ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីទួរគី៖ លោកណេតានីយ៉ាហ៊ូ នឹងប្រឈមមុខនឹងការកាត់ទោសជា «ឧក្រិដ្ឋជនសង្គ្រាម» បន្ទាប់ពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបញ្ចប់

2023/12/05 12:33:05 pm        105
ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន (Tayyip Erdogan) បានអះអាងកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) នឹងត្រូវបានកាត់ទោសជា «ឧក្រិដ្ឋជនសង្គ្រាម» បន្ទាប់ពីសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ បានបញ្ចប់។លោកអេរដូហ្គែន មិនទទួលស្គាល់ក្រុមហាម៉ាសជាអង្គការភេរវកម្មទេ ហើយបានរិះគន់យ៉ាងខ្លាំងចំពោះយុទ្ធនាការរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ លោក បានប្រៀបធៀបលោក ណេតានីយ៉ាហ៊ូ ទៅនឹងមេដឹកនាំផ្តាច់ការប្រល័យពូជសាសន៍ពីអតីតកាលក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។លោកបាននិយាយដោយសំដៅទៅលើអតីតប្រធានាធិបតីយូហ្គោស្លាវីថា៖«លើសពីឧក្រិដ្ឋជនសង្រ្គាម លោកណេតានីយ៉ាហ៊ូ ដែលជាអ្នកសម្លាប់មនុស្ស នៅតំបន់ហ្កាហ្សា នៅពេលនេះ នឹងត្រូវកាត់ទោសជាអ្នកសម្លាប់មនុស្ស នៅតំបន់ហ្កាហ្សា ដូចដែលលោក Milosevic ត្រូវបានកាត់ទោស។ អ្នកដែលព្យាយាមគេចការស្លាប់របស់មនុស្សស្លូតត្រង់ទាំងអស់នោះ ដោយប្រើលេសរបស់ក្រុមហាម៉ាស គ្មានអ្វីត្រូវនិយាយទៅកាន់មនុស្សជាតិទេ»។លោកអេរដូហ្គែន បានបន្តរិះគន់សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អង់គ្លេស ចិន បារាំង រុស្ស៊ី និងអាមេរិក ហើយលោក បានទាមទារជាយូរមកហើយថា ក្រុមប្រឹក្សាសន្តិសុខ ត្រូវការកំណែទម្រង់។

រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តបន្តអនុវត្តកម្មវិធីគោលនយោបាយជាតិជំនួយសង្គម

