គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជារៀបចំទិវាយល់ដឹងពីទន្លេមេគង្គ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចំនួន២ថ្ងៃ

2024/06/27 01:13:59 pm        195
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសម្ភោធទិវាយល់ដឹងពីទន្លេមេគង្គ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានអញ្ជើញជាអធិបតី ក្នុងការបើកសម្ភោធកម្មវិធីផ្សព្វផ្សាយចំណេះដឹង វប្បធម៌ ជាពិសេសប្រធានបទថ្ងៃនេះ ជុំវិញទន្លេមេគង្គ (Mekong Discovery Day)។ឯកឧត្តមបានបន្តថា កម្ពុជាមានធនធានធម្មជាតិយ៉ាងសំបូរបែប ដែលកូនខ្មែរគ្រប់រូប​ត្រូវចូលរួម​ផ្សព្វផ្សាយឱ្យពិភពលោកបានដឹង បានយល់ ជាពិសេសអំពីការខិតខំប្រឹងប្រែង​កន្លងមក​របស់ក្រសួងនិងអង្គការដៃគូពាក់ព័ន្ធលើការងារនេះ។ ការសហការល្អ ធ្វើការជាមួយគ្នា ទាំងរដ្ឋ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ គឺចាំបាច់ណាស់ ដើម្បីទទួលបានប្រសិទ្ធភាពការងារខ្ពស់ ក្នុងការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស ដើម្បីនិរន្តរភាពធនធានធម្មជាតិ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពី​សុទិដ្ឋិនិយម​ និងស្វាគមន៍ចំពោះភាពរីកចម្រើន ការកើនឡើងនៃសត្វផ្សោតដែលជារតនសម្បត្តិជាតិ ព្រមទាំងធនធានជលផលដទៃទៀត​នៅ​កម្ពុជា​ផងដែរ។គួរបញ្ជាក់ដែរ ទិវាជុំវិញទន្លេមេង្គ ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ និងផ្សព្វផ្សាយឱ្យយល់​ដឹងពីជីវៈចម្រុះ ធនធានធម្មជាតិ បរិស្ថាន និងជីវរស់នៅរបស់ប្រជាពលរដ្ឋ​សហគមន៍​នៅតាមដងទន្លេមេង្គ៕ អត្ថបទ៖ទូច សោភ័ណ 

អឺរ៉ុប និងលោក Zelenskyy ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខអ៊ុយក្រែន

2024/06/27 11:38:19 am        179
សហភាពអឺរ៉ុប ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនានេះ ដោយសន្យាថានឹងបន្តផ្តល់អាវុធ ការបណ្តុះបណ្តាលយោធា និងជំនួយផ្សេងទៀតដល់ទីក្រុងគីវ សម្រាប់ឆ្នាំខាងមុខ។កិច្ចព្រមព្រៀងនេះ នឹងដាក់ចេញនូវការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការជួយប្រទេសអ៊ុយក្រែនក្នុងវិស័យចំនួនប្រាំបួន នៃគោលនយោបាយការពារជាតិ និងសន្តិសុខ ដែលរួមមានទាំងការផ្តល់សព្វវុធ ការបណ្តុះបណ្តាលយោធា កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងការដោះមីន។លោក Zelenskyy ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល។ដំណើរទស្សនកិច្ចរបស់លោក ពុំត្រូវបានប្រកាសជាផ្លូវការនោះទេ ប៉ុន្តែអ្នកការទូត បាននិយាយថា លោកត្រូវបានគេរំពឹងថានឹងមកចូលរួម។ កតិកាសញ្ញានេះ មានគោលបំណងបំពេញបន្ថែមនូវកិច្ចព្រមព្រៀងស្រដៀងគ្នា ដែលបានផ្សាភ្ជាប់រវាងអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈប្រទេសនេះបន្តការពារការឈ្លានពានរបស់រុស្ស៊ី។នៅក្នុងករណីនៃ ការឈ្លានពាននាពេលអនាគត ឯកសារនិយាយថា សហភាពអឺរ៉ុប និងអ៊ុយក្រែន នឹងពិភាក្សាក្នុងរយៈពេល២៤ម៉ោង លើតម្រូវការរបស់ទីក្រុងគីវ និង កំណត់យ៉ាងឆាប់រហ័ស នូវជំហានបន្ទាប់ ស្របតាមការប្តេជ្ញាចិត្ត។ ឯកសារនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយដោយដៃគូរបស់ប្រទេសអ៊ុយក្រែន ក្នុងការផ្តល់ការធានាថា ពួកគេនឹងឈរក្បែរទីក្រុងគីវ សម្រាប់រយៈពេលយូរ ដោយគ្មានទីបញ្ចប់នៅក្នុងសង្រ្គាម និងគ្មានការរំពឹងទុកភ្លាមៗដែលថា អ៊ុយក្រែន នឹងបានចូលជាសមាជិកសហភាពអឺរ៉ុប ឬសម្ព័ន្ធយោធា NATO ។ប្រទេសនានា រួមមានសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុងគីវ។ ក្រុមមន្ត្រី បាននិយាយថា កិច្ចព្រមព្រៀងបែបនេះ មិនដូចគ្នាទៅនឹងកតិកាសញ្ញាការពារទៅវិញទៅមក រវាងបណ្តាប្រទេសសម្ព័ន្ធយោធាណាតូ នោះទេ ប៉ុន្តែសន្យាថា នឹងផ្តល់សព្វាវុធដល់អ៊ុយក្រែន និងជំនួយផ្សេងទៀត ដើម្បីពង្រឹងសន្តិសុខរបស់ប្រទេសនេះ និងទប់ស្កាត់ការឈ្លានពានណាមួយនាពេលអនាគត។

អ្នកការទូតជាន់ខ្ពស់រុស្ស៊ី៖ អាមេរិក ត្រូវតែយកចិត្តទុកដាក់លើការពិភាក្សាពីគោលការណ៍នុយក្លេអ៊ែរ

2024/06/27 11:27:15 am        71
អ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់ នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) នេះបានជំរុញឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់លើការពិភាក្សាដែលកំពុងដំណើរការលើលទ្ធភាពនៃការកែប្រែគោលលទ្ធិ (គោលការណ៍) នុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ដើម្បីឱ្យសមស្របនឹងលក្ខខណ្ឌផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងអន្តរជាតិ។អនុរដ្ឋមន្ត្រីការបរទេស លោក សើហ្កេ រ្យ៉ាបខូវ (Sergei Ryabkov) ដែលត្រូវបានសម្ភាសដោយប្រព័ន្ធផ្សព្វផ្សាយ អ៊ីសវ៉េស្ទៀ (Izvestia) បានបន្ថែមថា ទីក្រុងមូស្គូ មិនបានច្រានចោលការទម្លាក់ទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសលោកខាងលិចមួយចំនួនទេ ប្រសិនបើពួកគេបរាជ័យក្នុងការផ្លាស់ប្តូរវិធីសាស្រ្ត «ប្រឆាំងរុស្ស៊ី» ចំពោះទំនាក់ទំនង។លោក រ្យ៉ាបខូវ បានរំលឹកឡើងវិញនូវការអះអាងរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ដែលកំណត់ថានៅពេលណាដែលអាវុធបែបនេះអាចប្រើប្រាស់បាន កំពុងត្រូវបានវាយតម្លៃឡើងវិញ។ លោកបានប្រាប់សារព័ត៌មាននេះថា គោលលទ្ធិត្រូវបានព្រាង «នៅក្នុងយុគសម័យផ្សេងគ្នា និងក្នុងកាលៈទេសៈផ្សេងគ្នា» ហើយលោកសង្ឃឹមថាការពិភាក្សានៅពេលនេះ «កំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយគូប្រជែងរបស់រុស្ស៊ី»។គោលលទ្ធិនោះចែងថា រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរជាការឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែរ ឬក្នុងករណីមានការវាយប្រហាររួមគ្នាដែលបង្កការគំរាមកំហែងដល់រុស្ស៊ី។ លោក ពូទីន បាននិយាយនៅខែនេះថា រុស្ស៊ីមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរ ដើម្បីទទួលបានជ័យជំនះនៅអ៊ុយក្រែនទេ ដែលនោះជាសញ្ញាមួយថា ជម្លោះនេះនឹងមិនកើនឡើងទៅជាសង្គ្រាមនុយក្លេអ៊ែរឡើយ៕

បេក្ខជនប្រធានាធិបតីនាំមុខរបស់អ៊ីរ៉ង់ ជួបការលំបាកក្នុងការផ្តល់នូវការដោះស្រាយវិបត្តិសេដ្ឋកិច្ច

2024/06/27 11:22:51 am        109
បណ្ដាបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ ថ្ងៃទី២៨ ខែមិថុនា ស្អែកនេះបានប្តេជ្ញាថានឹងកែប្រែសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះឱ្យប្រសើរឡើងវិញ ប៉ុន្តែអ្នកបោះឆ្នោតមើលឃើញការរំពឹងទុកតិចតួចណាស់នៃភាពធូរស្បើយពីការចំណាយខ្ពស់លើការរស់នៅ បើគ្មានការបញ្ចប់ទណ្ឌកម្មពីប្រទេសនានា និងការបន្ធូរបន្ថយភាពឯកោអន្តរជាតិរបស់អ៊ីរ៉ង់។ផលលំបាកប្រចាំថ្ងៃរបស់ប្រជាជនអ៊ីរ៉ង់ក្នុងការរកចិញ្ចឹមក្រពះ គឺជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំរបស់ប្រទេស ដែលភ័យខ្លាចការងើបឡើងវិញនៃការតវ៉ា ដែលផ្ទុះឡើងជាបន្តបន្ទាប់ពីសហគមន៍ចំណូលទាប និងមធ្យម។ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ឡើងវិញក្នុងឆ្នាំ២០១៨ បានប៉ះពាល់ដល់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ កាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋាភិបាល និងបង្ខំឱ្យប្រទេសនេះចាត់វិធានការដែលមិនពេញនិយមដូចជាការបង្កើនពន្ធ និងដំណើរការឱនភាពថវិកាធំៗ ដោយជាគោលនយោបាយដែលបានធ្វើឱ្យមានអតិផរណាប្រចាំឆ្នាំជិត ៤០ ភាគរយ។បេក្ខជនប្រធានាធិបតីភាគច្រើនដែលស្វះស្វែងជំនួសតំណែងលោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) បន្ទាប់ពីមរណភាពរបស់លោកក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែឧសភា បាននិយាយថា ពួកគេមានគម្រោងធ្វើតាមគោលនយោបាយនៃការពឹងផ្អែកលើខ្លួនឯងនៃផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែច្រើនជាមួយអាស៊ី។ អ្នកផ្សេងទៀតបានការពារទំនាក់ទំនងកាន់តែទូលំទូលាយជាមួយពិភពលោកដោយមិនផ្តល់ជំហានជាក់ស្តែងដើម្បីដោះស្រាយការដាក់ទណ្ឌកម្មនោះទេ។ភាពអត់ការងារធ្វើកំពុងដំណើរការប្រហែល ៧,៦ ភាគរយ នេះបើយោងតាមធនាគារពិភពលោក ធៀបនឹងតួលេខ ៩,៦ ភាគរយនៅពេលដែលលោក រ៉េស៊ី បានជាប់ឆ្នោត។ ទោះជាយ៉ាងនេះក្តី ការងារផ្លូវការជាច្រើនបានប្រាក់ខែតិចតួចណាស់ មានន័យថាតួលេខពិតប្រាកដរបស់អ្នកគ្មានការងារគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត គឺប្រហែលជាខ្ពស់ជាងនោះឆ្ងាយណាស់៕

លោក Marcos៖ ហ្វីលីពីន ត្រូវតែចាត់វិធានការ ជាជាងការតវ៉ាចំពោះសកម្មភាពចិន នៅសមុទ្រចិនខាងត្បូង

2024/06/27 11:19:35 am        98
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) នេះថា ឧបទ្ទវហេតុកាលពីថ្ងៃទី១៧ ខែមិថុនា នៅឯតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង មិនមែនជា «ការវាយប្រហារដោយប្រដាប់អាវុធ» ពីចិន ប្រឆាំងនឹងនាវិក និងនាវារបស់ទីក្រុងម៉ានីលពិតមែន ប៉ុន្តែប្រទេសនេះចាំបាច់ត្រូវ «ចាត់វិធានការ ជាជាងការតវ៉ាដដែលៗ»។លោក ម៉ាកូស បានប្រាប់អ្នកយកព័ត៌មានថា «យើងបានបញ្ជូនការតវ៉ាជាងមួយរយដង ហើយក៏បានដាក់វិធានការនយោបាយក្នុងចំនួនប្រហាក់ប្រហែលគ្នារួចដែរ ប៉ុន្តែយើងត្រូវតែធ្វើឱ្យច្រើនជាងនេះ»។ លោក ម៉ាកូស បានបន្ថែមថា ទោះជាសកម្មភាពនោះមិនត្រូវបានចាត់ទុកថាជាការវាយប្រហារដោយប្រដាប់អាវុធក៏ដោយ ឆ្មាំល្បាតឆ្នេរចិន បានធ្វើ «សកម្មភាពខុសច្បាប់» ក្នុងការទប់ស្កាត់ការផ្គត់ផ្គង់កងទ័ពឡើងវិញជាទៀងទាត់របស់ទីក្រុងម៉ានីល។នាវិកហ្វីលីពីនម្នាក់បានទទួល «របួសយ៉ាងធ្ងន់ធ្ងរ» បន្ទាប់ពីអ្វីដែលយោធារបស់ខ្លួនបានពិពណ៌នាថាជា «ការវាយលុកក្នុងល្បឿនដ៏លឿនដោយចេតនា» ពីឆ្មាំល្បាតឆ្នេរចិន ក្នុងគោលបំណងរំខានដល់បេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាប់កងទ័ពដែលឈរជើងនៅលើដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) នៅថ្ងៃទី១៧ ខែមិថុនា។ក្រសួងការបរទេសចិន បានជំទាស់នឹងការអះអាងរបស់ហ្វីលីពីន ដោយអ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា វិធានការចាំបាច់ដែលធ្វើឡើងដោយឆ្មាំល្បាតឆ្នេរចិន គឺមានភាពស្របច្បាប់ និងប្រកបដោយវិជ្ជាជីវៈ៕

ឥណ្ឌា បារម្ភពីអំពើហិង្សានៅមីយ៉ាន់ម៉ា ខណៈជំរុញឱ្យមានការផ្លាស់ប្តូរទៅលទ្ធិប្រជាធិបតេយ្យ

2024/06/27 11:15:53 am        55
រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយថា លោកបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃការបន្តកើតមានអំពើហិង្សានៅក្នុងសហភាពមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធ (២៦ មិថុនា) ជាមួយសមភាគីរបស់ខ្លួនមកពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ខណៈអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកការផ្លាស់ប្តូរអំណាចទៅរបបលទ្ធិប្រជាធិបតេយ្យ។មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ក្រោយដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត ដែលបង្កឱ្យមានចលនាតវ៉ាដែលបានវិវត្តទៅជាសង្រ្គាមស៊ីវិលពេញលេញ ខណៈរបបសឹកបានបាត់បង់ការគ្រប់គ្រងលើទឹកដីដ៏ធំ។រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចៃសានខា (Subrahmanyam Jaishankar) និយាយថា លោកបានស្វះស្វែងរកការប្តេជ្ញាចិត្តមួយក្នុងការការពារគម្រោងដែលកំពុងដំណើរការរបស់ឥណ្ឌានៅមីយ៉ាន់ម៉ា ក្នុងជំនួបជាមួយសមភាគី លោក ថាន់ ស្វេ (Than Swe)។ លោក ចៃសានខា ក៏បាននិយាយផងដែរថា លោកបានអំពាវនាវឱ្យមានការវិលត្រឡប់ទៅកាន់មាគ៌ានៃការផ្លាស់ប្តូរទៅលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ប៉ុន្មានថ្ងៃបន្ទាប់ពីឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំមីយ៉ាន់ម៉ា បានជួបជាមួយប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរបស់រដ្ឋបាលរបបសឹកក្នុងសប្តាហ៍នេះ។ប្រទេសឥណ្ឌាបានរក្សាទំនាក់ទំនងរបស់ខ្លួនជាមួយរបបយោធាដែលកំពុងកាន់អំណាច ទោះបីជាចលនាតស៊ូប្រដាប់អាវុធចំពោះរបបសឹកបានពង្រីកក៏ដោយ ហើយខ្លួនមានគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនៅក្នុងរដ្ឋ រ៉ាឃីន (Rakhine) ភាគខាងលិចមីយ៉ាន់ម៉ា ជាទីដែលការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរបានផ្ទុះឡើងក្នុងប៉ុន្មានខែថ្មីៗនេះ៕

សហភាពអឺរ៉ុបកែប្រែអត្រាដំឡើងពន្ធ ដែលគ្រោងនឹងវាយប្រហារលើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន

2024/06/27 11:10:45 am        51
យោងតាមអ្នកដឹងបញ្ហានេះ ដែលនិយាយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សហភាពអឺរ៉ុបបានកែសម្រួលតិចតួចបំផុតរបស់ខ្លួនលើការដំឡើងពន្ធ ដែលបានស្នើឡើងលើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន បន្ទាប់ពីទទួលបានព័ត៌មានបន្ថែមពីក្រុមហ៊ុននានា ដែលរងផលប៉ះពាល់ដោយសារសង្រ្គាមពន្ធរវាងលោកខាងលិចនិងប្រទេសចិន។ អត្រាបណ្តោះអាសន្នថ្មី ដែលនឹងបន្ថែមដល់កម្រិតខ្ពស់បំផុតនៃកាតព្វកិច្ចដែលមានស្រាប់ ១០% រួមមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឬ EV ផ្សេងទៀតនៅក្នុងប្រទេសចិនដែលបានសហការជាមួយ ការស៊ើបអង្កេតនេះ ។ ពួកគេនឹងត្រូវទទួលរងពន្ធកាតព្វកិច្ចជាមធ្យម២០,៨% ស្របពេលក្រុមហ៊ុនដែលមិនបានសហការនឹងប្រឈមការដំឡើងពន្ធបន្ថែមរហូតដល់៣៧,៦% ។គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានជូនដំណឹងដល់ក្រុមហ៊ុននានាកាលពីដើមខែនេះ អំពីការដំឡើងពន្ធបន្ថែម ។ សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតលើការឧបត្ថម្ភធនដែលប្រទេសចិន និងធនាគារ គាំទ្រដោយរដ្ឋរបស់ខ្លួន បានផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនានា។ការដំឡើងពន្ធបណ្ដោះអាសន្ន ត្រូវបានកំណត់ឱ្យដាក់ចេញនៅថ្ងៃទី ៤ ខែកក្កដាខាងមុខ ជាមួយនឹងកាតព្វកិច្ចច្បាស់លាស់ដែលនឹងចាប់ផ្តើមនៅខែវិច្ឆិកាចុងឆ្នាំនេះ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី តេស្លា(Tesla)របស់អាមេរិក អាចទទួលបានអត្រាពន្ធដែលបានគណនាជាលក្ខណៈបុគ្គលនៅដំណាក់កាលច្បាស់លាស់ បន្ទាប់ពីសំណើសុំអនុវត្តន៍តាម។ចិនបានគំរាមសងសឹក និងបានបើកការស៊ើបអង្កេតលើការនាំចូលផលិតផលនាំចូលតម្លៃថោកជាងទីផ្សារក្នុងស្រុកលើការនាំចូលសាច់ជ្រូក។ គំហើញនៃការស៊ើបអង្កេតទៅលើស្មារតីរបស់សហភាពអឺរ៉ុប ក៏ត្រូវកំណត់ក្នុងប៉ុន្មានខែខាងមុខនេះដែរ។ ទីក្រុងប៉េកាំងបានព្រមានថា វិធានការរបស់សហភាពអឺរ៉ុប អាចប៉ះពាល់ដល់ទំនិញកសិកម្ម អាកាសចរណ៍ និងរថយន្តដែលមានម៉ាស៊ីនធំៗ៕

សហភាពអឺរ៉ុប និយាយថា ពុំមានវឌ្ឍនភាពលើការចរចារប្រក្រតីភាព រវាង កូសូវ៉ូ និងស៊ែប៊ី ឡើយ

2024/06/27 11:00:54 am        51
អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយថា ប្រទេសកូសូវ៉ូ និងស៊ែប៊ី ពុំមានវឌ្ឍនភាពលើកិច្ចចរចាប្រក្រតីភាពនោះទេ កាលពីថ្ងៃពុធ ហើយកិច្ចប្រជុំត្រីភាគីដែលបានគ្រោងទុក ពុំបានធ្វើឡើងឡើយ ដោយសារតែការបដិសេធរបស់ប្រទេសកូសូវ៉ូ មិនមកចូលរួម។បណ្តាប្រទេសនៅតំបន់បាល់កង់ តម្រូវឱ្យដោះស្រាយជម្លោះរបស់ពួកគេ ដើម្បីឈានទៅកាន់តែជិតក្នុងចូលជាសមាជិកសហភាពអឺរ៉ុប ហើយនឹងចូលរួមជាមួយប្លុកនេះនៅទីបំផុត។ ទីក្រុង Belgrade បានបដិសេធ មិនទទួលស្គាល់សេចក្តីប្រកាសឯករាជ្យឆ្នាំ២០០៨ របស់ប្រទេសកូសូវ៉ូ មួយទសវត្សរ៍ បន្ទាប់ពីការបះបោរប្រឆាំងការគ្រប់គ្រងរបស់ប្រទេសស៊ែប៊ី។ជនជាតិស៊ែប៊ីជាច្រើន ដែលរស់នៅភាគខាងជើងប្រទេសកូសូវ៉ូ មិនទទួលស្គាល់រដ្ឋាភិបាល និងអាជ្ញាធរនៅក្នុងទីក្រុង Pristina របស់កូសូវ៉ូ ហើយនៅតែមើលឃើញទីក្រុងបែលក្រាដ(Belgrade) ប្រទេសស៊ែប៊ី ថាជារដ្ឋធានីរបស់ពួកគេ។អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell បានជួបជាមួយនាយករដ្ឋមន្ត្រី Kosov លោក Albin Kurti និងប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic កាលពីថ្ងៃពុធ ជាការកំណត់ពេលនៃការចរចាលើកទី១១ ដែលលោកបានធ្វើជាប្រធានជាមួយ ភាគីទាំងពីរ។លោកបាននិយាយថា ខណៈមានភាពរីកចំរើន ចាប់តាំងពីការចរចា រវាងភាគីទាំងពីរ បានបន្តនៅឆ្នាំ ២០២០ អំឡុងពេលនោះ ក៏ត្រូវបានកត់សម្គាល់ថាកើតមានវិបត្តិជាច្រើន និងភាពតានតឹងកើនឡើងផងដែរ។លោក Borrell នឹងឈានចូលដល់ចុងបញ្ចប់នៃអាណត្តិរបស់លោក ជាប្រធានគោលនយោបាយការបរទេសរបស់ប្លុកអឺរ៉ុប ដោយនាយករដ្ឋមន្ត្រីប្រទេសអេស្តូនី លោក Kaja Kallas នឹងជំនួសលោក បន្ទាប់ពីការបោះឆ្នោតសហភាពអឺរ៉ុប ក្នុងខែនេះ។លោកបាននិយាយថា សហភាពអឺរ៉ុប ពុំអាចធ្វើអ្វីបានច្រើនលើសពីការជួយប្រទេសកូសូវ៉ូ និងស៊ែប៊ី ក្នុងការដោះស្រាយជម្លោះ ហើយពុំអាចជំនួសពួកគេនៅក្នុងការចរចាបានទេ។ លោក Borrell បាននិយាយថា យើងត្រៀមខ្លួនជាស្រេច ដើម្បីជួយគ្រប់ជំហានទៅតាមមធ្យោបាយ។

រដ្ឋមន្ត្រីសន្តិសុខ៖ ចំណាត់ការរបស់លោក Biden នៅព្រំដែនភាគខាងត្បូង កំពុងផ្លាស់ប្តូរតួលេខ ជនអន្តោប្រវេសន៍

2024/06/27 10:56:29 am        60
រដ្ឋមន្ត្រីក្រសួងសន្តិសុខមហាផ្ទៃ របស់សហរដ្ឋអាមេរិក បានទទួលការរាយការណ៍សង្ខេបនៃប្រតិបត្តិការស្តីពីវិធានការសន្តិសុខ ដែលត្រូវបានអនុវត្តនៅព្រំដែនភាគខាងត្បូងក្នុងទីក្រុង Tucson រដ្ឋ អារីហ្សូណា(Arizona) កាលពីថ្ងៃពុធ។នៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រី លោក អាឡិចានដ្រូ ម៉ាយ៉កគូស(Alejandro Mayorkus) បាននិយាយថា នៅទូទាំងព្រំដែនភាគខាងត្បូង ការជួបជនអន្តោប្រវេសន៍ដោយចៃដន្យក្នុងពេលល្បាតនៅតាមព្រំដែន បានធ្លាក់ចុះជាង៤០ភាគរយ។ យើងកំពុងឲ្យចាកចេញអ្នកដែលពុំមែនជាពលរដ្ឋគ្មានមូលដ្ឋានច្បាប់ដើម្បីស្នាក់នៅទីនេះ ដែលមានជិតទ្វេដងនៃអត្រាដែលយើងកំពុងឲ្យចាកចេញ នៅតាមព្រំដែននៅទីនេះក្នុងទីក្រុង Tucson និងឆ្លងកាត់ព្រំដែនភាគខាងត្បូង។ ក្នុងរយៈពេលបីសប្តាហ៍ យើង បានដំណើរការជើងហោះហើរអន្តរជាតិជាង១០០ជើង ទៅកាន់ប្រទេសជាង២០ ហើយបានឲ្យចាកចេញ ឬបញ្ជូនមនុស្សត្រឡប់ទៅវិញជាង ២៤.៤០០០នាក់។លោក Biden បានចុះហត្ថលេខាលើក្រិតមួយកាលពីដើមខែមិថុនា ដែលអនុញ្ញាតឱ្យអាជ្ញាធរ ធ្វើការនិរទេស ឬបញ្ជូនត្រឡប់ទៅកាន់ប្រទេសម៉ិកស៊ិកវិញភ្លាមៗ ចំពោះជនអន្តោប្រវេសន៍ដែលត្រូវបានចាប់ខ្លួន ខណៈកំពុងឆ្លងកាត់ព្រំដែនភាគនិរតី ប្រសិនបើបានចូលមកដោយខុសច្បាប់ លើសពីកម្រិតជាក់លាក់មួយ។វិធានការ ដែលនឹងរឹតត្បិតដំណើរការសិទ្ធិជ្រកកោន នឹងចូលជាធរមាននៅពេលដែលការចាប់ខ្លួនបានជនអន្តោប្រវេសន៍នៅពេលល្បាតតាមព្រំដែនរបស់សហរដ្ឋអាមេរិក លើសពី២.៥០០នាក់ ក្នុងមួយថ្ងៃ។

កូរ៉េខាងជើងនិយាយថា ខ្លួនបានសាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់ដោយជោគជ័យ

2024/06/27 08:48:35 am        92
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានសាកល្បងដោយជោគជ័យនូវសមត្ថភាពមីស៊ីលបំពាក់ក្បាលគ្រាប់ចល័ត។ សារព័ត៌មាន KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងការកាត់ផ្ដាច់ក្បាលគ្រាប់ចល័តនីមួយៗតាមគោលការណ៍ដែលបានកំណត់ដោយជោគជ័យ កាលពីថ្ងៃពុធ ដោយបន្ថែមថា ក្បាលគ្រាប់ចល័តដាច់ដោយឡែកត្រូវបានដឹកនាំយ៉ាងត្រឹមត្រូវទៅកាន់គោលដៅសម្របសម្រួលទាំងបី ។ប្រភពដដែលនេះ បាននិយាយថា ការសាកល្បងនេះក្នុងគោលបំណងធានានូវសមត្ថភាពយានបញ្ជូនត្រឡប់តាមគោលដៅចល័តដោយឯករាជ្យ ដោយសំដៅទៅលើបច្ចេកវិទ្យាយានត្រឡប់តាមគោលដៅ ដែលអាចកំណត់គោលដៅដោយឯករាជ្យជាច្រើន ឬសមត្ថភាពក្នុងការបាញ់ក្បាលគ្រាប់ចល័តនៅលើមីស៊ីលផ្លោងបាលីស្ទីកតែមួយ។សេចក្តីថ្លែងការណ៍នេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងនូវអ្វីដែលមើលទៅទំនងជាមីស៊ីលលឿនជាងសំឡេងកាលពីថ្ងៃពុធ ប៉ុន្តែការបាញ់បង្ហោះបានបញ្ចប់ដោយការផ្ទុះពាក់កណ្តាលអាកាស ដែលសត្រូវកូរ៉េខាងជើងនេះ អះអាងថាបរាជ័យ បន្ទាប់ពីការហោះហើរចម្ងាយប្រហែល២៥០ គីឡូម៉ែត្រ ។ នាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលនេះបានហោះចេញពីតំបន់មួយនៅក្នុង ឬជុំវិញទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល ៥:៣០នាទីព្រឹក ហើយទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងវិភាគយ៉ាងលម្អិត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
04/04/2026 05:04 PM
ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
04/04/2026 04:04 PM
ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
04/04/2026 04:04 PM
សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
04/04/2026 04:04 PM
យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
04/04/2026 04:04 PM
កំណើនសេដ្ឋកិច្ចវៀតណាមនៅត្រីមាសទី១ បានថយចុះ ខណៈវិបត្តិថាមពលជំរុញអតិផរណា
04/04/2026 04:04 PM
អនុប្រធានទី១ នៃរដ្ឋសភាបង្ហាញពីភាពជោគជ័យនៃនយោបាយសន្តិវិធី និងការការពារបូរណភាពទឹកដីជូនប្រជាពលរដ្ឋ
04/04/2026 04:04 PM
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះសួរសុខទុក្ខដល់យោធិនដែលកំពុងបំពេញបេសកកម្ម និងកំពុងសម្រាកព្យាបាលជំងឺ នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
04/04/2026 03:04 PM
អាជ្ញាធរអាមេរិក បញ្ជាឱ្យប្រជាជនជម្លៀសខ្លួន ខណៈចំហេះព្រៃរាលដាលនៅភាគខាងត្បូងរដ្ឋ California
04/04/2026 02:04 PM
កូរ៉េខាងត្បូង ប្រកាសស្ថានភាពសេដ្ឋកិច្ច «សម័យសង្គ្រាម» និងជំរុញកញ្ចប់ថវិកាគ្រាអាសន្ន
04/04/2026 02:04 PM