ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រីអង់គ្លេស នឹងជួបនាយករដ្ឋមន្ត្រី និងប្រធានាធិបតីអ៊ីស្រាអែល ក្នុងដំណើរទស្សនកិច្ចទៅអ៊ីស្រាអែល

2023/10/19 12:15:14 pm        111
ការរិយាល័យរបស់លោក បាននិយាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នឹងទៅដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលានេះ និងជួបជាមួយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu និងប្រធានាធិបតីលោក Isaac Herzog មុនពេលធ្វើដំណើរទៅកាន់រដ្ឋធានីផ្សេងទៀត។ លោក Sunak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មុនដំណើរទស្សនកិច្ចរបស់លោកថា រាល់អ្នកស្លាប់ជាជនស៊ីវិល គឺជាសោកនាដកម្ម ហើយការបាត់ជីវិតមនុស្សយ៉ាងច្រើននេះ បណ្តាលមកពីសកម្មភាពភេរវកម្មដ៏រន្ធត់របស់ក្រុមហាម៉ាស់។ លោកនិយាយថា ការបំផ្ទុះដ៏ឃោឃៅ នៅមន្ទីរពេទ្យតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារដែលបានបណ្តាលឲ្យពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់ស្លាប់នឹងជាចំណុចបំបែកមួយសម្រាប់មេដឹកនាំនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក ដែលត្រូវរួមគ្នាដើម្បីបញ្ចៀសការីកធំជម្លោះដ៏គ្រោះថ្នាក់បន្ថែមទៀត ដោយលោកបានសន្យាថាចក្រភពអង់គ្លេសនឹងឈានមុខចំពោះកិច្ចប្រឹងប្រែងនេះ។លោក Sunak នឹងជំរុញការបើកផ្លូវដើម្បីអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ឲ្យបានកាន់តែឆាប់ និងផ្តល់លទ្ធភាពដល់ប្រជាជនអង់គ្លេសដែលជាប់គាំងនៅក្នុងតំបន់ហ្គាហ្សាឲ្យចាកចេញ។ អ្នកនាំពាក្យលោកSunak បាននិយាយកាលពីព្រឹកថ្ងៃពុធថា យ៉ាងហោចណាស់មានពលរដ្ឋអង់គ្លេស៧នាក់ បានស្លាប់ និងយ៉ាងហោចណាស់៩នាក់ កំពុងបាត់ខ្លួន ចាប់តាំងពីការវាយប្រហារមកលើប្រទេសអ៊ីស្រាអែល។ ការិយាល័យនាយករដ្ឋមន្ត្រីនិយាយថា រួមដំណើរជាមួយលោក Sunak រដ្ឋមន្ត្រីការបរទេសអង់គ្លេស James Cleverly ដែលបានធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលកាលពីសប្តាហ៍មុន នឹងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ទួរគី កាតានៅក្នុងរយៈពេល៣សប្តាហ៍ខាងមុខ ដើម្បីពិភាក្សាពីជម្លោះនេះ និងស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី។

យោធាកូរ៉េខាងត្បូង ជប៉ុន និងអាមេរិក គ្រោងធ្វើសមយុទ្ធដែនអាកាសរួមគ្នាលើកដំបូង

2023/10/19 12:04:29 pm        97
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយកាលពីថ្ងៃពុធ (១៨ តុលា) ថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន គ្រោងនឹងធ្វើសមយុទ្ធដែនអាកាសរួមគ្នា នៅជិតឧបទ្វីបកូរ៉េ ដោយនេះជាលើកទីមួយហើយដែលប្រទេសទាំងបី ធ្វើសមយុទ្ធបែបនេះ។សារព័ត៌មាន ដុងអា អ៊ីលបូ (Dong-a Ilbo) របស់កូរ៉េខាងត្បូង បានរាយការណ៍ដោយសំអាងដល់ប្រភពរដ្ឋាភិបាលមួយថា ប្រទេសទាំងបីនេះ ទំនងជាធ្វើសមយុទ្ធនៅថ្ងៃអាទិត្យខាងមុខនេះ ហើយកំពុងសម្របសម្រួលទីតាំង។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) ក៏បាននិយាយផងដែរថា សមយុទ្ធនេះទំនងជានឹងធ្វើឡើងនៅថ្ងៃអាទិត្យ ហើយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់សហរដ្ឋអាមេរិក ក៏ដូចជាយន្តហោះចម្បាំងនៃប្រទេសទាំងបីផងដែរ។មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានបដិសេធមិនបញ្ជាក់ ឬធ្វើការអត្ថាធិប្បាយលើព័ត៌មានលម្អិតនៃសមយុទ្ធដែនអាកាសនេះនោះទេ ប៉ុន្តែមន្ត្រីរូបនោះបាននិយាយថា ប្រទេសទាំងបីកំពុង «ពង្រីក» សមយុទ្ធយោធារួមគ្នា ៣ភាគី ដោយផ្អែកលើកិច្ចព្រមព្រៀងមួយ ដែលបានធ្វើឡើងដោយមេដឹកនាំរបស់ពួកគេ នៅក្នុងខែសីហា នៅឯកិច្ចប្រជុំកំពូលមួយ នៅឯវិមានសម្រាកលំហែប្រធានាធិបតីអាមេរិក Camp David ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។សមយុទ្ធដែលត្រូវបានរាយការណ៍នោះ នឹងជាសមយុទ្ធចុងក្រោយបង្អស់នៅក្នុងសកម្មភាពជាបន្តបន្ទាប់ដោយប្រទេសទាំងបី ក្នុងការពង្រឹងទំនាក់ទំនង នៅពេលមានភាពតានតឹងកើនឡើងជាមួយកូរ៉េខាងជើង ព្រមទាំងកំណើនឥទ្ធិពលរបស់ចិននៅក្នុងតំបន់ផងដែរ៕

អ្នកវិភាគ៖ ការបង្ហាញសាមគ្គីភាពជាមួយអ៊ីស្រាអែលរបស់លោក បៃដិន បង្កហានិភ័យចំពោះទំនាក់ទំនងអាមេរិក-អារ៉ាប់

2023/10/19 12:01:16 pm        93
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ (១៨ តុលា) ដើម្បីពង្រឹងប្រឆាំងរបស់ខ្លួនលើក្រុមហាម៉ាស ប៉ុន្តែការបង្ហាញនៃសាមគ្គីភាពជាមួយទីក្រុង Tel Aviv នេះ ធ្វើឱ្យមានហានិភ័យនៃការធ្លាក់ចុះក្នុងទំនាក់ទំនងអាមេរិក-អារ៉ាប់ ប្រសិនបើចំនួនជនរងគ្រោះប៉ាឡេស្ទីន នៅតែបន្តកើនឡើង នេះបើយោងតាមក្រុមអ្នកវិភាគ។ដំណើរទស្សនកិច្ចរយៈពេលប្រាំបីម៉ោង របស់លោក បៃដិន បានធ្វើឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីការទម្លាក់គ្រាប់បែកក្នុងមន្ទីរពេទ្យនៅទីក្រុងហ្កាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់។ អាមេរិក បានគាំទ្រសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល ដែលនិយាយថា ការបាញ់រ៉ុក្កែតបរាជ័យពីក្រុមអ៊ីស្លាមជីហាត ដែលជាគូប្រជែងរបស់ក្រុមហាម៉ាស បានបង្កឲ្យមានសោកនាដកម្មមួយនេះ ប៉ុន្តែក្រុមឧទ្ទាមនោះបានបដិសេធទំនួលខុសត្រូវលើការវាយប្រហារនោះ។បន្ទាប់ពីចាកចេញពីទីក្រុង Tel Aviv លោក បៃដិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានធ្វើការជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi ដើម្បីបើកច្រកព្រំដែន រ៉ាហ្វាហ្វ សម្រាប់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា។ បេសកកម្មការទូតក្នុងការធ្វើប្រក្រតីភាពសម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ត្រូវបានផ្អាក ខណៈលោក បៃដិន ព្យាយាមការពារវិបត្តិមិនឱ្យរាលដាលចូលមជ្ឈិមបូព៌ា និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយអ៊ីរ៉ង់។សេតវិមានបាននិយាយថា លោក បៃដិន នឹងផ្តល់សុន្ទរកថានៅសេតវិមាន នៅថ្ងៃព្រហស្បតិ៍ (១៩ តុលា) នេះ ដើម្បី «ពិភាក្សាអំពីការឆ្លើយតបរបស់អាមេរិក ចំពោះការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល ព្រមទាំងសង្រ្គាមដ៏ឃោរឃៅដែលកំពុងបន្តរបស់រុស្ស៊ីប្រឆាំង នឹងអ៊ុយក្រែន» ផងដែរ៕

