គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី៖ ក្រុងអង្គរជាភស្តុតាងជាក់ស្តែងប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសាងអច្ឆរិយៈពិភពលោក

2024/06/07 12:40:24 pm        100
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ទីក្រុងអង្គរ គឺជាភស្តុតាងជាក់ស្តែងនៃការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីកសាងអច្ឆរិយៈពិភពលោក និង ប្រាង្គប្រាសាទដ៏អស្ចារ្យជាច្រើន ដែលនៅបន្តគង់វង្សអស់រយៈកាល ១០០០ ឆ្នាំ ហើយក៏នឹងនៅតែបន្តស្ថិតស្ថេរតទៅអនាគតខាងមុខសម្រាប់មនុស្សជាតិទាំងមូល។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ ដែលរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានសេចក្តីសោមនស្ស ដែលបានចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើកទី ២០ (AMMSTI-20) ដែលកម្ពុជាធ្វើជាប្រធានលើផ្នែកនេះនៅ ក្នុងឆ្នាំ២០២៤ ហើយសម្ដេចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានមកកាន់ទីក្រុងអង្គរដែលជាទីក្រុងបុរាណដ៏ស្រស់ស្អាតរបស់របស់កម្ពុជា។សម្តេចធិបតី បញ្ជាក់ថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជានិច្ចកាល គឺជាសសរស្តម្ភដ៏សំខាន់ដែលទ្រទ្រង់វឌ្ឍនភាពរបស់មនុស្សជាតិ, ជួយផ្ដល់ជាដំណោះស្រាយផ្សេងៗ, ធ្វើឱ្យជីវិតរបស់យើងកាន់តែល្អប្រសើរ និង ងាយស្រួលជាងមុន, និងបានជួយពង្រីកវិសាលភាព និងលទ្ធភាពនៃការគ្រប់គ្រងរបស់មនុស្សជាតិទៅលើសង្គម, ធម្មជាតិ និងភពផែនដីផងដែរ។សូមជម្រាបថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមិថុនានេះ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមប្រធាន «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត»។ កិច្ចប្រជុំទាំងនេះបានក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់ ហើយក្នុងនាមជាប្រធានប្តូរវេន កម្ពុជាប្តេជ្ញាជំរុញការបង្កើនសមត្ថភាពផ្នែកវិទ្យាសាស្ត្ររបស់អាស៊ាន និងលើកកម្ពស់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) មានអត្ថប្រយោជន៍ខ្លាំងតែកុំប្រើខុសគោលដៅ

2024/06/07 12:25:00 pm        137
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដែលដឹកនាំដោយឯកឧត្តម Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ប្រទេសព្រុយណេដារូសាឡឹម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ក្នុងឱកាសនៃជំនួប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅខេត្តសៀមរាប ដែលជាទីក្រុងវប្បធម៍របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំអនាគតដ៏រុងរឿង។ ជាមួយគ្នានេះ សម្តេចធិបតី មានប្រសាសន៍ថា បច្ចេកវិទ្យាមានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើនូវមុខងារឱ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ ហើយមុខងារ និងគោលបំណងទាំងអស់នោះត្រូវកំណត់ឡើងដោយមនុស្ស។ ដោយឡែកសម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ អាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំងមូល រួមមានបញ្ហាដូចជា បទល្មើសបច្ចេកវិទ្យា (cybercrime) សន្តិសុខសាយប័រ (Cybersecurity) និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលនេះសុទ្ធតែបណ្ដាលមកពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។ បន្ថែមលើនេសម្តេចធិបតី បានលើកឡើងថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់មានសារៈសំខាន់ សម្រាប់អនុញ្ញាតឱ្យប្រទេសជាតិ ទទួលបានអត្ថប្រយោជន៍ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យបានរុងរឿងបន្ថែមទៀត តាមរយ:ការចូលរួមពីបច្ចេកវិទ្យា។ មុននឹងបញ្ចប់ សម្តេចធិបតី បានលើកទឹកចិត្តដល់ប្រទេសអាស៊ានទាំងអស់ រួបរួមគ្នាធ្វើការជាមួយគ្នា ហើយចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យបច្ចេកវិទ្យាអាចបំពេញតួនាទីបានល្អប្រសើរ។ ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរគណៈប្រតិភូទាំងអស់ ឱ្យទទួលបានការស្នាក់នៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយក្តីរីករាយ និងទទួលបានជោគជ័យក្នុងកិច្ចប្រជុំប្រកបផ្លែផ្កា៕

