គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

KCNA ៖ លោក Putin និយាយថា កូរ៉េខាងជើងគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រតិបត្តិការរុស្ស៊ីនៅអ៊ុយក្រែន

2024/06/18 10:02:03 am        144
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា នេះ បានសរសើរប្រទេសកូរ៉េខាងជើង ចំពោះការគាំទ្រយ៉ាងពេញទំហឹង សម្រាប់សង្គ្រាមរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន មុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងសម្ព័ន្ធមិត្តមហាអំណាចអាវុធនុយក្លេអ៊ែរទាំង២។លោក Putin បានសរសេរនៅក្នុងអត្ថបទមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េខាងជើង KCNA ថា យើងសូមកោតសរសើរយ៉ាងខ្លាំងដែលកូរ៉េខាងជើងកំពុងគាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ី ដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន។ លោកបានសរសេរថា ប្រទេសទាំងពីរ ឥឡូវនេះកំពុងអភិវឌ្ឍយ៉ាងសកម្មនូវភាពជាដៃគូពហុភាគីដោយចង្អុលទៅឧទាហរណ៍ ការពិតដែលថារបបក្រុងមូស្គូ និងរបបដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននឹងកំពុង រក្សាខ្សែបន្ទាត់រួម និងជួយការពារគ្នានៅអង្គការសហប្រជាជាតិ។ ក្រុមអ្នកជំនាញបាននិយាយថា សម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្របានរីកដុះដាលចាប់តាំងពីការបង្កើតកូរ៉េខាងជើង បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ហើយបច្ចុប្បន្នគេមើលឃើញថាទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានខិតជិតគ្នាកាន់តែខ្លាំង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ខណៈលោក Putin កាន់តែឯកោខ្លាំង និងកំពុងស្វែងរកមិត្ត៕

ប្រមុខណាតូ អំពាវនាវឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រោះរុស្ស៊ីមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង និងចិន

2024/06/18 09:57:58 am        116
ប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅថាសម្ព័ន្ធយោធា ណាតូ (NATO) បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ទំនាក់ទំនងដែលកំពុងរីកចម្រើនរបស់រុស្ស៊ីជាមួយកូរ៉េខាងជើង ចិន និងមិត្តផ្សេងទៀត ធ្វើឱ្យកាន់តែមានសារៈសំខាន់សម្រាប់សម្ព័ន្ធភាពឆ្លងមហាសាគរអាត្លង់ទិក ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន។ថ្លែងនៅក្នុងវេទិកាមួយ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏បានរិះគន់ការគាំទ្ររបស់ចិនសម្រាប់មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីផងដែរ ព្រមទាំងការបញ្ជូនគ្រាប់រំសេវរបស់កូរ៉េខាងជើង និងការផ្តល់យានដ្រូនវាយប្រហាររបស់អ៊ីរ៉ង់ទៅឱ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។ការអត្ថាធិប្បាយរបស់លោកធ្វើឡើង ស្របពេលលោកប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គ្រោងទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងនៅថ្ងៃអង្គារ និងថ្ងៃពុធ សប្ដាហ៍នេះ ក្នុងដំណើរមួយដែលទំនងជាពង្រឹងកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតរវាងកូរ៉េខាងជើង និងរុស្ស៊ី។លោកបាននិយាយនៅក្នុងវេទិការៀបចំដោយមជ្ឈមណ្ឌល Wilson Center ថា ការពង្រឹងទំនាក់ទំនងរវាងរុស្ស៊ី និងបណ្ដាមិត្តរបស់ខ្លួននៅអាស៊ី ធ្វើឱ្យកាន់តែមានសារៈសំខាន់ដែលយើងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តរបស់យើងនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក៕

លោក Netanyahu រំលាយគណៈរដ្ឋមន្ត្រីសង្គ្រាម ខណៈមន្ត្រីជំនិតលោក Biden ទៅកាន់អ៊ីស្រាអែល ដើម្បីទប់ស្កាត់សង្គ្រាមជាមួយក្រុមហេសបេឡា

2024/06/18 08:27:42 am        124
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានរំលាយគណៈរដ្ឋមន្ត្រីសង្គ្រាម ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ១១ ខែតុលា ដើម្បីគ្រប់គ្រងយុទ្ធនាការប្រឆាំងក្រុមហាម៉ាស និងក្រុមហេសបូឡា បន្ទាប់ពីការលាលែងរបស់សមាជិកសំខាន់ គឺឧត្តមសេនីយ៍ចូលនិវត្តន៍ បេននីហ្គានស៍ (Benny Gantz)។ប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា លោក Netanyahu បាននិយាយថា គណៈរដ្ឋមន្ត្រីនេះ ស្ថិតនៅក្នុងកិច្ចព្រមព្រៀងចម្រុះជាមួយលោក ហ្គានស៍ តាមសំណើរបស់លោក ដូច្នេះបើ លោក Gantz បានចាកចេញទៅហើយនោះ មិនចាំបាច់មានគណៈរដ្ឋមន្ត្រីទៀតទេ។ ភ្លាមៗបន្ទាប់ពីការលាលែងពីតំណែងរបស់លោក Gantz រដ្ឋមន្ត្រីមួយរូបផ្សេងទៀតដែលគ្មានមុខតំណែក្នុងជួររដ្ឋាភិបាល គឺ អតីតប្រធានបុគ្គលិកកងកម្លាំងការពារជាតិ IDF លោក ហ្គាឌី អ៊ីសិនកុត (Gadi Eisenkot) ក៏បានលាលែងពីគណៈរដ្ឋមន្ត្រីផងដែរ ជាទីដែលលោកបម្រើការជាអ្នកសង្កេតការណ៍មួយរូបក្នុងចំណោមអ្នកសង្កេតការណ៍បីរូប ។ ទាំង លោក ហ្គានស៍ ទាំងលោក អ៊ីសិនកុត បានលើកឡើងពីការបរាជ័យរបស់លោក Netanyahu ក្នុងការបង្កើតយុទ្ធសាស្ត្រសម្រាប់សង្គ្រាមនៅដែនដីហ្កាហ្សា ដែលជាហេតុផលសម្រាប់ការលាលែងពីតំណែងរបស់លោកទាំង២។ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់លោក Biden បានទៅកាន់អ៊ីស្រាអែលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដើម្បីជួបមេដឹកនាំអ៊ីស្រាអែល ពិភាក្សាពីវិធានការបន្ថែមទៀតក្នុងការទប់ស្កាត់ការរីកធំនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា៕

របាយការណ៍ UN៖ ពិភពលោកកំពុងឃ្លាតចេញពីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

2024/06/17 01:44:44 pm        143
របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលលើកឡើងពីកង្វះថវិកា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងជំងឺរាតត្បាតកូវីដ-១៩ បានឱ្យដឹងថា ពិភពលោកកំពុងដើរចេញពីទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពភាគច្រើនដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០១៥ ដូចជាការដោះស្រាយភាពក្រីក្រ និងភាពអត់ឃ្លានជាដើម។របាយការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានចាត់ចំណាត់ថ្នាក់ការអនុវត្តនៃរដ្ឋសមាជិកចំនួន ១៩៣ របស់ខ្លួនក្នុងការអនុវត្ត «គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព» (SDGs) ចំនួន ១៧ ចំណុច ដែលរួមបញ្ចូលផងដែរនូវការកែលម្អលទ្ធភាពទទួលបានការអប់រំ និងការថែទាំសុខភាព ការផ្តល់ថាមពលស្អាត និងការការពារជីវចម្រុះ។របាយការណ៍បានរកឃើញថា ពុំមានគោលដៅណាមួយក្នុងចំណោម ១៧ ចំណុចនោះដែលនឹងត្រូវសម្រេចនៅឆ្នាំ២០៣០ នោះទេ ដោយគោលដៅភាគច្រើនបង្ហាញថា «នៅមានកម្រិត ឬដើរថយក្រោយ»។ របាយការណ៍ក៏ជំរុញឱ្យប្រទេសនានាដោះស្រាយបញ្ហាកង្វះថវិការ៉ាំរ៉ៃ ហើយឱ្យអង្គការសហប្រជាជាតិកែប្រែប្រព័ន្ធរបស់ខ្លួន។របាយការណ៍នេះបានកំណត់ការដោះស្រាយភាពអត់ឃ្លាន ការបង្កើតទីក្រុងប្រកបដោយនិរន្តរភាព និងការការពារជីវៈចម្រុះនៅលើដី និងទឹក គឺជាចំណុចកំពុងចុះខ្សោយខ្លាំង។ គោលដៅនយោបាយដូចជាសេរីភាពសារព័ត៌មានក៏បានមើលឃើញពី «ជំហានថយក្រោយ» ផងដែរ។ របាយការណ៍បាននិយាយថា ហ្វាំងឡង់ ស៊ុយអែត និងដាណឺម៉ាក ជាប់ចំណាត់ថ្នាក់កំពូលនៃបញ្ជី SDGs ហើយចិន មានការរីកចម្រើនលឿនជាងមធ្យម ប៉ុន្តែប្រទេសក្រីក្របំផុតនៅលើពិភពលោកកំពុងតែអនុវត្តក្នុងល្បឿនដ៏យឺតយ៉ាវនៃគោលដៅទាំង ១៧ ចំណុចនោះ៕

អាមេរិក រិះគន់វៀតណាម ខ្លាំងៗជុំវិញការរំពឹងទុកនៃដំណើរទស្សនកិច្ចលោក ពូទីន

2024/06/17 01:40:41 pm        163
មន្ត្រីជាច្រើនបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ នៅសប្តាហ៍នេះ ដោយបង្ហាញពីភាពស្មោះត្រង់របស់វៀតណាម ចំពោះរុស្ស៊ី និងបង្កឱ្យមានការស្តីបន្ទោសពីសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីទីក្រុងហាណូយ មិនចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ក្នុងប្រទេសស្វីស កាលពីចុងសប្តាហ៍ ប៉ុន្តែបានបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនទៅកិច្ចប្រជុំ ប្រ៊ីកស៍ (BRICS) នៅរុស្ស៊ី កាលពីដើមសប្តាហ៍មុន។ក្រុមមន្ត្រីបាននិយាយថា លោក ពូទីន ដែលបានស្បថចូលកាន់តំណែងជាលើកទីប្រាំកាលពីជាងមួយខែមុន ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីថ្មីរបស់វៀតណាម លោក តូ ឡាំ (To Lam) និងមេដឹកនាំផ្សេងទៀតក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ទីក្រុងហាណូយ នៅថ្ងៃពុធ (១៩ មិថុនា) និងថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ខាងមុខនេះ។ សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងហាណូយកាលពីឆ្នាំមុន និងជាដៃគូពាណិជ្ជកម្មកំពូលរបស់វៀតណាម បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះដំណើរនោះ។អ្នកនាំពាក្យស្ថានទូតអាមេរិក នៅទីក្រុងហាណូយ បានប្រាប់សារព័ត៌មានរ៉យទ័រ នៅពេលត្រូវសាកសួរពីផលប៉ះពាល់នៃដំណើរទស្សនកិច្ចនោះលើទំនាក់ទំនងជាមួយអាមេរិក ថា «គ្រប់ប្រទេសទាំងអស់មិនគួរផ្តល់ឱ្យលោក ពូទីន នូវវេទិកាដើម្បីលើកកម្ពស់សង្រ្គាម ឬអនុញ្ញាតឱ្យលោកធ្វើឱ្យមានភាពឃោរឃៅរបស់ខ្លួនក្លាយជារឿងធម្មតានោះទេ»។ ក្រសួងការបរទេសវៀតណាម មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ក្នុងខែមីនា ឆ្នាំ២០២៣ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីរូបនេះ ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែវៀតណាម រុស្ស៊ី និងអាមេរិក មិនមែនជាសមាជិកតុលាការ ICC ទេ៕

របាយការណ៍៖ សហរដ្ឋអាមេរិក ដើរយឺតជាងចិន រហូតដល់ ១៥ឆ្នាំ លើថាមពលនុយក្លេអ៊ែរ

2024/06/17 01:35:55 pm        104
របាយការណ៍មួយបាននិយាយនៅថ្ងៃចន្ទ (១៧ មិថុនា) នេះថា សហរដ្ឋអាមេរិក កំពុងដើរយឺតជាងប្រទេសចិន រហូតដល់ ១៥ ឆ្នាំលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរបច្ចេកវិទ្យាខ្ពស់ ខណៈវិធីសាស្រ្តបច្ចេកវិទ្យាដែលគាំទ្រដោយរដ្ឋរបស់ទីក្រុងប៉េកាំង និងការផ្តល់ហិរញ្ញប្បទានយ៉ាងទូលំទូលាយធ្វើឱ្យចិន មានប្រៀបជាងអាមេរិក។ការសិក្សាដោយមូលនិធិព័ត៌មានវិទ្យា និងនវានុវត្តន៍ (ITIF) ដែលជាវិទ្យាស្ថានស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសចិន មានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២៧ គ្រឿងដែលកំពុងសាងសង់ ជាមួយនឹងរយៈពេលសាងសង់ជាមធ្យមប្រហែល ៧ ឆ្នាំ ពោលគឺលឿនខ្លាំងជាងប្រទេសដទៃទៀត។សហរដ្ឋអាមេរិក មានរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ហើយរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden) ចាត់ទុកប្រភពអគ្គិសនីដែលស្ទើរតែគ្មានការបំភាយឧស្ម័ននេះ ថាមានសារៈសំខាន់ក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែបន្ទាប់ពីរោងចក្រធំៗចំនួនពីរនៅរដ្ឋ ចចា (Georgia) បានដំណើរការក្នុងឆ្នាំ២០២៣ ហើយឆ្នាំ ២០២៤ ត្រូវការចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារលើសគម្រោងថវិកា រួមទាំងការពន្យារពេលជាច្រើនឆ្នាំ ពុំមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែររបស់អាមេរិក ណាមួយកំពុងត្រូវបានសាងសង់ទេ។ធនាគារគ្រប់គ្រងដោយរដ្ឋរបស់ចិន អាចផ្តល់ប្រាក់កម្ចីដល់កម្រិតទាបបំផុតចំនួន ១,៤ ភាគរយ ដែលទាបខ្លាំងជាងលោកខាងលិច។ ឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់ចិន បានទទួលអត្ថប្រយោជន៍ពីការគាំទ្ររបស់រដ្ឋបែបនោះ រួមទាំងការគាំទ្រប្រកបដោយនិរន្តរភាព និងយុទ្ធសាស្ត្រធ្វើមូលដ្ឋានីយកម្ម ដែលបានអនុញ្ញាតឱ្យចិន នាំមុខលើវិស័យជាច្រើនដូចជាថាមពលកកើតឡើងវិញ និងរថយន្តអគ្គិសនី (EVs) ជាដើម៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន័៦ចំណុច ដើម្បីការអភិវឌ្ឍប្រកបដោយសោភ័ណភាពរាជធានីភ្នំពេញ

2024/06/17 01:18:59 pm        195
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ២ត្រង់ចំណុចព្រំប្រទល់រវាងរាជធានីភ្នំពេញនិងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍ណែនាំ៦ចំណុចទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រកបដោយសោភ័ណភាព ។សម្តេចធិបតីបានមានប្រសាសន៍ថា ដើម្បីជំរុញការអភិវឌ្ឍទីក្រុងឲ្យកាន់តែទំនើប និងឆ្លើយតបទៅនឹងការកើនឡើងនៃនគររូបនីយកម្ម សម្តេចបានផ្តល់នូវទស្សនៈនិងអនុសាសន៍៦ចំណុច៖ទី១. ចំពោះការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុង, ក្រសួង-ស្ថាប័នជំនាញ និងរដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តអនុវត្តដោយឈរលើគោលការណ៍ជាអាទិភាព ២ គឺ ១).បង្កើនល្បឿនការ អភិវឌ្ឍទីក្រុងដោយត្រូវដើរឱ្យបានមុនសេចក្តីត្រូវការរបស់ប្រជាជន និងបង្កើនការវិនិយោគស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ២០៣៥, និង ២). ផ្តើមគិតពីកិច្ចការសាងសង់ សំណង់នីមួយៗឱ្យស្របតាមការវិវត្តនៃតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។ទី២. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមាន​លក្ខណៈទំនើប, វ័យឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តនានា​ក្នុងរាជធានីភ្នំពេញ, ដូចជាការបំពាក់កាមេរ៉ាសុវត្ថិភាព, អំពូលសូឡា និងប្រព័ន្ធស្រោចស្រព​ស្វ័យប្រវត្តិ​នៅតាមសួនច្បារសាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្តិសមជាទីក្រុងឆ្លាត។​ទី៣. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ,ដូចក្នុងករណីការដាំដើមឈើបន្ថែមនៅចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងលិច និងគម្រោង «ស្ពានអាកាសមរតកតេជោ» ជាដើម។ទី៤. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវខិតខំជំរុញការអនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង នៅតំបន់ភូមិសាស្ដ្ររាជធានី​ភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ទៅនឹងការប្រែប្រួល​អាកាសធាតុ។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តចុះពិនិត្យដោះស្រាយប្រព័ន្ធបណ្តាញលូ អណ្ដូងលូ និងប្រឡាយរំដោះទឹកព្រមទាំងត្រៀមជាស្រេច ដើម្បីធ្វើអន្តរាគមន៍​ចំពោះករណី​ជំនន់ទឹកភ្លៀង និងប្រធានសក្ដិនានា ដែលអាចកើតមានជាយថាហេតុ។ទី៥. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និងក្មេងទំនើងទាំង​តាមសាលារៀន និង ក្នុងសហគមន៍​ធានាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ឱ្យបានល្អប្រសើរ ពោលគឺត្រូវបន្តចាត់វិធានការឱ្យបានជាប្រចាំ​ជាប់មិនដាច់ដូចភ្លៀងរលឹម ដោយមិនត្រូវ លើកលែងឡើយ។ទី៦. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់រំដោះចញ្ចើមផ្លូវក្នុងទីក្រុងឱ្យខាងតែបាន ដើម្បីសម្រួលចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍សំដៅ​, ម្យ៉ាងកាត់បន្ថយថ្លៃនៃការធ្វើដំណើរ (ចំណេញពេល និង សេដ្ឋកិច្ច), បង្កើនសេវាកម្មជិះរថយន្តក្រុង និង ម៉្យាងទៀតកាត់បន្ថយ ផលប៉ះពាល់ដល់បរិស្ថាននៅក្នុងទីក្រុង ជាមួយនឹងការ​បង្កើន​សម្រស់របស់រាជធានីយើង។ បន្ថែមលើនេះ​ ចំពោះការកកស្ទះចរាចរណ៍នៅម៉ោងទៅ និងចេញ​ពីបម្រើការងារ (Rush Hours)​ រដ្ឋបាលរាជធានី ភ្នំពេញត្រូវដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋរហូតដល់ស្ថានភាពចរាចរណ៍ត្រឡប់មកសភាពធម្មតាវិញទើបកម្លាំងចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ចរាចរធ្វើដំណើររបស់ប្រជាជន។សម្តេចក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការដ្ឋាន​និងអ្នកដំណើរឆ្លងកាត់​ទាំងឡាយ សូមមេត្តាចូលរួមសហការផ្ដល់ភាពអធ្យាស្រ័យ​យោគយល់​និងអត់ធ្មត់​ចំពោះផលប៉ះពាល់ និងការរំខាននានាដែលអាចកើតឡើង ដោយសារការដ្ឋានស្ថាបនាស្ពានអាកាសថ្មីដែលនឹងចាប់ផ្ដើមនៅពេលនេះ៕

សម្តេចធិបតី៖ គ្មានការកំណត់ប្រភេទរថយន្តសម្រាប់នាំចូលទេ ប៉ុន្តែត្រូវពង្រឹងការពិនិត្យលក្ខណៈបច្ចេកទេស

2024/06/17 01:11:35 pm        154
អញ្ជើញថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ២ត្រង់ចំណុចព្រំប្រទល់រវាងរាជធានីភ្នំពេញនិងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កន្លងមកមានការលើកឡើងឱ្យកំណត់ប្រភេទរថយន្តថ្មីសម្រាប់ការនាំចូល ប៉ុន្តែករណីនេះ សម្តេចបានប្រកាសថា គឺមិនអនុញ្ញាតឱ្យកំណត់ប្រភេទរថយន្តសម្រាប់ការនាំចូលទេ ។សម្តេចធិបតី បានមានប្រសាសន៍ថា នៅទីក្រុងភ្នំពេញទោះបីស្ទះចរាចរ ប៉ុន្តែសម្តេចមិន​ហាម​ពលរដ្ឋ​មិនឱ្យទិញឡាន ម៉ូតូទេ ។សម្តេចថា នៅប្រទេសខ្លះគេដាក់កំណត់ ដូចជានៅសិង្ហបូរី ជាដើម។សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា ការគិតគូដល់ការប៉ះពាល់បរិស្ថានតាមរយៈការ​ប្រើប្រាស់​រថយន្តចាស់ៗ ​សម្តេចពិតជាយល់ ប៉ុន្តកម្ពុជាមិនទាន់ដល់ពេលដែលត្រូវហាមពលរដ្ឋ​មិនឱ្យ​ប្រើរថយន្តចាស់ៗនោះទេ។ទោះជាយ៉ាងណាសម្តេចនៅតែលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនតម្លើងរថយន្តថ្មីនៅកម្ពុជា ត្រូវមាន​សិទ្ធិប្រកួតប្រជែងជាមួយនឹងការនាំចូលរថយន្តដែលប្រើមួយទឹក ដោយត្រូវធានាថាតម្លៃរបស់​គាត់​សមរម្យដោយផលិតបានល្អ ​និងមានតម្លៃសមរម្យ ​នោះប្រជាជនទិញប្រើប្រាស់ហើយ គឺស្រប​នឹងការចង់បានរបស់រាជរដ្ឋាភិបាលដែលចង់ឱ្យប្រជាពលរដ្ឋមានរថយន្តល្អប្រើប្រាស់ និងតម្លៃកាន់តែធូ៕

សម្តេចធិបតីណែនាំឱ្យពិនិត្យមើលរកការវិនិយោគសាងសង់ចំណតរថយន្ត ដើម្បីកាត់បន្ថយការកកស្ទះចរាចរ

2024/06/17 01:02:37 pm        153
អញ្ជើញមានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ២ត្រង់ចំណុចព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំទៅកាន់អភិបាលរាជធានីភ្នំពេញ និង ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាពិនិត្យរកមើលការវិនិយោគទៅលើកផ្នែកចំណតរថយន្តនៅក្រោមដី ជាពិសេស ក្រោមទីតាំងសួនច្បារនានា ដើម្បីបញ្ចៀសការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ។ជាមួយនឹងការរៀបចំបានយ៉ាងល្អប្រសើរ លើដំណោះស្រាយនៃការកកស្ទះចរាចរ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ សម្តេចធិបតីនាយរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទៅថ្ងៃអនាគត ការដោះស្រាយជាបន្តទៀត ទៅតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងដាក់ចេញផែនការផ្សេងៗនោះ យើងត្រូវគិតអំពីអភិក្រម២ ទី១ដោះស្រាយនូវកំណើននិងតម្រូវការនៅចំពោះមុខ ដូចជាប្រព័ន្ធដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក៏ដូចជាការចតយានជំនិះផ្សេងៗ ។ សម្តេចមានប្រសាសន៍បន្តថា អ្នករស់នៅភ្នំពេញខ្លះ រស់នៅផ្ទះល្វែង ឬផ្ទះជួល ដែលមិនមានកន្លែងចតរថយន្តហើយបានចតនៅលើដងផ្លូវ ដែលនាំឱ្យមានការស្ទះចរាចរ ដូច្នេះបើដោះស្រាយបញ្ហានេះបានជាការប្រសើរព្រោះងាយស្រួលទាំងការធ្វើដំណើរប្រើប្រាស់​ចិញ្ចើម​ផ្លូវមិនស្ទះការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។អ៊ីចឹង ការគិតគូអំពីផែនការមេ ជាពិសេសនៅតំបន់រណបទីក្រុងថ្មី ត្រូវគិតគូអនុវត្តឱ្យបានតឹងរឹង៕

វិមានក្រឹមឡាំង៖ លោក Putin មិនច្រានចោលការចរចាជាមួយអ៊ុយក្រែនទេ តែចង់បានការធានា

2024/06/17 12:40:24 pm        138
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដោយនិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបដិសេធការចរចាជាមួយអ៊ុយក្រែនទេ ប៉ុន្តែការធានានឹងត្រូវការចាំបាច់ ដើម្បីធានាភាពជឿជាក់នៃការចរចា។ ប្រទេសជាង ៩០ បានចូលរួមក្នុងព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនៅឯរមណីយដ្ឋានប៊រហ្គិនស្តុក(Bürgenstock) នៅកណ្តាលប្រទេសស្វីស ក្នុងគោលបំណងបង្រួបបង្រួមមតិជាសកលស្តីពីវិធីបញ្ចប់ការឈ្លានពានរបស់ទីក្រុងមូស្គូរយៈពេល ៧២ ខែមកនេះ។ រុស្ស៊ី មិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចពិភាក្សាស្ដីពីសន្តិភាពនោះទេ។រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បាននិយាយកាលពីថ្ងៃអាទិត្យថា ជំហររបស់ ក្រុង គីវ (Kyiv) ត្រូវបានគេយកមកពិចារណានៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយសម្រាប់កិច្ចប្រជុំកំពូលនេះ។លោកបានប្រាប់អ្នកយកព័ត៌មានថា អត្ថបទនេះមានតុល្យភាព ដែលគ្រប់ជំហរជាគោលការណ៍របស់ អ៊ុយក្រែនបានទទូចកន្លងមកនោះ ត្រូវបានពិចារណាហើយ។លោក Kuleba ក៏បានបង្ហើបផងដែរថា រុស្ស៊ីអាចចូលរួមក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខ ប៉ុន្តែបានច្រានចោលការទាមទាររបស់លោក ពូទីន កាលពីថ្ងៃសុក្រ ដែលតម្រូវឲ្យទីក្រុង Kyiv ប្រគល់តំបន់ចំនួនបួនក្នុងប្រទេសអ៊ុយក្រែនកាន់កាប់ដោយរុស្ស៊ី និងទម្លាក់ចោលគោលដៅរបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការសម្ព័ន្ធយោធាណាតូ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង
04/03/2026 10:04 PM
ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
04/03/2026 09:04 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
04/03/2026 09:04 PM
គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
04/03/2026 08:04 PM
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
04/03/2026 08:04 PM
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
04/03/2026 08:04 PM
មេបញ្ជាការយោធាប៊ូគីណា ហ្វាសូ និយាយថា បំភ្លេចចោលទៅលទ្ធិប្រជាធិបតេយ្យ
04/03/2026 08:04 PM
WTO ព្រមានអំពី «ការវាយប្រហារជាច្រើនដងលើទីតាំងសេវាសុខភាព» នៅអ៊ីរ៉ង់
04/03/2026 08:04 PM
មនុស្សម្នាក់ស្លាប់នៅជិតទីក្រុងគីវ ខណៈរុស្ស៊ីប្តូរមកវាយប្រហារទ្រង់ទ្រាយធំនៅពេលថ្ងៃ
04/03/2026 08:04 PM
របាយការណ៍៖ អាមេរិកបណ្តេញបេសកជនរងរបស់អ៊ីរ៉ង់ ប្រចាំនៅ UN ដោយសារក្តីបារម្ភពីសន្តិសុខជាតិ
04/03/2026 08:04 PM