គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

រកឃើញជ័យលាភី ការប្រកួតលើប្រធានបទ«ដង្ហើមទីក្រុង» វិញ្ញាសាការអភិវឌ្ឍរមណីយដ្ឋានវត្តភ្នំ

2024/05/16 09:48:39 am        217
ភ្នំពេញ៖ រកឃើញនូវជ័យលាភី ដែលបានចូលរួមការប្រកួតប្រជែងនៃស្នាដៃស្ថាបត្យករកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ដង្ហើមទីក្រុង Breath Of The City” លើវិញ្ញាសាការអភិវឌ្ឍនូវរមនីយដ្ឋានវត្តភ្នំ ដែល​ស្នាដៃ​របស់​ពួកគេប្រកបដោយភាពច្នៃប្រឌិត ទាក់ទាញភ្ញៀវទេសចរ​កាន់តែច្រើនទៅលេងកម្សាន្ត នៅ​ទីតាំង​ទេសចរណ៍​ដ៏សំខាន់ ក្នុងរាជធានីភ្នំពេញមួយនេះ។សម្រាប់ការរៀបចំនូវការប្រកួតប្រជែង គឺបានផ្ដោតសំខាន់លើការរចនា ដ៏មានប្រសិទ្ធភាព ដើម្បី​សោភ័ណ​ភាព​ទីក្រុង ហើយប្រធានបទដង្ហើមទីក្រុងនេះ ក៏អាចចូលរួមចំណែកក្នុងការជួយដោះស្រាយ ធ្វើ​យ៉ាង​ណា​ឲ្យ​សង្គម​បរិយាកាសក្នុងរាជធានីភ្នំពេញ កាន់តែមានភាពទាក់ទាញ និងជំរុញ​កំណើន​សេដ្ឋកិច្ច​ផង​ដែរ។ក្នុងឱកាសអញ្ជើញចែកពានរង្វាន់ស្នាដៃស្ថាបត្យករកម្ពុជា ក្រោមប្រធានបទ “ដង្ហើមទីក្រុង” នៅ​រសៀល​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញការកោតសរសើរ និងអបអរសាទរ នូវទេពកោសល្យ​ស្នាដៃ​របស់​ស្ថាបត្យ​ករ​កម្ពុជា ដែលទទួលបានពានរង្វាន់ និងថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជា ដែ​ល​ជា​រឿយៗ​តែង​តែបង្ហាញអំពីគំនិតច្នៃប្រឌិត ដ៏គួរឱ្យភ្ញាក់ផ្អើល ។ឯកឧត្តមបានបន្តថា សង្គមកម្ពុជាកំពុងត្រេកអរ និងទទួលយក​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​ប្លែក​ៗ​ផ្នែក​ស្ថាបត្យ​កម្ម ដើម្បីចូលរួមកសាងកម្ពុជាឱ្យមានការវិវឌ្ឍឈានឡើងទៅមុខ ដោយចាប់ផ្ដើមដើរលើមាគ៌ារួម ទទួល​យក​ភាព​ច្នៃប្រឌិតដ៏អស្ចារ្យ របស់សហការីផ្នែកស្ថាបត្យកម្ម ហើយយើង​ត្រូវ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ មិនត្រូវមានការរាថយឡើយ ខណៈទេពកោសល្យដែលបង្ហាញក្នុងកម្មវិធីប្រកួតប្រជែងនេះ គឺ​ជា​មោទនភាពរបស់យើង ហើយវានឹងមានការលូតលាស់រីកចម្រើនបន្ថែមទៀត នាពេលខាងមុខ ។ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំ និងជំរុញដល់ស្ថាបត្យករកម្ពុជា ត្រូវមានភាពជឿជាក់ ក្នុងការបង្ហាញនូវគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួន ដើម្បីរួមគ្នាកសាងសង្គមកម្ពុជា ឱ្យកាន់​តែ​រីក​លូត​លាស់ ឈានឆ្ពោះទៅមុខ ។ជ័យលាភីទាំង៥ក្រុមដែលរួមមាន៖ លេខ១៖ ក្រុមទី៣៥ "វត្តភ្នំ - A Timeless Park" លេខ២៖ ក្រុមទី៦១ "ចំណងបៃតង" លេខ៣៖ ក្រុមទី២៧ "បេះដូងបៃតង នៃទីក្រុងភ្នំពេញ" លេខ៤៖ ក្រុមទី៣៤ "សេដ្ឋកិច្ចក្នុងអរិយធម៌បៃតង"និងលេខ៥៖ ក្រុមទី០៧ "Rebirth"។ សម្រាប់ក្រុមទទួលបានជ័យលាភី បានបង្ហាញការពេញចិត្ត ចំពោះប្រធានបទ និង​វិញ្ញាសា ដែលកម្មវិធីបានរៀបចំ ព្រោះវាជាផ្នែកមួយ ក្នុងការទទួលយកស្នាដៃពីយុវជន ដែល​មាន​គំនិត​ចង់​ចូល​រួមអភិវឌ្ឍន៍ទីក្រុង ហើយក៏ជាឱកាសឲ្យពួកគេ បានទទួលនូវបទពិសោធន៍ជាច្រើន ពីដៃគូប្រកួត ឬ​ដំបូន្មានពីគណៈកម្មការ លើការងារស្ថាបត្យកម្ម ។គួរបញ្ជាក់ថា ការប្រកួតប្រជែងនៃស្នាដៃស្ថាបត្យករកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ដង្ហើមទីក្រុង Breath Of The City” ឆ្នាំ២០២៤ លើវិញ្ញាសារការអភិវឌ្ឍនូវរមនីយដ្ឋានវត្តភ្នំ មានបេក្ខភាពចូលរួមជាង ៨០​ក្រុម ដែលមានមកពីតាមសាកលវិទ្យាល័យ និងស្ថាប័នមួយចំនួន ដែលត្រូវ​ប្រកួត​ប្រជែង​រយៈ​ពេល​ជាង ៤ខែ ហើយក្រុមជាប់ជ័យលាភីលេខ១ ទទួលបានពានមួយ បណ្ណសរសើរ និងថវិកា ៣ ៥០០ដុល្លារ រួម​នឹងការលើកទឹកចិត្តមួយចំនួនទៀត៕ អត្ថបទ បាន សុខរិទ្ធិ

