គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស អញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត

2024/06/06 09:47:16 am        251
កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ កំពង់ផែពហុបំណងកំពត នឹងក្លាយជាសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់មួយ ក្នុងការដឹកជញ្ជូន​ទំនិញតាមផ្លូវទឹកគ្រប់បែបយ៉ាងសម្រាប់កម្ពុជា។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដើម្បីឲ្យប្រទេសជាតិមួយរីក ចម្រើនគឺមិនមែនយករាជធានី ឬខេត្តណាមកប្រកួតប្រជែងគ្នានោះទេគឺត្រូវរួមគ្នាធ្វើ ខណៈខេត្តនីមួយៗគឺ មានសក្តានុពលច្រើន ដូចជាខេត្តកំពតជាដើម គឺពេលនេះ គឺមានកំពុងមានកំពង់ផែដែលវានឹងបម្រើឲ្យមានការលូតលាស់ផ្នែកភស្តុភារ ក្នុងការដឹកជញ្ជូនភស្តុភារកម្ម។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដឹកជញ្ជូនតាមផ្លូវទឹកនៅតែជាជម្រើសដ៏ល្អសម្រាប់ប្រទេស ដោយសារតែការដឹកជញ្ជូនតាមផ្លូវទឹកនេះ វាដឹកបានច្រើនហើយវាមានតម្លៃសមរម្យទៅទៀត។-សម្តេចធិបតីហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនឹងមិនចេញអាជ្ញាបណ្ណឲ្យបង្កើតបនល្បែងកាស៊ីណូបន្តទៀតនោះទេ សម្រាប់ក្រុងខេត្តកំពត ប៉ុន្តែនឹងមានការលើកទឹកចិត្តឲ្យមានការបើកសណ្ឋាគារ កន្លែងកម្សាន្ត និងកម្មន្តសាលនានា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ខេត្តនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។-សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ឈ្នួញទិញលក់ដី សូមកុំទៅទិញដីនៅតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ដែលនាំឱ្យរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយ នៅពេលអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ។-សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអស់សំណើច និងចំអកឲ្យក្រុមអ្នកវិភាគ និងក្រុមអ្នករិះគន់មួយក្តាប់តូចដែលកំពុងរស់នៅក្រៅប្រទេស ដែលមើលទៅដូចចេះគ្រប់ជំនាញទាំងអស់ ខណៈរាជរដ្ឋាភិបាលធ្វើអ្វី កសាងអ្វី គឺពួកគេទាំងនោះវិភាគមកថាខុសរហូត។ ប៉ុន្តែទោះជាយ៉ាងណាក៏ ដោយសម្តេចមិនបានចាប់អារម្មណ៍ចំពោះការលើកឡើងរបស់ពួកទាំងនោះឡើយ សំខាន់គឺរាជរដ្ឋាភិបាល ខិតខំកសាងបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូល។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនប្រជាពលរដ្ឋថា គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចាប់ពីពេលបច្ចុប្បន្ន រហូតទៅដល់អនាគត ដូច្នេះសូមពលរដ្ឋកុំជឿការញុះញង់របស់ក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅស្រុក។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការវិនិយោគលើគម្រោងព្រែកជីកហ្វូណនតេជោ គឺមានវិនិយោគិនខ្មែរភាគច្រើនដែលបានដាក់ទុនវិនិយោគ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថាគម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ តែម្ដង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើឱ្យសិក្សារៀបចំសាងសង់ផ្លូវជិះកង់ពីកែប ទៅកោះកុង ដើម្បីបម្រើដល់ការហាត់ប្រាណរបស់ប្រជាពលរដ្ឋ និងទេសចរផងដែរ។-សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចមិនអនុញ្ញាតឱ្យមានការសាងសង់ព្រ លានយន្តហោះនៅកំពតនោះឡើយ ដោយសារមានព្រលាននៅខេត្តព្រះសីហនុរួចហើយ និងបញ្ជៀ សការចំណាយមិនសមស្រប។- សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោកជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពតតែម្ដង ដែលបានគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោរបស់ខ្មែរ។ ខណៈគម្រោងនេះ គឺជាគម្រោងលក្ខណៈឯកជន វិនិយោគិនឯកជន ស្នើសុំសិទ្ធវិនិយោគរយៈពេល៥០ឆ្នាំរួចប្រគល់មកឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងវិញ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ បើស្រឡាញ់ជាតិពិតប្រាកដ ចង់បានឯករាជ្យ ភាពក្នុងវិស័យដឹកជញ្ជូន ចង់ឃើញស្នាដៃប្រវត្តិសាស្ត្ររបស់អ្នកជំនាន់នេះ សូមរួមគ្នាជាកម្លាំងជាតិ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោទាំងអស់គ្នា។ សម្ដេចធិបតីក៏បានអំពាវនាវដល់បុគ្គលមួយចំនួន តូច សូមកុំបង្កការរាំងស្ទះដល់គម្រោងព្រែកជីកហ្វូណនតេជោ ដែលបម្រើដល់ផលប្រយោជន៍ជាតិ ទាំងស្រុង។-សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋបន្តរួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងរួមគ្នាប្រឆាំងរាល់បុគ្គលណាដែលមានបំណងធ្វើវិទ្ធង្សនា ធ្វើឱ្យរាំងស្ទះដល់គម្រោងព្រែកជីកនេះ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋាភិបាលនឹងដោះស្រាយផល ប៉ះពាល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីធ្លីផ្ទះសម្បែងនៅចំកន្លែងដែលត្រូវសាងសង់ព្រែកជី កហ្វូណនតេជោ។

តំណាងប្រព័ន្ធអង្គការ UN តាមវិស័យនីមួយៗប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2024/06/05 04:08:24 pm        200
តំណាងប្រព័ន្ធអង្គការសហប្រជាជាតិតាមវិស័យនីមួយៗ បង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ការបង្ហាញការប្ដេជ្ញាចិត្តបែបនេះ ធ្វើឡើងក្នុងឱកាសជំនួបកិច្ចប្រជុំ ពិភាក្សាប្រចាំឆ្នាំលើកទី ៧ រវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ នៅវិមានសន្តិភាព ក្រោមអធិតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីនារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ នៅវិមានសន្ដិភាព។ មានប្រសាសន៍នៅក្នុងជំនួបពិភាក្សានេះសម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំនូវកិច្ចពិភាក្សា ប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ដោយការរៀបចំកិច្ចពិភាក្សានេះ គឺជាការអនុវត្តបន្តយន្តការ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតឡើង និងបានដាក់ឱ្យអនុវត្តប្រមាណ ១ ទសវត្សរ៍កន្លងមក ដែលកិច្ចពិភាក្សានេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយ ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពក្នុងការចូលរួមចំណែក អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ជំនួបពិភាក្សាប្រចាំឆ្នាំ២០២៤នេះ បានឆ្លុះបញ្ចាំងអំពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាស្នូល សំដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ, សាមគ្គីភាព, កិច្ចអភិវឌ្ឍន៍ និងវិបុលភាពរួមសម្រាប់ទាំងអស់គ្នា ហើយជំនួបប្រចាំឆ្នាំលើកនេះក៏ជាវេទិកាសម្រាប់ប្រព័ន្ធអង្គការសហប្រជាជាតិដែលផ្តល់ការគាំទ្រ ប្រកបដោយស័ក្តិសិទ្ធិភាពដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលដៅអាទិភាព នៃកិច្ចអភិវឌ្ឍន៍ក្នុងដំណើរ ឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់។សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ផងដែរអំពីជំនួបពិភាក្សាប្រចាំឆ្នាំ ដោយកំណត់យកមូលបទ៖«ពង្រីកសមត្ថភាពផលិតសំដៅឈានទៅចាកចេញប្រកបដោយចីរភាព របស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍ តិចតួច» ហើយជ្រើសរើសប្រធានបទសំខាន់ ២ សម្រាប់ពិភាក្សា គឺ៖ ទី១ «ជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអប់រំ» និងទី២ «ពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់យុវជន» ។បន្ទាប់ពីកិច្ចពិភាក្សា និងបទអន្តរាគមន៍លើប្រធានបទសំខាន់ៗរបស់ក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងប្រព័ន្ធអង្គការសហប្រជាជាតិតាមវិស័យនីមួយៗ ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រក៏ដូចជាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល ដើម្បី ចូលរួមចំណែកក្នុងការគាំទ្រកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ប្រកបដោយចីរភាព និងសម្រេចបាន នូវការអភិវឌ្ឍមូលធនមនុស្សតាមរយៈការអប់រំ និងការពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់យុវជន ដើម្បីចូលរួមក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការសម្រេចបាន នូវចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

អាមេរិក នឹងមិនបញ្ជូនទីប្រឹក្សាយោធាទៅអ៊ុយក្រែនសម្រាប់គោលបំណងបណ្តុះបណ្តាលនោះទេ

2024/06/05 02:07:24 pm        198
មន្ត្រីជាន់ខ្ពស់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងរក្សាគោលនយោបាយរបស់ខ្លួននៃការមិនបញ្ជូនទីប្រឹក្សាយោធា ទៅកាន់ប្រទេសអ៊ុយក្រែននោះទេ។ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយថា ដូចដែលយើងបាននិយាយជាច្រើនដងមកហើយថា យើងគ្មានផែនការបញ្ជូនទីប្រឹក្សាយោធា ឬកងទ័ពអាមេរិក គ្រូបង្ហាត់ឲ្យទៅបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែននោះទេ។លោក Sullivan បាននិយាយទៅកាន់អ្នកសារព័ត៌មាន ពេលធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ខណៈលោកអមដំណើរប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដើម្បីទៅចូលរួមក្នុងពិធីរំលឹកខួបលើកទី៨០ នៃការឡើងដីគោកជាប្រវត្តិសាស្ត្រដែលគេហៅថា D-Day នៅតាមបណ្តោយឆ្នេរ Normandy អំឡុងសង្គ្រាមលោកលើកទី២។លោក បាននិយាយថា សហរដ្ឋអាមេរិក បាននិងកំពុងផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែននៅក្រៅទឹកដីប្រទេសអ៊ុយក្រែន។ ការអនុវត្តបែបនេះ កំពុងត្រូវបានធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ដែល ទាហានអ៊ុយក្រែនរាប់ពាន់នាក់ កំពុងត្រូវបានបណ្តុះបណ្តាលអំពីរបៀបប្រតិបត្តិការយុទ្ធោបករណ៍ផលិតដោយប្រទេសលោកខាងលិច។ លោក Sullivan និយាយថា យើងនឹងមានឱកាសដើម្បីនិយាយជាមួយប្រធានាធិបតីបារាំង និងក្រុមរបស់ប្រទេសបារាំងលើមូលដ្ឋានអំពីអ្វីដែលពួកគេកំពុងគិត ខណៈប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងពិចារណាពីការបញ្ជូនគ្រូបង្ហាត់ផ្នែកយោធារបស់ប្រទេសលោក ទៅកាន់ប្រទេសអ៊ុយក្រែន។

ហ្វីលីពីន៖ ទូកចិន បានរឹបអូសយកការផ្គត់ផ្គង់ដែលទម្លាក់តាមអាកាសនៅដែនទឹកជម្លោះ

2024/06/05 01:50:15 pm        394
យោធាហ្វីលីពីន បាននិយាយកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា ទូករបស់ចិន បាន «រឹបអូសយក» ដោយខុសច្បាប់នូវអាហារ និងឱសថ ដែលបានទម្លាក់តាមអាកាសទៅកាន់ទីស្នាក់ការហ្វីលីពីននៅសមុទ្រចិនខាងត្បូង។ ឧបទ្ទវហេតុដែលត្រូវបានចោទប្រកាន់នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា នៅឯដែនទឹកជម្លោះ សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ក្នុងប្រជុំកោះ ស្រ្ពាតលី (Spratly) ជាទីដែលទាហានហ្វីលីពីន ត្រូវបានដាក់ពង្រាយនៅលើនាវាកងទ័ពជើងទឹកចតចោលមួយគ្រឿង ដើម្បីអះអាងការអះអាងរបស់ទីក្រុងម៉ានីល ចំពោះដែនទឹកនោះ។ទីក្រុងប៉េកាំង បានទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ហើយមានការប្រឈមមុខគ្នាជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងនាវាចិន និងហ្វីលីពីន នៅជិតថ្មប៉ប្រះទឹកដ៏ប្រកួតប្រជែងនោះជាញឹកញាប់ក្នុងអំឡុងពេលបេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ហ្វីលីពីន ទៅកាន់ដែនទឹក សេខិន ថូម៉ាស ស្ហូល។យោធាហ្វីលីពីន បានចោទប្រកាន់ចិន ពីបទ «ទន្រ្ទាន និងជ្រៀតជ្រែកដោយគ្មានការបង្កហេតុ» នៅពេលដែលទូកខ្នាតតូចរបស់ចិនពីរគ្រឿង ត្រូវចោទថាបានចូលមកក្នុងចម្ងាយ ១០ ម៉ែត្រពីនាវា សៀរ៉ា ម៉ាដ្រេ (Sierra Madre) ហើយបានរឹបអូសយកកញ្ចប់គ្រឿងផ្គត់ផ្គង់ដែលទម្លាក់តាមយន្តហោះសម្រាប់ឱ្យកងទ័ពហ្វីលីពីន ហើយថានេះជាលើកទីមួយហើយដែលការផ្គត់ផ្គង់ត្រូវបានរឹបអូស។អ្នកនាំពាក្យកងនាវាហ្វីលីពីន លោក រ៉យ វីនសិន ទ្រីនីដាដ (Roy Vincent Trinidad) បាននិយាយថា ក្រោយមក បុគ្គលិកចិននៅលើទូកនោះបានបោះចោលឥវ៉ាន់នៅក្នុងទឹក ហើយគេមិនច្បាស់ទេថាតើអ្នកទាំងនោះជាឆ្មាំល្បាតឆ្នេរចិន ឬកងទ័ពជើងទឹក។ បេសកកម្មផ្គត់ផ្គង់ហ្វីលីពីនជាធម្មតាធ្វើឡើងតាមសមុទ្រ ប៉ុន្តែប្រមុខយោធា លោកឧត្តមសេនីយ៍ រ៉ូមីអូ ប្រាវនឺ (Romeo Brawner) បាននិយាយកាលពីខែមុនថា គ្រឿងផ្គត់ផ្គង់ត្រូវទម្លាក់ពីលើអាកាសតាមយន្តហោះដើម្បីបញ្ចៀសពី «ការរំខាន» និង «ការយាយី»៕

UN ថ្កោលទោសអំពើហិង្សានៅតំបន់ West Bank ដែលធ្វើឱ្យមានអ្នកស្លាប់ដ៏ច្រើនចាប់ពីថ្ងៃ០៧ តុលា

2024/06/05 01:34:25 pm        315
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ (០៤ មិថុនា) បានទាមទារឱ្យបញ្ចប់នូវអំពើហិង្សាដែលកំពុងកើនឡើងនៅតំបន់កាន់កាប់ វេសបែង (West Bank) ដោយនិយាយថានេះជារឿង «នឹកស្មានមិនដល់» ដែលជនជាតិប៉ាឡេស្ទីនជាង ៥០០ នាក់ ត្រូវបានសម្លាប់នៅទីនោះចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក។លោក វ៉ុលឃឺ ធឺក (Volker Turk) បាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៥០៥ នាក់ត្រូវបានសម្លាប់នៅតំបន់ វេសបែង ដោយយោធាអ៊ីស្រាអែល និងដោយអ្នកតាំងលំនៅនៅ វេសបែងចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សា ក្បែរនោះបានផ្ទុះឡើងជិតប្រាំបីខែមុនមក ខណៈក្រុមមន្ត្រីប៉ាឡេស្ទីនបានផ្តល់ចំនួនអ្នកស្លាប់យ៉ាងហោចណាស់ ៥២៣ នាក់។លោកបាននិយាយថា ជនជាតិអ៊ីស្រាអែល ២៤ នាក់ រួមទាំងទាហាន ៨ នាក់ ក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងការប៉ះទង្គិចគ្នានៅ វេសបែង ឬការវាយប្រហារដោយជនជាតិប៉ាឡេស្ទីនពីតំបន់កាន់កាប់នេះ ក្នុងអំឡុងពេលដូចគ្នានេះ។ លោក ធឺក បានទទូចថា «ការសម្លាប់ ការបំផ្លិចបំផ្លាញ និងការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ គឺមិនអាចទទួលយកបានទេ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់»។ប្រធានសិទ្ធិមនុស្សរូបនេះបានថ្កោលទោសអំពី «និទណ្ឌភាពដ៏រាលដាលសម្រាប់ឧក្រិដ្ឋកម្មបែបនេះ» នៅតំបន់ វេសបែង ដែលអ៊ីស្រាអែល បានកាន់កាប់តាំងពីឆ្នាំ១៩៦៧ ហើយមានកំណើនអំពើហិង្សា តាំងតែពីមុនថ្ងៃទី០៧ ខែតុលា មក។ លោក ធឺក បានព្រមានថា អំពើហិង្សា «ក្នុងរូបភាពនៃការសម្លាប់ និង ការបំផ្លិចបំផ្លាញដែលកំពុងបន្តនៅតំបន់ហ្កាហ្សា បានបង្កភាពភ័យខ្លាច និងអសន្តិសុខយ៉ាងខ្លាំងក្នុងចំណោមប្រជាជនប៉ាឡេស្ទីននៅតំបន់មួយនេះ»៕

ស៊ីរីអះអាងថា គ្មានការសន្ទនាជាមួយទួរគីទេ មុនពេលទីក្រុងអង់ការ៉ា ប្រកាសពីផែនការដកទ័ពចេញ

2024/06/05 01:01:53 pm        344
រដ្ឋមន្ត្រីការបរទេសស៊ីរី បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចសន្ទនាណាមួយរវាងស៊ីរី និងទួរគី គួរតែធ្វើឡើង បន្ទាប់ពីក្រុងអង់ការ៉ាប្រកាសថា ខ្លួននឹងដកទ័ពចេញពីដែនដីស៊ីរី ដែលខ្លួនគ្រប់គ្រង។លោក Faisal Mekdad បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់ លោក Ali Bagheri Kani បន្ទាប់ពីប្រទេសទួរគី បានគំរាមកំហែង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងអាជ្ញាធរដឹកនាំដោយឃើដ នៅភាគឦសាននៃប្រទេសស៊ីរី ខណៈដែលពួកគេ រៀបចំការបោះឆ្នោតក្រុង នៅសប្តាហ៍ក្រោយនេះ។ប្រទេសទួរគី បានចាប់ផ្តើមប្រតិបត្តិការឆ្លងព្រំដែនធំៗចំនួនបី ចូលទៅក្នុងប្រទេសស៊ីរី ចាប់តាំងពីឆ្នាំ ២០១៦ ហើយបានគ្រប់គ្រងទឹកដីមួយចំនួន នៅភាគខាងជើង។ ទីក្រុងអង់ការ៉ា គឺជាអ្នកគាំទ្រដ៏សំខាន់មួយរបស់យុទ្ធជនប្រឆាំងស៊ីរី ដែលបាននិងកំពុងព្យាយាមដកប្រធានាធិបតីស៊ីរី លោក បាសា អាសាដ (Bashar Assad) ចេញពីអំណាច ចាប់តាំងពីជម្លោះ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ ២០១១។កិច្ចប្រឹងប្រែងផ្សះផ្សារវាងស៊ីរី និងទួរគី បានបរាជ័យក្នុងការសម្រេចបាននូវវឌ្ឍនភាព តាំងពីដើមឆ្នាំ ២០២៣ បើទោះបីជាកិច្ចប្រជុំនៅទីក្រុងមូស្គូរវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេស និងរដ្ឋមន្ត្រីការពារជាតិក៏ដោយ។លោក Mekdad បានបញ្ជាក់ថា៖«លក្ខខណ្ឌចម្បងសម្រាប់កិច្ចសន្ទនាស៊ីរី-ទួរគី គឺសម្រាប់ទីក្រុងអង់ការ៉ាដើម្បីប្រកាសពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការដកខ្លួនចេញពីទឹកដីរបស់យើងដែលខ្លួនកាន់កាប់»។ យើងមិនចរចាជាមួយអ្នកដែលកាន់កាប់ទឹកដីរបស់យើងទេ»។

ក្រុមហាម៉ាស រិះគន់អាមេរិក និងលោកខាងលិចជុំវិញការជំរុញឲ្យក្រុមនេះ ទទួលយកសំណើរបស់លោកបៃដិន

2024/06/05 12:58:03 pm        319
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Sami Abu Zuhri បានរិះគន់ការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីនតោន និងលោកខាងលិច ឲ្យទទួលយកសំណើបទឈប់បាញ់ ដែលត្រូវបានជំរុញដោយប្រធានាធិបតីសហរដ្ឋអាមេ រិកលោក ចូ បៃដិណ ដោយបាននិយាយកាលពីថ្ងៃអង្គារថា វាហាក់ដូចជា «ក្រុមហាម៉ាសដែលកំពុងរារាំងកិច្ចព្រមព្រៀងនេះ»។នៅក្នុងការអត្ថាធិប្បាយដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយហាម៉ាស លោក Abu Zuhri បាននិយាយថា អ៊ីស្រាអែល មិនផ្តោតជាសំខាន់ចំពោះការឈានដល់កិច្ចព្រមព្រៀងមួយ នៅតំបន់ហ្កាហ្សានោះទេ ហើយនៅតែកំពុងធ្វើសមយុទ្ធ ក្រោមការការពាររបស់សហរដ្ឋអាមេរិក។លោក បៃដិន កាលពីថ្ងៃសុក្រ បានដាក់ចេញនូវសំណើបទឈប់បាញ់បីដំណាក់កាលពីអ៊ីស្រាអែល ទៅកាន់ក្រុមហាម៉ាស ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបង្កឲ្យមានវិបត្តិមនុស្សធម៌។សំំណើនោះ អំពាវនាវមានបទឈប់បាញ់ ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន និងការកសាងតំបន់ហ្កាហ្សាឡើងវិញ។ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនមានទស្សនៈវិជ្ជមានចំពោះខ្លឹមសារនៃសំណើនេះ។សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើក្រុមហាម៉ាសទទួលយកផែនការដែលបានស្នើឡើងនោះ នោះគេរំពឹងថា អ៊ីស្រាអែល នឹងធ្វើតាម។

ស្ពានខ្ពស់ជាងគេនៅកម្ពុជាកាត់ស្ទឹងឫស្សីជ្រុំក្នុងស្រុកវាលវែង សម្រេចការសាងសង់បាន ៤១,៥០%ហើយ

2024/06/05 12:41:55 pm        518
ការសាងសង់ស្ពានដែលមានកម្ពស់ ខ្ពស់ជាងគេនៅកម្ពុជា បច្ចុប្បន្ននេះសម្រេចបាន៤១,៥០% ហើយ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ នេះបើ​តាម​ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២៤ ។ ស្ពាននេះឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥ មាន​កម្ពស់​៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពាន​រចនាតាម​ស្តង់ដា​ចិន​ហាយ​វេ​កម្រិត​៣ ដែលមានបន្ទុកចំនួន៥៥តោន ហើយគ្រោងចំណាយថវិកាអស់ ២២,៩២​លានដុ​ល្លារ​អា​មេរិក ។អ្នកនាំពាក្យក្រសួងសាធារណការ បានបន្តឱ្យដឹងថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤ គម្រោង​ស្ថាបនាផ្លូវជាតិលេខ១០ទាំងមូល សម្រេចការសាងសង់បាន៨៣,៣៦% ក្នុងនោះ​រួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១%, ការងារស្ពានសម្រេចបាន ៩១,១៨%, ការងារ​លូកាត់​ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំង​ការពារ​ជើង​ទេរ​អនុវត្តបាន ៨៩,៨៤%។ ហើយនៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអា​ច​ធ្វើដំណើរ​បាន​ដោយ​រលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។ គួរឱ្យដឹងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៥១៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេស កម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវ សរុបចំនួន ៩ម៉ែត្រ ជាប្រភេទ​ផ្លូវកៅស៊ូ ពីរស្រទាប់ (DBST) សាងសង់ស្ពាន ចំនួន ២៣កន្លែង ប្រវែង ១៧២១,៤៦ម៉ែត្រ ព្រម​ទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល​សុវត្ថិភាព​ផង​ដែរ ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខ ។ គម្រោងផ្លូវនេះមាន​ការជ្រើសរើស​គន្លងផ្លូវថ្មី ប្រវែងសរុប ៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញ ជាពីរនាំឲ្យ​ប៉ះពាល់​ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឲ្យឃើញពី​ការយក​ចិត្តទុកដាក់​ខ្ពស់របស់រាជរដ្ឋាភិបាល លើការថែរក្សាបរិស្ថាន៕

ពលរដ្ឋជាច្រើននាក់បន្តស្នើសុំប័ណ្ណ ប.ស.ស. ដោយស័្មគ្រចិត្តដើម្បីទទួលសេវាថែទាំសុខភាពឥតគិតថ្លៃ

2024/06/05 12:05:18 pm        720
គិតត្រឹមថ្ងៃបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចូលឈ្មោះសមាជិកថ្មី នៃរបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ចំនួនសរុបជាង ១៦ ម៉ឺននាក់ក្នុងនោះបុគ្គលស្វ័យនិយោជន៍ ដែលជាអ្នកប្រកបរបររកចំណូលផ្ទាល់ខ្លួន មានចំនួនជាង ១១ម៉ឺននាក់។ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ មិថុនា ឆ្នាំ២០២៤នេះ មានប្រសាសន៍ប្រាប់ ប៊ីធីវី ឲ្យដឹងថា បើគិតត្រឹមរយៈពេល ១ថ្ងៃម្សិលមិញនេះ មានបុគ្គលស្វ័យនិយោជន៍ចំនួនជិត ១,៥០០នាក់ មកស្នើសុំចុះបញ្ជិកាតាមរយៈការបង់ភាគទានដោយស្ម័គ្រចិត្ត។ ឯកឧត្តមបន្តថា ចាប់តាំងពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីខែវិច្ឆិកា ២០២៣កន្លងទៅ មន្រ្តីក្រុមការងាររបស់ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មផងដែរ។ក្រុមប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗគ្នា ដែលកំពុងរងចាំទទួលបណ្ណ ប.ស.ស. តាមរយៈរបបភាគទានដោយស្ម័គ្រចិត្តនេះ បានឲ្យដឹងថា ពួកគាត់ពិតជាមានអារម្មណ៍ថាកក់ក្តៅ និងសប្បាយចិត្តជាខ្លាំង ព្រោះធ្លាប់តែឃើញមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុនប៉ុណ្ណោះដែលអាចមានសិទ្ធិទទួលបណ្ណនេះ។ ប៉ុន្តែបច្ចុប្បន្ន ត្រឹមជាពលរដ្ឋធម្មតានិងមានមុខរបរតិចតួច ក៏អាចទទួលបានសិទ្ធិក្នុងការស្នើសុំបណ្ណ័សមាជិក ប.ស.ស. បានដូចគ្នាដែរ។ ពួកគាត់បានឲ្យដឹងស្រដៀងគ្នាទៀតថា ប័ណ្ណ ប.ស.ស. នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ពួកគាត់ ព្រោះអាចជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់ នៅពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យ។គិតចាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ រហូតមកដល់បច្ចុប្បន្ន របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តមានសមាជិកសរុបចំនួនាជិត ២៧ម៉ឺនននាក់។ សូមជម្រាបជូនបន្ថែមទៀតថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាល ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ពេលក្លាយជាសមាជិក ប.ស.ស. មានន័យថា កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីពេទ្យសាធារណ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនឹងផ្តល់ប្រាក់វិភាជន៍បូជាសព៕អត្ថបទ ឈិត បូរ៉ាវី

ក្រសួងការងារ៖ ក្រុមហ៊ុនធំៗ៥ ផ្តល់ឱកាសការងារជាង៣០០កន្លែង នៅថ្ងៃស្អែកនេះ

2024/06/05 11:54:25 am        222
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមហ៊ុនហ៊ុនធំៗក្នុងស្រុកចំនួន៥នឹងផ្តល់ឱកាសការងាររហូតជាង ៣០០កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)ដែលមានទីតាំងក្នុងបរិវេណទីស្តីការក្រសួង។ ក្រុមហ៊ុនធំៗទាំង៥នោះរួមមាន ធនាគារឯកទេសអ៉ីអន, ធនាគារជីបម៉ុង, ក្រុមហ៊ុនធានារ៉ាប់រង Manulife, ណាហ្គាវើល៍ និងក្រុមហ៊ុន សូគីមិច ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗ នៅថ្ងៃស្អែកនេះតែម្តង។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹងរបស់ក្រសួង។ បន្ថែមពីនេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចទាក់ទងមជ្ឈម ណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)សម្រាប់ព័ត៌មានបន្ថែម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
04/02/2026 08:04 PM
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
04/02/2026 08:04 PM
នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
04/02/2026 08:04 PM
លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
04/02/2026 08:04 PM
ក្រុមឧទ្ទាមហ៊ូធីសម្របសម្រួលជាមួយអ៊ីរ៉ង់ ប៉ុន្តែនៅតែរក្សាឯករាជ្យភាព បើទោះបីជាមានសង្រ្គាមក៏ដោយ
04/02/2026 08:04 PM
ប្រទេសចំនួន ៨ ថ្កោលទោសចំពោះទោសប្រហារជីវិតរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន
04/02/2026 08:04 PM
តំបន់ភាគកណ្តាល និងភាគខាងត្បូងអ៊ីតាលី រងការវាយប្រហារដោយព្យុះព្រិល និងអាកាសធាតុអាក្រក់
04/02/2026 08:04 PM
មនុស្សម្នាក់ស្លាប់ ក្រោយព្យុះវាយប្រហារប្រទេសក្រិកបង្កជាទឹកជំនន់ និងបង្អាក់ការធ្វើដំណើរ
04/02/2026 08:04 PM
ស្ថានទូសហរដ្ឋអាមេរិក ព្រមានពីលទ្ធភាពនៃការវាយប្រហារជីវពលសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់
04/02/2026 08:04 PM
ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង បានបំផ្លាញសំពត់តង់ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុង Khan Younis តំបន់ហ្កាហ្សា
04/02/2026 08:04 PM