ឯកឧត្តម ស៊ុន ចាន់ថុល៖ ព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់ការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីក្នុងពេលដ៏ខ្លីខាងមុខ
សម្តេចតេជោ៖ ថ្ងៃទី១១កក្កដានេះ រដ្ឋសភានឹងកោះប្រជុំ ដើម្បី​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដក​សញ្ជាតិ ជនជាតិខ្មែរណាដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯង
ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និង​បណ្តុះ​បណ្តាល ជាស៊ីមកំចាយមារ
សម្ដេចតេជោជំរុញឱ្យសិង្ហបុរីមានជើងហោះហើរកាន់តែច្រើនមកកាន់កម្ពុជាបន្ទាប់ពីដាក់ឱ្យដំណើរ​ការព្រលានយន្តហោះអន្តរជាតិតេជោ

នយោបាយ​ និង ការអភិវឌ្ឍន៍

បម្រាមហាមជក់បារីរបស់អង់គ្លេសសម្រាប់ក្មេងអាយុក្រោម១៥ឆ្នាំ បានឆ្លងកាត់ភាពចម្រូងចម្រាស់នៅសភាលើកដំបូង

2024/04/17 01:06:26 pm        100
ផែនការរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ក្នុងការដាក់បម្រាមអ្នកដែលមានអាយុ ១៥ឆ្នាំ និងនៅអាយុក្រោមនេះ មិនឲ្យទិញបារី បានឆ្លងកាត់ការបោះឆ្នោតនៅសភាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារ ទោះបីជាសមាជិកសភាជាច្រើនរូបរបស់លោក បានបោះឆ្នោតប្រឆាំងបម្រាមនេះក៏ដោយ។ផែនការរបស់ លោក Sunak ក្នុងការដាក់ច្បាប់ប្រឆាំងការជក់បារីដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក បានធ្វើឱ្យសមាជិកមួយចំនួននៃគណបក្សអភិរក្សនិយមរបស់លោកដែលកំពុងគ្រប់គ្រងអំណាច រួមមានទាំងអតីតនាយករដ្ឋមន្ត្រី លោកស្រី លីស ត្រាស់(Liz Truss) និងលោក Boris Johnson ដែលបាននិយាយថា រដ្ឋមិនគួរជ្រៀតជ្រែកក្នុងរបៀបរស់នៅរបស់ប្រជាជននឡើយ។សេចក្តីស្នើច្បាប់នេះបានអនុម័តការបោះឆ្នោតនៅក្នុងសភារបស់ចក្រភពអង់គ្លេស ដោយសំឡេង ៣៨៣ គាំទ្រ និង ៦៧សំឡេង ប្រឆាំង ដែលមានន័យថាវានឹងឈានទៅដំណាក់កាលបន្ទាប់ក្នុងសភា ដែលអាចត្រូវធ្វើវិសោធនកម្ម។ច្បាប់នេះជាគោលនយោបាយដ៏សំខាន់មួយរបស់ លោក Sunak មុនការបោះឆ្នោតនៅចុងឆ្នាំនេះ ដែលការស្ទង់មតិបង្ហាញថា គណបក្សការងារជាគណបក្សប្រឆាំងនឹងទទួលជ័យជម្នះ។សេចក្តីស្នើច្បាប់ស្តីពីថ្នាំជក់ មានគោលបំណងរារាំងកុមារ ដែលកើតចាប់តាំងពីឆ្នាំ ២០០៩ ពីលទ្ធភាពមិនអាចទិញបារីបានដោយស្របច្បាប់ឡើយ។

ប្រទេសសហគមន៍រដ្ឋអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប បង្ហាញការគាំទ្រម៉ិកស៊ិកក្នុងជម្លោះ ការទូតជាមួយអេក្វាឌ័រ

