គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឧត្តមមន្រ្តីអាស៊ានកម្ពុជា ជួបពិភាក្សាការងារជាមួយឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាមេរិក

2024/06/09 09:48:39 am        139
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាមេរិក ក្នុងឱកាសចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនានាដែលមានសក្តានុពលក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ​អាស៊ាន-សហរដ្ឋអាមេរិក​ និងអាទិភាពនានា ​ខណៈកម្ពុជា​នឹង​ទទួលតួនាទី​ជាប្រទេសសម្របសម្រួល​ទំនាក់ទំនង​ដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក​ (២០២៤-២០២៧)។ ភាគីទាំងពីរក៏បានចែករំលែកនូវទស្សនៈលើ​បញ្ហាតំបន់ ​និងអន្តរជាតិដែលជាកង្វល់ និងផល​ប្រយោជន៍រួម ផងដែរ៕

ទីប្រឹក្សារាជរដ្ឋាភិបាល៖ ការសម្រេចចិត្តមិនចូលរួមសន្និសីទ ដើម្បីសន្តិភាពនៅអ៊ុយក្រែនគឺបង្ហាញថា កម្ពុជាមិនចំណុះខ្លួនឲ្យមហាអំណាចណាមួយ

2024/06/09 07:50:06 am        228
ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាឯកឧត្តម យឿន យឿត បានលើកឡើងថា ការសម្រេចចិត្តមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន គឺជាការបញ្ជាក់បន្ថែមពីឯករាជភាព និងអព្យាក្រឹត្យភាពរបស់កម្ពុជាក្នុងនាមជារដ្ឋ​អធិបតេយ្យ​មួយ ហើយការ សម្រេចចិត្តនេះគឺពិតជាត្រឹមត្រូវ និងក៏ជាការបង្ហាញថា កម្ពុជាមិនចំណុះឲ្យមហាអំណាចណាមួយផងដែរ។ឆ្លើយតបនិង​សំនួរ​របស់ទូរទស្សន៍ប៊ីធីវី ទាក់ទងនឹងការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាថា​កម្ពុជា​មិនចូលរួមកិច្ចប្រជុំកំពូលដើម្បី​សន្តិភាព​អ៊ុយក្រែន(Global Peace Summit)នោះ ឯកឧត្តម យឿន យឿត ​បានលើកឡើងថា ការសម្រេច​របស់រាជរដ្ឋាភិបាលកម្ពុជានេះគឺពិតជាត្រឹមត្រូវ ហើយស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលមិនចូលរួមក្នុងសម្ព័ន្ធភាពណាមួយ ដើម្បីប្រឆាំងប្រទេសមួយផ្សេងទៀតនោះដែរ។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ​និងជាប្រធានព្រឹទ្ធសភា ​បានប្រកាសថា កម្ពុជា​នឹង​មាន​កំហុស​ធ្ងន់ធ្ងរ​ប្រសិនបើកម្ពុជា​សម្រេចទៅ​ចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន ដែលនឹងធ្វើឡើង នាថ្ងៃទី១៥ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។ ការដែលសម្តេចលើកឡើង​យ៉ាងដូច្នេះគឺ​ដោយសារតែកិច្ច​ប្រជុំនេះ​គ្មាន​វត្តមានភាគីសំខាន់គឺប្រទេសរុស្ស៊ី។ មួយវិញទៀតវានឹងក្លាយទៅជាកំហុសដ៏ធ្ងន់ធ្ងរ និងក្លាយ​ទៅជាការ​ប្រមាថ​មួយចំពោះនយោបាយការបរទេស​របស់កម្ពុជា ប្រសិនបើកម្ពុជា​សម្រេច​ទៅចូលរួមកិច្ចប្រជុំកំពូលដើម្បីសន្តិភាពរបស់ អ៊ុយក្រែននេះ។ទាក់ទង​នឹងកិច្ចប្រជុំខាងលើនេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា កុំព្យាយាមទម្លាក់កំហុសឲ្យចិន ខណៈដែលកម្ពុជាមិនចូលរួមក្នុងសន្និសីទ ដើម្បី​សន្តិភាពនៅអ៊ុយក្រែន និងសូម​បញ្ឈប់​ការភ្ជាប់កម្ពុជា​ទៅក្នុង​ល្បែងភូមិសាស្រ្ត​នយោបាយ​ប្រឆាំងទៅ នឹងប្រទេសចិនផងដែរ៕អត្ថបទបាន ចក់

