ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើនភាពជាអ្នកដឹកនាំ​របស់ស្រ្តី​ជាអតិបរមា​នៅក្នុងគ្រប់ស្ថាប័នរដ្ឋ

2023/11/05 10:07:08 am        516
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជ​រដ្ឋាភិបាល​នឹង​ខិតខំបង្កើនភាពអង្គអាចរបស់កុមារី យុវតី បង្កើនការ​បណ្តុះប​ណ្តាល​លើជំនាញ​ផ្សេង​ៗទៀត​ដល់​ស្រ្តី ​រួមទាំង បង្កើនសមមាត្រ ភាពជាអ្នកដឹកនាំរបស់ស្រ្តីជាអតិបរមានៅក្នុងគ្រប់ក្រសួង ស្ថាប័ន​ទាំង​អស់​របស់រដ្ឋ។ថ្លែងនៅក្នុងអញ្ជើញជាអធិបតី ក្នុងពិធីបើក «មហាសន្និបាត លើកទី៧ មិត្ត​កាយឫទ្ធិ​នារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក» ក្រោមប្រធានបទ «ស្រមៃមើលឱកាស» នាខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​កំណត់​សមភាព​យេនឌ័រ និងការបង្កើនភាពអង្គអាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជា​អាទិភាព​​នៅក្នុ​ងរបៀបវារៈគោលនយោបាយរបស់ខ្លួន ដោយតាម​រយៈ​យុទ្ធ​សាស្រ្ត​បច្ចកោណ​តំណាក់​កាលទី១ រាជរដ្ឋាភិបាលនឹង ពង្រឹងភាពពលរដ្ឋនៅក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្រកប​ដោយ​សីលធម៌ សមធម៌ និងបរិយាបន្ន ដោយក្នុងនោះស្រ្តីគឺជាស្នូល។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល«នឹងជំរុញការចូលរួមរបស់យុវតី ក្នុង​ការ​កំណត់ជោគវាសនារបស់ប្រទេសជាតិ ដែលមានសមាគម​កាយឫទ្ធិនារី​ជា​យន្តការ​ដ៏​ចម្បង​មួយ​។ យើងនឹងបង្កើនឱកាសទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត​ជា​នារី តាម រយៈការបង្កើនអាហារូបករណ៍ និងកម្មវិធីបំប៉ននៅគ្រឹះស្ថានសិក្សា, ការ​ផ្តល់​កន្លែង​ស្នាក់នៅ, ការធានាសុវត្ថិភាព និងការបង្កើនចំនួនគ្រូបង្រៀនជាស្រ្តី។ ការបង្កើន​សមមាត្រ​ចូលរួម​របស់ស្រ្តីឲ្យបានជាអតិបរិមា នៅក្នុងស្ថាប័នជាតិគ្រប់ថ្នាក់។ ការពង្រឹងឱកាសការងារ និង​ការ​ពារ​សិទ្ធិ​ធ្វើការងារជារបស់ស្រ្តី ព្រមទាំង បន្តបង្កើន​តួនាទី​របស់​ស្រ្តី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នៅ​គ្រប់កម្រិតជាដើម»។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការប្តេជ្ញាចិត្តទាំងនេះរបស់រាជរដ្ឋាភិបាលគឺសម ស្រប​ទៅតាមរាល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ដូចជា​សមាគម​កាយ​ឫទ្ធិ​នារី​ពិភព​លោក ដែរ ដែលបានកំពុងធ្វើដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនោះ។នៅក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា «មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែល​បាន​ធ្វើ​ឡើង​នៅ​កម្ពុជា​នា​ពេល​នេះ មិនត្រឹមតែជាព្រឹត្តិការណ៍នៅក្នុង តំបន់អាស៊ីប៉ាហ្វិកប៉ុណ្ណោះទេ វាជាព្រឹត្តិការណ៍ដ៏ធំ និង​ជា​ប្រវត្តិសាស្រ្តប្រចាំនៅប្រទេសកម្ពុជាផងដែរ ខណៈព្រឹត្តិការណ៍នេះបានប្រព្រឹត្តិ​ទៅ​ក្រោម​ម្លប់​សន្តិភាព៕ អត្ថបទ៖ បាន ចក់

អាជ្ញាធរជាតិអប្សរា ជួសជុលគំនូរបុរាណព្រះវិហារវត្តរាជបូណ៌ ក្រោមការឧបត្ថម្ភថវិការបស់រដ្ឋាភិបាលឥណ្ឌា

2023/11/03 03:07:58 pm        721
សៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណ ដែលមានអាយុរាប់រយឆ្នាំ នៅក្នុងព្រះវិហារនៃវត្តរាជបូណ៌ ក្នុងទីរួមខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ព្រះវិហាររបស់វត្តរាជបូណ៌ បានសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៨នៃគ្រីស្ដសករាជ។ ទាំងស្ថាបត្យកម្ម និងការតុបតែងនៅក្នុងទីវត្តនេះ ​គឺធ្វើតាមរចនាបថខ្មែរសុទ្ធសាធ ដែលបង្ហាញ​ឱ្យឃើញពីស្នាដៃការច្នៃប្រឌិត ​និងមរតកវប្បធម៌ខ្មែរដ៏សម្បូរបែប។ នៅលើជញ្ជាំងនៃវត្តរាជបូណ៌មានគំនូរបុរាណចំនួនប្រមាណ១៥៧ផ្ទាំង ដែលបង្ហាញពីជីវិត​របស់ព្រះសម្មាសម្ពុទ្ធ រឿងរាមាយណៈ(រាមកេរ្តិ៍)មានបង្ហាញពីឋាននរក និងឋានសួគ៌ ព្រមទាំង​ជីវិតប្រចាំថ្ងៃរបស់មនុស្សដែរ។ បច្ចុប្បន្ន ស្ថានភាពរបស់ផ្ទាំងគំនូរទាំងអស់នេះ គឺស្ថិតក្នុងការ​ប្រឈម​ពុកផុយដែលទាមទារឱ្យមានការជួសជុល ​និងអភិរក្សឡើងវិញជាបន្ទាន់។រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ​លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា ​មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណ​នោះថា លោកជំទាវក៏ដូចជាពលរដ្ឋកម្ពុជា គឺពិតជាមានមោទនភាពបំផុត ដែលបានចូលរួម​ក្នុងគម្រោងអភិរក្ស និងជួសជុលផ្ទាំងគំនូរបុរាណដ៏មានតម្លៃ និងកិត្យានុភាព។លោកជំទាវ ភឿង សកុណា មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដើម្បីអភិរក្សគំនូរបុរាណនៅក្នុងព្រះវិហារ​នៃវត្តរាជបូណ៌នេះតាំងតែពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកជំទាវជឿជាក់យ៉ាងមុតមាំថា ការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារគំនូរដ៏មានអត្ថន័យ ​និងមានតម្លៃទាំងនេះនៅតែរឹងមាំ។លោកជំទាវបណ្ឌិត ឯកអគ្គរដ្ឋទូតសារណរដ្ឋឥណ្ឌា ​ដេវីយ៉ានី ខូប្រាកេឌី (Devyani KhoBragade)​ក៏មានប្រសាសន៍ដែរថា ការគាំទ្រលើគម្រោងអភិរក្ស និងជួសជុលគំនូរបុរាណក្នុងព្រះវិហារ​នៃវត្តរាជបូណ៌នេះ ​គឺឥណ្ឌាមានគោលបំណងស្តារឡើងវិញ ​ព្រមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ ការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក ​ការគោរព និងការដឹងគុណចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសទាំងពីរ។ ​តាំងពីឆ្នាំ២០០៥មក អ្នកជំនាញរបស់​អាជ្ញាធរជាតិអប្សរាបាន​ចូលរួម​យ៉ាងសកម្មនៅក្នុងកិច្ចអភិរក្ស ​និងថែរក្សាសំណង់ទាំងឡាយរបស់វត្តរាជបូណ៌ ហើយចាប់ពីឆ្នាំ២០១៤-២០២០ វត្តរាជបូណ៌ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌជាតិកម្ពុជា៕

លោកស្រី Yellen៖ បណ្តាប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិក មិនគួរត្រូវជ្រើសរើសរវាងអាមេរិក និងចិនទេ

2023/11/03 12:57:23 pm        140
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃព្រហស្បតិ៍ (០២ វិច្ឆិកា) បានព្យាយាមធានាដល់បណ្តាប្រទេសនៅអាស៊ីថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន នឹងមិននាំទៅរកការបែងចែកដ៏មហន្តរាយនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងបង្ខំឱ្យពួកគេត្រូវបែងចែកបក្ខពួកនោះទេ។នៅក្នុងសុន្ទរកថាមួយនៅមុនកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំដោយសហរដ្ឋអាមេរិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅចុងខែនេះ លោកស្រី Yellen បាននិយាយថាការផ្ដាច់ទាំងស្រុងនៃសេដ្ឋកិច្ចអាមេរិក និងចិន គឺ «មិនជាក់ស្តែងនោះទេ» ជាពិសេសដោយសារតែភាពស្មុគស្មាញនៃខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ី និងទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅជាមួយប្រទេសចិនក្នុងតំបន់។ការអត្ថាធិប្បាយរបស់លោកស្រី បានស្វះស្វែងរកការធានាចំពោះការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការបែងចែកភូមិសាស្ត្រនយោបាយនៃសេដ្ឋកិច្ចពិភពលោក ទៅជាគូបដិបក្ខដែលដឹកនាំដោយសហរដ្ឋអាមេរិក និងប្រទេសចិន ខណៈដែលការគ្រប់គ្រងបច្ចេកវិទ្យាការនាំចេញ និងសន្តិសុខជាតិ បានកើនឡើងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីនេះ ហើយលោកស្រីក៏បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក មិនព្យាយាមផ្តាច់ខ្លួនពីប្រទេសចិននោះទេ៕

អាមេរិកដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

2023/11/03 12:52:44 pm        194
សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (២ វិច្ឆិកា) បានដាក់ចេញនូវវិធានការថ្មីប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ដោយផ្តោតលើសមត្ថភាពថាមពលនាពេលអនាគតរបស់រុស្ស៊ី ការគេចវេះពីទណ្ឌកម្ម និងយានដ្រូនអត្តឃាត ដែលជាការគំរាមកំហែងដល់កងទ័ព និងគ្រឿងយុទ្ធោបករណ៍អ៊ុយក្រែន ក្នុងចំណោមប្រទេសដទៃទៀត នៅក្នុងការដាក់ទណ្ឌកម្មលើមនុស្សរាប់រយនាក់ និង អង្គភាពនានា។ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការចុងក្រោយបំផុតនេះ កំណត់គោលដៅលើអង្គភាពធំមួយដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ ប្រតិបត្តិការ និងកម្មសិទ្ធិនៃគម្រោងដ៏ធំនៅស៊ីបេរី ដែលគេស្គាល់ថាជាអាកទិក-២ LNG ។ គម្រោងនេះរំពឹងថា នឹងបញ្ជូនឧស្ម័នធម្មជាតិត្រជាក់ ឬឧស្ម័នធម្មជាតិរាវទៅកាន់ទីផ្សារពិភពលោក។នាយកដ្ឋានពាណិជ្ជកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានបន្ថែមក្រុមហ៊ុនរុស្ស៊ីរាប់សិបកន្លែងទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម សម្រាប់ការគាំទ្រយោធារបស់រុស្ស៊ី ជាមួយនឹងយានដ្រូនដែលអាចត្រូវបានប្រើដើម្បីជួយក្នុងការលុកលុយរបស់ទីក្រុងម៉ូស្គូ ទៅលើអ៊ុយក្រែន ផងដែរ។វិមានក្រឹមឡាំងរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅមុនចំណាត់ការរបស់អាមេរិកនេះថា ខ្លួនរំពឹងថាលោកខាងលិច នឹងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែមានការយល់ដឹងកាន់តែខ្លាំងឡើងថា ការពិន័យបែបនេះបានត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍លោកខាងលិចប៉ុណ្ណោះ ខណៈសេដ្ឋកិច្ចរបស់រុស្ស៊ី កំពុងសម្របខ្លួនបានល្អជាធម្មតា៕

សភាអាមេរិកអនុម័តសេចក្តីស្នើច្បាប់ជំនួយដល់អ៊ីស្រាអែលរបស់គណបក្សសាធារណៈរដ្ឋ ប្រឈមភាពជាប់គាំងនៅព្រឹទ្ធសភា

2023/11/03 12:34:03 pm        156
សភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តផែនការរបស់គណបក្សសាធារណៈរដ្ឋដើម្បីផ្តល់ជំនួយចំនួន១៤,៣ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ខណៈប្រទេសនេះប្រយុទ្ធជាមួយក្រុមហាម៉ាស់ ទោះបីជាមានភាពរឹងរុះរបស់គណបក្សប្រជាធិបតេយ្យ ដែលខ្លួនគ្មានផែនការនៅក្នុងព្រឹទ្ធសភា និងការសន្យារបស់សេតវិមានចំពោះការប្រើប្រាស់សិទ្ធវ៉េតូក៏ដោយ។ ចំណាត់ការនេះ ត្រូវបានអនុម័ត ២២៦សំឡេងទល់នឹង១៩៦សំឡេង ភាភច្រើនធ្វើតាមខ្សែគណបក្ស ដោយសមាជិកគណបក្សសាធារណៈរដ្ឋភាគច្រើនគំាទ្រសេចក្តីព្រាងច្បាប់នេះ ហើយគណបក្សប្រជាធិបតេយ្យភាគច្រើនបានជំទាស់។ ការណែនាំនៃពង្រាងច្បាប់ គឺជាសកម្មភាពនីតិបញ្ញត្តិចម្បងដំបូង ស្ថិតនៅក្រោមប្រធានសភាថ្មីគណបក្សសាធារណៈរដ្ឋ លោក Mike Johnson ។ ប្រធានាធិបតី លោក Joe Biden បានព្រមានការប្រើសិទ្ធវ៉េតូ ហើយព្រឹទ្ធសភាលោក Chuck Schumer ជាមេដឹកនាំមានសំឡេងភាគច្រើននៅព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បាននិយាយថា លោកនឹងមិនលើកវាយកមកសម្រាប់ការបោះឆ្នោតនោះទេ។លោក Biden បានស្នើសុំឲ្យសភាអនុម័តកញ្ចប់ថវិកាចំណាយបន្ទាន់ចំនួន១០៦ពាន់លានដុល្លារ រួមមានការផ្តល់មូលនិធិសម្រាប់ប្រទេសអ៊ីស្រាអែល កោះតៃវ៉ាន់ និងប្រទេសអ៊ុយក្រែន ព្រមទាំងជំនួយមនុស្សធម៌។ លោក Schumer និយាយថាព្រឹទ្ធសភានឹងពិចារណាពង្រាងច្បាប់ទ្វេបក្ស ដោះស្រាយអាទិភាពកាន់តែទូលំទូលាយ។ មូលនិធិនៅក្នុង សេចក្តីព្រាងច្បាប់នៅសភា មាន រាប់ពាន់លាន់ដុល្លារសម្រាប់យោធាអ៊ីស្រាអែល រួមទាំង៤ពាន់លានសម្រាប់ការទិញប្រព័ន្ធសព្វាវុធ Iron Dome របស់អ៊ីស្រាអែល និងប្រព័ន្ធការពារ David's Sling ដើម្បីរារាំងការគំរាមគ្រាប់រ៉ុក្កែតរយៈចម្ងាយជិត ព្រមទាំងការផ្ទេរយុទ្ធោបករណ៍មួយចំនួនពីឃ្លាំងស្តុករបស់សហរដ្ឋអាមេរិក។

កីឡាករប្រដាល់មីយ៉ាន់ម៉ា Dave Leducថា ពលរដ្ឋកម្ពុជាគ្រប់គ្នាមានភាពរួសរាយរាក់ទាក់ និងមានចិត្តល្អ និងណែនាំលោកខាងលិច ត្រូវការស្វែងយល់បន្ថែមទៀតអំពីប្រទេសកម្ពុជា

2023/11/03 11:55:11 am        117
ភ្នំពេញ៖ កីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) បាន​សរសេរ​នៅលើទំព័រ​ហ្វេសប៊ុក​របស់ខ្លួននាថ្ងៃទី ៣ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ក្រោយបានជួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីនៃកម្ពុជាថា ពលរដ្ឋកម្ពុជាគ្រប់គ្នាមានភាពរួសរាយរាក់ទាក់​ និងមានចិត្តល្អ និងណែនាំលោកខាងលិចត្រូវការស្វែងយល់បន្ថែមទៀត​អំពីប្រទេសកម្ពុជា។ កីឡាករប្រដាល់ មីយ៉ាន់ម៉ារូបនេះ បានសរសេរថា នេះពិតជាកិត្តិយសដ៏ឧត្តុងឧត្តម និងទទួលបាន​ឯកសិទ្ធិក្រៃលែងដែលត្រូវបានអញ្ជើញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាមកកាន់វិមានសន្តិភាព។ សម្តេចមានការអប់រំដ៏ខ្ពង់ខ្ពស់ ​ហើយ​បាននិយាយជាមួយខ្ញុំ​ជា​ភាសាកំណើតរបស់ខ្ញុំគឺ ភាសាបារាំង​ និងភាសាអង់គ្លេស។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ កីឡាកររូបនេះបញ្ជាក់ថា៖«សម្តេចជាសុភាពបុរសមួយរូបដោយបានយកចិត្តទុកដាក់មែនទែនដល់ភរិយារបស់ខ្ញុំ Irina ត្រូវតែមានវត្តមាននៅក្នុងការថតរូបជាមួយគ្នា»។ កីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ បញ្ជាក់ថា៖«ខ្ញុំមានអារម្មណ៍ទទួលបានការស្វាគមន៍​យ៉ាងកក់ក្តៅនៅព្រះរាជាណាចក្រកម្ពុជា។ គ្រប់គ្នាមានភាពរួសរាយរាក់ទាក់​ និងមានចិត្តល្អ។ ខ្ញុំគិតថា ​លោកខាងលិចត្រូវការស្វែងយល់បន្ថែមទៀតអំពីប្រទេសកម្ពុជា។ ខ្ញុំស្រឡាញ់ប្រទេសនេះរួចទៅហើយ ហើយខ្ញុំឃើញ​សក្ដានុពល​ជាច្រើន​ក្នុងការប្រើក្បាច់គុន​ដើម្បីពង្រីកវិស័យទេសចរណ៍។ ដូចដែល​សម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍​ក្នុងកិច្ចប្រជុំរបស់យើងថា សម្តេចគាំទ្រយ៉ាងពេញទំហឹងចំពោះក្បាច់គុនបុរាណ ហើយកងទ័ព​ត្រូវបាន​ស្នើឱ្យរៀនគុនខ្មែរ ដើម្បីឱ្យមានវិន័យ ​និងកម្លាំងរឹងមាំ»។ លោកបន្តថា៖«ខ្ញុំគិតថា វាជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យ។ ខ្ញុំបានបង្ហាញថា ការប្រកួតនេះគឺគ្រាន់​តែជាការចាប់ផ្តើមនៃការចូលរួមរបស់ខ្ញុំនៅកម្ពុជាតែប៉ុណ្ណោះ។ ការប្រកួតនេះ​មានតែអ្នក​ឈ្នះមួយរូបគត់ ហើយកំពុងទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកមកលើកម្ពុជា និងគុនខ្មែរ។ ខ្ញុំគិតថាការរីកចម្រើនដ៏ធំនឹងកើតមានឡើង ហើយខ្ញុំចង់ជួយប្រជាជនក្នុង​ដំណើរផ្សងព្រេងនេះ។ ប៉ុន្តែមុនពេលយើងចាប់ផ្តើម ខ្ញុំមានការប្រកួតដ៏ធំបំផុតក្នុងអាជីពរបស់ខ្ញុំនៅថ្ងៃអាទិត្យនេះ។ កុំភ្លេចទស្សនានៅថ្ងៃអាទិត្យ។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រ»៕

ក្រុមហ៊ុន TikTok បដិសេធជុំវិញការជំរុញមាតិកាគាំទ្រប៉ាឡេស្ទីន

2023/11/03 11:38:15 am        179
កម្មវិធីវីដេអូកម្សាន្តទម្រង់ខ្លី TikTok បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២ វិច្ឆិកា) ថា វីដេអូមានភ្ជាប់សារបង្ហោះ ដែលបង្ហាញពីការគាំទ្រសម្រាប់អ៊ីស្រាអែល ក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស បានទទួលការចូលមើលច្រើនជាង វីដេអូភ្ជាប់សារបង្ហោះ ដែលគាំទ្រប៉ាឡេស្ទីន ដោយបដិសេធការចោទប្រកាន់ថា វេទិកានេះបានជំរុញមាតិកាគាំទ្រប៉ាឡេស្ទីន។នៅក្នុងសារបង្ហោះមួយ ក្រុមហ៊ុន TikTok បាននិយាយថា នៅក្នុងសហរដ្ឋអាមេរិក វីដេអូមានភ្ជាប់សារបង្ហោះ «គាំទ្រសម្រាប់អ៊ីស្រាអែល» ទទួលបានអ្នកចូលទស្សនាជាង ៤៦លានដង ចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី៣១ ខែតុលា ប្រៀបធៀបនឹងតួលេខចូលមើលចំនួន ២៩លានដង នៃវីដេអូមានភ្ជាប់សារបង្ហោះ «គាំទ្រសម្រាប់ប៉ាឡេស្ទីន» ក្នុងរយៈពេលដូចគ្នានេះ។ក្រុមហ៊ុននេះបានបន្ថែមថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការវិភាគមិនសមហេតុផលជាំច្រើននៃទិន្នន័យសារភ្ជាប់ក្នុងវីដេអូ TikTok ជុំវិញជម្លោះដ៏តានតឹងនេះ ដែលបណ្តាលឱ្យអ្នកអត្ថាធិប្បាយមួយចំនួន យល់ខុសថាក្រុមហ៊ុន TikTok កំពុងជំរុញមាតិកាគាំទ្រប៉ាឡេស្ទីន ឲ្យលប់លើមាតិកាដែលគាំទ្រអ៊ីស្រាអែល ដល់អ្នកប្រើប្រាស់សហរដ្ឋអាមេរិក»។គួររម្លឹកផងដែរថា ខ្មាន់កាំភ្លើងក្រុមហាម៉ាស បានសម្លាប់មនុស្សជាង ១.៤០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៩.០០០នាក់ នេះបើយោងតាមក្រុមអាជ្ញាធរតំបន់ហ្កាហ្សា។ ក្រុមហ៊ុន TikTok បាននិយាយថា ខ្លួនបានលុបវីដេអូជាង ៩២៥.០០០វីដេអូ នៅក្នុងតំបន់ចាប់តាំងពីថ្ងៃទី៧ ខែតុលា មកសម្រាប់ការបំពានគោលនយោបាយអំពីអំពើហិង្សា និងព័ត៌មានមិនពិតរបស់ខ្លួន៕

រដ្ឋបាលរាជធានី និងជំនាញពាក់ព័ន្ធប្រជុំរៀបចំការពារ និងដោះស្រាយបញ្ហានានាក្នុងការប្រឡងបាក់ឌុប

2023/11/03 11:35:15 am        129
ភ្នំពេញ៖ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី០៦ និងទី០៧ ខែវិច្ឆិកាឆ្នាំ២០២៣នេះ អាជ្ញាធររាជធានីភ្នំពេញ​បានធ្វើការណែនាំឱ្យកម្លាំងនគរបាលទាំងអស់ ពិសេស​កងកម្លាំងនៃអធិការដ្ឋាន​នគរបាលខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ដាច់ខាតមិនឱ្យដាក់កម្លាំង​រឹតបន្តឹងច្បាប់​ចរាចរ​ផ្លូវគោកនោះទេ តែត្រូវសម្រួលចរាចរណ៍ដល់សិស្សានុសិស្ស​បានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាន់ពេលវេលា។នេះជាការណែនាំរបស់លោក កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុង​កិច្ចប្រជុំស្តីពីវិធានការរៀបចំការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី០៣ ខែវិច្ជិកា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ ​មានការចូលរួម​​ពីអង្គភាពប្រឆាំងអំពើពុករលួយ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរ និងកងកម្លាំងទាំង១៤ខណ្ឌ ដែលកិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងការប្រឡង សំខាន់ឱ្យដំណើរការនៃការប្រឡងនេះ ទទួលបានជោគជ័យ និងមិនមានភាពថ្លោះធ្លោយ ។លោក កើត ឆែ បានធ្វើការណែនាំឱ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវពង្រឹង​សុវត្ថិភាពនៅគ្រប់មណ្ឌលប្រឡងទាំងអស់​ ធ្វើយ៉ាងណាកុំឱ្យមានភាពឆក់ល្វែងណាមួយកើតឡើង នៅពេលប្រឡងនេះ។បន្ថែមពីនេះលោកក៏បានណែនាំទៅឱ្យអាជ្ញាធរខណ្ឌត្រូវចុះពិនិត្យរដ្ឋបាលចំពោះមណ្ឌលប្រឡងណា ដែលមានប្រជាពលរដ្ឋស្នាក់នៅ និងបានណែនាំទៅមន្ទីរសុខាភិបាល ត្រូវដាក់ក្រុមគ្រូពេទ្យ ដើម្បីព្យាបាលក៏ដូចជាសង្គ្រោះនៅពេលដែលមានបេក្ខជនជនណាមួយមានបញ្ហាសុខភាព។ពាក់ព័ន្ធនឹងការផ្ញើកង់ ម៉ូតូវិញ លោក កើត ឆែ ​បានណែនាំមិនឱ្យប្រាក់ឡើយ ​នៅពេលប្រលង​២ថ្ងៃនេះ ដោយរាល់ការចំណាយទាំងនេះ គឺរដ្ឋបាលរាជធានីភ្នំពេញជាអ្នករ៉ាប់រង៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បើកវេទិកាស្តីពីការលើកកម្ពស់សីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារខ្មែរ

2023/11/03 11:26:38 am        111
ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២៣នេះ មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បើកវេទិកាផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្រោមប្រធានបទ "ឥរិយាបថរបស់យុវវ័យ នៅក្នុងយុគសម័យ ឌីជីថល"។ក្នុងវេទិកាផ្សព្វផ្សាយនោះដែរលោកស្រីឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បាន​មានប្រសាសន៍​ណែនាំ​ដល់ប្អូនៗយុវវ័យទាំងអស់ដែលជាសិស្សានុសិស្ស កំពុងសិស្សា​ក្រេប​យក​ចំណេះ​ដឹង​ធ្វើយ៉ាងណាត្រូវបន្តខិតខំពង្រឹងថែរក្សាវប្បធម៌ប្រពៃណៃខ្មែរ យើងឲ្យបានល្អ​ប្រសើរ​ផូរផង់ ​និងមានសីលធម៌ល្អប្រពៃ​មិនត្រូវប្រាកចាកធ្វើខុសនូវសីលធម៌តម្លៃស្រ្តីរបស់ខ្មែរ​នោះឡើយ ស្របតាមសម័យយុគសម័យ ​ឌីជីថលនោះ។លោកស្រីប្រធាន បានបន្តថា ស្របពេល​បច្ចុប្បន្ន​នេះ​ក្នុងយុគសម័យឌីជីថល នេះដែរប្អូនៗដែល​ជា​សិស្សានុសិស្សមានទូរស័ព្ទត្រូវប្រើប្រាស់វាឲ្យមានប្រយោជន៍​ និងមាន​តម្លៃចំគោលដៅ​ក្នុងការ​សិក្សា មិនត្រូវប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ ដោយគ្មានប្រយោជន៍នោះទេ​ គឺអាចនាំឲ្យប្អូនៗ​សិស្សានុសិស្ស មាន​ការខុសឆ្គង​ដោយប្រការណាមួយផងដែរ។ក្នុងនោះដែរ​លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្តតំណាង​ឲ្យ​អភិបាល​ខេត្តឧត្តរមានជ័យ​បាន​ធ្វើការផ្តាំផ្ញើរដល់ប្អូនៗយុវវ័យ​សិស្សានុសិស្សទាំងអស់​ដែល​មានវត្តមាន​នៅ​ក្នុងពេលនេះធ្វើ​យ៉ាងណា​ត្រូវខិតខំរៀនសូត្រ​ឲ្យបានពូកែ ដើម្បីក្លាយ​ជាសិស្សល្អកូនល្អអាចជួយដល់​ក្រុមគ្រួសារ​របស់​ប្អូនៗ​ក៏​ដូចជាជួយដល់សង្គមផងដែរ។លោកជំទាវ បានអំពាវនាវដល់ប្អូនៗសិស្សានុសិស្សទាំង​អស់​ត្រូវចៀស​ឲ្យ​ឆ្ងាយ​ពី​អំពើឧបាយមុខ​ផ្សេងៗ​ដូចជា​៖ គ្រឿងញៀនជាដើម ពិសេសនោះ​សីលធម៌ប្រពៃណី​សង្គម​ការប្រើប្រាស់​ឥរិយាបថ​ចំពោះ​ចាស់ព្រឹទ្ធាចារ្យ​ ត្រូវមាន​សំដីទន់ភ្លន់​ចំពោះ​ការ​ប្រាស្រ័យ​ទាក់ទង​អ្វីមួយ​ឲ្យ​បាន​ល្អប្រសើរ​សមជាកូនខ្មែរ និងជាទំពាំង​ស្នង​ឫស្សី​សម្រាប់​សង្គមផងដែរ៕ 

កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង បានផ្តល់គ្រឿងសព្វាវុធចំនួន ២.០០០ កុងតេន័រឲ្យទៅរុស្ស៊ី

2023/11/03 11:11:44 am        169
យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងទំនងជាបានផ្តល់អាវុធ និងគ្រាប់រំសេវប្រហែល ២.០០០ កុងតេន័រឲ្យទៅរុស្ស៊ី ដែលអាចរាប់បញ្ចូលទាំងមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីផងដែរ។ មន្ត្រីយោធាកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានចេញផ្សាយការវាយតម្លៃអំពីការគាំទ្រផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាងចំពោះទីក្រុងមូស្គូ។ពួកគេបាននិយាយថា មានការចង្អុលបង្ហាញពីកូរ៉េខាងជើងដែលផ្គត់ផ្គង់គ្រឿងសព្វាវុធដល់រុស្ស៊ីចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២មក ហើយការជួញដូរអាវុធតាមរយៈផ្លូវសមុទ្របានកើនឡើងកាលពីខែ សីហា។ សកម្មភាពទាំងនេះ បានកើតឡើង មិនយូរប៉ុន្មាន មុនជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ក្រុមមន្ត្រីបាននិយាយថា កុងតឺណឺ ប្រហែល ២.០០០ គ្រឿង អាចត្រូវបានដឹកជញ្ជូនពីកំពង់ផែ រ៉ាជីន(Rajin) ភាគឦសានរបស់ប្រទេសកូរ៉េខាងជើងទៅកាន់កំពង់ផែមួយនៅតំបន់ចុងបូព៌ា របស់រុស្ស៊ី។ ពួកគេបាននិយាយថា នេះគឺស្មើនឹងគ្រាប់កាំភ្លើងធំជាង ២០០.០០០ គ្រាប់នៃកាំភ្លើងធំ ១២២ មីលីម៉ែត្រ ឬជាងមួយលានគ្រាប់នៃគ្រាប់ ១៥២ មីលីម៉ែត្រ ដែលត្រូវបានប្រើប្រាស់ទាំងកូរ៉េខាងជើង ទាំង រុស្ស៊ី។ ជើងជម្របាញ់គ្រាប់រ៉ូកែត មីស៊ីលចល័តដែលអាចបាញ់ចេញពីដីទៅលើអាកាស និងមីស៊ីលប្រឆាំងរថក្រោះ ប្រហែលជាត្រូវបានផ្គត់ផ្គង់ផងដែរ។ ក្រុមមន្ត្រីបានចង្អុលបង្ហាញពីលទ្ធភាពដែលទីក្រុងព្យុងយ៉ាងអាចផ្តល់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីឲ្យទីក្រុងមូស្គូ។ យោធាកូរ៉េខាងត្បូងនិយាយថា កិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី គួរតែត្រូវបានបញ្ឈប់ ដោយសារតែបំពានយ៉ាងច្បាស់លើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក និងឧបទ្វីបកូរ៉េ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គការ ILO៖ ការគោរពសិទ្ធិកម្មករ និយោជិត និងកម្មករជំនាញនៅកម្ពុជាមានភាពរីកចម្រើន
05/01/2026 05:05 PM
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង
05/01/2026 04:05 PM
ពុទ្ធបរិស័ទមូលមីនាំគ្នាទៅធ្វើបុណ្យ និងយកចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាមក្នុងថ្ងៃបុណ្យវិសាខបូជា
05/01/2026 04:05 PM
កម្មករនិយោជិតអរគុណរដ្ឋាភិបាលដែលលើកកម្ពស់បរិយាកាសនៅកន្លែងការងារកាន់តែល្អប្រសើរ
05/01/2026 04:05 PM
កម្ពុជាប្រារព្ធពិធីបុណ្យវិសាខបូជា រំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូ
05/01/2026 04:05 PM
ស៊ីរីពឹងផ្អែកលើប្រេងរបស់រុស្ស៊ី ទោះបីជារដ្ឋាភិបាលថ្មីមានទំនាក់ទំនងជាមួយលោកខាងលិចក្តី
05/01/2026 04:05 PM
រុស្ស៊ីសរសើរកាសែតអាល្លឺម៉ង់សម្រាប់របាយការណ៍ស្តីពីករណីពុករលួយនៅអ៊ុយក្រែន
05/01/2026 04:05 PM
វិស័យឯកជន សាទរចំពោះរដ្ឋាភិបាលសម្រេចមិនយកកម្រៃស្កេនទូកុងតឺដឹកទំនិញ ចាប់អនុវត្តនៅថ្ងៃទី១ឧសភានេះ
05/01/2026 04:05 PM
រដ្ឋមន្ត្រីការពារជាតិនិយាយថា អ៊ីស្រាអែលអាចនឹងបន្តសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ
05/01/2026 04:05 PM
ការបន្ធូរបន្ថយច្បាប់នាំចេញអាវុធរបស់ជប៉ុន អាចបើកផ្លូវឲ្យទីក្រុងតូក្យផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន
05/01/2026 04:05 PM