គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមស្តាំនិយមជ្រុលមានសន្ទុះគាំទ្រខ្លាំងក្នុងការបោះឆ្នោតអឺរុប ខណៈបារាំងអំពាវនាវឱ្យបោះឆ្នោតជាតិមុនអាណត្តិ

2024/06/10 09:36:53 am        117
ការទទួលបានសន្ទុះគាំទ្រខ្លាំងដោយក្រុមស្តាំនិយមជ្រុលក្នុងការបោះឆ្នោតសភាអឺរ៉ុបកាលពីថ្ងៃអាទិត្យ ទី ៩ ខែមិថុនា បានជំរុញឱ្យលោកប្រធានាធិបតីបារាំង Emmanuel Macron អំពាវនាវឲ្យមានការបោះឆ្នោតជាតិភ្លាមៗ និងបានបន្ថែមភាពមិនច្បាស់លាស់ចំពោះទិសដៅនយោបាយនាពេលអនាគតរបស់អឺរ៉ុប។ ស្របពេលគណបក្សប្រកាន់កណ្ដាល បក្សសេរីនិយម និងសង្គមនិយម ត្រូវបានកំណត់ថានឹងទទួលបានសំឡេងភាគច្រើន នៅក្នុងសភាដែលមានអាសនៈចំនួន ៧២០ ការបោះឆ្នោតបានធ្វើឱ្យមានការប៉ះទង្គិចក្នុងស្រុកដល់មេដឹកនាំទាំងបារាំង ទាំងអាល្លឺម៉ង់ ដោយនាំឲ្យមានការចោទសួរកាន់តែច្រើនអំពីរបៀបដែលមហាអំណាចធំៗរបស់សហភាពអឺរ៉ុបអាចជំរុញគោលនយោបាយនៅក្នុងប្លុកនេះ។ ដោយបង្កើតល្បែងដ៏ប្រឈមមួយ ដើម្បីព្យាយាមពង្រឹងអំណាចរបស់លោកឡើងវិញ លោក Macron បានអំពាវនាវឲ្យមានការបោះឆ្នោតសភា ជុំទីមួយនៅថ្ងៃទី ៣០ ខែមិថុនា។ ដូចលោក Macron ដែរ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានស៊ូទ្រាំនឹងរាត្រីដ៏ឈឺចាប់មួយ ដែលគណបក្សប្រជាធិបតេយ្យសង្គមរបស់លោក ទទួលបានលទ្ធផលអាក្រក់បំផុតមិនធ្លាប់មាន ដោយរងទុក្ខនៅក្នុងកណ្តាប់ដៃក្រុមអ្នកអភិរក្សនិយម និងគណបក្សស្ដាំនិយមប្រកាន់តឹងសម្រាប់អាល្លឺម៉ង់ (AfD)៕

កូរ៉េខាងជើង ព្រមានពីការឆ្លើយតបថ្មីប្រឆាំងនឹងឧបករណ៍បំពងសំឡេង និងខិត្តប័ណ្ណរបស់កូរ៉េខាងត្បូង

2024/06/10 09:32:59 am        152
ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានព្រមានអំពីការឆ្លើយតបថ្មីប្រឆាំងនឹងកូរ៉េខាងត្បូង ប្រសិនបើប្រទេសជិតខាងមួយនេះនៅតែបន្តចាក់ឧបករណ៍បំពងសំឡេងលឺៗ និងចែកចាយខិត្តប័ណ្ណ ស្របពេលមានភាពតានតឹងថ្មី។លោកស្រី គីម យ៉ូជុង (Kim Yo Jong) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ (០៩ មិថុនា) ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា «ប្រសិនបើកូរ៉េខាងត្បូង អនុវត្តការបង្ហោះចែកចាយខិត្តប័ណ្ណ និងចាក់ឧបករណ៍បំពងសំឡេងតាមព្រំដែននោះ វានឹងច្បាស់ជាមើលឃើញពីវិធានការប្រឆាំងថ្មីពីកូរ៉េខាងជើង»។យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានបន្តការចាក់ឧបករណ៍បំពងសំឡេងតម្រង់ទៅកាន់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ដោយបន្ថែមថា ការសម្រេច ដែលជាទម្រង់នៃសង្គ្រាមចិត្តសាស្ត្រនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានបង្ហោះបាឡុងសំរាមប្រហែល ៣៣០ គ្រឿង ហើយប្រហែល ៨០ គ្រឿងបានទម្លាក់នៅតាមព្រំដែន។ទីក្រុងព្យុងយ៉ាង បានចាប់ផ្តើមបញ្ជូនបាឡុងសំរាម និងលាមកសត្វ ឆ្លងកាត់ព្រំដែនក្នុងខែឧសភា ហើយនិយាយថា ទង្វើនេះគឺជាការសងសឹកចំពោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង បង្ហោះដោយសកម្មជនកូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃយុទ្ធនាការឃោសនា។ កូរ៉េខាងជើង បានបង្ហាញប្រតិកម្មខឹងសម្បារយ៉ាងខ្លាំងចំពោះយុទ្ធនាការខិតប័ណ្ណ និងការចាក់ឧបករណ៍បំពងសំឡេងលឺៗនោះ ហើយក្នុងករណីខ្លះប្រទេសផ្ដាច់ខ្លួនមួយនេះបានបាញ់ទៅលើឧបករណ៍ទាំងនោះទៀតផង៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ

2024/06/10 08:57:45 am        350
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ធនធានមនុស្សគឺជាកត្តាធំបំផុតសម្រាប់កសាងជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ហើយប្រសិនបើគ្មានធនធានមនុស្សទេកិច្ចការងារអ្វីក៏មិនអាចសម្រេចបាននោះឡើយ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សិស្សមន្រ្ដីនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ខិតខំអភិវឌ្ឍន៍ខ្លួន និងបំពេញការងារឱ្យអស់ពីសមត្ថភាពដើម្បីបម្រើប្រជាពលរដ្ឋ និងជួយអភិវឌ្ឍន៍សង្គមជាតិ កម្ពុជាប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានប្រព័ន្ធការងារល្អ លុះត្រា ណាយើងត្រូវមានធនធានមនុស្សគ្រប់គ្រាន់ ដូច្នេះយើងត្រូវតែពង្រឹងនូវធនធានមនុស្សនេះឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀតគ្រប់ក្រសួង ស្ថាប័នទាំងអស់។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ដើម្បីឱ្យការងារក្នុងស្ថាប័នមួយរីកមច្រើន និង ដំណើរការទៅដោយរលូន គឺត្រូវមានយន្តការល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិទី៧នេះ បានធ្វើវិមជ្ឈការ និងវិសហមជ្ឈការទៅថ្នាក់ក្រោមជាតិ គឺដើម្បីផ្ដល់សេវាបម្រើប្រជាពលរដ្ឋឱ្យទៅដល់គ្រប់ទីកន្លែង និងរឹតតែល្អនៅថ្នាក់ក្រោមជាតិ។-សម្តេចធិបតី បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្មលើការផ្ដល់សេវាដល់ប្រជាពលរដ្ឋពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិ ដូចជាការចុះបញ្ជីពាណិជ្ជកម្មអាជីវកម្មរបស់ប្រជាពលរដ្ឋ គឺអាចធ្វើឡើងបានតាមរយៈប្រព័ន្ធឌីជីថល អនឡាញ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ពេលជួបករណី ប្តី ឬសាច់ញាតិដឹកស្រ្តីមានផ្ទៃ ពោះទៅកាន់មន្ទីរពេទ្យ ហើយមានការ​លើសលស់​នឹងច្បាប់ចរាចរណ៍គប្បីត្រូវលើកលែងដល់ពួកគាត់ និង ត្រូវអមពួកគាត់ និងធ្វើចរាចរណ៍ជូនពួកគាត់ឲ្យដល់គោលដៅ ឬមន្ទីរពេទ្យទើបជាការល្អបំផុតសម្រាប់មន្រ្តីបម្រើប្រជាជន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ដើម្បីពង្រឹងគុណភាពប្រឡង គឺគ្រប់គ្រងលើវិញ្ញាសាដែលត្រូវចេញសម្រាប់ការប្រលងឱ្យបានហ្មត់ចត់កុំឱ្យមានការបែកធ្លាយ និងទី២ គ្រប់គ្រងលើ កំណែវិញ្ញាសាឱ្យបានម៉ត់ចត់។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ម្ដាយឪពុកដែលភ័យខ្លាចកូនមិនបានប្រលង ជាប់ សូមកុំទៅរត់ការ ឬ ស្វែងរកការអន្តរាគមន៍ណាមួយ។ សម្ដេចធិបតីបន្ថែមថា បើឪពុកម្ដាយភ័យ ខ្លាចកូនប្រឡងមិនជាប់ សូមប្រាប់ឱ្យកូនខំប្រឹងរៀនសូត្រ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជោគជ័យលើកំណែទម្រង់ដ៏ធំបំផុតក្នុងការប្រឡង មិនមែនគ្រាន់តែជាការរឹតបន្ដឹងការប្រឡងនោះទេ ប៉ុន្ដែជាការកែប្រែឥរិយាបថរបស់សិស្ស និងឪពុកម្ដាយរបស់សិស្សឱ្យពួកគាត់​បញ្ឈប់​ស្វែងរកការអន្តរាគមន៍នៅពេលមានការប្រឡងណាមួយដូចជាការប្រឡងបាក់ឌុបជាដើម។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សាលាភូមិន្ទរដ្ឋបាល គួរជាសាលាដែលមាន ស្តង់ដាវិន័យខ្ពស់ ដោយសិស្ស និងកម្មសិក្សាការីម្នាក់ៗ ត្រូវគោរពតួនាទី និងភារកិច្ចរបស់សាលាដោយខ្លួនឯង និងមិនគួរអនុវត្តវិធានការវិន័យតឹងរ៉ឹងនោះទេ។ ព្រោះថា អ្នកដែលបញ្ចប់ការសិក្សានៅ ទីនេះ នឹងក្លាយជាមន្ត្រីបម្រើសេវាសាធារណៈជូនពលរដ្ឋ និងជាអនាគតកាន់ការងារជាមេដឹកនាំ ហេតុនេះ ត្រូវធ្វើជាគំរូដល់សាធារណជន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការបម្រើប្រជារាស្ត្រប្រជាពលរដ្ឋ គឺដូចបម្រើ ខ្លួនឯង, កូនៗខ្លួនឯង និងក្រុមគ្រួសារខ្លួនឯង។ ហេតុនេះត្រូវអនុវត្តតួនាទីភារកិច្ចជាមន្ត្រីល្អ មន្ត្រីគំរូ ដើម្បីបម្រើសេវាសាធារណៈឱ្យបានល្អជូនពលរដ្ឋ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សូមវិស័យរដ្ឋ កុំដើរតួនាទីដូចឆ្មា ហើយវិស័យ ឯកជនដើរតួនាទីដូចកណ្ដុរ។ រដ្ឋ និងឯកជនត្រូវដើរតួនាទីជាឆ្មាដូចគ្នា ដើម្បីកម្ចាត់កណ្ដុរ ដែលជាបរិ ស្ថានមិនល្អ ដើម្បីកម្ពុជាមានបរិយាកាសរស់នៅល្អទាំងអស់គ្នា។-សម្តេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីដល់មន្រ្ដីរាជការ គឺត្រូវចាំថាខ្លួនមានតួនាទីភាកិច្ចជាអ្នកបម្រើរាស្រ្ដ ហើយការបម្រើប្រជាពលរដ្ឋ និងផ្ដល់ផលប្រយោជន៍ទៅដល់សង្គមជាតិ គ្រួសារ និងខ្លួនឯងផងដែរ។-សម្តេចធិបតី ជំរុញដល់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ត្រូវបន្តជំរុញដល់ការកសាង បណ្ដុះបណ្ដាល សមត្ថភាពមន្រ្ដីនៅក្នុងស្ថាប័នរបស់ខ្លួន។

ចិន និយាយថា អាមេរិកកំពុងបង្កការរត់ប្រណាំងសព្វាវុធក្នុងសកម្មភាពនៅសមុទ្រចិនខាងត្បូង

2024/06/10 08:32:40 am        292
អនុរដ្ឋមន្ត្រីការបរទេសចិនលោក សុន វេតុង (Sun Weidong) បាននិយាយនៅក្នុងសុន្ទរកថាចេញផ្សាយកាលពីថ្ងៃអាទិត្យ ៩ មិថុនា ថាសហរដ្ឋអាមេរិក បង្កបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំបំផុតនៅក្នុងសមុទ្រចិនខាងត្បូង ខណៈការដាក់ពង្រាយយោធារបស់ខ្លួននៅទីនោះ កំពុងប្រែក្លាយទៅជាកម្លាំងរុញឲ្យមានការប្រណាំងអាវុធ ។ជម្លោះដែនសមុទ្រនាពេលថ្មីៗនេះ រវាងចិន និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក បានធ្វើឱ្យសមុទ្រចិនខាងត្បូង ក្លាយជាបញ្ហាដ៏ក្ដៅគកុករវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ លោក សុន បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយចេញផ្សាយដោយក្រសួងរបស់លោក បន្ទាប់ពីចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅប្រទេសឡាវថា បច្ចុប្បន្ននេះ បញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំបំផុតនៅក្នុងសមុទ្រចិនខាងត្បូងគឺមកពីកម្លាំងខាងក្រៅតំបន់។លោក បាននិយាយថា កងកម្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុង បង្កើនការដាក់ពង្រាយ និងសកម្មភាពយោធានៅក្នុងសមុទ្រចិនខាងត្បូង ដោយញុះញង់ និងបង្កើនជម្លោះដែនសមុទ្រ និងការខ្វែងគំនិតគ្នា និងប៉ះពាល់ដល់សិទ្ធិ ព្រមទាំងផលប្រយោជន៍ស្របច្បាប់នៃបណ្ដាប្រទេសឆ្នេរសមុទ្រ។ លោក សុន បានសង្កត់ធ្ងន់ថា សកម្មភាពរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងតំបន់ គឺកំពុងអូសតំបន់នេះឲ្យធ្លាក់ចូលទៅក្នុងការរត់ប្រណាំងអាវុធ ដោយដាក់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល នៅក្រោមស្រមោលនៃជម្លោះភូមិសាស្ត្រនយោបាយ៕

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម មួយសប្តាហ៍

2024/06/09 06:48:50 pm        348
ភ្នំពេញ៖ ល្ងាចថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្តម ឌ័ន ហុង ហ្វុង (Doan Hong Phong) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ច ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។សូមជម្រាបជូនថា នេះជាការបំពេញទស្សនកិច្ចផ្លូវការលើកទីមួយនៅក្រៅប្រទេស ដែល ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម ឌ័ន ហុង ហ្វុង នឹងមានជំនួបទ្វេភាគី និងចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គអធិការកិច្ចរាជរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ចរវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរ។ជាមួយគ្នានេះដែរ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី នឹងចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំវៀតណាមជាន់ខ្ពស់មួយចំនួនទៀតផងដែរ។ ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា នឹងជួបប្រជុំពិភាក្សាការងារ និងមានដំណើរទស្សនកិច្ចដកស្រង់បទពិសោធពីបណ្តាស្ថាប័នមួយចំនួនទាំងក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន នៅរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តប៊ិញយឿង។

មនុស្សរាប់លាននាក់បោះឆ្នោតនៅថ្ងៃចុងក្រោយ នៃការបោះឆ្នោតសភាសហភាពអឺរ៉ុប

2024/06/09 04:15:06 pm        298
ប្រជាជនអឺរ៉ុបក្នុង២០ប្រទេស បានទៅបោះឆ្នោតនៅថ្ងៃដ៏ធំបំផុត និងចុងក្រោយនៃការបោះឆ្នោតសភាអឺរ៉ុប។ ក្នុងឆ្នាំនៃការបោះឆ្នោតដ៏សំខាន់ ការបោះឆ្នោតរបស់សហភាពអឺរ៉ុបមានសារៈសំខាន់ជាពិសេស លើទ្វីបដែលត្រូវគេមើលឃើញពីនយោបាយដែលមានភាពលំអៀង និងការកើនឡើងជាតិនិយម។ ការទៅកាន់មណ្ឌលបោះឆ្នោតត្រូវបានសម្គាល់ឃើញមានឧបទ្ទវហេតុហឹង្សា ទោះបីជាការវាយប្រហារដែលបានធ្វើឱ្យនាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រីមេតេ ហ្វ្រេឌើរីកស៊ីន ( Mette Frederiksen) មានរបួសបន្តិចបន្តួច និងបានបង្ខំឱ្យលោកស្រីបញ្ឈប់យុទ្ធនាការ គឺមិនត្រូវបានគេមើលឃើញថាជាហេតុផលនយោបាយនោះទេ។ ក្រុមស្តាំនិយមកណ្តាលរបស់អឺរ៉ុបត្រូវបានគេរំពឹងថានឹងទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុត នៅទូទាំងសហភាពអឺរ៉ុប នៅពេលការព្យាករណ៍ដំបូងបានធ្វើឡើងនៅថ្ងៃអាទិត្យ ទោះជាយ៉ាងណាក៏ដោយ គណបក្សប្រកាន់ស្តាំចំនួនបី សុទ្ធតែសម្លឹងរកការឈ្នះអាសនៈច្រើនជាងគេនៅទូទាំងប្រទេស។ ការបោះឆ្នោតបានចាប់ផ្តើមរួចហើយនៅថ្ងៃព្រហស្បតិ៍ សុក្រ និងថ្ងៃសៅរ៍ សម្រាប់បណ្តាប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ប៉ុន្តែរដ្ឋជាសមាជិកសហភាពអឺរ៉ុបភាគច្រើនកំពុងបោះឆ្នោតនៅថ្ងៃអាទិត្យ។ សភាអឺរ៉ុប គឺជាទំនាក់ទំនងផ្ទាល់រវាងអឺរ៉ុប និងស្ថាប័នរបស់សហភាពអឺរ៉ុប៕

គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រៀបចំពិធីប្រកាសកែសម្រួលសមាសភាព និងបញ្ចូលសមាជិកថ្មី៥៥២រូប

2024/06/09 02:48:22 pm        185
គណបក្សសប្រជាជនកម្ពុជារាជធានីភ្នំពេញ រៀបចំពិធីប្រកាសសាខាគណបក្ស ភ.ព១៦ , ភ.ព១៧ ,ភ.ព១៨ និងកែសម្រួលសមាសភាពខាគណបក្ស ភ.ព១១ , ភ.ព១៤ រួមទាំងការបញ្ចូលសមាជិកសមាជិកាថ្មីចំនួន ៥៥២រូប បន្ថែមទៀតផងដែរ ។ អង្គពិធីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២៤​នេះក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​គណៈកម្មាធិការ​គណបក្សរាជធានីភ្នំពេញ ​ដែលប្រព្រឹត្តិទៅ នាមន្ទីររបស់គណបក្ស​ប្រជានជនកម្ពុជារាជធានីភ្នំពេញ ដោយមាន​សមាជិសមាជិការសរុបជាង ៦០០នាក់ ចូលរួម ។ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ឱ្យដឹងថា ការប្រកាសសាខាគណបក្ស កែសម្រួល​សមាសភាព​សមាជិកសាខា​គណបក្ស និង​បញ្ចូល​សមាជិក​សមាជិកាគណបក្ស​ប្រជាជនកម្ពុជា​រាជធានីភ្នំពេញនាពេលនេះ ​គឺដើម្បីត្រៀមឈានឆ្ពោះទៅ​យកជ័យជំនៈ ក្នុងការ​បោះឆ្នោត ឆ្នាំ២០២៧-២០២៨ ខាងមុខ។គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់​ប្រាកដនិយមខ្ពស់ តាមរយៈការ​បញ្ចូល​សមាជិកថ្មីចំនួនជាង ៥០០រូបនេះ គឺពិតជា​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញកាន់​តែច្បាស់​ពីភាពដឹកនាំដ៏ត្រឹមត្រូវរបស់​គណបក្សប្រជាជនកម្ពុជា​ ដែលបានធ្វើឲ្យប្រទេសជាតិមាន​ការអភិវឌ្ឍរីកចម្រើនរុងរឿង ។ ​បងប្អូនសមាជិក​ សមាជិកាទាំងជាង៥០០នាក់នេះ នឹង​ក្លាយ​ជាប្រតិបត្តិករ ពោរពេញ​ទៅដោយចំណេះដឹងរបស់គណបក្សប្រជាជនកម្ពុជាទៅថ្ងៃអនាគត។ ឯកឧត្ដមបានបន្តថា តាមរយៈគម្រោង “ព្រែកជីកហ្វូណន-តេជោ” យើងពិតជា​បាន​ឃើញច្បាស់​ពី​នរណាដែលជាអ្នកស្នេហាជាតិ​ ហើយនរណា​ជាអ្នក​បំភ្លេចបំផ្លាញ​ជាតិពិតប្រាកដ ។ គណបក្សប្រជាជនកម្ពុជា បានរំដោះជាតិពីរបបប្រល័យពូជសាសន៍​ប៉ុលពត ហើយបន្តនូវ​ការ​កសាងប្រទេសជាតិ រហូតមានការអភិវឌ្ឍរីកចម្រើន​លើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ។ ឯកឧត្ដមប្រធាន ​បានមានប្រសាសន៍បន្ថែមថា សុខសន្តិភាព​គឺសម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា ​ជាអ្នករកបានមកដោយលំបាក​ ដូច្នេះយើងត្រូវរួមគ្នាការពារ ​សន្តិភាពនេះ ឲ្យបានដាច់ខាត ​ទោះក្នុងតម្លៃណាក៏ដោយ ។សម្ដេចតេជោនៅបានរំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋចេញពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ ថែមទៀតផងដែរ ។ ជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជា​នូវបានដោះស្រាយ​បញ្ហាធំៗរបស់ជាតិយ៉ាងច្រើនទៀត ​រួមទាំងការដោះស្រាយ ​ការជាប់គាំងនយោបាយ ការ​ទប់ស្កាត់ជំងឺ covid-១៩ ការស្ដារធ្វើឲ្យ ​មានកំណើន​សេដ្ឋកិច្ចជាតិ ​និងការធ្វើឲ្យកេរឈ្មោះកម្ពុជា លេចមុខលេចមាត់ ​នៅលើឆាកអន្តរជាតិ ៕ អត្ថបទ៖ លីហេង 

រូបវីដេអូឯកសាររបស់ម្ដាយចំណាប់ថ្នូរអ៊ីស្រាអែល ដែលកងទ័ពនិយាយថា បានរំដោះនៅក្នុងប្រតិបត្ដិការតំបន់ហ្កាហ្សា

2024/06/09 12:06:09 pm        143
កងយោធា បាននិយាយថា កងទ័ពអ៊ីស្រាអែល បានជួយសង្រ្គោះចំណាប់ថ្នូរនៅរស់ចំនួន៤នាក់ ចេញពីកន្លែងចំនួន២នៅសង្កាត់អាល់នូសេរ៉ាត់ (al-Nuseirat) តំបន់ហ្កាហ្សាភាគកណ្តាល កាល​ពីថ្ងៃសៅរ៍ បន្ទាប់ពីពួកគេ ត្រូវបានចាប់ជាចំណាប់ថ្នូរ អស់រយៈ ៨ខែ​ ដោយក្រុមសកម្ម​ប្រយុទ្ធហាម៉ាស ​នៅក្នុងការវាយលុកដ៏បង្ហូរឈាមមួយ ​ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។យោធា បាននិយាយថា ​ចំណាប់ថ្នូរ៤នាក់ ​ប្រុស៣នាក់ និងស្រីម្នាក់ ដែលត្រូវបានចាប់ពង្រាត់​ចេញពីកន្លែង​បុណ្យតន្រ្ដីណូវ៉ា (Nova) នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ តុលា ឆ្នាំកន្លងទៅនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ ដើម្បីពិនិត្យសុខភាព ​ហើយពួកគេទាំងនោះ មានសុខភាពល្អនៅឡើយ។ពួកគេទាំងនោះ ត្រូវបានគេសម្គាល់អត្ដសញ្ញាណ ដូចជា ​ឈ្មោះ ណូអា អាហ្កាម៉ានី (Noa Argamani) អាយុ២៥ឆ្នាំ អាល់ម៉ុក មៀ ជេន (Almog Meir Jan) អាយុ២១ឆ្នាំ អង់ដ្រេ កូសឡូវ (Andrey Kozlov) អាយុ២៧ឆ្នាំ និងឈ្មោះ ស្លូមី ហ្ស៊ីវ (Shlomi Ziv) អាយុ៤០ឆ្នាំ ។រូបភាពវីដេអូឯកសារ បានបង្ហាញពីការផ្ដល់បទសម្ភាសរបស់អ្នកសារព័ត៌មាន Reuters ជាមួយអ្នកស្រី អូរីត មៀរ(Orit Meir ) ដែលជាម្ដាយចំណាប់ថ្នូរអ៊ីស្រាអែលម្នាក់ ឈ្មោះ អាល់ម៉ុក មៀរ ចេន ។អ្នកស្រី បានយំ ខណៈដែលអ្នកស្រី​ បានរៀបរាប់ពីភាពតក់ស្លុតរបស់អ្នកស្រី​ នៅពេលដែលឃើញ​កូនប្រុសក្នុងវីដេអូដែលគេ ​បាន​ផ្ញើរូបនោះ​មក​ឱ្យអ្នកស្រី​តាមរយៈ​មិត្តភ័ក្ដិ​ម្នាក់​របស់​កូនប្រុសអ្នកស្រី ដោយវីដេអូនោះ ​ឃើញកូន​ប្រុស​កំពុង​យកដៃបាំងមុខ។ អ្នកសារព័ត៌មាន ​Reuters ​បានទទួលវីដេអូនេះពីក្រុមគ្រួសារ​ ប៉ុន្ដែ​មិន​អាច​ផ្ទៀងផ្ទាត់​ដោយឯករាជ្យ​ពីប្រភពដើម ​និងមាតិការឿងនោះទេ៕អត្ថបទ មករា (Makara)

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រំឭកមន្ទីរទេសចរណ៍ខេត្តសៀមរាប ពង្រឹងសមត្ថភាពដើម្បីអភិវឌ្ឍន៍ស្ថាប័ន

2024/06/09 10:54:20 am        109
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម សុខ សូកេន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានលើកឡើងនូវអនុសាសន៍ណែនាំដល់មន្ទីរទេសចរណ៍ខេត្តសៀមរាប ឱ្យរៀបចំផ្ទះខ្លួនឯងឱ្យបានល្អ តាមរយៈការរៀបចំឡើងវិញ នូវការវិភាគមុខងារ និងរចនាសម្ព័ន្ធការងារក្នុងស្ថាប័ន ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ឯកឧត្តម សុខ សូកេន មានប្រសាសន៍ថា រដ្ឋាភិបាលបានធ្វើបច្ចុប្បន្នអំពីយន្តការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា(CTB) ដែលនឹងដាក់ឱ្យដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត។ ជាមួយគ្នានេះឯកឧត្តមក៏ស្នើឱ្យមន្រ្តីរាជការទាំងអស់ បំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ព្យាយាមពង្រឹងសមត្ថភាពបន្ថែម និងរិះរកមធ្យោបាយ នានា ដើម្បីអភិវឌ្ឍន៍ស្ថាប័ន​ឱ្យកាន់​តែប្រសើរ។ ការងារនេះអាចធ្វើទៅបាន គឺអាស្រ័យលើការសាមគ្គីគ្នា យោគយល់ ជំរុញ និងការចូលរួមពីភាគីពាក់ព័ន្ធនានា។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យមន្ទីរទេសចរណ៍ខេត្តបន្តការគិតគូរពាក់ព័ន្នឹងខ្សែក្រវាត់បៃតង នៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដែលប្រជាកសិករអាចដាំដុះបន្លែបង្ការ ត្រី សាច់គ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្ត និងតំបន់ជុំវិញផងដែរ។ ឯកឧត្តមបន្តថា កិច្ចការនេះជាការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ស្របទៅនឹងកម្មវត្ថុ ការនាំចេញនៅនឹងកន្លែង។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានរំលេចពីផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្ដសៀមរាប ឆ្នាំ២០២១-២០៣៥ ​ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះយុទ្ធសាស្ត្រអភិវឌ្ឍន៍​តំបន់ទេសចរណ៍ អាទិភាពខេត្តសៀមរាប មាន៦តំបន់ ជាពិសេសតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាគោលដៅទេសចរណ៍ជំនឿ សាសនា ធម្មជាតិ ផ្សងព្រេង ទេសចរណ៍​ស្រាវជ្រាវ និងវិទ្យាសាស្ត្រផងដែរ៕

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ លទ្ធផលសម្រេចបានកន្លងមក គឺជាការបញ្ជាក់យ៉ាងច្បាស់ ពីភាពជោគជ័យ នៃវិធានការការពារបរិស្ថានកម្ពុជា

2024/06/09 10:03:33 am        133
នៅមន្ទីរបរិស្ថានខេត្តស្វាយរៀងឯកឧត្តមរដ្ឋមន្រ្តី បានលើកសរសើរមន្រ្តីក្រសួងបរិស្ថាន ទាំងអស់ ដែលបានរួមចំណែកក្នុងយុទ្ធនាការនានា នៃផែនការសកម្មភាពរបស់យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ទទួលបានជោគជ័យ និងមានមនុស្សចូលរួម ច្រើនជាងអ្នកបោះ សំរាម ចោលពាសវាលពាសកាល។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា លទ្ធផលសម្រេចរបស់ក្រសួងបរិស្ថាន នាពេលកន្លងមក គឺជាការសបញ្ជាក់យ៉ាងច្បាស់ ពីភាពជោគជ័យនៃវិធានការ ការពារបរិស្ថានកម្ពុជា ហើយបានបន្តទៅដល់ការព្យាបាល គឺជាការរួមគ្នាក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន!» ដែលកំពុងរីកសាយភាយនូវភាពស្អាត ពីភូមិទៅដល់ឃុំ បន្តទៅដល់ស្រុកនឹងរហូតទៅដល់ខេត្ត នៅទូទាំងប្រទេសកម្ពុជា។ឯកឧត្តមបានលើកទឹកចិត្តជាថ្មីទៀតដល់មន្រ្តីបរិស្ថាន សហការជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញារក្រុងស្រុក ភូមិ ឃុំ សង្កាត់ រួមទាំងប្រជាជនទូទៅ ដើម្បី​ធ្វើឱ្យកម្ពុជាស្អាត ​និងបង្ហាញពីបទពិសោធន៍ស្អាតនេះ​ ទៅដល់ឆាកអន្តរជាតិថា កម្ពុជាដែលជាផ្ទះ​របស់យើងទាំងអស់គ្នាស្អាត មាន​អនាម័យ ​និងសេចក្តីថ្លៃថ្នូរ។សូមបញ្ជាក់ថា​ ដើម្បីកម្ពុជាស្អាត​ ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនទូទៅ យុវជន សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នា​ ហើយក្នុងនោះយើងបានចាប់ផ្តើម ពីចំណុចដំបូងគេ គឺធ្វើឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានបង្កើតផ្នត់គំនិតស្អាត ហើយភាពស្អាតចេញពីចិត្ត បានធ្វើឱ្យយើងបានកាត់បន្ថយថង់ប្លាស្ទិកប្រមាណជាង ៣០លានថង់ក្នុង១ថ្ងៃ និងកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៧០% នៅក្នុងដើមត្រីមាសដំបូង នៃឆ្នាំ២០២៤នេះ។បន្ទាប់ពីខេត្តកំពង់ចាម មកដល់ខេត្តព្រៃវែង និងបន្តមកដល់ខេត្តស្វាយរៀង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និង​មន្រ្តីរាជការនៃមន្ទីរបរិស្ថាន តាមបណ្តាខេត្តជាបន្តបន្ទាប់ នៅក្នុងថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានគម្រោង ជួបសំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ មន្រ្តីឧទ្យានុរក្ស ​មន្រ្តីជាប់កិច្ចសន្យារបស់មន្ទីរបរិស្ថានទាំងអស់។ ក្នុងសប្តាហ៍កន្លងទៅ​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជួបសំណេះសំណាល និង​សួរសុខទុក្ខមន្រ្តី ​នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមិថុនា ​ឆ្នាំ២០២៤នៅខេត្តសៀមរាប ​និងកំពង់ធំ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។ តាមគម្រោង ​ឯកឧត្តមរដ្ឋមន្រ្តីនឹងធ្វើដំណើរ ទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង នៅដើមសប្តាហ៍ក្រោយ បន្ថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump
04/02/2026 08:04 PM
ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
04/02/2026 08:04 PM
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
04/02/2026 08:04 PM
នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
04/02/2026 08:04 PM
លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
04/02/2026 08:04 PM
ក្រុមឧទ្ទាមហ៊ូធីសម្របសម្រួលជាមួយអ៊ីរ៉ង់ ប៉ុន្តែនៅតែរក្សាឯករាជ្យភាព បើទោះបីជាមានសង្រ្គាមក៏ដោយ
04/02/2026 08:04 PM
ប្រទេសចំនួន ៨ ថ្កោលទោសចំពោះទោសប្រហារជីវិតរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន
04/02/2026 08:04 PM
តំបន់ភាគកណ្តាល និងភាគខាងត្បូងអ៊ីតាលី រងការវាយប្រហារដោយព្យុះព្រិល និងអាកាសធាតុអាក្រក់
04/02/2026 08:04 PM
មនុស្សម្នាក់ស្លាប់ ក្រោយព្យុះវាយប្រហារប្រទេសក្រិកបង្កជាទឹកជំនន់ និងបង្អាក់ការធ្វើដំណើរ
04/02/2026 08:04 PM
ស្ថានទូសហរដ្ឋអាមេរិក ព្រមានពីលទ្ធភាពនៃការវាយប្រហារជីវពលសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់
04/02/2026 08:04 PM