គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ពូទីន៖ លក្ខខណ្ឌនៅពុំទាន់រួចរាល់សម្រាប់ការបន្តកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន នៅឡើយ

2024/06/06 01:38:02 pm        62
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា លក្ខខណ្ឌនានានៅពុំទាន់រួចរាល់ សម្រាប់ប្រទេសរបស់លោក ក្នុងការបន្តការចរចាសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសជប៉ុននៅឡើយទេ។ លោកពូទីន បាននិយាយដូច្នេះ ទៅកាន់អ្នកតំណាងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ កាលពីថ្ងៃពុធ នៅខាងក្រៅវេទិកាសេដ្ឋកិច្ចនៅទីក្រុង សេន ភីធឺស្បើក។ រដ្ឋាភិបាលប្រទេសជប៉ុន រក្សាការប្ដេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដែនដីភាគខាងជើង និងបញ្ចប់សន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី។ រុស្ស៊ី គ្រប់គ្រងកោះចំនួនបួន ដែលប្រទេសជប៉ុន ក៏បានអះអាងសិទ្ធលើកោះទាំងនេះ។ រដ្ឋាភិបាលជប៉ុន អះអាងកោះទាំងនោះ ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសជប៉ុន និងបាននិយាយថា កោះទាំងនេះត្រូវបានកាន់កាប់ដោយខុសច្បាប់ក្រោយសង្គ្រាមលោកលើកទីពីរ។ លោក ពូទីន ពុំបានច្រានចោលការបន្តកិច្ចចរចានោះទេ ប៉ុន្តែ បានទទូចថា វានឹងកើតឡើងនៅពេលដែលលក្ខខណ្ឌចាំបាច់ទាំងអស់ត្រូវបានបំពេញ។ លោក និយាយថា ប្រទេសជប៉ុន បានប្រកាសថា ខ្លួនចូលរួមក្នុងការប៉ុនប៉ងដើម្បីសម្រេចយុទ្ធសាស្ត្រផ្តួលរុស្ស៊ី នោះហើយជាឧបសគ្គ ហើយប្រទេសជប៉ុន គួរតែផ្លាស់ប្តូរជំហររបស់ខ្លួនជាមុនសិន។ លោក និយាយកាលពី ខែមករា ថា លោក នឹងធ្វើដំណើរទស្សនកិច្ចជាលើកដំបូង ទៅកាន់កោះទាំងនោះ នៅថ្ងៃណាមួយ។ ប្រធានគណៈរដ្ឋមន្ត្រីជប៉ុន លោក Hayashi Yoshimasa បាននិយាយនៅក្នុងទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍នេះថា ការឆ្លើយតបរបស់រុស្ស៊ី គឺអយុត្តិធម៌ និងមិនអាចទទួលយកបានទាំងស្រុង។ លោក និយាយថា រដ្ឋាភិបាលជប៉ុន មិនអាចនិយាយអ្វីជាក់លាក់បានទេ ដោយសារតែទំនាក់ទំនងជប៉ុន-រុស្ស៊ី ស្ថិតក្នុងស្ថានភាពធ្លាក់ចុះខ្លាំង ដោយសារតែការវាយលុកលើអ៊ុយក្រែន ប៉ុន្តែខ្លួននឹងបន្តរក្សាគោលនយោបាយដោះស្រាយបញ្ហា និងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។លោក និយាយថា ប្រទេសជប៉ុន នឹងបន្តតាមដានស្ថានភាពដោយយកចិត្តទុកដាក់ និងឆ្លើយតបយ៉ាងសមស្រប។ ទីក្រុងមូស្គូ បាននិងកំពុងប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងប្រទេសជប៉ុន ចាប់តាំងពីរដ្ឋាភិបាលជប៉ុន រួមជាមួយបណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការឈ្លានពានលើអ៊ុយក្រែន។

អង្គការ WHO បញ្ជាក់ករណីមនុស្សស្លាប់ដំបូងនៃជំងឺផ្ដាសាយបក្សី H5N2 នៅម៉ិកស៊ិក

2024/06/06 01:34:58 pm        58
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធ (០៥ មិថុនា) ថា មនុស្សម្នាក់បានស្លាប់ដោយសារជំងឺផ្តាសាយបក្សីនៅក្នុងប្រទេសម៉ិកស៊ិក ក្នុងករណីដែលបានបញ្ជាក់ជាលើកដំបូងនៃមនុស្សឆ្លងមេរោគ H5N2 ។ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសវ័យ ៥៩ ឆ្នាំនោះ បានស្លាប់នៅថ្ងៃទី២៤ ខែមេសា បន្ទាប់ពីកើតមានអាការៈគ្រុនក្តៅ ថប់ដង្ហើម រាគ និងចង្អោរ ហើយមិនមានប្រវត្តិប៉ះពាល់ជាមួយបសុបក្សី ឬសត្វផ្សេងទៀតទេ ប៉ុន្តែអ្នកស្លាប់មាន «លក្ខខណ្ឌជំងឺមូលដ្ឋានជាច្រើន»។សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកស្លាប់ដែលជាអ្នកស្រុកនៃរដ្ឋម៉ិកស៊ិក (the State of Mexico) រូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅរដ្ឋធានី ម៉ិកស៊ិកូស៊ីធី ហើយបានស្លាប់នៅថ្ងៃដដែលនោះ។ អង្គការ WHO បានបន្ថែមថា នេះគឺជា «ករណីស្លាប់ដំបូងរបស់មនុស្ស ដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ជាមួយនឹងមេរោគផ្តាសាយប្រភេទ A (H5N2) ដែលបានរាយការណ៍ទូទាំងពិភពលោក»។លោកវេជ្ជបណ្ឌិត ចន ប្រោនស្ទេន (John Brownstein) ដែលជាអ្នកជំនាញខាងរោគរាតត្បាតនៅមន្ទីរពេទ្យកុមារបូស្តុន (Boston) សហរដ្ឋអាមេរិក បាននិយាយថា «ខណៈពេលដែលទាំងមេរោគ H5N2 និង H5N1 ស្ថិតក្នុងក្រុមនៃមេរោគគ្រុនផ្តាសាយ A ដូចគ្នានោះ មេរោគ H5N1 ត្រូវបានគេដឹងថាឆ្លងទៅមនុស្សអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែនេះគឺជាករណីដំបូងគេបង្អស់ដែលមិនធ្លាប់មាននៃមេរោគ H5N2 លើមនុស្ស»៕

លោក ពូទីន គំរាមបំពាក់អាវុធដល់បណ្ដាប្រទេស ដែលអាចវាយប្រហារគោលដៅលោកខាងលិច

2024/06/06 01:29:23 pm        125
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃពុធ (៥ មិថុនា) បានរិះគន់ការបញ្ជូនអាវុធចម្ងាយឆ្ងាយរបស់លោកខាងលិច ទៅកាន់អ៊ុយក្រែន ដោយលើកហេតុផលថា ទីក្រុងមូស្គូ អាចបំពាក់អាវុធដល់ប្រទេសផ្សេងទៀត ដោយអាវុធស្រដៀងគ្នានេះដើម្បីវាយប្រហារគោលដៅលោកខាងលិច។ការអត្ថាធិប្បាយ ដែលលោក ពូទីន បានធ្វើនៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយជាមួយសារព័ត៌មានបរទេសនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសលោកខាងលិចជាច្រើនរួមទាំងសហរដ្ឋអាមេរិក បានផ្តល់ភ្លើងខៀវឱ្យអ៊ុយក្រែន ក្នុងការវាយប្រហារលើគោលដៅនៅក្នុងប្រទេសរុស្ស៊ី ដោយនោះជាទង្វើមួយដែលទីក្រុងមូស្គូ បានហៅថាជាការគិតខុសធ្ងន់ធ្ងរ។លោកពូទីន បាននិយាយថា «យើងអាចមានសិទ្ធិក្នុងការផ្គត់ផ្គង់អាវុធប្រភេទដូចគ្នាទៅកាន់តំបន់នៃពិភពលោក ដែលនឹងមានការវាយប្រហារទៅលើទីតាំងរសើបនៃបណ្តាប្រទេសលោកខាងលិចទាំងនោះ»។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះ លោកពូទីន បាននិយាយម្តងទៀតថាប្រទេសរុស្ស៊ី «មិនបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន មុនទេ» ហើយបានស្តីបន្ទោសបដិវត្តដែលគាំទ្រលោកខាងលិចក្នុងឆ្នាំ២០១៤ ថាជាមូលហេតុជំរុញ។ លោកបានបដិសេធមិនផ្តល់ចំនួនទាហានរុស្ស៊ី ដែលស្លាប់នៅសមរភូមិក្នុងជម្លោះរយៈពេលច្រើនជាងពីរឆ្នាំនេះដោយគ្រាន់តែនិយាយថា អ៊ុយក្រែន មានចំនួនអ្នកស្លាប់ខ្ពស់ជាងខ្លួនប្រាំដង។បញ្ហានៃការស្លាប់ និងរបួសខាងយោធាគឺមានភាពរសើបខ្លាំងនៅក្នុងប្រទេសរុស្ស៊ី ដែលរាល់ការរិះគន់នៃជម្លោះត្រូវបានហាមឃាត់ និង «ការផ្សព្វផ្សាយព័ត៌មានមិនពិត» អំពីកងទ័ព ត្រូវជាប់ពន្ធនាគារអតិបរមា ១៥ ឆ្នាំ៕

អាមេរិក យល់ព្រមលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 ឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃ ៨០ លានដុល្លារ

2024/06/06 01:25:46 pm        119
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ (DSCA) បាននិយាយកាលពីថ្ងៃពុធ (០៥ មិថុនា) ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 និគ្រឿងសម្រាប់ជួសជុលទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃប៉ាន់ស្មានប្រមាណ ៨០ លានដុល្លារ។ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ DSCA នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់គ្រឿងបន្លាស់នេះនឹងជួយ «កែលម្អសន្តិសុខរបស់អ្នកទិញ និងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់»។ អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ហើយបាននិយាយថា ការលក់នេះនឹងជំរុញសមត្ថភាពប្រយុទ្ធ និងតម្រូវការការពារកងទ័ពអាកាសរបស់ខ្លួន ហើយដំណើរការលក់នេះនឹងត្រូវបញ្ចប់នៅខែកក្កដា។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសភានៅថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) នេះ ប្រមុខការពារជាតិកោះតៃវ៉ាន់ លោក វែលលីងតុន ខូ (Wellington Koo) បាននិយាយថា តៃវ៉ាន់ត្រូវតែបង្កើនសមត្ថភាពការពារខ្លួនរបស់ខ្លួន ដើម្បីជាផ្នែកនៃ «ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព» នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។ចិន បានទាមទារម្តងហើយម្តងទៀតដល់សហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ បញ្ឈប់ការលក់អាវុធទៅកោះនេះ ដែលទីក្រុងប៉េកាំង អះអាងថាជាទឹកដីរបស់ខ្លួន ជុំវិញការជំទាស់យ៉ាងខ្លាំងរបស់ទីក្រុងតៃប៉ិ៕

សម្តេចធិបតី អំពាវនាវសូមកុំឱ្យមានការទិញដីកាក់ទុកតាមបណ្តោយសណ្តគម្រោងព្រែកជីកហ្វូណន ដែលបង្កការលំបាកដល់ការអភិវឌ្ឍ

2024/06/06 12:18:46 pm        126
អញ្ជើញថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត ដែលបានសាងសង់នៅទីតាំងភូមិសាស្ត្រភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដំណាក់កាលទី១នាព្រឹកថ្ងៃទី៦ខែមិថុនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវទៅកាន់ពលរដ្ឋជាពិសេសអ្នករកស៊ីទិញលក់ដីសូមកុំឱ្យមានការទិញដីកាក់ទុកតាមបណ្តោយសណ្តគម្រោងព្រែកជីកហ្វូណនដែលបង្កការលំបាករាំងស្ទះដល់ដំណើរការអភិវឌ្ឍ។សម្តេចធិបតីបញ្ជាក់ថា ការអភិវឌ្ឍនៅកន្លែងនេះសូមបងប្អូនប្រជាពលរដ្ឋចូលរួម។ទន្ទឹមនេះដែរ សម្តេចក៏បានអំពាវនាវសូមកុំឱ្យ អង្គការសង្គមស៊ីវិលលូកដៃញុះញង់បំផ្លាញដល់ដំណើរការគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី៥ខែសីហាខាងមុខ ដែលធ្វើឱ្យខាតនូវផលប្រយោជន៍ជាតិ ដើម្បីគ្រាន់តែប្រឆាំងអត់ប្រយោជន៍៕

អ្នកជំនាញ៖ សេដ្ឋកិច្ចរបស់រុស្ស៊ី ពឹងផ្អែកកាន់តែខ្លាំង លើប្រទេសចិន

2024/06/06 12:14:42 pm        143
អ្នកជំនាញបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី កាន់តែពឹងផ្អែកខ្លាំងលើប្រទេសចិន ចាប់តាំងពីបណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ។ លោកស្រី អាឡិចសានដ្រា ប្រូកូប៉េនកូ(Alexandra Prokopenko) នៅមជ្ឈមណ្ឌល ខានីជី រុស្ស៊ី អាស៊ីអឺរ៉ុប(Carnegie Russia Eurasia) និយាយថា ទណ្ឌកម្ម បានធ្វើឱ្យប្រទេសចិន ក្លាយជាដៃគូ ដែលពុំអាចជំនួស បានសម្រាប់ប្រទេសរុស្ស៊ី។អ្នកស្រាវជ្រាវ បានគូសបញ្ជាក់ថា ប្រទេសចិន នាពេលបច្ចុប្បន្ននេះ គឺជាដៃគូពាណិជ្ជកម្មលេខមួយរបស់ប្រទេសរុស្ស៊ី និងជាអ្នកជួយសង្គ្រោះ ក្នុងការនាំចូល និងនាំចេញ។លោកស្រី បាននិយាយបន្ថែមថា រុស្ស៊ី អាចក្លាយជាអ្នកពឹងពាក់អាស្រ័យលើប្រទេសចិន ដោយសារសេដ្ឋកិច្ចរបស់ចិនធំជាងរុស្ស៊ីច្រើន។លោកស្រី Prokopenko ក៏គិតផងដែរថា ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច នឹងមានផលប៉ះពាល់រយៈពេលវែង ខណៈពួកគេនឹងដាក់ឧបសគ្គបន្ថែមទៀត លើការអភិវឌ្ឍន៍របស់ប្រទេសរុស្ស៊ី។

មន្ត្រីអ៊ុយក្រែន នៅទីក្រុងប៉េកាំង ជំរុញឲ្យប្រទេសចិនចូលរួមកិច្ចប្រជុំកំពូលសន្តិភាព

2024/06/06 12:11:26 pm        87
អនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់អ៊ុយក្រែន បានបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីថ្ងៃពុធ ហើយបានជំរុញឱ្យចិន បញ្ជូនគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូល ដែលបានគ្រោងធ្វើឡើងស្តីពីសង្រ្គាមអ៊ុយក្រែន ថ្ងៃ១៤ដល់១៦ ខែនេះ ក្នុងប្រទេសស្វីស ដោយសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលប្រទេសចិនឱ្យចូលរួមបាន។ប្រទេសរុស្ស៊ី មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំ នៅខែមិថុនានោះទេ។ រហូតមកដល់ពេលនេះ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងនៅឱ្យឆ្ងាយ ដោយហៅការចូលរួមរបស់ភាគីជម្លោះទាំងពីរថា ជាតម្រូវការជាអាទិភាព សម្រាប់សន្និសីទសន្តិភាពសំខាន់ៗណាមួយ។ ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉េកាំងរវាងអនុរដ្ឋមន្ត្រីការបរទេសទីមួយលោក អាន់ឌ្រី ស៊ីប៊ីហា (Andriy Sybiha) និងអនុរដ្ឋមន្ត្រីការបរទេសចិន លោក សុន វ៉េតុង (Sun Weidong) ថា ភាគីអ៊ុយក្រែនបានបង្ហាញក្តីសង្ឃឹមថាការចូលរួមរបស់ប្រទេសចិននៅក្នុងព្រឹត្តិការណ៍នេះ អាចជាឱកាសដ៏ល្អមួយក្នុងការរួមចំណែកជាក់ស្តែងដើម្បីសម្រេចបានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងនៅក្នុងអ៊ុយក្រែន ។ ទីក្រុង Kyiv និយាយថា ប្រទេសជាង ១០០ បានទទួលយកការអញ្ជើញរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីពិភាក្សាអំពីការផ្តល់ផែនការសន្តិភាពដែលដាក់ចេញដោយ លោក ប្រធានាធិបតី Volodymyr Zelenskiy ក្នុងបំណាងបញ្ចប់សង្រ្គាមរបស់រុស្ស៊ីពេញបន្ទុកនៅពេលនេះដែលបានឈានចូលដល់ឆ្នាំទីបីទៅហើយនោះ។។ ក្រសួងរបស់ចិន បាននិយាយថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់និង ទស្សនៈគ្នា អំពីវិបត្តិអ៊ុយក្រែន និងបញ្ហាអន្តរជាតិ ក៏ដូចជាក្នុងតំបន់ដែលមានការព្រួយបារម្ភជារួម៕

អ៊ីស្រាអែល ត្រូវបានចោទប្រកាន់ថា បានប្រើផូស្វ័រពណ៌ស លើអគារលំនៅឋាន ក្នុងប្រទេសលីបង់

2024/06/06 11:57:52 am        122
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយកាលពីថ្ងៃពុធថា យោធាអ៊ីស្រាអែល បានប្រើប្រាស់ ផូស្វ័រពណ៌សម្តងហើយម្តងទៀតក្នុងប្រទេសលីបង់ ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយបន្ថែមការព្រួយបារម្ភអំពីឧក្រិដ្ឋកម្មសង្គ្រាមដោយយោធាអ៊ីស្រាអែល នៅក្នុងតំបន់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។អង្គការ HRW បាននិយាយថា ខ្លួនអាចបញ្ជាក់ការប្រើប្រាស់ផូស្វ័រពណ៌ស នៅក្នុងក្រុងចំនួន ១៧ នៅទូទាំងប្រទេសលីបង់ ចាប់តាំងពីខែតុលា រួមទាំងយ៉ាងហោចណាស់ចំនួន ៥កន្លែងដែលវាត្រូវបានប្រើប្រាស់ដោយខុសច្បាប់ នៅក្នុងតំបន់ដែលមានជនស៊ីវិលរស់នៅច្រើន។ផូស្វ័រពណ៌ស ដែលជាសារធាតុគីមីដូចក្រមួន ដែលបង្កឲ្យឆេះ នៅពេលប៉ះនឹងអុកស៊ីហ្ស៊ែន ជាធម្មតាមិនត្រូវបានចាត់ទុកថា ជាអាវុធគីមីនោះទេ ប៉ុន្តែក្រុមសិទ្ធិមនុស្សតែងតែរិះគន់ការប្រើប្រាស់របស់វា ក្នុងសង្គ្រាម។សារធាតុគីមីនេះ បណ្តាលឲ្យរលាកពុលយ៉ាងធ្ងន់ធ្ងរ និងងាយបង្កឲ្យរចនាសម្ព័ន្ធឆេះ ដែលអង្គការ HRW និយាយថា បង្កើនហានិភ័យដល់ជនស៊ីវិល។លោក Ramzi Kaiss អ្នកស្រាវជ្រាវនៅអង្គការ HRW បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការប្រើប្រាស់របស់អ៊ីស្រាអែលនៃគ្រាប់រំសេវផូស្វ័រពណ៌ស នៅតំបន់ដែលមានប្រជាជនរស់នៅ ធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិលភ្លាមៗ និងបានបង្ខំឲ្យមនុស្សជាច្រើន ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ»។ «កងកម្លាំងអ៊ីស្រាអែល គួរតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់គ្រាប់រំសេវផូស្វ័រពណ៌ស នៅក្នុងតំបន់ដែលមានប្រជាជន ជាពិសេស នៅពេលដែលជម្រើស ដែលមិនសូវមានគ្រោះថ្នាក់ គឺអាចរកបានយ៉ាងងាយស្រួលនោះ»។ក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា មានអ្នករងរបួស ១៧៣នាក់ គិតត្រឹមសប្តាហ៍មុនដោយសារការប៉ះពាល់សារធាតុផូស្វ័រពណ៌ស ចាប់តាំងពីខែតុលាមក។ ក្រុមនេះ មិនអាចបញ្ជាក់ពីតួលេខនេះបានទេ។

អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យដៃគូការពារជាតិអឺរ៉ុប សហការបន្ថែមទៀត

2024/06/06 11:54:44 am        117
អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល ( Olaf Scholz) បានសន្យាថា រដ្ឋាភិបាលរបស់លោក នឹងគាំទ្រដល់ឧស្សាហកម្មការពារជាតិ ហើយបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអ្នក ផលិតនៅអឺរ៉ុប ខណៈដែលលោក បានបើកពិព័រណ៍ពាណិជ្ជកម្ម កាលពីថ្ងៃពុធ។លោក បានថ្លែងប្រាប់ពិព័រណ៍អាកាសចរណ៍អន្តរជាតិ (ILA) នៅទីក្រុងប៊ែរឡាំងថា៖«ថ្ងៃនេះ យើងឃើញកាន់តែច្បាស់ជាងពេលណាៗទាំងអស់ថាតើវាមានសារៈសំខាន់យ៉ាងណា ក្នុងការមានឧស្សាហកម្មការពារជាតិអឺរ៉ុប និងអាល្លឺម៉ង់ ដែលអាចបន្តផលិតសព្វាវុធសំខាន់ៗ និងគ្រាប់រំសេវចាំបាច់ទាំងអស់»។ លោកបាននិយាយថា ប្រទេសអាល្លឺម៉ង់ បានផ្តល់ឲ្យឧស្សាហកម្មនេះច្រើនពេកនូវកន្លែងចតធំទូលាយកាលពីអតីតកាល ប៉ុន្តែ «វាចប់ហើយ។ ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនដោយបំពានច្បាប់អន្តរជាតិបានបង្ហាញឲ្យប្រទេសអាល្លឺម៉ង់ទាំងមូលនូវការពិតអំពីគោលនយោបាយសន្តិសុខថ្មីមួយ»។លោក សូល បានបញ្ជាក់ថា ខ្លួនពេញចិត្តយ៉ាងខ្លាំងក្នុងការរក្សា និងពង្រីកសមត្ថភាពផលិតកម្ម។ នោះហើយជាមូលហេតុដែលយើងនឹងបញ្ជាទិញយន្តហោះចម្បាំង Euro ចំនួន ២០គ្រឿងបន្ថែមទៀត នៅក្នុងសម័យនីតិប្បញ្ញត្តិនេះ បន្ថែមពីលើយន្តហោះ ៣៨គ្រឿង ដែលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងកន្លែងដាក់់បំពង់បង្ហូរប្រេង។លោកបាននិយាយថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងដៃគូអឺរ៉ុប គឺចាំបាច់ដើម្បីជៀសវាងការចម្លងដែលអឺរ៉ុបមិនអាចមានលទ្ធភាពទិញបាន។ លោក បានសង្កត់ធ្ងន់ថា អ្វីដែលចាំបាច់ គឺផ្តោតទៅលើការឆ្លុះបញ្ចាំងពីភាពខ្លាំងនៃឧស្សាហកម្មរៀងៗខ្លួន ដើម្បីលើកកម្ពស់អន្តរប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធរបស់អឺរ៉ុប។ លោកបានបន្ថែមថា ឧស្សាហកម្មអាល្លឺម៉ង់ គួរតែស្ថិតនៅជួរមុខ។

សហរដ្ឋអាមេរិក រំពឹងថារុស្ស៊ី នឹងធ្វើសមយុទ្ធទ័ពជើងទឹកនៅសមុទ្រការាអ៊ីប នៅរដូវក្ដៅនេះ

2024/06/06 11:40:32 am        123
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃពុធ (០៥ មិថុនា) ថា ប្រទេសរុស្ស៊ី គ្រោងនឹងបញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រការ៉ាអ៊ីបនៅរដូវក្តៅនេះ ជាផ្នែកនៃសមយុទ្ធកងទ័ពជើងទឹក ដែលទំនងជានឹងរួមបញ្ចូលការចូលចតតាមកំពង់ផែនៅក្នុងប្រទេសគុយបា និងប្រហែលជាអាចឈប់សំចតនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។មន្ត្រីរូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក មិនមើលឃើញថា សកម្មភាពដែលពាក់ព័ន្ធនឹងនាវា និងយន្តហោះមួយចំនួនតូចនេះជាការគំរាមកំហែងនោះទេ ប៉ុន្តែកងទ័ពជើងទឹកអាមេរិក នឹងតាមដានសមយុទ្ធនេះ។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានកើនឡើងខ្លាំងចាប់តាំងពីរុស្ស៊ី វាយលុកអ៊ុយក្រែន ឆ្នាំ២០២២។ មន្ត្រីដដែលនេះបាននិយាយថា សកម្មភាពទ័ពជើងទឹករបស់រុស្ស៊ី បានកើនឡើងដោយសារតែការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន។មន្ត្រី ដែលមិនបញ្ចេញឈ្មោះនេះបានបន្តថា «ជាផ្នែកមួយនៃសមយុទ្ធយោធាជាប្រចាំរបស់រុស្ស៊ី ដែលយើងរំពឹងថាធ្វើឡើងនៅរដូវក្តៅនេះ រុស្ស៊ីនឹងធ្វើសកម្មភាពទ័ពជើងទឹក និងផ្លូវអាកាសកាន់តែខ្ពស់នៅជិតសហរដ្ឋអាមេរិក។ សមយុទ្ធត្រូវបានគេមើលឃើញថាជាផ្នែកនៃសកម្មភាពកងទ័ពជើងទឹកជាប្រចាំ ហើយ «យើងមិនមានការព្រួយបារម្ភចំពោះការដាក់ពង្រាយរបស់រុស្ស៊ី នេះទេ ព្រោះមិនបង្កការគំរាមកំហែងដោយផ្ទាល់ដល់សហរដ្ឋអាមេរិក»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump
04/02/2026 08:04 PM
ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
04/02/2026 08:04 PM
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
04/02/2026 08:04 PM
នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
04/02/2026 08:04 PM
លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
04/02/2026 08:04 PM
ក្រុមឧទ្ទាមហ៊ូធីសម្របសម្រួលជាមួយអ៊ីរ៉ង់ ប៉ុន្តែនៅតែរក្សាឯករាជ្យភាព បើទោះបីជាមានសង្រ្គាមក៏ដោយ
04/02/2026 08:04 PM
ប្រទេសចំនួន ៨ ថ្កោលទោសចំពោះទោសប្រហារជីវិតរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន
04/02/2026 08:04 PM
តំបន់ភាគកណ្តាល និងភាគខាងត្បូងអ៊ីតាលី រងការវាយប្រហារដោយព្យុះព្រិល និងអាកាសធាតុអាក្រក់
04/02/2026 08:04 PM
មនុស្សម្នាក់ស្លាប់ ក្រោយព្យុះវាយប្រហារប្រទេសក្រិកបង្កជាទឹកជំនន់ និងបង្អាក់ការធ្វើដំណើរ
04/02/2026 08:04 PM
ស្ថានទូសហរដ្ឋអាមេរិក ព្រមានពីលទ្ធភាពនៃការវាយប្រហារជីវពលសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់
04/02/2026 08:04 PM