ជំនួបរបស់លោក Putin ជាមួយលោក Xi នៅចិន គូសបញ្ជាក់ពីសម្ព័ន្ធភាពដែលកំពុងកើនឡើង

2024/05/16 09:10:49 am        181
ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃព្រហស្បតិ៍ (១៦ ឧសភា) នេះ ទំនងជាគ្របដណ្ដប់លើកិច្ចព្រមព្រៀងដ៏រឹងមាំ ប៉ុន្តែនឹងបង្ហាញពីការចាប់ផ្តើមអាណត្តិប្រធានាធិបតីថ្មីរបស់លោក ជាមួយនឹងការគាំទ្រពីដៃគូនយោបាយដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន គឺសមភាគីចិន លោក ស៊ី ជីនពីង (Xi Jinping)។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ទីក្រុងប៉េកាំង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោកនៅប្រទេសចិន ដែលជាដំណើរទស្សនកិច្ចបរទេសលើកដំបូង បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី។ បេសកកម្មរយៈពេលពីរថ្ងៃរបស់លោក ពូទីន ត្រូវបានគេរំពឹងថានឹងបង្ហាញពីភាពជាដៃគូ «គ្មានដែនកំណត់» របស់ភាគីទាំងពីរក្នុងការតស៊ូប្រឆាំងនឹងសម្ពាធពីសហរដ្ឋអាមេរិក ជុំវិញសង្រ្គាមរបស់រុស្ស៊ី នៅឆ្នាំ២០២២ លើអ៊ុយក្រែន។ក្រសួងការបរទេសចិន បានបញ្ជាក់ពីដំណើររបស់លោក ពូទីន កាលពីថ្ងៃអង្គារ ដោយនិយាយថាលោក ស៊ី និងលោក ពូទីន នឹងផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនង និង «បញ្ហាអន្តរជាតិ និងតំបន់ ដែលជាកង្វល់រួម»។ខណៈពេលដែលក្រុមអ្នកការទូត និងអ្នកវិភាគរំពឹងថាលោក ពូទីន នឹងជំរុញលោក ស៊ី ឱ្យគាំទ្របន្ថែមទៀតសម្រាប់សេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ី រាប់ចាប់ពីម៉ាស៊ីន រហូតដល់សារធាតុគីមីដើម្បីជួយឧស្សាហកម្មយោធារបស់ខ្លួនក្នុងការបញ្ចុះតម្លៃប្រេង និងឧស្ម័នកាន់តែច្រើន ដំណើររបស់លោក ពូទីន នេះក៏ទំនងជានិមិត្តរូបយ៉ាងខ្លាំងនៃទស្សនៈពិភពលោករួមគ្នាដែលផ្តោតលើការប្រឆាំងនឹងសណ្ដាប់ធ្នាប់ដែលដឹកនាំដោយសហរដ្ឋអាមេរិក៕

លោក Putin ទៅដល់ចិន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ក្នុងការបង្ហាញការរួបរួមរវាងសម្ព័ន្ធមិត្ត

2024/05/16 08:43:35 am        168
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន(Vladimir Putin)បានទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ ទី១៦ឧសភាសប្ដាហ៍នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃទៅកាន់ប្រទេសចិន ដើម្បីបង្ហាញការរួបរួមរវាងសម្ព័ន្ធមិត្តទាំង២ ខណៈទីក្រុងមូស្គូ កំពុងជំរុញការវាយលុកថ្មីនៅអ៊ុយក្រែន។ ចិន និងរុស្ស៊ី បានប្រកាសពីមិត្តភាពគ្មានដែនកំណត់ កាលពីក្នុងខែកុម្ភៈឆ្នាំ២០២២ នៅពេលលោក Putin បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលលោក បានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលក្នុងប្រទេសអ៊ុយក្រែន ដែលបណ្ដាលឲ្យមានជាសង្រ្គាមលើដីដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងតំបន់អឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ ដំណើរទស្សនកិច្ចរបស់លោក Putin បានកើតឡើង ស្របពេលប្រទេសរុស្ស៊ីបានពឹងផ្អែកផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងទៅលើប្រទេសចិន បន្ទាប់ពីការវាយលុករបស់ក្រុងមូស្គូពេញបន្ទុកលើអ៊ុយក្រែនកាលពីជាងពីរឆ្នាំមុន។នៅមុនថ្ងៃនៃដំណើរទស្សនកិច្ចនេះ លោក Putin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិនថា វិមានក្រឹមឡាំង បានត្រៀមលក្ខណៈដើម្បីចរចាជុំវិញជម្លោះនៅអ៊ុយក្រែន។ លោក Putin ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ថា យើងបើកចំហចំពោះកិច្ចសន្ទនាស្តីពីអ៊ុយក្រែន ប៉ុន្តែការចរចាបែបនេះត្រូវតែគិតគូរពីផលប្រយោជន៍របស់ប្រទេសទាំងអស់ដែលពាក់ព័ន្ធក្នុងជម្លោះ រួមទាំងផលប្រយោជន៍របស់យើងផងដែរ។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់មេដឹកនាំរុស្ស៊ីពេលនេះ កើតឡើង ខណៈកងកម្លាំងរបស់លោកបានបើកការវាយលុកនៅក្នុងតំបន់ ខាគីវ (Kharkiv)ភាគឦសានក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុនក្នុងការលុកលុយឆ្លងព្រំដែនដ៏ធំបំផុតចាប់តាំងពីការវាយប្រហារពេញទំហឹង បានចាប់ផ្តើមដោយបង្ខំមនុស្សជិត ៨.០០០នាក់ ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕

កម្ពុជា-ចិនបើកសមយុទ្ធយោធាជាផ្លូវការនៅព្រឹកនេះ ដោយមានវត្តមានកងទ័ពប្រទេសទាំងពីរជាងពីរពាន់នាក់ចូលរួម