អ្នកវិភាគ៖ របាយការណ៍របស់អង្គការសង់ត្រាល់ មិនឆ្លុះបញ្ចាំងពីការពិតដោយការសិក្សា​មានភាព​លម្អៀង និងគ្មានភាពតំណាង

2024/06/08 11:55:30 am        211
អ្នកស្រាវជ្រាវបញ្ហាសង្គម និងអ្នកវិភាគនៅកម្ពុជា អះអាងថា​ របាយការណ៍របស់​អង្គការ​សង់ត្រាល់​មិនឆ្លុះបញ្ចាំងពីការពិតនៃវិស័យការងារនៅកម្ពុជាឡើយ ដោយសារការស្រាវជ្រាវ និងជួប​សម្ភាសន៍សហជីពបានចំនួនតិចពេកដែលគ្មានភាពតំណាងគ្រប់គ្រាន់ និងមាន​ចិរិត​លម្អៀង។ លោកបណ្ឌិតឈត ប៊ុនថង អ្នកទស្សន:វិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​គូស​បញ្ជាក់ថា របាយការណ៍របស់អង្គការ​សង់ត្រាល់​ដែល​សម្ភាស​ន៍​ត្រឹម​អ្នក​តំណាង​សហជីព​១០​ មិនអាចមានភាពតំណាងឱ្យសហជីព៦ពាន់នៅកម្ពុជាឡើយ។លោកបណ្ឌិតថ្លែងថា «ធម្មតាការអះអាង ឬក៏របាយការណ៍មួយ បើសិនជាមានការ​ស្រាវជ្រាវ​ល្អិតល្អន់​វាគ្រាន់បើបន្តិច បើសិនជាតិចហើយស្រាវជ្រាវមិនបានល្អិតល្អន់ទៀត ឬមួយក៏មាន​ទំនោរ​ទៅ​រកនយោយបាយ ឬទស្សនៈណាមួយទៀត អាហ្នឹងធ្វើឱ្យកាន់តែឃ្លាតពីការពិត ឃ្លាត​ពី​សច្ចភាពហើយ»។ ដោយឡែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ បានមើលឃើញថា របាយការណ៍របស់​សង់ត្រាល់​ធ្វើ​ឡើង​ទៅ​តាម​ចំណុច​ដែល​ខ្លួនចង់បានដោយមិនបានបង្ហាញពីទិដ្ឋភាពទាំងមូល នៃស្ថានភាពសហជីព​នៅកម្ពុជា​ដែល​ធ្វើ​ឱ្យ​គ្រប់ភាគីមិនអាចទទួលយកបាន។ លោកបណ្ឌិត យង់ ពៅ ៖«យើងមិនអាចប្រើទម្រង់ផ្សេងគ្នា ហើយចេញរបាយការណ៍ផ្សេងគ្នា តាម​មុំនីមួយៗដែលខ្លួនចង់បាន ហើយទៅជាដាក់បន្ទុកទៅដល់សង្គមការងារ ទៅដល់​ការងារ​សហជីព​នៅ​កម្ពុជា ដែលមើលទៅវាប៉ះពាល់រូបថតនយោបាយទៅវិញ»។សម្រាប់លោកបណ្ឌិត មុនចេញរបាយការណ៍អង្គការសង់ត្រាល់គួរតែមានការផ្ទៀងផ្ទាត់ផ្គូផ្គងគ្នា អំពីចំណុចខ្វះខាត និងចំណុចដែលត្រូវបំពេញបន្ថែម ដើម្បីឱ្យ​របាយការណ៍​ដែល​ចេញ​ទៅ​អាច​ទទួល​យក​បានទាំងអស់គ្នា ហើយមានគុណតម្លៃសម្រាប់ទាំងអស់គ្នា ព្រមទាំងមាន​ស្ថេរភាព​ក្នុង​វិស័យ​ពលកម្ម