2024/04/17 01:03:04 pm        131
ប្រទេសសមាជិកនៃសហគមន៍រដ្ឋអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប (CELAC) បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រទេសម៉ិកស៊ិកក្នុងជម្លោះផ្នែកការទូតរបស់ប្រទេសនេះជាមួយប្រទេសអេក្វាឌ័រ។ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ាញូអ៊ែល ឡូប៉េស អូប្រាឌ័រ(Andres Manuel Lopez Obrador) បានស្នើសុំសមាជិកនៃសហគមន៍រដ្ឋអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប (CELAC) ឱ្យគាំទ្រការទាមទាររបស់លោកប្រឆាំងប្រទេសអេក្វាឌ័រនៅតុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីការឆ្មក់ចូលដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងខែនេះ នៅស្ថានទូតម៉ិកស៊ិកក្នុងទីក្រុងQuiti ប្រទេសអេក្វាឌ័រ។កិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិត ត្រូវបានអំពាវនាវដោយប្រធានសហគមន៍រដ្ឋអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប(CELAC)បច្ចុប្បន្ន គឺប្រធានាធិបតីប្រទេសហុងឌុយរ៉ាស លោក ស៊ីអូម៉ូរ៉ា កាស្ត្រូ(Xiomara Castro) ដែលជួបប្រជុំមេដឹកនាំមកពីទូទាំងតំបន់។ការឆ្មក់ចូលនៅស្ថានទូតម៉ិកស៊ិកកាលពីថ្ងៃទី ៥ ខែមេសា ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាឌ័រលោក Jorge Glas បានបង្កឱ្យមានការកាត់ផ្តាច់ទំនាក់ទំនងភ្លាមៗរវាងទីក្រុងម៉ិកស៊ីកូស៊ីធី និងទីក្រុងគីតូ ព្រមទាំងមានការថ្កោលទោសជាបន្តបន្ទាប់ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសអេក្វាឌ័រ ក្នុងការបង្ខំចិត្តចូលទៅក្នុងអគារនោះ។ លោក Glas ត្រូវបានកាត់ទោសពីរដងរួចមកហើយពីបទពុករលួយ ហើយបច្ចុប្បន្ន កំពុងប្រឈមទៅនឹងបទចោទប្រកាន់ថ្មី ដែលលោកបានស្វែងរកការជ្រកកោននៅក្នុងស្ថានទូត ចាប់តាំងពីចុងឆ្នាំមុន។

ប្រធានគម្រោងនាវាមុជទឹករបស់កោះតៃវ៉ាន់ លាលែងពីតំណែង ប៉ុន្តែគម្រោងនៅតែដំណើរការ

2024/04/17 11:39:46 am        148
ប្រមុខអាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (១៧ មេសា) នេះថា កម្មវិធីនាវាមុជទឹកក្នុងស្រុករបស់តៃវ៉ាន់នឹងនៅតែដំណើរការដដែល បន្ទាប់ពីប្រធានកម្មវិធីបានលាលែងពីតំណែង ដោយសារតែអ្វីដែលលោកបាននិយាយថា គឺជាការវាយប្រហារដោយអយុត្តិធម៌ប្រឆាំងនឹងខ្លួន និងយោធា។កោះតៃវ៉ាន់ ដែលប្រទេសចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានធ្វើឱ្យកម្មវិធីនាវាមុជទឹកក្លាយជាផ្នែកសំខាន់នៃគម្រោងមហិច្ឆតាដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈដែលទីក្រុងប៉េកាំង ធ្វើសមយុទ្ធយោធាស្ទើរតែរាល់ថ្ងៃដើម្បីអះអាងអធិបតេយ្យភាព ដែលទីក្រុងតៃប៉ិ បដិសេធ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ លោក ហួង ស៊ូគ័ង (Huang Shu-kuang) បាននិយាយថា លោកបានលាលែងពីតំណែងជាប្រធានគម្រោងនាវាមុជទឹក ខណៈដែលលោក និងកម្មវិធីរបស់លោកត្រូវបានទទួលរងការវាយប្រហារដោយអយុត្តិធម៌ពីក្រុមមនុស្សដែលលោកមិនបញ្ចេញឈ្មោះ។ លោក ហួង បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមការងារនាវាមុជទឹក ដែលរួមមានកងទ័ពជើងទឹក និងក្រុមហ៊ុនសារជីវកម្មសាងសង់នាវា CSBC Corp នឹងនៅតែបន្តប្រតិបត្តិការ ទោះបីជាលោកចាកចេញក៏ដោយ។កោះតៃវ៉ាន់ បានបង្ហាញនាវាមុជទឹកថ្មីដំបូងរបស់ខ្លួនក្នុងចំណោមនាវាមុជទឹកប្រាំបីគ្រឿង កាលពីចុងខែកញ្ញា ទោះបីជានាវានោះនឹងមិនចូលបម្រើការទេរហូតដល់ឆ្នាំបន្ទាប់។ កម្មវិធីនេះបានទាក់ទាញអ្នកជំនាញ និងអ្នកបច្ចេកវិទ្យាពីប្រទេសជាច្រើន ដែលជាការឈានទៅមុខដ៏សំខាន់សម្រាប់កោះតៃវ៉ាន់ដ៏ឯកោខាងការទូតមួយនេះ៕

លោក Trump រិះគន់ខ្លាំងៗចៅក្រមជំនុំជម្រះក្តីថា បានបង្កជម្លោះ

2024/04/17 11:30:56 am        88
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយរិះគន់ខ្លាំងៗកាលពីថ្ងៃអង្គារ ទៅលើចៅក្រមដែលពិនិត្យការជម្រះក្តីបទព្រហ្មទណ្ឌនៅទីក្រុងញូវយ៉ក ដោយហៅលោកម្តងហើយម្តងទៀតថា «បង្កជម្លោះ» និងបាននិយាយថា លោកមិនគួរនៅទីនោះទេ។ការអត្ថាធិប្បាយរបស់លោក Trump បានធ្វើឡើងខណៈលោកបានទៅធ្វើទស្សនកិច្ចនៅហាងទំនិញ Harlem ដើម្បីនិយាយទៅកាន់បុគ្គលិក និងមន្ត្រីសមាគមហាងទំនិញអំពីបទព្រហ្មទណ្ឌនេះ។ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ លោក Trump បានហៅការជំនុំជម្រះក្តីនេះថា «មិនសមហេតុផល» និងបាននិយាយថា សេចក្តីបង្គាប់ដ៏អស់សំណើចដែលដាក់មកលើលោកធ្វើឡើងដោយចៅក្រម លោក ជូអានមឺចាន(Juan Merchan) គឺ «មិនស្របតាមរដ្ឋធម្មនុញ្ញ»។លោក Trump បានបង្ហាញខ្លួននៅហាងទំនិញបន្ទាប់ពីថ្ងៃទីពីររបស់លោកនៅក្នុងតុលាការបានបញ្ចប់។ ចៅក្រមចំនួន៧រូបដំបូងត្រូវបានជ្រើសរើសកាលពីថ្ងៃអង្គារ ដើម្បីបម្រើការសម្រាប់ការជំនុំជម្រះក្តីបទព្រហ្មទណ្ឌជុំវិញប្រាក់បំបិតមាត់ដែលលោកបានផ្តល់ដល់តារាភាពយន្តស្ត្រីម្នាក់ដែលនាងនិយាយថាមានទំនាក់ទំនងជាមួយលោក។លោក Merchan បានព្រមានមេធាវីថា លោកនឹងមិនអត់ឱនចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីបំភិតបំភ័យដល់ចៅក្រម បន្ទាប់ពីនិយាយថា លោក Trump ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា កំពុងនិយាយរអ៊ូរទាំ ខណៈសមាជិកម្នាក់ក្នុងចំណោមសមាជិកគណៈកម្មការត្រូវបានសាកសួរ។

នាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី និយាយថាលោក Lee នឹងកាន់តំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់ក្នុងគណៈរដ្ឋមន្ត្រីបន្ទាប់