ការបោះឆ្នោតសហភាពអឺរ៉ុប បានចាប់ផ្តើមជាមួយនឹងការប្រជែងដ៏ស្វិតស្វាញនៅហូឡង់

2024/06/07 12:16:33 pm        105
អ្នកបោះឆ្នោតហូឡង់ បានចាប់ផ្តើមការបោះឆ្នោតរយៈពេល ៤ ថ្ងៃនៅទូទាំងសហភាពអឺរ៉ុប ជាមួយនឹងការស្ទង់មតិបង្ហាញពីការប្រកួតប្រជែងដ៏តឹងតែងរវាងសម្ព័ន្ធភាពបៃតងឆ្វេងនិយម និងគណបក្សប្រជានិយមប្រឆាំងនឹងសាសនាអ៊ីស្លាមរបស់នាយករដ្ឋមន្រ្តីជាប់ឆ្នោតថ្មី លោក ហ្គឺត វីលឌឺស (Geert Wilders)។ គណបក្សស្តាំនិយម និងស្តាំជ្រុលនិយម ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងអាចទទួលបានការគាំទ្រយ៉ាងច្រើននៅក្នុងរដ្ឋជាសមាជិកចំនួន ២៧ របស់សហភាពអឺរ៉ុប ហើយក្នុងនោះការគាំទ្រដ៏ច្រើនហាក់ដូចជាបានកើតចេញពីប្រទេសហូឡង់។ទោះបីជាសម្ព័ន្ធភាពគណបក្ស ពលករបៃតង (Green-Labour) ត្រូវបានគេគិតថានឹងទទួលបានអាសនៈបន្ថែមទៀតនៅក្នុងសភាអឺរ៉ុប យោងតាមការស្ទង់មតិក៏ដោយ គណបក្សសេរីភាពរបស់លោក វីលឌឺស កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន។ នៅក្រោមច្បាប់អ៊ឺរ៉ុប លទ្ធផលចុងក្រោយមិនត្រូវបានចេញផ្សាយទេ រហូតដល់គ្រប់ប្រទេសទាំងអស់បានបោះឆ្នោតរួចនៅល្ងាចថ្ងៃអាទិត្យ (០៩ មិថុនា)។ ប្រជាជនអឺរ៉ុបប្រហែល ៣៧៣ លាននាក់មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រជាធិបតេយ្យដ៏ធំបំផុតទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា។សភាអឺរ៉ុបបន្ទាប់ នឹងមានអាសនៈចំនួន ៧២០ ដោយប្រទេសនីមួយៗមានអាសនៈសមាមាត្រទៅនឹងចំនួនប្រជាជនរបស់ពួកគេ។ អាល្លឺម៉ង់ មាន ៩៦ អាសនៈ បារាំង ៨១ អាសនៈ និងអ៊ីតាលី ៧៦ អាសនៈ ខណៈដែលហូឡង់មាន ៣១ អាសនៈ។ ប្រទេសអៀរឡង់ ម៉ាល់តា និងសាធារណរដ្ឋឆេក នឹងបោះឆ្នោតនៅថ្ងៃសុក្រ (០៧ មិថុនា) នេះ ហើយប្រទេសផ្សេងទៀតនៃសហភាពអឺរ៉ុប នឹងបោះឆ្នោតនៅចុងសប្តាហ៍។ការស្ទង់មតិរបស់ហូឡង់ ដែលបង្ហាញពីការប្រកួតប្រជែងដ៏ស្វិតស្វាញនោះ នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅទូទាំងទ្វីបអឺរ៉ុប សម្រាប់លទ្ធភាពនៃនិន្នាការដែលនឹងលេចឡើងនៅកន្លែងផ្សេងទៀតនៃទ្វីបនេះ ខណៈអ្នកបោះឆ្នោតជាច្រើនមានទំនោរបោះឆ្នោតទៅលើបញ្ហាជាតិ ដូចគ្នាទៅនឹងទំនោរបោះឆ្នោតលើបញ្ហាគោលនយោបាយអឺរ៉ុប៕