2024/05/16 07:35:28 am        530
ដូចតាមការគ្រោងទុក នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានបើកសមយុទ្ធជាផ្លូវការរបស់ខ្លួន ខណៈកម្មវិធីបើកជាផ្លូវការនេះ គឺបានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោកឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីចិន។សមយុទ្ធយោធារវាងកម្ពុជា និងចិនដែលមានឈ្មោះថា«នាគមាស»ឆ្នាំ២០២៤នេះ នឹងធ្វើឡើងក្រោមវិធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» រយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ខណៈសមយុទ្ធដែលនឹងមានបាញ់គ្រាប់ពិតផងដែរនោះ គឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការ ប្រចាំឆ្នាំទ្វេភាគីរវាងកម្ពុជា និងចិន ក្នុងគោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍គ្នាទៅវិញទៅមក នៃការទប់ស្កាត់ និងបង្រ្កាប់អំពើភេរវកម្ម ការប្រឆាំង​ដ្រូនស៊ើបការ​របស់សត្រូវ និងក៏ដើម្បីបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់​តែល្អប្រសើរបន្ថែមទៀត ក្នុងកិច្ចការពារជាតិ ការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ពុំមែន​ធ្វើឡើងដើម្បីជាការគំរាមកំហែង ​ឬធ្វើឲ្យប៉ះពាល់ដល់អ្នកណា ឬប្រទេសណានោះឡើយ។សូមបញ្ជាក់ថា សមយុទ្ធយោធាទេភាគីរវាងកម្ពុជា និងចិនដែលមានឈ្មោះថា«នាគមាស»នេះគឺ បានប្រព្រឹត្តទៅចំនួន៥ លើកមកហើយ ខណៈលើកទី៦នេះ មានលក្ខណៈទ្រង់ទ្រាយធំជាងមុនៗ​ទៅទៀត ដោយឆ្នាំនេះ ​គឺមានចំនួនកងទ័ពភាគីទាំងរហូតដល់ជាង២០០០នាក់ចូលរួម ក្នុងនោះ​កងទ័ពចិនចំនួនជាង៧រយនាក់ រួមទាំងសព្វាវុធទំនើបៗ ​ឧទ្ធម្ភាគចក្រ និង​ថែមទាំង​មាននាវា​ចម្បាំង​ទាំងខ្នាតធំ និងតូចចំនួន១៤គ្រឿងផងដែរ៕អត្ថបទ៖ បាន ចក់

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ឯកភាពពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

2024/05/15 02:53:55 pm        215
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានឯកភាពពីសារៈសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងអំឡុងជំនួបសម្តែងការគួរសមនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង CEPA ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងមក និងបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយទីផ្សារកាន់តែច្រើនសម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ បង្កើតការងារ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបង្កើនផលប្រយោជន៍ទៅវិញទៅមក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តចំពោះមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៤ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ផងដែរ។

កោះតៃវ៉ាន់៖ WHO គួរតែអនុញ្ញាតឱ្យខ្លួនចូលរួមកិច្ចប្រជុំទាំងអស់របស់អង្គការនេះ

2024/05/15 11:48:50 am        137
ប្រមុខការបរទេសកោះតៃវ៉ាន់ លោក ចូសេប អ៊ូ (Joseph Wu) នៅពីថ្ងៃពុធ (១៥ ឧសភា) នេះ បានអំពាវនាវដល់អង្គការសុខភាពពិភពលោក WHO ឱ្យអនុញ្ញាតឱ្យកោះនេះចូលរួមកិច្ចប្រជុំទាំងអស់របស់ខ្លួន ប្រសិនបើស្ថានប័នពិភពលោកមួយនេះម៉ឺងម៉ាត់អំពីគោលដៅរបស់ខ្លួននៃ «សុខភាពសម្រាប់ទាំងអស់គ្នា» មុនពេលកិច្ចប្រជុំកំពូលដ៏សំខាន់មួយ ដែលក្រុងតៃប៉ិ ចង់ចូលរួម។កោះតៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិភាគច្រើនដោយសារតែការជំទាស់របស់ប្រទេសចិន ដែលចាត់ទុកកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះជាទឹកដីរបស់ខ្លួន។ សន្និបាតសុខភាពពិភពលោក (WHA) ឆ្នាំនេះចាប់ផ្តើមនៅថ្ងៃទី២៧ ខែឧសភា ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីមេដឹកនាំជាប់ឆ្នោតថ្មីរបស់តៃវ៉ាន់ លោក ឡៃ ឈីងទឺ (Lai Ching-te) ដែលចិនចាត់ទុកថាជាអ្នកផ្ដាច់ខ្លួន ចូលកាន់តំណែង។តៃវ៉ាន់ បានចូលរួមសន្និបាតសុខភាពពិភពលោក (WHA) នេះក្នុងនាមជាអ្នកសង្កេតការណ៍ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ក្រោមការគ្រប់គ្រងរបស់មេដឹកនាំនៅពេលនោះ គឺលោក ម៉ា អ៊ីងចូវ (Ma Ying-jeou) ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទេសចរណ៍សំខាន់ៗជាមួយប្រទេសចិន។ ប៉ុន្តែទីក្រុងប៉េកាំង បានចាប់ផ្តើមរារាំងការចូលរួមរបស់តៃវ៉ាន់នៅឆ្នាំ២០១៧ បន្ទាប់ពីមេដឹកនាំថ្មី លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានឈ្នះតំណែង។ការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា វាជាកំហុសរបស់បក្សកាន់អំណាចរបស់តៃវ៉ាន់ ដែលកោះនេះមិនអាចចូលរួមសន្និបាត WHA ដោយសារអ្វីដែលខ្លួនហៅថា «កង្វះមូលដ្ឋាននយោបាយ» ប៉ុន្តែរដ្ឋាភិបាលកោះតៃវ៉ាន់និយាយថា ទីក្រុងប៉េកាំង ពុំមានសិទ្ធិនិយាយជំនួស ឬតំណាងឱ្យតៃវ៉ាន់ នៅលើឆាកអន្តរជាតិឡើយ៕

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េ

2024/05/15 11:42:40 am        151
នាព្រឹកថ្ងៃទី១៥ឧសភានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញរបស់ឯកឧត្តម យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ច នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ។ គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជីញអមដំណើរ សម្ដេចធិបតី ក្នុងឱកាសនេះ រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា ក្រៅពីកម្មវិធីជួបជាមួយថ្នាក់ដឹកនាំ និងអ្នកវិនិយោគនានា សម្តេចធិបតីនឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ ផងដែរ។ ឯកឧត្តមបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ច សម្ដេចធិបតី និងលោកជំទាវនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕អត្ថបទ៖ វ៉ន ដារ៉ា

ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ឡើងកម្ដៅខ្លាំង មួយសប្ដាហ៍មុនពិធីចូលកាន់តំណែងមេដឹកនាំថ្មី

2024/05/15 10:02:07 am        162
កោះតៃវ៉ាន់បានរាយការណ៍ថា កងកម្លាំងយោធារបស់ចិនកំពុងអនុវត្ត សកម្មភាពល្បាតប្រយុទ្ធ មួយផ្សេងទៀតនៅជិតកោះនេះកាលពីថ្ងៃអង្គារ ១៤ ឧសភា រួមទាំងការបញ្ជូនយន្តហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន ដ៏រសើបរបស់កោះតៃវ៉ាន់ ខណៈភាពតានតឹងកើនឡើង មួយសប្តាហ៍មុនពេលមេដឹកនាំថ្មីចូលកាន់តំណែង។ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ យោធារបស់ប្រទេសចិន បានបង្កើនសកម្មភាពរបស់ខ្លួនជុំវិញកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យតៃវ៉ាន់។ ទីក្រុងប៉េកាំង ចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន ជាជំហរ ដែលរដ្ឋាភិបាលក្រុងតៃប៉ិ ច្រានចោលយ៉ាងដាច់អហង្ការ។ មេដឹកនាំជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់ លោក ឡៃ ឆឹង-ទ(Lai Ching-te) នឹងត្រូវចូលកាន់តំណែងនៅថ្ងៃចន្ទសប្តាហ៍ក្រោយបន្ទាប់ពីការបោះឆ្នោតរបស់លោកកាលពីខែមករាឆ្នាំនេះ។ក្រុងប៉េកាំងបាន ចាត់ទុកលោក Lai ថាជា ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ហើយបានបដិសេធការចរចា ម្តងហើយម្តងទៀតជាមួយកោះតៃវ៉ាន់។ ថ្លែងទៅកាន់កិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យនៅទីក្រុង កូប៉ិនហាក (Copenhagen) ក្នុងប្រទេសដាណឺម៉ាក នៅក្នុងសារដែលបានថតទុកមុន កាលពីថ្ងៃអង្គារ លោក Lai បាននិយាយថា លោកនឹងប្រឹងប្រែងការពារស្ថានភាពបច្ចុប្បន្ននៅទូទាំងច្រកសមុទ្រនេះ ។ លោកបាននិយាយថា លោកនឹងមិនបដិសេធការសន្ទនាជាមួយប្រទេសចិនលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ ដោយគ្មានលក្ខខណ្ឌឡើយ។ អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ចាប់ពីម៉ោង៥ល្ងាច ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ២៣ គ្រឿង រួមទាំងយន្តហោះចម្បាំងទំនើប Su-30 កំពុងអនុវត្ត សកម្មភាពល្បាតត្រៀមប្រយុទ្ធរួមគ្នា រួមទាំងនាវាចម្បាំងទៀតផង៕

ក្រុមហ៊ុន OpenAI បង្ហាញគំរូ AI ថ្មី ខណៈការប្រកួតប្រជែងបច្ចេកវិទ្យាកាន់តែក្តៅគគុក

2024/05/14 12:57:41 pm        123
ក្រុមហ៊ុន ដែលផលិតបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត AI ដ៏ល្បី ឆាត-ជីភីធី (ChatGPT) ឈ្មោះក្រុមហ៊ុន អូភេន-អេអាយ (OpenAI) បាននិយាយកាលពីថ្ងៃចន្ទ (១៣ ឧសភា) ថាខ្លួននឹងបញ្ចេញនូវគំរូ AI ថ្មីមួយដែលមានឈ្មោះថា ជីភីធី-ហ្វរអូ (GPT-4o) ដែលមានសមត្ថភាពសន្ទនាជាសំឡេងជាក់ស្តែង និងអាចធ្វើអន្តរកម្មសន្ទនាតាមអត្ថបទ និងរូបភាព ដែលជាជំហានចុងក្រោយបំផុតរបស់ខ្លួនដើម្បីបន្តឈានទៅមុខក្នុងការប្រកួតប្រជែងដ៏ក្ដៅគគុកដើម្បីគ្រប់គ្រងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។ក្រុមអ្នកស្រាវជ្រាវរបស់ OpenAI បានបង្ហាញនៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់មួយថា សមត្ថភាពសន្ទនាជាសំឡេងថ្មីនេះ អាចឱ្យអ្នកប្រើប្រាស់និយាយទៅកាន់ ChatGPT និងទទួលបានការឆ្លើយតបតាមពេលវេលាជាក់ស្តែងដោយគ្មានការពន្យាពេល និងការរំខានក្នុងពេលកំពុងដំណើរការ ដែលទាំងនោះជាបញ្ហាប្រឈមសំខាន់នៃការសន្ទនាជាក់ស្តែងភាគច្រើនដែលជំនួយការសំឡេង AI បានជួបប្រទះ។OpenAI ដែលគាំទ្រដោយក្រុមហ៊ុន ម៉ៃក្រូសូហ្វ (Microsoft) ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើង និងសម្ពាធដើម្បីពង្រីកមូលដ្ឋានអ្នកប្រើប្រាស់ ChatGPT ដែលជាផលិតផលដ៏ពេញនិយមរបស់ខ្លួន និងដែលបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់ខ្លួនក្នុងការផលិតមាតិកាសរសេរដូចមនុស្ស និងជាកម្មវិធីកូដលំដាប់កំពូលមួយ។លោកស្រី មីរ៉ា មូរ៉ាទី (Mira Murati) ប្រធានផ្នែកបច្ចេកវិទ្យារបស់ OpenAI បាននិយាយនៅក្នុងព្រឹត្តិការណ៍នោះថា ម៉ូដែលថ្មីនេះនឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ព្រោះវាមានតម្លៃសន្សំសំចៃជាងម៉ូដែលមុនៗរបស់ក្រុមហ៊ុន។ លោកស្រីបន្ថែមថា អ្នកប្រើប្រាស់ដែលបង់ប្រាក់លើអេអាយ ជីភីធី-ហ្វរអូ (GPT-4o) នេះនឹងមានដែនកំណត់សមត្ថភាពធំជាងអ្នកប្រើប្រាស់ឥតគិតថ្លៃរបស់ក្រុមហ៊ុន ហើយម៉ូដែល GPT-4o នេះនឹងមាននៅក្នុង ChatGPT ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

សម្ដេចតេជោសង្ឃឹមថាឯកអគ្គរដ្ឋទូតកាណាដានឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជាមួយ​អាស៊ានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

2024/05/14 12:35:16 pm        132
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប​សំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជរាធានីភ្នំពេញ។នៅក្នុងជំនួបនេះ សម្ដេចតេជោសង្ឃឹមថា នៅក្នុងអាណត្តិការងាររបស់លោកជំទាវ លោកជំទាវ នឹង​ខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-កាណាដា នឹងត្រូវ​បាន​លើក​កម្ពស់​បន្ថែម​ទៀត។ ទាក់ទងទៅនឹងការងារអាស៊ាន គឺកាណាដាកំពុង​តែខិតខំ​ដើម្បី​ស្វែង​រក​កិច្ច​ព្រម​ព្រៀងពា​ណិជ្ជកម្មសេរី Free Trade ជាមួយនឹងអាស៊ាន ដែលនេះនឹងផ្ដល់ផល​ប្រយោជន៍​ទាំង​អាស៊ាន និងកម្ពុជាយើងផងដែរ។ សម្ដេចតេជោសង្ឃឹមថាលោកជំទាវ នឹងជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងជាមួយអាស៊ាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ក្នុងឱកាស​នោះលោកជំទាវ ឯកអគ្គរដ្ឋទូតកាណាដា បានបង្ហាញសេចក្តីរីករាយ ដែលកាណាដា​បានក្លាយ​ជាដៃ​គូក្នុងអាស៊ាន ហើយកំពុងតែខិតខំគាំទ្រលើគ្រប់វិស័យ ហើយលោកជំទាវ​នឹង​ប្ដេជ្ញា​ខិតខំ​បន្ត​ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែរីក​ចម្រើន​បន្ថែម​ទៀតនៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសជំរុញកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ ពាណិជ្ជកម្ម និងវិនិយោគ រវាងកាណាដា និងកម្ពុជាបន្ថែមទៀត ក៏ដូចជា​ជំរុញ​ការ​វិនិយោគ​ប្រកប​ដោយគុណភាព របស់ក្រុមហ៊ុនកាណាដា ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា ដែល​កន្លងមកនេះ មានដូចជា ធនាគារ ABA ក្រុមហ៊ុនធានារ៉ាប់រង Manulife និងក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​។ លោកជំទាវជម្រាបសម្ដេចតេជោថា នឹងខិតខំដើម្បី​ឲ្យមាន​ការ​វិវត្ត​រីក​ចម្រើន​ទៅ​លើកិច្ច​សហ​ប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកំពុង​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB លើការអភិវឌ្ឍន៍វិស័យថាមពលពន្លឺព្រះអាទិត្យ(Solar) ផងដែរ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍រំលឹកថា កម្ពុជា និងកាណាដា មានទំនាក់​ទំនង​ជាយូរ​លង់​ណាស់​មក​ហើយ ពោលគឺជាង៧០ ឆ្នាំទៅហើយ គឺមានទំនាក់ទំនង​ការទូត​នៅ​ក្នុង​ឆ្នាំ​១៩៥២ មុនកម្ពុជាបានទទួលបានឯករាជ្យភាពទៅទៀត។ ហើយសម្ដេចបានមានប្រសាសន៍ថា កន្លង​ទៅ​នេះកម្ពុជា​តែង​តែវាយ​តម្លៃ​ខ្ពស់​ចំពោះ​មិត្តភក្តិ​ទាំង​ឡាយ​ណា​ដែល​បាន​ទទួល​ស្គាល់​កម្ពុជា​មុន​កម្ពុជា​បានឯករាជ្យ ដែលនេះគឺជាកត្តាជួយជំរុញដំណើរការឯករាជ្យភាពរបស់កម្ពុជា។ សម្ដេចតេជោបន្តទៀតថា ដែលពេលនោះប្រទេសកាណាដា ប្រទេសប៉ូឡូញ និងឥណ្ឌា គឺជាសមាជិកនៃ គណៈកម្មការត្រួតពិនិត្យនៃការផ្ដល់ឯករាជ្យភាពដល់កម្ពុជា។សម្ដេចតេជោ​បានសម្តែងនូវក្តីរីករាយដែលបានឃើញទំហំពាណិជ្ជកកម្ម ប្រទេសទាំងពីរមាន​ការ​វិវត្តន៍ មានស្ថិរភាព បើទោះបីជាមានបញ្ហាប្រឈមកន្លងទៅដូចជាបញ្ហាកូវីដ១៩ បញ្ហាភូមិ​សាស្ត្រ​នយោបាយ ក៏ទំហំពាណិជ្ជកម្មមិនមានការប្រែប្រួលខ្លាំងនោះទេ។ ជាមួយគ្នាដូច​ផងដែរ​សម្ដេចតេជោ​ក៏​បានកោតសរសើរចំពោះធនាគារ ABA ដែលបានចូលរួមចំណែក​ជួយជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឌីជីថលនៅកម្ពុជា ដែលកំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទូទាត់​ទំនិញ​ផ្សេង​ៗ ឬក៏ការចាយវាយប្រាក់ផ្សេងៗតាមប្រព័ន្ធអេឡិចត្រូនិចនេះ។សម្ដេចតេជោ បានមានប្រសាសន៍រំលឹកទៀតថា កាលពីឆ្នាំ២០២២ នៅពេលដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន សម្ដេចក៏បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី កាណាដា នៅភ្នំពេញ ហើយ​បាន​ជជែកពិភាក្សាពីកិច្ចសហប្រតិបត្តិការ នានា រួមទាំងការងារក្នុងអាស៊ាន និងទ្វេភាគី ដែល​ប្រទេសកាណាដាជាប្រទេសនាំមុខមួយ ក្នុងការគាំទ្រកម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥ ហើយ​សម្ដេចបានធ្វើការអំពាវនាវឲ្យប្រទេសកាណាដាបន្តការគាំទ្រដល់កម្ពុជាទៀត ដែលអតីត​កាល​កម្ពុជា​បាន​ឆ្លងកាត់សង្គ្រាម ដោយបន្សល់ទុកនៅគ្រាប់មីន និងនិងគ្រាប់មិនទាន់​ផ្ទុះ​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជាបន្តបន្ទាប់ ជាពិសេសឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ា ហើយ​សម្តេច​តេជោ​ក៏សូមឲ្យកាណាដាជួយគាំទ្រក្នុងការរៀបចំនូវដំណើរការនៃកិច្ចប្រជុំនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump
04/02/2026 08:04 PM
ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
04/02/2026 08:04 PM
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
04/02/2026 08:04 PM
នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
04/02/2026 08:04 PM
លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
04/02/2026 08:04 PM
ក្រុមឧទ្ទាមហ៊ូធីសម្របសម្រួលជាមួយអ៊ីរ៉ង់ ប៉ុន្តែនៅតែរក្សាឯករាជ្យភាព បើទោះបីជាមានសង្រ្គាមក៏ដោយ
04/02/2026 08:04 PM
ប្រទេសចំនួន ៨ ថ្កោលទោសចំពោះទោសប្រហារជីវិតរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន
04/02/2026 08:04 PM
តំបន់ភាគកណ្តាល និងភាគខាងត្បូងអ៊ីតាលី រងការវាយប្រហារដោយព្យុះព្រិល និងអាកាសធាតុអាក្រក់
04/02/2026 08:04 PM
មនុស្សម្នាក់ស្លាប់ ក្រោយព្យុះវាយប្រហារប្រទេសក្រិកបង្កជាទឹកជំនន់ និងបង្អាក់ការធ្វើដំណើរ
04/02/2026 08:04 PM
ស្ថានទូសហរដ្ឋអាមេរិក ព្រមានពីលទ្ធភាពនៃការវាយប្រហារជីវពលសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់
04/02/2026 08:04 PM