2024/04/17 11:20:56 am        89
នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលត្រូវបានតែងតាំងថ្មី លោក ឡរិន វ៉ុង (Lawrence Wong) កាលពីថ្ងៃអង្គារ (១៦ មេសា) បាននិយាយថា មេដឹកនាំដែលកំពុងកាន់អំណាចនៃទីក្រុងរដ្ឋមួយនេះ លោក លី សៀនឡុង (Lee Hsien Loong) នឹងកាន់តំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោកឡើងកាន់អំណាចនៅថ្ងៃទី១៥ ខែឧសភា។សារព័ត៌មាន ដឹ ស្រ្តេតថែមស៍ (the Straits Times) បានរាយការណ៍ថា លោក វ៉ុង ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីហិរញ្ញវត្ថុបាននិយាយថា លោកនឹងប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី រយៈពេលពីរបីថ្ងៃមុនពេលលោកស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទីបួនរបស់សិង្ហបុរី។ ប៉ុន្តែលោកបាននិយាយថា ការផ្លាស់ប្តូរសំខាន់ៗណាមួយទំនងជានឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតសកលប៉ុណ្ណោះ ដែលនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ។សារព័ត៌មាននេះបានដកស្រង់សម្តីលោកប្រាប់អ្នកយកព័ត៌មានថា «សម្រាប់ពេលនេះ មិនគួរមានការផ្លាស់ប្តូរអ្វីធំដុំទេ ពីព្រោះប្រព័ន្ធរបស់យើងដំណើរការដោយឈរលើមូលដ្ឋាននៃការបន្ត និងការផ្លាស់ប្តូរជាលំដាប់»។ លោកបានបន្ថែមថា របៀបវារៈរបស់លោករួមមានការដោះស្រាយកង្វល់ជុំវិញតម្លៃចំណាយក្នុងការរស់នៅខ្ពស់ និងបញ្ហាការងារ។លោក វ៉ុង ដែលមានវ័យ ៥១ ឆ្នាំត្រូវបានគេសន្មតកាលពីឆ្នាំ២០២២ ថាជាមេដឹកនាំបន្ទាប់របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ បន្ទាប់ពីលោកបានធ្វើជាសហប្រធាននៃក្រុមការងារ កូវីដ១៩ (COVID-19) របស់រដ្ឋាភិបាល។ លោកបានទទួលការសរសើរចំពោះការរក្សាអត្រាមរណភាពឱ្យនៅទាបដោយការដាក់កម្រិតលើបម្លាស់ទី ការទប់ស្កាត់ព្រំដែន និងការតាមដានយ៉ាងដិតដល់លើទំនាក់ទំនងពាក់ព័ន្ធនឹងជំងឺរាតត្បាតនេះ៕

អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះ

2024/04/17 11:17:37 am        74
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់យ៉ា ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អតីតមេដឹកនាំ និងម្ចាស់ជ័យលាភីណូបែល លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ត្រូវបានគេផ្លាស់ប្តូរពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះ។អ្នកនាំពាក្យរបបយោធា ឧត្តមសេនីយ៍ ស មីនទុន (Zaw Min Tun) បាននិយាយក្នុងការអត្ថាធិប្បាយដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយចំនួនបួនថា «មិនត្រឹមតែសម្រាប់លោកស្រី អ៊ុងសាន ស៊ូជី ប៉ុណ្ណោះទេ តែក៏សម្រាប់អ្នកទាំងអស់ដែលត្រូវការការប្រុងប្រយ័ត្នជាចាំបាច់ជាពិសេសអ្នកទោសវ័យចំណាស់ ត្រូវប្ដូរទៅឃុំខ្លួនក្នុងផ្ទះដោយសារអាកាសធាតុក្តៅខ្លាំង ហើយយើងកំពុងធ្វើការដើម្បីការពារពួកគេពីសុរិយរោគ ឬការថប់ដង្ហើមសន្លប់ដោយសារកម្ដៅខ្ពស់»។លោកស្រី ស៊ូជី វ័យ ៧៨ ឆ្នាំ ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ចាប់តាំងពីបានផ្តួលរំលំរដ្ឋាភិបាលលោកស្រីក្នុងរដ្ឋប្រហារឆ្នាំ២០២១ មក។ លោកស្រី ស៊ូជី ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំពីបទឧក្រិដ្ឋកម្មរាប់ចាប់ពីការក្បត់ជាតិ និងការស៊ីសំណូក រហូតដល់ការរំលោភច្បាប់ទូរគមនាគមន៍ ដែលនោះជាការចោទប្រកាន់ដែលលោកស្រីបានបដិសេធ។កាលពីខែកុម្ភៈ កូនប្រុសរបស់ខ្លួនគឺលោក គីម អារីស (Kim Aris) បាននិយាយថា លោកស្រីត្រូវបានគេឃុំខ្លួននៅក្នុងបន្ទប់តែម្នាក់ឯង ហើយនៅមានស្មារតីល្អ «បើទោះបីជាសុខភាពមិនល្អដូចកាលពីមុនក៏ដោយ»។ បណ្ដាមេដឹកនាំពិភពលោក និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការដោះលែងអតីតមេដឹកនាំមីយ៉ាន់ម៉ារូបនេះ៕

អ៊ីរ៉ង់និយាយថា សកម្មភាពណាមួយប្រឆាំងនឹងផលប្រយោជន៍ខ្លួន នឹងទទួលបានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ

2024/04/17 11:13:09 am        169
ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បាននិយាយកាលពីថ្ងៃអង្គារ (១៦ មេសា) ថា អ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងចាស់ដៃចំពោះសកម្មភាពណាមួយដែលប្រឆាំង នឹងផលប្រយោជន៍របស់ខ្លួន នេះយោងតាមទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ ISNA រយៈពេលមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានព្រមានថា ខ្លួននឹងឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ កាលពីចុងសប្តាហ៍មុន។លោក រ៉ៃស៊ី បានប្រាប់ព្រះប្រមុខរដ្ឋកាតា គឺព្រះអង្គ សេក ថាមីម ប៊ីនហាម៉ាដ អាល់ថានី (Sheikh Tamim bin Hamad al-Thani) ថា «យើងប្រកាសយ៉ាងជាក់លាក់ថា សកម្មភាពតិចតួចបំផុតប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីរ៉ង់ នឹងត្រូវបានឆ្លើយតបយ៉ាងធ្ងន់ធ្ងរ មហាសាល និងចាស់ដៃប្រឆាំងនឹងជនល្មើស»។អគ្គសេនាធិការយោធាអ៊ីស្រាអែល លោក ហើហ្ស៊ី ហាលេវី (Herzi Halevi) បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ដែលជាការសងសឹកបន្ទាប់ពីការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី០១ ខែមេសា ទៅលើបរិវេណស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាសបានធានាឱ្យមានការឆ្លើយតប។អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាលី បាហ្កេរី ខានី (Ali Bagheri Kani) បានប្រាប់ទូរទស្សន៍រដ្ឋកាលពីយប់ថ្ងៃច័ន្ទថា ការវាយលុករបស់ទីក្រុងតេអេរ៉ង់ បន្ទាប់ពីការសងសឹករបស់អ៊ីស្រាអែលណាមួយ នឹងជា «ពេលវេលាតែមួយវិនាទីប៉ុណ្ណោះ ខណៈអ៊ីរ៉ង់នឹងមិនរង់ចាំរយៈពេលដល់ទៅ ១២ ថ្ងៃដើម្បីឆ្លើយតបដូចលើកនេះទៀតឡើយ»៕

កាតា ច្រានចោលការរិះគន់របស់សមាជិកសភាអាមេរិក ចំពោះកិច្ចប្រឹងប្រែងសម្រុះសម្រួលនៅហ្កាហ្សា

2024/04/17 11:05:57 am        138
ស្ថានទូតកាតា ប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៦ មេសា) បានសម្តែងការភ្ញាក់ផ្អើល និងច្រានចោលចំពោះការអត្ថាធិប្បាយរបស់សមាជិកសភាបក្សប្រជាធិបតេយ្យអាមេរិក ទាក់ទងនឹងវិបត្តិចំណាប់ថ្នូរហ្កាហ្សា និងការគំរាមកំហែងរបស់ខ្លួនក្នុងការ «វាយតម្លៃឡើងវិញ» លើទំនាក់ទំនងសហរដ្ឋអាមេរិក ជាមួយកាតា។សមាជិកសភា លោក ស្តេនី ហូយើ (Steny Hoyer) បាននិយាយកាលពីថ្ងៃចន្ទថា កាតា ដែលរួមជាមួយនឹងអេហ្ស៊ីបកំពុងសម្រុះសម្រួលការចរចាសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា គួរតែប្រាប់ក្រុមហាម៉ាស ថាគេនឹងមាន «ផលវិបាក» ប្រសិនបើក្រុមនេះ «បន្តរារាំងវឌ្ឍនភាពឆ្ពោះទៅរកការដោះលែងចំណាប់ថ្នូរ និងបង្កើតបទឈប់បាញ់បណ្តោះអាសន្ន»។លោក ហូយើ បន្ថែមថា «ផលវិបាកនោះគួរតែរួមបញ្ចូលការកាត់ផ្តាច់ការផ្តល់មូលនិធិដល់ក្រុមហាម៉ាស ឬការបដិសេធមិនផ្តល់អោយមេដឹកនាំក្រុមហាម៉ាស នូវការស្នាក់នៅក្នុងទីក្រុងដូហា។ ប្រសិនបើកាតាមិនអនុវត្តសម្ពាធនេះ សហរដ្ឋអាមេរិកត្រូវតែវាយតម្លៃឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយកាតា»។ជាការឆ្លើយតប កាតាបាននិយាយថា ការអត្ថាធិប្បាយរបស់លោក ហូយើ មិនមានលក្ខណៈស្ថាបនាទេ។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតបាននិយាយថា «កាតាគ្រាន់តែជាអ្នកសម្រុះសម្រួលប៉ុណ្ណោះ ហើយអ៊ីស្រាអែល និងក្រុមហាម៉ាស គឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការឈានដល់កិច្ចព្រមព្រៀងមួយ»។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតក៏បានច្រានចោលផងដែរនូវការលើកឡើងរបស់លោក ហូយើ ដែលថាក្រុមហាម៉ាស មិនគួរស្ថិតនៅក្នុងប្រទេសកាតា៕

លោក Putin ជំរុញឱ្យមានការអត់ធ្មត់ក្នុងពេលសុន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអ៊ីរ៉ង់ ខណៈភាពតានតឹងកើនឡើង

2024/04/17 11:01:15 am        218
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអំពាវនាវឱ្យមានការអត់ធ្មត់ នៅពេលអ៊ីស្រាអែលថ្លឹងថ្លែងការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហារដោយយានដ្រូន និងមីស៊ីលកាលពីចុងសប្តាហ៍មុនរបស់អ៊ីរ៉ង់។ ការថ្លែងបែបនេះរបស់លោក Putin បានធ្វើឡើងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi កាលពីថ្ងៃអង្គារទី១៦មេសាសប្ដាហ៍នេះ។ មេដឹកនាំទាំង២បានពិភាក្សាអំពីអ្វីដែលវិមានក្រឹមឡាំងហៅថាជាវិធានការសងសឹករបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា។ វិមានក្រឹមឡាំងបាននិយាយថា លោកPutin បានជំរុញឱ្យភាគីទាំងអស់ ទាត់ចោលរាល់សកម្មភាព បង្កឱ្យមានការប្រឈមដាក់គ្នាថ្មី ដែលនឹងផ្តល់មហន្តរាយដល់តំបន់មជ្ឈិមបូព៌ា។ អ៊ីរ៉ង់ បានបាញ់មីស៊ីល និងយានដ្រូន រាប់រយគ្រឿងនៅអ៊ីស្រាអែលកាលពីល្ងាចថ្ងៃសៅរ៍ ឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងដាម៉ាស ដែលបានសម្លាប់មន្រ្តីកងឆ្មាំបដិវត្តន៍អ៊ីស្លាមចំនួន៧នាក់ រួមទាំងឧត្តមសេនីយ៍ពីរនាក់ផងដែរ។ នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោក ស្តីពីការវាយប្រហាររបស់អ៊ីរ៉ង់ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយថា ដើមចមនៃអស្ថិរភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា គឺ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលនៅតែបន្ត។ វិមានក្រឹមឡាំងបាននិយាយថា លោកVladimir Putin បានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងអស់នឹងបង្ហាញការអត់ធ្មត់សមហេតុផល និងទប់ស្កាត់ការប្រឈមដាក់គ្នាថ្មី ដែលពោរពេញទៅដោយផលវិបាកដ៏មហន្តរាយសម្រាប់តំបន់ទាំងមូល៕

ប្រទេសចិន ជំរុញឱ្យមានបទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅមីយ៉ាន់ម៉ា

2024/04/17 10:54:24 am        174
កាលពីថ្ងៃអង្គារ១៦ មេសាសប្ដាហ៍នេះ ប្រទេសចិន បានអំពាវនាវឱ្យមានបទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនាដើម្បីបញ្ចប់ជម្លោះក្នុងសហភាពមីយ៉ាន់ម៉ា ស្របពេលការប្រយុទ្ធកាន់តែខ្លាំងក្លារវាងរដ្ឋាភិបាលយោធា និងកងកម្លាំងប្រឆាំង នៅជិតព្រំដែនប្រទេសថៃ។ក្រុមយុទ្ធជនតស៊ូរបស់សហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ ទី១៥ ខែមេសា បានលើកបដា និងបង្ហូតទង់របស់ពួកគេនៅឯមូលដ្ឋានទ័ព ដែលទើបដណ្ដើមបានថ្មីៗ ដោយនិយាយថា យុទ្ធជនរបស់ពួកគេបានបណ្ដេញការប៉ុនប៉ងរបស់កងទ័ពរបបយោធាឆ្ពោះទៅកាន់ទីប្រជុំជនសំខាន់នៃទីក្រុងមីយ៉ាវ៉ាឌី (Myawaddy)តាមបណ្តោយព្រំដែនថៃ ដែលត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាមប្រឆាំងរបបសឹកកាលពីសប្តាហ៍មុន។ ទីក្រុងពាណិជ្ជកម្មដ៏សំខាន់មីយ៉ាវ៉ាឌី(Myawaddy) ត្រូវបានដណ្ដើមយកដោយក្រុមយុទ្ធជនមានទំនាក់ទំនងជាមួយសម្ព័ន្ធជនជាតិភាគតិចប្រដាប់អាវុធការ៉ែន(Karen)។ការដួលរលំរបស់ទីក្រុងនេះ បានបង្ហាញពីការបាត់បង់នៅក្នុងសមរភូមិមួយផ្សេងទៀតសម្រាប់របបយោធាដ៏មានឥទ្ធិពលដែលបានដណ្តើមគ្រប់គ្រងប្រទេសនៅអាស៊ី-អាគ្នេយ៍មួយនេះ កាលពីឆ្នាំ២០២១ តាមរយៈរដ្ឋប្រហារ ពីដៃរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ដែលនៅតែស្ថិតក្នុងការឃុំខ្លួនរហូតមកដល់បច្ចុប្បន្ននេះ។ កំហឹងប្រឆាំងនឹងរបបយោធាបានវិវត្តទៅជាចលនាតស៊ូប្រដាប់អាវុធទូទាំងប្រទេស។ ចាប់តាំងពីខែតុលាឆ្នាំមុនមក កងទ័ពបានបាត់បង់ការគ្រប់គ្រងលើតំបន់សំខាន់ៗនៅជិតព្រំដែនរបស់ខ្លួនជាមួយទាំងឥណ្ឌា និងចិន ធ្លាក់ចូលក្នុងដៃក្រុមឧទ្ទាមប្រឆាំងរបបសឹក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសបារាំងស្វាគមន៍ការសម្រេចរបស់ចិន ជុំវិញស្រាកូញាក់ ប៉ុន្តែប្រាប់ថា បញ្ហានៅតែមាន
07/05/2025 05:07 PM
ម៉ាឡេស៊ីដាក់ពន្ធប្រឆាំងការបង្ខូចតម្លៃលើផលិតផលដែក និងដែកថែបរបស់ចិន កូរ៉េខាងត្បូង និងវៀតណាម
07/05/2025 05:07 PM
ក្រុមប្រទេស BRICS នឹងថ្កោលទោសវិធានការពន្ធរបស់លោក Trump
07/05/2025 04:07 PM
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack)
07/05/2025 04:07 PM
EU ត្រូវបានរាយការណ៍ថា គ្រោងស្តុកទុកធនធានរ៉ែសំខាន់ៗ អំឡុងពេលមានហានិភ័យភូមិសាស្ត្រនយោបាយ
07/05/2025 04:07 PM
អ៊ុយក្រែនឲ្យដឹងថា ខ្លួនបានវាយប្រហារអាកាសយានដ្ឋានយោធារុស្ស៊ី
07/05/2025 03:07 PM
ជើងជ្រូក និងស្លាបមាន់ បង្កកជិត ៤តោនត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់បង្រ្កាប
07/05/2025 03:07 PM
លោក Trump៖ អាមេរិកនឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយចិន ជុំវិញកិច្ចព្រមព្រៀង TikTok សប្តាហ៍ក្រោយ
07/05/2025 02:07 PM
ជប៉ុនត្រៀមសម្រាប់ការរញ្ជួយដីបន្ថែមទៀត ខណៈអាជ្ញាធរច្រានចោលការឃោសនាបំផ្លើសពីថ្ងៃវិនាសកម្ម
07/05/2025 02:07 PM
លោក Trump ព្រលយពាក្យទណ្ឌកម្ម ដោយសារ «មិនសប្បាយចិត្តខ្លាំង» ជាមួយលោក Putin ជុំវិញបញ្ហាអ៊ុយក្រែន
07/05/2025 02:07 PM