ឯកឧត្តម ស៊ុន ចាន់ថុល៖ ព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់ការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីក្នុងពេលដ៏ខ្លីខាងមុខ
សម្តេចតេជោ៖ ថ្ងៃទី១១កក្កដានេះ រដ្ឋសភានឹងកោះប្រជុំ ដើម្បី​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដក​សញ្ជាតិ ជនជាតិខ្មែរណាដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯង
ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និង​បណ្តុះ​បណ្តាល ជាស៊ីមកំចាយមារ
សម្ដេចតេជោជំរុញឱ្យសិង្ហបុរីមានជើងហោះហើរកាន់តែច្រើនមកកាន់កម្ពុជាបន្ទាប់ពីដាក់ឱ្យដំណើរ​ការព្រលានយន្តហោះអន្តរជាតិតេជោ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី៖ «ប្រព័ន្ធបញ្ជរតែមួយជាតិ»នឹងហុចផលច្រើនដល់វិស័យសាធារណៈ និងឯកជន

2024/05/07 01:21:50 pm        170
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ដែរនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ថ្ងៃនេះ ក៏បានហុចផលយ៉ាងច្រើនទៅដល់វិស័យសាធារណៈ និងឯកជន មានជាអាទិ៍ ចំណេញពេលវេលា កាត់បន្ថយចំណាយ ដោយមិនចាំបាច់រត់ការពីក្រសួង ស្ថាប័នមួយទៅក្រសួងស្ថាប័នមួយទៀតដូចពីមុនឡើយ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនទាំងសម្រាប់វិស័យសាធារណៈ និងវិស័យឯកជន។ សម្រាប់វិស័យសាធារណៈប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ក្នុងការសម្របសម្រួល និងការពង្រឹងកិច្ចសហការ រវាងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពបន្ថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម។ ជាពិសេសសម្រួលដល់ការបំពេញឱ្យបានឆាប់នូវបែបបបទនាំចេញ-នាំចូលទំនិញ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយ របស់រាជរដ្ឋា ភិបាល។សម្រាប់វិស័យឯកជន ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដូចជា ចំណេញពេល ព្រមទាំងការកាត់បន្ថយចំណាយ។ ជាពិសេសការកាត់បន្ថយការិយាធិបតេយ្យក្នុងការរត់ការឆ្លងកាត់ពីក្រសួង-ស្ថាប័នមាន​សមត្ថកិច្ចមួយ ទៅមួយទៀតពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារតម្រូវផ្សេងៗ, សម្រាប់ការនាំចេញ-នាំចូលទំនិញ។ លើសពីនេះប្រតិបត្តិករនៃវិស័យឯកជន ក៏អាចប្រើប្រាស់ឡើងវិញនូវទិន្នន័យក្នុងប្រព័ន្ធសម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួន ឱ្យបានទាន់ពេល, មានសង្គតិភាព និងមានភាពច្បាស់លាស់ផងដែរ។សូមជម្រាបថា ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច ប្រឹង ប្រែង ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ កំណើន សេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងន័យនេះប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់​ក្នុងការ​ចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយ​របស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់ និងទទួលអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀតក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល។ បន្ថែមពីនោះប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌ ប្រកួតប្រជែង តម្លាភាព គណនេយ្យភាព និងសុក្រឹតភាពទាំងផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសផងដែរ៕

សម្ដេចធិបតី៖ «ប្រព័ន្ធបញ្ជរតែមួយជាតិ» កម្ពុជាមានមុខងារដ៏សំខាន់តភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន

2024/05/07 01:15:32 pm        85
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» ក៏មានមុខងារដ៏សំខាន់ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ, ទិន្នន័យឯកសារប្រតិវេទន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថាការបន្តយកចិត្តទុកដាក់ ពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថល ពិតជាមានសារសំខាន់ជាយុទ្ធសាស្រ្ដដែលអាចចាត់ទុកថាជាក្របខណ្ឌរួមមួយនៃការកែទម្រង់របស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេចនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ស្ថិតក្នុងបរិយាកាសបច្ចុប្បន្ន និងទៅអនាគត សេដ្ឋកិច្ចតំបន់ និងសាកល​លោកទាំងមូលនឹងបន្ត​ហ៊ុមព័ទ្ធ​ដោយភាពមិនប្រាកដប្រជាខ្ពស់ក្នុងន័យនេះកម្ពុជា បានត្រៀមខ្លួនសម្រាប់ភាពចាំបាច់ក្នុងការឆ្លើយតបទៅនឹងវិបត្តិណាមួយដែល​អាចកើតឡើងជាយថាហេតុ តារមយៈការជំរុញការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងកាន់តែខ្លាំងក្លាឡើង​សំដៅលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមជាតិ។ សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះបានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់អាទិភាពចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ ក្នុងនោះបច្ចេកវិទ្យា ​គឺជាអាទិភាពថ្មីមួយដែលបានកំណត់នៅក្នុងបញ្ចកោណទី៥ គឺការ​កសាងសេដ្ឋកិច្ច និង សង្គមឌីជីថល ​ហើយការដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» តាមអនឡាញនឹងលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌៕អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី៖ រាជរដ្ឋាភិបាលត្រូវធានានូវភាពប្រកួតប្រជែង ផ្តល់បទដ្ឋានគតិយុត្តឱ្យបានឆាប់រហ័ស

2024/05/07 01:02:57 pm        112
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃទី៧ឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញលើកទឹកចិត្តដល់បណ្តាស្ថាប័នរដ្ឋ ត្រូវធានានូវភាពប្រកួតប្រជែងដោយផ្តល់នូវបទដ្ឋានគតិយុត្តឱ្យបានឆាប់រហ័ស។សម្តេចបានលើកឡើងថា ដូចរបាយការណ៍ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ អំពី ការតភ្ជាប់គ្នាជាខ្សែចង្វាក់នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពីប្រព័ន្ធមួយទៅប្រព័ន្ធមួយទៀតរបស់ក្រសួងស្ថាប័នចំនួន២១ តាមរយៈថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ដែលអនុញ្ញាតឱ្យកម្ពុជាបង្កើតនូវសេវាអេឡិចត្រូនិចជាច្រើនផ្សេងគ្នាដោយកាត់បន្ថយនូវនិតិវិធីស្មុគ្រស្មាញ ដ៏ច្រើនគួរឱ្យកត់សម្គាល់។ គួរបញ្ជាក់ថា គម្រោងបញ្ជរតែមួយជាតិ ត្រូវបានចែកចេញជា ៣ ដំណាក់កាល ដោយប្រើប្រាស់ថវិកា សរុបក្នុងរយៈពេល ៧ ឆ្នាំ, ពោលគឺ ពី ២០១៨ ដល់ ២០២៤ ប្រមាណ ៣,៤ លានដុល្លារ អាម៉េរិក។ ក្នុងនោះការអភិវឌ្ឍដំណាក់កាលទី១ បានផ្តោតជាសំខាន់ទៅលើការរៀបចំថ្នាលបច្ចេកវិទ្យា ព័ត៌មាន សម្រាប់តភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) ជាមួយនឹងប្រព័ន្ធ ស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញរបស់ក្រសួងពាណិជ្ជកម្ម និងសម្រាប់តភ្ជាប់ទៅប្រព័ន្ធបញ្ជរតែមួយអាស៊ាន។ដំណាក់កាលទី ២ បានពង្រីកបន្ថែមមុខងារថ្នាលបច្ចេកវិទ្យាព័ត៌មាន ឱ្យមានវិសាលភាព បន្ថែមទៅលើក្រសួង-ស្ថាប័ន ដែលមានប្រតិបត្តិការច្រើនក្នុងការចេញ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, ព្រមទាំងវិញ្ញាបនបត្រ និង ឯកសារផ្សេងៗ, ក្នុងនោះមាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ ដំណាក់កាលទី៣ បានពង្រីកវិសាលភាពបន្ថែម ឱ្យគ្របដណ្តប់គ្រប់ក្រសួង-ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធនឹងការចេញ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារ ផ្សេងៗ សម្រាប់ទំនិញនាំចេញ-នាំចូល ស្របតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និង ទំនិញជាប់កម្រិតកំណត់; និង សម្រាប់ទំនិញដែលទទួល បាននូវការលើកទឹកចិត្តពន្ធ និង អាករ តាមច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ។ ក្រសួង- ស្ថាប័នទាំងនេះ រួមមាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួង បរិស្ថានក្រសួងរ៉ែ និង ថាមពល, ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍និង ធនាគារជាតិ នៃកម្ពុជា៕

សម្ដេចធិបតី៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធ«ប្រព័ន្ធបញ្ជរតែមួយជាតិ» បានកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា

2024/05/07 12:53:48 pm        90
ក្នុងឱកាស អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់នៅក្នុងការកែលម្អបរិយាកាសធុរកិច្ច ការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់ គុណភាព ប្រសិទ្ធភាព តម្លាភាព និងភាពជឿជាក់ពីសំណាក់វិនិយោគិន និងធុរជន។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃនេះ ក៏ជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្ម និងថ្នាក់បច្ចេកវិទ្យា ការផ្ដល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និងចំណាយពាក់ព័ន្ធផ្សេងៗ។សម្ដេចធិបតីបញ្ជាក់ថា សមិទ្ធផលនេះក៏ជាការជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្នើភាព ក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និងដើម្បីកាត់បន្ថយបន្ទុកចំណាយ លើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើពន្ធនៅក្នុងប្រទេសកម្ពុជាផងដែរ។ សូមជម្រាបថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច ប្រឹង ប្រែង ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ កំណើន សេដ្ឋកិច្ចនៅកម្ពុជា។ «ប្រព័ន្ធបញ្ជរតែមួយជាតិ»នេះ គឺជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដូចជា E-customs, ASYCUDA, Pre-Arrival Manifest System ជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា

ចៅក្រមព្រមានលោក Trump ថា អាចជាប់ពន្ធនាគារ បើនៅបំពានដីកាមិនឲ្យនិយាយស្ដី

2024/05/07 12:32:41 pm        106
ចៅក្រមនៅក្នុងការកាត់ក្តីព្រហ្មទណ្ឌរបស់លោក Donald Trump កាលពីថ្ងៃចន្ទ (ទី៦ ខែឧសភា) បានពិន័យរូបលោកចំនួន ១.០០០ដុល្លារ និងឃុំខ្លួនលោក ក្នុងករណីមិនគោរពតុលាការ ដែលនេះជាលើកទី១០ ជុំវិញការរំលោភបំពានដីកាមិនឲ្យនិយាយស្ដីសារធាណៈ និងបានព្រមានថា បើនៅតែប្រព្រឹត្តបែបនេះទៀត អតីតប្រធានាធិបតីរូបនេះ អាចជាប់ពន្ធនាគារ។ចៅក្រមលោក Juan Merchan បាននិយាយថា ការផាកពិន័យ ១.០០០ដុល្លារ ចំនួន ៩ដង នៅមុននេះ ហាក់ដូចជាមិនបានរារាំងអ្នកជំនួញទ្រព្យហូរហៀររូបនេះមិនឲ្យបំពានលើដីកាហាមនិយាយស្ដី ពោលគឺជាដីកាដែលដាក់បម្រាមមិនឲ្យរូបលោកនិយាយជាសាធារណៈអំពីចៅក្រម និងសាក្សី នៅក្នុងការកាត់ក្តីព្រហ្មទណ្ឌលើកដំបូង ចំពោះអតីតប្រធានាធិបតីអាមេរិក។ដូច្នេះ ការជាប់ពន្ធនាគារនឹងជាជំហានដែលមិនធ្លាប់មានពីមុនមក នៅក្នុងការកាត់ក្តីជាប្រវត្តិសាស្ត្រ ដែលផ្តើមចេញពីការទូទាត់ប្រាក់បំបិទមាត់ ដែលបានផ្ដល់ឲ្យដល់តារាអាភាស Stormy Daniels ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនៃការបោះឆ្នោតឆ្នាំ២០១៦។បន្ទាប់ពីសេចក្តីសម្រេចរបស់លោក Merchan ក្រុមប្រឹក្សាតុលាការបានស្តាប់សក្ខីកម្មពីអតីតបុគ្គលិករបស់លោក Trump ដែលអាចជួយជំរុញដល់សំណុំរឿងរបស់រដ្ឋអាជ្ញា ដែលថា លោក Trump បានក្លែងបន្លំកំណត់ត្រាអាជីវកម្ម ដើម្បីបិទបាំងការទូទាត់ប្រាក់បំបិទមាត់នេះ។ លោក Trump បានផ្ដល់ចម្លើយពីភាពមិនមានទោសពៃរ៍ ហើយបដិសេធការធ្វើខុសណាមួយ។ក្នុងពេលដែលរូបលោក បានដាក់ចេញការផាកពិន័យ លោក Merchan បាននិយាយថា លោកបានចាត់ទុកការដាក់ពន្ធនាគារថា «ពិតជាជម្រើសចុងក្រោយ» ដោយសារការធ្វើបែបនេះនឹងរំខានដល់ការកាត់ក្តី បង្កបញ្ហាប្រឈមផ្នែកសន្តិសុខ និងធ្វើឲ្យមានភាពស្មុគស្មាញដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដែលលោក Trump មកពីគណបក្សសាធារណរដ្ឋចង់ដណ្ដើមកៅអីសេតវិមានមកវិញពីប្រធានាធិបតីលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ៕

នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ ឧប្បត្តិហេតុផ្លូវអាកាសរបស់យោធាចិន មិនអាចទទួលយកបានទេ

2024/05/07 12:30:00 pm        111
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃអង្គារ (ទី៧ ខែឧសភា) នេះ បាននិយាយថា វាមិនអាចទទួលយកបាននោះទេ ដែលបុគ្គលិកការពារជាតិអូស្ត្រាលី ត្រូវបានធ្វើឲ្យស្ថិតក្នុងហានិភ័យ នៅក្នុងដែនអាកាសអន្តរជាតិ ដោយយោធាចិន ខណៈដែលពួកគេបានចូលរួមក្នុងប្រតិបត្តិការមួយ ដើម្បីអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) លើកូរ៉េខាងជើង។អូស្ត្រាលីបាននិយាយកាលពីថ្ងៃចន្ទ (ទី៦ ខែឧសភា) ថា យន្តហោះចម្បាំងរបស់ចិនមួយគ្រឿង បានបង្កគ្រោះថ្នាក់ដល់ឧទ្ធម្ភាគចក្រយោធាអូស្ត្រាលី អំឡុងពេលការប្រឈមមុខដាក់គ្នា ដែលមិនមានសុវត្ថិភាព និងមិនអាចទទួលយកបាន នៅលើសមុទ្រលឿង។រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles កាលពីល្ងាចថ្ងៃចន្ទ បាននិយាយថា យន្តហោះចម្បាំង J-10 របស់កងទ័ពអាកាសចិន បានបញ្ចេញអណ្តាតភ្លើងពីលើ និងជាច្រើនរយម៉ែត្រ នៅពីមុខឧទ្ធម្ភាគចក្រ MH60R Seahawk របស់អូស្ត្រាលី អំឡុងពេលធ្វើការហោះហើរធម្មតា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ក្នុងសមុទ្រលឿង ដែលជាផ្នែកមួយនៃប្រតិបត្តិការ ដើម្បីអនុវត្តទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង។ក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ លោក Albanese បាននិយាយថា ចិនមិនទាន់បានឆ្លើយតបជាសាធារណៈ ចំពោះតំណាងរបស់អូស្ត្រាលី ជុំវិញឧប្បត្តិហេតុនេះទេ។លោកបានប្រាប់កម្មវិធីទូរទស្សន៍ Nine's Today Show ថា៖ «បញ្ហានេះយើងបានផ្សព្វផ្សាយជាសាធារណៈ ដើម្បីអាចនិយាយបានយ៉ាងច្បាស់លាស់ និងគ្មានលក្ខខណ្ឌថា អាកប្បកិរិយានេះ មិនអាចទទួលយកបានឡើយ»៕

ប៉ាឡេស្ទីនស្វែងរកការគាំទ្រពីមហាសន្និបាតះអង្គការសហប្រជាជាតិ សម្រាប់សមាជិកភាពពេញសិទ្ធិ

2024/05/07 12:26:41 pm        102
មហាសន្និបាតអង្គការសហប្រជាជាតិ អាចបោះឆ្នោត នៅថ្ងៃសុក្រ (ទី១០ ខែឧសភា) លើសេចក្តីសម្រេចដែលនឹងទទួលស្គាល់ប៉ាឡេស្ទីនថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ (UN) ហើយផ្តល់អនុសាសន៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ត្រូវ «ពិចារណាឡើងវិញលើបញ្ហានេះដោយអនុគ្រោះ»។នេះនឹងដើរតួយ៉ាងមានប្រសិទ្ធភាពជាការស្ទង់មតិសកល អំពីថា តើប៉ាឡេស្ទីនទទួលបានគាំទ្រកម្រិតណា សម្រាប់ការស្នើរបស់ពួកគេ ដែលត្រូវបានសហរដ្ឋអាមេរិកវេតូនៅ UNSC កាលពីខែមុន។ ពាក្យស្នើសុំក្លាយជាសមាជិកពេញសិទ្ធិរបស់ UN ចាំបាច់ត្រូវទទួលបានការអនុម័តដោយ UNSC ដែលមានសមាជិក ១៥ប្រទេស ហើយបន្ទាប់មកមហាសន្និបាត។បណ្ដាអ្នកការទូត និយាយថា មហាសន្និបាតដែលមានសមាជិក ១៩៣រូប ទំនងជាគាំទ្រការស្នើសុំរបស់ប៉ាឡេស្ទីន។ ប៉ុន្តែការផ្លាស់ប្តូរនៅតែអាចមាន ចំពោះសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីអ្នកការទូតមួយចំនួនបានលើកឡើងពីក្តីបារម្ភជាមួយនឹងអត្ថបទបច្ចុប្បន្ន ដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters ដែលត្រូវផ្តល់សិទ្ធិបន្ថែម និងបុព្វសិទ្ធិផងដែរ ពោលគឺខ្វះភាពជាសមាជិកភាពពេញសិទ្ធិ ដល់ប៉ាឡេស្ទីន។ឯកអគ្គរដ្ឋទូតប្រចាំនៅ UN របស់អ៊ីស្រាអែល លោក Gilad Erdan កាលពីថ្ងៃចន្ទ បានបរិហារសេចក្តីព្រាងសេចក្តីសម្រេចរបស់មហាសន្និបាតបច្ចុប្បន្ន ដោយនិយាយថា វានឹងផ្តល់ឲ្យប៉ាឡេស្ទីននូវឋានៈ និងសិទ្ធិនៃរដ្ឋមួយជាក់ស្តែង ហើយផ្ទុយធម្មនុញ្ញរបស់ UN ដែលបង្កើតឡើង។ សម្រាប់សហរដ្ឋអាមេរិក នៅក្រោមច្បាប់របស់ខ្លួន ទីក្រុងវ៉ាស៊ីនតោនមិនអាចផ្តល់មូលនិធិដល់អង្គការណាមួយរបស់ UN ដែលផ្តល់សមាជិកភាពសិទ្ធិដល់ក្រុមណាមួយដែលមិនមាន «លក្ខណៈសម្បត្តិជារដ្ឋដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ» ទេ។ អាមេរិកបានបញ្ឈប់ការផ្តល់មូលនិធិ ក្នុងឆ្នាំ២០១១ សម្រាប់ទីភ្នាក់ងារវប្បធម៌របស់ UN (UNESCO) បន្ទាប់ពីប៉ាឡេស្ទីនបានក្លាយជាសមាជិកសិទ្ធិ។គួរបញ្ជាក់ថា ការជំរុញរបស់ប៉ាឡេស្ទីន ដើម្បីទទួលបានសមាជិកភាពពេញសិទ្ធិរបស់ UN កើតមានឡើងក្នុងរយៈពេល ៧ខែនៃសង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធមាមាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយខណៈដែលអ៊ីស្រាអែលកំពុងពង្រីកការតាំងទីលំនៅ នៅតំបន់កាន់កាប់ West Bank ដែល UN ចាត់ទុកថា ខុសច្បាប់៕

លោក ហ្សេឡិនស្គី ជំរុញឲ្យលោកខាងលិចពន្លឿនការបញ្ជូនអាវុធតាមការសន្យា

2024/05/07 12:22:28 pm        55
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានជំរុញឲ្យបង្កើន ល្បឿននៃការបញ្ជូនអាវុធតាមការសន្យាពីលោកខាងលិច។លោក ហ្សេឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃចន្ទថា៖«ការសម្រេចចិត្តផ្នែកនយោបាយ ត្រូវតែធ្វើតាមដោយការដឹកជញ្ជូនពិតប្រាកដ ការទទួលអាវុធពិតប្រាកដដោយទាហានរបស់យើង»។លោកបានបញ្ជាក់ថា ដើម្បីបញ្ចប់កិច្ចការនេះ កិច្ចសហប្រតិបត្តិការជាមួយដៃគូ ជាពិសេសសហរដ្ឋអាមេ រិក ត្រូវតែមានការសម្របសម្រួលឲ្យកាន់តែប្រសើរឡើង។ ការងារ ត្រូវតែធ្វើពេញ ២៤ម៉ោង ដើម្បីពន្លឿនកិច្ចការទាំងអស់។បន្ទាប់ពីការជាប់គាំងជាច្រើនខែ នៅក្នុងសភាតំណាងរបស់ខ្លួននោះ សហរដ្ឋអាមេរិក បានបញ្ចេញកញ្ចប់ជំនួយយោធាដល់អ៊ុយក្រែនដែលមានតម្លៃជិត ៦១ពាន់លានដុល្លារ ប្រហែលមួយសប្តាហ៍មុននេះ។ យោងតាមព័ត៌មានពីសេតវិមាន និងមន្ទីរបញ្ចកោណ ការប្រគល់អាវុធ គួរតែចាប់ផ្តើម ក្នុងរយៈពេលពីរបីថ្ងៃទៀតនេះ។ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន នៅតែបន្តការការពារ។ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក អូឡេសាន ស៊ីស្គី (Oleksandr Syrskyi) ដែលលោក ហ្សេឡិនស្គី បានទទួលរបាយការណ៍ពីស្ថានភាពបច្ចុប្បន្ន បានសរសេរអំពីស្ថានភាពដ៏លំបាកនៅជួរមុខ។សត្រូវ នៅតែមានទាហាន សព្វាវុធ និងបរិក្ខារបច្ចេកទេសច្រើនទៀត នៅក្នុងដៃរបស់ខ្លួន ហើយដូច្នេះ កំពុងវាយលុកទៅលើទីតាំងឈរជើងនានារបស់អ៊ុយក្រែន ជារៀងរាល់ថ្ងៃ។

លោក Xi ៖ ចិន ត្រៀមខ្លួនធ្វើការជាមួយប្រទេសផ្សេងៗ ដើម្បីបង្កើតអនាគតដ៏គាប់ប្រសើរ

2024/05/07 12:18:54 pm        86
លោកប្រធានាធិបតី Xi Jinping បាននិយាយនៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសបារាំង និងប្រទេសផ្សេងៗទៀតក្នុងពិភពលោក ដើម្បីឆ្ពោះទៅមុខទាំងអស់គ្នា ទោះបីជាមានខ្យល់ និងភ្លៀងក៏ដោយ ហើយរួមគ្នាបង្កើតអនាគតដ៏ល្អប្រសើរ។ លោក Xi បានធ្វើអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីបារាំងលោក Emmanuel Macron បន្ទាប់ពីកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ។លោក Xi បាននិយាយថា ឆ្នាំនេះជាខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៧៥ឆ្នាំ ការផ្លាស់ប្តូរយ៉ាងធំធេងបានកើតឡើងនៅក្នុងប្រទេសនេះ និងជីវិតរបស់ប្រជាជន។ ប៉ុន្តែរឿងមួយដែលមិនធ្លាប់មានការផ្លាស់ប្តូរនោះគឺធម្មជាតិ សន្តិភាព និងសេចក្តីសប្បុរស ទំនាក់ទំនងទូលំទូលាយ ការស្វែងរកសុច្ចរិតភាព និងយុត្តិធម៌ ។ទាំងនោះ ត្រូវបានចាក់ឫសនៅក្នុងអរិយធម៌ចិនជាង ៥.០០០ ឆ្នាំ ហើយបានរីកលូតលាស់នៅក្នុងដួងព្រលឹងនៃប្រជាជនចិន ។ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសបារាំង និងប្រទេសផ្សេងទៀតក្នុងពិភពលោក ដើម្បីអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក បោះជំហានទៅមុខរួមគ្នា ទោះមានខ្យល់ និងភ្លៀងក៏ដោយ ហើយរួមគ្នាបង្កើតអនាគតដ៏ល្អប្រសើរមួយជាមួយគ្នា។ចំណែកមេដឹកនាំបារាំង លោក Macron បាននិយាយថា ទំនាក់ទំនងបារាំង-ចិន មានភាពរឹងមាំក្នុងប្រវត្តិសាស្ត្រ និងមានលក្ខណៈពិសេស គឺការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ លោក ជឿថាចំណុចនេះ អាចដើរតួនាទីដ៏មានប្រយោជន៍លើសពីទំនាក់ទំនងទ្វេភាគី ហើយក្នុងកម្រិតធំមួយ ជំរុញទំនាក់ទំនងសហភាពអឺរ៉ុប និងចិន និងស្ថិរភាពពិភពលោក។ ឯកឧត្តមប្រធានាធិបតី ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទីបីរបស់អ្នកមកកាន់ប្រទេសបារាំង ដែលមានសារៈសំខាន់បំផុត ក្នុងពេលវេលាដ៏រសើប ដែលពិភពលោកកំពុងជួបស្ថានការណ៍ដ៏តានតឹង៕

លោក ពូទីន បញ្ជាឱ្យធ្វើសមយុទ្ធ អាវុធនុយក្លេអ៊ែរតាកទិក

2024/05/07 12:15:09 pm        75
មន្ត្រីក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យត្រៀមលក្ខណៈសម្រាប់សមយុទ្ធមួយ ដែលក្លែងប្រដូចការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិក។ មន្ត្រីនិយាយថា ពួកគេមានបំណងរក្សាការត្រៀមខ្លួនរបស់អង្គភាពប្រយុទ្ធ និងអាវុធនុយក្លេអ៊ែរពុំមែនយុទ្ធសាស្ត្រ។មន្ត្រីក្រសួង បាននិយាយថា កងកម្លាំងមកពីតំបន់យោធាភាគខាងត្បូង នឹងចូលរួមក្នុងសមយុទ្ធនេះ។ ពួកគេនិយាយថា សមយុទ្ធនេះ គឺដើម្បីឆ្លើយតបទៅនឹង «សេចក្តីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងធ្វើឡើងដោយមន្ត្រីប្រទេសលោកខាងលិចមួយចំនួន»។ មន្ត្រីនិយាយថា ពួកគេមានបំណងធានាបាននូវបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់រុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មេដឹកនាំប្រទេសលោកខាងលិចមួយចំនួន បាននិយាយអំពី «បំណងក្នុងការបញ្ជូនកងកម្លាំងប្រដាប់អាវុធ» ទៅកាន់ប្រទេសអ៊ុយក្រែន។ លោកនិយាយថា នេះគឺជាជុំថ្មីទាំងស្រុង ក្នុងការបង្កើនភាពតានតឹង។លោក ពូទីន កំពុងចាប់ផ្តើមអាណត្តិទីប្រាំរបស់លោកជាប្រធានាធិបតីនៅថ្ងៃអង្គារនេះ។ នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ កងទ័ពរបស់លោក នឹងប្រារព្ធខួបនៃការបញ្ចប់សង្រ្គាមលោកលើកទីពីរ ដោយមានការប្រារព្ធទិវាជ័យជំនះ។អ្នកនាំពាក្យអង្គភាពស៊ើបការណ៍យោធាអ៊ុយក្រែន លោក Andriy Yusov បានថ្កោលទោសផែនការរបស់រុស្ស៊ី។ លោក បាននិយាយថា ការគំរាមកំហែងដោយនុយក្លេអ៊ែរ គឺជាការអនុវត្តឥតឈប់ឈរនៃរបប របស់ លោក ពូទីន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN៖ មនុស្ស ៦១៣នាក់ត្រូវបានសម្លាប់នៅទីតាំងចែកចាយជំនួយ នៅហ្គាហ្សា និងក្បែរក្បួនរថយន្តមនុស្សធម៌
07/04/2025 07:07 PM
បាក់អគារនៅទីក្រុងការ៉ាឈី ប្រទេសប៉ាគីស្ថាន សម្លាប់មនុស្ស ៥នាក់ និងច្រើននាក់ទៀតរងរបួស
07/04/2025 06:07 PM
UN រិះគន់ផែនការរបស់អាល្លឺម៉ង់ ក្នុងការនិរទេសពលរដ្ឋអាហ្វហ្គានីស្ថាន
07/04/2025 06:07 PM
ចិនព្រមានឥណ្ឌាប្រឆាំងការជ្រៀតជ្រែកបញ្ហាពាក់ព័ន្ធនឹងតំបន់ទីបេតិ៍
07/04/2025 06:07 PM
UN បានកត់ត្រាមនុស្សចំនួន ៦១៣នាក់ ត្រូវបានសម្លាប់ ក្បែរក្បួនយន្តជំនួយមនុស្សធម៌ ឬកន្លែងចែកចាយជំនួយ នៅហ្កាហ្សា
07/04/2025 06:07 PM
ក្រុមហាម៉ាសកំពុងពិគ្រោះយោបល់ជាមួយកងកម្លាំងរបស់ខ្លួនលើបទឈប់បាញ់តំបន់ហ្កាហ្សា
07/04/2025 06:07 PM
យោធាអ៊ីស្រាអែលត្រៀមផែនការ ដើម្បីធានាថា អ៊ីរ៉ង់មិនអាចគំរាមអ៊ីស្រាអែលបានទៀត
07/04/2025 06:07 PM
អ្នកការទូតកូរ៉េខាងជើង៖ អាមេរិកបង្កការគំរាមកំហែងតាមអ៊ីនធឺណិតដល់ប្រទេសផ្សេងៗទៀត
07/04/2025 06:07 PM
ប្រមុខការទូត និយាយថា អាមេរិកអាចបន្ធូរបន្ថយទណ្ឌកម្មលើស៊ីរីបន្ថែមទៀត
07/04/2025 06:07 PM
មនុស្សជាង ២០នាក់ រងរបួស ដោយមានម្នាក់ធ្ងន់ធ្ងរ ពេលរថយន្តក្រុងក្រឡាប់នៅភាគឦសានអាល្លឺម៉ង់
07/04/2025 05:07 PM