ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ
ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោន ត្រៀមធ្វើពុទ្ធាភិសេកនៅរសៀលថ្ងៃនេះ
សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ
គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ពូទីន ស្វែងរកការផ្គត់ផ្គង់ប្រេងសាំងបន្ទាន់ បន្ទាប់ពីអ៊ុយក្រែនវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់ខ្លួន

2024/04/09 02:22:59 pm        141
តាមសេចក្តីរាយការណ៍ រុស្ស៊ីបានស្នើឲ្យប្រទេសកាហ្សាក់ស្ថានផ្គត់ផ្គង់ប្រេងសាំង ខណៈដែលការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេង បង្ខំឲ្យប្រទេសនេះ នាំចូលប្រេងសាំង។សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រទេសកាហ្សាក់ស្ថាន ត្រូវបានស្នើសុំឲ្យបង្កើតទុនបម្រុងប្រេងសាំងចំនួន ១00.000តោន ស្មើនឹង ៨៤៥.000 បារ៉ែល ដើម្បីផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ី ប្រសិនបើ កង្វះខាត កើតឡើង។ពុំទាន់ច្បាស់ទេថាតើកិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់រយ៉ាងណាទេ។ វិមានក្រឹមឡាំង ក៏កំពុងស្វែងរកការផ្គត់ផ្គង់ពីប្រទេសបេឡារុសផងដែរនោះ។តាមធម្មតា ប្រទេសរុស្ស៊ី គឺជាអ្នកនាំចេញប្រេងសាំង ប៉ុន្តែការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនបានប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពចម្រាញ់របស់ខ្លួន ដោយបង្ខំឲ្យប្រទេសនេះពឹងផ្អែកលើការនាំចូលដើម្បីបំពេញតម្រូវការ។ការវាយប្រហារដោយយានដ្រូន បានត្រូវចំរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីយ៉ាងហោចណាស់ ១២ដង រួមទាំង ៥ដង ក្នុងខែមីនាតែមួយប៉ុណ្ណោះ ហើយអាចមានចម្ងាយរាប់រយម៉ាយ ក្នុងទឹកដីរុស្ស៊ី។ប្រទេសអ៊ុយក្រែន បានងាកមកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីជាមធ្យោបាយវាយលុកសេដ្ឋកិច្ច ក្នុងសម័យសង្គ្រាមរបស់ខ្លួន ខណៈដែលភាគីទាំងសងខាង មិនបានចំណេញទឹកដីជាក់ស្តែងនោះ។

រដ្ឋមន្ត្រីអ៊ីស្រាអែល គំរាមផ្តួលរំលំលោកណេតាន់យ៉ាហ៊ូ ប្រសិនបើលោក មិនចូលឈ្លានពានទីក្រុងរ៉ាហ្វាទេ

2024/04/09 02:00:57 pm        187
រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមរបស់អ៊ីស្រាអែល បានគំរាមផ្តួលរំលំលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ប្រសិនបើគាត់បរាជ័យក្នុងការបញ្ជាឲ្យមានការឈ្លានពានជើងគោកលើទីក្រុងរ៉ាហ្វា (Rafah) នៅតំបន់ហ្កាហ្សាភាគខាងត្បូងទេ។លោក Itamar Ben-Gvir បានថ្លែងកាលពីថ្ងៃចន្ទថា៖«ប្រសិនបើលោកណេតាន់យ៉ាហ៊ូ សម្រេចចិត្តបញ្ចប់សង្រ្គាមដោយគ្មានការវាយលុកទ្រង់ទ្រាយធំនៅទីក្រុងរ៉ាហ្វាទេ នោះគាត់នឹងមិនមានអាណត្តិ ដើម្បីធ្វើជានាយករដ្ឋមន្ត្រីតទៅទៀតទេ»។កងទ័ពអ៊ីស្រាអែល បានដកកម្លាំងជើងគោកចេញពីតំបន់ហ្កាហ្សាភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ដោយជំរុញឲ្យមានការរំពឹងទុកថា ប្រតិបត្តិការជើងគោកនៅទីក្រុងរ៉ាហ្វា ត្រូវបានផ្អាក ឬពន្យារពេល។រដ្ឋមន្ត្រីអ៊ីស្រាអែលម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់កាសែតសារព័ត៌មាន The Telegraph ថា ខ្លួនយល់ស្រប ១០០ ភាគរយ ជាមួយនឹងលោក Ben-Gvir។«យើងមានគោលដៅច្បាស់លាស់ ពោលគឺលុបបំបាត់សមត្ថភាពយោធារបស់ក្រុមហាម៉ាស។ នោះមានន័យថា ជាកងវរសេនាតូចទាំង៤ ដែលនៅសេសសល់នៅទីក្រុងរ៉ាហ្វា»។រដ្ឋមន្ត្រីនោះ បានបញ្ជាក់ថា៖«គោលដៅទីពីរ គឺដើម្បីរុះរើសមត្ថភាពនយោបាយ និងរដ្ឋបាលរបស់ពួកគេ។ ដូច្នេះសង្រ្គាម មិនទាន់ចប់ទេ ហើយយើងមានការងារត្រូវធ្វើ។ វាគឺរឿងសាមញ្ញណាស់»។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា កងកម្លាំងជើងគោករបស់ខ្លួន បានចាកចេញពីតំបន់ហ្កាហ្សាភាគខាងត្បូង ដោយសារតែការហត់នឿយ ហើយមិនមែនដោយសារតែសង្គ្រាម បានបញ្ចប់នោះទេ ប៉ុន្តែការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីលោក ចូ បៃដិន (Joe Biden) បានសន្ទនាតាមទូរស័ព្ទដ៏តានតឹងជាមួយលោកណេតាន់យ៉ាហ៊ូ។ លោកបៃដិន បានទាមទារជំនួយបន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្កាហ្សា ក៏ដូចជាការការពារកាន់តែប្រសើរឡើងនៃជនស៊ីវិល និងបុគ្គលិកជំនួយ។

ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ៖ ការដឹកនាំរបស់សម្ដេចតេជោបានប្រែក្លាយកម្ពុជា ជាប្រទេសអភិវឌ្ឍន៍លឿននៅក្នុងតំបន់

2024/04/09 01:48:17 pm        178
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានស្វាគមន៍ចំពោះដំណើរតទស្សនកិច្ចរបស់លោក តាន់ ស្រ៊ី មីឆែល យ៉េវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងគណៈប្រតិភូនៅកម្ពុជា។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះលោកប្រធានវិទ្យាស្ថានដែលកន្លងមក តែងតែ​គាំទ្រ​កម្ពុជា​ជា​ហូរហែរពិសេសក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំអាស៊ានឆ្នាំ ២០២២ ហើយ​ក៏​អរគុណ​ចំពោះ​វិទ្យាស្ថានដែលបានផ្ដល់ពានរង្វាន់មួយជីវិតដល់សម្ដេច ជាថ្នាក់ដឹកនាំ​ឆ្នើម​នៅ​ក្នុង​អាស៊ាន ដែលបានកាន់ញរញ៊ូអាស៊ានរហូតដល់ទៅ៣ដង។ សម្ដេច​តេជោក៏​បាន​សម្ដែង​ការ​រីក​រាយ​ដោយ​បាន​ធ្វើការជាមួយគ្នាក្នុងរយៈពេលជាងដប់ឆ្នាំនេះ ដែលលោក តាន់ ស្រ៊ី មីឆែល យ៉េវ បាន​ធ្វើការនេះតាំងពីឆ្នាំ២០២១រហូតដល់បច្ចុប្បន្ន។ជាការឆ្លើយ​តបលោក លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានថ្លែងអំណរគុណ​ចំពោះសម្ដេច​ដែល​បាន​អនុញ្ញាត​ឲ្យ​ចូលជួប​សម្ដែង​ការគួរសម​ក្នុងពេលនេះក្នុងពេលដែលលោកបានបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយលោកក៏បានសម្ដែងការសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោ ចាប់តាំងពី​លោក​បាន​ចាប់ផ្ដើមគ្រប់គ្រង KSI មក គឺលោកបានធ្វើការកត់​សម្គាល់​ឃើញ​ថា​កម្ពុជា​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន យ៉ាងសម្បើម ដែលបង្ហាញពីការដឹកនាំរបស់សម្ដេចតេជោ ហើយសង្ឃឹម​ថា​សម្ដេចតេជោ​នឹង​មានការចែករំលែកនូវការដឹកនាំរបស់សម្ដេច ប្រកបដោយប្រសិទ្ធ​ភាព​នេះ​ដល់​បណ្ដាល​ថ្នាក់​ដឹកនាំនៃបណ្ដាប្រទេសអាស៊ានផ្សេងទៀត។ ការដឹកនាំរបស់​សម្ដេច​បាន​នាំ​មក​នូវ​ស្ថិរភាព សន្តិសុខដល់កម្ពុជា ធ្វើឲ្យមានកំណើនក្នុងវិស័យសេដ្ឋកិច្ច សង្គម ហើយប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជាប្រទេសដែលមានការអភិវឌ្ឍន៍លឿននៅក្នុងតំបន់។លោក​បានសម្ដែងការចាប់អារម្មណ៍ចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីម្សិលមិញ ដែល​លោក​បាន​មានប្រសាសន៍ថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានចក្ខុវិស័យវែងឆ្ងាយ មាន​ភា​ព​ឆ្លាត​វៃ​ក្នុង​ការដឹកនាំ ហើយសង្ឃឹមថា សម្ដេចធិបតី​នឹង​បន្ត​ពី​សម្ដេច​តេជោដឹក​នាំក​ម្ពុជា​ទៅ​រក​ការ​រីក​ចម្រើន​នៅក្នុងសម័យកាលថ្មីមួយថែមទៀត។លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានជម្រាបជូនសម្ដេចតេជោថា លោកគ្រោង​នឹង​នាំ​មក​នូវ​សហគ្រិន អ្នកវិនិយោគជាច្រើនដែលផ្ដោតទៅលើ វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យ​ថាមពលដែលកកើតពីជីវម៉ាស លោកក៏បានជម្រាបជូនសម្ដេចថា ពីលោក​បាន​គោរព​ស្នើ​សុំ​សម្ដេច​ធិបតី ដើម្បីបានរៀបចំនូវវេទិកា ២ សំខាន់ ដែលគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ដែល​ចង់ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។សម្ដេច​តេជោ​បានថ្លែងអំណរគុណចំពោះការរៀបចំវេទិកាទាំងពីរនោះ និងបានផ្ដល់យោបល់ថា សូមឲ្យ​កម្ម​វិធីនានា ចូលរួមដោយសម្ដេចធិបតី នាយករដ្ឋមន្ត្រី។ សម្ដេច​តេជោ​ផ្ដល់​យោបល់​បន្ថែម​ថា ​សូមឱ្យមានការគិតគូរ ធ្វើការជាមួយដៃគូរនានានៅក្នុងកម្ពុជា ហើយ​ផ្ដោត​ទៅ​លើ​ពាណិជ្ជកម្ម​តម្រង់​ទិស​ទៅលើ ពាណិជ្ជកម្មអាស៊ាន និងចិន ដោយសម្ដេច ចាត់ទុកថាប្រទេសចិន គឺជា​ទីផ្សារ​ធំ​មួយ​សម្រាប់អាស៊ាន សម្រាប់កម្ពុជា ហើយប្រទេសចិនមានប្រជាជនច្រើន ហើយបើ​ប្រៀប​ធៀប​ប្រជាជន​ចិន​គឺ​ច្រើនជាងអាមេរិក និងអឺរ៉ុបបូកចូល​គ្នា​ទៀត​ហើយ​សេច​ក្ដី​ត្រូវ​ការ​របស់​ចិន​គឺ​ធំ​ធេង​ណាស់ ដូច្នេះត្រូវមើលទីផ្សារជិតប្រសើរជាងស្វែងរកទីផ្សារឆ្ងាយ ដោយសម្ដេច បានធ្វើ​ការ​ប្រៀប​ធៀប​ក្នុង​ សម័យកូវីដ-១៩ ដែលពីមុននោះគិតគូរតែទីផ្សារឆ្ងាយៗ ផ្ទុយទៅវិញ​នៅ​ពេល​ការ​រារាំង​ដោយ​ជំងឺ​កូវីដ-១៩ ពាណិជ្ជកម្មរបស់កម្ពុជា និងបណ្ដាប្រទេសអាស៊ានជាអាទិ៍ជាមួយ វៀតណាម ជា​មួយថៃ ជាមួយម៉ាឡេស៊ី និងជាមួយចិន មានការកើនឡើងទ្វេរដង ឬអាច​លើស​ទ្វេរ​ដង​ទៅ​ទៀត​។ដូច្នេះសម្ដេច​តេជោបានផ្ដល់យោបល់ឲ្យយកចិត្តទុកដាក់ទៅលើទីផ្សារនៅក្នុងតំបន់ ត្រូវ​យក​ទុក​ដាក់​លើ​អ្វី​ដែលមានហើយដូចជាកិច្ចព្រមព្រៀង RCEP, China-ASEAN Free Trade និង​សមាជិក​អាស៊ាន​នីមួយៗ ជាមួយបណ្ដាប្រទេសផ្សេងទៀត។សម្ដេចតេជោ​បានរំលេចផងដែរថា នៅក្នុងបណ្ដាប្រទេសអាស៊ាននេះ គឺមិន​ព្រួយ​បារម្ភ​ពី​ការ​ខ្វះ​ស្បៀង​នោះ​ទេ ដោយសារបណ្ដាសមាជិកអាស៊ានមួយចំនួនជាប្រទេសផលិតស្រូវ ស្បៀង ហើយ​ប្រទេ​ស​មួយចំនួនទៀត គឺជាប្រទេសដែលនាំចូលនូវស្បៀងអាហារ ដូច្នេះអាច​បំពេញ​ឲ្យគ្នា​ទៅ​វិញ​ទៅម​ក ហើយត្រូវធ្វើខិតខំធ្វើ សមាហរណកម្ម លើវិស័យពាណិជ្ជកម្ម ការវិនិយោគ​ផ្សេង​ៗ​ជា​មួយ​គ្នា​។សម្ដេចក៏​បានផ្ដល់អនុសាសន៍ដល់វិទ្យាស្ថាន KSI និង AVI របស់កម្ពុជាធ្វើការសិក្សារួមគ្នា ជំរុញ​ទំនាក់​ទំនង​រកទីផ្សារនៅក្នុងតំបន់ជាពិសេសរវាងអាស៊ាន និងចិន។ ជាចុងក្រោយសម្ដេចតេជោ បាន​ជូនពរដល់ លោកប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ដ និងប្រតិភូ​សូម​ឲ្យ​ដំណើរ​ទស្សន​កិច្ច​រប​ស់លោ​ក បានប្រកបដោយជោគជ័យ និងជូនពរឲ្យការរៀបចំកិច្ចប្រជុំកំពូលទាំងពីរ​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​ប្រកប​ដោយជោគជ័យ។ជាការឆ្លើយតប លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ចំពោះ​ការផ្ដល់​ជា​អនុសាសន៍លើការទំនាក់ទំនងរវាង អាស៊ាន និងចិន និងបានកោតសរសើរនូវរចនាបទ និង​ការសំបូរណ៍បែបនៃវប្បធម៌ អរិយធម៌ បេតិកភណ្ឌរបស់កម្ពុជាដោយថែរក្សាបានយ៉ាងល្អ៕

ឯកឧត្តម ស សុខា អញ្ជើញបើកការដ្ឋានសាងសង់អគារប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងជួបជាមួយពលករកម្ពុជាត្រឡប់ពីថៃ

2024/04/09 01:39:51 pm        136
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជួប​សំណេះសំណាល​សួរ​សុខទុក្ខពលករកម្ពុជាត្រឡប់ពីថៃ ​នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និង​អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន ​សាងសង់អគារស្នាក់នៅ និងបន្ទប់ធ្វើការថ្មីរបស់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមាមប្រសាសន៍​ទៅ​កាន់ពុកម៉ែបងប្អូន​ជាពលករខ្មែរ ដែលបានវិលត្រឡប់មកស្រុកកំណើតវិញ ​ដើម្បី​ចូលរួម​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​នាពេលខាងមុខថា​ ដោយ​មាន​ការយកចិត្តទុកដាក់ពី​សំណាក់រដ្ឋាភិបាលកម្ពុជា​ដែល​មាន​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី បាន​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាលថៃ​ដល់​ការវិលត្រឡប់មកស្រុកកំណើត ​របស់ពលករ កម្ពុជា ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណី ជាតិ​ខាងមុខ ​រាជរដ្ឋាភិបាលនៃប្រទេសថៃឡង់ដ៍ ​តាមរយៈប្រកាសរបស់​ក្រសួងមហាផ្ទៃថៃ បាន​លើកលែង ​តម្លៃសេវាអនុញ្ញាតចេញ–ចូល​ (Re-Entry Permit) សម្រាប់​បងប្អូនពលករកម្ពុជា ដែល​ធ្វើដំណើរចេញ–ចូលប្រទេសថៃចាប់ពីថ្ងៃទី០១​ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ។ក្រៅពីការ​សម្របសម្រួល ​ធ្វើយ៉ាងណាអោយបងប្អូនបានមកស្រុកកំណើរឆាប់រហ័ស អាជ្ញាធរ​និងសមត្ថកិច្ចនៅច្រក​ ក៏បានធ្វើការ​ចែកស្បៀង អាហារ មានដូចជា​ នំបុ័ង ទឹកបរិសុទ្ធ និង​វត្ថុអនុស្សាវរីយ៍ ជាក្រមា១ក្នុង ម្នាក់ផងដែរដល់បងប្អូន ។សូមបញ្ជាក់ថា ​ចាប់តាំងពីដើមខែមេសា ​អាកាសសធាតុនៅខេត្តបន្ទាយមានជ័យ ​មានភាពក្តៅខ្លាំង មិនមានភ្លៀង ស្រាបតែនៅថ្ងៃទី៩នេះ ចំពេលវត្តមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ អញ្ជើញមក ស្រាប់តែភ្លៀងជោគជាំតែម្តង៕

អ៊ីរ៉ង់ បើកស្ថានកុងស៊ុលថ្មីនៅប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល

2024/04/09 01:16:44 pm        137
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមឺ អាបឌុលឡាហៀន (Hossein Amir-Abdollahian) បានបើកអគារកុងស៊ុលថ្មីមួយនៅរដ្ឋធានី ដាម៉ាស ប្រទេសស៊ីរីកាលពីថ្ងៃចន្ទ (០៨ មេសា) បន្ទាប់ពីមានការបំផ្លិចបំផ្លាញស្ថានកុងស៊ុលមុន ដោយការវាយប្រហារដែលសង្ស័យរបស់អ៊ីស្រាអែល កាលពីសប្តាហ៍មុន។លោក អាបឌុលឡាហៀន រួមជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក ហ្វៃសាល ម៉េកដាដ (Faisal Mekdad) បានចូលរួមក្នុងពិធីសម្ពោធស្ថានកុងស៊ុលថ្មី ដែលមានទីតាំងនៅជាប់នឹងអគារមុនដែលត្រូវបានកម្ទេចដោយការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល កាលពីប៉ុន្មានថ្ងៃមុននោះ។លោក អាបឌុលឡាហៀន បានទៅដល់ទីក្រុង ដាម៉ាស កាលពីរសៀលថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសនេះ ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់កាលពីថ្ងៃទី០១ ខែមេសា មក។ ការវាយប្រហារនេះបានសម្លាប់មេដឹកនាំជាន់ខ្ពស់ជាច្រើននាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) រួមទាំងលោក ម៉ូហាម៉េដ រ៉េហ្សា ហ្សាហេឌី (Mohammad Reza Zahedi) ដែលជាអតីតយុទ្ធជនមេបញ្ជាការ ដែលដឹកនាំកងប្រតិបត្តិការបរទេសកងឆ្មាំបដិវត្តន៍អ៊ីស្លាម គឺកងកម្លាំងគុត (Quds) នៅស៊ីរី និងលីបង់។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីស៊ីរី លោក អាបឌុលឡាហៀន បានបញ្ជាក់សារជាថ្មីថា អ៊ីស្រាអែល នឹងទទួលបាន «ការឆ្លើយតបជាចាំបាច់» សម្រាប់ការវាយប្រហាររបស់ខ្លួនលើស្ថានកុងស៊ុល ខណៈពេលដែលបន្ទោសសហរដ្ឋអាមេរិក ចំពោះឧប្បត្តិហេតុនេះ៕

ប្រជាប្រិយភាពរបស់ TikTok ក្នុងចំណោមអ្នកនយោបាយអឺរ៉ុបកើនឡើង ទោះមានក្ដីបារម្ភផ្នែកសន្តិសុខក៏ដោយ

2024/04/09 01:10:30 pm        124
នៅពេលលោក Simon Harris ក្លាយជានាយករដ្ឋមន្ត្រីអៀរឡង់ ក្នុងខែមីនា លោកបានងាកទៅរកវេទិកាមួយ ដែលលោកពេញចិត្តក្នុងការបង្ហាញពីខ្លួនលោកគឺ បណ្ដាញសង្គមបង្ហោះព័ត៌មានកម្សាន្តខ្លីៗ TikTok ។ នៅក្នុងវីដេអូដែលមានអក្សរថា អរគុណ 'Thank YOU' ពណ៌លឿង បុរសដែលនឹងក្លាយជា នាយករដ្ឋមន្ត្រីឬមេដឹកនាំក្មេងជាងគេរបស់ប្រទេសអៀរឡង់បានប្រាប់អ្នកតាមដានឬ followers ចំនួន ៩៥.០០០នាក់ របស់លោកអំពីការកើនឡើងចំនួនគាំទ្ររបស់លោកពី ក្មេងជំទង់ដែលមានគំនិត និងអារម្មណ៍មិនល្អ ដោយខ្វះជំនួយផ្នែកអប់រំសម្រាប់បងប្រុសរបស់លោកដែលមានជំងឺអូទីស្សឹម។ លោកHarris ដែលជួនកាលដាក់ឈ្មោះថា ទីកតុក តាអស៊ីច "TikTok Taoiseach" ស្ថិតក្នុងចំណោមអ្នកនយោបាយអឺរ៉ុបដែលនាំមុខវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់គ្រងដោយចិនមួយនេះ ដោយហៅថាតម្រូវការដើម្បីទៅដល់អ្នកបោះឆ្នោតវ័យក្មេងមានការព្រួយបារម្ភខ្លាំងអំពីសុវត្ថិភាព។ស្របពេលការបោះឆ្នោតនៅអឺរ៉ុបខិតជិតមកដល់ក្នុងខែមិថុនខាងមុខ អ្នកនយោបាយទូទៅមានការប្រុងប្រយ័ត្នចំពោះភាគីពាក់ព័ន្ធដែលបានទាញយកផលចំណេញពីទម្រង់វីដេអូខ្លីៗរបស់ខ្លួនដោយជោគជ័យ។ ប៉ុន្តែបណ្ដាញសង្គមTikTok កំពុងស្ថិតក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងនៅលោកខាងលិច ដោយសារតែក្ដីបារម្ភថាទិន្នន័យអ្នកប្រើប្រាស់ពីកម្មវិធី ដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance មានមូលដ្ឋាននៅទីក្រុងប៉េកាំងអាចបញ្ចប់នៅក្នុងដៃរបស់រដ្ឋាភិបាលចិន។ជាឧទាហរណ៍ ភ្នាក់ងារសន្តិសុខរបស់ប្រទេសអាល្លឺម៉ង់បានព្រមានប្រឆាំងនឹងការប្រើប្រាស់កម្មវិធីនេះ ជុំវិញក្ដីបារម្ភថា បណ្ដាញនេះអាចចែករំលែកទិន្នន័យជាមួយរដ្ឋាភិបាលរបស់ប្រទេសចិន ឬត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងលើអ្នកប្រើប្រាស់។នៅសហរដ្ឋអាមេរិក សមាជិកសភាចង់បង្ខំឱ្យលក់វេទិកាគ្រប់គ្រងដោយប្រទេសចិនមួយនេះ ឬហាមឃាត់ប្រាមមិនឲ្យប្រើប្រាស់កម្មវិធីនេះ។ លោកប្រធានាធិបតីJoe Bidenបានលើកឡើងពីការព្រួយបារម្ភជាមួយលោកប្រធានាធិបតីចិនXi Jinping ។ចំណែកលោកប្រធានាធិបតីបារាំង Emmanuel Macron វិញមានអ្នកតាមដាន ឬ followers ដល់ទៅ៤លាននាក់ ចាប់តាំងពីចូលរួម TikTok ក្នុងឆ្នាំ ២០២០មក៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចោទអាមេរិកថា បានផ្តល់ភ្លើងខៀវឲ្យអ៊ីស្រាអែលវាយប្រហារស្ថានកុងស៊ុល នៅស៊ីរី

2024/04/09 10:01:03 am        243
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានផ្តល់ «ភ្លើងខៀវ» ឲ្យអ៊ីស្រាអែលធ្វើការវាយប្រហារលើអគារកុងស៊ុលរបស់ខ្លួន នៅក្នុងប្រទេសស៊ីរីដែលបានសម្លាប់មន្ត្រីយោធាអ៊ីរ៉ង់៧ នាក់ រួមទាំងឧត្តមសេនីយ៍ពីរនាក់។លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) បានអះអាងសាជាថ្មីនូវការប្តេជ្ញារបស់ទីក្រុងតេអេរ៉ង់ថា ខ្លួននឹងឆ្លើយតបចំពោះការវាយប្រហារ ដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយលើអ៊ីស្រាអែល ហាក់ដូចជាបង្ហាញពីការកើនឡើងនៃការកំណត់គោលដៅរបស់អ៊ីស្រាអែលទៅលើមន្ត្រីយោធាមកពីប្រទេសអ៊ីរ៉ង់ដែលគាំទ្រក្រុមសកម្មប្រយុទ្ធប្រយុទ្ធនឹងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយប្រទេសលីបង់។មេដឹកនាំក្រុមហេសបូឡា លោកហាសាន ណាស្រាលឡា (Hassan Nasrallah) ក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទ បានរំលឹកឡើងវិញនូវការគាំទ្ររបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់សម្រាប់ការឆ្លើយតបយោធាក្រុងតេអេរ៉ង់ចំពោះការវាយប្រហារដែលបានសម្លាប់ឧត្តមសេនីយ៍ ម៉ូហាម៉េដ រីហ្សា ហ្សាហ៊ីឌី (Mohammad Reza Zahedi) មន្ត្រីយោធាជាន់ខ្ពស់ នៅក្នុងកងកម្លាំង Quds របស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃសង្គ្រាមទៅកាន់តែរាលដាលក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ចាប់តាំងពីសង្គ្រាមនៅហ្កាហ្សា បានចាប់ផ្តើមកាលពី ៦ខែមុន ការប៉ះទង្គិចគ្នា បានកើនឡើងរវាងអ៊ីស្រា អែល និងក្រុមហេសបូឡារបស់លីបង់។ ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា និងវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ក៏ត្រូវបានគាំទ្រដោយអ៊ីរ៉ង់ ក៏ដូចជាក្រុមជីវពលអ៊ីរ៉ាក់ដែលមានគោលដៅលើមូលដ្ឋានទ័ព និងទីតាំងរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

មនុស្សជាង ២០០ នាក់ត្រូវចូលមន្ទីរពេទ្យ ដោយសារទទួលទានអាហារបំប៉នពីក្រុមហ៊ុនជប៉ុន Kobayashi

2024/04/09 09:56:31 am        231
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទ (០៨ មេសា) ថា ចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសជប៉ុន ដោយសារតែការខូចសុខភាពទាក់ទងនឹងអាហារបំប៉នរបស់រោងចក្រផលិតឱសថ កូបាយ៉ាស៊ិ ហ្វាម៉ាស៊ីធិខល (Kobayashi Pharmaceutical) ដែលមានផ្ទុកអង្ករមេដំបែក្រហម ឬសារធាតុ បេនី-កូជិ (Beni-koji) បានកើនឡើងដល់ ២១២ នាក់។ទីភ្នាក់ងារព័ត៌មានជាតិក្យូដូ (Kyodo) បានរាយការណ៍ដោយដកស្រង់ពីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព ថាតួលេខនេះត្រូវបានធ្វើបច្ចុប្បន្នភាពគិតត្រឹមថ្ងៃអាទិត្យ (០៧ មេសា) ដោយរួមបញ្ចូលទាំងអ្នកដែលបានចូលមន្ទីរពេទ្យពីមុនមកដែរ។ក្រសួងបានរាយការណ៍ ដោយផ្អែកលើរបាយការណ៍ពីក្រុមហ៊ុន កូបាយ៉ាស៊ិ ដែលជាអ្នកផលិតសារធាតុ បេនី-កូជិ ថាមនុស្សសរុបចំនួន ១.២២៤ នាក់បានស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រគិតត្រឹមថ្ងៃអាទិត្យ ហើយការសាកសួរសម្ដែងកង្វល់ប្រហែល ៥៣.០០០ សំណួរត្រូវបានបញ្ជូនទៅក្រុមហ៊ុននេះ។អាហារបំប៉នលាយអង្ករដំបែក្រហមរបស់ក្រុមហ៊ុន ដែលមានឈ្មោះថាសារធាតុ បេនី-កូជិ ដែលមានប្រសិទ្ធភាពជួយបញ្ចុះកម្រិតកូឡេស្តេរ៉ុល ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្លាប់ចំនួន ៥ នាក់ដោយសារជំងឺតម្រងនោម។ ផលិតផល ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងខែកុម្ភៈ ឆ្នាំ២០២១ នេះគឺជាប្រភេទគ្រាប់ ដែលត្រូវបានផ្សព្វផ្សាយជាមួយនឹងឥទ្ធិពលនៃការបញ្ចុះកម្រិតកូឡេស្តេរ៉ុល LDL ហើយត្រូវបានលក់ប្រហែល ១ លានកញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំនេះ៕

សមាជិកបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក ជំរុញឱ្យមានការបោះឆ្នោតលើជំនួយអ៊ុយក្រែន

2024/04/09 09:53:46 am        249
អតីតរដ្ឋមន្ត្រីការបរទេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក ម៉ៃ ផមភីអូ (Mike Pompeo) បានបន្ថែមសំឡេងរបស់ខ្លួនកាលពីថ្ងៃចន្ទ (០៨ មេសា) ដល់ការអំពាវនាវកាន់តែច្រើនឡើងពីបណ្ដាសមាជិកគណបក្សសាធារណរដ្ឋដ៏លេចធ្លោ ដើម្បីផ្តល់ជំនួយរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន បន្ទាប់ពីសមាជិកគណបក្សមួយចំនួន បានចោទប្រកាន់អ្នកប្រឆាំងជំនួយថាចុះចាញ់នឹងការឃោសនារបស់រុស្ស៊ី។សំណើររបស់ប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) សម្រាប់ទឹកប្រាក់ចំនួន ៩៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងសម្ព័ន្ធមិត្តផ្សេងទៀត បានឆ្លងកាត់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយមានការគាំទ្រ ៧០ ភាគរយ ប៉ុន្តែត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងសភាតំណាងរាស្រ្ត ខណៈដែលប្រធានសភារបស់បក្សសាធារណរដ្ឋ លោក ម៉ៃ ចនសុន (Mike Johnson) បានបដិសេធមិនអនុញ្ញាតឱ្យបោះឆ្នោត។ខណៈដែលសមាជិកសភាបានត្រឡប់មកទីក្រុង វ៉ាស៊ីនតោន វិញពីការឈប់សម្រាករយៈពេលពីរសប្តាហ៍កាលពីថ្ងៃចន្ទ លោក ចនសុន មិនបាននិយាយអំពីផែនការណាមួយសម្រាប់ការបោះឆ្នោតលើសំណើបន្ថែមរបស់លោក បៃដិន នោះទេ។ លោក ផមភីអូ ដែលជាអតីតសមាជិកសភា បានចេញលិខិតសាធារណៈមួយកាលពីថ្ងៃចន្ទ ដោយជំរុញឱ្យលោក ចនសុន លើកយកច្បាប់នេះទៅក្នុងសភា។ការិយាល័យរបស់លោក ចនសុន មិនបានធ្វើអត្ថាធិប្បាយលើលិខិតនោះ ឬការអះអាងថ្មីៗរបស់បណ្ដាប្រធានគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការសន្តិសុខជាតិពីររបស់សភា ដែលថា «ការឃោសនារបស់រុស្ស៊ី» កំពុងមានឥទ្ធិពលលើសមាជិកបក្សនោះទេ៕

លោក Zelensky និយាយថាអ៊ុយក្រែន នឹងចាញ់សង្រ្គាម បើសហរដ្ឋអាមេរិកបរាជ័យក្នុងការអនុម័តជំនួយ

2024/04/09 09:46:50 am        305
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោក នឹងចាញ់សង្រ្គាម ប្រសិនបើសភាសហរដ្ឋអាមេរិក មិនយល់ព្រមផ្តល់កញ្ចប់ជំនួយយោធា ជួយខ្លួនទប់ទល់នឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី។ លោក Zelensky បាននិយាយ ក្នុងអំឡុងកិច្ចប្រជុំតាមវីដេអូរបស់ក្រុមរៃអង្គាសថវិកាជួយអ៊ុយក្រែន UNITED24 ថា វាមានសារៈសំខាន់ណាស់ក្នុងការនិយាយជាពិសេសដល់សភាថា ប្រសិនបើសភារបស់អាមេរិក មិនជួយអ៊ុយក្រែនទេ នោះអ៊ុយក្រែនមុខជានឹងចាញ់សង្រ្គាមនេះមិនខានឡើយ ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើអ៊ុយក្រែនចាញ់សង្រ្គាមនេះ ប្រទេសផ្សេងទៀតក៏នឹងត្រូវបានរងការវាយប្រហារដូចគ្នាដែរ ហើយអ្វីដែលលោកនិយាយគឺជាការពិត។ ការព្រមានរបស់លោក Zelensky ដែលស្ថិតក្នុងចំណោមការព្រមានដ៏ម៉ឺងម៉ាត់បំផុតជាច្រើនរបស់លោក ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមផ្ទុះឡើងជាងពីរឆ្នាំកន្លងមកនេះ បានកើតឡើងនៅពេលសភារបស់សម្ព័ន្ធមិត្តគឺអាមេរិក បានបដិសេធមិនព្រមអនុម័តកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែនជាច្រើនខែមកនេះ ដោយទុកឱ្យទីក្រុង Kyiv ប្រឈមកង្វះខាតកម្លាំងកងទ័ព និងគ្រាប់រំសេវ ស្របពេលសមត្ថភាពដ៏រឹងមាំរបស់រុស្ស៊ី បានវាយលុកទីក្រុងនានារបស់អ៊ុយក្រែនដោយមីស៊ីល និង ការសាកល្បងរកចំណុចខ្សោយនៅសមរភូមិជួរមុខ។ព្រឹទ្ធសភាអាមេរិក បានអនុម័តកញ្ចប់ជំនួយបរទេសចំនួន ៩៥,៣ ពាន់លានដុល្លារជាជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល កាលពីខែកុម្ភៈឆ្នាំ២០២៤នេះ ប៉ុន្តែមកទល់ពេលនេះប្រធានសភាលោក Mike Johnson នៅតែបន្តបដិសេធមិនឲ្យមានការបោះឆ្នោតអនុម័តកញ្ចប់ថវិកាសម្រាប់អ៊ុយក្រែនដដែល។នេះ មិនមែនជាលើកទី១ទេ ដែលប្រធានាធិបតីអ៊ុយក្រែន វ័យ៤៦ ឆ្នាំ រូបនេះបានព្រមានដូច្នេះ។ លោកធ្លាប់បានប្រាប់ទូរទស្សន៍ CNN ថា មនុស្សរាប់លាននាក់ អាចស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនជាមួយរុស្ស៊ី ប្រសិនបើសមាជិកសភាអាមេរិកមិនយល់ព្រមផ្ដល់កញ្ចប់ជំនួយនោះទេ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេច ម៉ែន សំអន ប្រារព្ធកិច្ចបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅប្រាសាទនាគព័ន្ធ
09/07/2025 08:09 PM
សម្តេចធិបតី៖ សុខុមាលភាពកងទ័ពទាំង១៨នាក់ ដែលថៃចាប់ទៅគឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ
09/07/2025 08:09 PM
រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តព្រះពុទ្ធមានបុណ្យ
09/07/2025 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
09/07/2025 06:09 PM
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រសួងមុខងារសាធារណៈបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈរួចរាល់ធ្វើប្រតិបត្តិការជំរឿនមន្ត្រីជាក់ស្តែងសម្រេចលទ្ធផលជូនរាជរដ្ឋាភិបាល
09/07/2025 05:09 PM
ទឹកជំនន់នៅនីហ្សេរីយ៉ា បានសម្លាប់មនុស្សលើសពី ២៣០នាក់ ដោយជាង ១០០នាក់ នៅតែបាត់ខ្លួន
09/07/2025 05:09 PM
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន
09/07/2025 05:09 PM
ពលរដ្ឋអាមេរិកជាង ២៥លាននាក់ ស្ថិតក្រោមការព្រមាន ខណៈអាកាសធាតុធ្ងន់ធ្ងរវាយប្រហារភាគឦសាន
09/07/2025 05:09 PM
សម្ដេចធិបតី អបអរលោក Anutin ក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី ខណៈកម្ពុជារងចាំធ្វើការជាមួយគ្នាស្ដារទំនាក់ទំនង និងសន្តិភាពប្រទេសទាំងពីរឡើងវិញ
09/07/2025 04:09 PM
[UPDATE] នាយករដ្ឋមន្ត្រីជប៉ុន Ishiba បានចេញមកប្រកាសថា លោកសម្រេចចិត្តចុះពីតំណែងហើយ
09/07/2025 04:09 PM