រោងចក្រនៅកម្ពុជាដែលមានគុណតម្លៃក្នុងការទាក់ទាញវិនិយោគសម្រាប់កម្ពុជា និង​ធានាស្ថេរភាពទាំងឡាយនៃសណ្តាប់ធ្នាប់សង្គម និងការវិនិយោគជាដើមផងដែរ”។ សូមបញ្ជាក់ថា អង្គការសង់ត្រាល់ បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ដែលបានសម្ភាសន៍តំណាងសហជីពមកពីកន្លែងការងារចំនួនតែ១០ក្នុងចំណោមកន្លែង​ការងារចំនួន ១៤ ហើយវាយតម្លៃលើស្ថានភាពសហជីពនៅកម្ពុជាទាំងមូល និង​បាន​យក​ទៅ​វាយ​ប្រហាទៅ​លើរបាយការណ៍​ភាពអនុលោម​តាមច្បាប់​នៃ​កម្មវិធីរោងចក្រ​កាន់​តែប្រសើរ​នៅ​កម្ពុជា(BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO)។ គួរបញ្ចាក់ថា របាយការណ៍នៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC) ដែល​ត្រូវបា​នផ​លិ​តដោយ​អង្គការ ILO គឺជារបាយការណ៍មានទម្ងន់ និងភាពគួរជាទីជឿជាក់​យ៉ាងខ្លាំង​នៅ​ក្នុង​សង្វៀន​សហជីព។ក្នុងនាមជាផ្នែកមួយនៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា របស់អង្គការអន្តរជាតិខាងការងារ (ILO) សកម្មភាពស្នូលមួយរបស់ BFC គឺធ្វើការពិនិត្យលើភាពអនុលោមតាមច្បាប់របស់​រោងចក្រ​វាយ​នភណ្ឌ សម្រាប់ការនាំចេញធៀប​ជាមួយស្ដង់ដាការងារ​អន្តរជាតិ ដើម្បី​ផ្ដល់​ជាមូលដ្ឋាន​ព័ត៌មានសម្រាប់ម៉ាកយីហោ និងអ្នកបញ្ជាទិញស្ដីពីលក្ខខណ្ឌការងារនៅក្នុងរោងចក្រនីមួយៗ។ បច្ចុប្បន្ន BFC វាយតម្លៃលើលក្ខខណ្ឌការងារក្នុងរោងចក្រចំនួន ៧០៣ រោងចក្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជាដែលជួលកម្មករនិយោជិតប្រមាណ ៦៥១ ០០០ នាក់ឱ្យធ្វើការងារ៕

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ធ្វើលិខិតសូមទោសសម្តេចធិបតី ហ៊ុន ម៉ាណែត

2024/06/08 07:50:24 am        144
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានធ្វើលិខិតគោរពសូមទោសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានធ្វើឲ្យប៉ះពាល់ដល់​កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិ​របស់រាជរដ្ឋាភិបាល។

មេបញ្ជាការយោធាស៊ូដង់ ប្តេជ្ញាប្រយុទ្ធជាមួយកងកម្លាំងយោធាប៉ារ៉ា រហូតដល់ទីបញ្ចប់

2024/06/07 02:10:53 pm        150
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអធិបតេយ្យភាព បានឲ្យដឹងថា អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) លោក Abdel Fattah Al-Burhan កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា កងទ័ពនឹងប្រយុទ្ធជាមួយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) រហូតដល់ទីបញ្ចប់។ លោក Al-Burhan ដែលជាប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលរបស់ប្រទេសស៊ូដង់ បានលើកឡើងដូច្នេះ នៅពេលថ្លែងសុន្ទរកថាទៅកាន់កងពលទ័ពជើងគោកទី ១៨ របស់កងទ័ពនៅទីក្រុង Kosti ក្នុងរដ្ឋ វ៉ាយ ណៃ(White Nile)។លោក Al-Burhan បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា យើងនឹងប្រយុទ្ធប្រឆាំងជាមួយកងជីវពលកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) ជាក្រុមភេរវករ រហូតដល់ទីបញ្ចប់ ទោះបីជាយើងនៅសល់ទាហានចុងក្រោយតែម្នាក់ក៏ដោយ។ ទន្ទឹមនឹងនេះ មេបញ្ជាការយោធារូបនេះ បានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះ «ឧក្រិដ្ឋកម្មរបស់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF)» នៅក្នុងភូមិ Wad Al-Noura ក្នុងរដ្ឋ Gezira ដោយនិយាយសំដៅទៅលើការវាយប្រហាររបស់កងកម្លាំង RSF កាលពីពេលមុន ដែលបានសម្លាប់ជនស៊ីវិលជាងមួយរយនាក់។ការប៉ះទង្គិចគ្នាដោយហិង្សា កាលពីពេលថ្មីៗនេះ បាននិងកំពុងផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) នៅរដ្ឋធានី Khartoum និងនៅ Gezira នៅភាគកណ្តាលប្រទេសស៊ូដង់ ព្រមទាំងនៅរដ្ឋវ៉ាយ ណៃ(White Nile) និងនៅទីក្រុង Darfur ។ការកើនឡើងនេះ គឺជាផ្នែកមួយនៃជម្លោះកាន់តែធំ រវាងភាគីទាំងពីរ នៅទូទាំងប្រទេសស៊ូដង់ ចាប់តាំងពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ ដែលរហូតមកដល់ពេលនេះ បានឆក់យកជីវិតមនុស្ស ១៥.៥៥០នាក់ និងបានជម្លៀសប្រជាជនជាង ៨,៨ លាននាក់នៅទូទាំងប្រទេស នេះបើយោងតាមការប៉ាន់ប្រមាណដោយការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ប៉ុន្តែតួលេខនេះ ពុំបានរាប់បញ្ចូលអ្នកស្លាប់ចុងក្រោយ ដែលត្រូវបានរាយការណ៍នោះទេ។

អេស្ប៉ាញ នឹងចូលរួមសំណុំរឿងរបស់អាហ្វ្រិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍

2024/06/07 02:07:00 pm        126
កាលពីថ្ងៃព្រហស្បតិ៍ អេស្បាញបានក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលស្នើសុំតុលាការអង្គការសហប្រជាជាតិសម្រាប់ការអនុញ្ញាតឲ្យចូលរួមក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា។អាហ្រ្វិកខាងត្បូង បានដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិកាលពីចុងឆ្នាំមុន។ ពាក្យបណ្តឹងនោះ បានចោទប្រកាន់ថា អ៊ីស្រាអែល កំពុងបំពានលើអនុសញ្ញាប្រល័យពូជសាសន៍ ក្នុងការវាយលុកផ្នែកយោធារបស់ខ្លួន ដែលបានបណ្តាលឲ្យតំបន់ហ្កាហ្សារងការខូចខាតស្ទើរតែទាំងស្រុង។តុលាការ បានបញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយលុកយោធារបស់ខ្លួនភ្លាមៗ នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្កាហ្សា និងបានបញ្ជាឲ្យមានបទឈប់បាញ់សម្រាប់ទឹកដីនេះ។ អ៊ីស្រាអែល មិនបានអនុវត្តតាម ហើយមិនបង្ហាញសញ្ញានៃការធ្វើដូច្នេះទេ។នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បាននិយាយបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បានធ្វើសេចក្តីប្រកាសថា «មិនគួរមានការងឿងឆ្ងល់ទេថា អេស្ប៉ាញ នឹងនៅតែស្ថិតនៅផ្នែកដ៏ត្រឹមត្រូវនៃបញ្ហានេះ»។ប្រទេសម៉ិកស៊ិក កូឡុំប៊ី នីការ៉ាហ្គ័រ លីប៊ី និងប៉ាឡេស្ទីន កំពុងរង់ចាំតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ផ្តល់ការយល់ព្រមចំពោះសំណើរបស់ពួកគេ ដើម្បីចូលរួមសំណុំរឿងនេះ។អ៊ីស្រាអែលបដិសេធថា ខ្លួនមិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅក្នុងប្រតិបត្តិការយោធារបស់ខ្លួនដើម្បីកម្ទេចក្រុមហាម៉ាស ដែលបង្កឡើងដោយការវាយប្រហារដ៏សាហាវរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា នៅប្រទេសអ៊ីស្រាអែលភាគខាងត្បូងទេ។

មហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតជ្រើសរើសអតីតមេដឹកនាំកាមេរូន ជាប្រធានថ្មី

2024/06/07 02:03:05 pm        168
មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតជ្រើសរើសអតីតនាយករដ្ឋមន្ត្រីប្រទេសកាមេរូន លោក Philemon Yang ជាប្រធានបន្ទាប់របស់ខ្លួន។ អាណត្តិរយៈពេលមួយឆ្នាំរបស់លោក នឹងចាប់ផ្តើមនៅខែកញ្ញា។ នៅក្នុងសុន្ទរកថា កាលពីថ្ងៃព្រហស្បតិ៍ លោក Yang បាននិយាយថា ភាពតានតឹងភូមិសាស្ត្រនយោបាយ នៅតែបន្តជំរុញការមិនទុកចិត្តគ្នាក្នុងចំណោមរដ្ឋ និងបង្កើនការប្រកួតប្រជែងសព្វាវុធ។ លោកបាននិយាយថា ជម្លោះកំពុងកើនឡើងនៅក្នុងតំបន់ជាច្រើននៃពិភពលោក ដោយមានចំនួនជនស៊ីវិលស្លាប់យ៉ាងច្រើន ហើយករណីនៅតំបន់ហ្កាហ្សា និងនៅអ៊ុយក្រែន គឺជាគំរូដ៏ឈឺចាប់បំផុត ទាក់ទងទៅនឹងជម្លោះ។មហាសន្និបាត បានបោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្ត្រៃយ៍ចំនួនប្រាំរូបនៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិរយៈពេលពីរឆ្នាំ ចាប់ពី ខែមករា ឆ្នាំ ២០២៥។ ប្រទេសដាណឺម៉ាក ក្រិក ប៉ាគីស្ថាន ប៉ាណាម៉ា និងប្រទេសសូម៉ាលី ត្រូវបានបោះឆ្នោតជ្រើសរើសពីបេក្ខជន ដែលតំណាងឱ្យតំបន់នីមួយៗ នៅលើពិភពលោក។ ប្រទេសប៉ាគីស្ថាន នឹងជំនួសប្រទេសជប៉ុន ជាអ្នកតំណាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅឆ្នាំក្រោយ។មហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ បន្តស្វែងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាប្រឈមមុខដាក់គ្នាកាន់តែជ្រៅ និងភាពខ្វែងគំនិតគ្នា ក្នុងពេលការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន និងការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

អ្នកនយោបាយស្លូវ៉ាគី នៅតែខ្វែងគំនិតគ្នាយ៉ាងជូរចត់ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី

2024/06/07 01:15:48 pm        158
ការសម្រាករយៈពេលខ្លីនៃភាពតានតឹងនយោបាយ ដែលកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) ត្រូវបានបាញ់ប្រហារចំនួនបួនគ្រាប់ កាលពីខែមុន បានផ្ដល់ចំណុចចាប់ផ្ដើមសម្រាប់ល្បែងនយោបាយបន្ទោសគ្នាទៅមកដ៏កាន់តែជូរចត់។ អ្នកនយោបាយនៅក្នុងប្រទេសដ៏តូចមួយនៅអឺរ៉ុបខាងកើតនេះ នៅតែខ្វែងគំនិតគ្នា និងមានភាពតានតឹង មួយសប្តាហ៍បន្ទាប់ពីលោក ហ្វីកូ បានចាកចេញពីមន្ទីរពេទ្យ។ការប៉ុនប៉ងធ្វើឃាតលើមេដឹកនាំស្លូវ៉ាគី នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៣០ ឆ្នាំរបស់ប្រទេស ហើយជាលើកដំបូងនៅលើទ្វីបក្នុងរយៈពេលជាង ២ ទសវត្សរ៍។ សម្រាប់មនុស្សជាច្រើន ការវាយប្រហារថ្ងៃទី១៥ ខែឧសភា នោះបានបង្កប់នូវស្នាមរបួសដ៏ជ្រៅនៃកំណើនភាពខ្វែងគំនិត ដែលបានញាំញីប្រទេសស្លូវ៉ាគី អស់រយៈពេលជាច្រើនឆ្នាំ។ ក្រុមអាជ្ញាធរបាននិយាយថា ការបាញ់ប្រហារនេះមានហេតុផលនយោបាយ។ ជនល្មើសដែលត្រូវបានកំណត់អត្តសញ្ញាណដោយប្រព័ន្ធផ្សព្វផ្សាយស្លូវ៉ាគី ថាជាអ្នកនិពន្ធកំណាព្យ ឈ្មោះ ជូរ៉ាច ស៊ីនទូឡា (Juraj Cintula) វ័យ ៧១ ឆ្នាំ មានប្រវត្តិនយោបាយមិនប្រក្រតី ដោយគាំទ្រគណបក្សជាច្រើននៅក្នុងប្រទេស។ ការប៉ុនប៉ងធ្វើឃាតលើលោក ហ្វីកូ បានកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់លោកព្យាយាមជំរុញការផ្លាស់ប្តូរដ៏ចម្រូងចម្រាសជាច្រើន ដូចជាការបិទការិយាល័យរដ្ឋអាជ្ញាពិសេសរបស់ប្រទេសស្លូវ៉ាគី ដែលស៊ើបអង្កេតអំពើពុករលួយកម្រិតខ្ពស់ និងការគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។ ក្រុមអ្នកជំនាញបាននិយាយថា វិធានការបែបនោះនឹងកាន់តែធ្វើឱ្យការខ្វែងគំនិតគ្នាកាន់តែស៊ីជម្រៅប៉ុណ្ណោះ។ មួយខែមុនការធ្វើឃាតនោះ លោក ហ្វីកូ បានរិះគន់អ្នកសារព័ត៌មាន និងក្រុមប្រឆាំងរបស់ប្រទេសស្លូវ៉ាគី ដោយចោទពួកគេពីការផ្សព្វផ្សាយភាពស្អប់ខ្ពើម និងព្យាករណ៍យ៉ាងឃោរឃៅថា នោះអាចនាំទៅដល់ការសម្លាប់ឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាល៕

អាណត្តិទីបីរបស់លោក Modi មើលឃើញទំនាក់ទំនងការពារជាតិឥណ្ឌា កាន់តែជិតស្និទ្ធជាមួយអាមេរិក

2024/06/07 01:12:14 pm        120
បន្ទាប់ពីការប្រកាសជ័យជម្នះក្នុងការបោះឆ្នោតរបស់ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) បានផ្តល់ព័ត៌មានលម្អិតមួយចំនួនអំពីរបៀបវារៈសម្រាប់អាណត្តិទី៣ របស់ខ្លួន ដោយគូសបញ្ជាក់ថាលោកនឹងបន្តផ្តោតលើការបង្កើនការត្រៀមខ្លួន និងកម្លាំងយោធារបស់ប្រទេស។នោះគួរតែក្លាយជាដំណឹងល្អសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់ខ្លួន ខណៈដែលពួកគេផ្តោតកាន់តែខ្លាំងលើការទប់ទល់ការទាមទារសិទ្ធិដែនសមុទ្រដែលកំពុងកើនឡើងរបស់ចិន និងអាកប្បកិរិយាអះអាងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។លោក ម៉ូឌី បានប្រាប់អ្នកគាំទ្រនៅទីស្នាក់ការកណ្តាលរបស់គណបក្សបន្ទាប់ពីលទ្ធផលបោះឆ្នោតថា «រដ្ឋាភិបាលនឹងផ្តោតលើការពង្រីកការផលិត និងការនាំចេញការពារជាតិ»។ លោកបាននិយាយអំពីផែនការរបស់ខ្លួនក្នុងការបង្កើនសន្តិសុខ ដោយកាត់បន្ថយការពឹងផ្អែករបស់ឥណ្ឌា លើការនាំចូលអាវុធ ហើយថាឥណ្ឌានឹងមិនឈប់នោះទេ រហូតទាល់តែវិស័យការពារជាតិមានភាពគ្រប់គ្រាន់ដោយខ្លួនឯង»។កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឥណ្ឌា ជាមួយសហរដ្ឋអាមេរិក បានពង្រីកយ៉ាងខ្លាំងក្រោមការដឹកនាំរបស់លោក ម៉ូឌី ជាពិសេសតាមរយៈក្រុមសន្តិសុខចតុភាគីប្រទេស ឬហៅថា ក្វាដ (Quad) ដែលរួមមានអូស្ត្រាលី និងជប៉ុន។ ជំហាននេះជាប្រយោជន៍ពីរផ្លូវ ដោយទីមួយផ្តល់ឱ្យសហរដ្ឋអាមេរិក នូវដៃគូដ៏រឹងមាំនៅជិតប្រទេសចិន ដែលទីក្រុងវ៉ាស៊ីនតោន បានហៅថាជា «មានការប្រកួតប្រជែងក្នុងល្បឿនដ៏លឿន» របស់ខ្លួន និងទីពីរគឺពង្រឹងភាពជឿជាក់លើវិស័យការពារជាតិរបស់ឥណ្ឌា ប្រឆាំងនឹងគូប្រជែងដ៏មានឥទ្ធិពល៕

សម្តេចធិបតី៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតត្រូវមានដែនកំណត់មួយដោយគិតគូរពីសីលធម៌ និងតម្លៃសង្គម

2024/06/07 12:50:54 pm        160
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅលើទឹកដីខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការចាប់យក និងប្រើប្រាស់បញ្ញាសិប្បនិម្មិត គឺត្រូវមានដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ភាពចាំបាច់ ដែលជាការអភិវឌ្ឍ វិស័យវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និង នវានុវត្តន៍ គឺមានមូលដ្ឋានដែល «យកប្រជាជនជាស្នូល»។ ប្រទេសទាំងអស់ ពិតជាមានសិទ្ធិនៅក្នុងការទាញប្រយោជន៍ពីវឌ្ឍនភាពនៃបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនេះក៏ត្រូវមាន​ការ​ទទួលខុសត្រូវនៅក្នុងការធានាតុល្យភាព និង​ ធានានូវអត្ថប្រយោជន៍ ដែលបច្ចេកវិទ្យា​អាចបម្រើដល់​មនុស្សជាតិផងដែរ។សម្តេចធិបតី ថ្លែងថា ការចាប់យក និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវមានដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម។ សាធារណជនទូទៅបានសម្ដែងការ ភ័យខ្លាច និងការព្រួយ​បារម្ភរួចទៅហើយថា សិទ្ធិ និងឯកជនភាពរបស់ពួកគេ អាចនឹងត្រូវបានរំលោភបំពាន ដោយ​សមត្ថភាព​ដ៏ខ្លាំងសម្បើមនៃកម្មវិធីដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត។ក្នុងឱកាសនោះ ​សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ចាប់តាំងពីការបង្កើតអាស៊ាននៅឆ្នាំ ១៩៦៧ មក មានការរីកចម្រើនគួរឱ្យកត់សម្គាល់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសហគមន៍របស់អាស៊ានទាំងមូល។ ក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្កើតជាមូលដ្ឋានគ្រឹះលើគ្រប់របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អាស៊ានមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងផែនការអនុវត្តនៃផែនការសកម្មភាពអាស៊ានស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០១៦-២០២៥ ដែលផែនការនេះបង្ហាញពីជំហាន និងគោលដៅសំខាន់ៗ ដើម្បីសម្រេចឱ្យបាននូវការបង្កើតអាស៊ានរីកចម្រើនអាស្រ័យលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នាពេលបច្ចុប្បន្ន អាស៊ានកំពុងធ្វើការរួមគ្នាដើម្បីបង្កើតផែនការយុទ្ធសាស្ត្របន្ទាប់​សម្រាប់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍សម្រាប់ឆ្នាំ ២០២៦-២០៣៥។ កិច្ចខិតខំប្រឹងប្រែងនេះពាក់ព័ន្ធ​នឹងកិច្ចខិតខំប្រឹងប្រែងសហការជាមួយរដ្ឋជាសមាជិក និងដៃគូសន្ទនាទាំងអស់ ដើម្បីបង្កើតផែនទី​បង្ហាញផ្លូវយុទ្ធសាស្ត្រ ដើម្បីឈានដល់កម្រិតថ្មីមួយ នៃតម្រូវការសេដ្ឋកិច្ច និងសង្គមក្នុងតំបន់​មួយទៀត។ ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាភិបាលរបស់គណៈកម្មាធិការអាស៊ានស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​ជ្រើសរើសទិសដៅអាទិភាព ដែលបន្ទាប់មកត្រូវបានអនុម័ត​ដោយរដ្ឋមន្ត្រី​អាស៊ានផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump
04/02/2026 08:04 PM
ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
04/02/2026 08:04 PM
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
04/02/2026 08:04 PM
នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
04/02/2026 08:04 PM
លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
04/02/2026 08:04 PM
ក្រុមឧទ្ទាមហ៊ូធីសម្របសម្រួលជាមួយអ៊ីរ៉ង់ ប៉ុន្តែនៅតែរក្សាឯករាជ្យភាព បើទោះបីជាមានសង្រ្គាមក៏ដោយ
04/02/2026 08:04 PM
ប្រទេសចំនួន ៨ ថ្កោលទោសចំពោះទោសប្រហារជីវិតរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន
04/02/2026 08:04 PM
តំបន់ភាគកណ្តាល និងភាគខាងត្បូងអ៊ីតាលី រងការវាយប្រហារដោយព្យុះព្រិល និងអាកាសធាតុអាក្រក់
04/02/2026 08:04 PM
មនុស្សម្នាក់ស្លាប់ ក្រោយព្យុះវាយប្រហារប្រទេសក្រិកបង្កជាទឹកជំនន់ និងបង្អាក់ការធ្វើដំណើរ
04/02/2026 08:04 PM
ស្ថានទូសហរដ្ឋអាមេរិក ព្រមានពីលទ្ធភាពនៃការវាយប្រហារជីវពលសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់
04/02/2026 08:04 PM