BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

គណៈប្រតិភូរដ្ឋសភា ចុះសួរសុខទុក្ខនាយទាហាន ពលទាហាន វរសេនាតូចលេខ៤២២ ការពារព្រំដែនជួរមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី

2024/03/06 09:04:43 am        184
ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ២០២៤ គណ:ប្រតិភូអន្តរគណ:កម្មការរដ្ឋសភាដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហ​ប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥)នៃរដ្ឋសភា ព្រមទាំងឯកឧត្តម លោក​ជំទាវជាសមាជិក សមាជិកាគណ:កម្មការទី៤ និងគណ:កម្មការទី៥ នៃរដ្ឋសភា អម​ដំណើរ​ដោយឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តរមានជ័យ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ឯកឧត្តម ឡាយ សៀងលី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន​អញ្ជើញ​ចុះ​សំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង ពលទាហាន វរសេនា​តូច​​លេខ៤២២ ចំណុះកងពលតូចថ្មើរជើងលេខ៤២ និងនាយនគរបាល នាយនគរបាលរង និង​ពល​នគរបាល ការពារពំ្រដែនគោកលេខ ៧០២ ដែលឈរ​ជើង​ការ​ពារ​តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលពិធី​នេះ​ប្រព្រឹត្ត​នៅ​ទី​បញ្ជាការ​វរសេនាតូចលេខ៤២២ ស្ថិតនៅក្នុងឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ តំណាងឲ្យនាយ នាយទាហានរង ពលទាហាន និងនាយ នាយនគរបាលរង និងពលនគរបាលនៅជួរមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន គណៈប្រតិភូរដ្ឋសភាដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញចុះសាកសួរសុខទុក្ខដល់កងយោធពលខេមរៈភូមិន្ទ និងកងកំលាំងនគរបាលជាតិនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាពេលនេះ គឺជាការលើកទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ ក្នុងការផ្សាភ្ជាប់សមរភូមិមុខ ជាមួយស្ថាប័ននីតិប្បញ្ញត្តិ ធ្វើឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នឹងនាយនគរបាល នាយនគរបាលរង និងពលនគរបាលទាំងអស់ដែលកំពុងបំពេញបេសកកម្មនៅជួរមុខទិសឧត្តរមានជ័យ នឹងបន្តខិតខំលើកកម្ពស់ស្មារតីទទួលខុសត្រូវ និង​អនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នៅរាល់បទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ក្នុងកិច្ចការពារបូរណភាពទឹកដី ជាពិសេស គឺការប្តេជ្ញាចិត្ត អនុវត្តន៍ ឲ្យបាននូវយុទ្ធសាស្រ្តបី សកម្មភាព ប្រតិបត្តិការ និងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ មានមតិសំណេះសំណាល ជាមួយនាយ នាយទាហានរង ពលទាហាន និងកងកំលាំងនគរបាលជាតិ នៅទិសឧត្តរមានជ័យ ឯកឧត្តម កែប ជុតិមា និងឯកឧត្តម សួស យ៉ារ៉ា បានសំដែងនូវមនោសញ្ចេតនា សប្បាយរីករាយដោយក្តីនឹករលឹក និងបានពាំនាំនូវការផ្តំាផ្ញើសាកសួរសុខទុក្ខពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទៀ សីហា ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងបានកោតសរសើរដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកំលាំងនគរបាលជាតិ ដែលឈរជើងនៅជួរមុខតាមព្រំដែន កម្ពុជា-ថៃ ទាំងអស់ ដែលបានយកអស់កំលាំងកាយចិត្តតស៊ូការលំបាកគ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដី គំរូវីរៈភាពនេះ ធ្វើឲ្យយុវជន យុវនារីជំនាន់ក្រោយ ចងចាំ និងរៀនសូត្រតាម គ្មានថ្ងៃអាចបំភ្លេចបានឡើយ។ ឯកឧត្តម កែប ជុតិមា និងឯកឧត្តម សួស យ៉ារ៉ា ក៏បានលើកឡើងផងដែរថា ដើម្បីរក្សាសុខសន្តិភាព បានជោគជ័យយើងមិនត្រឹមតែមានកងកំលាំងប្រដាប់អាវុធ ដ៏អង់អាចក្លាហានប៉ុណ្ណោះទេ យើងត្រូវតែតស៊ូតាមរយៈការងារការទូត និងច្បាប់អន្តរជាតិជាដើម ដែលរដ្ឋសភា ព្រឹទ្ធសភា មានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការនេះផងដែរ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់មេបញ្ជាការសមរភូមិទាំងអស់ ដែលបានដឹកនាំបណ្តា កងឯកភាពអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ រក្សាភាពអត់ធ្មត់បង្កើន កិច្ចសហប្រតិបត្តិការរវាងបណ្តាកងទ័ពជួរមុខ នៃប្រទេសទាំងពីរក្នុងស្មារតីយោគយល់គ្នា សហប្រតិបត្តិការ ដោយស្មើសិទ្ធ ស្មើភាពដោះស្រាយព្រំដែន ដោយសន្តិវិធីឈរលើគោលការណ៍សន្តិភាព ធ្វើឲ្យប្រជាជនប្រទេសទាំងពីរ នៅតាមព្រំដែនរស់នៅប្រកបដោយសុខដុមរម្យនាបញ្ជៀសការបង្ហូរឈាម និងសោកនាដកម្មនៃសង្គ្រាមប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ឯកឧត្តម បានបន្តថា​ យេីងមានថ្ងៃនេះ​ព្រោះតែយេីងមានសន្តិភាព​ សមិទ្ធផលជាច្រើនមិនអាចសម្រេចបានទេបើគ្មានសន្តិភាព ការថែរក្សា និងការពារសន្តិភាពដើម្បីធានាការអភិវឌ្ឍ និងសេដ្ឋកិច្ចជាតិ។ ក្នុងនាមកងយោធពលខេមរភូមិន្ទ​ ត្រូវពង្រឹងស្មារតីស្មោះត្រង់ចំពោះជាតិ និងប្រជាជននិងការពារសុខសន្តិភាពឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយដើម្បីប្រទេសជាតិយើងបានអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។ ឯកឧត្តម បានលើកឡើងបន្ថែមទៀតថា​ ក្នុងពេលប្រទេសជាតិមានសន្តិភាពកងទ័ពមានឱកាសក្នុងការពង្រឹងសមត្ថភាពតាមរយៈហ្វឹកហាត់​ បំប៉នជំនាញ​ដើម្បីអនុវត្តការងារស្នូលឱ្យមានប្រសិទ្ធភាព។កងទ័ពទាំងអស់ត្រូវបន្តថែរក្សានូវសមិទ្ធផលដែលប្រមុខថ្នាក់ដឹកនាំ​​​ រាជរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិទី៦​​ របស់សម្តេចអគ្គមហាសេនាបតីតេជោ​​ ហ៊ុន សែន​ បានខិតខំកសាងនូវស្នាដៃប្រវត្តិសាស្រ្តជាច្រើន​​រហូតមកដល់បច្ចុប្បន្ន។​​ ត្រូវបន្តចូលរួមប្តេជ្ញាគាំទ្រដោយឥតងាករេ​ និងអនុវត្តបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់​​សម្តេចមហាបវរធិបតី​​​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ។ ក្នុងដំណើរចុះសួរសុខទុក្ខកងទ័ពនាឱកាសនោះ ឯកឧត្តម កែប ជុតិមា និងឯកឧត្តម សួស យ៉ារ៉ា បាននាំយកនូវសម្ភារ: និងថវិការបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់កងទ័ពប្រចាំការទិសប្រាសាទតាមាន់ តាក្របីរួមមាន គ្រឿងឧបភោគ បរិភោគ និងថវិកា រួមទាំងប្រអប់សង្គ្រោះបឋមផងដែរ៕

រុស្ស៊ី ពង្រឹងកម្លាំងយោធារបស់ខ្លួននៅអឺរ៉ុប ដើម្បីឆ្លើយតបនឹងអង្គការ NATO

2024/03/06 09:03:58 am        247
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ សយហ្គូ (Sergei Shoigu) បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាប្រទេសរុស្ស៊ី បានពង្រឹងកងកម្លាំងយោធារបស់ខ្លួននៅភាគខាងជើង និងខាងលិចនៃប្រទេស ដើម្បីទប់ទល់នឹងអ្វីដែលទីក្រុងមូស្គូ យល់ថាជាការកសាងកងកម្លាំងរបស់សម្ព័ន្ធយោធាណាតូ នៅជិតប្រទេសរុស្ស៊ី។ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី នៅឆ្នាំ២០២២លើអ៊ុយក្រែន ប្រទេសហ្វាំងឡង់បានចូលរួមជាមួយអង្គការណាតូ ហើយស៊ុយអែត ក៏កំពុងធ្វើដូចគ្នានេះ។ អង្គការណាតូ កំពុងធ្វើសមយុទ្ធយោធាមួយហៅថា ការឆ្លើយតបរបស់អឺរ៉ុបខាងជើង-២០២៤ (Nordic Response 2024) ដែលខ្លួននិយាយថានឹងមានទាហានជាង ២០.០០០ នាក់នៅក្នុងប្រទេសន័រវេស ហ្វាំងឡង់ និងស៊ុយអែត ហើយនឹងផ្តោតលើការការពារសមូហភាព។លោក សយហ្គូ បានប្រាប់បណ្ដាប្រមុខឧត្តមសេនីយដោយមិនបានផ្តល់ព័ត៌មានលម្អិតថា «ដើម្បីទប់ទល់នឹងសក្ដានុពលនៃការកសាងយោធារបស់ណាតូ នៅជិតព្រំដែនរុស្ស៊ី យើងបានចាត់វិធានការដើម្បីពង្រឹងក្រុមទាហាននៅក្នុងទិសដៅយុទ្ធសាស្ត្រភាគខាងជើង និងខាងលិច»។សង្រ្គាមនៅអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុតនៅក្នុងទំនាក់ទំនងរបស់រុស្ស៊ី ជាមួយលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិចថា ពួកគេកំពុងប្រថុយនឹងការបង្កសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើកងទ័ពលោកខាងលិចត្រូវបានបញ្ជូនទៅប្រយុទ្ធនៅអ៊ុយក្រែន៕

UNDPថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ មានភាពច្បាស់លាស់ និងសាមញ្ញភាពដើម្បីផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមានឆ្លើយតបនឹងនៃការប្រែប្រួលអាកាសធាតុក្នុងតំបន់

2024/03/06 08:27:33 am        119
ការថ្លែងសរសើររបស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDPនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ លោក គ្រីសស្ទូប ប៉ាហូដ (Christophe Bahuet) នាយកប្រចាំតំបន់នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ថ្លែងឡើងយ៉ាងដូច្នេះ បន្ទាប់ពីលោកទទួលស្តាប់នូវការរៀបរាប់យ៉ាងក្បោះក្បាយរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានស្តីពីការងារអាទិភាពរបស់ក្រសួងបរិស្ថានដែលមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ ជាត្រីវិស័យចង្អុលបង្ហាញផ្លូវឆ្ពោះទៅរកប្រភពថាមពលស្អាត ដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង។សូមជម្រាបជូនថា ក្រសួងបរិស្ថាន និងUNDP បាននិងកំពុងបន្តកិច្ចសហការជាមួយគ្នា លើគម្រោងកម្មវិធីអភិវឌ្ឍនានាសម្រាប់ប្រទេសកម្ពុជា ដែលបានផ្តោតជាសំខាន់លើសេដ្ឋកិច្ចចក្រា ការអភិវឌ្ឍសហគមន៍តាម-រយៈគម្រោង REDD+ និងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នា UNDP នឹងគាំទ្រយុទ្ធសាស្រ្តជាគន្លឹះរបស់ក្រសួងបរិស្ថាន ដើម្បីទទួលបានភាពជោគជ័យជាមួយគ្នា ក្នុងភាពជាដៃគូអភិវឌ្ឍន៍នៅក្នុងតំបន់៕

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភានិយាយភាសាបារាំង (APF)

2024/03/06 07:57:51 am        149
ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs) អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (APF) និងសហការី ដែលអញ្ជើញមកពីសភានៃបណ្ដាប្រទេសមួយចំនួននិយាយភាសាបារាំង។សម្តេចរដ្ឋភាធិបតី បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី​ក្នុងក្របខណ្ឌនៃសភានិយាយភាសាបារាំង ក្នុងការជំរុញការទូតសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍ​ប្រកបដោយចីរភាព រួមទាំងការជំរុញសមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី ការលើក​កម្ពស់​វិស័យវប្បធម៌ និងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាបម្រែបម្រួល​អាកាសធាតុ​ជាដើម។ភាគីកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើក្របខណ្ឌការងារយុទ្ធសាស្រ្តរបស់ APF ឆ្នាំ២០២៣ -២០៣០ ក្នុងនោះរួមមានការពង្រឹងការងារការទូតសភា ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ការពង្រឹងឯករាជ្យភាព កិច្ចសហប្រតិបត្តិការ និងការធ្វើសុខដុមនីយកម្មច្បាប់។ក្រោយ ពីបាន អរគុណ APF ដែល បាន ដក សភា កម្ពុជា ចេញ ពី បញ្ជី ស្ថិត នៅ ក្នុង ការ ឃ្លាំ មើល លើ បញ្ហា នយោបាយ កាល ពី ឆ្នាំ ២០២៣មក សម្តេចប្រធានរដ្ឋសភាបានស្នើឱ្យ APF ជួយការងារ មួយ ចំនួន ទៀត នៅ កម្ពុជា ដូច ជាវិស័យសុខាភិបាល ការ បណ្ដុះបណ្ដាល ធនធាន មនុស្ស ផ្នែកភាសា បារាំង នៅ សភា កម្ពុជា និងការងារកំណែទម្រង់ ឱ្យ ទៅ ជា សភា ឌីជីថល។សម្តេចរដ្ឋសភាធិបតី ក៏បានបន្ថែមទៀតថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាស្ពានតភ្ជាប់ភាសានិង វប្បធម៌ បារាំង នៅ អាស៊ីអាគ្នេយ៍ តាមរយៈ ការ គាំទ្រ លើ សំណើ របស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រកម្ពុជា ឱ្យ បារាំងបង្កើតមជ្ឈមណ្ឌល ភាសា និង វប្បធម៌ បារាំង នៅ កម្ពុជា ប្រចាំ តំបន់ អាស៊ីអាគ្នេយ៍ ។ សម្តេចបវរធិបតី បានជ្រើសរើសប្រទេសបារាំងជាប្រទេសទី១ ក្នុងការមកបំពេញទស្សនកិច្ចជាផ្លូវការ បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី។ លោក ប្រ៊ុយណូ ហ្វូស បានលើកឡើងថា កម្ពុជា ជា ប្រទេស និយាយ ភាសា បារាំង មួយ ដ៏ សំខាន់ សម្រាប់ APF នៅ អាស៊ីអាគ្នេយ៍ និង ជា សមាជិក APF ដ៏សកម្ម ដែល លោក ចង់ ឃើញ មាន កិច្ច សហប្រតិបត្តិការ កាន់ តែ ច្រើន ថែម ទៀត។ លោក បាន គូស បញ្ជាក់ ផង ដែរថា ក្នុង នាម ជា តំណាង រាស្ត្រ សមាជិក APF ត្រូវ តែ យក ការ សន្ទនា ជា មួយ ប្រជា ពលរដ្ឋ ជា ចំបង ទោះបី ជា ក្នុង ករណីខ្លះ ទំនាក់ទំនង រវាង រដ្ឋាភិបាល ត្រូវ បាន កាត់ ផ្ដាច់ ក៏ ដោយ ហើយ ថា APF នឹង គាំទ្រ យ៉ាង ពេញ ទំហឹង លើ បេក្ខភាព របស់ កម្ពុជា ក្នុង ការ ធ្វើ ជា ម្ចាស់ ផ្ទះ រៀបចំកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនី នៅ ឆ្នាំ ២០២៦។លោកបានបន្ថែមថា APF និងកម្ពុជាអាចធ្វើការជាមួយគ្នាបន្ថែមទៀតទាក់ទងទៅនឹងបញ្ហាប្រឈមស្រដៀងគ្នា ក្នុង បណ្ដា ប្រទេស ជា សមាជិក តួយ៉ាងដូចជា បញ្ហាស្រ្តី ការប្រែប្រួលអាកាសធាតុ ការខ្ជះខ្ជាយចំណីអាហារ និងថ្នាំពេទ្យជាដើម។សូមបញ្ជាក់ថា សភាកម្ពុជាជាសមាជិកមួយ ក្នុង ចំណោម សមាជិកទាំង ៨៧របស់ APF ដែល បាន ចាប់ កំណើត ឡើង នៅ ឆ្នាំ ១៩៦៧ នៅប្រទេស លុចសំបួរ។

នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការបែងចែកភូមិសាស្រ្តនយោបាយ គឺជាកត្តារួមចំណែក​ធ្វើឲ្យ​អសន្តិសុខសកលលោក

2024/03/05 02:51:57 pm        209
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​លើក​ឡើង​ថា ការបែងចែកភូមិសាស្ត្រនយោបាយ គឺជាកត្តារួមចំណែកធ្វើឲ្យអសន្តិសុខសកលលោក និង​បង្ក​ឱ្យ​កើតមានជម្លោះថ្មីៗ ហើយធ្វើឱ្យការស្វែងរកដំណោះស្រាយកាន់តែពិបាកផងដែរ។ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពាជាតិអាស៊ាន (ADMM )និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៤ដែល ប្រទេស​ឡាវធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ការបែង​ចែក​ភូមិ​សាស្រ្ត​នយោបាយ​គឺ​ជាកត្តា​រួម​ចំណែក​ធ្វើ​ឲ្យ​អសន្តិសុខ​សកលលោក​ហើយការកើនឡើង នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនេះដែរ ក៏នឹងធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​រួមគ្នា​របស់​អាស៊ាន​ក្នុង​ការ​ឆ្លើយ​តប​រួមគ្នា​ចំពោះ​បញ្ហា​ប្រឈម​ធំៗ​ដែល​អាស៊ាន​អាច​នឹងជួបប្រទះជាដើម។ក្នុងន័យនេះនាយឧត្តមសេនីយ៍ ទៀ សីហា បានអំពាវនាវដល់អាស៊ាន​ចាំបាច់ត្រូវ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បីស្វែងរកនូវដំណោះស្រាយជាពហុភាគី និងដោះស្រាយ​នូវ​ការ​បោក​បក់​នៃ​ភូមិ​សាស្ត្រ នយោបាយដែលកំពុងកើតឡើងទាំងនេះ។ យ៉ាងណាក្តី ឯកឧត្តមនាយ​ឧត្តម​សេនីយ៍​ក៏​បាន​សម្តែងនូវជំនឿជឿជាក់ថាអាស៊ាននឹងសាកសមជាស្ពានជួយលើបញ្ហាទាំងនោះ ជាពិសេស​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក(ADMM -Plus) គឺជាវេទិកាតែមួយគត់ ដែល​ប្រទេស​មហា​អំណាច ចូលរួមកិច្ចសហប្រតិបត្តិការផ្នែកយោធា និងកិច្ច​សហ​ប្រតិបត្តិការ​ជាក់​ស្តែង​រួម​គ្នា​ឆ្ពោះ​ទៅការដោះស្រាយបញ្ហាប្រឈមរួម។នៅ​ក្នុង​កិច្ចប្រជុំខាងលើនេះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានសម្តែងក្តីរំភើប ដោយ​បណ្តា​ប្រទេស​មិន​មែនបូក និងដៃគូខាងក្រៅជាច្រើន​មាន​ការ​ចាប់​អារម្មណ៍​ចូល​រួម​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ ADMM និងADMMបូក ។ដៃគូខាងក្រៅមួយចំនួន បានបន្តដាក់ពាក្យស្នើសុំ ជាអ្នក​សង្កេត​ការណ៍​របស់​ក្រុមការងារជំនាញADMM-បូក ដោយសារតែភាព​ជោគជ័យ​របស់​កម្ម​វិធី​សង្កេត​ការណ៍​នេះ​ នៅក្នុងជុំកន្លងទៅ ខណៈប្រទេសខ្លះ ថែមទាំងបានដាក់ពាក្យស្នើសុំ ជា​សមា​ជិក​ពេញ​សិទ្ធិ ​ADMM-បូក ថែមទៀតផងដែរ។នាយឧត្តមសេនីយ៍ទៀ សីហា បានបន្ថែមទៀតថា ការកើនឡើងនូវចំណាប់អារម្មណ៍នេះ ជា​សក្ខីកម្ម​មួយ​ដែល ADMM និងADMMបូក ជាវេទិកាមាន​ប្រសិទ្ធ​ភាព​សម្រាប់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា ដើម្បីជំរុញការកសាងទំនុកចិត្តជាយុទ្ធសាស្រ្ត និងសហប្រតិបត្តិការការពារជាតិ សម្រាប់​សន្តិភាព សន្តិសុខ និងភាពធន់ក្នុងតំបន់ ហើយក្នុងនាមជាសហប្រធាន នៃក្រុមការងារជំនាញ ស្តីពី​សន្តិសុខបច្ចេកវិទ្យាព័ត៌មាន កម្ពុជានឹងធ្វើការរួមគ្នាជាមួយអូស្ត្រាលី និង​បណ្តា​ប្រទេស​ ADMM-បូក ទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយ​បញ្ចូល​នូវ​របៀប​វារៈស្ត្រីសន្តិភាព និងសន្តិសុខ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ទៅ​ក្នុងកម្ម​វិធី​ការងារ​របស់​ក្រុម​ការងារ​ជំនាញផង។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានសម្តែង សេចក្តី​សង្ឃឹមថា អាស៊ាននឹងមានឱកាសរៀបចំលំហាត់រួមគ្នា ជាមួយ​នឹង​ក្រុម​ការងារ​ជំនាញ​ណា​មួយ ​ដើម្បីបង្កើនប្រសិទ្ធភាព សមត្ថភាពអន្តរប្រតិបត្តិការ និងដើម្បី​លើក​កម្ពស់​ការ​យល់​ដឹងអំពី​សន្តិសុខ​បច្ចេក​វិទ្យាព័ត៌មាន ក្នុងចំណោម កងទ័ពរបស់អាស៊ានទាំងអស់ផងដែរ។សូមបញ្ជាក់ថា កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២៤ បានប្រព្រឹត្តទៅ​ក្រោម​មូលបទ​«អាស៊ាន រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និង ភាពធន់» ។នៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នាឱកាសនោះ បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន បានធ្វើការផ្លាស់ប្តូទស្សន: គ្នា​ទៅ​វិញទៅមក ស្ដីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ានជាមួយដៃគូខាងក្រៅ ការគិតគូរ​លើ​ការ​ពង្រឹង​ឯកភាព​ និងមជ្ឈភាពអាស៊ាន និងការធ្វើឱ្យកាន់តែមានប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការ ជាក់​ស្វែងក្រោ​មយន្តការ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ) និងកិច្ចប្រជុំរដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ានបូក (ADMM -Plus )ដែលមានស្រាប់ជាដើម៕ អត្ថបទ បាន ចក់

ក្រុមសម្ព័ន្ធមិត្តជំរុញឲ្យអាល្លឺម៉ង់ពង្រឹងសន្តិសុខ បន្ទាប់ពីមានការលេចធ្លាយកិច្ចពិភាក្សាអំពីមីស៊ីល Taurus

2024/03/05 01:16:45 pm        205
សម្ព័ន្ធមិត្តមួយចំនួនរបស់អាល្លឺម៉ង់ បានអំពាវនាវឲ្យខ្លួនរឹតបន្តឹងនីតិវិធីសន្តិសុខទាក់ទងនឹងព័ត៌មានសម្ងាត់ បន្ទាប់ពីរុស្ស៊ី បានទម្លាយកិច្ចពិភាក្សាសម្ងាត់រវាងមន្ត្រីកងទ័ពអាកាសអាល្លឺម៉ង់អំពីលទ្ធភាពបញ្ជូនមី ស៊ីល Taurus ទៅអ៊ុយក្រែន។ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា មន្ត្រីនៅក្នុងប្រទេសមួយចំនួនរបស់អង្គការណាតូបានសម្តែងការព្រួយបារម្ភអំពីអាកប្បកិរិយាធ្វេសប្រហែសរបស់អាល្លឺម៉ង់ចំពោះសន្តិសុខប្រតិបត្តិការ ដែលនាំឲ្យមានការលេចធ្លាយនូវការសន្ទនារវាងមន្ត្រីអាល្លឺម៉ង់ ជាពិសេសដោយសារតែពួកគេប្រើប្រាស់កម្មវិធីរបស់ WebEx ដែលមិនបានដាក់លេខសម្ងាត់។ប្រភពមួយ បានហៅការធ្វេសប្រហែសនេះថា «គ្មានវិជ្ជាជីវៈ» ហើយបាននិយាយថា អាកប្បកិរិយាបែបនេះ អាចត្រូវបានរំពឹងទុកពីមនុស្សដែលមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្នែកសន្តិសុខ ប៉ុន្តែមិនមែនមកពីមន្ត្រីយោធានោះទេ។ប្រភពមួយទៀត បាននិយាយថា ពួកគេមិនមានការភ្ញាក់ផ្អើលចំពោះការបាត់បង់ផ្នែករបស់អាល្លឺម៉ង់នោះទេ ហើយអ្នកទីបីម្នាក់ បានអះអាងថា ការលេចធ្លាយនេះ ទំនងជានឹងនាំឲ្យមានការបង្កើនវិធានការសន្តិសុខនៅជុំវិញពិភពលោក ប៉ុន្តែជាពិសេស នៅក្នុងប្រទេសអាល្លឺម៉ង់។មន្ត្រីអាល្លឺម៉ង់ ដែលបាននិយាយទៅកាន់សារព័ត៌មាន Bloomberg ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ឧបទ្ទវហេតុនេះ បានបង្ហាញថា ការផ្លាស់ប្តូរគោលនយោបាយសន្តិសុខនិងការពារ ដែលបាន បណ្តាលមកពីសង្គ្រាមពេញទំហឹងនៅអ៊ុយក្រែន នៅតែបន្ត។

ប្រទេសជាច្រើន ពិភាក្សាពីវិធានការរឹតត្បិតប្រព័ន្ធអាវុធស្វ័យកម្មដ៏គ្រោះថ្នាក់

2024/03/05 12:58:52 pm        153
អ្នកជំនាញ មកពីប្រទេសនានាជុំវិញពិភពលោក កំពុងពិភាក្សាអំពីរបៀបដាក់វិធានការរឹតត្បិតលើការប្រើប្រាស់ប្រព័ន្ធអាវុធស្វ័យកម្មដ៏គ្រោះថ្នាក់ ឬ LAWS នៅក្នុងសន្និសីទសារព័ត៌មានមួយនៅប្រទេសស្វីស។ កិច្ចប្រជុំ បានចាប់ផ្តើមនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទ ក្នុងពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើអ្វីដែលជារឿយៗត្រូវបានចាត់ទុកថា ជាបច្ចេកវិទ្យា «អមនុស្សធម៌»។ ប្រព័ន្ធដែលជំរុញដោយបញ្ញាសិប្បនិម្មិតបែបនេះ ត្រូវបានកំណត់យ៉ាងទូលំទូលាយថា អាចជ្រើសរើស និងវាយប្រហារ គោលដៅដោយស្វ័យប្រវត្តិ ដោយគ្មានការអន្តរាគមន៍ពីប្រតិបត្តិករមនុស្ស។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអ្នកតំណាងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការរំសាយអាវុធ លោកស្រី Nakamitsu Izumi ថ្លែងទៅកាន់សន្និសីទតាមរយៈវីដេអូដែលបានថតទុកមុន ដោយលោកស្រី បានអំពាវនាវឱ្យមានការបង្កើតច្បាប់អន្តរជាតិជាបន្ទាន់ និងបាននិយាយថា ការប្រើប្រាស់ប្រព័ន្ធសព្វាវុធសបែបនេះ មិនគួរត្រូវបានឆ្លងកាត់។ អ្នកតំណាងអាជ្ញាធរប៉ាឡេស្ទីនម្នាក់ ស្ថិតក្នុងចំណោមអ្នកដែលបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីប្រព័ន្ធអាវុធស្វ័យកម្មដ៏គ្រោះថ្នាក់ ឬ LAWS នៅថ្ងៃដំបូងនៃសន្និសីទ។ មន្ត្រីរូបនេះ បានថ្កោលទោសចំពោះការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) របស់យោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ហើយបានអំពាវនាវឱ្យមានការរឹតត្បិតលើការអភិវឌ្ឍន៍បច្ចេកវិទ្យានេះ រហូតដល់មានកិច្ចព្រមព្រៀងលើវិធានការសុវត្ថិភាព។ ក្រុមមន្ត្រី បាននិយាយថា ភាគីពាក់ព័ន្ធនឹងចំណាយពេលបីឆ្នាំខាងមុខទៀត ដើម្បីពិភាក្សាអំពីប្រភេទសព្វាវុធប្រភេទណា ដែលគួរត្រូវបានផ្តោតទៅលើ និងថាតើត្រូវណែនាំការរឹតត្បិតស្របច្បាប់ដោយរបៀបណា ក្នុងចំណោមចំណុចផ្សេងៗទៀត។ មន្ត្រី និយាយថា ពួកគេ មានគោលបំណងអនុម័តឯកសារមួយ ដោយផ្អែកលើលទ្ធផលនៃកិច្ចពិភាក្សា។ កាលពីខែធ្នូ ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដោយអំពាវនាវឱ្យមានវិធានការជាបន្ទាន់ប្រឆាំងប្រព័ន្ធអាវុធស្វ័យកម្មដ៏គ្រោះថ្នាក់ ឬ LAWS ប៉ុន្តែដោយរុស្ស៊ី និងប្រទេសចំនួនបីផ្សេងទៀត បានបោះឆ្នោតប្រឆាំង ហើយប្រទេសចំនួន ១១ រួមទាំងប្រទេសចិន និងអ៊ីស្រាអែល បានអនុប្បវាទ។

ប៉ូឡូញទិញបេប្រឆាំងរថក្រោះរបស់ស៊ុយអែត ខណៈធ្វើម្ចាស់ផ្ទះសមយុទ្ធយោធាណាតូ

2024/03/05 12:50:56 pm        225
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក វ្លាឌីស្ល កូស៊ីនាគ កាំមីស(Wladyslaw Kosiniak-Kamysz) បាននិយាយកាលពីថ្ងៃចន្ទ ថា ប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញបេប្រឆាំងរថក្រោះ ពីក្រុមហ៊ុន Saab របស់ប្រទេសស៊ុយអែត ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១,៦៣ពាន់លានដុល្លារ។នៅឆ្នាំនេះ ប្រទេសប៉ូឡូញ នឹងចំណាយប្រហែល ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ ខណៈខ្លួនកំពុងស្វែងរកការពង្រឹងកងកម្លាំងប្រដាប់អាវុធ ក្នុងការប្រឈមមុខទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះ ទាក់ទងនឹងប្រភេទបេ កាល់ ហ្គាស្តាហ្វ M 4 (Carl-Gustaf M4) ក្នុងគោលបំណងប្រឆាំងយានយន្តប្រយុទ្ធទំនើបគ្រប់ប្រភេទ។ កាលពីខែមករា សម្ព័ន្ធយោធាណាតូ បានចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមត្រជាក់ ដោយបានហាត់សមពីរបៀបដែលកងទ័ពសហរដ្ឋអាមេរិក អាចធ្វើឲ្យរឹងមាំសម្ព័ន្ធមិត្តនៅអឺរ៉ុប នៅក្នុងប្រទេសដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី និងនៅស្លាបខាងកើតរបស់សម្ព័ន្ធមិត្ត ប្រសិនបើជម្លោះផ្ទុះឡើងជាមួយសត្រូវ។ កងទ័ពប្រមាណ ៩០.០០០នាក់ នឹងត្រូវចូលរួមសមយុទ្ធ «អ្នកការពារមិនកែប្រែ ឆ្នាំ ២០២៤» ដែលនឹងដំណើរការរហូតដល់ខែឧសភា។ ក្នុងអំឡុងពេលសមយុទ្ធយោធាមួយកាលពីថ្ងៃចន្ទ កងទ័ព បានឆ្លងកាត់ទន្លេ Vistula របស់ប្រទេសប៉ូឡូញ ដោយមានរថក្រោះ និងយុទ្ធោបករណ៍ មកពីប្រទេសផ្សេងៗគ្នាជាផ្នែកនៃសមយុទ្ធ។សមយុទ្ធនេះ បានហាត់សមឡើងវិញនូវការអនុវត្តផែនការប្រចាំតំបន់របស់សម្ព័ន្ធយោធាណាតូ ជាផែនការការពារជាតិដំបូង ដែលសម្ព័ន្ធមិត្តបានបង្កើតឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយលម្អិតអំពីរបៀបដែលខ្លួននឹងឆ្លើយតបចំពោះការវាយប្រហាររបស់រុស្ស៊ី។

នាយករដ្ឋមន្ត្រីប៉ូឡូញ រិះគន់រដ្ឋមន្ត្រីការបរទេសហុងគ្រី និងស្លូវ៉ាគីចំពោះការជួបលោកឡាវរ៉ូវ

2024/03/05 12:35:33 pm        263
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ ( Donald Tusk) កាលពីថ្ងៃចន្ទ បានរិះគន់យ៉ាងខ្លាំងទៅលើរដ្ឋមន្ត្រីការបរទេសហុងគ្រី និងស្លូវ៉ាគី ដែលបានជួបជាមួយសមភាគីរុស្ស៊ីរបស់ពួកគេ ក្នុងអំឡុងវេទិកាថ្នាក់តំបន់ ក្នុងប្រទេសទួរគី។លោកថាស់ បាននិយាយថា ការជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) នៅថ្ងៃតែមួយ ដែលមេដឹកនាំប្រឆាំងរុស្ស៊ី លោកអាឡិចសេ ណាវ៉ាល់នី (Alexei Navalny) ត្រូវបានបញ្ចុះនៅទីក្រុងមូស្គូ គឺ«មិនមែនគ្រាន់តែជាការបង្ហាញពីបទពិសោធល្អ ឬអាក្រក់នោះទេ»។លោក បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖«បញ្ហានៃការរៀបចំពិធីជប់លៀងនៅថ្ងៃបុណ្យសពរបស់ លោកអាឡិចសេ ណាវ៉ាល់នី... គ្រាន់តែជាសញ្ញាមួយផ្សេងទៀតនៃរដ្ឋាភិបាលហុងគ្រី ដែលយើងពិបាកទទួលយកដោយហេតុផលសីលធម៌ និងនយោបាយ»។រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto និងរដ្ឋមន្ត្រីការបរទេសស្លូវ៉ាគី លោក Juraj Blanár បានជួបជាមួយលោកឡាវរ៉ូវ កាលពីថ្ងៃសុក្រ ក្នុងអំឡុងកិច្ចប្រជុំវេទិកាការទូតនៅទីក្រុងអានតាល់យ៉ា (Antalya)។ លោក Szijjarto បានបង្ហោះព័ត៌មានលម្អិតអំពីអាហារពេលល្ងាចរបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន។លោកថាស់ បាននិយាយថា៖«ដៃគូទាំងអស់នៅក្នុងទីក្រុងប្រាទីស្លាវ៉ា (Bratislava) និងប៊ុយដាប៉ែស (Budapest) បង្ហាញជាថ្មីម្តងទៀតថា គំនិតរបស់យើងលើបញ្ហាមួយចំនួន គឺខុសគ្នាពេក» ហើយ ប្រាកដណាស់អំពីអាកប្បកិរិយាចំពោះរុស្ស៊ី និងការវាយប្រហារលើអ៊ុយក្រែន។នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte ដែលបានជួបជាមួយលោកTusk បានហៅការជួបជាមួយលោកឡាវរ៉ូវថា«ជាជម្រើសគួរឲ្យសោកស្តាយ»។

ឆ្មាំល្បាតឆ្នេរចិននិយាយថា ខ្លួនចាត់វិធានការប្រឆាំងនឹងនាវាហ្វីលីពីន នៅដែនទឹកសមុទ្រចិនខាងត្បូង

2024/03/05 12:30:37 pm        85
ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារ (០៥ មីនា) នេះថាខ្លួនបានចាត់វិធានការគ្រប់គ្រងលើនាវាហ្វីលីពីន ដែលបានចូលដោយខុសច្បាប់ទៅក្នុងដែនទឹកដែលនៅជាប់នឹងដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាកោះមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។សេចក្តីថ្លែងការណ៍របស់ឆ្មាំល្បាតឆ្នេរចិនបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតដែនទឹកទឹកជាប់នឹងថ្មប៉ប្រះទឹក រ៉េណៃ (Renai) ដែលត្រូវគេស្គាល់ថាជាដែនទឹក សេខិន ថូម៉ាស ស្ហូល និងជាតំបន់មួយនៅក្នុងសមុទ្រចិនខាងត្បូង ដែលបានឃើញការប៉ះទង្គិចជាច្រើនដោយឆ្មាំល្បាតឆ្នេរចិន និងនាវាហ្វីលីពីនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ឆ្មាំល្បាតឆ្នេរចិនបានចេញសេចក្តីថ្លែងការណ៍ខ្លីមួយអំពីឧប្បត្តិហេតុចុងក្រោយបង្អស់រវាងប្រទេសទាំងពីរ ជាមួយនឹងសកម្មភាពឆ្មាំល្បាតឆ្នេរកន្លងមក រួមទាំង «ការលុកលុយខុសដោយច្បាប់លើដែនទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal)» កាលពីថ្ងៃទី២៣ ខែកុម្ភៈ។ប្រទេសចិន ទាមទារអធិបតេយ្យភាពលើផ្នែកភាគច្រើននៃសមុទ្រចិនខាងត្បូង ដែលជាការទាមទារកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ក្នុងឆ្នាំ២០១៦ បានរកឃើញថាការទាមទាររបស់ប្រទេសចិននេះមិនមានមូលដ្ឋានផ្លូវច្បាប់ទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីចាត់ទុកការទូតរបស់អឺរ៉ុប ជុំវិញបញ្ហាអ៊ុយក្រែនថា «មិនមានសារៈសំខាន់»
08/13/2025 07:08 PM
ទួរគី៖ កងជីវពលឃឺដ YPG គួរតែបញ្ឈប់ពន្យារពេលការធ្វើសមាហរណកម្មជាមួយស៊ីរី
08/13/2025 07:08 PM
រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាល បង្កើនការយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ជំងឺគ្រុនឈាម ពិសេសចំពោះស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ក្នុងរដូវវស្សានេះ
08/13/2025 07:08 PM
មនុស្ស ២នាក់ស្លាប់ ក្រោយអគ្គិភ័យឆាបឆេះអគារផ្ទះល្វែងនៅទីក្រុង Bukit Merah ប្រទេសសិង្ហបុរី
08/13/2025 07:08 PM
អេស្តូនីបណ្តេញអ្នកការទូតរុស្ស៊ី ខណៈទីក្រុងមូស្គូ ប្រាប់ថា នឹងសងសឹក
08/13/2025 07:08 PM
ទីក្រុងម៉ានីល៖យន្តហោះចម្បាំងចិនហោះស្កាត់យន្តហោះហ្វីលីពីននៅលើតំបន់ថ្មប៉ប្រះទឹកជម្លោះ
08/13/2025 07:08 PM
សាក្សី៖ការវាយប្រហារដោយយានដ្រូន បានកំណត់គោលដៅការប្រារព្ធទិវាកងទ័ព នៅភាគកណ្តាលប្រទេសស៊ូដង់
08/13/2025 07:08 PM
អូស្រ្តាលី និងវ៉ានូអាទូ ឯកភាពគ្នាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខតម្លៃ ៣២៥លានដុល្លារ
08/13/2025 06:08 PM
អគ្គិភ័យឆាបឆេះនាវាដឹងប្រេងឥន្ធនៈនៅប៉េរូ បណ្តាលឲ្យមនុស្ស ៣នាក់រងរបួស
08/13/2025 06:08 PM
ប្រទេសយេម៉ែន អំពាវនាវឲ្យមានជំនួយសកលជាបន្ទាន់ ខណៈដែលវិបត្តិភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរឡើង
08/13/2025 06:08 PM