លោក Biden នឹងមិនលើកលែងទោសឲ្យកូនប្រុសរបស់លោកឡើយ ជុំវិញបទចោទប្រកាន់ទាក់ទងនឹងអាវុធ

2024/06/07 10:54:14 am        245
បងថ្លៃស្រីរបស់លោក Hunter Biden បានផ្តល់សក្ខីកម្មនៅក្នុងការជម្រះក្តីបទព្រហ្មទណ្ឌរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកស្រី បានរកឃើញសំណល់កូកាអ៊ីន និងកាំភ្លើង នៅក្នុងរថយន្តរបស់លោក ដែលជាសក្តានុពលជំរុញសំណុំរឿងរបស់រដ្ឋអាជ្ញាដែលថាកូនប្រុសរបស់ប្រធានាធិបតី លោក Joe Biden បានបំពានច្បាប់ដែលរារាំងអ្នកប្រើប្រាស់គ្រឿងញៀនមិនឲ្យកាន់កាប់អាវុធ។កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា លោកនឹងមិនលើកលែងទោសដល់កូនប្រុសរបស់លោក លោក Hunter ប្រសិនបើត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទបំពានច្បាប់ដែលរារាំងអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ មិនឲ្យកាន់កាប់អាវុធ។គណៈវិនិច្ឆ័យក្នុងការជម្រះក្តីបទព្រហ្មទណ្ឌលើកដំបូង លើកូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្តាប់សក្ខីកម្មនៅសប្តាហ៍នេះ ពីសាក្សីរួមទាំងបងថ្លៃស្រីរបស់លោក អ្នកស្រី Hallie Biden ជាស្ត្រីមេម៉ាយ។ អ្នកស្រី បានប្រាប់គណៈវិនិច្ឆ័យថា អ្នកស្រី បានរកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងកាំភ្លើងខ្លីមួយដើម ក្នុងពេលសម្អាតរថយន្តរបស់លោក។លោក Hunter Biden បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទព្រហ្មទណ្ឌចំនួនបីករណី ដែលចោទប្រកាន់លោកថា ពុំបានបង្ហាញពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅពេលដែលលោកបានទៅទិញកាំភ្លើងខ្លីក្នុងឆ្នាំ២០១៨ និងបានកាន់កាប់អាវុធដោយខុសច្បាប់។ យោងតាមក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រសិនបើ លោក Hunter Biden ត្រូវបានកាត់ទោសលើបទចោទប្រកាន់ទាំងអស់ លោកអាចប្រឈមមុខទៅនឹងការជាប់ពន្ធនាគាររហូតដល់២៥ឆ្នាំ។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំអាមេរិក៖ សង្គ្រាមលើកោះតៃវ៉ាន់ នឹងមានផលវិបាកធ្ងន់ធ្ងរដល់ពិភពលោក

2024/06/07 10:50:35 am        204
ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅសហរដ្ឋអាមេរិក លោក ខេវីន រ៉ូដ (Kevin Rudd) បានព្រមាននៅក្នុងសុន្ទរកថាមួយថា ផលវិបាកជាសកលនៃសង្រ្គាមលើកោះតៃវ៉ាន់ នឹងខ្លាំងក្លាដូចឥទ្ធិពលនៃសង្គ្រាមលោកលើកទីពីរ ដែលធ្វើឱ្យពិភពលោក «ផ្លាស់ប្ដូរយ៉ាងខ្លាំង»។លោក រ៉ូដ បាននិយាយនៅក្នុងសុន្ទរកថានៅទីក្រុង ហូណូលូលូ (Honolulu) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ថា ប្រសិនបើប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលមានវ័យ ៧១ ឆ្នាំក្នុងខែនេះ ចង់សម្រេចបាន «ការបង្រួបបង្រួមជាតិចុងក្រោយ» ជាមួយកោះតៃវ៉ាន់ លោកទំនងជានឹងធ្វើសកម្មភាពក្នុងទសវត្សរ៍ក្រោយនេះ មុនពេលលោកឈានដល់វ័យ ៨០ ឆ្នាំ។ លោក រ៉ូដ បានបន្ថែមថា សកម្មភាពរបស់ចិន បែបណានោះនឹងអាស្រ័យលើការយល់ឃើញរបស់ខ្លួនចំពោះភាពរឹងមាំនៃការរារាំងរបស់សហរដ្ឋអាមេរិក។ចិន អះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីក្រសោបយកកោះនេះមកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ កោះតៃវ៉ាន់ ជំទាស់យ៉ាងខ្លាំងចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ហើយនិយាយថាមានតែប្រជាជនរបស់កោះនេះទេ ដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេបាន។ សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភអំពីសកម្មភាពយោធារបស់ចិន នៅជិតកោះតៃវ៉ាន់ រួមទាំងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់កោះនេះ និងការឡើងកាន់តំណែងរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) កាលពីខែមុន។ ចិន បានព្រមានអាមេរិក ថាមិនគួរលូកដៃចូលក្នុងកិច្ចការរបស់ចិន ជាមួយកោះតៃវ៉ាន់ឡើយ៕

ទីក្រុងប៉េកាំងជំទាស់ ក្រោយលោក Modi អរគុណមេដឹកនាំកោះតៃវ៉ាន់សម្រាប់សារអបអរការបោះឆ្នោត

2024/06/07 10:45:57 am        109
រដ្ឋាភិបាលក្រុងប៉េកាំងបានតវ៉ាប្រឆាំងនឹងការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌាទើបជាប់ឆ្នោត Narendra Modi ចំពោះសារអបអរសាទរពីមេដឹកនាំកោះតៃវ៉ាន់លោក វីលៀម ឡៃ ឆឹង-ទ័រ (William Lai Ching-te)និងបានជំរុញឱ្យទីក្រុង New Delhi ប្រុងប្រយ័ត្នចំពោះការឃុបឃិតខាងនយោបាយ របស់ទីក្រុងតៃប៉ិ (Taipei)។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទីក្រុងប៉េកាំង បានប្រឆាំងយ៉ាងម៉ឺងម៉ាត់រាល់ទម្រង់នៃការផ្លាស់ប្តូរជាផ្លូវការរវាងអាជ្ញាធរនៅតៃវ៉ាន់ និងប្រទេស ដែលមានទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំង។ លោកស្រី ម៉ៅ បាននិយាយថា ឥណ្ឌាបានប្តេជ្ញាចិត្តខាងនយោបាយដ៏ឧឡារិកមួយទាក់ទងនឹងគោលនយោបាយចិនតែមួយ ហើយគួរតែដឹង និងប្រុងប្រយ័ត្នប្រឆាំងនឹងការឃុបឃិតខាងនយោបាយដោយភាគីតៃវ៉ាន់។ កាលពីថ្ងៃពុធ សប្ដាហ៍នេះ លោក Lai បានបង្ហោះសារនៅលើបណ្ដាញសង្គម X អបអរសាទរលោក Modi ដែលបានឈ្នះការបោះឆ្នោតអាណត្តិទីបីរបស់លោក។ លោក Lai បាននិយាយថា លោកទន្ទឹងរង់ចាំការជំរុញកិច្ចសហប្រតិបត្តិការរវាងកោះតៃវ៉ាន់ និងឥណ្ឌាលើវិស័យដូចជាសេដ្ឋកិច្ច និងបច្ចេកវិទ្យាជាដើម។ នៅក្នុងការថ្លែងអំណរគុណចំពោះលោក Lai លោក Modi បានឆ្លើយតបថា លោកក៏ទន្ទឹងរង់ចាំ ទំនាក់ទំនងកាន់តែជិតស្និទ្ធដែរ ខណៈយើងធ្វើការឆ្ពោះទៅរកភាពជាដៃគូសេដ្ឋកិច្ច និងបច្ចេកវិទ្យាដែលបានផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក៕

ហ្វីលីពីន ចោទឆ្មាំល្បាតឆ្នេរចិន ថាបានរារាំងដល់ការជម្លៀសវេជ្ជសាស្ត្រនៅសមុទ្រចិនខាងត្បូង

2024/06/07 10:42:52 am        117
ឆ្មាំល្បាតឆ្នេរហ្វីលីពីន នៅថ្ងៃសុក្រ (០៧ មិថុនា) នេះ បានចោទប្រកាន់សមភាគីចិន ថាបានរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសសមាជិកកងកម្លាំងប្រដាប់អាវុធដែលមានជំងឺ នៅក្នុងសមុទ្រចិនខាងត្បូងដោយហៅការរំខាននោះថាជារឿង «ព្រៃផ្សៃ និងអមនុស្សធម៌»។ឧប្បត្តិហេតុ ដែលហ្វីលីពីននិយាយថាបានកើតឡើងកាលពីខែមុន ពាក់ព័ន្ធនឹងសមាជិកនៃកងម៉ារីនតូចមួយក្រុមដែលបានប្រតិបត្តិការដើម្បីការពារនាវា ប៊ីអាភី សៀរ៉ា ម៉ាដ្រេ (BRP Sierra Madre) ដែលជានាវាហ្វីលីពីន ចូលចតនៅដែនទឹកជម្លោះ សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាទីតាំងនៃការប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀតជាមួយចិន កាលពីឆ្នាំមុន។អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន លោក ជេយ តារៀលឡា (Jay Tarriela) បាននិយាយថា ឆ្មាំល្បាតឆ្នេរ និងទូកតូចៗរបស់កងទ័ពជើងទឹកត្រូវបានរំខានដោយនាវាចិន ទោះបីជាបានជូនដំណឹងដល់ពួកគេថា ប្រតិបត្តិការនេះគឺមានលក្ខណៈវេជ្ជសាស្រ្តក៏ដោយ។ ស្ថានទូតចិនប្រចាំហ្វីលីពីន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតកាលពីឆ្នាំមុន នៅជិតលក្ខណៈដែនទឹកជម្លោះដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងម៉ានីល។ ប្រទេសចិន តែងតែចោទប្រកាន់ហ្វីលីពីន ពីការទន្ទ្រានកាន់កាប់ ខណៈដែលទីក្រុងម៉ានីល និងសម្ព័ន្ធមិត្តបានរិះគន់នូវអ្វីដែលពួកគេហៅថាសកម្មភាពអរិភាពរបស់ទីក្រុងប៉េកាំង៕

រុស្ស៊ី និងចិន ជំទាស់នឹងអាមេរិក ជុំវិញសេចក្ដីសម្រេច UN ស្តីពីផែនការឈប់បាញ់ហ្កាហ្សា

2024/06/07 10:35:52 am        154
រុស្ស៊ី និងចិន ដែលកាន់អំណាចវេតូនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ជាមួយនឹងពង្រាងសេចក្ដីសម្រេចរបស់សហរដ្ឋអាមេរិក ដែលនឹងគាំទ្រសំណើមួយ ដែលគូសបញ្ជាក់ដោយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) សម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ក្រុមអ្នកការទូតនិយាយថា សមាជិកអារ៉ាប់តែមួយគត់របស់ក្រុមប្រឹក្សានេះ គឺអាល់ហ្សេរី ក៏បានបង្ហាញសញ្ញាថាខ្លួនមិនទាន់ត្រៀមដើម្បីគាំទ្រពង្រាងនេះដែរ។ សេចក្ដីសម្រេចមួយត្រូវការសំឡេងគាំទ្រយ៉ាងតិចប្រាំបួន ហើយគ្មានការវេតូពីសហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន ឬរុស្ស៊ី ដើម្បីអនុម័ត។លោក បៃដិន បានដាក់ចេញនូវផែនការបទឈប់បាញ់បីដំណាក់កាលសម្រាប់តំបន់ហ្កាហ្សា កាលពីមួយសប្តាហ៍មុន ដែលលោកបានពណ៌នាថាជាគំនិតផ្តួចផ្តើមរបស់អ៊ីស្រាអែល ហើយកំពុងស្វែងរកការគាំទ្រពីអន្តរជាតិចំពោះផែនការ ដែលក្រុមហាម៉ាស កំពុងតែសិក្សាមួយនេះ។ ពង្រាងដែលអាមេរិកដាក់ទៅក្រុមប្រឹក្សា UN ស្វាគមន៍សំណើបទឈប់បាញ់ ដោយពិពណ៌នាថាវា «អាចទទួលយកបាន» ចំពោះអ៊ីស្រាអែល ហើយ «អំពាវនាវឱ្យក្រុមហាម៉ាស ទទួលយក និងជំរុញឱ្យភាគីទាំងពីរអនុវត្តលក្ខខណ្ឌរបស់ខ្លួនឱ្យបានពេញលេញដោយមិនពន្យារពេល និងដោយគ្មានលក្ខខណ្ឌ»។ ប៉ុន្តែអ្នកការទូតនិយាយថា សមាជិកក្រុមប្រឹក្សាមួយចំនួនបានចោទជាសំណួរថាតើអ៊ីស្រាអែល ពិតជាបានទទួលយកផែនការនេះដែរឬទេ ហើយចង់ឱ្យក្រុមប្រឹក្សានេះប្រកាន់ខ្ជាប់នូវការទាមទារដែលបានធ្វើឡើងកាលពីខែមីនា ជំនួសវិញ សម្រាប់បទឈប់បាញ់ជាបន្ទាន់ និងការដោះលែងចំណាប់ថ្នូរទាំងអស់ដោយគ្មានលក្ខខណ្ឌ៕

លោក Trump នឹងដាក់ពន្ធលើប្រទេសនានា រួមទាំងចិន ជុំវិញការមិនទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់

2024/06/07 10:31:09 am        119
បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ថា លោកអាចនឹងដាក់ពន្ធលើប្រទេសនានា រួមទាំងប្រទេសចិន ដែលមិនទប់ស្កាត់លំហូរជនអន្តោប្រវេសន៍គ្មានឯកសារមកពីទឹកដីរបស់ពួកគេ ចូលទៅកាន់សហរដ្ឋអាមេរិក ប្រសិនបើលោកទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។ លោក Trump បាននិយាយដូច្នេះ នៅក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Arizona ខណៈឆ្លើយតបទៅនឹងសំណួររបស់អ្នកចូលរួម ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ពីទំហំនៃពន្ធ ដែលលោកនឹងដាក់ក្នុងសេណារីយ៉ូ បែបណានោះទេ។ នៅពេលត្រូវបានសួរអំពីវិធីដែលលោកនឹងទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ឆ្លងកាត់ចូលទៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ លោក Trump បាននិយាយថា យើងមានអំណាចសេដ្ឋកិច្ចយ៉ាងខ្លាំង។ លោក Trump និយាយថា ប្រសិនបើប្រទេសមួយ ដូចជាប្រទេសចិន មិនជួយទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ចូលទៅក្នុងសហរដ្ឋអាមេរិក យើងមានរឿងរ៉ាវទាំងនេះដែលហៅថា ការដាក់ពន្ធ។ លោក Trump បានព្រមានថា ប្រសិនបើប្រទេសផ្សេងៗ មិនជួយកាត់បន្ថយការធ្វើអន្តោប្រវេសន៍នោះទេ លោកអាចនឹងដាក់ពន្ធ ប្រសិនបើលោកជាប់ឆ្នោតជាថ្មី។ សន្តិសុខនៅព្រំដែន និងបញ្ហាអន្តោប្រវេសន៍ បានលេចចេញជាបញ្ហាចម្បង សម្រាប់ប្រជាជនអាមេរិក នៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ ដែលលោក Trump នឹងប្រឈមមុខជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងការប្រជែងឡើងវិញ នៃការដណ្តើមយកសេតវិមាន បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២០។ វាគឺជាព្រឹត្តិការណ៍យុទ្ធនាការលើកដំបូងរបស់លោក Trump ចាប់តាំងពីគណៈវិនិច្ឆ័យនៅទីក្រុង Manhattan កាលពីថ្ងៃទី៣០ ខែឧសភា បានរកឃើញថាលោកមានទោសលើបទចោទប្រកាន់ចំនួន៣៤ករណី ដែលលោកបានប្រឈមមុខទៅនឹងការក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ចំនួន ១៣០.០០០ដុល្លារ ដែលអតីតមេធាវីរបស់លោក គឺលោក Michael Cohen បានបង់ទៅឱ្យតារាភាពយន្តអាសអាភាស នាង Stormy Daniels មុនពេលការបោះឆ្នោតឆ្នាំ២០១៦ ដើម្បីឲ្យរក្សាភាពស្ងៀមស្ងាត់របស់នាង ជុំវិញការជួបទំនាក់ទំនងផ្លូវភេទដែលនាងបាននិយាយថា មានជាមួយលោក trump។ លោក Trump បានបដិសេធរាល់ការប្រព្រឹត្តខុសទាំងអស់ ហើយបានប្តេជ្ញាប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះ។ លោក Biden បានចេញក្រិតមួយ កាលពីថ្ងៃអង្គារ ដែលបង្កើតបម្រាមសិទ្ធិជ្រកកោនយ៉ាងទូលំទូលាយ លើជនអន្តោប្រវេសន៍ ដែលត្រូវចាប់ខ្លួនខណៈឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់។

សម្តេចធិបតី៖ ការជឿនលឿននូវបច្ចេកវិទ្យាបានផ្លាស់ប្តូរនូវមូលដ្ឋានឧស្សាហកម្ម និងទិដ្ឋភាពសង្គម

2024/06/07 09:33:23 am        121
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាគឺជានិច្ចកាលជាសរសរស្តម្ភដ៏សំខាន់ដែលទ្រទ្រង់វឌ្ឍនៈភាពរបស់មនុស្សជាតិ ហើយការជឿនលឿននូវបច្ចេកវិទ្យានេះ បានផ្លាស់ប្តូរនូវមូលដ្ឋានឧស្សាហកម្ម និងទិដ្ឋភាពសង្គមផងដែរ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅខេត្តសៀមរាប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិទ្យាសាស្រ្តបច្ចេកវិទ្យានេះ បានជួយផ្តល់ដំណោះស្រាយផ្សេងៗ បាន​ជួយឲ្យជីវិត របស់មនុស្សរស់នៅកាន់តែប្រសើរ ងាយស្រួលជាងមុន និងថែមទាំងជួយពង្រឹង​វិសាលភាពរបស់មនុស្សជាតិឲ្យកាន់តែល្អប្រសើរផងដែរ។នៅក្នុងឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងងដែរថា បច្ចេកវិទ្យា និងវិទ្យាសាស្រ្តបន្ត​វិវត្តន៍​ក្នុងល្បឿនយ៉ាងលឿន ហើយវាមានភាពចាំបាច់ដែលពិភពលោក​ត្រូវការ​ប្រើប្រាស់ និងត្រួតពិនិត្យឲ្យបានម៉ត់ចត់លើបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី ដែលវាអាច​មានលទ្ធភាព និង​ឥទ្ធិពល​កែប្រែពិភពលោក​ និងតម្រង់​ទិសវឌ្ឍនៈភាពនៃបច្ចេកវិទ្យា ដើម្បីឲ្យវាអាច​បម្រើគាំទ្រដល់បរិយាបន្ន និងភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធនជាដើម។ សម្តេចធិបតី បានបន្ថែមទៀតថា​ ការជួបជុំគ្នានាឱកាសនេះ គឺជាឱកាសមួយរួមគ្នា​សិក្សាឈ្វេងយល់​ពីប្រធានបទសំខាន់ៗ ​ពោលគឺការប្រើប្រាស់បញ្ញាសិប្បនិមិត្តដំណើរទៅអនាគត៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump
04/02/2026 08:04 PM
ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
04/02/2026 08:04 PM
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
04/02/2026 08:04 PM
នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
04/02/2026 08:04 PM
លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
04/02/2026 08:04 PM
ក្រុមឧទ្ទាមហ៊ូធីសម្របសម្រួលជាមួយអ៊ីរ៉ង់ ប៉ុន្តែនៅតែរក្សាឯករាជ្យភាព បើទោះបីជាមានសង្រ្គាមក៏ដោយ
04/02/2026 08:04 PM
ប្រទេសចំនួន ៨ ថ្កោលទោសចំពោះទោសប្រហារជីវិតរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន
04/02/2026 08:04 PM
តំបន់ភាគកណ្តាល និងភាគខាងត្បូងអ៊ីតាលី រងការវាយប្រហារដោយព្យុះព្រិល និងអាកាសធាតុអាក្រក់
04/02/2026 08:04 PM
មនុស្សម្នាក់ស្លាប់ ក្រោយព្យុះវាយប្រហារប្រទេសក្រិកបង្កជាទឹកជំនន់ និងបង្អាក់ការធ្វើដំណើរ
04/02/2026 08:04 PM
ស្ថានទូសហរដ្ឋអាមេរិក ព្រមានពីលទ្ធភាពនៃការវាយប្រហារជីវពលសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់
04/02/2026 08:04 PM