ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ
ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោន ត្រៀមធ្វើពុទ្ធាភិសេកនៅរសៀលថ្ងៃនេះ
សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ
គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ចក្រភពអង់គ្លេស និងរ្វាន់ដា ទន្ទឹងរង់ចាំការនិរទេសជនអន្តោប្រវេសន៍

2024/04/10 11:45:07 am        144
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak និងប្រធានាធិបតីរបស់ប្រទេសរ្វាន់ដា លោក Paul Kagame បានជួបគ្នា កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីផែនការរបស់ចក្រភពអង់គ្លេស ដើម្បីនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសរ្វាន់ដា។បន្ទាប់ពីជំនួបនៅទីក្រុងឡុងដ៍ ការិយាល័យរបស់ លោក Sunak បាននិយាយថា មេដឹកនាំទាំងពីរ ទន្ទឹងរង់ចាំជើងហោះហើរ ដែលចេញដំណើរទៅកាន់ប្រទេសរ្វាន់ដា នៅនិទាឃរដូវ។លោក Sunak មានបំណងផ្លាស់ប្តូរទីតាំងអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ដែលបានមកដល់ ចក្រភពអង់គ្លេសដោយគ្មានការអនុញ្ញាតក្នុងមួយឆ្នាំៗ ទៅកាន់ប្រទេសអាហ្វ្រិកខាងកើត។ ប៉ុន្តែរហូតមកដល់ពេលនេះ បញ្ហាប្រឈមផ្លូវច្បាប់ បានរារាំងអ្នកដែលនឹងត្រូវបានបញ្ជូនទៅទីនោះ ហើយដំបូងរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស ចាំបាច់ត្រូវអនុម័តច្បាប់ថ្មី។លោក Sunak សង្ឃឹមថា នឹងត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលដើម្បីចាប់ផ្តើមដំណើរការនិរទេសជនអន្តោប្រវេសន៍ទៅកាន់ប្រទេសរ្វាន់ដា។ លោក Sunak ធ្លាប់បាននិយាយថា លោករំពឹងថាជើងហោះហើរដំបូងនឹងចាកចេញនៅនិទាឃរដូវ មុនពេលការបោះឆ្នោតរបស់ប្រទេស ដែលត្រូវបានរំពឹងទុកនៅឆមាសទីពីរនៃឆ្នាំនេះ។ច្បាប់ដែលព្យាយាមរារាំងបញ្ហាប្រឈមនានារបស់តុលាការចំពោះផែនការនេះ នឹងត្រូវបានលើកយកមកពិភាក្សាដេញដោល ក្នុងសភា នៅថ្ងៃទី ១៥ ខែមេសា។

សម្ដេចធិបតីណែនាំគ្រប់រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើសន្ដិសុខសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីចូលឆ្នាំថ្មី

2024/04/10 11:10:05 am        198
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤តាមរយៈបណ្ដាញសង្គម តេឡេក្រាម និងហ្វេសប៊ុក បានណែនាំដល់ គ្រប់រាជធានី-ខេត្តត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គម ជាពិសេស បញ្ហាចរាចរណ៍​ដោយត្រូវកាត់បន្ថយឱ្យបានជាអប្បបរមា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។ អមជាមួយនឹងរូបភាព រាជធានី-ខេត្ត ទាំង ២៥ ដែលបានត្រៀមលក្ខណៈ និងរៀបចំលម្អរួចរាល់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបំពេញការងារ​ក្នុង​រាជធានីភ្នំពេញ ដែលមានបំណងធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសឆ្នាំថ្មីនេះ អាចប្រើប្រាស់​មធ្យោបាយ​រថយន្តក្រុង ដែលសាលារាជធានីភ្នំពេញបានរៀបចំនៅតាមគោលដៅ​ទាំង ៨ ដែលបានជូនដំណឹង​ជាមុនរួចរាល់ហើយ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា គ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្ត​ទុកដាក់​ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គម ពិសេស បញ្ហាចរាចរណ៍ ដោយត្រូវកាត់បន្ថយឱ្យបាន​ជាអប្បបរមា។សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្មាំនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ​បានណែនាំដល់គ្រប់រាជធានី ខេត្ត ស្រុក ក្រុង ត្រូវរៀបចំឱ្យបាន​អធិកអធម ជាពិសេសរៀបចំពិធីសង្ក្រាន្តឱ្យបានសប្បាយរីករាយនៅតាមមូដ្ឋានភូមិ ឃុំផ្ទាល់តែម្ដង៕

មេដឹកនាំជាប់ឆ្នោតកោះតៃវ៉ាន់ តែងតាំងអតីតប្រធានបក្សកាន់អំណាច ជាមន្រ្តីជាន់ខ្ពស់ថ្មី

2024/04/10 11:00:19 am        57
មេដឹកនាំជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ (Lai Ching-te) បានប្រកាសនៅថ្ងៃពុធ (១០ មេសា) នេះថា លោកបានតែងតាំងលោក ចូ យ៉ុងថៃ (Cho Jung-tai) ដែលជាអតីតប្រធានគណបក្សប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច ធ្វើជាមន្ដ្រីជាន់ខ្ពស់ថ្មី (កោះនេះហៅថា នាយករដ្ឋមន្ត្រី)។ មន្ដ្រីជាន់ខ្ពស់ថ្មី និងគណៈរដ្ឋមន្ត្រីរបស់ខ្លួន នឹងមិនកាន់តួនាទីទេរហូតដល់លោក ឡៃ បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា ខាងមុខ។នៅក្រោមប្រព័ន្ធរដ្ឋាភិបាលរបស់តៃវ៉ាន់ មេដឹកនាំតែងតាំងមន្ដ្រីជាន់ខ្ពស់ ដែលបន្ទាប់មកមន្ដ្រីជាន់ខ្ពស់នោះតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីជាមួយនឹងការយល់ព្រមចុងក្រោយពីមេដឹកនាំ ហើយគណៈរដ្ឋមន្ត្រីនោះជាអ្នកដែលបង្កើតគោលនយោបាយ និងស្នើច្បាប់។លោក ចូ បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងប្រកាសសមាជិកគណៈរដ្ឋមន្ត្រីរបស់ខ្លួននៅពេលក្រោយ ដោយបន្ថែមថា លោកនឹងជ្រើសរើសពីគ្រប់ជួរគណបក្ស។ លោក ឡៃ ដែលបច្ចុប្បន្នជាមេដឹកនាំលំដាប់ទី២ បានឈ្នះការបោះឆ្នោតមេដឹកនាំកាលពីខែមករា ប៉ុន្តែបក្ស DPP បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា។គណបក្សប្រឆាំងដ៏សំខាន់របស់តៃវ៉ាន់ គឺគណបក្ស គូមីនតាំង (KMT) បានយកអាសនៈច្រើនជាងគេ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីបង្កើតសភាភាគច្រើនដោយខ្លួនឯងនោះទេ។ អាសនៈផ្សេងទៀតត្រូវបានឈ្នះដោយគណបក្សប្រជាជនតៃវ៉ាន់ (TPP) ដ៏តូច ដែលដឹកនាំដោយអតីតអភិបាលក្រុងតៃប៉ិ លោក កឺ វិនជឺ (Ko Wen-je)៕

សហរដ្ឋអាមេរិក ពិចារណាបន្ធូរបន្ថយការព្រមានសម្រាប់ពលរដ្ឋអាមេរិក ដែលធ្វើដំណើរទៅចិន

2024/04/10 10:37:23 am        45
អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ឃឺដ ខេមប៊ែល (Kurt Campbell) បាននិយាយកាលពីថ្ងៃអង្គារ (០៩ មេសា) ថាសហរដ្ឋអាមេរិក កំពុងពិចារណាបន្ធូរបន្ថយការប្រឹក្សាប្រឆាំងនឹងពលរដ្ឋរបស់ខ្លួនដែលធ្វើដំណើរទៅកាន់ប្រទេសចិន ដោយទទួលស្គាល់ការព្រួយបារម្ភថា ការព្រមាននេះអាចកាត់បន្ថយការផ្លាស់ប្តូររវាងប្រជាជនអាមេរិក និងប្រជាជនចិន។លោក ខេមប៊ែល បាននិយាយក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិមិនរកប្រាក់ចំណេញស្តីពីទំនាក់ទំនងអាមេរិក-ចិន ថា បណ្តាញទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានដំណើរការជាធម្មតាបន្ទាប់ពីមានភាពតានតឹងកើនឡើងជាច្រើនខែ។ យ៉ាងណាក៏ដោយ លោកក៏បានព្រមានថា ការគាំទ្ររបស់ចិន ចំពោះសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ធ្វើឱ្យទំនាក់ទំនងដែលមានស្ថិរភាពនេះស្ថិតក្នុងហានិភ័យ។ក្រសួងការបរទេសបានចេញការព្រមានជាលំដាប់សម្រាប់ជនជាតិអាមេរិក ដែលធ្វើដំណើរទៅកាន់ប្រទេសចិន ដោយអំពាវនាវឱ្យពួកគេពិចារណាឡើងវិញនូវដំណើរទាំងនោះ ឬបង្កើនការប្រុងប្រយ័ត្ន ដោយសារហានិភ័យនៃ «ការអនុវត្តច្បាប់ក្នុងស្រុក» ការហាមឃាត់ការចាកចេញ និងការឃុំខ្លួនដោយច្រឡំ។ប៉ុន្តែប្រធានាធិបតីនៃប្រទេសទាំងពីរ បានស្វះស្វែងរកការកសាងឡើងវិញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីជាសសរស្តម្ភសម្រាប់គ្រប់គ្រងការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចទាំងពីរនេះ៕

រដ្ឋមន្ត្រីការបរទេស៖ អូស្ត្រាលីនឹងពិចារណាលើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

2024/04/10 10:32:04 am        55
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយថា ទីក្រុងកង់បេរ៉ា នឹងពិចារណាលើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលជាការផ្លាស់ប្តូរគោលនយោបាយួយ ខណៈដែលសហគមន៍អន្តរជាតិ ស្វែងរកដំណោះស្រាយរដ្ឋពីរ ដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។នៅក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃអង្គារ លោកស្រី Wong បានគាំទ្រការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសដេវីត កាមេរុន ( David Cameron) ដែលបាននិយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន រួមទាំងនៅអង្គការសហប្រជាជាតិ នឹងធ្វើឲ្យដំណោះស្រាយរដ្ឋពីរ មិនអាចកែប្រែបានទេ។លោកស្រី Wong បានលើកឡើងថា សហគមន៍អន្តរជាតិ កំពុងពិភាក្សាអំពីភាពជារដ្ឋរបស់ប៉ាឡេស្ទីន «ជាមធ្យោបាយនៃការបង្កើតកម្លាំងជំរុញឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ»។លោកស្រី បានថ្លែងថា៖«ដំណោះស្រាយរដ្ឋពីរ គឺជាក្តីសង្ឃឹមតែមួយគត់ ដើម្បីបំបែកវដ្តនៃអំពើហិង្សា ដែលគ្មានទីបញ្ចប់នោះ»។អ្វីដែលហៅថាដំណោះស្រាយរដ្ឋពីរជាមូលដ្ឋានសម្រាប់កិច្ចប្រឹងប្រែងសន្តិភាពអន្តរជាតិ ដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនយូរមកហើយ ប៉ុន្តែដំណើរការ ត្រូវបានជាប់គាំងអស់មួយទសវត្សរ៍មកហើយ សូម្បីតែមុនពេលសង្រ្គាមបច្ចុប្បន្ននៅក្នុងតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីនរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ប្រជាជនប៉ាឡេស្ទីន ប្រាថ្នាចង់មានរដ្ឋឯករាជ្យមួយនៅតំបន់វេសបែង( West Bank) និងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ( East Jerusalem) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ និងរួមទាំងតំបន់ហ្កាហ្សាផងដែរ។

លោក Biden រិះគន់ វិធីសាស្ត្រសង្រ្គាមរបស់លោក Netanyahu ជាមួយក្រុមហាម៉ាស ថាជាកំហុស

2024/04/10 10:06:52 am        53
លោកប្រធានាធិបតី Joe Biden បានស្តីបន្ទោសយ៉ាងខ្លាំង មួយក្នុងចំណោមការស្ដីបន្ទោសជាច្រើន របស់លោកចំពោះដំណោះស្រាយសង្រ្គាមរបស់អ៊ីស្រាអែលនៅក្នុងដែនដីហ្កាហ្សា អំឡុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារដោយហៅវិធីសាស្រ្តរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ចំពោះជម្លោះនោះ ថាជា កំហុស និងអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធនេះ។ លោក Biden បានប្រាប់សារព័ត៌មាន Univision ថា ខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំគិតថាអ្វីដែលលោក Benjamin កំពុងធ្វើគឺជាកំហុស។ខ្ញុំមិនយល់ស្របនឹងវិធីសាស្រ្តរបស់លោកទេ នៅក្នុងបទសម្ភាសន៍មួយដែលបានថតត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដោយយោធារបស់អ៊ីស្រាអែលបានសម្លាប់បុគ្គលិកផ្ដល់ជំនួយផ្ទះបាយកណ្តាលពិភពលោក(World Central Kitchen) ចំនួនប្រាំពីរនាក់ ដែលបង្កឱ្យផ្ទុះកំហឹងពីបណ្ដាប្រទេសជាច្រើន និងការខកចិត្តពេញទូទាំងសេតវិមានរបស់អាមេរិក។យោងតាមអត្ថបទនៃបទសម្ភាសន៍របស់សារព័ត៌មាន Univision លោកបានបន្តថា ខ្ញុំគិតថាវាជារឿងដ៏គួរឲ្យហួសចិត្តដែលរថយន្ត៣គ្រឿង ក្នុងចំណោមបួនគ្រឿងនោះ ត្រូវបានវាយប្រហារដោយយានដ្រូន របស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។ ការស្ដីបន្ទោសនេះ បានក្លាយជាការរិះគន់ដ៏ខ្លាំងបំផុតមួយរបស់លោកប្រឆាំងនឹងរបៀបដែលរដ្ឋាភិបាលរបស់លោក Netanyahu កំពុងធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស។ លោកប្រធានាធិបតីបានបន្ថែមថាលោកកំពុងអំពាវនាវឱ្យអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់មួយ ហើយថា មិនមាន លេសសម្រាប់ការមិនបញ្ជូនជំនួយមនុស្សធម៌នោះទេ។បណ្ដាប្រទេសមហាអំណាចលោកខាងលិច មានការព្រួយបារម្ភយ៉ាងខ្លាំងលើចំនួនការស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនដែលចេះតែកើនឡើង និងវិបត្តិមនុស្សធម៌កើតចេញពីការវាយប្រហារមិនសំចៃដៃរបស់កងទ័ពអ៊ីស្រាអែលក្នុងបំណងបំផ្លាញក្រុមហាម៉ាសនៅក្នុងដែនដីហ្កាហ្សាស្ទ្រីប៕

ជប៉ុន មើលឃើញឱកាសកាន់តែច្រើន ក្នុងការពង្រឹងទំនាក់ទំនងវិស័យសេដ្ឋកិច្ច និងការពារជាតិ ជាមួយអាមេរិក

2024/04/10 09:19:00 am        57
លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយកាលពីថ្ងៃអង្គារទី៩មេសា ថា លោកបានមើលឃើញឱកាសកាន់តែច្រើនសម្រាប់កិច្ចការរួមគ្នាបន្ថែមទៀត ជាមួយសហរដ្ឋអាមេរិក លើផ្នែកបន្ទះឈីបអេឡិចត្រូនិកកុំព្យូទ័រជំនាន់ថ្មី។ លោក Kishida បានធ្វើអត្ថាធិប្បាយបែបនេះ ត្រឹមតែមួយថ្ងៃ មុនជំនួបកំពូលជាមួយលោកប្រធានាធិបតីអាមេរិក Joe Biden ដែលនឹងផ្ដោតលើការពង្រឹងផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងការពារជាតិដើម្បីបញ្ឈប់ឥទ្ធិពលដែលចេះតែកើនឡើងរបស់ប្រទេសចិន។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Microsoft បាននិយាយថា ខ្លួននឹងវិនិយោគទំហំទឹកប្រាក់២,៩ពាន់លានដុល្លារអាមេរិក រយៈពេលជាង២ឆ្នាំដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ជាការវិនិយោគដ៏ធំបំផុតរបស់ខ្លួនក្នុងពេល៤៦ឆ្នាំ ដែលប្រទេសនេះ បានធ្វើប្រតិបត្តិការក្នុងប្រទេសនៅអាស៊ីមួយនេះ។ ថ្លែងនៅឯកិច្ចប្រជុំតុមូលស្ដីពីបច្ចេកវិទ្យា រៀបចំដោយសភាពាណិជ្ជកម្មរបស់អាមេរិក នៅក្នុងទីក្រុងវ៉ាស៊ីនតោន លោកនាយករដ្ឋមន្ត្រីជប៉ុន បានសំដៅដល់រោងចក្រផលិតបន្ទះឈីបអេឡិចត្រូនិក Rapidus ក្នុងប្រទេសជប៉ុន។ លោកថា នៅក្នុងវិស័យផលិតបន្ទះឈីបអេឡិចត្រូនិក ក្រុមហ៊ុន Rapidus គឺជាដៃគូជាមួយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក នៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍនៃបន្ទះឈីបជំនាន់ថ្មី។ លោកប្រាកដណាស់ថា នឹងមានឱកាសកាន់តែច្រើនថែមទៀត សម្រាប់កិច្ចការរួមគ្នារវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ។ លោក Kishida ពុំបាននិយាយឈ្មោះប្រទេសចិនទេ នៅក្នុងសុន្ទរកថារបស់លោកទៅកាន់សភានោះ ប៉ុន្តែបាននិយាយថា វាពិតជាមានសារៈសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិក និងជប៉ុន ដែលត្រូវកសាងសមត្ថភាពនៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសទាំង២ និងជំរុញកកំណើនរួមគ្នាសម្រាប់សេដ្ឋកិច្ចសកល៕

លោក Xi ជួបប្រមុខការទូតរុស្ស៊ីលោក Lavrov ដើម្បីបង្ហាញការគាំទ្រប្រឆាំងលទ្ធិប្រជាធិបតេយ្យលោកខាងលិច

2024/04/10 08:55:30 am        85
លោកប្រធានាធិបតីចិន Xi Jinping បានជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ហ្សើហ្គេ ឡារ៉ូហ្វ (Sergey Lavrov) កាលពីថ្ងៃអង្គារជាសញ្ញានៃការគាំទ្រគ្នាទៅវិញទៅមក និងចែករំលែកការប្រឆាំងទៅនឹងលទ្ធិប្រជាធិបតេយ្យលោកខាងលិចស្របពេលសង្គ្រាម របស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែននៅតែបន្ត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ី លោក Lavrov បានប្រាប់លោក Xi ថា យើងសូមសម្តែងការដឹងគុណ និងកោតសរសើរខ្ពស់បំផុតរបស់យើងចំពោះជោគជ័យដែលលោកប្រធានាធិបតីសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ លើសពីនេះទៀតនោះ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក។យើងរីករាយដោយស្មោះចំពោះជោគជ័យទាំងនេះ ព្រោះទាំងនេះគឺជាជោគជ័យរបស់មិត្ត ទោះបីជាមិនមែនគ្រប់គ្នាក្នុងពិភពលោកចែករំលែកអាកប្បកិរិយានេះ និងកំពុងព្យាយាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ការអភិវឌ្ឍន៍របស់ប្រទេសចិនក៏ដោយ តាមពិតទៅក៏ដូចជាការអភិវឌ្ឍន៍របស់រុស្ស៊ីដែរ។ ភាពឯកោផ្នែកសេដ្ឋកិច្ច និងការទូតដែលកំពុងកើនឡើងលើរុស្ស៊ី បានធ្វើឱ្យប្រទេសនេះពឹងផ្អែកកាន់តែខ្លាំងឡើងលើប្រទេសចិន ដែលជាអតីតគូប្រជែងរបស់ខ្លួនសម្រាប់ការដឹកនាំនៃប្លុកកុម្មុយនិស្តកំឡុងសង្គ្រាមត្រជាក់។ក្នុងទសវត្សរ៍កន្លងមក ប្រទេសទាំងពីរបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនូវគោលនយោបាយការបរទេសរបស់ខ្លួន បានធ្វើសមយុទ្ធយោធារួមគ្នា និងស្វែងរកការប្រមូលផ្តុំរដ្ឋដែលមិនចូលបក្សសម្ព័ន្ធនៅក្នុងក្រុមដូច ជាអង្គការសហប្រតិបត្តិការសៀងហៃ។ប្រមុខការទូតរុស្ស៊ីរូបនេះ បានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារជាមួយសមភាគីចិនលោក Wang Yi ដោយបានបញ្ជាក់ឡើងវិញនូវសាមគ្គីភាពក្នុងកិច្ចការអន្តរជាតិ។លោក Lavrov បាននិយាយថា រុស្ស៊ី និងចិន ប្រឆាំងរាល់ព្រឹត្តិការណ៍អន្តរជាតិ ដែលមិនយកជំហររបស់រុស្ស៊ីទៅពិចារណា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តគូស្វាមីភរិយាដែលមានលទ្ធភាពគួរមានកូនច្រើន

2024/04/09 02:38:05 pm        156
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង​ពលកម្ម នៅក្នុងប្រទេសកម្ពុជានាពេលអនាគត។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី បានថ្លែងថា គោលនយោបាយជាតិប្រជាជន២០១៦-២០៣០ គឺឈរលើគោលការណ៍​ទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ឱ្យមានសិទ្ធិជាមូលដ្ឋាន​ក្នុងការសម្រេចចិត្ត ដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និងការពន្យារកំណើត និងមានលទ្ធភាពទទួលបានព័ត៌មាន ការអប់រំ សេវា និង មធ្យោបាយ ដើម្បីធ្វើការសម្រេច​ចិត្តលើការ​យកកូននៅក្នុងគ្រួសាររបស់ខ្លួននេះ។ ក្នុងឱកាសនេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានលើកទឹកចិត្តដល់គូស្វាមីភរិយាដែលមាន​លទ្ធភាព​ខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិតជំនួស ២,១ ដើម្បី​ចៀសវាង​នូវហានិភ័យ​នាកង្វះកម្លាំងនាពេលអនាគត។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រ និងភាគលាភយេនឌ័រឱ្យបានជាអតិបរមា និងបញ្ចៀសបញ្ហាកង្វះកម្លាំងពលកម្ម និងប្រជាជន​វ័យចាស់ដែលច្រើនជាងប្រជាជនវ័យ​ ក្មេងនៅកម្ពុជាក្រោយឆ្នាំ ​២០៥០ សម្តេច ស្នើឱ្យ​ក្រសួងផែនការ គិតគូរឱ្យបានល្អិតល្អន់ឡើងវិញ អំពីនិន្នាការ ប្រជាសាស្ត្រ និងបម្រែបម្រួល​រចនាសម្ព័ន្ធអាយុ ព្រមទាំងសេណារីយ៉ូនៃយន្តការគាំទ្រសង្គមដល់យុវវ័យ ​និងគ្រួសារ នៅ​ពេលធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០៕ អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតី ណែនាំក្រសួងផែនការបង្កើនសមត្ថភាពមន្រ្ដី ដើម្បីគ្រប់គ្រង វិភាគ និងប្រមូលទិន្នន័យសម្រាប់ជាតិ

2024/04/09 02:33:39 pm        97
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួងផែនការ ត្រូវបង្កើនការពង្រឹងសមត្ថភាពមន្រ្ដីរបស់ខ្លួន ដើម្បីអនុវត្តកិច្ចការងារ គ្រប់គ្រង វិភាគ និងប្រមូលទិន្នន័យសម្រាប់ការអភិវឌ្ឍជាតិឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងមានប្រសិទ្ធភាពល្អ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី បានមានប្រសាសន៍ថា ក្រសួងផែនការមានតួនាទីសំខាន់ ធ្វើជាសេនាធិការដ្ឋាន​របស់​រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផែនការ​វិនិយោគសាធារណៈ ការងារអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការងារលើកកម្ពស់អាហារូបត្ថម្ភ ការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិជាដើម។សម្តេចធិបតី បានបន្តថា ក្រសួងផែនការ ក៏ជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងសម្របសម្រួលការងារ ​ក្នុងកិច្ចការងារអន្តរជាតិជាច្រើនទៀត ដូចជាការងារគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព ការងារពង្រឹង និងតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទ​អន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ និងការងាររៀបចំការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុម​ប្រទេសអភិវឌ្ឍន៍​តិចតួចផងដែរ។សូមជម្រាបថា ក្រសួងផែនការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល​ លើវិស័យផែនការ ស្ថិតិ សម្របសម្រួល ​និងគ្រប់គ្រង ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ ​ក្រសួងផែនការក៏បាននឹងកំពុងពង្រឹងការងារកិច្ចសហប្រត្តិបត្តិការអន្តរជាតិជាមួយ និង​បណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកជាទ្វេភាគី​ និងជាពហុភាគី និងបានគិតគូបង្កើតយន្តការ​សម្របសម្រួល​ការងារសហប្រតិបត្តិការត្បូង-ត្បូង​ និងត្រីកោណ។ក្រសួងផែនការក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន​របស់ក្រសួងផែនការ ​ដើម្បីប្រមូលផ្ដុំគ្រប់គ្រងលើទិន្នន័យច្រើនប្រភេទ​កំពុង​នៅរាយប៉ាយគ្នាដែលកំពុងផ្ទុក ​និងបង្ហោះដោយក្រុមហ៊ុនឯកជន​ និងស្ថាប័នដ៏ទៃ មានដូចជា ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ​ទិន្នន័យមូលដ្ឋានថ្នាក់ក្រោមជាតិ ទិន្នន័យជំរឿន អង្គេត CAMSTAT ជាដើម៕អត្ថបទ៖វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកTrump ចេញការព្រមានចុងក្រោយដល់ក្រុមហាម៉ាស ឲ្យទទួលយកកិច្ចព្រមព្រៀងចំណាប់ខ្មាំង
09/08/2025 08:09 AM
សម្តេចប្រមុខរដ្ឋស្តីទី ផ្ញើសារអបអរសាទរ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល»
09/08/2025 08:09 AM
សម្តេចធិបតី ណែនាំឲ្យពង្រីកវិសាលភាពកម្មវិធីអក្ខរកម្ម ដើម្បីធានាឲ្យពលរដ្ឋគ្រប់រូបមានឱកាសសិក្សា ពេញមួយជីវិត
09/08/2025 07:09 AM
សម្តេច ម៉ែន សំអន ប្រារព្ធកិច្ចបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅប្រាសាទនាគព័ន្ធ
09/07/2025 08:09 PM
សម្តេចធិបតី៖ សុខុមាលភាពកងទ័ពទាំង១៨នាក់ ដែលថៃចាប់ទៅគឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ
09/07/2025 08:09 PM
រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តព្រះពុទ្ធមានបុណ្យ
09/07/2025 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
09/07/2025 06:09 PM
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រសួងមុខងារសាធារណៈបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈរួចរាល់ធ្វើប្រតិបត្តិការជំរឿនមន្ត្រីជាក់ស្តែងសម្រេចលទ្ធផលជូនរាជរដ្ឋាភិបាល
09/07/2025 05:09 PM
ទឹកជំនន់នៅនីហ្សេរីយ៉ា បានសម្លាប់មនុស្សលើសពី ២៣០នាក់ ដោយជាង ១០០នាក់ នៅតែបាត់ខ្លួន
09/07/2025 05:09 PM
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន
09/07/2025 05:09 PM