ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

​​អភិបាល​រាជធានី​ ស្នើ​ក្រសួង​ពាក់ព័ន្ធ​ប្រើ​យន្ត​ការ​រួម ដើម្បី​កាត់ផ្ដាច់​ការឆ្លង​រាលដាល​កូ​វីដ​តាម​រោងចក្រ​

2021/05/26 07:18:59 pm        154
​ភ្នំពេញ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មានបំណង​បង្កើត​ឱ្យមាន​យន្តការ​រួមមួយ ដើម្បី​រួមគ្នា​អនុវត្ត​សេចក្តីណែនាំ​រួម​ឈានទៅ​កាត់​ផ្តាច់​ឱ្យបាន​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោងចក្រ​។​​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បានស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ជួយ​រែក​ពន្ធ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​នៅតាម​រោងចក្រ សហគ្រាស​នានា​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ខណៈដែល​នៅតាម​រោងចក្រ សហគ្រាស​មួយ​ចំនួន​បាន​នឹង​កំពុង​រីក​រាលដាល​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ មិន​ឈប់ឈរ​សោះ​។ ការ​ស្នើ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គឺ​បាន​ធ្វើឡើង​នា​ល្ងាច​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង​​ផ្ទាល់​ជាមួយ​ក្រសួងសុខាភិបាល ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សមាគមន៍​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅថា GMAC និង​អាជ្ញាធរ​ខណ្ឌ​មួយ​ចំនួន ដែលមាន​រោងចក្រ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​​ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ការបើក​ឱ្យមាន​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រសួងសុខាភិបាល តំណាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សមាគមន៍​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​នេះ គឺ​ក្នុង​បំណង់​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោងចក្រ សហគ្រាស​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ព្រោះ​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រឹងប្រែង​រែកពុន​ខ្លាំងណាស់ ដូច្នេះ​លោក​ចង់ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​រែកពុន តាមរយៈ​ការបង្កើតឱ្យមាន​យន្តការ​រួមមួយ ដើម្បី​បានធ្វើការ​ជាមួយគ្នា​ដោយ​ការទទួលខុសត្រូវ ក្នុងការ​លុបបំបាត់ ឬ​កាត់ផ្តាច់​ឱ្យបាន​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។​​ឯកឧត្ដម ឃួ​ង ស្រេង បន្តទៀតថា កន្លងមកនេះ ពេលដែល​រាជធានី​ភ្នំពេញ​ត្រូវបាន​បិទ​ខ្ទប់ រោងចក្រ សហគ្រាស ក៏បាន​បិទ​ផងដែរ ។ ក្រោយមក​នៅពេលដែល​បើក​ឱ្យ​ដំណើរការ​ឡើងវិញ រោងចក្រ​បានឱ្យ​កម្មករ​ចូលធ្វើ​ការងារ​វិញ​១០០​ភាគរយ ខុសពី​សេចក្តីណែនាំ​ដែល​ចុះហត្ថលេខា​រួម​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​រដ្ឋមន្ត្រីក្រសួង​ការងារ​។ ដោយ​ក្នុង​សេចក្តីណែនាំ ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​កូ​វីដ​-១៩​នេះ កម្មករ​តែ​៥០​ភាគរយ​ប៉ុណ្ណោះ ដែល​អាច​ចូលធ្វើការ​វិញ​បាន​តាមរយៈ​ការប្តូរ​វេន​គ្នា។ តែ​មិន​ដូច្នោះ​ទេ ខាង​រោងចក្រ​បានអនុញ្ញាត​ឱ្យ​កម្មករ​ចូលធ្វើការ​វិញ​រហូត​១០០​ភាគរយ ដែល​ធ្វើឱ្យមាន​ហានិភ័យ​ខ្ពស់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែលជា​កង្វល់​ដ៏​ធំ​មួយ​របស់​រាជរដ្ឋាភិបាល​។ ឯកឧត្ដម ឃួ​ង ស្រេង បញ្ជាក់​ថា ដូច្នេះហើយ ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើតឱ្យមាន​កិច្ចប្រជុំ​ពិភាក្សា​នេះ​ឡើង ក្នុង​បំណង​បង្កើតឱ្យមាន​យន្តការ​រួមមួយ ដើម្បី​ចេញ​សេចក្តីណែនាំ​រួម នាំគ្នា​អនុវត្ត ឈានទៅ​កាត់ផ្តាច់​ឱ្យបាន​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។​ចំពោះ​លទ្ធផល​កិច្ចប្រជុំ​ពិភាក្សា​នេះ គឺ​មិនទាន់មាន​ការសម្រេច​បែប​ណា​នៅឡើយ​ទេ​នា​ព្រលប់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១៕​ ​អត្ថបទ៖ ប្រាក់ វ៉ាន់ដា ​​

ផ្សារ​មិន​រៀបរយ​នៅតែ​មិនឱ្យ​បើក​ដំណើរការ រីឯ​ផ្សារ​រដ្ឋ​បើក​លក់​តែ​ម្ហូបអាហារ​នឹង​ត្រូវ​តាមដាន​ស្ថានភាព​គ្រប់​ពេល​

2021/05/26 04:52:46 pm        552
​ភ្នំពេញ៖ ផ្សារ​ក្រមួន ផ្សារ​មិន​រៀបរយ តាម​រោងចក្រ តាម​ចិញ្ចើម​ផ្លូវ ឬ​តាម​ដី​ឡូត៍​ឯកជន​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ នៅតែ​បន្ត​សម្រេច​ផ្អាក​ដំណើរការ​ដដែល សម្រាប់​ផ្សារ​រដ្ឋ​ដែល​កំពុង​បើក​ដំណើរ​វិញ​ក៏​អនុញ្ញាត​តែ​ការលក់ដូរ​ម្ហូបអាហារ​តែប៉ុណ្ណោះ​។​​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ​ការ​បញ្ជូន​រូបភាព និង​សំឡេង​​ផ្ទាល់ ស្ដីពី​ការត្រួតពិនិត្យ​ការងារ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ លើ​កិច្ចការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ការ​ត្រួតពិនិត្យ​លើ​ការបើក​ឱ្យ​ដំណើរការ​ផ្សារ​រដ្ឋ​ឡើងវិញ និង​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ផ្សារ​ទាំងអស់​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ចំពោះ​ផ្សារ​ក្រមួន ផ្សារ​ចាត់តាំង ផ្សារ​រោងចក្រ ផ្សារ​សហគមន៍ ផ្សារ​ក្នុង​ដី​ឡូត៍​ឯកជន ផ្សារ​ជុំវិញ​មន្ទីរពេទ្យ និង​ផ្សារ​តាម​ចិញ្ចើម​ផ្លូវ​ជាដើម គឺ​មិន​ត្រូវ​បាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើយ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​គឺ​លទ្ធផល​នៃ​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ ដែល​ដឹកនាំ​ដោយ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ជាមួយ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ទាំង​១៤​ខណ្ឌ​។​​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្ដម ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​តាម​ផ្សារ​នានា នៅ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ជាប់​ជាប្រចាំ និង​ធ្វើ​របាយការណ៍​ពី​វឌ្ឍនភាព​ផ្សារ​នីមួយៗ​ជាប្រចាំ​ផងដែរ​។ ឯកឧត្ដម ឃួ​ង ស្រេង បន្ថែមថា ការបើក​ផ្សារ​ឡើងវិញ​នេះ គឺ​ពិត​ជាមាន​ហានិភ័យ​ខ្ពស់ ចំពោះ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​-១៩ ដូច្នេះ​ទាំង​អាជ្ញាធរ​ខណ្ឌ ទាំង​គណៈកម្មការ​ផ្សារ គឺ​ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់បំផុត ជុំវិញ​វិធានការ​ការពារ ដោយ​ត្រូវ​ផ្សព្វផ្សាយ និង​ជំរុញ​ប្រជាពលរដ្ឋ អាជីវករ ឱ្យ​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​ជាប់​ជានិច្ច​។ ​​បន្ថែម​ពីនេះ ឯកឧត្ដម ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឱ្យ​ពង្រឹង​ការរៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​នៅតាម​ទីផ្សារ​នេះ​ឱ្យបាន​ល្អប្រសើរ​ផងដែរ ព្រោះ​បច្ចុប្បន្ននេះ ​កូ​វីដ​-១៩​ហាក់​ផ្ទុះ​ឡើងវិញ នៅ​តំបន់​មិន​រៀបរយ​នោះ​។​​​​ចំពោះ​តំបន់​ដែល​ផ្ទុះ​ឡើងវិញ​នូវ​ជំងឺ​កូ​វីដ​-១៩​ជាថ្មី​នេះ មាន​មួយផ្នែក​ខ្លះ នៃ​ខណ្ឌ​សែន​សុខ នៅ​សហគមន៍​AB ភូមិ​ផ្សារ​តូច ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ភូមិ​ព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌ​ពោធិ៍សែនជ័យ និង​នៅ​ភូមិ​ឫស្សី ភូមិ​ឫស្សី​ទី​២ ភូមិ​ឫស្សី​ទី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌ​មានជ័យ​ជាដើម​។ ហើយ​ទាក់ទិន​ជាមួយ​តំបន់​លឿងទុំ ឯកឧត្ដម ឃួ​ង ស្រេង បាន​ណែនាំ​អាជ្ញាធរ​ខណ្ឌ​ដែល​ពាក់ព័ន្ធ​ត្រូវតែ​គ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់​បំផុត មិនឱ្យ​មានការ​ចេញ ចូល​ដាច់ខាត ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

ពលរដ្ឋ​ ១៥​នាក់​នៅ​ស្រុក​ស្រែអំបិល​ បាន​ឆ្លង​កូវីដ-១៩ បន្ទាប់​ពី​ពាក់​ព័ន្ធ​​នឹង​កម្មករ​ម្នាក់​មក​ពី​ខេត្ត​ព្រះសីហនុ

2021/05/26 08:55:41 am        160
កោះកុង៖ រដ្ឋបាល​ខេត្ត​កោះកុង ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ​ចំនួន ១៥​នាក់​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​នៅ​ក្នុង​ស្រុក​ស្រែអំបិល។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន រដ្ឋបាល​ខេត្ត​កោះកុង បាន​ឱ្យ​ដឹង​ថា ស្ត្រី ១៣​នាក់ និង​បុរស ២​នាក់ ដែល​ជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ស្រែអំបិល ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញនេះ។បើ​តាម​រដ្ឋបាល​ខេត្ត​កោះកុង ប្រជា​ពលរដ្ឋ​ទាំង ១៥នាក់​នេះ បាន​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​ពួកគេ​បាន​ពាក់​ព័ន្ធ​នឹង​បុរស​​ម្នាក់​អាយុ ១៩​ឆ្នាំ ដែល​ជា​កម្មករ​បម្រើការ​នៅ​រោងចក្រ​ចំណី​សត្វ​ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ៕អត្ថបទ ៖ សុធី

ក្រសួងទេសចរណ៍​រៀបចំ​ផែនការ​សាកល្បង​បើក​ទទួល​ភ្ញៀវទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួច នៅ​ត្រីមាស​ទី​៤

2021/05/26 03:32:58 pm        213
ភ្នំពេញ ៖ នៅពេលនេះ ក្រសួងទេសចរណ៍ បាន​បង្កើត​ឯកសារ​ទស្សនាទាន​រួចហើយ​ស្តីពី​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​វ៉ាក់សាំង​កូ​វីដ​-១៩​ មកពី​ក្រៅប្រទេស ​និង​បានសម្រេច​ថា ​នឹង​ស្នើ​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​អាទិភាព​មួយ​ចំនួន​ក្នុងនោះ ​រួមមាន​ការរៀបចំ​ស្នើសុំ​បើក​ទេសចរណ៍​ជា​បណ្តើរៗ ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១​ដោយ​ផ្តោត​អាទិភាព​ការអនុវត្ត​គម្រោង​ក្នុង​ជំហាន​ទី​១​ នៅ​ខេត្តសៀមរាប​-​អង្គរ ។បើតាម​ឯកឧត្តម តុ​ប សុភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​២៦ ខែឧសភា​នេះ​ថា ​នៅក្នុង​គម្រោង​ផែនការ​របស់​ក្រសួងទេសចរណ៍​នេះ​ គឺ​យើង​ទទួល​យក​តែ ភ្ញៀវទេសចរ​អន្តរជាតិ​ ដែល​មាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​រួចរាល់ ​ហើយ​យើង​ទទួល​តែ​ភ្ញៀវ​នៅ​តំបន់​ណា​ដែល​មាន​សុវត្ថិភាព​ អោយ​មក​ទស្សនា​តែ​តំបន់​មាន​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ​និង​អាច​ផុត​ពី​ការ​អោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​។ឯកឧត្តម តុ​ប សុភ័ក បន្តថា ​ការ​ត្រៀម​សាកល្បង​បើក​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ជា​កញ្ចប់​នេះ គឺជា​ភ្ញៀវ​យើង​គ្រប់គ្រង​បាន​ហើយ​ត្រូវ​អនុវត្ត​តាម​ការងារ​បី​ចំណុច​សំខាន់ៗ​ ដែល​យើង​កំណត់ទុក​។បើតាម​លោកស្រី ឆាយ សៀវ​លីន ​ប្រធាន​សហគមន៍​ទី​ភ្នាក់​ទេសចរណ៍​កម្ពុជា CATA ​បាន​ថ្លែង​ការ​គាំទ្រ​នូវ​ចំណាត់​ការ​ផែនការ​សកម្មភាព​ទាំងបី​ចំណុច​ដែល​កំណត់​ឡើង​ដោយ​ក្រសួងទេសចរណ៍​នោះ ពីព្រោះថា បើ​យើង​រង​ចាំ​ស្ថានភាព​កូ​វីដ​-១៩ ​បាត់បង់​អស់ពី​ភព​ផែនដី​ទេ​ ហើយ​ការ​អូសបន្លាយ​យូរពេក​ ធ្វើអោយ​វិស័យ​ទេសចរណ៍​ ហើយ​អាជីវកម្ម​ដែល​ពឹងផ្អែក​លើក​វិស័យ​ទេសចរណ៍ ​រង​ប៉ះពាល់​កាន់តែខ្លាំង​ឡើងៗ​។សម្រាប់​ការងារ​ត្រៀម​អនុវត្ត​ផែនការ​បី​ចំណុច​នេះ លោកស្រី​ឆាយ សៀវ​លីន​ ក៏បាន​អំពាវនាវ​បណ្តា​ក្រុមហ៊ុន​ការី​ទេសចរណ៍ ​ត្រូវធ្វើ​ការ​ទទួល​គ្រប់គ្រង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​ជា​កញ្ចប់​នោះ ប្រកប​ដោយ​ទទួលខុសត្រូវ ជាពិសេស​បញ្ចុះ​តម្លៃ​កញ្ចប់​ទេសចរណ៍​ ដែល​មាន​ការប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។សូមបញ្ជាក់ថា គម្រោង​សាកល្បង​នៃ​ការបើក​ទេសចរណ៍​មកពី​ក្រៅប្រទេស​ជា​បណ្តើរៗ​នេះ ​នឹងត្រូវ​អនុវត្ត​នៅក្នុង​ត្រីមាស​ទី​៤ ​ដោយ​ដំបូង​ផ្តល់​ជូន​ខេត្តសៀមរាប​អង្គរ​មុនគេ​ ហើយ​បើ​ការអនុវត្ត​បាន​ជោគជ័យ ​ក្រសួងទេសចរណ៍​ នឹង​ពង្រីក​បើក​អោយ​ភ្ញៀវ​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ ​បន្ទាប់មក​រាជធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត​គោលដៅ​នានា​ទៀត ​ដែល​សង្កត់ធ្ងន់​លើ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទីផ្សារ​ទេសចរណ៍​ដែល​មាន​ហានិភ័យ​កូ​វីដ​-១៩ ទាប ​ឬ​ ដែល​មាន​ការគ្រប់គ្រង​ការ​កូ​វីដ​-១៩​ បានល្អ ឬ​ទីផ្សារ​ដែល​ស្ថិត​ក្នុង​តំបន់​ពណ៌​បៃតង​៕អត្ថបទ ​៖ ស៊ុម សុខ​ជា

ខេត្ត​សៀមរាប​បន្ត​ហាម​ឃាត់​ការ​លក់​ដូរ និង​ទទួល​ទាន​គ្រឿង​ស្រវឹង​ ២​សប្ដាហ៍​ថែម​ទៀត

2021/05/26 03:28:18 pm        98
សៀមរាប៖ រដ្ឋបាល​ខេត្ត​សៀមរាប​សម្រេច​បន្ត​​ការ​ហាម​ឃាត់​ការ​លក់​ដូរ និង​ការ​ជួប​ជុំ​​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​ទូទាំង​ខេត្ត​នេះ​រយៈ​ពេល ២​សប្ដាហ៍​ទៀត​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​ណែនាំ​របស់​ខ្លួន រដ្ឋបាល​ខេត្ត​សៀមរាប​បញ្ជាក់​ថា ការលក់​ដូរ​ និង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង នឹង​បន្ត​ផ្អាក​ ១៤​ថ្ងៃ​ទៀត ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​រហូត​ដល់​ថ្ងៃ​ទី​០៩ ខែ​មិថុនា​ខាង​មុខនេះ។រដ្ឋបាល​ខេត្ត​នេះ​បញ្ជាក់​ថា ការ​បន្ត​ហាម​ឃាត់​បែប​នេះ គឺ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ និង​ការពារ​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ផង​ដែរ។បើ​តាម​សេចក្ដី​ណែនាំ​ដដែល​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប​ក៏​ហាម​ឃាត់​ផង​ដែរ​នូវ​សកម្មភាព​ចាក់​ឧបករណ៍​បំពង​សំឡេង ការ​ច្រៀង​ និង​រាំ​កម្សាន្ត៕

ខេត្ត​បន្ទាយមានជ័យ​រក​ឃើញ​មនុស្ស​ ៦០​នាក់​ទៀត ​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៩៤​នាក់​ទៀត​ជា​សះ​ស្បើយ

2021/05/26 03:22:30 pm        170
បន្ទាយមានជ័យ៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ៦០​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ ៤៥​នាក់​​នៅ​ក្រុង​ប៉ោយប៉ែត។រដ្ឋបាល​ខេត្ត​នេះ​បញ្ជាក​់ទៀត​ថា ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ចំនួន ១៤​នាក់​ទៀត ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ ១​នាក់​ទៀត​នៅ​លើ​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ខេត្ត​ព្រះសីហនុ។នៅ​ថ្ងៃ​នេះ​ដែរ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៩៤​នាក់​ទៀត​នៅ​ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ៕

បឹង​ធម្មជាតិ​ទាំងអស់​ក្នុង​ខេត្តស្ទឹងត្រែង ​នឹងត្រូវ​វាស់វែង​កំណត់​ព្រំ​ដើម្បី​ចុះបញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​

2021/05/26 01:48:33 pm        196
ស្ទឹងត្រែង ៖ អភិបាលខេត្ត​ស្ទឹងត្រែង​ បានឱ្យដឹងថា ​បឹង​ធម្មជាតិ​ទាំងអស់​ក្នុង​ខេត្តស្ទឹងត្រែង ​នឹងត្រូវ​វាស់វែង និង​បោះបង្គោល​កំណត់​ព្រំ ដី​ដើម្បី​ចុះបញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​។កាលពី​ម្សិលមិញ ក្នុង​កិច្ចប្រជុំ ស្ដីពី​លទ្ធផល​នៃ​ការចុះវាស់វែង​បោះ​បង្គោល​ព្រំដី​ចំណី​បឹង​ធម្មជាតិ​ដើម្បី​ចុះបញ្ជី​ជា​សម្បត្តិ​រដ្ឋ ឯកឧត្ដម ម៉ុម សារឿន បាន​បញ្ជាក់ថា ​ការចុះបញ្ជី​ដី​បឹង​ធម្មជាតិ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ គឺ​អនុវត្ត​ទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដើម្បី​ថែរក្សា​នូវ​អ្វី ដែល​ជា​ទ្រព្យសម្បត្តិ​រួម ទ្រព្យសម្បត្តិ​ជាតិ ឲ្យ​ស្ថិតស្ថេរ​គង់​ វង្ស​យូរអង្វែង ចៀសវាង​មានការ​បាត់បង់​ដោយ​ការទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​។ឯកឧត្ដម បានបញ្ជាក់​ទៀតថា ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​លើដី​ជុំវិញ​បឹង​ធម្មជាតិ​ទាំងនោះ (​ដី​ដែល​ស្ថិតក្នុង​ព្រំ ដែល​បាន​កំណត់​ជា​ដី​ផ្ទៃ​បឹង​) នឹង​ត្រូវធ្វើ​កិច្ចសន្យា​អាស្រ័យ​ផល​នៅ​លើ​ផ្ទៃដី​បឹង​ទាំងនោះ ប៉ុន្តែ​ពុំ​អាច​ចុះបញ្ជី​ជា​ដី​កម្មសិទ្ធិឯកជន​បាន​ឡើយ​។លោក ម៉ិ​ញ ស៊ីចាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​សំណង់ និង​សុរិយោដី ​ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ​កន្លងមកនេះ ​មន្ត្រី​ជំនាញ​របស់​មន្ទីរ​រៀបចំ​ដែនដី ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​វាស់វែង​កំណត់​ព្រំ​ផ្ទៃដី​បឹង ​បាន​ចំនួន​៥​កន្លែង​មកហើយ ​និង​បន្ត​នីតិវិធី​ស្នើសុំ​ទៅកាន់​គណៈកម្មាការ​គ្រប់គ្រង​ដី​រដ្ឋ ដើម្បី​ធ្វើការ​ចុះបញ្ជី​។ លោក​បាន​ឱ្យដឹងទៀតថា មន្ត្រី​ជំនាញ កំពុង​បន្ត​នីតិវិធី​ក្នុង​ការ​វាស់វែង​ផ្ទៃដី​បឹង​ចំនួន​បី​ផ្សេងទៀត ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង ​ក្នុងនោះ​ បឹង​វាល​រំពេ​តូច​ បាន​វាស់វែង​រួចរាល់ បឹង​វាល​រំពេ​ធំ និង​ទំនប់​អូ​ខ្លុង កំពុង​បន្ត​នីតិវិធី និង​វាស់វែង​បន្តទៀត ​ដើម្បី​បាន​បញ្ចប់​ និង​ដាក់​ស្នើ​ទៅ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ ចុះ​ក្នុង​បញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ​និង​ត្រៀម​ចុះបញ្ជី​ទីតាំង​បឹង​គីឡូ​៨ ​និង​អាងទឹក​ទំនប់​គីឡូ​៩ ស្ថិតក្នុង​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ផងដែរ​។ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត ​បាន​គាំទ្រ​ការចុះបញ្ជី​ផ្ទៃ​បឹង ​ដែល​មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ បាន​ចុះ​ធ្វើការ​វាស់វែង ​និង​កំណត់​ព្រំ​រួចរាល់ និង​ស្នើសុំ​ដល់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម ​សំណង់ និង​សុរិយោដី​ខេត្ត ត្រូវ​រួម​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត រួមជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន ព​ន្លឿ​ន​ការ​ចុះវាស់វែង និង​កំណត់​ព្រំ​ផ្ទៃដី​បឹង​ធម្មជាតិ​នានា ក្នុងភូមិ​សាស្ត្រ​ខេត្ត ឲ្យ​បាន​លឿន ដើម្បី​បាន​ចុះ​ក្នុង​បញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​៕​អត្ថបទ​៖ មាស ផល្លា

សង្កាត់​២ក្នុង​ក្រុង​កំពត​ មាន​បញ្ហា​ប្រឈម​ស្មុគស្មាញ​ពាក់ព័ន្ធ​ នឹង​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​

2021/05/26 01:38:53 pm        247
កំពត ៖ តាំងពី​ឆ្នាំ​១៩៧៩ មកដល់​បច្ចុប្បន្ន មាន​លំនៅឋាន​ប្រជា​នេសាទ​ជាច្រើន​ នៅក្នុង​សង្កាត់​អណ្តូង​ខ្មែរ ​និង​សង្កាត់​ត្រើយ​កោះ​ ក្រុង​កំពត នៅ​មិន​ទាន់មាន​ប័ណ្ណ​សិទ្ធិ​ទេ ​ដោយសារ​លំនៅឋាន​ទាំងនោះ ​សង់​នៅលើ​ចំណី​ព្រែក ​និង​លើទឹក​ព្រែក​តែម្តង​។ ​ប៉ុន្តែ​ពលរដ្ឋ ​នៅតែ​ទាមទារ​តវ៉ា​ចង់បាន​។ អភិបាលខេត្ត ​ជំរុញ​អាជ្ញាធរ​ឲ្យ​ខិតខំ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដោយ​ភាព​ទន់ភ្លន់ ​និង​វៃ ឆ្លាត រដ្ឋ​ក៏​ចំណេញ ​ពលរដ្ឋ​ក៏​សប្បាយចិត្ត​។នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា ពាក់ព័ន្ធ​សំណើសុំ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ចំនួន​១៣ គ្រួសារ រស់នៅ​ភូមិ​ទ្វី​ខាងត្បូង ​សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ពាក់ព័ន្ធ​ដី​ចំណី​ព្រែក​ កាលពី​​រសៀល​ម្សិលមិញ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត ​បាន​លើកឡើងថា ​សម័យកាល​បច្ចុប្បន្ន រដ្ឋបាល និង​ពលរដ្ឋ​ ទាមទារ​ការ​អភិវឌ្ឍ​ជាសំខាន់ ​ហើយ​ការ​អភិវឌ្ឍ​នោះ​ទៀតសោត ​ត្រូវ​ធានា​ដល់​និរន្តរភាព​ និង​កាត់បន្ថយ​ផល​ប៉ះពាល់​ជាទូទៅ ឲ្យ​បាន​ច្រើន​បំផុត​ផង​។ ​បានន័យថា អាជ្ញាធរ និង​ប្រពល​រដ្ឋ រួមសហការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយគ្នា ប្រកបដោយ​ភាព​ទទួលខុសត្រូវ​។ ជាក់ស្តែង​បញ្ហា​ប្រឈម​របស់​ប្រជា​នេសាទ​ជាច្រើន​នាក់ នៅ​សង្កាត់​ត្រើយ​កោះ និង​សង្កាត់​អណ្តូង​ខ្មែរ ដែល​ពួកគេ​ចាំបាច់​ត្រូវ​រស់នៅ​ជាប់មាត់​ព្រែក តាំងតែ​ពី​ជំនាន់​ជីដូន​ជីតា​មក ​ហើយ​បាន​ស្នើសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​លំនៅឋាន​ដែរ តើ​ត្រូវធ្វើ​យ៉ាងម៉េច​។ ​ឯកឧត្តម បាន​បញ្ជាក់ថា ​បញ្ហា​ត្រូវតែ​ដោះស្រាយ បើ​មិន​ដូច្នោះ​ទេ បញ្ហា​តូច ​និង​ក្លាយ​ជា​បញ្ហា​ធំ ហើយ​បើ​អាជ្ញាធរ​មិន​ដោះស្រាយ តើ​ទុក​ឲ្យ​នរណា​ជា​អ្នក​ដោះ ​ ប៉ុន្តែ​ការដោះស្រាយ ​ត្រូវតែ​ប្រកបដោយ​ភាព​វៃឆ្លាត​ រដ្ឋ​ក៏​ចំណេញ ​ពលរដ្ឋ​ក៏​សប្បាយចិត្ត​។​​ឯកឧត្តម បានស្នើ​សុំ​ឲ្យ​មានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ​ប្រកបដោយ​ភាព​ទន់ភ្លន់ ផ្អែកលើ​ស្ថានភាព​ជាក់ស្ដែង​ផង ​និង​ផ្អែកលើ​លក្ខណៈ​ច្បាប់​ផង ហើយ​អាជ្ញាធរ ​និង​ជំនាញ​ពាក់ព័ន្ធ ​ត្រូវ​បន្ត​សហការគ្នា​សិក្សា ​ជំរុញ​ដោះស្រាយ​បញ្ចប់​បញ្ហា​ឲ្យ​បាន​ឆាប់ កុំ​នៅ​អូសបន្លាយ​ពេលវេលា​។ ​តាម​ស្មារតី​អង្គប្រជុំ​នោះ រដ្ឋបាលខេត្ត ​នៅ​មិនទាន់​សម្រេច​ថា​ត្រូវ​ចេញ ​ឬ​មិន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពលរដ្ឋ​១៣​គ្រួសារ ​នៅ​ភូមិ​ទ្វី​ខាង​ត្បូង​នៅឡើយ​ទេ ដោយ​រង់ចាំ​ការពិនិត្យ ផ្តល់​យោបល់ ​និង​សម្រេច​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​គ្រប់​គ្រង់​ដី​រដ្ឋ​៕​អត្ថបទ​៖ អន សារឹម​

ក្រសួងសុខាភិបាល ទទួលសម្ភារៈបរិក្ខារពេទ្យ​ពីក្រុមហ៊ុនដាំកូ ​សម្រាប់​បម្រើ​ការងារ​ទប់ស្កាត់​មេរោគ​កូវីដ-១៩

2021/05/26 12:43:46 pm        96
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សំណាក់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបតិ្តការបច្ចេកទេស និង​ផ្គត់ផ្គង់ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ បានទទួលជំនួយម៉ាស់ចំនួន ២០០០០ អាកុលសម្លាប់មេរោគ ចំនួន១០៥០លីត្រ អាវការពារកូវីដ-១៩ ចំនួន៣០០ឈុត សម្រាប់ប្រើប្រាស់តាមការចាំបាច់ នៅក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩។ក្នុងនាមក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន ដាំកូ ខេមបូឌា/មើស្គ ខេមបូឌា ដែលបានឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ សម្រាប់បម្រើឲ្យការងារទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន នឹងត្រូវបាន​ចងចាំ​ទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រី្តសុខាភិបាល​ ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩ ។ ក្រសួងសុខាភិបាល សូមជូនពរក្រុមហ៊ុន បានទទួលជោគជ័យគ្រប់ភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន៕អត្ថបទ រដ្ឋា 

សម្តេច​ប្រធាន​កាកបាទក្រហម ​អរ​ព្រះ​គុណ​ព្រះមហាក្សត្រ ​ដែល​ប្រទាន​ព្រះរាជ​ទ្រព្យ​ប្រចាំ​ខែឧសភា​ ជួយ​ទ្រទ្រង់​សកម្មភាព​កាក​បាទក្រហមកម្ពុជា

2021/05/26 11:37:13 am        189
ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ​នៅ​ថ្ងៃទី​២៦​ឧសភា​នេះ​ បាន​ថ្វាយ​សារលិខិត​អរ​ព្រះ​គុណ​ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ដែល​ព្រះអង្គ​បាន​ប្រទាន​ព្រះរាជ​ទ្រព្យ​ប្រចាំ​ ខែឧសភា​ សម្រាប់​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​កាក​បាទ​ក្រហមកម្ពុជា​។ក្នុង​សារលិខិត​សម្តេច​ បានសរសេរថា ​ខ្ញុំម្ចាស់ និង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា - មន្ត្រី និង​បុគ្គលិក​ទាំង​អស់​នៃ​កាកបាទក្រហមកម្ពុជា ​មាន​សេចក្តី​រីករាយ​ឥតឧបមា ដោយ​បាន​ទទួល​នូវ​ព្រះរាជ​ទ្រព្យ ចំនួន ១.០០០ USD (​មួយ​ពាន់​ដុល្លារ​អាមេរិក​) អំពី ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាទីគោរព​សក្ការៈ ​ដ៏​ខ្ពង់​ខ្ពស់​បំ​ផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជូបត្ថម្ភ​ចំពោះ​កាក​បាទក្រហមកម្ពុជា ​សំរាប់ ខែ ឧសភា ឆ្នាំ ២០២១ តាមរយៈ សម្ដេច​ចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រីក្រសួង​ព្រះបរមរាជវាំង ។ក្នុងនាម​ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី និង​បុគ្គលិក​ទាំង​អស់នៃ​កាក​បាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូម​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ​ក្រាបបង្គំ​ទូលថ្វាយ​អំណរ​ព្រះរាជ​គុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្វាយ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ចំពោះ​ព្រះរាជទាន ព្រះរាជ​ទ្រព្យ​នេះ ដើម្បី​ទ្រទ្រង់ ​សកម្មភាព​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ​សំរាប់​ជួយ​សង្គ្រោះ ប្រជារាស្ត្រ​កម្ពុជា​ក្រីក្រ ទទួលរង​គ្រោះ ​៖ ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ។ខ្ញុំម្ចាស់​សូម​បួងសួង​គុណបុណ្យ​ព្រះ​រតនត្រ័យ តេជៈ​បារមី​នៃ​វត្ថុ​ស័ក្ដិសិទ្ធិ​នានា​ក្នុង​លោក ព្រះ​បារមី ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ​និង​ព្រះ​បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ​ព្រះមហាក្សត្រី​យា​នី​ខ្មែរ គ្រប់​ព្រះអង្គ សូម​ព្រះ​មេត្តាប្រោស​ព្រះរាជទាន ព្រះ​ពរជ័យ​បវរ​មហាប្រសើរ ​ថ្វាយ ព្រះករុណា​ជា​ម្ចាស់ ជីវិត​លើ​ត្បូង ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​សូម​ព្រះអង្គ​ប្រកបដោយ​ព្រះ​បរមសុខ​គ្រប់ប្រការ គង់ប្រថាប់​ ក្នុង​ព្រះមហា​សិរី​រាជសម្បត្តិ ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ​សំរាប់ ​ប្រជារាស្ត្រ​កម្ពុជា ជ្រកកោន តរៀង​ទៅ ៕អត្ថបទ ៖ មុត សុត

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM