ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងកសិកម្ម អំពាវនាវពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ករណីឃើញសាច់សត្វបង្កកលក់ខុសច្បាប់

2023/10/19 03:10:46 pm        265
ភ្នំពេញ៖ ក្រោយឃើញបណ្តាញព័ត៌មានសង្គម អ្នកចិញ្ចឹកជ្រូកកម្ពុជា បង្ហោះសារពាក់ព័ន្ធ​ករណី​នាំចូលសាច់បង្កក ជាពិសេសសាច់ជ្រូកបង្កកខុសច្បាប់​មកពីក្រៅប្រទេស នៅពេលនេះ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន​អំពាវនាវឲ្យពលរដ្ឋ​ និងអ្នកពាក់ព័ន្ធនានា សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ​និងក្រុមសមត្ថកិច្ច ឲ្យចុះបង្រ្កាប ករណី​ឃើញការនាំចូល ចែកចាយលក់សាច់សត្វបង្កកខុសច្បាប់ ​នៅតាមទីផ្សារកម្ពុជា។លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានថ្លែងប្រាប់BTV នៅថ្ងៃទី១៩ខែតុលានេះថា ជាក់ស្តែងកម្ពុជា​យើងគឺបានប្រកាសមិនឲ្យនាំចូលសាច់​ជ្រូកបង្កក​និងសាច់សត្វបង្កកនានាទៀតតាំងពីយូរមកហើយ ​យកមកលក់តាមទីផ្សារនោះទេ ហើយបើពលរដ្ឋ និងភាគីពាក់ព័ន្ធណាបានឃើញ​មានការនាំចូលចែកចាយលក់សាច់ជ្រូកបង្កក សាច់សត្វបង្កក​ខុសច្បាប់ គឺសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ​និងក្រុមសមត្ថកិច្ចដែល​នៅជិតខ្លួន ដើម្បី​ឲ្យចុះបង្ក្រាបឲ្យបានទាន់ពេលវេលា។បើតាមឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយក អគ្គនាយកដ្ឋានសុខភាពសត្វ ​និងផលិតកម្ម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ បានបញ្ជាក់បន្ថែមថា ​ជាក់ស្តែងការងារបច្ចុប្បន្ន ​មន្ត្រីអនុវត្តច្បាប់ របស់ក្រសួងកសិកម្ម ​តែងតែធ្វើកិច្ចសហការជាមួយមន្ត្រីការពារអ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង និងបង្ក្រាប​ការក្លែងបន្លំ ហៅកាត់ថា កបប និងមន្ត្រីអនុវត្តច្បាប់មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ចុះទប់ស្កាត់ បង្ក្រាប ការនាំចូល និងការចែកចាយលក់សាច់ជ្រូកបង្កក និងសាច់សត្វបង្កក​ខុសច្បាប់នានាទៀត នៅតាមទីផ្សាររៀងរាល់ថ្ងៃ ​ខណៈការងារនេះ ក្រសួងកសិកម្ម តែម្នាក់ឯង មិនអាចទប់ស្កាត់អស់នោះទេ។ឯកឧត្តម បានឲ្យដឹងដែរថា ​បច្ចុប្បន្នកម្ពុជា មានតម្រូវការនាំចូលសាច់ជ្រូក សាច់សត្វស្រស់ពី​ក្រៅប្រទេសមានចំនួនតិចតួចបំផុត ​ដើម្បីបង្គ្រប់ទីផ្សារក្នុងស្រុក ​ខណៈសាច់សត្វក្នុងស្រុក គឺយើង​មានលទ្ធផលផលិតផ្គត់ផ្គង់​បានគ្រប់គ្រាន់ ហើយសម្រា​ប់សាច់ជ្រូកវិញគឺមិន​មានការនាំចូលតាំង​ពីចុងឆ្នាំ២០២១មកម្លេះ។បើតាមមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត របស់ក្រសួងកសិកម្ម បានថ្លែងថា ការចុះបង្ក្រាបសាច់ជ្រូក​បង្កក​ខុសច្បាប់គឺចុះធ្វើរៀងរាល់ថ្ងៃ ​តែទោះយ៉ាងណា ក៏ស្នើសុំមន្ត្រីប្រចាំការនៅតាច្រកទ្វារព្រំដែន​អន្តរជាតិ​នានា ​សូមពង្រឹងការទប់ស្កាត់​ បង្ក្រាបកុំឲ្យមានការនាំចូល ហើយក៏ត្រូវពិនិត្យគុណភាព​សាច់បង្កកនោះឲ្យបានត្រឹមត្រូវ បើទោះសាច់បង្កក​នោះ​មាន​ការផ្តល់​ច្បាប់​អនុញ្ញាតនាំចូលតាម​សំណើរសុំរបស់ក្រុមហ៊ុនឯកជនក៏ដោយ៕ អត្ថបទ ស៊ុមសុខជា 

ទួរគីកំពុងពិភាក្សាជាមួយក្រុមហាម៉ាស លើបញ្ហាចំណាប់ថ្នូរ ប៉ុន្តែនៅពេលនេះ ពុំមានអ្វីច្បាស់លាស់ទេ

2023/10/19 02:49:30 pm        119
រដ្ឋមន្ត្រីការបរទេសទួរគី លោក ហាខាន ហ្វីដាន (Hakan Fidan) និយាយកាលពីថ្ងៃពុធ (១៨ តុលា) ថា ប្រទេសទួរគី កំពុងពិភាក្សាជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដើម្បីទទួលបានការដោះលែងចំណាប់ថ្នូរ ដែលក្រុមនេះចាប់បានក្នុងប្រទេសអ៊ីស្រាអែល ហើយបានយកទៅកាន់តំបន់ហ្កាហ្សា ប៉ុន្តែមិនមានអ្វីច្បាស់លាស់នោះទេសម្រាប់ពេលនេះ។លោកហ្វីដាន បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងអង់ការ៉ា កំពុងពិភាក្សាអំពីការដោះលែងជនបរទេស ជនស៊ីវិល និងកុមារ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ហើយបានបន្ថែមថា «បណ្ដាប្រទេសជាច្រើន» បានស្នើសុំជំនួយពីប្រទេសទួរគី ក្នុងការសម្របសម្រួលការដោះលែងពលរដ្ឋរបស់ពួកគេ។ប្រទេសទួរគី បានគាំទ្រប៉ាឡេស្ទីនកាលពីអតីតកាល ខណៈគាំទ្រសសេចក្ដីសម្រេចរដ្ឋពីរ ចំពោះជម្លោះដែលមានរយៈពេលជាច្រើនទសវត្សរ៍មកហើយរវាងប៉ាឡេស្ទីន ជាមួយអ៊ីស្រាអែល ហើយទីក្រុងអង់ការ៉ា ក៏បាននិងកំពុងធ្វើការដើម្បីកែសម្រួលទំនាក់ទំនងដ៏តានតឹងជាយូរមកហើយជាមួយនឹងអ៊ីស្រាអែលផងដែរ។ ដោយខុសពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទួរគីមិនបានចាត់ទុកក្រុមហាម៉ាស ជាក្រុមភេរវករនោះទេ ព្រមទាំងធ្វើជាម្ចាស់ផ្ទះទទួលសមាជិករបស់ក្រុមសកម្មប្រយុទ្ធមួយនេះទៀតផង៕

កិច្ចសន្យាដែលមានតម្លៃ ៩៧,២ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខានៅវេទិកាខ្សែក្រវាត់ និងផ្លូវ ក្នុងប្រទេសចិន

2023/10/19 02:46:03 pm        125
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រាប់សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ (១៨ តុលា) ថា ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចសន្យាអាជីវកម្មមានតម្លៃ ៩៧,២ពាន់លានដុល្លារ ជាមួយបណ្ដាប្រទេសផ្សេងទៀតនៅឯវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ ក្នុងសប្តាហ៍នេះ ជាមួយនឹងសមិទ្ធិផលសរុបចំនួន ៤៥៨ករណី។ លោក វ៉ាង ក៏បាននិយាយផងដែរថា ដំណាក់កាលថ្មីនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នឹងផ្តោតលើការអភិវឌ្ឍន៍បៃតង ក្នុងគោលបំណងធ្វើឱ្យវាមានភាពខុសប្លែកសម្រាប់គម្រោងដ៏ធំនេះ។អ្នកតំណាងមកពីជាង ១៣០ប្រទេស ដែលភាគច្រើនមកពីក្រុមប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូង បានចូលរួមក្នុងវេទិកានេះ រួមទាំងប្រមុខរដ្ឋមួយចំនួនផងដែរ។ មេដឹកនាំដែលលេចធ្លោជាងគេ គឺប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលប្រធានាធិបតីចិន ស៊ី ជីនពីង ហៅលោកថាជា «មិត្តសម្លាញ់» របស់ខ្លួន។ក្នុងពិធីបើកសម្ពោធនាពេលព្រឹក លោក ស៊ី ក៏បានកោតសរសើរចំពោះផែនការដ៏ធំរបស់ខ្លួន គឺគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលបានចាប់ផ្តើមកាលពី ១០ឆ្នាំមុន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញថាមពលសកល ដែលតភ្ជាប់ទ្វីបអាស៊ីជាមួយទ្វីបអាហ្រ្វិក និងទ្វីបអឺរ៉ុប តាមរយៈផ្លូវគោក និងផ្លូវសមុទ្រ ដោយបញ្ជាក់ថា «ប្លង់មេបានប្រែក្លាយទៅជាគម្រោងពិតប្រាកដហើយ»៕

លោក Biden៖ អេហ្ស៊ីបនឹងបើកច្រកឆ្លងកាត់តំបន់ហ្គាហ្សា សម្រាប់រថយន្តដឹកជំនួយរហូតដល់២០គ្រឿង

2023/10/19 02:41:16 pm        170
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានព្រមព្រៀងបើកច្រកឆ្លងកាត់តំបន់ Rafah ចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យមានរថយន្តដឹកជំនួយមនុស្សធម៌ចំនួន២០គ្រឿងដំបូងឆ្លងកាត់។ លោក Biden បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការហៅទូរស័ព្ទទៅកាន់លោក Sisi ពីយន្តហោះ Air Force One ខណៈវិលត្រលប់មកពីដំណើរទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ជាកន្លែងដែលលោក បានបង្ហាញពីសាមគ្គីភាព ជុំវិញការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ថា លោក Sisi បានព្រមព្រៀង អនុញ្ញាតឱ្យរថយន្តដឹកជំនួយរហូតដល់ ២០ គ្រឿងឆ្លងកាត់ ដើម្បីចាប់ផ្តើមបញ្ជូនជំនួយ។ លោក Biden បាននិយាយថា ការដឹកជញ្ជូនទំនងជាមិនទាន់បានឆ្លងកាត់នោះទេរហូតដល់ថ្ងៃសុក្រ ដោយសារផ្លូវឆ្លងកាត់ចាំបាច់ត្រូវជួសជុល។ លោកនិយាយថា ពួកគេជួសជុលផ្លូវ ត្រូវចាក់បំពេញក្លុកដើម្បីឱ្យរថយន្តទាំងនេះឆ្លងកាត់ហើយពួកគេរំពឹងថាវានឹងចំណាយពេលប្រហែល ៨ ម៉ោង។ ប្រធានាធិបតីអាមេរិកបាននិយាយថា រថយន្តដឹកទំនិញចំនួន ២០ គ្រឿងដំបូងនឹងក្លាយជាការសាកល្បងនៃប្រព័ន្ធមួយសម្រាប់បែងចែកជំនួយដោយមិនអនុញ្ញាតឱ្យអង្គការសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សាទទួលបានផលប្រយោជន៍ឡើយ។ លោក Biden បាននិយាយថា ប្រសិនបើ ក្រុមហាម៉ាសរឹបអូស ឬមិនអនុញ្ញាតឱ្យឆ្លងកាត់ ឬគ្រាន់តែរឹបអូសជំនួយ នោះវានឹងចប់ ព្រោះយើងនឹងមិនបញ្ជូនជំនួយមនុស្សធម៌ណាមួយទៅឱ្យក្រុមហាម៉ាស់ឡើយ។ លោកបាននិយាយបន្ថែមថា រថយន្តដឹកទំនិញទាំង ២០ គ្រឿងបានបង្ហាញចំណែកដំបូង ប៉ុន្តែរថយន្ត ១៥០គ្រឿង ឬអ្វីៗផ្សេងទៀត កំពុងរង់ចាំ។

ក្រសួងកសិកម្ម និងអង្គការអន្តរជាតិមួយ សន្យារួមគ្នាអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធិភាព

2023/10/19 12:51:06 pm        242
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ដើម្បីពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធការអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងបណ្តាញសង្គម នៅព្រឹកថ្ងៃទី១៨ តុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងជំនួបការងារនេះ តំណាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ បានលើកឡើងពីសំណើបង្កើនកិច្ចសហប្រតិបត្តិការ និងការសហការគាំទ្រ ក្នុងការចូលរួមអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ លើការងារអភិរក្សនេះ និងអនុញ្ញាតឱ្យអនុវត្តទៅតាមផែនការដែលរៀបចំឡើង ដោយត្រូវជួបពិភាក្សាបន្ថែមជាមួយក្រុមការងារជំនាញដើម្បីធ្វើការរួមគ្នា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកឡើងអំពីគម្រោងអភិរក្សមួយចំនួនដែលបាន​និង​កំពុងដំណើរការ ​ដូចជាការអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង ការអភិរក្សដំរីនៅខេត្តរតនគិរី ​និងការការពារប្រភេទពូជរុក្ខជាតិលម្អកេសរកូលជាដើម។ បើតាមក្រសួងកសិកម្ម ភាគីទាំងពីរ បានលើកឡើងអំពីការពិនិត្យលទ្ធភាពឱ្យមានការ​សិក្សា​បែបវិទ្យាសាស្ត្រ ដើម្បីជំរុញការងារអភិរក្សនេះ ​ឱ្យកាន់តែរឹងមាំ ​និងមានប្រសិទ្ធភាពខ្ពស់៕

ឯកឧត្តម ស៊ី ជីនពីង ឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេធធិបតី ក្នុងឱកាសចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវ»

2023/10/19 12:44:40 pm        165
ភ្នំពេញ៖ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាប្រជាមានិតចិន បានឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក។ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាប្រជាមានិតចិន បានឯកភាពបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ អំឡុងចូលរួមក្នុង «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ស៊ី ជីនពីង បានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតី ក៏បានសម្តែងនូវការពេញចិត្តចំពោះការប្រាស្រ័យទាក់ទងជា​ញឹកញាប់​រវាង​ថ្នាក់​ដឹកនាំនៃប្រទេសទាំងពីរ ដែលជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពល្អជិតស្និទ្ធរវាងចិន-កម្ពុជា ហើយប្រទេសចិនក៏នៅតែប្រកាន់ជំហរបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ​អាណត្តិទី៧ ។ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង សាជាថ្មីម្តងទៀត បន្ទាប់ពីជំនួបកាលពីខែកញ្ញា កន្លងទៅ ព្រមទាំងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ជូនចំពោះឯកឧត្តមប្រធានាធិបតី ផងដែរ ។ ជាមួយគ្នានេះ សម្តេចធិបតី បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំធ្វើជាម្ចាស់ផ្ទះនៃ “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” ស្របពេលនៃខួបគម្រប់ ១០ ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩ ព្រមជាមួយនឹងការអរគុណចំពោះការយកចិត្តទុកដាក់​ទទួលស្វាគមន៍​ព្រះរាជវត្តមាន​របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងពិធីបើកនៃព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ នៅក្នុងទីក្រុង Hangzhou ។ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេស តាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត “ច្រករបៀងមច្ឆា និងអង្ករ” និង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ។ មួយវិញទៀត ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីទិសដៅនៃការបន្តពង្រឹងមិត្តភាពដែកថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍, ថាមពល, ពាណិជ្ជកម្ម, វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕

រដ្ឋមន្ត្រីមហាផ្ទៃប្ដេជ្ញាធ្វើឲ្យបទល្មើសគ្រឿងញៀនថយចុះយ៉ាងហោច ២០ទៅ៣០% ក្នុងអាណត្តិទី៧

2023/10/19 12:39:47 pm        175
កណ្ដាល៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាខិតខំធ្វើឲ្យបទល្មើសគ្រឿងញៀនមានការថយចុះ យ៉ាងហោចណាស់ប្រមាណ ២០ ទៅ៣០ភាគរយ នៅក្នុងអាណត្តិទី៧នេះ ។ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស និងគោរមងារសន្តិបណ្ឌិត នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដល់ឥស្សរជនឥស្សរជនជ័យលាភីចំនួន៤រូប នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិ មានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជា មានទណ្ឌិតប្រមាណជាង ៤ម៉ឺននាក់ ភាគច្រើនជាអ្នកទោស ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនច្រើនជាងគេ ខណៈពន្ធនាគារកម្ពុជាអាចផ្ទុកចំណុះត្រឹមជាង ៣ម៉ឺននាក់ប៉ុណ្ណោះ ។ឯកឧត្តម បានបន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀន គឺជាបញ្ហាមួយដែលត្រឹមតែកងកម្លាំងសមត្ថកិច្ចមួយ មិនអាចធ្វើបាននោះទេ គឺត្រូវតែមានការចូលរួម ពីគ្រប់ភាគីទាំងអស់ ជាពិសេសឪពុកម្ដាយតែម្ដង ដែលជាភ្នែកច្រមុះរបស់កងកម្លាំង និងជំរុញដល់អភិបាលរាជធានីខេត្ត ខិតខំសហការក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ ។ឯកឧត្តម ស សុខា បានបន្ថែមថា នៅមានបញ្ហាមួយចំនួនទៀត ដែលត្រូវដោះស្រាយ និងចាត់វិធានការ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលជាមធ្យមមានមនុស្សស្លាប់លើសពី ៤នាក់ និងរបួសប្រមាណ៧នាក់ ក្នុងមួយថ្ងៃៗ ហើយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ក៏ត្រូវទប់ស្កាត់ និងបង្រ្កាបផងដែរ នូវបញ្ហាក្មេងទំនើង ដែលកំពុងមានការកើនឡើង បង្កឲ្យមានភាពភ័យខ្លាចដល់ពលរដ្ឋដទៃ ។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ ​និងមន្ត្រីទាំងអស់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង​យកចិត្តទុកដាក់បំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន​ ក្នុងឆន្ទៈមោះមុត ​ដើម្បីអភិវឌ្ឍន៍​បណ្ឌិត្យសភាលើគ្រប់ផ្នែក ​និងផលិតចេញនូវធនធានមនុស្ស ប្រកបដោយ​សមត្ថភាព​វិជ្ជាជីវៈពិតប្រាកដ សម្រាប់ជាឧត្ដមប្រយោជន៍សង្គមជាតិ ។ឯកឧត្តម គូសបញ្ជាក់ថា ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ​បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការ​លើកទឹកចិត្តថ្នាក់ដឹកនាំរបស់ក្រសួង ​តាមរយៈរូបភាពផ្សេងៗ ហើយពេលនេះក្រសួង​បានផ្ដល់​ការលើកទឹកចិត្តតាមរូបភាពថ្មីមួយទៀត​ គឺការសម្រេចផ្ដល់សញ្ញាបត្រ បណ្ឌិតកិត្តិយស និងការផ្ដល់គោរមងារសន្តិបណ្ឌិត​ ដល់ឥស្សរជន ​និងថ្នាក់ដឹកនាំចំនួន ៤រូប មានឯកឧត្តម ឡូយ សុផាត ឯកឧត្តម យូ ស៊ុនឡុង ឯកឧត្តនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ឯកឧត្តនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ។នាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ​ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បាន​រាយការណ៍ជូនអង្គពិធី អំពីដំណើរពិនិត្យ​ និងវាយតម្លៃក្នុងការជ្រើសរើសបេក្ខជនជ័យលាភី សញ្ញាបត្រ ​បណ្ឌិតកិត្តិយស ដោយផ្អែកលើលក្ខណវិនិច្ឆ័យចំនួន៩ ​ប្រកបដោយតម្លាភាព និង​សុក្រឹតភាព ព្រមទាំងលើកឡើងអំពី គុណកថារបស់ឥស្សជនជ័យលាភីទាំង ៤រូប ដែលបង្ហាញ​អំពីគុណវុឌ្ឍិ សា្នដៃ បទពិសោធន៍​ ការចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ និង​សមត្ថភាព​ដឹកនាំ​បញ្ជាក្នុងវិស័យសន្តិសុខ ​អស់រយៈកាលជាង៤០ឆ្នាំ ​ដើម្បីបម្រើជាតិ ​និងប្រជាពលរដ្ឋ ៕ អត្ថបទ បាន សុខរិទ្ធិ

រដ្ឋាភិបាលអាល្លឺម៉ង់ ចាប់ផ្តើមជំរុញឲ្យទទួលជនភៀសខ្លួនអ៊ុយក្រែន និងជនភៀសខ្លួនផ្សេងទៀត ចូលធ្វើការ

2023/10/19 12:27:35 pm        101
រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃពុធ បានប្រកាសពីការជំរុញឲ្យទទួលបានជនភៀសខ្លួនអ៊ុយក្រែន និងជនភៀសខ្លួនផ្សេងទៀតឲ្យចូលធ្វើការ នាពេលឥឡូវនេះ ដែលមនុស្សជាច្រើនមានចំណេះដឹងអាចប្រើប្រាស់ភាសាអាល្លឺម៉ង់បាន។រដ្ឋាភិបាល កំពុងព្យាយាមដោះស្រាយទាំងកង្វះកម្លាំងពលកម្មដែលមានជំនាញ និងកង្វល់អំពីកម្រិតខ្ពស់នៃការធ្វើអន្តោប្រវេសន៍។ ប្រទេសអាល្លឺម៉ង់ បានទទួលយកជនជាតិអ៊ុយក្រែនជាង មួយលាននាក់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី កាលពីឆ្នាំមុន ហើយក៏កំពុងឃើញជនភៀសខ្លួន និងជនអន្តោប្រវេសន៍ជាច្រើនមកពីកន្លែងផ្សេងទៀត។មិនដូចអ្នកផ្សេងទៀត ដែលមកដល់ទេ ជនជាតិអ៊ុយក្រែនភ្លាមៗទទួលបានឋានៈស្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសចំនួន ២៦ផ្សេងទៀតនៃសហភាពអឺរ៉ុប។ រដ្ឋមន្ត្រីក្រសួងការងារ លោក Hubertus Heil បាននិយាយថា ប្រជាជនអ៊ុយក្រែន ១៣២.០០០ នាក់ មានការងារធ្វើរួចហើយ។លោកបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៊ែរឡាំងថា «នេះគឺជាជោគជ័យមួយ ប៉ុន្តែវានៅមិនទាន់បានគ្រប់គ្រាន់នោះទេ»។ «ពេលនេះ ឈានចូលដំណាក់កាលថ្មីមួយ»។

ប្រមុខការបរទេសរុស្ស៊ីអរគុណលោក Kim Jong Un ចំពោះការគាំទ្រសង្រ្គាមអ៊ុយក្រែន អំឡុងទស្សនកិច្ចទៅកូរ៉េខាងជើង

2023/10/19 12:24:27 pm        93
ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ប្រមុខការទូតរុស្ស៊ី លោកហ្សឺ ហ្គេឡារូហ្វ(Sergei Lavrov) បានថ្លែងអំណរគុណដល់កូរ៉េខាងជើង សម្រាប់ការគាំទ្រសង្រ្គាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន និងបានសន្យាគាំទ្រពេញលេញ និងសាមគ្គីភាព របស់ទីក្រុងមូស្គូ សម្រាប់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ។លោក Lavrov បានទៅដល់ទីក្រុងព្យុងយ៉ា កាលពីថ្ងៃពុធសម្រាប់ជំនួប ដែលត្រូវគេមើលឃើញជាការបង្កើតវាទិកាសម្រាប់ដំណើរទស្សនកិច្ចដោយប្រធានាធិបតីលោក Vladimir Putin ដែលបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសឯកាកូរ៉េខាងជើង ។ ថ្លែងនៅឯពិធីទទួលស្វាគមន៍ដោយកូរ៉េខាងជើងកាលពីថ្ងៃពុធ លោក Lavrov បាននិយាយថា ទីក្រុងមូស្គូ អរគុណយ៉ាងខ្លាំងចំពោះការគាំទ្រដ៏ស្មោះត្រង់ និងឥតងាករេ របស់ទីក្រុងព្យុងយ៉ាង សម្រាប់ប្រទេសរុស្ស៊ី ក្នុងសង្រ្គាម ដែលខ្លួនហៅថាជាប្រតិសបត្តិការសឹកពិសេស។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង និយាយថា ដំណើរទស្សនកិច្ចរបស់លោក Lavrov នឹងក្លាយជាឱកាសដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងឲ្យកាន់តែប្រសើរថែមទៀតរវាងប្រទេសទាំង២ ។ ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក Lavrov បានកើតឡើង រយៈពេលមួយខែ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក Kim បានបំពេញទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសរុស្ស៊ី អំឡុងពេលដែលលោកបានអញ្ជើញលោក Putin ទៅកាន់ទីក្រុងព្យុងយ៉ាង និងពិភាក្សាពីកិច្ចសហប្រតិបត្តិការយោធា៕

អាមេរិក និងហ្វីលីពីន បានបិទបញ្ចប់សមយុទ្ធកងទ័ពជើងទឹក ខណៈមានការប៉ះទង្គិចគ្នាក្នុងសមុទ្រចិនខាងត្បូង

2023/10/19 12:20:35 pm        116
សហរដ្ឋអាមេរិក និងហ្វីលីពីន បានបិទបញ្ចប់សមយុទ្ធយោធាជើងទឹករួមគ្នានៅជិតប្រទេសតំបន់អាស៊ីមួយនេះ ដែលផ្តោតលើការបំពេញបន្ថែមនៅសមុទ្រ សង្គ្រាមកងទ័ពជើងទឹក និងជំនួយមនុស្ស និងការឆ្លើយតបគ្រោះមហន្តរាយ។សមយុទ្ធនេះបានធ្វើឡើងស្របពេលមានភាពតានតឹងកំពុងបន្តនៅសមុទ្រចិនខាងត្បូង ជាមួយនឹងប្រតិបត្តិការផ្គត់ផ្គង់ឡើងវិញ បានធ្វើឱ្យមានជម្លោះការទូតរវាងហ្វីលីពីន និងចិន។ ចាប់ផ្តើមកាលពីឆ្នាំ ២០១៧ សាម៉ា សាម៉ា (Sama Sama) គឺជាព្រឹត្តិការណ៍ហ្វឹកហ្វឺនដែនសមុទ្រប្រចាំឆ្នាំរវាងហ្វីលីពីន និងសហរដ្ឋអាមេរិក ដែលរួមបញ្ចូលទាំងសមយុទ្ធសន្តិសុខពុំមែនជាប្រពៃណី។ កាលពីឆ្នាំ ២០១៦ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទែរតេ (Rodrigo Duterte) បានលុបចោលសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក រួមទាំងកិច្ចខិតខំប្រឹងប្រែងស្តីពីកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺន និង សមយុទ្ធចុះចតទាំងក្នុងទឹក និងលើគោក ហ្វីលបិក(PHILBEX) ។ប៉ុន្តែលោកប្រធានាធិបតីបច្ចុប្បន្ន ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានអនុវត្តកិច្ចខិតខំប្រឹងប្រែងសមយុទ្ធរួមគ្នាឡើងវិញ។ កងកម្លាំងស្វ័យការពារជប៉ុនបានចូលរួមសមយុទ្ធនេះកាលពីឆ្នាំ ២០១៩ ហើយកងនាវាចរអូស្ត្រាលីបានចូលរួមកាលពីឆ្នាំ២០២២។ សមយុទ្ធចុងក្រោយបំផុត សាម៉ា សាម៉ា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២ខែតុលា ក៏មាន មានការចូលរួមពីប្រទេសកាណាដា ចក្រភពអង់គ្លេស និងបារាំង ផងដែរ។កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ហ្វីលីពីន កាណាដា និងជប៉ុន បានចូលរួមក្នុងសមយុទ្ធលើតំបន់ឆ្នេរ និងការធ្វើសមយុទ្ធនៅក្នុងសមុទ្រ ស្របពេលដែលកងនាវាចរបារាំង និងអូស្ត្រាលីបានចូលរួមក្នុងការផ្លាស់ប្តូរស្ថានការណ៍ ហើយកងទ័ពជើងទឹកនូវែលសេឡង់ និងឥណ្ឌូនេស៊ី បានចូលរួមជាប្រទេសសង្កេតការណ៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM