គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ពូទីន បណ្ដេញអនុរដ្ឋមន្ត្រីការពារជាតិ ៤រូប ចេញពីតំណែង និងតែងតាំងសាច់ញាតិរបស់ខ្លួន

2024/06/18 02:29:02 pm        178
លោក វ្ល៉ាឌីមៀ ពូទីន បានបណ្តេញរដ្ឋមន្ត្រីការពារជាតិចំនួន ៤រូប ចេញពីតំណែង ហើយបានតែងតាំងសាច់ញាតិរបស់ខ្លួនម្នាក់ ឲ្យកាន់តួនាទីនេះ ខណៈដែលខ្លួនធ្វើការបោសសម្អាតមន្ត្រី ដែលទទួលបន្ទុកក្នុងអំឡុងពេលការឈ្លានពានដ៏អាក្រក់ទៅលើប្រទេសអ៊ុយក្រែន។អ្នកស្រី Anna Tsivileva កូនស្រីរបស់បងប្អូនជីដូនមួយរបស់លោកប្រធានាធិបតីរុស្សី បានរៀបការជាមួយរដ្ឋមន្ត្រីថាមពលរបស់ប្រទេសនេះ ហើយត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម បន្ទាប់ពីបានប្រើទំនាក់ទំនងរបស់អ្នកស្រីជាមួយលោក ពូទីន ដើម្បីក្លាយជាប្រធានអាជីវកម្មរ៉ែធ្យូងថ្ម។អ្នកស្រី Tsivileva ដែលមានឈ្មោះដើមថា Putina ក៏គ្រប់គ្រងមូលនិធិ «អ្នកការពារមាតុភូមិ» សម្រាប់អតីតយុទ្ធជនសង្គ្រាមផងដែរ។លោក Pavel Fradkov ជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីមួយរូបរបស់លោក ពូទីន ក៏ត្រូវបានដំឡើងតំណែង ក្នុងការរុះរើកាលពីថ្ងៃចន្ទនោះដែរ ។ លោក Fradkov ធ្លាប់ធ្វើការនៅក្នុងរដ្ឋបាលប្រធានាធិបតី។ក្រុមអ្នកវិភាគ បាននិយាយថា ការដំឡើងតំណែងរបស់ពួកគេ កើតឡើង នៅពេលដែលលោក ពូទីន កំពុងមានផែនដាក់ការជឿទុកចិត្តកាន់តែច្រើនលើកូនចៅរបស់មិត្តស្និទ្ធ ជាជាងអ្នកខាងក្រៅ បន្ទាប់ពីគ្រោះមហន្តរាយជាបន្តបន្ទាប់ នៅប៉ុន្មានខែដំបូងនៃសង្រ្គាមនេះ។

អ៊ីស្រាអែល អះអាងថា គោលដៅវាយលុកនៅទីក្រុងរ៉ាហ្វា ជិតបានសម្រេចហើយ

2024/06/18 02:25:34 pm        122
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួននឹងសម្រេចគោលដៅ ក្នុងការវាយលុកនៅទីក្រុងរ៉ាហ្វា ក្នុងពេល ឆាប់ៗនេះ។ កងទ័ព បាននិយាយថា ពាក់កណ្តាលនៃអង្គភាពប្រយុទ្ធរបស់អង្គការសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្កាហ្សា មុនសង្រ្គាមដែលបានផ្ទុះឡើងនៅក្នុងខែតុលា ត្រូវបានបំផ្លាញ។កងទ័ព បានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រហែល ៦០-៧០ភាគរយនៃទឹកដីរបស់ទីក្រុងនៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង គឺស្ថិតនៅក្រោម«ការគ្រប់គ្រងប្រតិបត្តិការ»របស់កងទ័ពអ៊ីស្រាអែល។កងទ័ព បាននិយាយថា ខ្លួននឹងត្រូវចំណាយពេលតែប៉ុន្មានសប្តាហ៍ទៀត មុនពេលប្រតិបត្តិការយោធា នៅក្នុងទីក្រុងនេះ ត្រូវបានបញ្ចប់។កងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការ នៅទីក្រុងរ៉ាហ្វា ដែលស្ថិតនៅព្រំដែនជាមួយប្រទេសអេហ្ស៊ីបកាលពីដើមខែឧសភា។ គោលបំណងដែលបានប្រកាស គឺដើម្បីរុះរើអង្គភាពប្រយុទ្ធចុងក្រោយរបស់ក្រុមហាម៉ាស។ការវាយលុកនេះ មានភាពចម្រូងចម្រាសយ៉ាងខ្លាំងជាអន្តរជាតិ ដោយសារតែជនជាតិប៉ាឡេស្ទីនជាងមួយ លាននាក់ គឺស្ថិតនៅក្នុងទីក្រុងរ៉ាហ្វា នៅពេលនោះ។ ពួកគេភាគច្រើន បានភៀសខ្លួននៅទីនោះពីផ្នែកផ្សេងទៀតនៃតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីគេចពីសង្គ្រាម។ ស្ទើរតែទាំងអស់នៃប្រជាជនទាំងនេះ ឥឡូវនេះបានភៀសខ្លួនពីទីក្រុងនេះ ទៅកាន់តំបន់មួយទៅភាគខាងលិច ជាទីដែលពួកគេពិបាកទទួលបានជំនួយផ្គត់ផ្គង់ផ្សេងៗ។

លោក ថាក់ស៊ីន ត្រូវបានធានាឲ្យនៅក្រៅឃុំ ក្រោយមានការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ

2024/06/18 02:16:11 pm        142
អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញា បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាអ្នកគាំទ្រដ៏លេចធ្លោបំផុតរបស់រដ្ឋាភិបាលដែលកំពុងកាន់អំណាច ត្រូវបានចោទប្រកាន់ជាផ្លូវការ នៅថ្ងៃអង្គារ (ទី១៨ ខែមិថុនា) នេះ ពីបទប្រមាថព្រះមហាក្សត្រ នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយ កាលពីឆ្នាំ២០១៥។ គួរបញ្ជាក់ថា ករណីរបស់លោក ថាក់ស៊ីន នេះ គឺជាសំណុំរឿងដំបូងគេ ក្នុងចំណោមសំណុំរឿងលេចធ្លោបំផុតចំនួន៤ ពាក់ព័ន្ធនឹងតួអង្គនយោបាយសំខាន់ៗ ដែលមាននៅចំពោះមុខតុលាការ នាថ្ងៃអង្គារនេះ ពោលគឺជាជម្លោះផ្លូវច្បាប់ចុងក្រោយបំផុត ដែលអាចមើលឃើញថា ប្រទេសសេដ្ឋកិច្ចធំជាងគេទី២ របស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចូលទៅក្នុងរយៈពេលនៃភាពមិនច្បាស់លាស់ថ្មីមួយ។សំណុំរឿងទាំងនេះមានជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតមួយចំនួនរបស់ថៃ ដែលក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ប្រទេសផងដែរ ហើយវាអាចធ្វើឲ្យមានភាពប្រេះស្រាំកាន់តែជ្រៅទៅៗ រវាងស្ថាប័នអភិរក្សនិយម-រាជានិយម និងគូប្រជែងរបស់ខ្លួន ដូចជាគណបក្ស Pheu Thai (ភឿថៃ) ដែលកំពុងកាន់អំណាច និងគណបក្សប្រឆាំង គឺគណបក្សបោះជំហានទៅមុខ (Move Forward)។លោក ថាក់ស៊ីន បានស្វែងរកការធានានៅក្រៅឃុំពីតុលាការ ក្នុងទីក្រុងបាងកក ភ្លាមៗ បន្ទាប់ពីរដ្ឋអាជ្ញាបានចោទប្រកាន់ជាផ្លូវការលើមហាសេដ្ឋីវ័យ ៧៤ឆ្នាំរូបនេះ ជុំវិញបទល្មើសដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមារហូតដល់ ១៥ឆ្នាំ ចំពោះជនណា ដែលត្រូវបានរកឃើញប្រមាថព្រះមហាក្សត្រ។ទូរទស្សន៍សាធារណៈ ThaiPBS និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតបាន បានរាយការណ៍ថា តុលាការបានទទួលយកប្រាក់ធានានៅក្រៅឃុំចំនួន ៥០០.០០០បាត (១៣.៦០០ដុល្លារអាមេរិក)៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅដល់អាកាសយានដ្ឋានChangi ប្រទេសសិង្ហបុរីហើយ ប្រកបដោយសុវត្ថិភាព

2024/06/18 01:11:03 pm        138
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់​អាកាសយានដ្ឋាន Changi សាធារណរដ្ឋសិង្ហបុរីហើយ ប្រកបដោយសុវត្ថិភាព ដើម្បី​បំពេញ​ទស្សន​កិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនានេះ។ ដំណើរអញ្ជើញដល់បានទទួលការ​ស្វាគមន៍​​ដោយ ឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងពលកម្ម នៃសាធារណរដ្ឋ​សិង្ហបុរី​។ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបាន​បញ្ជាក់​ពីដំណើរទស្សន​កិច្ច​ផ្លូវ​ការ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋ​សិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ថា តបតាមការអញ្ជើញរបស់សមភាគី​សិង្ហបុរី​នេះ។ អញ្ជើញអមដំណើរទស្សនកិច្ចនេះ រួមមាន​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។ក្នុងឱកាសដំណើរទស្សនកិច្ចនេះសម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី ដែលក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតីក៏នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ ឯកឧត្តម ថាមេន ស្ពានមូហ្គារ៉ាត់ណាម ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី និងឯកឧត្តម លី សៀនឡុង ទេសរដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរីផងដែរ។ សម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏នឹង​ចូលរួមក្នុង​វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានាផងដែរ។សូមជម្រាបថាកន្លងមកនេះទំនាក់ទំនង កម្ពុជា-សិង្ហបុរី បានបន្តពង្រឹង និងពង្រីកកិច្ចសហ​ប្រតិបត្តិការ​លើវិស័យជាច្រើនដូចជា វិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ និងសន្ដិសុខ សន្ដិសុខថាមពល និងទេសចរណ៍ជាដើម។ ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច កម្ពុជា-សិង្ហបុរី បានឯកភាពលើការជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ដោយបានលើកទឹកចិត្តឱ្យមានការជំរុញកិច្ចសហប្រតិប្តតិរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យមានគំនិតផ្តួចផ្តើម និង ផែនការសកម្មភាពជាក់លាក់៕អត្ថបទ៖ វ៉ន ដារ៉ា

បេក្ខជនប្រធានាធិបតីអ៊ីរ៉ង់ ជជែកដេញដោលគ្នា តាមទូរទស្សន៍ជាលើកដំបូង មុនការបោះឆ្នោត

2024/06/18 12:40:59 pm        111
បណ្ដាបេក្ខជនប្រជែងតំណែងប្រធានាធិបតីអ៊ីរ៉ង់ បានធ្វើការជជែកដេញដោលតាមទូរទស្សន៍ជាលើកដំបូង កាលពីថ្ងៃចន្ទ (ទី១៧ ខែមិថុនា) មុនពេលការបោះឆ្នោតមុនអាណត្តិ នាពេលខាងមុខ ដែលនឹងកើតឡើងនៅចុងខែនេះ។ក្រុមប្រឹក្សាអាណាព្យាបាលរបស់អ៊ីរ៉ង់ ដែលត្រួតពិនិត្យការបោះឆ្នោត និងច្បាប់ បានអនុម័តទទួលយកបេក្ខជនចំនួន ៦រូប ឲ្យឈរឈ្មោះក្នុងការបោះឆ្នោត បន្ទាប់ពីប្រធានាធិបតី លោក Ebrahim Raisi បានបាត់បង់ជីវិតភ្លាម ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា។យោងតាមទូរទស្សន៍រដ្ឋ បានឲ្យដឹងថា នៅក្នុងបញ្ជីឈ្មោះ មានលោក Mohammad Baqer Qalibaf ដែលជាប្រធានសភាមាននិន្នាការរឹងរូស និងជាអតីតមេបញ្ជាការឆ្មាំបដិវត្តន៍របស់អ៊រ៉ង់ អ្នកអភិរក្សនិយមលោក Saeed Jalili ដែលជាអតីតប្រធានអ្នកចរចានុយក្លេអ៊ែរ និងបានគ្រប់គ្រងការិយាល័យរបស់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei អស់រយៈពេល ៤ឆ្នាំ ហើយនិងអភិបាលក្រុងតេអេរ៉ង់ លោក Alireza Zakani ដែលជាអ្នកអភិរក្សនិយម។ បេក្ខជនទាំងនោះ ក៏រួមមានសមាជិកសភាកំណែទម្រង់ លោក Masoud Pezeshkian អ្នកមាននិន្នការរឹងរូស និងជាអតីតរដ្ឋមន្ត្រីមហាផ្ទៃ លោក Mostafa Pourmohammadi ហើយនិងលោក Amir-Hossein Ghazizadeh Hashemi ដែលជាអ្នកនយោបាយអភិរក្សនិយម។ការជជែកដេញដោល កាលពីថ្ងៃចន្ទនោះ បានផ្តោតលើការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយបេក្ខជនម្នាក់ៗបានដាក់ចេញនូវចក្ខុវិស័យរបស់ពួកគេ ដើម្បីឲ្យមានកំណើននាពេលខាងមុខ ចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងអតិផរណា ដែលកំពុងកើនឡើង៕

សហរដ្ឋអាមេរិក បង្ហាញការព្រួយបារម្ភអំពីទំនាក់ទំនង រុស្ស៊ី-កូរ៉េខាងជើង

2024/06/18 12:13:08 pm        197
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភអំពីទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង។ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសកូរ៉េខាងជើង រហូតដល់ថ្ងៃពុធ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងរយៈពេល២៤ ឆ្នាំ កន្លងទៅនេះ។លោក ពូទីន ត្រូវបានគេរំពឹងថានឹងមានជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមាន លោក John Kirby បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភអំពី ទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ។លោក Kirby និយាយថា សហរដ្ឋអាមេរិក មិនត្រឹមតែមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលទំនាក់ទំនងនឹងកើតមានលើប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាអាចប៉ះពាល់ដល់សន្តិសុខនៅលើឧបទ្វីបកូរ៉េ។ និយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ អ្នកនាំពាក្យរងមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានសន្និដ្ឋានថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង អាចជាការទិញសព្វាវុធ សម្រាប់ប្រើប្រាស់នៅសមរភូមិ អ៊ុយក្រែន។លោកស្រី Singh បាននិយាយថា សហរដ្ឋអាមេរិក មើលឃើញថា រុស្ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដូចជាប្រទេសកូរ៉េខាងជើង ដើម្បីទទួលបានជំនួយសព្វាវុធ។

អគ្គលេខាធិការNATO ជួបលោក Biden និយាយថា សម្ព័ន្ធណាតូជាង២០ប្រទេស ចំណាយយ៉ាងហោចណាស់២% នៃ GDP លើវិស័យការពារជាតិ

2024/06/18 11:51:46 am        103
អគ្គលេខាធិការណាតូសម្ព័ន្ធយោធាណាតូ លោក ជេន ស្តូធេនប៊ឺក(Jens Stoltenberg) បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនា ដោយលើកឡើងពីវិធីដែលសម្ព័ន្ធមិត្តបានបង្កើនការចំណាយផ្នែកយោធា ចាប់តាំងពីរុស្ស៊ី បានដណ្តើមយកតំបន់គ្រីម៉េ ពីអ៊ុយក្រែន ក្នុងឆ្នាំ ២០១៤។ អគ្គលេខាធិការសម្ព័ន្ធយោធា NATO ក្នុងពេលជួបជាមួយលោក Biden បាននិយាយថាសម្ព័ន្ធណាតូជាង២០ប្រទេស បានចំណាយយ៉ាងហោចណាស់២% នៃ GDP លើវិស័យការពារជាតិ។លោក Stoltenberg បាននិយាយទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅសេតវិមានថា ចំនួនសម្ព័ន្ធយោធាណាតូ ពេលបច្ចុប្បន្ននេះបានបំពេញគោលដៅចំណាយ បើប្រៀបធៀបទៅនឹងសមាជិកតិចជាង១០ប្រទេស កាលពី៥ឆ្នាំមុន។លោក Stoltenberg ស្ថិតនៅក្នុងទីក្រុង Washington សម្រាប់ការរៀបចំកិច្ចប្រជុំកំពូល NATO នៅខែក្រោយ នៅរដ្ឋធានី សហរដ្ឋអាមេរិក មានប្រធានបទមួយដែលលោក និងលោក Biden បានពិភាក្សាផងដែរ។លោក Biden និយាយថា សម្ព័ន្ធនេះ កំពុងប្រឈមមុខទៅនឹងពេលវេលាដ៏វិសេសវិសាលបំផុត សម្រាប់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ខណៈប្រទេសអ៊ុយក្រែន ប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។

អបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចម៉ែ សារមន្ទីរជាតិដាក់តាំងពិព័រណ៍រូបចម្លាក់ខ្មែរយៈពេល៦ខែ

2024/06/18 11:30:28 am        205
ក្នុងឱកាសព្រះរាជពិធីបុណ្យចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារមន្ទីរជាតិកម្ពុជា បានបើកការតាំងពិព័រណ៍ «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ចាប់ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។លោក មួង ច័ន្ទរស្មី ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នាយកដ្ឋានសារមន្ទីរ បានថ្លែងប្រាប់ BTV នាព្រឹកថ្ងៃទី១៨ ខែមិថុនានេះ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកមាតុប្រទេសវិញ» ដែលកំពុងដាក់តាំងបង្ហាញនៅពេលនេះ ធ្វើឡើងដើម្បីចូលរួមផ្សព្វផ្សាយ អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការងារពុះពារចរចាទាមទារត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលបានលួចនាំយកចេញពីទីតាំងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា។ លោកបន្តថា កត្តាសង្គ្រាម និងអស្ថិរភាពនយោបាយនៅក្នុងប្រទេសចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០មកជាពិសេសនៅសម័យខ្មែរក្រហមបានរុញច្រានឲ្យកម្ពុជារស់នៅឯកា និងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរស្ទើរគ្រប់វិស័យ រួមទាំងវិស័យវប្បធម៌។ នាអំឡុងសង្គ្រាមស៊ីវិលជិតបីទសវត្សរ៍ វត្ថុបុរាណខ្មែរត្រូវបានជនទុច្ចរិត គាស់កកាយ ចល័តចេញពីទីតាំងដើម និងចរាចរលក់ដូរនៅជុំវិញពិភពលោកយ៉ាងផុសផុល។ លោកបញ្ជាក់ថា ដូច្នេះតាមរយៈការតាំងពិព័រណ៍ស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ចាប់ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។ ចំណែក លោក លោក ប្រ៊ែតលី ជែមស៍ ហ្គ័រដុន (Bradley James Gordon) តំណាងស្របច្បាប់សម្រាប់ការទទួលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញនូវរូបចម្លាក់ខ្មែរនៃក្រសួងវប្បធម៌ (Legal representative for repatriations for the Ministry of Culture and Fine Arts» (ដែលបានចូលរួមចចារទាមទាវត្ថុសិល្បៈមកជូនប្រទេសកម្ពុជា តាំងពីឆ្នាំ២០១២) រួមនឹងប្រជាពលរដ្ឋ សិស្ស ដែលបានចូលរួមទស្សនាការតាំងបង្ហាញ រូបចម្លាក់ខ្មែរក្នុងការតាំងពិព័រណ៌នេះបានបង្ហាញចំណាប់រំភើបដែលបានឃើញរូបចម្លាក់ខ្មែរដែលបាត់បង់ត្រូវបានទទួលត្រឡប់ និងដាក់តាំងបង្ហាញរួមគ្នាបែបនេះ។ សូមបញ្ជាក់ផងដែរថា ក្នុងរយៈកាលពីរទសវត្សរ៍ចុងក្រោយនេះវត្ថុបុរាណខ្មែរជាច្រើន បានប្រគល់មកមាតុភូមិវិញតាមរយៈសប្បុរសជន ស្ថាប័នរដ្ឋ នឹងឯកជន ការចរចា និងការទាមទារតាមផ្លូវច្បាប់ ។ បច្ចុប្បន្នមានបុរាណវត្ថុខ្មែរចំនួន ៥៦៩ វត្ថុ ទទួឡបានមកពី១៤ប្រទេសបានប្រគល់មកកម្ពុជាវិញនារវាងឆ្នាំ១៩៩៦និងឆ្នាំ២០២៣៕អត្ថបទ រដ្ឋា

ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់ពីដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅសិង្ហបុរី

2024/06/18 10:29:31 am        101
នាព្រឹកថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី។នាឱកាសនោះឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ​អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅ​សាធារណរដ្ឋសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជើញអមដំណើរសម្ដេចធិបតី ក្នុងឱកាសនេះ រួមមាន៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។ក្នុងដំណើរអញ្ជើញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី សម្តេចធិបតី នឹងមានជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង (Lawrence Wong) ដែលក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំង​ពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរ​នឹងប្រារព្ធខួប​អនុស្សាវរីយ៍​លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ ថ្នាក់ដឹកនាំទាំងពីរ ក៏រំពឹងថា នឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និង​ដាក់ឱ្យដំណើរការជាផ្លូវការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុផងដែរ។ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា សម្តេចធិបតី ក៏នឹងមានកម្មវិធីសំខាន់ៗមួយចំនួនទៀត រួមមាន៖ (១). ជំនួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម (Tharman Shanmugaratnam) ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី (២). ជំនួបសម្តែងការគួរសម ដោយ ឯកឧត្តម លី ស៊ាងឡុង (Lee Hsien Loong) ទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី (៣). អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី និង (៤).អញ្ជើញទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណិត ព្រមទាំងអញ្ជើញទស្សនាអគារហេដ្ឋរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Keppel (Keppel’s Infrastructure@Changi)។ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​រាជ​រដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤៕

អគារសិក្សាថ្មីកម្ពស់៥ជាន់របស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ សម្រេចការសាងសង់បាន ៦០ភាគរយ

2024/06/18 10:19:29 am        171
ពោធិ៍សាត់៖ ដំណើរការសាងសង់អគារសិក្សាថ្មីដ៏ទំនើប​កម្ពស់​៥ជាន់​របស់វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ដែលមានឈ្មោះថា “អគារមរតកតេជោសែនឌីជីថល” រហូត​ដល់​ពេល​នេះសម្រេចបាន៦០ភគរយហើយ ដោយគ្រោងសាងសង់ឱ្យរួចរាលនៅចុងឆ្នាំ២០២៤ នេះ​បើ​តាមការលើកឡើងរបស់លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ។ អគារមរតកតេជោសែនឌីជីថល ដែលកំពុងសាងសង់នេះ មានទីតាំងនៅក្នុងបរិវេណ វិទ្យា​ស្ថាន​ពហុ​បច្ចេក​ទេសខេត្តពោធិ៍សាត់ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មានកម្ពស់​សរុប​២៤.៥​ម៉ែត្រស្មើរ និង​​៥ជាន់ មានទំហំ៤៨ម៉ែត្រ គុណនិង៤៨ម៉ែត្រ បែងចែកជា៧៨បន្ទប់ ក្នុ​ង​នោះ​បន្ទប់​សិក្សា​២០បន្ទប់ -បន្ទប់ពិសោធន៍ធន់ធ្ងន់១១បន្ទប់ -បន្ទប់ពិសោធន៍ធន់ស្រាល១០បន្ទប់ -បន្ទប់​កុំព្យូទ័រ៣បន្ទប់ -សាលសិក្សា២បន្ទប់ បន្ទប់សាស្ត្រាចារ្យ៧បន្ទប់ -បន្ទប់MOP៤បន្ទប់ -បន្ទប់​MEP៤បន្ទប់ រួមនិងឃ្លាំងចំនួន៤បន្ទប់ ។ ក្រោយសាងសង់រួច “អគារមរតកតេជោសែន​ឌីជីថល”​ នឹងមានបំពាក់នូវសម្ភារៈសិក្សា ម៉ាស៊ីនឬឧបករន៍ពិសោធន៍ទំនើបៗ ដែលនឹង​ជួយ​បង្កើន​សមត្ថភាពវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ក្នុងការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​បាន​ប្រមាណ១៥០០នាក់ក្នុង១ឆ្នាំ ខណៈពេលបច្ចុប្បន្ន​វិទ្យាស្ថាន​មាន​លទ្ធភាព​បណ្តុះ​បណ្តាល​សិស្ស​បានត្រឹមតែ៥០០នាក់ក្នុង១ឆ្នាំ ។ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់“អគារមរតកតេជោសែនឌីជីថល”នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍លើកឡើងថា អគារ​សិក្សា​កម្ពស់៥ជាន់ដ៏ទំនើបនេះ ដែលជាការផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាក្តីសង្ឃឹមមួយថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ជាពិសេសគឺយុវជនក្នុងខេត្ត អាចចូលរៀនជំនាញ់បច្ចេកទេសផ្សេងៗ ស្រប​ពេល​ដែល​ក្រុម​ហ៊ុនមីនីបៀ (Minebea Mitsumi) របស់ប្រទេសជប៉ុន គ្រោងនឹង​បើក​ដំណើរ​ការ​រោង​ចក្រ​ដ៏​ធំទី​២​ របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ នៅស្រុកក្រគរ ដោយត្រូវ​ការ​បុគ្គលិក​ជំនាញ​ជា​ច្រើន​ពាន់​នាក់​ចូលបម្រើការងារ ហើយបច្ចុប្បន្ន ក្រុមហ៊ុនមីនីបៀ និងវិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ កំពុងពិភាក្សាចុះ​កិច្ច​ព្រម​ព្រៀង​ក្នុងការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ស្រប​តាម​ជំនាញ និង​តម្រូវការរបស់ក្រុមហ៊ុន ។ ហើយ“អគារមរតកតេជោសែនឌីជីថល”នេះ ក៏នឹងរួម​ចំណែក ជួយឱ្យខេត្តពោធិ៍សាត់អាចសម្រេចបានតាមផែនការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែល​ជា​កម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ សម្រាប់វិទ្យា​ស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ គឺមានផែនការបណ្តុះបណ្តាលចំនួន១២៣៣០នាក់ ក្នុង​រយៈពេល​៥ឆ្នាំ ។គួរឱ្យដឹងដែរថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋ មាន​បណ្តុះបណ្តាលមុខជំនាញ់ជាច្រើន មានគ្រប់កម្រិតចាប់ពី វីញ្ញាបនបត្រ(វគ្គខ្លី) រហូត​ដល់​កម្រិត​បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/វិស្វករ ក្នុងនោះជំនាញផ្នែកអគ្គិសនី និងផ្នែករថយន្ត សិស្ស​មាន​ការ​ចាប់អារម្មណ៍ចូលរៀនច្រើនជាងគេ ហើយក្រោយ​បញ្ចប់​ការ​សិក្សា​ភាគ​ច្រើន​សិស្ស​មានការងារធ្វើ ជាពិសេសនោក្នុងខេត្តពោធិ៍សាត់ផ្ទាល់ដូចជា រោងចក្រដំឡើងរថយន្តFord រោងចក្រ​ដំឡើង​ត្រង់ហ្វូរ រោងចក្រផលិតនិងដំឡើងបរិក្ខាអគ្គីសនី ជាដើម៕ អត្ថបទ៖ ភិរុណ ពៅ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង
04/03/2026 10:04 PM
ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
04/03/2026 09:04 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
04/03/2026 09:04 PM
គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
04/03/2026 08:04 PM
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
04/03/2026 08:04 PM
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
04/03/2026 08:04 PM
មេបញ្ជាការយោធាប៊ូគីណា ហ្វាសូ និយាយថា បំភ្លេចចោលទៅលទ្ធិប្រជាធិបតេយ្យ
04/03/2026 08:04 PM
WTO ព្រមានអំពី «ការវាយប្រហារជាច្រើនដងលើទីតាំងសេវាសុខភាព» នៅអ៊ីរ៉ង់
04/03/2026 08:04 PM
មនុស្សម្នាក់ស្លាប់នៅជិតទីក្រុងគីវ ខណៈរុស្ស៊ីប្តូរមកវាយប្រហារទ្រង់ទ្រាយធំនៅពេលថ្ងៃ
04/03/2026 08:04 PM
របាយការណ៍៖ អាមេរិកបណ្តេញបេសកជនរងរបស់អ៊ីរ៉ង់ ប្រចាំនៅ UN ដោយសារក្តីបារម្ភពីសន្តិសុខជាតិ
04/03/2026 08:04 PM