2023/12/05 12:24:12 pm        77
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានប្ដេជ្ញាចិត្តថា​នឹង​បន្ត​អនុវត្តកម្ម​វិធី​គោល​នយោបាយ​ជាតិ​ជំនួយ​សង្គម​នេះ​បន្តទៀត ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ឱ្យ​អនុវត្ត​ជាផ្លូវការ គោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង​គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៣នេះ នៅសណ្ឋាគារ សុខាភ្នំពេញ។ សម្ដេចធិបតីមានប្រសនាស៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បាន​ចេញ​ដំណើរ​តាំង​ពី​ថ្ងៃ​ដំបូង​ដោយ​ផ្តល់​ការ​គិតគូរខ្ពស់ចំពោះសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ ក្នុងនោះ​ការក​​សាង​ប្រព័ន្ធ​គាំពារ​សង្គម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, សមហរណកម្ម និងស្វ័យប្រវត្តិកម្ម មាន​សារៈ​សំខាន់​ក្នុង​ការទ្រទ្រង់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសក្នុងពេលមានគ្រោះអាសន្នឬវិបត្តិ អនុ​លោមតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យអនុវត្តកម្មវិធី ជំនួយសង្គមមួយចំនួន ដើម្បីផ្ដល់ការគាំពារដល់ស្ត្រីមានផ្ទៃពោះ, កុមារ​តូច និងជនមានពិការភាពក្រីក្រតាម សហគមន៍គោលដៅនានា។ ដូច្នេះ​រាជ​រដ្ឋភិបាល អាណត្តិទី៧​នេះ បានប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​អនុវត្ត​នៅ​កម្ម​វិធី​គោល​នយោបាយ​ជំនួយ​សង្គ​ម​នេះ​ ដើម្បី​ជួយ​គាំទ្រដល់ជីវភាព សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្នុង​បរិការណ៍​ដែល​រាជ​រដ្ឋាភិបាល​នឹង​បញ្ចប់​ការ​អនុវត្ត​កម្ម​វិធី​ឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាជំហានៗ ចាប់ពីខែមករា ឆ្នាំ២០២៤ និងផ្អែកតាមឧត្តមានុវត្តជាអន្តរជាតិ, ការបន្ត​ទ្រទ្រង់​ជីវភាព​គ្រួសារ​ក្រីក្រ និងជនងាយរងគ្រោះទាំងនេះ នៅតែមានភាពចាំបាច់។ លើសពីនេះ ក្រប​ខណ្ឌ​គោល​នយោបាយជាតិគាំពារសង្គម ក៏បានចង្អុលបង្ហាញឱ្យរៀបចំ ក្របខណ្ឌ​កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់គ្រួសារ ដែលជាការប្រមូលផ្ដុំ​កម្ម​វិធី​ជំនួយ​សង្គម​មាន​លក្ខណៈ​ជា​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ឱ្យមកអនុវត្ត ក្រោមប្រតិបត្តិករទោលមួយក្នុងគោលដៅពង្រឹងអភិបាលកិច្ច និង​បង្កើន​ប្រសិទ្ធភាព នៃការអនុវត្តកម្មវិធី ក៏ដូចជាបង្កើនសង្គតិភាព និងពង្រីក​ការ​គ្រប​ដណ្តប់​កាន់​តែ​ទូលំទូលាយដល់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ ក្នុងគ្រួសារនោះ៕ អត្ថបទ៖ វ៉ន ដារ៉ា

លោក Putin ពិនិត្យមើល «ប៊ូតុងនុយក្លេអ៊ែរ» ខណៈបំណងក្នុងការបោះឆ្នោតឡើងវិញរបស់លោក ខិតជិតមកដល់

2023/12/05 12:06:55 pm        137
ប្រធានាធិបតី លោក Vladimir Putin ត្រូវបានគេបង្ហាញការធ្វើត្រាប់ចុច «ប៊ូតុងនុយក្លេអ៊ែរ» ប៉ុន្តែពុំបានចុចវានោះទេកាលពីថ្ងៃច័ន្ទ ខណៈលោកបានទៅធ្វើទស្សនកិច្ចការតាំងពិព័រណ៍ធំមួយនៃសមិទ្ធិផលរបស់ប្រទេសរុស្ស៊ី ជាអ្វីដែលមើលទៅហាក់ដូចជាការកម្តៅសាច់ដុំ សម្រាប់យុទ្ធនាការបោះឆ្នោតឡើងវិញដែលជិតឈានចូលមកដល់។លោក Putin ត្រូវបានគេផ្តល់ការពន្យល់អំពីការរៀបចំគ្រាប់បែកនុយក្លេអ៊ែរសម័យសូវៀត និងបានបង្ហាញបន្ទះគ្រប់គ្រងការត្រាប់ធ្វើសម្រាប់ការបាញ់សាកល្បងនុយក្លេអ៊ែរ មុនពេលតាមដានមើលរូបភាពនៃការផ្ទុះ និងការពង្រីកធំតាមរយៈបង្អួច។ ចាប់តាំងពីការចាប់ផ្តើមនូវអ្វីដែលទីក្រុងមូស្គូ ចាត់ទុកថាជា «ប្រតិបត្តិការសិកពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន លោក Putin តែងតែរំលឹកជាញឹកញាប់ដល់ប្រទេសលោកខាងលិចអំពីទំហំ និងសមត្ថភាពឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដោយនិយាយថា នណាដែលព្យាយាមវាយប្រហារដោយនុយក្លេអ៊ែរមកលើប្រទេសនេះ នោះនឹងត្រូវបានបំផ្លាញចោលចេញពីមុខផែនដី។លោកPutin បានដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរតាកទិកនៅក្នុងប្រទេសបេឡារុស្ស និងបានផ្លាស់ប្តូរជំហររបស់រុស្ស៊ីលើសន្ធិសញ្ញាអាវុធសំខាន់ៗចំនួនពីរ ខណៈទទូចថាទីក្រុងមូស្គូ មិន «ធ្វើឲ្យរង្គោះរង្គើរដោយការធ្វេសប្រហេស» អាវុធបរមាណូ ឬផ្លាស់ប្តូរគោលនយោបាយក្នុងការប្រើប្រាស់ពួកវាឡើយ។លោកPutin ត្រូវបានគេរំពឹងថា នៅក្នុងខែនេះនឹងបញ្ជាក់ថាលោកនឹងឈរឈ្មោះសម្រាប់អាណត្តិ៦ឆ្នាំទៀត នៅក្នុងខែមីនា ហើយការបង្ហាញខ្លួនរបស់លោកកាលពីថ្ងៃចន្ទ មានគោលគំនិតខុសប្លែកនៅមុនការបោះឆ្នោត។

ក្រុមប្រឹក្សាភិបាល WHO នឹងបើកកិច្ចប្រជុំបន្ទាន់ស្តីពីវិបត្តិសុខភាពនៅតំបន់ហ្កាហ្សា

2023/12/05 12:00:28 pm        65
ក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់អង្គការសុខភាពពិភពលោក WHO នឹងបើកសម័យប្រជុំបន្ទាន់ដ៏កម្រមួយនៅថ្ងៃទី១០ ខែធ្នូ ដើម្បីពិភាក្សាអំពីវិបត្តិសុខភាពនៅតំបន់ហ្កាហ្សា និងតំបន់វេស បែង ដោយបេសកជនប៉ាឡេស្ទីន កំពុងស្វះស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តបន្ថែម និងការទទួលបានបុគ្គលិកថែទាំសុខភាពបរទេស។អង្គការ WHO បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ខ្លួនបានទទួលសំណើពីប្រទេសចំនួន ១៥ ដើម្បីរៀបចំសម័យប្រជុំនេះ ដែលនឹងត្រូវបានកោះប្រជុំដោយអគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស អែដហាណូម ហ្គេប្រេយ៉េសូស (Tedros Adhanom Ghebreyesus) ក្នុងការពិគ្រោះយោបល់ជាមួយប្រធាននៃប្រទេសកាតា។ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក អ៊ីប្រាហីម ខ្រៃស៊ី (Ibrahim Khraishi) បាននិយាយថា កិច្ចប្រជុំនេះនឹងផ្តោតភាគច្រើនលើតំបន់ហ្កាហ្សា ដែលរងគ្រោះដោយសង្រ្គាមរវាងមេដឹកនាំក្រុមហាម៉ាស និងអ៊ីស្រាអែល ប៉ុន្តែក៏គ្របដណ្តប់លើការវាយប្រហារលើវិស័យសុខាភិបាលនៅតំបន់វេស បែង ដែលកាន់កាប់ដោយអ៊ីស្រាអែលផងដែរ។អ៊ីស្រាអែលបាននិយាយថា សម័យប្រជុំនេះគឺជាឧទាហរណ៍នៃ «ស្តង់ដារពីរ និងការយកចិត្តទុកដាក់មិនសមាមាត្រចំពោះអ៊ីស្រាអែលនៅក្នុងសង្វៀនពហុភាគី»។ មន្ទីរពេទ្យហ្កាហ្សា នៅសល់តែមួយចំនួនប៉ុណ្ណោះដែលនៅតែដំណើរការ ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងកង្វះប្រេងឥន្ធនៈ ហើយមន្ទីរពេទ្យដែលនៅតែដំណើរការទាំងនោះ ត្រូវបានគ្របដណ្តប់កាន់តែច្រើនឡើងដោយរលកថ្មីនៃអ្នករបួស៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីគោលនយោបាយអាទិភាពទាំង ៦ បានដាក់ឱ្យអនុវត្តរួចរាល់ក្នុងថ្ងៃនេះ

2023/12/05 11:44:57 am        201
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ អញ្ជើញ​​ប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធី​ជាតិ​ជំនួយ​សង្គម ជាគោលនយោបាយអាទិភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង ៦ ដែល​រាជរដ្ឋាភិបាល អាណត្តិទី៧ នៃ​រដ្ឋសភា​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្តន៍​នៅ​មុន​បំណាច់​ឆ្នាំ​២០២៣​នេះ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំ ស្តីពី​ក្រប​ខណ្ឌ​កម្ម​វិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង​គោល​ការណ៍​ណែនាំ​ស្តីពី​ក្រប​ខណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយ​តបនឹងគ្រោះអាសន្ននាថ្ងៃនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្មវិធី​គោល​នយោបាយ​អាទិភាព​នេះ​ជា​គោល​នយោបាយ​ចុង​ក្រោយ​ក្នុង​ចំណោម​កម្ម​វិធី​គោល​នយោបាយ​អាទិភាពទាំង ៦ ដែលរាជរដ្ឋភិបាលអាណត្តិទី៧ បានដាក់ចេញ និងប្ដេជ្ញា​ចិត្ត​ប្រកាស​ដាក់​ឱ្យ​អនុវត្តឱ្យបានមុនបំណច់ឆ្នាំនេះ។សូមបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន ៦ ដើម្បី​ឆ្លើយ​តប​បន្ទាន់​ទៅ​នឹង​បញ្ហា​ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។កម្មវិធី​គោលនយោបាយអាទិភាពចំនួន ៦ រួមមាន៖ ទី១ ការពង្រីក​សេវា​ថែទាំ​សុខ​ភាព​ឆ្ពោះ​ទៅ​រក​ការ​គ្របដណ្តប់សុខភាពជាសកល។ ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូន​ដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។ ទី៣ ការ​ធ្វើ​ស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរង​គ្រោះ​នៅ​ក្នុង​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រា​មាន​គ្រោះ​អាសន្ន​។ ទី៤ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យ​មាន​លទ្ធភាព​ចូល​រួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារ​សង្គម​ផ្លូវ​ការ។ ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅ​លើក​ស្ទួយ​ផលិត​កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងទី៦ ការដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំង​ប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។កម្មវិធី​នយោបាយអាទិភាពទាំង៦នេះ កម្មវិធីទី១ ត្រូវបាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្ម​វិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី៥ និងទី៦ ដាក់​ឱ្យ​អនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំណែកកម្មវិធីទី៣ ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​នៅ​ថ្ងៃ​នេះ​៕ អត្ថបទ៖ វ៉ន ដារ៉ា

អាមេរិក ចោទប្រកាន់អតីតឯកអគ្គរដ្ឋទូតពីបទចារកម្មឲ្យគុយបា អស់ពេលជាច្រើនទសវត្សរ៍

2023/12/05 11:26:26 am        118
សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ (០៤ ធ្នូ) បានចោទប្រកាន់អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសបូលីវី ពីបទធ្វើចារកម្មសម្រាប់ប្រទេសគុយបា អស់រយៈពេលជាង ៤០ឆ្នាំមកហើយ នៅក្នុងអ្វីដែលក្រសួងយុត្តិធម៌បានពិពណ៌នាថាជាការជ្រៀតចូលខ្ពស់បំផុត និងយូរអង្វែងបំផុតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយភ្នាក់ងារបរទេស។នាយកដ្ឋានយុត្តិធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក វីកទ័រ ម៉ាញ៉ូអែល រ៉ូឆា (Victor Manuel Rocha) ដែលបានបម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសបូលីវី ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០២ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសហព័ន្ធជាច្រើនករណី រួមទាំងការដើរតួជាភ្នាក់ងារបរទេសខុសច្បាប់ និងប្រើប្រាស់លិខិតឆ្លងដែនដែលទទួលបានដោយក្លែងបន្លំ។នាយកដ្ឋានយុត្តិធម៌បាននិយាយថា លោក រ៉ូឆា វ័យ ៧៣ឆ្នាំ បានធ្វើការនៅក្រសួងការបរទេសពីឆ្នាំ ១៩៨១ ដល់ឆ្នាំ២០០២។ នាយកដ្ឋាននេះបានបន្ថែមថាលោកបានបម្រើការនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៥ ហើយបានធ្វើការជាទីប្រឹក្សារបស់មេបញ្ជាការនៃទីបញ្ជាការភាគខាងត្បូងនៃយោធាសហរដ្ឋអាមេរិក ពីឆ្នាំ២០០៦ ដល់ប្រហែលឆ្នាំ២០១២។អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាធូ មីលឡឺ (Matthew Miller) បានប្រាប់អ្នកយកព័ត៌មានថា លោកមិនអាចផ្តល់ព័ត៌មានលម្អិតអំពីបញ្ហាអនុវត្តច្បាប់ដែលកំពុងដំណើរការបាននោះទេ។ នៅក្នុងឯកសារតុលាការដែលដាក់នៅតំបន់ភាគខាងត្បូងនៃរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក បានចោទប្រកាន់លោក រ៉ូឆា ថាបានគាំទ្រគុយបាជាសម្ងាត់ និងបេសកកម្មប្រមូលផ្តុំស៊ើបការណ៍សម្ងាត់របស់ខ្លួនប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ១៩៨១ មក៕

សេតវិមានព្រមានថា មូលនិធិអាមេរិក សម្រាប់ការពារអ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៊ី ជិតអស់ហើយ

2023/12/05 11:15:31 am        119
ក្រុមមន្ត្រីសេតវិមានបានព្រមានកាលពីថ្ងៃច័ន្ទ (០៤ ធ្នូ) ថា សហរដ្ឋអាមេរិកកំពុងអស់ពេល និងអស់ថវិកាដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធនឹងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីហើយ។ រដ្ឋបាលរបស់ប្រធានាធិបតីប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ក្នុងខែតុលា បានស្នើថវិកាពីសភាចំនួនជិត ១០៦ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ផែនការប្រកបដោយមហិច្ឆិតាសម្រាប់សន្តិសុខព្រំដែនអ៊ុយក្រែន អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប៉ុន្តែសមាជិកបក្សសាធារណរដ្ឋដែលគ្រប់គ្រងសភាដោយសំឡេងភាគច្រើន បានបដិសេធសំណើនេះ។នាយកថវិការបស់សេតវិមាន លោកស្រី សាឡានដា យ៉ាំង (Shalanda Young) នៅក្នុងលិខិតមួយផ្ញើជូនប្រធានសភាអាមេរិក លោក ម៉ៃ ចនសុន (Mike Johnson) និងបណ្ដាមេដឹកនាំសភាផ្សេងទៀតបាននិយាយថា ការកាត់ផ្តាច់មូលនិធិ និងលំហូរនៃសព្វាវុធនឹងហាក់ដូចជាឲ្យ «អ៊ុយក្រែនលុតជង្គង់ចុះចាញ់នៅលើសមរភូមិ» និងបង្កើនលទ្ធភាពនៃជ័យជំនះរបស់រុស្ស៊ី។សភាអាមេរិក បានអនុម័តថវិកាជាង ១១០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ២០២២ មកប៉ុន្តែមិនបានអនុម័តមូលនិធិណាមួយបន្ថែមទៀតទេចាប់តាំងពីគណបក្សសាធារណរដ្ឋ បានកាន់កាប់សភាពីគណបក្សប្រជាធិបតេយ្យ នៅក្នុងខែមករា មក។ ការខកខានរបស់សេតវិមាន ក្នុងការពិចារណាលើសំណើកញ្ចប់ថវិកាបានបង្កើនការព្រួយបារម្ភថាការផ្តល់មូលនិធិសម្រាប់ទីក្រុងគីវ អាចនឹងមិនត្រូវបានអនុម័ត ជាពិសេសបន្ទាប់ពីសភាបានអនុម័តសេចក្ដីស្នើច្បាប់កាលពីខែវិច្ឆិកា ជាមួយនឹងការផ្តល់មូលនិធិសម្រាប់អ៊ីស្រាអែល ប៉ុន្តែមិនមែនសម្រាប់អ៊ុយក្រែនទេ៕

មន្ត្រីជាន់ខ្ពស់អាមេរិក ធ្វើទស្សនកិច្ចនៅឥណ្ឌា ពិភាក្សាផែនការឃាតកម្មមិនសម្រេច លើជនផ្ដាច់ខ្លួនសាសនា ស៊ីគ

2023/12/05 10:53:44 am        122
ទីប្រឹក្សាសន្តិសុខជាតិរងសេតវិមានលោក ចូន ហ្វីន័រ (Jon Finer)បានដឹកនាំគណៈប្រតិភូ​សហរដ្ឋអាមេរិក​ទៅកាន់ទីក្រុង New Delhi កាលពីថ្ងៃចន្ទ ជាទីដែល​លោកបានគូសបញ្ជាក់​ពីការបង្កើតគណៈកម្មការស៊ើបអង្កេតដោយប្រទេសឥណ្ឌា ដើម្បីស៊ើបអង្កេតពីការរៀបផែនការ​បរាជ័យក្នុងការធ្វើឃាតជនផ្ដាច់ខ្លួនកាន់សាសនាស៊ីគ(Sikh) នៅលើទឹកដីសហរដ្ឋអាមេរិក។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​កាលពីថ្ងៃចន្ទថា លោក Finer បានទទួល​ស្គាល់​ការបង្កើត​គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសឥណ្ឌា​ដើម្បីស៊ើបអង្កេតផែនការ​ឃាតកម្ម​គ្រោងទុកនៅក្នុងសហរដ្ឋអាមេរិកនិងសារៈសំខាន់នៃការទទួលខុសត្រូវចំពោះនរណាម្នាក់ដែលត្រូវបានរកឃើញថាបានប្រព្រឹត្ត។កាលពីសប្តាហ៍មុន ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចោទប្រកាន់ថា​មន្ត្រីរដ្ឋាភិបាល​ឥណ្ឌាម្នាក់ថា បានដឹកនាំផែនការបរាជ័យមួយដើម្បីធ្វើឃាតជន​បំបែកខ្លួនមានដើមកំណើត​នៅប្រទេសឥណ្ឌា កាន់សាសនា នៅលើទឹកដីសហរដ្ឋអាមេរិក ខណៈខ្លួនបានប្រកាសការចោទ​ប្រកាន់លើបុរសម្នាក់​ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំការប៉ុនប៉ងឃាតកម្ម។ មន្ត្រីសហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណបុគ្គល​ដែលត្រូវបានដាក់គោលដៅនៃការប៉ុនប៉ង​ឃាតកម្ម​នេះឈ្មោះថា ហ្គូផាតវ៉ានស៊ីញ ផាណុន ( Gurpatwant Singh Pannun)ដែលជាអ្នកបំបែកខ្លួនកាន់សាសនាស៊ីគ និងជាពលរដ្ឋដែលមានសញ្ជាតិ​សហរដ្ឋអាមេរិកផង និងកាណាដាផង។ជាការឆ្លើយតប ឥណ្ឌាបានសម្តែងការព្រួយបារម្មណ៍ពីមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីរដ្ឋាភិបាលជាច្រើនរបស់ខ្លួនម្នាក់ដែលត្រូវបានជាប់ពាក់ព័ន្ធនឹងផែនការ ដែលខ្លួនបានច្រានចោលរាល់ការជាប់ពាក់ព័ន្ធ ជាការប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាល។ប្រទេសឥណ្ឌា បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងស៊ើបអង្កេតជាផ្លូវការលើការព្រួយបារម្ភ​របស់អាមេរិក ហើយចាត់វិធានការតាមដានចាំបាច់លើរបកគំហើញរបស់​គណៈកម្មការដែល​បានបង្កើតឡើងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។គួររម្លឹកថាដំណឹងនៃឧបទ្ទវហេតុនេះ បានកើតឡើងពីរខែបន្ទាប់ពីប្រទេសកាណាដាបាននិយាយថា​ មានការចោទប្រកាន់ គួរឱ្យទុកចិត្ត ពាក់ព័ន្ធនឹងទីភ្នាក់ងារឥណ្ឌាចំពោះការសម្លាប់​កាល​ពីខែមិថុនាលើមេដឹកនាំផ្តាច់ខ្លួនកាន់សាសនាស៊ីគ ម្នាក់ទៀតគឺ លោក Hardeep Singh Nijjar នៅជាយក្រុងវ៉ាន់ខូវើ (Vancouver)ប្រទេសកាណាដា ដែលឥណ្ឌាបានច្រានចោល៕

សម្ដេចធិបតី៖ យើងសង្ឃឹមថា ពិភពលោកនឹងមានអ្វីល្អកើតឡើង តែយើងត្រូវត្រៀមខ្លួនជានិច្ច

2023/12/05 10:28:00 am        227
មានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន ថ្លែងថា យើងមិនអាចធានាបានថា ពិភពលោកនឹងមានអ្វីកើតឡើងដែលអាចប៉ះពាល់ដល់ជីវភាពប្រ ជាពលរដ្ឋ និងវិបត្តិសង្គមនានានោះទេ។ យើងសង្ឃឹមនូវអ្វីដែលល្អនឹងកើតឡើង ប៉ុន្តែត្រូវត្រៀមលក្ខណៈចំពោះអ្វីដែលអាក្រក់ ដែលនឹងអាចកើតមានឡើងផងដែរ។សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមានទំនាក់ទំនងដោយផ្ទាល់ផង និងដោយ ប្រយោលផងជាមួយពិភពលោក ហេតុនេះបើពិភពលោករងវិបត្តិអ្វីមួយ កម្ពុជាក៏រងនូវវិបត្តិនោះដូចគ្នា ផងដែរ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរម្លឹកឱ្យដឹងផងដែរថា រដ្ឋាភិបាលបានចំណា យថវិកាជាងមួយពាន់លានដុល្លារ កាលពីឆ្នាំ២០២១ និងប្រមាណប្រាំមួយរយលានដុល្លារក្នុងឆ្នាំ២០ ២២ ដើម្បីដោះស្រាយផលប៉ះពាល់នៃវិបត្តិសង្គម-សេដ្ឋកិច្ច ព្រមទាំងធានាលំនឹងជីវភាពប្រជាពលរដ្ឋ នៅអំឡុងពេលដែលពិភពលោកប្រឈមជួបនឹងវិបត្តិកូវីដ និងវិបត្តិនានា៕ដោយ៖ គង់ ឌិន

សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនយកចិត្តទុកដាក់នោះទេ

2023/12/05 09:24:28 am        157
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋ ណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ ខណៈរាជរាជរដ្ឋាភិបាលបានដាក់ចេញនូវគោល នយោបាយគាំពារសង្គមជាច្រើន ដើម្បីផលប្រយោជន៍របស់ប្រជាជនទូទាំងប្រទេស។នៅក្នុងពិធីប្រកាសឲ្យអនុវត្តកម្មវិធី «គោលការណ៍ណែនាំ ស្ដីពី ក្របខណ្ឌកម្មវិធីជាតិជំនួយ​សង្គមក្នុងកញ្ចប់គ្រួសារ​ និងគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតប​នឹង​គ្រោះអាសន្ន» នាព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនមែនធ្វើសកម្មភាពតែពេលល្អ ហើយពេលលំបាក​ទុកប្រជាជនចោលនោះទេគឺជារាជរដ្ឋាភិបាលមួយដែលបុរេសកម្ម និងបានកំណត់គោល​ដៅ​ច្បាស់លាស់សម្រាប់ប្រជាជន ​មិនមែន ដូចការលើកឡើងរបស់ជនណាម្នាក់ថា​រាជរដ្ឋាភិបាលមិនបានគិតដល់ពលរដ្ឋនោះទេ។សម្តេចធិបតី បានបញ្ជាក់ថា« ជាគោលការណ៍នៅក្នុងស្មារតី មិនទុកអ្នកណាម្នាក់ចោល ដោយមិនយកចិត្តទុកដាក់នោះទេ រាជរដ្ឋាភិបាលយើង មិនមែនធ្វើសកម្មភាពតែពេលល្អ ពេលដែលលំបាកទុកប្រជាជនចោលនោះទេ ប៉ុន្តែរាជរដ្ឋាភិបាល គឺជារដ្ឋាភិបាលមួយ​ដែលបុរេសកម្មនៅក្នុង ​៤០ឆ្នាំនេះ ប្រវត្តិនៃការតស៊ូរំដោះប្រទេស រហូតទៅដល់ការបង្រួបបង្រួម​ជាតិ និងការជួយទៅដល់ប្រជាពលរដ្ឋជាដើម»។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី បានអះអាងបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹង​បន្តយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ​ហើយកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ក៏បាន​ដាក់ចេញនូវគោលនយោបាយគាំពាំសង្គម ​ជាបន្តបន្ទាប់រួចមកហើយដែរ ដូចជា​ការជួយ​ឧបត្ថម្ភដល់ស្រ្តី ​មានផ្ទៃពោះ ​ការជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះហានិភ័យជា ​ដើមនោះ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចេញសេចក្តីថ្លែងការណ៍រួម គាំទ្រអធិបតេយ្យភាពរបស់ប៉ាណាម៉ា
04/29/2026 04:04 PM
UNESCO គ្រោងជួយបីរឿងបីចម្បង ដើម្បីជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាតពីថៃឈ្លានពាន
04/29/2026 04:04 PM
សេតវិមាន៖ គ្មានអ្នកណាស័ក្តិសមទទួលបានពានរង្វាន់សន្តិភាព FIFA ជាងលោក Trump ឡើយ
04/29/2026 04:04 PM
លោក Trump បញ្ជាក់ថា ព្រះមហាក្សត្រ Charles មិនចង់ឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរទេ
04/29/2026 04:04 PM
កងទ័ព៖ អ៊ីស្រាអែលបានកម្ទេចគោលដៅហេសបូឡាចំនួន ១.000កន្លែង នៅភាគខាងត្បូងលីបង់
04/29/2026 04:04 PM
ព្រះសង្ឃសៅលីងស្នើក្រសួងទេសចរណ៍ជំរុញឱ្យមានព្រឹត្តិការណ៍សម្តែងក្បាច់គុនកម្ពុជា-ចិនរៀងរាល់ឆ្នាំ
04/29/2026 04:04 PM
អ៊ុយក្រែននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរុស្ស៊ីចំនួន ៣៣.០០០គ្រឿង ក្នុងខែមីនា
04/29/2026 04:04 PM
មន្ទីរពេទ្យចល័តហ្ស៊កដានីព្យាបាលប្រជាជនប៉ាឡេស្ទីនជិត ៤០ម៉ឺននាក់ ក្នុងរយៈពេលជាង ២ឆ្នាំ
04/29/2026 04:04 PM
ការីទេសចរណ៍មកពីបួនប្រទេសក្នុងតំបន់សហការគ្នារៀបចំនាំទេសចរអន្តរជាតិមកទស្សនាកម្ពុជា
04/29/2026 04:04 PM
តម្លៃប្រេងធ្លាក់ចុះ ខណៈទីផ្សារពិចារណាការចាកចេញរបស់អារ៉ាប់រួមពី OPEC ដោយបារម្ភពីការផ្គត់ផ្គង់
04/29/2026 04:04 PM