ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយជ្រំ​ ទទួល​អំណោយ​សប្បុរសធម៌​ពី​កាកបាទក្រហម​ខេត្ត​

2021/06/02 04:34:36 pm        275
​ស្វាយរៀង៖ ថ្ងៃនេះនៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយជ្រំ លោកជំទាវ ដួង វណ្ណា ប្រធាន​កិត្តិ​យ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង និង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌ ​ប្រគល់ជូន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក សម្រាប់​ត្រៀម​បម្រុង​ឆ្លើយតប​ជួយ​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។​​លោកជំទាវ ដួង វណ្ណា បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​លោក ប្រធាន​គណៈកម្មាធិការ អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយជ្រំ ក្រោយពី​ទទួល​បាន​អំណោយ​ទាំងអស់នេះ ត្រូវ​យកទៅ​ឆ្លើយតប​ជន​ងាយ​រងគ្រោះ និង​រងគ្រោះ​មហន្តរាយ​ផ្សេងៗ​ឲ្យ​ទាន់​ពេលវេលា ហើយ​ត្រូវ​យកចិត្តទុកដាក់​តាម​ដាន ស្ថានភាព​គ្រោះមហន្តរាយ និង​កត្តា​ជន​ងាយ​រងគ្រោះ​នៅក្នុង​សហគមន៍​របស់​ខ្លួន​ក្នុង​ការ​ឆ្លើយតប​ឲ្យ​បាន ទាន់​ពេលវេលា​ក្នុង​កម្រិត​តិចតួច បើ​ករណី​ច្រើន​លើស​ពី​លទ្ធភាព​ត្រូវ​រាយការណ៍ និង​ផ្តល់​ព័ត៌មាន​ឲ្យ​សាខា​ខេត្ត ជាបន្ទាន់ ដើម្បី​សាខា​ដោះស្រាយ​ឆ្លើយតប​ជូន​បាន​ទាន់​ពេលវេលា ជាពិសេស​ក្នុងករណី​មាន​ប្រជាពលរដ្ឋ ចំណាកស្រុក​ទើប​ត្រឡប់មកវិញ ត្រូវ​តាមដាន​ពី​សុខភាព​របស់​ពួកគាត់​ឲ្យ​បាន​ល្អិតល្អន់ និង​ណែនាំ​អោយ ការពារ​ខ្លួន​ជៀសវាង​ការឆ្លង​នឹង​ជំងឺ​កូ​វីដ-១៩ ជាពិសេស​ត្រូវអនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ៣ កុំ ៣ ការពារ​។ ​​​លោកជំទាវ​ បាន​បន្ត​ថា​អំណោយ​ដែល​ផ្តល់ជូន​នាពេលនេះ អនុសាខា​ត្រូវ​យកទៅ​ចាត់ចែង​ប្រើប្រាស់​ក្នុង​សកម្មភាព​នានា ការបង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ រួមទាំង​ការងារ​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុង​កាលៈទេសៈ​ណាក៏ដោយ មិនត្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រស់នៅ​ដោយ​អត់​ស្បៀង ឬ​អាហារ​សម្រាប់​បរិភោគ​នោះឡើយ​៕ អត្ថ​ប​ទ៖ គង់ ហួន​​

ពលរដ្ឋ ​៖ ការបើក​ឱ្យ​ដំណើរការ​អាជីវកម្ម​បើក​ឡើងវិញ បាន​ជួយ​ទ្រោល​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ

2021/06/02 03:39:42 pm        119
ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ ដែលមាន​មុខរបរ​លក់​ដូរ ក្នុង​រាជធានី​ភ្នំពេញ ​បាន​លើកឡើងថា ​ការ​បើក​ឱ្យ​ដំណើរការ​ អាជីវកម្ម​ឡើង​វី​ញ បាន​ជួយ​ទ្រោល​សេដ្ឋកិច្ច​គ្រួសារ​ពួកគេ​ឡើងវិញ បន្ទាប់ពី​ត្រូវបាន​ញាំញី​ដោយសារ​វិបត្តិកូ​វីដ​-១៩​អស់​ប៉ុន្មាន​ខែ ​កន្លងមកនេះ​។លោក ភុំ ភា​រ័ត្ន ជា​អ្នក​ប្រកបមុខរបរ​លក់​បាយ គុយទាវ ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​បាន​ប្រាប់​BTV​ថា បន្ទាប់ពី​អាជ្ញាធរ​ប្រកាស​ឱ្យ​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ ​ស្របតាម​ការ​កំណត់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ហើយ​នោះ​ ឃើញថា ​ការលក់ដូរ​ប្រចាំថ្ងៃ​របស់​លោក ​ទទួល​បាន​អតិថិជន​ច្រើនជាង​អំឡុង​ពេល​បិទ​ខ្ទប់ ​ទាំង​ការ​វេច​ខ្ចប់ និង​ការ​បរិភោគ​នៅ​ហ្នឹង​កន្លែង ប៉ុន្តែ​យ៉ាង​ណាមិញ ទាំង​រូបលោក ​និង​អតិថិជន ក៏​ពុំ​ភ្លេច​ឡើយ​នូវ​ការអនុវត្ត​វិធានការ ៣​ការពារ ​និង​៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ។លោក​ បាន​បញ្ជាក់ថា បើ​ប្រៀបធៀប​ការ​លក់​បាយ គុយទាវ ក្នុង​អំឡុង​ពេលនេះ និង​អំឡុង​ពេល​បិទ​ខ្ទប់ គឺ​ខុសគ្នា ដូច្នេះ​ការ​រក​ប្រាក់ចំណូល​ប្រចាំថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ​ក៏បាន​ប្រសើរ​ជាង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ផងដែរ​។ ​តែ​លោក ពុំបាន​អាក់អន់​ចំពោះ​វិធាន​ការ​បិទ​ខ្ទប់​នាពេល​កន្លងមក​ដែរ ​ព្រោះថា​ បញ្ហា​ជំងឺ​កូ​វីដ​-១៩​នេះ ​គឺជា​ជំងឺ​រាតត្បាត​ជាស​កល ដូច្នេះ​ហើយ​ទាមទារ​ឱ្យ​មាន​វិធានការ​តឹង រឹង​ក្នុង​ការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​។ដោយឡែក លោក ផល សុធា ដែលជា​អាជីវករ​លក់​ផ្លែឈើ​តាម​ម៉ូតូ​ រ៉ឺម៉ក ក៏បាន​បាន​សម្តែង​នូវ​ក្ដី​រីក រាយ​ចំពោះ​ការ​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ​និង​បើក​ឱ្យ​ដំណើរការ​អាជីវកម្ម​ជា​ធម្មតា​វិញ​។ បើទោះបី ​ជា​អាជីវកម្ម បាន​បើក​ដំណើរការ​ឡើងវិញ​ក៏ដោយ​ ក្នុងនាម​រូបលោក​ជា​អ្នកលក់​ ក៏ដូចជា​អតិថិជន ក៏​ពុំ​ភ្លេច​ឡើយ​នូវ​វិធានការ​សុខាភិបាល ​ដោយ​ពាក់​ម៉ាស់ ​បាញ់​អាល់កុល និង​រក្សា​គម្លាត ជាដើម ។រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ចំពោះ​ប្រភេទ​អាជីវកម្ម​មួយ​ចំនួន​ដែល​បាន​កំណត់​ រួមទាំង​ផ្សារ​រដ្ឋ​ទាំងអស់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៤ ​ខែឧសភា ឆ្នាំ​២០២១​តទៅ ​ដោយ​លើកលែងតែ​ផ្សារ​មិន​រៀបរយ​ទាំងអស់ ដូចជា ផ្សារ​ក្រមួន ផ្សារ​ចាត់តាំង ផ្សារ​រោងចក្រ ផ្សារ​សហគមន៍ ផ្សារ​ក្នុង​ដីឡូត៍​ឯកជន ផ្សារ​ជុំវិញ​មន្ទីរពេទ្យ និង​ផ្សារ​តាម​ចិញ្ចើមផ្លូវ ​ជាដើម មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើយ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុង​សហគមន៍​។ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា មកដល់ពេលនេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​មិន​ទាន់មាន​ការប្រកាស​ថា ​នឹង​បិទ​ទីក្រុង​ឡើងវិញ​នោះទេ​៕​​អត្ថបទ​៖ ជៀប សម្បត្តិ 

មេបញ្ជាការរង​កងទ័ព​ជើងគោក​ណែនាំ​យុវជន​នៅ​សៀមរាប ​ឱ្យ​ចូល​រួមការ​ពារ​ព្រំដែន​

2021/06/02 03:00:38 pm        162
សៀមរាប ៖ ​មន្ដ្រីជាន់ខ្ពស់​ នៃ​កងយោធពល​ខេមរភូមិន្ទ នៃ​កងទ័ពជើងគោក​ បាន​អំពាវនាវ​ដល់​យុវជន​ជំនាន់​ក្រោយ​ ឱ្យចូល​រួមការ​ពារ និង​ទប់ស្កាត់​ការ​រំលោភបំពាន​ខ្សែបន្ទាត់​ព្រំដែន ប្រាសាទ​បុរាណ ពី​សំណាក់​ប្រទេសជិតខាង​ជាមួយ​កងកម្លាំងប្រដាប់អាវុធ ​ក្នុង​តំបន់​យោធភូមិភាគ​ទី​៤ ដែលមាន​ប្រវែង​៤៧៩​គីឡូម៉ែត្រ ​ខណៈដែល​មេបញ្ជាការ​ខ្លះ​ជិត​ចូល​និវត្តន៍​។ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក​ និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ បាន​ថ្លែង​បែបនេះ នៅ​ខាងមុខ​យុវជន​ជាច្រើន ​ក្នុង​យុទ្ធនា​ការដាំ​កូនឈើ​ទ្រង់ទ្រាយ​ធំ ​នៅ​យោធភូមិភាគ​ទី​៤​កាលពី​ថ្ងៃទី​០១​ ខែមិថុនា​ឆ្នាំ​២០២១​នេះ​។លោក​ឧត្ដមសេនីយ៍ មានប្រសាសន៍ថា ​យោធភូមិភាគ​ទី​៤ បាន​គ្រប់គ្រង​តំបន់​ចំនួន​៤​ខេត្ដ​ដែល​សុទ្ធ សឹង​ជា​ខេត្ដ​ដែល​សំបូរ​ដោយ​ប្រាសាទ​បុរាណ​រាប់រយ​ប្រាសាទ​។​ជាមួយគ្នា​នោះ ​មាន​ខេត្ដ​ចំនួន​២​ខេត្ដ​បាន​ជាប់​ព្រំប្រទល់ ជាមួយ​ប្រទេស​ថៃ ​ប្រទេស​ឡាវ រួមមាន ​ខេត្ដ​ឧត្ដរមានជ័យ និង​ខេត្ដ​ព្រះវិហារ ដែល​មាន​ប្រវែង​៤៧៩​គីឡូម៉ែត្រ ក្នុងនោះ​ មាន​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ប្រវែង​៣៥០​គីឡូម៉ែត្រ និង​ជាប់​ជាមួយ​ប្រទេស​ឡាវ​ប្រវែង​១២៩​គីឡូម៉ែត្រ ។លោក​ឧត្ដមសេនីយ៍​ បាន​បន្ដថា នៅតាម​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងនោះ ក៏​សំបូរ​ដោយ​ប្រាង្គ​ប្រាសាទបុរាណ ​នៅ ដែល​បុព្វបុរស​ខ្សែ​បាន​បន្សល់​ទុកឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ ​ដូច្នេះ​ក្រុម​យុវជន​ជំនាន់​ក្រោយ​ត្រូវ​យល់ដឹង ​និង​ចូលរួម​ការពារ​និង​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការបាត់បង់ ព្រោះថា ថ្នាក់ដឹកនាំ​កងកម្លាំង​ដែល​បាន​គ្រប់គ្រង​នាពេល​បច្ចុប្បន្ននេះ​ មាន​វ័យ​ជិត​ចូល​និវត្តន៍​ហើយ​។​ឯកឧត្ដម​បាន​បន្ថែម​ថា​ ប្រាសាទ​បុរាណ​មួយ​ចំនួន ​ត្រូវបាន​ប្រទេសជិតខាង​រំលោភ​យក ​ហើយ​មួយ​ចំនួនទៀត​កំពុង​ប្រឈម ដែល​កូន​ខ្មែរ​គ្រប់រូប ​ត្រូវ​យល់ដឹង​ពី​ស្ថានភាព​នៅ​តាម​ព្រំដែន​ផងដែរ​។បើ​យោងតាម​ឯកសារ​ការស្រាវជ្រាវ បាន​បង្ហាញថា ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ប្រាសាទ​បុរាណ​(​នៅ​មាន​រូបរាង​) ១៨​កន្លែង ស្ពាន​បុរាណ​៧​កន្លែង ​ទួល​ប្រាសាទ​៨២ កន្លែង​និង​ស្រះ​បុរាណ​១៤​កន្លែង​។ ប្រាសាទ​សំខាន់​និង​នៅ​ជាប់​ព្រំដែន​ថៃ ​មាន ដូចជា​ ប្រាសាទ​តាម​ន្ត ​និង​ប្រាសាទ​តា​ក្របី​ជាដើម​។ ដោយឡែក​នៅ​ខេត្ដ​ព្រះវិហារ ​មាន​ប្រាសាទ​បុរាណ​ដែល​សំខាន់​ធំ​ជាង​គេ​គឺ​ប្រាសាទ​ព្រះវិហារ​៕​អត្ថបទ​៖ ឈិ​ត សា​វី

ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ បានបញ្ចប់​ការងារ​ជួសជុល​ប្រាសាទ​ផ្ទី នៅ​តំបន់​ប្រាសាទ​បេ​មាលា

2021/06/02 07:02:54 am        312
សៀមរាប ៖ ក្រុមការងារ ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ និង​ក្នុង​ឧទ្យាន​អង្គរ ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ការងារ​ជួសជុល​ប្រាសាទ​ផ្ទី ដែល​ស្ថិតនៅ​កណ្ដាល​បារាយណ៍​នៃ​ប្រាសាទ​បេង​មាលា​។ គម្រោង​ជួសជុល​នេះ ​គឺធ្វើឡើង​ដោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន​។ឯកឧត្តម គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ​មានប្រសាសន៍​នៅ​ថ្ងៃទី​០១​ខែ​មិថុនា ម្សិលមិញ​ថា គម្រោង​ជួសជុល​ប្រាសាទ​ផ្ទី​ បានសម្រេច​រួចរាល់​ហើយ​នៅ​ចុងខែ​ឧសភា​ នេះ បន្ទាប់ពី​ចាប់​ផ្តើម​ដំណើរការ​នៅ​ដើមខែមេសា​។ នៅ​ដើមខែ មីនា ការធ្វើ​កំណាយ​ពិនិត្យ​រចនា​សម្ព័ន្ធ​ប្រាសាទ​នេះ​បាន​ចាប់ផ្តើម​ និង​ឈាន​ដល់​ការ​ជួសជុល​លើក​តម្លៃ​ឡើងវិញ ​ក្រោម​ការចូលរួម​ពី​វិស័យ​ឯកជន គឺ​លោកជំទាវ ម៉ៅ ម៉ា​ល័យ ​កែ គឹម​ម​យ៉ាន ​ក្នុង​បំណង​ដើម្បី​ចូលរួម​អភិរក្ស​មរតក​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម គឹម សុ​ធិ​ន គម្រោង​ជួសជុល​នេះ ​មានការ​លំបាក​បន្តិច​ដែរ ព្រោះ​ការដ្ឋាន​ស្ថិតនៅ​កណ្ដាល​បារាយណ៍ ក្នុងព្រៃ ​ហើយ​ផ្លូវ​ធ្វើដំណើរ​មាន​ភាព​តូច​បន្ដិច ​ដែល​ពិបាក​ក្នុង​ការ​ដឹកជញ្ជូន​ថ្ម​តាម​រថយន្ត​ធុន​ធ្ងន់​។ យ៉ាងណា ​ឯកឧត្តម គឹម សុ​ធិ​ន ​បានបង្ហាញ​សុទិដ្ឋិនិយម ​និង​អារម្មណ៍​រីករាយ​ជា​ខ្លាំង​ជាមួយ​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត​នេះ ​ពិសេស​ប្រាសាទ​ដែល​បាន​ដួល​រលំ​ឃើញតែ​គំនរ​ដុំថ្ម​ហើយ​បាន​ខិតខំ​រក​ផ្គុំ​ឱ្យ​មាន​រូបរាង​ឡើងវិញ​។ប្រាសាទ​ផ្ទី​ ដែល​ស្ថិតនៅ​ចំ​កណ្តាល​បារាយណ៍​ប្រាសាទបេង​មាលា​ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រាសាទ​នេះ​ មាន​លក្ខណៈ​ជា​សំណង់​ថ្មបាយក្រៀម រាង​ការេ ប្រវែង​១៥​ម៉ែត្រ​បួន​ជ្រុង និង​មាន​ជញ្ជាំង​ព័ទ្ធជុំវិញ​កម្ពស់​១​ម៉ែត្រ ។​ នៅ​ចំ​កណ្តាល គេ​តម្កល់​រូប​ព្រះពុទ្ធ​ប្រក់​នាគ​សរុប​ទាំង​ខឿន​កម្ពស់​៦,៥​ម៉ែត្រ​អំពី​ថ្មភក់ ​ដែល​ទំនងជា​ត្រូវបាន​សាង​សង់​ឡើង​រវាង​ពាក់កណ្ដាល​សតវត្ស​ទី​១២ ​ទៅ​ចុង​សតវត្ស​ទី​១២៕អត្ថបទ ៖ សាវី 