ការរឹតបន្តឹងរបស់អង្គការសហប្រជាជាតិ លើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ត្រូវបញ្ចប់ ខណៈអាមេរិកដាក់ទណ្ឌកម្មថ្មីបន្តទៀត

2023/10/19 11:57:43 am        161
អ៊ីរ៉ង់បានអះអាងកាលពីថ្ងៃពុធ (១៨ តុលា) អំពីការបញ្ចប់ «ដោយគ្មានលក្ខខណ្ឌ» នៃការរឹតបន្តឹងដែលបានដាក់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើសកម្មភាពទាក់ទងនឹងមីស៊ីលរបស់ខ្លួន ខណៈសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មី នៅថ្ងៃដដែលនោះលើកម្មវិធីមីស៊ីល និងយានដ្រូនរបស់ទីក្រុងតេអេរ៉ង់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា «ថ្ងៃនេះជាផ្នែកចុងក្រោយនៃការរឹតបន្តឹងប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការបង្កកទ្រព្យសម្បត្តិ និងការរឹតបន្តឹងហិរញ្ញវត្ថុ ដែលបានដាក់អស់រយៈពេលជាច្រើនឆ្នាំដោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC»។សេចក្តីថ្លែងការណ៍នោះបានព្រមានថា ឥឡូវនេះ សកម្មភាពណាមួយដែលមានបំណងដាក់ទណ្ឌកម្ម ឬការរឹតត្បិតលើអន្តរកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់អ៊ីរ៉ង់ គឺផ្ទុយនឹងការបញ្ចប់ការរឹតបន្តឹង ក្រោមសេចក្ដីសម្រេចឥឡូវនេះក្រុមប្រឹក្សាសន្តិសុខ UNSC លេខ២២៣១ ដោយសង្កត់ធ្ងន់លើសិទ្ធិរបស់អ៊ីរ៉ង់ ក្នុងការអនុវត្តវិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃដដែលនោះ សហរដ្ឋអាមេរិកបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីបញ្ជាក់ថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ នឹងនៅតែត្រូវបានដាក់ទណ្ឌកម្ម បើទោះបីជាការរឹតបន្តឹងរបស់ក្រុមប្រឹក្សាសន្តិសុខ UNSC ផុតកំណត់ក៏ដោយ។ ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ បានប្រកាសដាក់ទណ្ឌកម្មថ្មីលើក្រុមមនុស្ស និងក្រុមហ៊ុននានា ជុំវិញការចោទប្រកាន់ថា មានទំនាក់ទំនងទៅនឹងកម្មវិធីមីស៊ីលបាលិស្ទិក ព្រមទាំងយានដ្រូនរបស់អ៊ីរ៉ង់ផងដែរ៕

កូរ៉េខាងត្បូង រៀបចំពិព័រណ៍សព្វាវុធ ស្របពេលមានសង្គ្រាមនៅអឺរ៉ុប និងមជ្ឈិមបូព៌ា

2023/10/19 11:52:59 am        108
កូរ៉េខាងត្បូង បានចាប់ផ្ដើមការតាំងពិព័រណ៍លំហអាកាស និងការពារជាតិអន្តរជាតិ រយៈពេលមួយសប្តាហ៍ នៅឯអាកាសយានដ្ឋានយោធាក្បែរទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ (១៧ តុលា) ក្នុងគោលបំណងប្រើប្រាស់ការប្រមូលផ្តុំរយៈពេលពីរឆ្នាំម្ដងនេះ ជាឳកាសដើម្បីបង្កើនការនាំចេញយន្តហោះចម្បាំង គ្រាប់រ៉ុក្កែត យានដ្រូន និងអាវុធផ្សេងៗទៀតរបស់ខ្លួន។ព្រឹត្តិការណ៍ឆ្នាំនេះ ដែលប្រមូលផ្តុំក្រុមហ៊ុនចំនួន ៥៥០ស្ថានប័ន មកពី ៣៤ប្រទេស និងគណៈប្រតិភូរដ្ឋាភិបាល មកពី ៥៧ប្រទេស ត្រូវបានប្រារព្ធឡើង ខណៈភាពតានតឹងជាសកលកំពុងកើនឡើង ដោយសារតែជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានកើតឡើងបន្ថែមទៀតពីលើការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារួចទៅហើយរវាងរុស្ស៊ី និងអ៊ុយក្រែន រួមទាំងភាពតានតឹងដែលអូសបន្លាយយ៉ាងយូរនៅអាស៊ីបូព៌ាជុំវិញឧបទ្វីបកូរ៉េ និងកោះតៃវ៉ាន់ផងដែរ។កូរ៉េខាងត្បូង ដែលប្រឈមមុខនឹងការគំរាមកំហែង និងការបង្កហេតុពីប្រទេសកូរ៉េខាងជើង អស់រយៈពេលជាច្រើនឆ្នាំ បានអភិវឌ្ឍឧស្សាហកម្មអាវុធលំដាប់ពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនេះបានលេចចេញជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ ដោយបានលក់សព្វាវុធជាច្រើនទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប មជ្ឈិមបូព៌ា អាស៊ីអាគ្នេយ៍ និងអូស្ត្រាលី។កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ខ្លួន គឺសហរដ្ឋអាមេរិក ក៏បានប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេ សម្រាប់ការបង្កហេតុដែលអាចកើតមានពីកូរ៉េខាងជើងផងដែរ៕

សភាអាមេរិកបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មី ជាលើកទីពីរ ស្របពេលមានការបែកបាក់ក្នុងបក្សសាធារណរដ្ឋ

2023/10/19 11:50:03 am        82
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (១៨ តុលា) បានបរាជ័យក្នុងការជ្រើសរើសប្រធានថ្មី នៅក្នុងការបោះឆ្នោតជុំទីពីរ ខណៈសមាជិកសភាស្តាំនិយម លោក ជីម ជោឌែន (Jim Jordan) ដែលជាប្រធានគណៈកម្មាការតុលាការរបស់សភា បានបាត់បង់សម្លេងគាំទ្រកាន់តែច្រើនពីគណបក្សរបស់ខ្លួន បើធៀបនឹងការបោះឆ្នោតជុំទីមួយ ស្របពេលការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកគណបក្សសាធារណរដ្ឋ នៅតែបន្ត។លោក ជោឌែន បានឈ្នះការគាំទ្រចំនួន ១៩៩សម្លេង ក្នុងចំណោមសមាជិកសភាសាធារណរដ្ឋ ចំនួន ២២១រូប ដោយបាត់បង់ការគាំទ្រចំនួន ២២សម្លេង ពីគណបក្សសាធារណរដ្ឋនៅក្នុងការជ្រើសរើសប្រធានសភាថ្មីជុំទី២ នៃការបោះឆ្នោតសភាពេញអង្គ ខណៈមេដឹកនាំជនជាតិភាគតិចរបស់សភា លោក ហាឃីម ជែហ្វហ្វ្រី (Hakeem Jeffries) ដែលជាបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ បានទទួលសម្លេងឆ្នោតទាំងអស់ដែលមាន ២១២សម្លេង ពីគណបក្សរបស់លោក។ ទាំងលោក ជោឌែន និងលោក ជែហ្វហ្វ្រី មិនបានទទួលកាគាំទ្រពេញលេញសម្រាប់សម្លេងឆ្នោតភាគច្រើនចំនួន ២១៧សម្លេង ដែលត្រូវការដើម្បីក្លាយជាប្រធានសភាបន្ទាប់នោះទេ។សភាអាមេរិក មិនអាចឆ្ពោះទៅមុខលើដំណើរការនីតិប្បញ្ញត្តិរបស់ខ្លួនបានទេ រហូតទាល់តែប្រធានសភាថ្មីត្រូវបានជ្រើសរើស ហើយសមាជិកសភាត្រូវអនុម័តច្បាប់ចំណាយ មុនពេលថវិការបស់រដ្ឋាភិបាល អស់នៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ។ សភាអាមេរិក ក៏ស្ថិតក្រោមសម្ពាធក្នុងការចាត់វិធានការដោះស្រាយ ស្របពេលជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល កាន់តែខ្លាំងឡើងផងដែរ៕

លោកអេរដូហ្គែន៖ ក្រុមប្រឹក្សាសន្តិសុខUN មិនបានបំពេញការទទួលខុសត្រូវ នៅក្នុងតំបន់ហ្គាហ្សា

2023/10/19 11:46:45 am        81
ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន ( Tayyip Erdogan) កាលពីថ្ងៃពុធ បានរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមិនអាចអនុម័តសេចក្តីសម្រេចសម្រាប់ការផ្អាកប្រយុទ្ធដើម្បីបុព្វហេតុមនុស្សធម៌ នៅក្នុងជម្លោះរវាងកងកម្លាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីអនុញ្ញាតឲ្យជំនួយទៅដល់ជនស៊ីវិល នៅតំបន់ហ្គាហ្សា។លោក អេរដូហ្គែន បានរិះគន់រចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាយូរមកហើយ ដោយនិយាយថា សមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សានេះ ដែលរួមមានសហរដ្ឋអាមេរិក ដែលបានបោះឆ្នោតវ៉េតូលើសេចក្តីសម្រេចកាលពីថ្ងៃពុធ គឺមិនឆ្លុះបញ្ចាំងពីសហគមន៍អន្តរជាតិ និងមិនអាចធ្វើការសម្រេចចិត្តបានឆាប់រហ័ស។នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកអេរដូហ្គែន បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ទួរគី ដើម្បីបង្កើតភាពស្ងប់ស្ងាត់នៅក្នុងតំបន់ ត្រូវបានរារាំងដោយ «ការដាក់ទណ្ឌកម្មរួម» របស់ ប៉ាឡេស្ទីន តាមរយៈការវាយប្រហារតាមអាកាស និងការដាក់ពង្រាយនាវាផ្ទុកយន្តហោះអាមេរិក ទៅកាន់តំបន់នេះ។លោកអេរហ្គែន បានបន្ថែមទៀតថា៖«ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលកាន់តែគ្មានប្រសិទ្ធភាពនោះ ជាថ្មីម្តងទៀត មិនបានបំពេញការទទួលខុសត្រូវរបស់ខ្លួនឡើយ»។

ប្រធានរដ្ឋឡាវគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី លើកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម

2023/10/19 11:30:09 am        188
ភ្នំពេញ៖ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គាំទ្រនូវគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាលើគំនិត​ផ្តួចផ្តើម​ពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវកិច្ច​សហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” និងការភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ។ការប្រកាគាំទ្ររបស់ប្រធានរដ្ឋឡាវបែបនេះ ធ្វើឡើងក្នុងឱកាសជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ថងលុន ស៊ីសុលីត បានបង្ហាញនូវក្តីរីករាយចំពោះជំនួបជាមួយ សម្តេចធិបតី នៅរដ្ឋធានីប៉េកាំង នាឱកាសនេះ និងសម្តែងការអបអរសាទរជូន សម្តេចធិបតី ចំពោះការ​ចូលកាន់មុខតំណែងជា ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការ​ជឿជាក់ថា ក្រោមការដឹកនាំរបស់​ សម្តេចធិបតី ទំនាក់ទំនងរវាងកម្ពុជា-ឡាវ នឹងកាន់តែរីកចម្រើនទៅមុខ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋឡាវ ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ ថ្វាយព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានសម្តែងនូវការអបអរសាទរផងដែរ ចំពោះជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងឆ្នាំ២០២២ ក៏ដូចជាព្រឹត្តិការណ៍ប្រកួតកីទ្បា​អាស៊ីអាគ្នេយ៍​លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ នៅក្នុងឆ្នាំ២០២៣ ។ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះឱកាសនៃជំនួបនេះ និងបានវាយ​តម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក។ ចំពោះទិសដៅទៅមុខ ​សម្តេចធិបតី បានគាំទ្រការបន្តអនុវត្ត “លំហាត់រួមត្រីភាគី ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ ​កម្ពុជា-ឡាវ-វៀតណាម ដូចដែលមាន​ការរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។ ជាចុងក្រោយ ឯកឧត្តមប្រធានរដ្ឋឡាវ បានអញ្ជើញ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសឡាវ ​ហើយ ​សម្តេចធិបតី បានទទួល​យកការអញ្ជើញនេះប្រកបដោយក្តីសោមន្សរីករាយ ដោយនឹងកំណត់យក​កាលបរិច្ឆេទ​សមស្របណាមួយ​ នាពេលខាងមុខ៕

សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង

2023/10/19 11:23:38 am        119
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឱកាសចូលរួម វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ តុលា ២០២៣។សូមជម្រាបថា ការអញ្ជើញចូលរួមរបស់ សម្ដេចធិបតី ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣នេះ បានបញ្ជាក់ជាថ្មីនូវ ការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា​ ក្នុងការសហការយ៉ាង​ជិតស្និទ្ធ​ជាមួយមិត្តចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ ​និងផ្លូវប្រកបដោយគុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងអន្តរជាតិ៕

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដឹកនាំសមាជិកបក្សបរិច្ចាគឈាម​ឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

2023/10/19 11:18:58 am        668
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីដឹកនាំសមាជិក-សមាជិកាគណបក្សធ្វើពិធី​ស្មិងស្មាធិ៍ និង​គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ក៏បានណែនាំឲ្យសមាជិកបរិច្ចាគឈាមផងដែរ ដើម្បីឧទ្ទិស និងថ្វាយព្រះរាជកុសលផលបុណ្យដល់ព្រះវិញ្ញាណក្ខន្ធព្រះអង្គ។ពិធីបរិច្ចាគឈាមនេះ គឺបានធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅ ផ្លូវ សម្តេចប៉ាន់ ដោយមានមន្រ្តីជាន់ខ្ពស់ និងសមាជិក-សមាជិកាគណបក្សជាច្រើននាក់ចូលរួម។លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ​បានលើកឡើងថា ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ​បានណែនាំឲ្យសមាជិក-សមាជិកា ស្ម័គ្រចិត្ត​បរិច្ចាគឈាម​ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនេះ គឺដើម្បីចូលរួមសកម្មភាពមនុស្សធម៌ផង និងដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយ អតីតព្រះមហាវីរក្សត្រ​ព្រះបរមរតនកោដ្ឋផង។លោកបន្តថា ការបរិច្ចាគឈាមគឺជាអំពើមនុស្សធម៌មួយ ដែលមនុស្សគ្រប់រូបអាចធ្វើបាន និងមាន​តម្លៃ​​ធំធេងណាស់ ​ក្នុងការជួយដល់អាយុជីវិតមនុស្ស ដែលស្ថិតនៅក្នុងដំណាក់កាល​គ្រោះថ្នាក់។លោក ញឿន រ៉ាដែន បានលើកឡើងទៀតថា ក្រៅពីជួយដល់សុខភាពរបស់យើងទាំងអស់​គ្នាការបរិច្ចាគឈាមក៏នឹងធ្វើឱ្យយើងមានមោទនភាព ដែលយើងបានរួមចំណែកជាមួយ​ការងារ​សង្គមជាតិ ក្នុងសកម្មភាពមនុស្សធម៌ ប្រកបដោយសុឆន្ទៈ នៃការជួយសង្គ្រោះជីវិតអ្នកជំងឺផងដែរ។តាមរយៈអ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសមាជិក សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់ ប្រសិន​បើមាន សុខភាពល្អប្រសើរ ហើយអាចបរិច្ចាគឈាមបានគប្បីនាំគ្នាស្ម័គ្រចិត្តទៅ​បរិច្ចាគឲ្យបាន​គ្រប់ៗគ្នា ហើយការបរិច្ចាគឈាមនេះក៏មិនបានប៉ះពាល់ដល់សុខភាព របស់យើងនោះដែរ៕ អត្ថបទបាន ចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM