្កោ បានឲ្យដឹងថា ពួកគេពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ដែលរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ឲ្យសិស្សចូលរៀនក្នុងសាលាឡើងវិញ ក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ១៩នេះ ។ពួកគេបន្តថា ការបានមករៀនជាមួយគ្រូផ្ទាល់វិញនេះ មានភាពល្អប្រសើរច្រើន ព្រោះការរៀនតាម​អនឡាញ មានការរំខានច្រើន ទាំងការដាច់ប្រព័ន្ធអ៊ីធឺណេត ខ្សោយសេវា មិនអាចស្ដាប់លឺ​គ្រូ​ពន្យល់ច្បាស់ ហើយពេលឆ្ងល់មេរៀន ពេលខ្លះមិនអាចសួរគ្រូបានភ្លាមៗ ដែលធ្វើឲ្យការយល់​ដឹងពីមេរៀន នៅមានកម្រិត ។សម្រាប់វិទ្យាល័យទួលអំពិលនេះ តាមការឲ្យដឹង ពីលោកគ្រូអ្នកគ្រូបង្រៀននៅក្នុងសាលា គឺចាប់ផ្ដើមជាជំហ៊ានដំបូង បើកឲ្សតែសិស្សតែ២កម្រិតប៉ុណ្ណោះ ឲ្យចូលរៀន គឺថ្នាក់ទី៩ និងថ្នាក់ទី១២ សរុបមានសិស្សជាង ៦០០នាក់ ហើយត្រូវបានបំបែកឲ្យរៀន ២វេន គឺពេលព្រឹក និងពេលរសៀល ។ពួកគាត់ បានបន្តថា ការសិក្សានេះ គឺមួយថ្នាក់ដាក់សិស្សតែ ១៥នាក់ ក្នុងបរិវេណសាលា​មិនឲ្យ​មានការលក់ដូរចំណីអាហារ ហើយសិស្សមក មុនចូលសាលាមានអ្នកចាំបាញ់កម្ដៅ បាញ់អាល់កុល ឬជែល និងមិនឲ្យមានការប្រមូលផ្ដុំគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាព ខណៈលោកគ្រូ អ្នកគ្រូក្នុង​សាលា​ជាង ១០០នាក់ ក៏បានធ្វើសំណាករួចរាល់អស់ហើយមុនបើកឲ្យចូលបង្រៀនសិស្ស ជាលទ្ធផលអវិជ្ជមានទាំងអស់ ៕ អត្ថបទ បាន សុខរិទ្ធិ

ជប៉ុនប្រគល់អំណោយម៉ូតូចំនួន៤០០គ្រឿង ជូនដល់កម្ពុជា ដើម្បីការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩

2021/09/15 12:19:28 pm        820
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានប្រគល់អំណោយ​ម៉ូតូ​ចំនួន៤០០គ្រឿង ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការ ការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩, នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្នុងពិធីប្រគល់-ទទួលនេះ លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា នៅថ្ងៃនេះទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេស​ជប៉ុន បានផ្តល់ជូនម៉ូតូចំនួន៤០០ គ្រឿង សម្រាប់ចែកជូនមន្រី្ត​សុខាភិបាល​ជួរមុខនៅ​តាម​បណ្តាខេត្ត- រាជធានីទាំង២៥ ដើម្បីប្រើបា្រស់ក្នុងការងារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ លោកស្រី ក៏សូមសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជា​ការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល និងសូមអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់រាជ​រដ្ឋា​ភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ជនជាតិជប៉ុនទាំងអស់​ដែលរស់នៅលើ​ទឹកដី​កម្ពុជា។ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងនូវទឹកចិត្តសប្បុរសធម៌ដ៏​ថ្លៃថ្លា​របស់ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេសជប៉ុន ត្រូវបានចងចាំទុកដោយ​រាជ​រដ្ឋាភិបាលកម្ពុជា និងមន្រី្តសុខាភិបាលព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រី្ត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង​ប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ជាពិសេសក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការ ការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាល នៃជំងឺកូវីដ-១៩ នៃព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភៈ៕អត្ថបទ រដ្ឋា

នាយករដ្ឋមន្រ្តី ប្រកាសឲ្យចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់១២ឆ្នាំ ដើម្បី​ឈាន​ដល់​បើក​សាលាបឋមសិក្សាឡើងវិញ

2021/09/15 12:01:46 pm        432
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ បានប្រកាស​ឲ្យចាក់​វ៉ាក់សាំងបង្ការកូវីដ១៩ ដល់កុមារចាប់ពីអាយុ ៦ឆ្នាំដល់ ១២ឆ្នាំ ដើម្បីឈាន​ទៅការបើក​សាលាបឋមសិក្សាឡើងវិញ ក្រោយពីធ្វើការបិទអស់រយៈពេលវែង ហើយការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងក្នុងក្របខណ្ឌទូទាំងប្រទេសផងដែរ ដោយនឹងចាប់ផ្តើមពីថ្ងៃសុក្រខាងមុននេះតែម្តង។តាមរយៈសាអេឡិចត្រូនិច (តេលេក្រាម) នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមការសិក្សាពីប្រទេសនានាវ៉ាក់សាំងការពារមេរោគកូវីដ១៩ សម្រាប់ក្មេងៗ គឺគេបានធ្វើរួចហើយ ដូច្នេះសម្រាប់កុមារអាយុចន្លោះ ៦ដល់១២ឆ្នាំ មិនចោទជា​បញ្ហាអ្វីនោះឡើយ​សម្រាប់ប្រទេសកម្ពុជា ខណៈដែលប្រទេសកម្ពុជា យើងគឺមានវ៉ាក់កូវីដ-១៩ នៅក្នុងដៃស្រាប់ ដែលយើងអាចដំណើរការចាក់ពេលណាក៏បាននោះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវដល់ក្រសួងសុខាភិបាល គណៈកម្មការ​ចាក់វ៉ាក់សាំង​ក្នុងក្របខណ្ឌទូទាំងប្រទេស អាជ្ញាធររាជធានី-ខេត្តទាំងអស់ត្រូវ​ត្រៀម​ក្រុមគ្រូពេទ្យនិង បែងចែកវ៉ាក់សាំងសម្រាប់ចាក់ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់ ១២ឆ្នាំនេះ​ ឲ្យបានត្រឹមត្រូវបំផុត ខណៈការចាក់នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធានាការចាក់វ៉ាក់សាំងជូនដល់យុវ័យចាប់​ពី​អាយុ១២ ឆ្នាំដល់ក្រោម១៧ឆ្នាំកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ដោយការចាក់នេះ បានប្រកប ដោយសុវត្ថិភាព និងជោគជ័យបំផុត ដែលមានកុមារកម្ពុជារហូតដល់ជិតពីរលាននាក់ បានមកចាក់ជាបន្តបន្ទាប់តាមគម្រោងរបស់រាជរដ្ឋាភិបាលនោះ។ក្រោយពីទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់យុវ័យអាយុ ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំនោះ រាជរដ្ឋាភិបាលបានសម្រេចចាក់ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំឡើងដល់ ១២ឆ្នាំ​បន្តទៀត​ដើម្បីបន្សាំទៅនឹងមេរោគកូវីដ១៩ ហើយក៏ដើម្បីឈានដល់ការបើកសាលារៀន​បឋម​សិក្សាឡើងវិញ ផងដែរ ខណៈការបើកត្រឹមអនុវិទ្យាល័យ និងវិទ្យាល័យ រួមទាំង​គ្រឹះស្ថាននានា​ទាំងឯកជន និងរដ្ឋទើបតែបើកដំណើរការនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ៕អត្ថបទ ៖ បាន ចក់

ចំនួនភ្ញៀវទេសចរផ្ទៃក្នុង មានចំនួន២.៣លាននាក់ ក្នុងឆមាសទី១ ខណៈភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ៩០ភាគរយ

2021/09/15 11:40:42 am        237
ភ្នំពេញ ៖ ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាជាង ១០ម៉ឺននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ថយចុះប្រមាណជាង ៩១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ខណៈចំនួនភ្ញៀវទេសចរផ្ទៃក្នុងធ្លាក់ចុះ ៣៤ភាគរយ ឬមានប្រមាណ ២.៣លាននាក់។នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជាជាង ១០ម៉ឺននាក់ ថយចុះប្រមាណជាង ៩១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃពុធនេះ។របាយការណ៍ដដែល បញ្ជាក់ថា ចំនួនទេសចរណ៍ផ្ទៃក្នុងសរុប មានចំនួនជាង ២លាន ៣០ម៉ឺននាក់ ក្នុងនោះ ទេសចរណ៍ជាតិដែលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាសរុបចំនួនជាង ២លាន ១៤ម៉ឺននាក់ ថយចុះ ៣៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។មានប្រសាសន៍ក្នុងអង្គប្រជុំថ្ងៃថ្ងៃពុធនេះ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ថា បញ្ហាខាង​លើទាំង​អស់នេះ បណ្តាលមកពីវិបត្តិសកលនៃការរីករាលដាលនៃវីរុសកូវីដ១៩ ដែលបង្ក​ឲ្យ​មាន​ផលប៉ះពាល់យ៉ាងខ្លាំងទៅលើសង្គម និងសេដ្ឋកិច្ចពិភពលោក ជាពិសេសគឺវិស័យ​ទេសចរណ៍​ចាប់តាំង​ពីចុងឆ្នាំ២០១៩មក។យោងតាមក្រុមប្រឹក្សាទេសចរណ៍ និងដំណើរកម្សាន្តរបស់ពិភពលោក (WTTC) ទោះបីជាពិភព​លោក​កំពុងតែព្យាយាមឈានទៅរកដំណាក់កាលនៃការងើប​ឡើងវិញពីវិបត្តិជំងឺឆ្លងកូវីដ១៩ ជាសកលនេះ​ក៏ដោយ ឧស្សាហកម្មទេសចរណ៍ត្រូវបានគេរំពឹងថា នឹងមានភាពយឺតយ៉ាវជាងបណ្តា​ឧស្សាហកម្មដទៃ ទៀតក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក ចំនួនភ្ញៀវទេសចរអន្តរជាតិ​នៅលើ​ពិភពលោក បានធ្លាក់ចុះប្រមាណជា ៨៥% គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១ បើធៀបទៅ នឹងរយៈពេលដូចគ្នានៃឆ្នាំមុន កើតមានជំងឺឆ្លងកូវីដ១៩ ពីឆ្នាំ២០១៩។ យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ គិតត្រឹមរយៈពេល០៧ខែ ដើមឆ្នាំ២០២១នេះ ក្នុង​ចំណោម​មូលដ្ឋានអាជីវកម្មទេសចរណ៍សរុបចំនួន ៩ ៤៦៧កន្លែង ក្នុងនោះមានអាជីវកម្មដែលបាន​បិទមានចំនួនជាង ៥២៧ និងអាជីវកម្មដែលបានផ្អាកមានចំនួន ៣ ៣៨៩កន្លែង។ នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃពុធនេះ។កាលពីឆ្នាំ២០១៩ វិស័យទេសចរណ៍បានចាក់បញ្ជូនចំណូលចូលសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ប្រមាណ​៥ប៊ីលានដុល្លារ ប៉ុន្តែចំណូលពីវិស័យទេសចរណ៍មួយនេះ បានធ្លាក់ចុះមកត្រឹម​ប្រមាណ១ ប៊ីលានដុល្លារ នៅឆ្នាំ២០២០​ នៅពេលដែលពិភពលោក រួមទាំងកម្ពុជាផង រងគ្រោះដោយសារវិ​បត្តិសុខភាពសាធារណជាសកល៕ អត្ថបទ ៖ ឈិត បូរ៉ាវី

ស្ថានភាពទឹកទន្លេមេគង្គក្រចេះ ហក់ឡើងដល់១៧,៣៦ម៉ែត្រ ធៀបនឹងឆ្នាំ២០២០ កើនឡើង ៥,៦១ម៉ែត្រ

2021/09/14 01:15:44 pm        466
ក្រចេះ ៖ ស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកទន្លេមេគង្គខេត្តក្រចេះ គិតត្រឹមព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានហក់ឡើងដល់១៧,៣៦ម៉ែត្រ បើប្រៀបធៀបរយៈពេលដូចគ្នា ដឹងឆ្នាំ២០២០ ស្ថានភាពទឹកកើនឡើង ៥,៦១ម៉ែត្រ។ រីឯអាកាសធាតុវិញ ផ្ទៃមេឃមានពពកក្រាស និងមានភ្លៀងធ្លាក់ពីតិចទៅច្រើន នៅតាមបណ្ដា ស្រុក ក្រុងទាំង៦ទូទាំងខេត្ត។លោក ហេង រត្ន័មុន្នីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានឲ្យដឹង នៅ​ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា ស្ថានភាពទឹកទន្លេមេគង្គចាប់ផ្ដើមហក់ឡើង តែមិនទាន់​ហូរចូល​អាងនូវឡើយទេ ទាល់តែកំរឹតទឹកទន្លេមេគង្គមានកំពស់ចាប់ពី ១៩ម៉ែត្រឡើង​ទៅទើប​ហូរចូរអាង ចំពោះទឹកដែលបានឡើងនេះ គឺដោយសារមានភ្លៀង នៅខាងលើចំអាងមេគង្គ និងមាន​ភ្លៀងធ្លាក់​ក្នុងខេត្តយើងដែរ។លោកបានសង្ឃឹងយ៉ាងខ្លាំងថា ការហក់ឡើងនៃទឹកទន្លេមេគង្គនៅពេលនេះ នឹងផ្ដល់ផល វិជ្ជមាន​ដល់ការ​បង្ករបង្កើតផលស្រែចម្ការរបស់បងប្អូនប្រជាកសិករ ហើយទឹកទន្លេមេគង្គ នឹងបន្តទៀត។ លោក បានបញ្ជាក់ថា ស្ថានភាពជាក់ស្ដែង ខេត្តក្រចេះពុំមានរងឥទ្ធិពល ខ្យល់ព្យុះធ្ងន់ធ្ងរ​នោះឡើយ​ គ្រាន់តែបង្កមានភ្លៀងធ្លាក់បន្តិចបន្តួច នៅតាមតំបន់មួយចំនួន ដោយមិនអាចបង្កឲ្យមាន​ទឹកជំនន់​ទឹកភ្លៀង​លិចខ្លាំងនោះទេ។ ម្យ៉ាងវិញទៀត គឺដោយសារ កត្តាស្ថានភាពភូមិសាស្រ្តខេត្តក្រចេះ​ ជាតំបន់ខ្ពង់រាប ដូច្នេះកាលណាភ្លៀងធ្លាក់ទឹកហូរ ចូលអាងលឿន។គួរបញ្ជាក់បន្ថែមថា ដោយសារកត្តាធម្មជាតិមានភ្លៀងធ្លាក់ នៅតាមតំបន់មួយចំនួន ក្នុងខេត្តក្រចេះ​ មន្ទីរបានណែនាំដល់សហគមន៍ ឱ្យបិទបើកទឹកទៅតាមលក្ខណៈបច្ចេកទេស ប្រសិនបើ នៅកន្លែង​ណា​ដែលគ្មានទឹកគ្រប់គ្រាន់ សហគមន៍ត្រូវបិទទឹកទុកក្នុងអាង ដើម្បីទុកធ្វើស្រែប្រាំង៕ អ​ត្ថបទ ៖ សេង ម័រ

សម្ដេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលចាក់វ៉ាក់សាំងដូសទី៣ នៅឯភូមិគ្រឹះក្រុងតាខ្មៅ

2021/09/14 12:44:40 pm        402
កណ្ដាល ៖ វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលចាក់ នៅព្រឹកថ្ងៃទី១៤កញ្ញានេះ នៅឯភូមិគ្រឹះក្រុងតាខ្មៅផ្ទាល់។តាមរយៈហ្វេសប៊ុកផ្លូវការសម្តេចតេជោ បានសរសេរថា ថ្ងៃនេះ​បានចាក់វ៉ាក់សាំងដូសទី៣ ​ឬដូស​ជំរុញ​ជាមួយភរិយាជាទីស្រឡាញ់ «តែពីរនាក់បានហើយយាយ និងតា»។សម្តេចបន្តថា នៅទូទាំងប្រទេសចាក់ដូសទី៣ ឬដូសជំរុញចាក់ បានប្រមាណជិត ​៧៨ម៉ឺននាក់​រួចទៅ​ហើយ។​យើងនឹងបន្តការចាក់ដូសទី៣​ ឱ្យបានគ្រប់ៗគ្នា​សម្រាប់បងប្អូន​ដែលបានចាក់ដូសទី១​ និងដូសទី២ រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ ដោយគិតពីដូសទី២ ទៅដូសទី៣​ ក្នុងរយៈពេលពី ៤ទៅ៦ខែ។សូមបញ្ជាក់ថា បើតាមប្រភពក្រសួងសុខាភិបាល បានឲ្យដឹងថា កំណើន អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មានចំនួន ៩៧,៥៨% ធៀបជាមួយចំនួន​ប្រជា​ជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ៨៧,០៦% ធៀបជាមួយនឹង ប្រជាជនគោលដៅ១,៩៦៦,៩៣១ នាក់៕អត្ថបទ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមសង្គ្រោះបន្តតាមរកមនុស្ស២នាក់ទៀត ក្រោយរកឃើញ៥នាក់នៅមានជីវិត ពីការជាប់ខ្លួនក្នុងរូងភ្នំនៅឡាវ
05/28/2026 10:05 AM
យានដ្រូនអ៊ុយក្រែន ដែលវង្វេងគន្លងបានបង្កើនភាពតានតឹងលើដែនអាកាសនៅភាគខាងកើតរបស់ប្រទេសសមាជិកណាតូ
05/28/2026 10:05 AM
ទូតកម្ពុជានៅជប៉ុន ប្រាប់អនុរដ្ឋមន្ត្រីការបរទេសជប៉ុនពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Online Scams នឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់
05/28/2026 10:05 AM
លោក Trump៖ លោកអាចរង់ចាំអ៊ីរ៉ង់យូរជាងនេះ និងបានច្រានចោលសម្ពាធបោះឆ្នោតពាក់កណ្តាលអាណត្តិ
05/28/2026 09:05 AM
អង្គការ WHO ព្រមានអំពី «ផលប៉ះពាល់ធ្ងន់ធ្ងរ» នៃជំងឺអេបូឡានិងសង្គ្រាម នៅកុងហ្គោ
05/28/2026 09:05 AM
មន្ត្រី៖ អាមេរិក ធ្វើការវាយប្រហារថ្មីនៅអ៊ីរ៉ង់ទៅលើទីតាំងយោធា និងយានដ្រូន
05/28/2026 09:05 AM
មេដឹកនាំអ៊ុយក្រែន បានផ្ញើលិខិតស្នើសុំគ្រាប់រំសេវការពារដែនអាកាស Patriot ពីលោក Trump
05/28/2026 09:05 AM
អ៊ីស្រាអែលចេញបញ្ជាជម្លៀសប្រជាជនចេញពីតំបន់ភាគខាងត្បូងលីបង់ និងប្រកាសជាតំបន់ប្រយុទ្ធ
05/28/2026 08:05 AM
លោក Trump និយាយថាអាមេរិក «មិនទាន់ពេញចិត្ត» ជាមួយកិច្ចព្រមព្រៀងអ៊ីរ៉ង់នៅឡើយទេ
05/28/2026 08:05 AM
ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM