គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្រ្តីកសិកម្ម ណែនាំមន្រ្តីជំនាញឲ្យចុះដល់មូលដ្ឋាន ដើម្បីធ្វើការដោយផ្ទាល់ជាមួយកសិករ

2024/05/28 12:57:28 pm        233
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ និងមន្ដ្រីជំនាញ ចាំបាច់ត្រូវចុះឱ្យដល់មូលដ្ឋានផ្ទាល់ ដើម្បីពិនិត្យ សិក្សាឱ្យបាន​គ្រប់ជ្រុងជ្រោយពីស្ថានភាពជាក់ស្តែង ​ហើយត្រូវមានផែនការវិនិយោគច្បាស់លាស់ ជាពិសេសត្រូវប្រើប្រាស់ថវិកាឱ្យចំគោលដៅ ​និងមានប្រសិទ្ធភាព ដើម្បីផ្ដល់ប្រយោជន៍ដល់​ប្រជាកសិករ។ ក្នុងកិច្ចប្រជុំពិនិត្យលើសំណើសុំបន្តចុះអនុស្សារណៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយសហព័ន្ធសហករណ៍ រ៉ៃអៃសិនអាល្លឺម៉ង់ (DGRV) ស្តីពីការអភិវឌ្ឍសហគមន៍កសិកម្ម កាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីកម្មវិធីគោល​នយោបាយ​អាទិភាពវិស័យកសិកម្ម ​តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប។ ឯកឧត្តម បានណែនាំដល់ថ្នាក់ដឹកនាំក្រសួង ​ត្រូវមានភាពម្ចាស់ការលើការគ្រប់គ្រង ដឹកនាំ មាន​ផែនការ​មេច្បាស់លាស់ ​ជាពិសេសដំណាំស្វាយចន្ទី។ បើតាម​ឯកឧត្តមរដ្ឋមន្ត្រី ការអភិវឌ្ឍនៅក្នុងវិស័យកសិកម្មចាំបាច់ ត្រូវការដៃគូសហការចូលរួម​នៅក្នុង​ចំណុច​ដែលខ្វះខាត ជាអាទិ៍ទីប្រឹក្សាជួយគាំទ្រដល់ការបង្កើតសហគមន៍កសិកម្មទំនើប ការ​បង្កើតផែនការវិនិយោគ ​ដែលជួយឱ្យកសិករអាចអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្ដម វ៉ាង វិនធាន ជាតួអង្គដ៏សំខាន់ធ្វើឱ្យស្មារតីនៃកិច្ចព្រមព្រៀងថ្នាក់ដឹកនាំកម្ពុជា-ចិន សម្រេចជាលទ្ធផលជាក់ស្តែងនាំមកនូវផលប្រយោជន៍ដល់ប្រជាជនទំាងសងខាង

2024/05/28 12:49:45 pm        168
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងអំពីជោគជ័យនៃបេសកកម្មការទូតរបស់ ឯកឧត្ដម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកសំខាន់មួយក្នុងការធ្វើឱ្យសម្រេចនូវរាល់ស្មារតីឯកភាពគ្នារវាងថ្នាក់ដឹកនាំកម្ពុជានិងចិន ជាលទ្ធផលជាក់ស្តែងបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃបែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម វ៉ាង វិនធាន ចូលជួបពិភាក្សាការងារនិងជម្រាបលា នាព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤ នៅក្នុងឱកាសដែលឯកឧត្តមនឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជានាពេលដ៏ខ្លីខាងមុខ។សម្តេចប្រធានរដ្ឋសភា បានបង្ហាញនូវមនោសញ្ចេតនាជ្រាលជ្រៅជាខ្លាំង នៅពេលដឹងថា ឯកឧត្ដមឯកអគ្គរដ្ឋទូត ត្រូវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ហើយគ្រោងចាកចេញពីកម្ពុជានាពេលឆាប់ៗខាងមុខ។ សម្តេចបានបានគូសបញ្ជាក់ថា ឯកឧត្ដម វ៉ាង វិនធាន ក៏ដូចជា ឯកអគ្គរដ្ឋទូតមុនៗ បានរួមចំណែកយ៉ាងសំខាន់ និងមានតម្លៃដល់ការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បានកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដោយបាននាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ជូនប្រជាជននិងប្រទេសទាំងពីរ ហើយបន្តពង្រឹងមិត្តភាពដែកថែបជាប្រវត្តិសាស្រ្ត ក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី តាមរយៈកិច្ចសហប្រតិបត្តិត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ឯកឧត្ដម វ៉ាង វិនធាន បានថ្លែងអំណគុណសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានជួបពិភាក្សាការងារនិងជម្រាបលានាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់សម្តេចរដ្ឋសភាធិបតី ក៏ដូចជារដ្ឋសភាកម្ពុជាទំាងមូល ដែលបានគំាទ្រនិងផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយស្ថានទូតចិនប្រចាំនៅភ្នំពេញ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមជិត៦ឆ្នាំមកនេះ ទទួលបានលទ្ធផលយ៉ាងធំធេង ។ក្នុងនាមជាសាក្សីមួយ ដែលបានស្នាក់នៅ និងបំពេញការងារនៅកម្ពុជា ឯកឧត្តមសូមកោតសរសើរចំពោះការរីកចម្រើន និងសមិទ្ធផលសំខាន់ជាច្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តវេនក្នុងអាណត្តិទី៧នេះ ជាពិសេសជោគជ័យរបស់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ជោគជ័យនៅក្នុងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយពីកូវីដ-១៩ ក៏ដូចជាជោគជ័យនៅក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) ភាពជាដៃគូសភាអាស៊ី អ៊ឺរ៉ុប (ASEP) និងមហាសន្និបាតអាយប៉ា (AIPA) ជាដើម ដែលធ្វើឱ្យតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិកាន់តែត្រូវបានលើកកម្ពស់ និងសំខាន់ឡើង។ឯកឧត្ដម វ៉ាង វិនធាន បានបង្ហាញអារម្មណ៍អាឡោះអាល័យ ដែលត្រូវចាកចេញពីកម្ពុជា និងបានគូសបញ្ជាក់ថា ទោះបី ឯកឧត្តម ត្រូវចាកចេញពីកម្ពុជាក្តី តែឯកឧត្តមនៅតែបន្តជួយគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមលទ្ធភាពផ្សេងៗ។ ឯកឧត្តម បានគូសបញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវមោទនភាពបំផុតដែលចំណងមិត្តភាពកម្ពុជាចិនកាន់តែរីកចម្រើននិងរឹងមាំឡើង នៅក្នុងនោះសមិទ្ធផលជាច្រើនបានលេចជារូបរាងឡើងនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម វ៉ាង វិនធាន ជាអាទិ៍ នៅឆ្នាំ២០១៩ ចិននិងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ សម្តេចប្រធានរដ្ឋសភាបានចាត់ទុកថា ទំនាក់ទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មីមួយ ដែលឈរលើគោលការណ៍ស្មោះត្រង់ ស្មើរភាព គោរពក្នា ឱ្យតម្លៃ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។ នាឱកាសនេះដែរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់ឯកឧត្តម វ៉ាង វិនធាន ផងដែរ។ មេដាយមហាសេរីវឌ្ឍន៍នេះ គឺជាគ្រឿងឥស្សរិយយស ផ្តល់កិត្តិយសជូនឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន៕

ក្រុមហ៊ូរទីនៅយេម៉ែន និយាយថា ពួកគេបានវាយប្រហារនាវា៣គ្រឿង នៅសមុទ្រក្រហម និងមហាសមុទ្រឥណ្ឌា

2024/05/28 11:59:01 am        148
អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូរទី នៅប្រទេសយេម៉ែន បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមនេះបានបើកការវាយប្រហារលើនាវាចំនួនបីគ្រឿង នៅលើសមុទ្រក្រហម និងមហាសមុទ្រឥណ្ឌា។លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមហ៊ូរទីថា ការវាយប្រហារលើកទីមួយ បានដាក់គោលដៅលើនាវាអាមេរិក Larego Desert នៅលើមហាសមុទ្រឥណ្ឌា លើកទីពីរបានកំណត់គោលដៅលើនាវារបស់អ៊ីស្រាអែល MSC Mechela នៅមហាសមុទ្រឥណ្ឌា ហើយលើកទីបី បានដាក់គោលដៅលើនាវា Minerva Lisa នៅលើសមុទ្រក្រហម។លោក Sarea និយាយថា ក្រុមរបស់លោក ក៏បានបើកការវាយប្រហារដោយយានដ្រូនទៅលើ នាវាចម្បាំងអាមេរិកពីរគ្រឿង នៅលើសមុទ្រក្រហម ហើយការវាយប្រហារគឺត្រឹមត្រូវ ជាការប្តេជ្ញាបន្តការវាយប្រហារ រហូតដល់អ៊ីស្រាអែល បញ្ឈប់សង្គ្រាមរបស់ខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីប។ ពុំឃើញមានព័ត៌មានជាសាធារណៈសម្រាប់នាវាពីរគ្រឿងដំបូងឡើយ ប៉ុន្តែអង្គភាពឃ្លាំមើលចរាចរណ៍ផ្លូវសមុទ្រ បានបង្ហាញពីនាវាដឹកប្រេង Largo Desert ដោតទង់ជាតិប្រជុំកោះម៉ាសល(Marshall) កំពុងធ្វើដំណើរពីទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូងទៅកាន់ទីក្រុង Beira ប្រទេសម៉ូហ្សាំប៊ីក មានសកម្មភាពនៅក្នុងតំបន់នោះ។ អង្គភាពតាមដានតាមប្រព័ន្ធអនឡាញ Marine Traffic បានបង្ហាញថា នាវា Minerva Lisa គឺជានាវាដឹកប្រេងឆៅ ស្ថិតនៅទីតាំងលើសមុទ្រក្រហម។ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្រុមហ៊ូរទី បានអះអាងថា ពួកគេបានវាយប្រហារដោយមីស៊ីលប្រឆាំងនាវាអ៊ីស្រាអែល Essex នៅសមុទ្រមេឌីទែរ៉ាណេ។ ក្រុមឧទ្ទាមហ៊ូរទី បានចាប់ផ្តើមបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា និងយានដ្រូន ចាប់តាំងពីខែវិច្ឆិកា ដោយដាក់គោលដៅលើអ្វីដែលពួកគេបាននិយាយថា ជានាវាមានទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម ដែលការវាយប្រហារនេះគឺដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប។ ក្នុងការឆ្លើយតប ក្រុមចម្រុះកងទ័ពជើងទឹកអាមេរិក-អង់គ្លេស ដែលមានមូលដ្ឋានក្នុងដែនទឹក ចាប់តាំងពីខែមករា បានធ្វើការវាយឆ្មក់តាមអាកាស និងវាយប្រហារដោយមីស៊ីល ទៅលើគោលដៅរបស់ក្រុមហ៊ូរទីនៅក្នុងប្រទេសយេម៉ែន ដើម្បីរារាំងក្រុមនេះ ប៉ុន្តែបានត្រឹមតែនាំទៅរកការពង្រីកការវាយប្រហារកាន់តែធំរបស់ក្រុមហ៊ូរទី រួមមានទាំងការវាយប្រហារលើនាវាពាណិជ្ជកម្ម និងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងអង់គ្លេស។

កូរ៉េខាងជើងនិយាយថា ការបាញ់បង្ហោះផ្កាយរណបចុងក្រោយរបស់ខ្លួន ផ្ទុះនៅក្នុងពេលហោះហើរ

2024/05/28 11:10:19 am        150
ប្រទេសកូរ៉េខាងជើង បាននិយាយថា ការប៉ុនប៉ងរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាថ្មី បានបញ្ចប់ដោយការបរាជ័យ កាលពីថ្ងៃចន្ទទី២៧ ខែឧសភា នៅពេលដែលម៉ាស៊ីនរ៉ុក្កែតដែលទើបផលិតថ្មី បានផ្ទុះនៅក្នុងពេលហោះហើរ។ បំណងនេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានចេញការព្រមានថា ខ្លួននឹងព្យាយាមបាញ់បង្ហោះផ្កាយរណបនៅត្រឹមថ្ងៃទី៤ ខែមិថុនា ជាអ្វីដែលនឹងក្លាយជាផ្កាយរណបចារកម្មទីពីររបស់ខ្លួន នៅក្នុងគន្លងតារាវិថី។អគ្គនាយករងនៃរដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិរបស់ប្រទេសកូរ៉េខាងជើង បាននិយាយ នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ការបាញ់បង្ហោះនេះ បានក្លាយជាការបរាជ័យចុងក្រោយរបស់ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការបរាជ័យពីរលើកផ្សេងទៀត កាលពីឆ្នាំមុន។ ប្រទេសកូរ៉េខាងជើង បានបង្ហោះផ្កាយរណបចារកម្មលើកដំបូងរបស់ខ្លួនដោយជោគជ័យ នៅក្នុងគន្លងតារាវិថី កាលពីខែវិច្ឆិកា។ ការបាញ់បង្ហោះរ៉ុក្កែតបំពាក់ផ្កាយរណបថ្មី បានបរាជ័យ ខណៈបានផ្ទុះនៅកណ្តាលអាកាស អំឡុងពេលហោះហើរនៃដំណាក់កាលដំបូង។ របាយការណ៍និយាយថា ការវិភាគដំបូងបានលើកឡើងថា មូលហេតុគឺដោយសារតែ ម៉ូទ័ររ៉ុក្កែតប្រើឥន្ធនៈរាវដែលត្រូវបានផលិតថ្មី ប៉ុន្តែមូលហេតុដែលអាចកើតមានផ្សេងទៀត កំពុងត្រូវបានស៊ើបអង្កេត។ នាយសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង (JCS) បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល នៅឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន នៅម៉ោងប្រហែល ១០:៤៤នាទីយប់ ម៉ោងក្នុងស្រុក ខណៈកូរ៉េខាងត្បូងបានរកឃើញបំណែកជាច្រើនពីគ្រាប់រ៉ុក្កែត នៅក្នុងសមុទ្រ រយៈពេលត្រឹមតែពីរនាទីបន្ទាប់ពីការបាញ់បង្ហោះ។ លោក Yoshimasa Hayashi ប្រធានរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានប្រាប់អ្នកសារព័ត៌មានថា វត្ថុដែលប្រទេសកូរ៉េខាងជើង បានបាញ់ បានបាត់នៅលើសមុទ្រលឿង។ ការបាញ់បង្ហោះទាំងនេះ គឺជាការបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខពាក់ព័ន្ធ ហើយជាបញ្ហាដ៏ធ្ងន់ធ្ងរទាក់ទងទៅនឹងសុវត្ថិភាពប្រជាជនរបស់យើង។អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា សហរដ្ឋអាមេរិក បានថ្កោលទោសការបាញ់បង្ហោះនេះ ដែលរួមបញ្ចូលបច្ចេកវិទ្យាពាក់ព័ន្ធដោយផ្ទាល់ទៅនឹងកម្មវិធីមីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ហើយបានធ្វើឡើងក្នុងការបំពានលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

អាជ្ញាធរហ្វីលីពីន និយាយថា មនុស្ស ៧ នាក់ បានស្លាប់បន្ទាប់ពីខ្យល់ព្យុះ

2024/05/28 11:02:20 am        147
អាជ្ញាធរហ្វីលីពីន បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧ នាក់ បានស្លាប់ដោយសារព្យុះត្រូពិច អេវីនែរ (Ewiniar) ដែលបានបោកបក់ប្រទេសនេះកាលពីចុងសប្តាហ៍ ហើយលោកប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយនៅថ្ងៃអង្គារ (២៨ ឧសភា) នេះថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ កំពុងបន្ត។ព្យុះ អេវីនែរ បាននាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តភាគខាងត្បូងនៃរដ្ឋធានី ដោយបានបិទព្រលានយន្តហោះ និងកំពង់ផែសមុទ្រ ព្រមទាំងរំខានដល់ការផ្គត់ផ្គង់ថាមពល។ ព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសជប៉ុន នៅថ្ងៃអង្គារ នេះជាមួយនឹងកម្លាំងខ្យល់បក់មធ្យមរហូតដល់ ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្រ្តាក់ក្នុងល្បឿនរហូតដល់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។លោក ម៉ាកូស បាននិយាយនៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសប្រ៊ុយណេ ថា ព្យុះនេះបានប៉ះពាល់ដល់មនុស្សជិត ២៧.០០០ នាក់ និងបានរំខានដល់ប្រតិបត្តិការនៃអាកាសយានដ្ឋានចំនួន ៣ ទីតាំង និងកំពង់ផែសមុទ្រចំនួន ៩ កន្លែងកាលពីចុងសប្តាហ៍។ ព្យុះ អេវីនែរ គឺជាព្យុះត្រូពិចដំបូងគេដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជួបប្រទះខ្យល់ព្យុះជាមធ្យមចំនួន ២០ ដងក្នុងមួយឆ្នាំ ដែលជារឿយៗបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងបំណាក់ដី៕

ការបដិសេធសំណើរបស់កោះតៃវ៉ាន់ ក្នុងសន្និបាត WHA បង្ហាញពីជំហរគោលការណ៍ចិនតែមួយ

2024/05/28 10:58:42 am        157
លោក ឈិន ស៊ូ (Chen Xu) តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងៗទៀតអង្គការអន្តរជាតិនៅប្រទេសស្វីស បាននិយាយថា ការបដិសេធរបស់មហាសន្និបាតសុខភាពពិភពលោក (WHA) លើកទី៧៧ នៃសំណើសុំចូលរួមក្នុងកិច្ចប្រជុំនេះរបស់កោះតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្ត និងជំហរដ៏រឹងមាំ ដែលមិនអាចប្រកែកបានរបស់សហគមន៍អន្តរជាតិចំពោះគោលការណ៍ចិនតែមួយ។កាលពីថ្ងៃចន្ទ (២៧ ឧសភា) មហាសន្និបាតសុខភាពពិភពលោក WHA ដែលជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់អង្គការសុខភាពពិភពលោក WHO បានសម្រេចចិត្តមិនដាក់បញ្ចូលក្នុងរបៀបវារៈរបស់ខ្លួននូវសំណើស្តីពីការចូលរួមរបស់កោះតៃវ៉ាន់ នៅក្នុងសន្និបាតប្រចាំឆ្នាំក្នុងនាមជាអ្នកសង្កេតការណ៍។លោក ឈិន បាននិយាយថា «មហាសន្និបាតសុខភាពពិភពលោក បានច្រានចោលសំណើដែលទាក់ទងនឹងកោះតៃវ៉ាន់ រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា ដោយនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គោលការណ៍ចិនតែមួយ ដែលជាការឯកភាពទូទៅក្នុងចំណោមសហគមន៍អន្តរជាតិ មិនមានបញ្ហាប្រឈមអ្វីឡើយ»។កោះតៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិភាគច្រើន ដោយសារតែការជំទាស់របស់ចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះថាជាទឹកដីរបស់ខ្លួន។ ការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន បាននិយាយនៅខែនេះថា វាជាកំហុសរបស់បក្សកាន់អំណាចតៃវ៉ាន់ ដែលកោះនេះមិនអាចចូលរួមសន្និបាត WHA បាន ដោយសារ «កង្វះមូលដ្ឋាននយោបាយ»៕

រយៈពេល៤ថ្ងៃក្មេងទំនើង៤៥នាក់ ត្រូវបានឃាត់ខ្លួន​បញ្ជូន​ទៅតុលាការ អនុវត្តតាមផ្លូវច្បាប់

2024/05/28 10:47:52 am        329
ក្រុមក្មេងទំនើងដែលតែងធ្វើសកម្មភាពកាប់ចាក់គ្នា និងដើរអុកឡុកក្នុងភូមសាស្ត្ររាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលធ្វើការបង្ក្រាបរយៈពេល០៤ថ្ងៃ និងបាន​បញ្ជូន​ខ្លួន​ទៅតុលាការ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ។កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនាយកដ្ឋាន​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅតែបន្តប្រតិបត្តិការក្តៅរគគុករបស់ខ្លួន​ក្នុងការចុះពង្រាយ​កម្លាំងចេញល្បាតពួនស្ទាក់គ្រប់ច្រកល្ហកទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ​ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកើតមានឡើងរបស់ក្រុមក្មេងទំនើង ​ដែលបានបង្កភាពអសន្តិសុខ និងអាណាធិបតេយ្យនៅក្នុងសង្គមជាតិ ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានប្រាប់ BTV ឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់បើកប្រតិបត្តិការក្តៅ និង​ជាការឆ្លើយតបបទបញ្ជា​របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដល់ថ្ងៃទី២៦ ​ខែឆ្នាំដដែល សមត្ថកិច្ច​បានបង្ក្រាប​បានសកម្មភាពក្រុមក្មេងទំនើងសរុប ១០ករណី និង​បានឃាត់ក្មេងទំនើង​ជាច្រើនក្រុម ដែលមានមនុស្សសរុប៤៥នាក់ ​ដោយបានធ្វើការដកហូតវត្ថុតាងបទល្មើស ​មានដាវ ដុំថ្ម និងកាំបិតជាច្រើនដើម ​ពីក្រុមក្មេងទំនើងខាងលើ ​ក្រោយពេលបង្ក្រាបបាន រួមជាមួយម៉ូតូជាច្រើន​គ្រឿងផងដែរ ។ អ្នកនាំពាក្យដដែល បន្តថា ក្រុមក្មេងទំនើងទាំង៤៥នាក់ គឺជាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់ហិង្សា​ដោយការ​កាប់ចាក់គ្នាទៅវិញទៅមក ​និងការរក្សាទុកដាវកាំបិតក្នុងខ្លួន ឬក្នុងមធ្យោបាយ​ធ្វើដំណើរ​ដោយ​ខុសច្បាប់​គ្មាន​ការអនុញ្ញាត្តិ ។ប្រជាពលរដ្ឋ ​រស់នៅក្នុងរាជធានីភ្នំពេញ បានបង្ហាញក្តីពេញចិត្ត និងសាទរ​បំផុតចំពោះចំណាត់​ការ​របស់​សមត្ថកិច្ច ​ក្នុងការបង្ក្រាបសកម្មភាព​ក្រុមក្មេងទំនើង ​ដែលសកម្មភាពនេះតែងបង្កជាក្តី​ព្រួយ​បារម្ភ និងភ័យខ្លាច​ ក្នុងចិត្តរបស់ប្រជាពលរដ្ឋ ​ពិសេសគឺបង្កភាពអសន្តិសុខ​ ប៉ះពាល់ដល់សង្គម ។ ពលរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ​ដែលបាន​ចេញបទ​បញ្ជា​ម៉ឺងម៉ាត់ ដល់​កម្លាំង​នគរបាល ឱ្យមានការអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់លើបញ្ហាក្មេងទំនើងនេះ ៕ អត្ថបទ៖ លីហេង

កងទ័ពកម្ពុជា-ចិន បានផ្លាស់ប្តូរបទពិសោធន៍គ្នាកាន់តែប្រសើរលើការប្រឆាំងភេរវកម្ម និងសង្រ្គោះក្រោយសមយុទ្ធរួមគ្នាជាច្រើនថ្ងៃ

2024/05/28 10:28:07 am        217
សមយុទ្ធនាគមាសលើកទី៦ ដែលមានឈ្មោះថា«នាគមាស»រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើការបិទបញ្ចប់នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ខណៈសមយុទ្ធដែលបាន ប្រព្រឹត្តទៅអស់រយៈពេល២សប្តាហ៍កន្លងមកនេះ គឺបានផ្លាស់ប្តូរបទពិសោធន៍គ្នាកាន់តែល្អប្រសើរបន្ថែម ទៀត លើប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើភេរវកម្មរួមគ្នា និងសង្រ្គោះមនុស្សធម៌ជាដើម។សមយុទ្ធយោធារវាងកម្ពុជា និងចិនដែលមានឈ្មោះថា«នាគមាស»ឆ្នាំ២០២៤នេះ គឺបានធ្វើឡើងក្រោមវិធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» រយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។ សមយុទ្ធ នេះនឹងធ្វើពិធីបិទជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភាខាងមុខនេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ​កម្ពុជា និងឧត្តមសេនីយ៍ឯក ជេរ ជៀនឆឹង មេបញ្ជាការរង និងជានាយទាហានសេនាធិការតំបន់​ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យនៃការហាត់សមសម្រាប់ត្រៀមធ្វើកម្មវិធីបិទនាថ្ងៃទី២៨ នេះ​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធាន​គណៈកម្មការដឹកនាំ​ធ្វើលំហាត់ ​និងសមយុទ្ធកងយោធពលខេមរភូមិន្ទ បានលើកឡើងថា​សមយុទ្ធ«នាគមាស»លើកទី៦ ឆ្នាំ២០២៤នេះ គឺបានប្រព្រឹត្តទៅមានលក្ខណៈជាទ្រង់ទ្រាយ​ធំជាងឆ្នាំមុនៗទៅទៀត ទាំងកម្លាំងយោធា ឧទ្ធោបករណ៍ និងសម្ភារដែលបម្រើឲ្យការធ្វើ​សមយុទ្ធ​នេះ។ នាយឧត្តមសេនីយ៍បានបន្ថែមទៀតថាសមយុទ្ធនាគមាសនេះ ក្រៅពីប្រព្រឹត្តទៅក្រោមប្រធាន​បទប្រតិបត្តិការរួមប្រឆាំងភេរវកម្ម សង្រ្គោះមនុស្សធម៌ក៏មានការបាញ់គ្រាប់ពិតនូវអាវុធ​ធន់ធ្ងន់ផងដែរ។ យ៉ាងណាក៏ដោយឯកឧត្តម នាយឧត្តមសេនីយ៍ឥត សារ៉ាត់ បានថ្លែងកោតសរសើរ​ចំពោះការខិតខំរបស់កងទ័ពទាំងពីរ(កម្ពុជា និងចិន) ដែលបានខិតខំហ្វឹក ហាត់រួមគ្នានាពេលកន្លងមកនេះយ៉ាងសកម្មដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួន។សូមបញ្ជាក់ថា សមយុទ្ធនាគមាសលើកទី៦ ឆ្នាំ២០២៤នេះ គឺធ្វើបានឡើង​តាមរយៈកិច្ច​សហប្រតិបត្តិការ ​ប្រចាំឆ្នាំទ្វេភាគីរវាងកម្ពុជា និងចិន ក្នុងគោលបំណងផ្លាស់ប្តូរ​បទពិសោធន៍គ្នា​ទៅវិញទៅមក នៃការទប់ស្កាត់ និងបង្រ្កាប់អំពើភេរវកម្ម ការប្រឆាំងដ្រូនស៊ើបការរបស់សត្រូវ និង​ក៏ដើម្បីបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងកិច្ចការ​ពារជាតិ ការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ​ពុំមែនធ្វើឡើងដើម្បីជាការគំរាមកំហែង ឬធ្វើ​ឲ្យប៉ះពាល់ដល់អ្នកណា ឬប្រទេសណានោះឡើយ៕អត្ថបទ៖ បាន ចក់

ហ្វីលីពីន តវ៉ាប្រឆាំងនឹងបម្រាមលើការនេសាទប្រចាំឆ្នាំនៅសមុទ្រចិនខាងត្បូងរបស់ចិន

2024/05/28 10:01:23 am        141
ក្រសួងការបរទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃចន្ទ (២៧ ឧសភា) ថា ប្រទេសហ្វីលីពីន បានតវ៉ាចំពោះការដាក់បម្រាមជាឯកតោភាគីរបស់ប្រទេសចិន លើការនេសាទប្រចាំឆ្នាំ រយៈពេលបួនខែនៅក្នុងសមុទ្រចិនខាងត្បូង។ក្រសួងការបរទេសបាននិយាយថា ការដាក់បម្រាមនេសាទប្រចាំឆ្នាំនេះបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដោយអំពាវនាវឱ្យទីក្រុងប៉េកាំង «បញ្ឈប់» ការធ្វើ «សកម្មភាពខុសច្បាប់» ដែលរំលោភលើអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាពរបស់ហ្វីលីពីន។ប្រទេសចិន ដាក់បម្រាមនេសាទប្រចាំឆ្នាំលើដែនទឹកសមុទ្រចិនខាងត្បូង ហើយហ្វីលីពីនតែងតែប្រឆាំង។ ការហាមប្រាមនៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងមានរយៈពេលរហូតដល់ខែកញ្ញា។ ក្រសួងកិច្ចការបរទេសរបស់ហ្វីលីពីន (DFA) បានតវ៉ាចំពោះការហាមឃាត់នេះ តាមរយៈកំណត់ទូត ដោយនិយាយថា បម្រាមនេសាទនេះគ្របដណ្តប់លើដែនទឹកនៅក្នុងតំបន់ដែនសមុទ្ររបស់ខ្លួន។រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) កាលពីសប្តាហ៍មុនបាននិយាយថា ច្បាប់ថ្មីរបស់ចិនអំពីមធ្យោបាយដែលឆ្មាំល្បាតឆ្នេររបស់ខ្លួនអាចប្រតិបត្តិការនៅភាគខាងត្បូងប្រទេសចិន គឺជា «ការបង្កហេតុ»។ ប្រទេសចិន ទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ដែលជាច្រកសម្រាប់ពាណិជ្ជកម្មកប៉ាល់ប្រចាំឆ្នាំជាង ៣ សែនកោដិ៍ដុល្លារ។ ការទាមទារទឹកដីរបស់ចិននេះត្រួតលើគ្នាជាមួយដែនទឹកដែលទាមទារដោយហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ៕

រុស្ស៊ី៖ NATO កំពុងស្ថិតក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី ក្នុងការឱ្យអ៊ុយក្រែន ប្រើអាវុធលោកខាងលិច

2024/05/28 09:57:49 am        227
វិមានក្រឹមឡាំង បានស្តីបន្ទោសអគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) កាលពីថ្ងៃច័ន្ទ (២៧ ឧសភា) ចំពោះការផ្ដល់អនុសាសន៍ថាសមាជិកនៃសម្ព័ន្ធយោធានេះគួរតែអនុញ្ញាតឱ្យអ៊ុយក្រែន វាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ដោយប្រើអាវុធរបស់លោកខាងលិច ហើយបាននិយាយថា នេះបង្ហាញច្បាស់ណាស់ថាអង្គការណាតូ កំពុងប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី។លោក ស្តុលថិនប៊ឺក បានប្រាប់សារព័ត៌មាន ដឹ អ៊ីខូណូមីស (The Economist) ថា សមាជិកណាតូ ដែលផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន គួរតែបញ្ចប់ការហាមឃាត់របស់ពួកគេលើការប្រើប្រាស់អាវុធទាំងនោះដើម្បីវាយប្រហារគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្គូវ (Dmitry Peskov) បានប្រាប់សារព័ត៌មាន អ៊ីសវេស្ទៀ (Izvestia) របស់រុស្ស៊ី ថា «អង្គការណាតូ កំពុងបង្កើនកម្រិតនៃការកើនឡើងជម្លោះ»។នៅពេលត្រូវសាកសួរថាតើ សម្ព័ន្ធយោធាណាតូ កំពុងខិតជិតការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ីដែរ ឬទេ លោក ផេស្គូវ ឆ្លើយថា «ពេលនេះពួកគេស្ថិតនៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី ហើយ»។ ក្រុមមន្ត្រីរុស្ស៊ីនិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី រួមទាំងតំបន់ជនស៊ីវិល និងផ្នែកខ្លះនៃការការពារនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាកំណើននៃជម្លោះដោយផ្ទាល់។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានលោកខាងលិចម្តងហើយម្តងទៀតថា ខ្លួនកំពុងប្រថុយនឹងការបង្កឱ្យមានសង្រ្គាមសកលលោក ជុំវិញបញ្ហាអ៊ុយក្រែន ហើយថាជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ នឹងមានន័យថា ភពផែនដីនៅមិនឆ្ងាយពីសង្គ្រាមលោកលើកទី៣ នោះទេ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យោធាកោះតៃវ៉ាន់៖ ការពន្យារពេលលើកញ្ចប់ថវិកា ប៉ះពាល់ដល់ការទិញអាវុធ និងការហ្វឹកហ្វឺនតម្លៃ ២,៤ពាន់លានដុល្លារ
04/02/2026 12:04 PM
MPL Cambodia រដូវកាលទី១០ ត្រលប់មកវិញកាន់តែអស្ចារ្យ កើនទាំងក្រុម កើនទាំង​ប្រាក់រង្វាន់
04/02/2026 12:04 PM
កម្ពុជា និងសាធារណរដ្ឋបង់ក្លាដែស ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ
04/02/2026 11:04 AM
ពលរដ្ឋអាល្លឺម៉ង់ សម្រុកឆ្លងកាត់ព្រំដែនទៅប៉ូឡូញដើម្បីស្វែងរកប្រេងឥន្ធនៈដែលមានតម្លៃទាបជាង
04/02/2026 11:04 AM
ចក្រភពអង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអន្តរជាតិស្តីពីការបើកឡើងវិញច្រកសមុទ្រ Hormuz
04/02/2026 11:04 AM
ក្រុមបាតុករនៅទីក្រុងតូក្យូ តវ៉ាប្រឆាំងការដាក់ពង្រាយមីស៊ីលរបស់ប្រទេសជប៉ុន
04/02/2026 11:04 AM
នាវាទេសចរណ៍មួយដឹកភ្ញៀវទេសចរសរុបជាង៦០០នាក់ ចូលចតនៅកំពង់ផែ​ក្រុង​ព្រះសីហនុ
04/02/2026 11:04 AM
រញ្ជួយដីដ៏ខ្លាំងក្លានៅឥណ្ឌូនេស៊ី បានបំផ្លាញអគារដែលបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់
04/02/2026 11:04 AM
ធុរកិច្ចជប៉ុនដែលវិនិយោគចិញ្ចឹមត្រីទីឡាប់ព្យានៅកម្ពុជាកំពុងសិក្សាលទ្ធភាពជំរុញការនាំចេញ
04/02/2026 11:04 AM
អភិបាលខេត្តកំពង់ចាម នាំយកអំណោយសប្បុរសធម៌ ចែកជូនបងប្អូនជនភៀសសឹក ក្នុងខេត្តព្រះវិហារ
04/02/2026 10:04 AM