ក្នុង​ចំណោម​ប្រាសាទបុរាណ​ ទូទាំងប្រទេស​មាន​៨៥៧​កន្លែង ​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ

2021/06/02 01:54:58 pm        177
សៀមរាប ៖ យោងតាម​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន ​បាន​បញ្ជាក់ថា ក្នុងចំណោម​ប្រាង្គ​ប្រាសាទ​បុរាណ​ដ្ឋា​ន សរុប​ជាង ៥៣០០ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​ ក្នុងនោះ​ មាន​បុរាណ​ដ្ឋា​ន ប្រាង្គ​ប្រាសាទ​ ស្ថិតក្នុង តំបន់ការពារធម្មជាតិ​សរុប​មាន​ចំនួន ៨៥៧ ទីតាំង​។ ក្នុងនោះដែរ​គ្រាន់តែ​បុរាណ​ដ្ឋា​ន​ស្ថិតនៅក្នុង ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន «​ភ្នំ​គូលែន​» មាន​ចំនួន ៤២៦ ទីតាំង ។ មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​បាន បញ្ជាក់ទៀតថា ​ចំនួន​បុរាណ​ដ្ឋា​ន​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង អភិរក្ស​ជីវៈចម្រុះ​អាច ​នៅមាន ច្រើន​ទៀត​ដែល ស្ថិតក្នុង​ព្រៃ​ជ្រៅ​មិនទាន់​រកឃើញ​។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ​បាន​អះអាងថា ប្រព័ន្ធ​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ចម្រុះ​កម្ពុជា​បច្ចុប្បន្ន​មាន​សរុប​មាន​ចំនួន​ជាង ៧០ ​ទីតាំងនៅ​ក្នុង​ខេត្ត​ចំនួន ២១ ក្នុងចំណោម​ខេត្ត​រាជធានី ២៥ របស់​កម្ពុ​ជា​មាន​ផ្ទៃដី​សរុប​ទំហំ ៧៣​លាន​ហិកតា ​ស្មើ​ប្រមាណ ៤១%​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​។ ​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​មិន​ត្រឹមតែ​សម្បូណ៌ ដោយ​ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និង​រុក្ខជាតិ​តូច​ធំ​ដែលមាន​តម្លៃ​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី និង​ការអភិរក្ស​ជីវៈចម្រុះ​នោះទេ ​តែ​ក៏មាន​បុរាណ​ដ្ឋា​ន​ដែលជា​ជង្រុក​នៃ វប្បធម៌ ​ប្រពៃណី​ទំនៀម ទំលាប់​របស់​ជាតិ​សាសន៍​ខ្មែរ ដ៏​សម្បូណ៌​បែប​។ក្រសួងបរិស្ថាន​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ក្នុងការ​ការពារ និង​អភិរក្ស​បុរាណ​ដ្ឋា​ន​ទាំងនេះ​។ ក្រសួងបរិស្ថាន​មាន​យុត្តាធិការ​លើ​ការគ្រប់គ្រង​ និង​អភិរក្ស​ធន​​ធាន​ធម្មជាតិ​ក្នុង​តំបន់​ការពារធម្មជាតិ ​និង​របៀង​អភិរក្ស ​។ ចំណែក​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​តួនាទី​ក្នុង​ការ​អភិរក្ស​ការពារ​បុរាណ​ដ្ឋា​ន​និង​ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់​ការពារធម្មជាតិ​ទាំងនោះ ដូចជា​ ការជួសជុល​ ថែទាំ​ជាដើម​។ នេះ​គឺជា​កិច្ចសហការ​មួយ​ប្រកបដោយ​ការទទួលខុសត្រូវ ក្នុងនាម​រាជរដ្ឋាភិបាល​ដើម្បី ការពារ និង​អភិរក្ស​សម្បត្តិ​ធម្មជាតិ​ផង និង​ការពារ​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌​ផង​ដែល​មាន​តម្លៃ​មហាសាល​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។ប្រាង្គ​ប្រាសាទ​និង​បុរាណ​ដ្ឋា​ន​ដែល​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​នឹង ធនធានធម្មជាតិ​។ បុរាណ​ដ្ឋា​ន​ទាំងនេះ​ បាននិងកំពុង​ក្លាយ​ជា​តំបន់​ទេសចរណ៍​យ៉ាង​សំខាន់​ផ្សារ ភ្ជាប់​នឹង​ទេស​ចរណ៍ធម្មជាតិ ​និង​បាន​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដូចជា​ប្រាសាទ​ជាំស្រម ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ ដែលជា​ការផ្សារភ្ជាប់រ​វា​ង​ទេសចរណ៍​សត្វ​ស្លាប​និង​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​ពលរដ្ឋ​ខ្មែរ​។ក្រសួងបរិស្ថាន​ សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​ទាំងឡាយ​ដែល​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ដែល​មាន បុរាណ​ដ្ឋា​ន ​និង​ប្រាសាទ​បុរាណ ​សូម​ចូលរួម​ការពារ​ និង​អភិរក្ស​ឱ្យ​បាន​ល្អ​ដើម្បី​ថែរក្សា​កេរ​មរតក​ដូនតា ​ខ្មែរ​ឱ្យ​នៅ​គង់វង្ស និង​អាច​ផ្តល់​ផលប្រយោជន៍​ទាំង​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​ និង​ការសិក្សា ស្វែងយល់​ពី​ប្រពៃណី​វប្បធម៌​ទំនៀមទម្លាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​៕ 

កូនឈើ​ប្រមាណ​១​ម៉ឺន​៥​ពាន់​ដើម ​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៤ ​ក្នុង​ខេត្តសៀមរាប

2021/06/02 01:40:55 pm        151
សៀមរាប ៖ អាជ្ញាធរ​ជាតិ អប្សរា​បាន​សហការ​ជាមួយ កង​យោធា​នៅ​យោធភូមិភាគ​ទី​៤ បាន​ប្រារព្ធ​ធ្វើ​ពិធី​ដាំ ​កូនឈើ​ចម្រុះ​ប្រមាណ​ជាង​១​ម៉ឺន​៥​ពាន់​ដើម ​នៅក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៤ ខេត្តសៀមរាប ​ដើម្បី​លើ​សោភ័ណភាព​ទេសចរណ៍វប្បធម៌​ និង​បរិស្ថាន នៃ​តំបន់​ប្រាសាទ​បុរាណ​។កាលពី​ម្សិលមិញ យុទ្ធនា​ការដាំ​កូនឈើ ប្រភេទ បេង ធ្នង់ គ្រញូង និង​នាងនួន ត្រូវ​បាន​ធ្វើជា​ទ្រង់ទ្រាយ​ធំ ​នៅ​ដើមរដូវ​វស្សា​ ដែល​មាន​អ្នកចូលរួម​ប្រមាណ​៦​រយ​នាក់ សមាស​ភាពជា​កងកម្លាំង​យោធា ក្រុម​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​អាជ្ញាធរ​ជាតិ​អប្សរា ​ចលនា​យុវជន​កម្ពុជា​១៥៧ និង​មន្ត្រី​សាលា​ខេត្តសៀមរាប ផងដែរ​។ឧ​ត្ត​ម​សេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក​ និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤​បាន​លើក​ឡើកថា ការដាំ​កូនឈើ​ពេលនេះ គឺជា​ការរួមចំណែក ​ការពារ​បរិស្ថាន និង​ជួយ​លើកកម្ពស់​សោភ័ណភាព​ខេត្តសៀមរាប​ ព្រមទាំង​ធ្វើឱ្យ​ប្រាសាទ​បុរាណ​កាន់តែ​មាន​សម្រស់​ទាក់ទាញ​ភ្ញៀវទេសចរ ។ឯកឧត្ដម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ​ស្ថាប័ន​នេះ ​បាន​ត្រៀម​កូនឈើ​២០​ម៉ឺន​ដើម ដើម្បី​ទុក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​យក​ទៅ​ដាំ​បំពេញ​បន្ថែម​នៅ​កន្លែង ដែល​ខ្លួន​ចង់​ដាំ នៅ​តំបន់​ព្រៃឈើ​ ដែល​រេចរឹល ខណៈដែល​កូនឈើ​រាប់​ម៉ឺន​ដើម​ទៀត​ សម្រាប់​ដាំ​បំពេញ​បន្ថែម​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ឯកឧត្ដម បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច ចូលរួម​ដាំ ​និង​ជួយ​ការពារ​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស ព្រោះ​ព្រៃឈើ​ជា​អាយុជីវិត​របស់​មនុស្ស​ជាតិ​។កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២០ អាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់​បាន​ផ្ដល់​កូនឈើ​ចម្រុះ​ចំនួន​មួយ​ម៉ឺន​ដើម ឱ្យ​កងយោធពល​ខេមរៈភូមិន្ទ នៃ​យោធភូមិភាគ​៤ ​យកទៅ​ដាំ ​នៅក្នុង​ទីបញ្ជាការ​ដដែល​នេះ​ផងដែរ​។​នេះ​ជា​លើក​ទី​២​ហើយ ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្ដល់​កូនឈើ​ចម្រុះ​ចំនួន​១​ម៉ឺន​៥​ពាន់​ដើម​ទៀត សម្រាប់​ដាំ​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៤​នេះ​៕​អត្ថបទ​៖ ឈិ​ត សា​វី 

ក្រសួងសុខាភិបាល​ ជំរុញ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ឲ្យ​កាន់តែ​លឿន​ដើម្បី​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩

2021/06/02 06:10:11 am        262
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ត្រៀមលក្ខណៈ​រួចជាស្រេច ក្នុង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​កាន់តែ​លឿន កាន់តែ​ល្អ ដើម្បី​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ​។ នេះ​បើ​យោង​តាម​ការ​បញ្ជា​ក់​រប​ស់ ឯកឧត្តម​ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល​ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរដ្ឋទូត សាធារណ​រដ្ឋ​កូរ៉េ​ ប្រចាំ​កម្ពុជា​ និង​ទទួល​អំណោយ ឧបករណ៍​បរិក្ខារ​វេ​ជ្ជ​សាស្ត្រ ​នា​កាលពី​ល្ងាច​ថ្ងៃទី​១ ​ខែមិថុនា ឆ្នាំ​២០២១​។ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​លើកឡើងថា ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត បាន​ដាក់​ចេញ​ពាក្យស្លោក គឺ​៣​ការពារ ៣​កុំ​។ កាលណា​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្តន៍​ទាំង​អស់គ្នា ៣​ការពារ ៣​កុំ និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​បាន​ចំនួន​ច្រើន យើង​សង្ឃឹមថា ​នឹង​អាច​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​ជំងឺ​កូ​វីដ​-១៩ ​និង​ឈាន​ទៅ​បន្តិច​ម្តងៗ ​ដើម្បី​រក្សា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ​ឯកឧត្តម ​លើកឡើងថា បញ្ហា​មួយទៀត​នោះ ​ប្រទេសជិតខាង​កម្ពុជា (​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​) ​កំពុង​ផ្ទុះ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ​ ក៏មាន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ទាំងនោះ បាន​ចល័ត​ចូល​មក​ប្រទេស​កំណើត​វិញ​។ ដូច្នេះ​យើង​ត្រូវ​រៀបចំ​ថែទាំ​ប្រជាពលរដ្ឋ ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ​អោយ​បាន​ត្រឹមត្រូវ​ ហើយ​ឲ្យ​ប្រាកដថា​ បើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជំងឺឆ្លង​នេះ​ អាច​ទទួល​បាន​ការ​ព្យាបាល​ក្នុង​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ។សូម​រំលឹក​ផងដែរ​ថា ​បើ​យោង​តាម​សារ​សំឡេង​ពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១ ថ្លែងថា ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ផែនការ នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ចំនួន​១០​លាន​នាក់ យ៉ាង​យូរបំផុត ​នៅ​ដើមឆ្នាំ​២០២២ ​និង​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ​ឲ្យ​បាន​តាម​ផែនការ​ដែល​បាន​កំណត់​។ កម្ពុជា​នឹង​មាន​វ៉ាក់សាំង​កូ​វីដ​-១៩ ​មកដល់ ជា​បន្តបន្ទាប់ ហើយ​នៅក្នុង​ខែមិថុនា​ ឆ្នាំ​២០២១​នេះ ​វ៉ាក់សាំង​កូ​វីដ-​១៩​ ចំនួន៤​លាន ៥​សែន​ដូ​ស​បន្ថែម​ទៀត​នឹង​មកដល់​ប្រទេស​កម្ពុជា​៕អត្ថបទ រដ្ឋា

ជនពិការ​បម្រើ​ការងា​រ​តាម​មូលដ្ឋាន​អាជីវកម្ម អង្គការ សមាគម​នានា​ភាគច្រើន ​បាន​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

2021/06/02 05:42:52 am        233
ភ្នំពេញ ៖ ​ខណៈដែល ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ស្រោច​នៅក្នុង​រាជធានី​ភ្នំពេញ ​គឺមាន​បងប្អូន​ជា​ជន​ពិការ​គ្រប់​ទម្រង់​ទាំងអស់​ ដែល​បំរើ​ការងារ​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម និង​អង្គការ ​សមាគម​សង្គម​ស៊ីវិល ​ស្ទើរតែ​ទាំងស្រុង ​នៅ​រាជធានី​ភ្នំពេញ បាន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ទាំង​ដូ​ស​ទី​១ ​ដូ​ស​ទី​២ ​ហើយ​រួចរាល់​។បើតាម លោក ណាវ ចាន់ថា​រិ​ទ្ធ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ម៉ាស្សា​ជន ពិការ សាខា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់ BTV ​នៅ​ថ្ងៃទី​២ ​ខែមិថុនា​នេះ​ថា ​នៅ​ក្នុង​មូលដ្ឋាន​អាជីវកម្ម​របស់​លោក ​មាន​ជនពិការ​ប្រមាណ​ជាង ២០​នាក់ ដែល​កំពុង​បំរើការ​ងារ​នៅ​សាខា​រាជធានី​ភ្នំពេញ ​និង​សាខា​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ​គឺ​បាន​ទៅ​ចាក់​វ៉ា​ក់​សាំ​ការពារ​កូ​វីដ​-១៩ ​រួចរាល់​អស់ហើយ​ លើកលែងតែ​បុគ្គលិក​ពិការ​ចំនួន​៣​នាក់ ​ដែល​គាត់​សុំច្បាប់​សម្រាក​នៅ​តាម​ខេត្ត​ស្រុកកំណើត ​គឺ​នៅ​មិន​ទាន់បាន​ចាក់​។សម្រាប់​ការ​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នេះ ​បងប្អូន​ជន​ពិការ​បំរើ​កា​រងារ​នៅតាម​អង្គការ​សមាគម​នានា​ ទៀត​បាន​ថ្លែងថា ​ភាគច្រើន​ក្នុងចំណោម​បងប្អូន​មាន​ពិការភាព ​គឺ​បាន​ចាក់​វ៉ាក់សាំង​លឿន ​ដោយសារ​មានការ​សម្របសម្រួល​បាន​យ៉ាង​ល្អ​ប្រសើរ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​ពី​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​នៅ​តាម​មណ្ឌល​ចាក់​វ៉ាក់សាំង​នានា​។ឯកឧត្តម ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន ​និង​យុវនីតិសម្បទា​ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ​បាន​ថ្លែងថា ​បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស​មាន​បងប្អូន​មាន​ពិការភាព​ប្រមាណ​ជាង​ ៥០​ម៉ឺន​នាក់ ហើយ​មកដល់ពេលនេះ ​យើង​មិន​បាន​ដឹង​ច្បាស់​ថា តើ​មាន​បងប្អូន​ ជា​ជន​ពិការ​ចំនួន​ប៉ុន្មាន​នាក់​បាន​ទៅ​ចាក់​វ៉ាក់សាំង​នោះទេ​ ដោយ​បច្ចុប្បន្ន រាជរដ្ឋាភិបាល​ បាន​ប្រកាស​ចាក់​ស្រោច​ជា​សាធារណៈ ​ហើយ​បងប្អូន​ជន​ពិការ​អាច​អញ្ជើញ​ទៅ​ចាក់​នៅ​ទីតាំង​ណា​ក៏បាន​។ទោះយ៉ាងណា នៅក្នុង​អំឡុង​ពេលនេះ ឯកឧត្តម ឯម ច័ន្ទ​មករា បាន​ប៉ាន់ប្រមាណ​ថា មាន​បងប្អូន​ជន​ពិការ​ជាច្រើន​នាក់ បាន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ​រួចហើយ ​ហើយ​តាមរយៈ​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល ​ពី​សំណាក​ក្រុម​លេខាធិការដ្ឋាន​សកម្មភាព​ជន​ពិការ ក៏​​ក្រសួង​សង្គមកិច្ច​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ថ្នាក់ជាតិ​ និង​មានការ​សម្រាប់​សម្របសម្រួល​ពី​សំណាក​អាជ្ញាធរ​មូលដ្ឋាន​តាម​ឃុំ​សង្កាត់ ​តាម​ភូមិ ​សហគមន៍ ព្រម​អង្គការ​សមាគម​នានា ​ទៀត គឺ​បាន​និងកំពុង​ជំរុញ​អោយ​បងប្អូន​ជនពិការ​ដែល​មិន​ទាន់បាន​ទៅ​ចាក់ គឺ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​នេះ​ អោយបាន​គ្រប់ៗ​គ្នា​៕​អត្ថបទ ស៊ុម សុខ​ជា

បែចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ​និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ​ នៅ​ភ្នំពេញ​ត្រូវ​រុះរើ​ ឬ​ចល័ត​ចេញ​ជាបន្ទាន់

2021/06/02 11:31:18 am        984
ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​ឱ្យ​រុះរើ ឬ​ចល័ត​ចេញ​ជាបន្ទាន់​ចំពោះ​ បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ​ម្ចាស់ផ្ទះ​តូចៗ ​និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ទាំងអស់​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ដោយ​ទុក​រយៈពេល ០១ សប្ដាហ៍​។នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដីជូនដំណឹង ​ដោយបញ្ជាក់​ថា កន្លងមក​មាន​ជន​ឱកាសនិយម​មួយ​ចំនួន​បាន​លប​លួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី ​ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ ហើយ​កន្លែង​ខ្លះ​ បាន​ប្រែក្លាយជា​កន្លែង​ស្នាក់នៅ​ដោយ​ខុសច្បាប់​ យ៉ាង​អានាធិបតេយ្យ ដែល​បង្ក​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវា​ចរ ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី ​មាន​ចរន្តទឹក​ហូរ គោក​រាក់​ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី ​និង​ការ​បញ្ចេញ​កាកសំណល់ ការ​បន្ទោបង់​ពាស វាល​ពាស កាល​ក្នុង​ទន្លេ ​ធ្វើឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ​ខូចគុណភាព​ទឹក ​បំពុល​បរិស្ថាន ​និង​ប៉ះពាល់​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​នៃ​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផងដែរ​។ចំពោះមុខ ដើម្បី​រក្សា​បរិស្ថាន ជីវៈចម្រុះ គុណភាព​ទឹក និង​លុបបំបាត់​បាតុភាព​អសកម្ម​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ ​តម្រូវ​ឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក​ ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ទាំងអស់​ ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​ជាបន្ទាន់ ​ដោយ​ទុក​រយៈពេល ០១ សប្ដាហ៍ ​គិត​ចាប់ពី​កាលបរិច្ឆេទ​ចេញ​សេចក្តី​ជូនដំណឹង​នេះ​តទៅ​។ ផុត​រយៈ​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ចាត់វិធានការ​រដ្ឋបាល​ដោយ​ពុំ​ទទួលខុសត្រូវ​រាល់​ការខូចខាត ​ឬ​ការបាត់បង់​ណាមួយ​ឡើយ​ ហើយ​ក្នុង​ករណី​រឹងរូស​អាជ្ញាធរ​មូលដ្ឋាន ​និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់​។ ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើឱ្យ​ប្រជាពលរដ្ឋ​ប្តូរ​ទម្លាប់​ពី​ការ​ចិញ្ចឹម​ត្រី​តាម​បែ​លើ​ផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មក​ចិញ្ចឹម​ត្រី​តាម​ស្រះ​វិញ​៕​អត្ថបទ ៖ វ៉ាន់ដា

សម្ដេច​តេជោបញ្ជាក់​ថា មន្ត្រី​ជាន់​ខ្ពស់​​អាមេរិក​ពេញ​ចិត្ត​នឹង​ទង្វើ​មនុស្ស​ធម៌​​របស់​កម្ពុជា ក្រោយ​អនុញ្ញាត​ឱ្យ​នាវា MS Westerdam ចូល​ចត​កាល​ពី​ឆ្នាំ​មុន

2021/06/01 10:53:07 pm        398
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​ថា មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​​បាន​បង្ហាញ​នូវ​ការ​ពេញ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ បន្ទាប់​ពី​ជំនួប​រវាង​សម្ដេច និង​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី Wendy R. Sherman នៅឯ​វិមាន​សន្តិភាព​នៅ​រសៀល​ថ្ងៃ​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ទៀត​ថា អនុ​រដ្ឋ​មន្ត្រី​អាមេរិក​រូប​នេះ ពេញ​ចិត្ត​ទៅ​នឹង​ការ​គាំ​ទ្រ​របស់​កម្ពុជា​ចំពោះ​កិច្ចការ​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ជាង​នេះ​ទៅ​ទៀត ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា អ្នកស្រី Wendy R. Sherman ពេញ​ចិត្ត​នឹង​​ទឹក​ចិត្ត​មនុស្ស​ធម៌​របស់​កម្ពុជា បន្ទាប់​ពី​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​អន្តរជាតិ MS Westerdam បាន​ចូល​ចត​នៅ​កំពង់ផែ​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​មុន។នាវា​ទេសចរណ៍​អន្តរជាតិ MS Westerdam ដែល​ផ្ទុក​ទៅ​ដោយ​មនុស្ស​រហូត​ដល់ ២ ២៥៧​នាក់​រួម​ទាំង​បុគ្គលិក និង​នាវិក​​ផង​នោះ ត្រូវ​បាន​ប្រទេស និង​ដែន​ដី​នានា មិន​ទទួល​ឱ្យ​ចូល​ចត​នោះ​ឡើយ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន ដោយសារ​តែ​ក្ដី​បារម្ភ​អំពី​ករណី​ឆ្លង​មេរោគ​​កូវីដ-១៩​នៅ​លើ​នាវា​នោះ។ប៉ុន្តែ នាវា​ទេសចរណ៍​អន្តរជាតិ​មួយ​គ្រឿង​នេះ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​ចូល​ចត​នៅ​កំពង់ផែ​​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ហើយ​មួយ​ថ្ងៃ​បន្ទាប់​ចំ​ទិវា​នៃ​ក្ដី​ស្រឡាញ់​នោះ សម្ដេច​តេជោ ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​ជាច្រើន​រូប បាន​ទៅ​ទទួល​ស្វាគមន៍​អ្នក​ដំណើរ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ចុះ​ពី​នាវា​ទេសចរណ៍​មួយ​គ្រឿង​នោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក សាទរចំពោះការចរចាសន្តិសុខដែលមានផលិតភាព រវាងអ៊ីស្រាអែល និងលីបង់
05/30/2026 10:05 AM
អ៊ីរ៉ង់ ប្រើសំឡេងយ៉ាងប្រុងប្រយ័ត្ន និងនិយាយថាការចរចានៅតែបន្ត ហើយការខ្វែងគំនិតគ្នានៅតែមាន
05/30/2026 10:05 AM
អតីតកម្មករវិលពីថៃ កំពុងរកឃើញឱកាសការងារស្ថិរភាពក្នុងវិស័យកាត់ដេរ ផលិតកម្ម និងកសិកម្មនៅកម្ពុជា
05/30/2026 10:05 AM
អាមេរិក និយាយថា បណ្តាញរបស់អ៊ីរ៉ង់ បានបោកប្រាស់ក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីផ្គត់ផ្គង់ដល់យោធា
05/30/2026 10:05 AM
សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំ ៧២រូប ចូលរួមតាក់តែងវិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សម្រាប់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលការប្រឡងនឹងប្រព្រឹត្តទៅនៅរសៀលនេះ
05/30/2026 10:05 AM
បណ្តារដ្ឋសម្ព័ន្ធយោធា NATO រិះគន់រុស្ស៊ី បន្ទាប់ពីការធ្លាក់យានដ្រូននៅប្រទេសរ៉ូម៉ានី
05/30/2026 09:05 AM
លោក Trump និយាយថា កំពុងធ្វើការសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/30/2026 09:05 AM
សម្ដេចធិបតីពន្យល់អំពីកូតាដែលអាមេរិកផ្ដល់អាហារូបករណ៍ឱ្យទៅរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point និងច្រានចោលការលើកឡើងរបស់ពលរដ្ឋថៃថាទៅតាមរយៈកូតារបស់កងទ័ពថៃ
05/30/2026 09:05 AM
អនុប្រធានទី១ គ.ជ.គ.ម ណែនាំឲ្យរៀបចំផែនការសកម្មភាពត្រៀមឆ្លើយតបចំពោះគ្រោះមហន្តរាយកើតឡើងជាយថាហេតុក្នុងរដូវវស្សា
05/30/2026 09:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានា ក្នុងខេត្តពោធិ៍សាត់
05/30/2026 07:05 AM