គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

មេដឹកនាំស្តាំនិយមរបស់ស្វីស ហៅជំនួបកំពូលសន្តិភាពអ៊ុយក្រែន ថាជារឿងដ៏អាម៉ាស់

2024/06/17 09:55:24 am        192
អ្នកនយោបាយជាតិនិយម-ស្តាំនិយមឈានមុខគេរបស់ប្រទេសស្វីស បានរិះគន់កិច្ចប្រជុំកំពូលដែលប្រទេសរបស់ខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះក្នុងគោលបំណងដាក់សម្ពាធលើរុស្ស៊ី ឱ្យបញ្ចប់សង្រ្គាមលើអ៊ុយក្រែន ថាជា «ភាពអាម៉ាស់» ដោយឆ្លុះបញ្ចាំងពីទស្សនៈដែលថាកិច្ចពិភាក្សានេះកំពុងធ្វើឱ្យខូចដល់អព្យាក្រឹតភាពប្រពៃណីរបស់ប្រទេសស្វីស។គណបក្សប្រជាជនស្វីស (SVP) ដែលជាបក្សស្តាំនិយម និងធំជាងគេនៅក្នុងសភាជាន់ទាប និយាយថា អព្យាក្រឹតភាពគឺជាផ្នែកសំខាន់មួយនៃភាពរុងរឿងរបស់ប្រទេសស្វីស ហើយបានចាប់ផ្តើមការបោះឆ្នោតប្រជាមតិដើម្បីដាក់បញ្ចូលគោលការណ៍នេះនៅក្នុងរដ្ឋធម្មនុញ្ញ។បណ្ដាឥស្សរជនជាន់ខ្ពស់នៅក្នុងគណបក្ស SVP នេះបានលើកឡើងថា ប្រទេសស្វីសមិនគួរធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកាលពីចុងសប្តាហ៍នេះដោយគ្មានវត្តមានប្រទេសរុស្ស៊ីទេ ហើយលោក នីលស៍ ហ្វេចធឺ (Nils Fiechter) ប្រធានក្រុមយុវជនរបស់គណបក្ស SVP បានរិះគន់ខ្លាំងៗលើកិច្ចពិភាក្សានេះក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RT ។កិច្ចប្រជុំកំពូល ដែលធ្វើឡើងនៅរមណីយដ្ឋានដ៏ប្រណិតឈ្មោះ ប៊ឺហ្កិនស្តុក (Buergenstock) បានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកលើថា តើប្រទេសស្វីស គួរតែបោះបង់ចោលអព្យាក្រឹតភាពរបស់ខ្លួន ដែលជាជំហរចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់ប្រជាជនស្វីស ឬយ៉ាងណា។ មហាអំណាចលោកខាងលិច និងប្រទេសផ្សេងទៀតនៅក្នុងសន្និសីទកាលពីថ្ងៃអាទិត្យ ស្វះស្វែងរកការឯកភាពគ្នាលើការថ្កោលទោសប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី និងគូសបញ្ជាក់ពីតួលេខអ្នកស្លាប់ដ៏សម្បើមនៅក្នុងសង្គ្រាម៕

អ៊ុយក្រែន៖ លោក ពូទីន មិនទាន់ត្រៀមខ្លួនសម្រាប់សន្តិភាពទេ និងអំពាវនាវឱ្យរុស្ស៊ីដកទ័ពទាំងស្រុង

2024/06/17 09:51:15 am        91
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelensky) បាននិយាយកាលពីថ្ងៃអាទិត្យ (១៦ មិថុនា) ថា ប្រទេសរុស្ស៊ីមិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ «សន្តិភាព» នោះទេ ដោយទទូចថាទីក្រុងគីវ បើកចំហសម្រាប់កិច្ចពិភាក្សាភ្លាមៗ ប្រសិនបើទីក្រុងមូស្គូ ដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញពីទឹកដីអ៊ុយក្រែន។លោក ហ៊្សេឡិនស្គី បានលើកឡើងបែបនេះនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលការទូតដ៏ធំមួយនៅប្រទេសស្វីស ដែលរុស្ស៊ីមិនត្រូវបានអញ្ជើញ ហើយត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំការគាំទ្រចំពោះសំណើរបស់ទីក្រុងគីវ អំពីមធ្យោបាយដែលសង្រ្គាមគួរតែបញ្ចប់។លោក ហ៊្សេឡិនស្គី បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់កិច្ចប្រជុំថា «នេះជាការពិតដែលថារុស្ស៊ី និងថ្នាក់ដឹកនាំរបស់ពួកគេមិនទាន់ត្រៀមខ្លួនសម្រាប់សន្តិភាពដ៏ត្រឹមត្រូវនៅឡើយទេ»។ សេចក្តីថ្លែងការណ៍ចុងក្រោយដែលយល់ព្រមដោយរដ្ឋចំនួន ៨០ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះ «បូរណភាពទឹកដី» របស់អ៊ុយក្រែន ហើយបាននិយាយថាការសន្ទនារវាង «ភាគីទាំងអស់» នឹងត្រូវការជាចាំបាច់ដើម្បីបញ្ចប់ជម្លោះ។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីសប្ដាហ៍មុន បានទាមទារឱ្យអ៊ុយក្រែន ដកទ័ពរបស់ខ្លួនចេញពីភាគខាងត្បូង និងខាងកើតនៃប្រទេស ប្រសិនបើខ្លួនចង់ឱ្យសង្រ្គាមបញ្ចប់ ដោយនោះជាការលើកឡើងដែលអ៊ុយក្រែន បដិសេធ៕

ចិន៖ នាវាផ្គត់ផ្គង់របស់ហ្វីលីពីន បានបុកនាវាចិននៅឯដែនទឹកជម្លោះសមុទ្រចិនខាងត្បូង

2024/06/17 09:44:02 am        131
ឆ្មាំល្បាតឆ្នេរចិនបាននិយាយនៅថ្ងៃចន្ទ (១៧ មិថុនា) នេះថា នាវាផ្គត់ផ្គង់របស់ហ្វីលីពីន បានបើកប្រកបដោយគ្រោះថ្នាក់ចូលទៅជិតនាវាចិន ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នាបន្តិចបន្តួចបន្ទាប់ពីនាវាផ្គត់ផ្គង់នោះបានចូលទន្ទ្រានដោយខុសច្បាប់ចូលទៅក្នុងដែនទឹកដែលនៅជាប់នឹងតំបន់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ក្នុងសមុទ្រចិនខាងត្បូង។ឆ្មាំល្បាតឆ្នេរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាដឹកជញ្ជូន និងបំពេញគ្រឿងផ្គត់ផ្គង់បន្ថែមរបស់ហ្វីលីពីន មិនអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់ចិន ដោយបន្ថែមថា នាវានោះមានចេតនា និងបើកយ៉ាងគ្រោះថ្នាក់ចូលទៅជិតនាវាចិនក្នុងលក្ខណៈគ្មានវិជ្ជាជីវៈ ដែលបណ្តាលឱ្យមានការប៉ះទង្គិច។ សេចក្តីថ្លែងការណ៍នោះមិនបានលើកឡើងអំពីរបួស ឬការខូចខាតដល់នាវាទាំងពីរនោះទេ។អស់រយៈពេលជាច្រើនខែមកហើយ ប្រទេសចិន និងហ្វីលីពីន បានចោទប្រកាន់ជុំវិញគ្នាទៅវិញទៅមកថាបានបើកនាវាពត់ពេនដ៏គ្រោះថ្នាក់ និងការប៉ះទង្គិចគ្នានៅឯដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលជាដែនទឹកជម្លោះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន។ ឧប្បត្តិហេតុជាច្រើនបានកើតឡើងនៅពេលដែលហ្វីលីពីន ដាក់ពង្រាយបេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាប់ទាហានហ្វីលីពីន ឈរជើងលើនាវាចម្បាំងដ៏ចំណាស់មួយគ្រឿងនៅទីនោះ ដែលមានចេតនាចតចោលដើម្បីការពារការទាមទារដែនសមុទ្ររបស់ទីក្រុងម៉ានីល។ប្រទេសចិន ធ្លាប់បានព្រមានហ្វីលីពីន អំពីការទន្រ្ទានចូលទៅក្នុងដែនទឹករបស់ខ្លួន ហើយប្រទេសនេះបានចេញច្បាប់ថ្មីដែលចូលជាធរមាននៅថ្ងៃទី១៥ ខែមិថុនា ដែលនឹងអនុវត្តច្បាប់ឆ្នាំ២០២១ ដោយអនុញ្ញាតឱ្យឆ្មាំល្បាតឆ្នេររបស់ខ្លួនប្រើកម្លាំងដ៏ខ្លាំងក្លាប្រឆាំងនឹងនាវាបរទេសនៅក្នុងដែនទឹកដែលខ្លួនអះអាងសិទ្ធិ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២

2024/06/17 09:31:46 am        171
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ានណែត បានលើកឡើងថា ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ ខេត្តកណ្តាលនេះ នឹងក្លាយទៅជាការដឹកជញ្ជូនឡូជីស្តីកមួយ ពីផ្លូវគោកទៅកាន់ផ្លូវអាកាស។-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរ នៅព្រឹកថ្ងៃថ្ងៃទី១៧ ខែមិថុនានេះកម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រ សព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ខណៈស្ពានអាកាសភ្លោះនេះ សាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍ ដែលនឹងមានសភាពកាន់តែមមាញឹកនៅពេលព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅពេលដែលចំនួនប្រជាជនមានការកើនឡើងនៅក្នុងទីក្រុង គឺតម្រូវឱ្យមានការពង្រីកផ្លូវ ស្ពាន ស្ពានអាកាស រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កំណើនពលរដ្ឋ និងជីវភាពពលរដ្ឋកាន់តែប្រសើរ ធ្វើឱ្យភ្នំពេញ និងខេត្តជាច្រើន កំពុងប្រឈមនឹងកង្វះខាតកន្លែងចតយានយន្ត។-សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ភាពសម្បូរបែបនៅក្នុងរាជធានី និងទីក្រុង គឺបានបញ្ជាក់យ៉ាងច្បាស់ពីការរីកច្រើនរបស់ប្រទេសកម្ពុជាទាំងបរិមាណ និងគុណភាព។ សម្ដេចធិបតីបញ្ជាក់ថា ដរាបណាកម្ពុជានៅតែមានស្ថិរភាព និងសន្ដិភាពនោះការអភិវឌ្ឍរីកច្រើននឹងនៅតែមានបន្ថែមទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មានស្ថិរភាព មានសុខសន្តិភាពអង្វែងយូរ នឹងធ្វើឱ្យមានកំណើនពលរដ្ឋ ហេតុនេះភ្នំពេញ និងខេត្តកណ្ដាល នឹងបន្តរីកបន្ថែមទៀត។-សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្ដេចមិនទទួលយកយោបល់លើការស្នើសុំការកំណត់ឆ្នាំចំពោះការនាំចូលរថយន្តមកកម្ពុជានោះទេ។ សម្ដេច ថ្លែងថា មកដល់ម៉ោងនេះ នៅកម្ពុជាមិនទាន់មានការចាំបាច់ក្នុងការកំណត់ឆ្នាំរថយន្តចំពោះការនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្តឱ្យបានល្អវិញ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការកំណត់លើអាយុកាលប្រើប្រាស់រថយន្ត មិនចាំបាច់មាននោះទេ ប៉ុន្តែត្រូវពង្រឹងលើការត្រួតពិនិត្យបច្ចេកទេសឱ្យបានហ្មត់ចត់ និងមានគុណភាពខ្ពស់។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា កម្ពុជាមិនទាន់ឈានដល់ការហាមឃាត់ផ្ទះមួយ ត្រូវមានរថយន្ត ឬម៉ូតូប៉ុន្មានគ្រឿងនៅឡើយនោះទេ។ រដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាប្រ ឈមលើប្រព័ន្ធគមនាគមន៍សម្រាប់ធ្វើដំណើរឱ្យកាន់តែប្រសើរថែមទៀត។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាជាថ្មីទៀត ដោយជំរុញឲ្យអាជ្ញាធរ ខិតខំទប់ស្កាត់ និងបង្រ្កាបឲ្យបានសកម្មបន្ថែមទៀតចំពោះក្មេងទំនើង បើហ៊ានងើបមួយក្រុម ត្រូវបង្រ្កាបមួយក្រុម ដើម្បីសន្តិសុខសណ្តាប់ធ្នាប់សង្គម។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាត្រូវពង្រឹង និងពង្រីកលើប្រព័ន្ធដឹកជញ្ជូនសាធារណៈឱ្យបានកាន់តែច្រើនថែមទៀត។ សម្ដេចធិបតីបន្ថែមថា ត្រូវខិតខំបង្ខិតសេវាដឹកជញ្ជូនសាធារណៈជាពិសេសរថយន្តក្រុងឱ្យទៅដល់ក្បែរផ្ទះពលរដ្ឋរស់នៅតែម្ដង។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនាវដល់វិស័យឯកជន គួរបោះទុនវិនិយោគលើការសាងសង់កន្លែងចតរថយន្ត ដែលកំពុងតែប្រឈមនឹងកង្វះខាតកន្លែងចតច្រើននៅក្នុងពេលបច្ចុ ប្បន្ននេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការស្ថាបនា ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រ សព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលគឺជាការគិតគូរទុកជាមុនរបស់រាជរដ្ឋាភិបាលដែលទៅថ្ងៃអនាគតតំបន់នេះនឹងមានកំណើនប្រជាជនកាន់តែច្រើន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សេដ្ឋកិច្ចកម្ពុជារំពឹងកំណើនខ្ពស់ឡើងវិញ ដោយសារកាលពីឆ្នាំ២០២៣ មានកំណើនប្រមាណ ៥ ភាគរយ, ឆ្នាំ២០២៤ រំពឹងកំណើនខ្ពស់ ហើយនៅឆ្នាំ២០២៥ ក៏កាន់តែមានកំណើនខ្ពស់ថែមទៀត។-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវគិតគូរឱ្យហើយអំពីច្បាប់លើការផ្គត់ផ្គង់ហ្គាសចូលក្នុងផ្ទះ ដើម្បីបញ្ចៀសគ្រោះថ្នាក់នាពេលខាងមុខ ខណៈអគារខ្ពស់ៗ ជាច្រើនកំពុងតហ្គាសចូលទៅក្នុងផ្ទះដើម្បីប្រើប្រាស់។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើឱ្យពិចារណា គិតគូរលើការសាងសង់ផ្លូវរថភ្លើងស្រាល ដោយបញ្ចៀសកុំឱ្យប៉ះពាល់លើការសាងសង់ ដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ជាពិ សេសបង្ការកុំឱ្យមានការស្ទះកកចរាចរណ៍។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ផ្លូវដែលបានសាងសង់ហើយ មិនគួរដាក់ឱ្យមានគម្រោងសាងសង់ផ្លូវរថភ្លើងស្រាល ដែលនាំឱ្យផ្លូវរួមតូចនោះទេ ត្រូវគិតគូររៀបចំនៅកន្លែងសមស្រប និងមិនបង្កឱ្យកកស្ទះចរាចរណ៍។-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធររាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធពិនិត្យឱ្យបានច្បាស់លាស់ចំពោះគម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដើម្បីជៀសវាងការសាងសង់ជាន់ពីលើផ្លូវដែលមានស្រាប់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា មោទនភាពរបស់យើង គឺយើងបានប្រែក្លាយពីប្រទេសមួយដែលពឹងលើបរទេសឱ្យមកជួយរៀបចំកសាងសំណង់នានា ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមានវិស្វករ និងអ្នកជំនាញ គូរប្លង់ និងរៀបចំសាងសង់សំណង់ធំៗកម្រិតអន្តរជាតិជាច្រើន ដោយកូនខ្មែរ ដោយបញ្ញាខ្មែរ។ សម្ដេចធិបតីបន្ថែមថា ពេលនេះខ្មែរមានឯករាជ្យភាពលើការរៀបចំសាងសង់ដោយខ្លួនឯងហើយ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់ក្រសួង ស្ថាប័នជំនាញ និងអភិបាលរាជធានីភ្នំពេញបង្កើនល្បឿនក្នុងការសាងសង់ហេដ្ឋានារចនាសម្ព័ន្ធនានា នៅក្នុងទីក្រុងប្រកបដោយស្ដង់ដា និងបំពាក់ដោយបច្ចេកវិទ្យាទំនើបឱ្យស័ក្ដិសមជាទីក្រុងឆ្លាតអាស៊ាន។

កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីស ត្រូវបានបរាជ័យ ដោយសារគ្មានវត្តមានរុស្ស៊ី

2024/06/17 07:54:09 am        205
មហាអំណាចក្នុងតំបន់ រួមមានប្រេស៊ីល ឥណ្ឌា អាហ្រ្វិកខាងត្បូង និងអារ៉ាប៊ីសាអ៊ូឌីត បានបរាជ័យក្នុងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញនៅចុងបញ្ចប់នៃសន្និសីទសន្តិភាពអ៊ុយក្រែន ដែលប្រទេស និងអង្គការអន្តរជាតិជាង ៨០ គាំទ្របូរណភាពទឹកដីរបស់ខ្លួន ប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ី។ ថ្លែងនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃក្នុងប្រទេសស្វីសកាលពីថ្ងៃទី១៥ដល់១៦មិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្វាគមន៍ចំពោះជំហានដំបូងឆ្ពោះទៅរកសន្តិភាព ប៉ុន្តែបានទទួលស្គាល់ថា មិនមែនអ្នកចូលរួមទាំងអស់សុទ្ធតែបានគាំទ្រនោះទេ ។ លោកបាននិយាយថា គួរឲ្យស្ដាយ មានមនុស្សដែលនៅតែមានតុល្យភាព ដោយបន្ថែមថារុស្ស៊ីកំពុងព្យាយាមបំបែកបំបាក់ពិភពលោក។ប្រទេសប្រហែល ១០០ បានចូលរួមក្នុងសន្និសិទនៅរមណីយដ្ឋាន ប៊រហ្គិនស្តុក(Bürgenstock) ប៉ុន្តែប្រទេសរុស្ស៊ីពុំត្រូវបានអញ្ជើញទេ ហើយប្រទេសចិនបានបដិសេធមិនចូលរួមព្រឹត្តិការណ៍នេះ។ អ្នកចូលរួមភាគច្រើនមកពីអឺរ៉ុប អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ប៉ុន្តែរួមបញ្ចូលទាំងប្រទេសមកពីតំបន់អាមេរិកឡាទីន មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីផងដែរ។លោក Zelenskiy បាននិយាយថាភាគីនានាបានយល់ព្រមធ្វើការជាក្រុមពិសេសលើ "ផែនការសកម្មភាពដើម្បីសន្តិភាព" ដែលលោកបាននិយាយថានឹងបើកផ្លូវទៅកាន់កិច្ចប្រជុំកំពូលសន្តិភាពលើកទីពីរ។អត្ថបទចុងក្រោយត្រូវបានចុះហត្ថលេខាដោយប្រទេសជាង ៨០ និងអង្គការអន្តរជាតិ រួមទាំងស្ថាប័នសំខាន់ៗចំនួនបីរបស់សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកសហភាពអឺរ៉ុបចំនួន ២៧។ អត្ថបទនេះ បាននិយាយថាធម្មនុញ្ញអង្គការសហប្រជាជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាពនៃរដ្ឋទាំងអស់ "អាច នឹងបម្រើជាមូលដ្ឋានក្នុងការសម្រេចបាននូវសន្តិភាព យុត្តិធម៌ ដ៏ទូលំទូលាយនិងយូរអង្វែងនៅអ៊ុយក្រែន"៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ និងជូនពរដល់បងប្អូន​ម៉ូស្លីមទាំងអស់ ក្នុងឱកាស​បុណ្យរ៉ាយ៉ាហាជី

2024/06/17 07:36:56 am        204
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរ និង​ជូនពរ​ដល់​បងប្អូន ម៉ូស្លីមកម្ពុជា ក៏ដូចជាបងប្អូនម៉ូស្លីមទាំងអស់នៅទូទាំងពិភពលោក​ក្នុង​ឱកាស​បុណ្យ​រ៉ាយ៉ាហាជី ខណៈ បុណ្យដ៏ធំមួយនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅប្រទេស​អារ៉ាប៊ី​សាអូឌីត ដោយមានបងប្អូន ម៉ូស្លីមជាងពីរលាននាក់ចូលរួមនៅទួទាំងពិភពលោក ដោយ​ក្នុង​នោះ​ក៏​​មាន​ម៉ូស្លីមកម្ពុជាជិតមួយពាន់នាក់ដែរ។តាមរយៈឆាណែលតេលេក្រាមផ្ទាល់ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេចនិងភរិយា សូម​អបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់​បង​ប្អូន​ម៉ូស្លីម​កម្ពុជា​ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោកផងដែរ ដោយ​​រីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី នាថ្ងៃចន្ទ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៥ មូហាំ​ម៉ា​ត់​សករាជ ត្រូវនឹងថ្ងៃទី ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០២៤។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា សម្តេច និងភរិយា សូម​អបអរ​សាទរ​ចំពោះ​បង​ប្អូន​ម៉ូស្លីមកម្ពុជា ចំនួន៩១០រូបដែលបានទៅចូលរួមប្រារព្ធពិធីបុណ្យហាជី ដែលជា​កាតព្វកិច្ច​សាសនា នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងចំណោមបងប្អូនមកពីគ្រប់ជាតិសាសន៍ប្រមាណជាង ២​លាន​នាក់​នៅជុំវិញសកលលោក ។ តាមរយៈឆាណែលតេលេក្រាមនេះ សម្តេចធិបតី​បាន​បន្ថែម​ទៀត​ថា ​« ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាង​ជ្រាលជ្រៅបំ​ផុត​ចំពោះ​បង​ប្អូន​ម៉ូស្លីម​កម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលបាន​ប្រកាន់​យក​សាសនាផ្សេងៗប្រកបដោយសុខដុមនីយកម្មរស់នៅដោយសុខដុមរមនា ក្រោមការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។ ក្នុងឱកាសនេះដែរ សម្តេចធិបតី ក៏សូមជូនពរបងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស សូម​ទទួល​បាន​ជោគជ័យ ទឹកចិត្តជ្រះថ្លា ក្នុងការបំពេញកាតព្វកិច្ចសាសនានេះ ហើយក៏​សូម​បួង​សួង​សុំ​ឱ្យ​បង​ប្អូនម៉ូស្លីមទាំងអស់ទទួលបាននូវសេចក្តីសុខ សេចក្ដីសប្បាយ មានភាពចម្រុងចម្រើន ប្រកប​ដោយសុភមង្គលគ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយផងដែរ៕ អត្ថបទ៖ បាន ចក់ 

ប្រព័ន្ធហិរញ្ញវត្ថុរុស្ស៊ី មានការរង្គោះរង្គើ បន្ទាប់ពីអាមេរិក ដាក់ទណ្ឌកម្មថ្មី

2024/06/14 02:42:24 pm        81
ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យរង្គោះរង្គើដល់ប្រព័ន្ធហិរញ្ញវត្ថុរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ហើយបានបង្ខំឲ្យកម្មវីធីជួញដូរហិរញ្ញវត្ថុដ៏សំខាន់របស់ទីក្រុងមូស្គូ បញ្ឈប់ប្រតិបត្តិការប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ដោយបង្កើនតម្លៃនៃសង្គ្រាមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងអ៊ុយក្រែន។ការកើនឡើងយ៉ាងខ្លាំងនៃការដាក់ទណ្ឌកម្មដោយក្រសួងរតនាគារ បានជំរុញឲ្យអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev ដែលបច្ចុប្បន្នជាមន្ត្រីសន្តិសុខជាន់ខ្ពស់ អំពាវនាវដល់ប្រជាជន «បង្កគ្រោះថ្នាក់ជាអតិបរមា»ទៅលើសង្គមលោកខាងលិច និងហេដ្ឋារចនាសម្ព័ន្ធ ជាការសងសឹក។ ទន្ទឹមនឹងនេះដែរ ធនាគារ និងឈ្មួញកណ្តាលឈានមុខគេជាច្រើនរបស់រុស្ស៊ី បានបិទការចូលដំណើរការទៅកាន់គណនីរូបិយប័ណ្ណ កាលពីថ្ងៃព្រហស្បតិ៍។ ទណ្ឌកម្មថ្មីដែលប្រកាសដោយក្រសួងរតនាគារកាលពីថ្ងៃពុធ បានធ្វើឲ្យប៉ះពាល់ផ្សារហ៊ុនទីក្រុងមូស្គូ ដែលជាទីផ្សារហិរញ្ញវត្ថុដ៏សំខាន់របស់រុស្ស៊ីសម្រាប់ការជួយប្រជាជនរុស្ស៊ី រក«ប្រាក់ចំណេញពីយន្តការ សង្គ្រាមរបស់វិមានក្រឹមឡាំង» និងពង្រីកហានិភ័យនៃទណ្ឌកម្មបន្ទាប់បន្សំសម្រាប់ស្ថាប័នហិរញ្ញវត្ថុបរទេស ដែលធ្វើអាជីវកម្ម ជាមួយនឹងសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ី។ផ្សារហ៊ុនទីក្រុងមូស្គូ ប្រតិបត្តិការទីផ្សារជួញដូរក្នុងភាគហ៊ុន មូលបត្របំណុល ផលិតផល រូបិយប័ណ្ណ និងលោហៈដ៏មានតម្លៃ។

អ៊ុយក្រែន និងសម្ព័ន្ធមិត្តប៉ះទង្គិចគ្នាជុំវិញការបណ្តុះបណ្តាលបើកយន្តហោះ F-16

2024/06/14 02:39:45 pm        71
ប្រទេសអ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិច កំពុងប្រឈមមុខនឹងបញ្ហាលើល្បឿន និងទំហំនៃការបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំង ដោយទីក្រុងគីវ បានជំរុញដៃគូសហរដ្ឋអាមេរិក និងអឺរ៉ុបឲ្យ ពង្រីកកម្មវិធី និងសម្ព័ន្ធមិត្តប្រឆាំងនឹងអ្នកបើកយន្តហោះអ៊ុយក្រែន មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមហ្វឹកហាត់បើកយន្តហោះចម្បាំងF-16 ជាច្រើនគ្រឿង ដែលជិតមកដល់ហើយនោះ។មន្ត្រីអ៊ុយក្រែន ទទូចថា ពួកគេមានអ្នកបើកយន្តហោះចំនួន ៣០នាក់ ដែលត្រៀមរួចជាស្រេច ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺននៅលើយន្តហោះ ហើយត្អូញត្អែរថា មិនមានកន្លែងគ្រប់គ្រាន់សម្រាប់កន្លែងហ្វឹកហាត់នៅសហរដ្ឋអាមេរិក និងដាណឺម៉ាក។ ពួកគេ បានបញ្ជាក់ថា ពួកគេត្រូវការអ្នកបើកយន្តហោះជាបន្ទាន់បន្ថែមទៀត ដែលត្រូវបានបណ្តុះបណ្តាល ដើម្បីបើកយន្តហោះភ្លាមៗ នៅពេលពួកគេមកដល់ ដើម្បីជួយទប់ទល់នឹងកងកម្លាំងរុស្ស៊ី នៅជួរមុខ។ប៉ុន្តែមន្ត្រីអាមេរិក និងអឺរ៉ុប បានប្រមូលផ្តុំគ្នានៅទីនេះ ដើម្បីសម្របសម្រួលការបញ្ជូនសព្វាវុធទៅអ៊ុយក្រែន បាននិយាយថា ពួកគេកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលជាមួយអ្នកបើកយន្តហោះ និងអ្នកថែទាំដែលបានបញ្ចប់ការបណ្តុះបណ្តាលជាមួយនឹងចំនួនយន្តហោះ ដែលនឹងមកដល់អ៊ុយក្រែននៅរដូវក្តៅនេះ។ ពួកគេបាននិយាយថា យន្តហោះទាំងអស់ នឹងមកដល់កន្លែងមានសន្តិសុខត្រឹមត្រូវ។ សាលានៅរដ្ឋអារីហ្សូណា អាចបណ្តុះបណ្តាលអ្នកបើកយន្តហោះ បានតែ១២នាក់ប៉ុណ្ណោះ ក្នុងពេលមួយ។

ស៊ុយអែត តវ៉ាទៅអ៊ីរ៉ាក់ ជុំវិញការកាត់ទោសប្រហារជីវិតលើពលរដ្ឋស៊ុយអែត

2024/06/14 02:14:14 pm        150
ប្រទេសស៊ុយអែត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) ថា ខ្លួនបានកោះហៅប្រមុខការទូតអ៊ីរ៉ាក់នៅទីក្រុងស្តុកហូម ដើម្បីតវ៉ាប្រឆាំងនឹងការកាត់ទោសប្រហារជីវិតដែលដាក់ទៅឱ្យពលរដ្ឋស៊ុយអែតម្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់។ក្រសួងការបរទេសបាននិយាយថា អាជ្ញាធរអ៊ីរ៉ាក់បានបញ្ជាក់ថា ពលរដ្ឋស៊ុយអែតម្នាក់ត្រូវបានកាត់ទោសប្រហារជីវិត ហើយខ្លួនក៏បានទទួលព័ត៌មានថា ពលរដ្ឋស៊ុយអែតម្នាក់ ឬពីរនាក់ផ្សេងទៀតត្រូវបានកាត់ទោសដូចគ្នានេះ។រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក ថូបៀស ប៊ីលស្រ្តម (Tobias Billstrom) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រមុខការទុតរបស់អ៊ីរ៉ាក់ត្រូវបានកោះហៅជាបន្ទាន់ទៅកាន់ក្រសួងការបរទេសនៅថ្ងៃនេះ ហើយនៅក្នុងកិច្ចប្រជុំនោះ ស៊ុយអែតបានតវ៉ាប្រឆាំងនឹងការកាត់ទោសប្រហារជីវិតដល់ពលរដ្ឋស៊ុយអែតនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយទាមទារឱ្យការកាត់ទោសនោះមិនត្រូវបានអនុវត្ត»។លោក ប៊ីលស្រ្តម បាននិយាយថា ស៊ុយអែតប្រឆាំងនឹងការកាត់ទោសប្រហារជីវិត «ជានិច្ច គ្រប់ទីកន្លែង និងដោយមិនគិតពីកាលៈទេសៈ»។ ក្រសួងការបរទេសនេះមិនបានផ្តល់ព័ត៌មានបន្ថែមជុំវិញបញ្ហានេះទេ។ សារព័ត៌មាន ដេលី អាហ្វថុនប្លាដេត (Daily Aftonbladet) បានរាយការណ៍ថា បុរសពលរដ្ឋស៊ុយអែតទាំងនោះត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការបាញ់សម្លាប់ពលរដ្ឋស៊ុយអែតម្នាក់ទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីខែមករា៕

កិច្ចប្រជុំកំពូល G7 ប្រែទៅជាឡើងកម្តៅភាពតានតឹង ជាមួយប្រទេសចិន

2024/06/14 02:10:37 pm        122
មេដឹកនាំក្រុមប្រទេស G7 បានបង្វែរការយកចិត្តទុកដាក់របស់ពួកគេ ទៅកាន់ប្រទេសចិន នៅថ្ងៃសុក្រ នេះ ជាថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលនៅប្រទេសអ៊ីតាលី ដោយផ្តោតលើវិធីការពារឧស្សាហកម្ម ខណៈបញ្ជៀសសង្រ្គាមពាណិជ្ជកម្មទាំងស្រុងជាមួយទីក្រុងប៉េកាំង។ ពាណិជ្ជកម្ម ដោយស្មើភាពជាមួយប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក ជាពិសេសលើបច្ចេកវិទ្យាបៃតង នឹងត្រូវបានពិភាក្សាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងមេដឹកនាំប្រទេសជប៉ុន បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងចក្រភពអង់គ្លេស។ក្រុមប្រទេសG7 ក៏នឹងកំពុងស្វែងរកការឆ្លើយតបរួមគ្នា ចំពោះការគាំទ្ររបស់ប្រទេសចិន ដែលត្រូវបានចោទប្រកាន់ចំពោះការពង្រីកយោធារបស់រុស្ស៊ី ដែលទីក្រុងវ៉ាស៊ីនតោន និយាយថាកំពុងបញ្ឆេះសង្រ្គាមនៅអ៊ុយក្រែន។កិច្ចប្រជុំនេះ ធ្វើឡើងក្នុងពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងប្រទេសលោកខាងលិចកាន់តែតានតឹង ដែលត្រូវបានលើកជាឧទាហរណ៍ដោយសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប ក្នុងសប្តាហ៍នេះ នៃផែនការដាក់ពន្ធថ្មីលើយានយន្តអគ្គិសនីរបស់ប្រទេសចិន។ សហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប ដែលចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ជាដៃគូទីប្រាំបីមិនផ្លូវការ បានសម្តែងការព្រួយបារម្ភចំពោះអ្វីដែលហៅថា «ឧស្សាហកម្មលើសសមត្ថភាព របស់ប្រទេសចិន»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង
04/03/2026 10:04 PM
ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
04/03/2026 09:04 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
04/03/2026 09:04 PM
គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
04/03/2026 08:04 PM
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
04/03/2026 08:04 PM
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
04/03/2026 08:04 PM
មេបញ្ជាការយោធាប៊ូគីណា ហ្វាសូ និយាយថា បំភ្លេចចោលទៅលទ្ធិប្រជាធិបតេយ្យ
04/03/2026 08:04 PM
WTO ព្រមានអំពី «ការវាយប្រហារជាច្រើនដងលើទីតាំងសេវាសុខភាព» នៅអ៊ីរ៉ង់
04/03/2026 08:04 PM
មនុស្សម្នាក់ស្លាប់នៅជិតទីក្រុងគីវ ខណៈរុស្ស៊ីប្តូរមកវាយប្រហារទ្រង់ទ្រាយធំនៅពេលថ្ងៃ
04/03/2026 08:04 PM
របាយការណ៍៖ អាមេរិកបណ្តេញបេសកជនរងរបស់អ៊ីរ៉ង់ ប្រចាំនៅ UN ដោយសារក្តីបារម្ភពីសន្តិសុខជាតិ
04/03/2026 08:04 PM