ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ខេត្តកោះកុង នឹងមានការប្រណាំងកង់កម្សាន្ត ទៅកាន់តំបន់ទេសចរណ៍ក្នុងស្រុកថ្មបាំង

2023/10/10 01:31:15 pm        371
កោះកុង៖ ខេត្តកោះកុង នឹងមានការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់-ជិះកង់កម្សាន្តរឹតចំណង​មិត្តភាព​ឆ្ពោះទៅកាន់តំបន់ទេសចរណ៍នៅក្នុងស្រុកថ្មបាំង ​នៅថ្ងៃទី៣០ ខែ វិច្ឆិកា ខាងមុខ ដើម្បី​របបអរសាទរខួបលើកទី៤៥ ​នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា។រដ្ឋបាលខេត្តកោះកុង​ បានជូនដំណឹងដល់ស្ថាប័ន ​សមត្ថកិច្ច មន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស ​បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភោជនីយដ្ឋាន អាហារដ្ឋាន និងសាធារណជនទាំងជ្រាបថា អាជ្ញាធរខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង​ នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់​ និងជិះកង់ កម្សាន្ត ​ដើម្បីរឹតចំណងមិត្តភាពឆ្ពោះទៅតំបន់អេកូទេសចរណ៍​ទឹកធ្លាក់ឆាយតាហ៊ីង ស្ថិតក្នុងស្រុកថ្មបាំង ​នៃខេត្តកោះកុង។លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង គូសបញ្ជាក់នៅថ្ងៃទី១០ ​ខែតុលា ​ឆ្នាំ២០២៣ថា កម្មវិធីប្រណាំងកង់នេះ ​នឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក នៅចំណុចទីតាំងខាងក្រោម៖ ទី១. សម្រាប់អ្នកប្រណាំងកង់អាជីព​ ត្រូវជិះក្នុងរយៈចម្ងាយ ៤៥ គីឡូម៉ែត្រ ​(ដោយចាប់ផ្ដើមពីផ្លូវបំបែក ស្រុកថ្មបាំង ​ទៅដល់ចំណុច​បញ្ចប់​តំបន់អេកូទេសចរណ៍​ទឹកធ្លាក់ឆាយតាហ៊ីង)។ ​ចំណែកឯទី២-សម្រាប់អ្នកជិះកង់កម្សាន្ត ​ត្រូវជិះក្នុងរយៈចម្ងាយ ២០ គីឡូម៉ែត្រ ​(ដោយចាប់ផ្តើម​ពីមុខសាលាស្រុក ថ្មបាំង ទៅ​ដល់ចំណុច​បញ្ចប់​តំបន់អេកូទេសចរណ៍​ទឹកធ្លាក់ឆាយតាហ៊ីង)។លោកជំទាវ មិថុនា ភូថង អះអាងថា មូលហេតុដែល​ផ្តួចផ្តើម​ឱ្យមានជាកម្មវិធីប្រណាំងកង់​លក្ខណៈ​កម្សាន្តនេះ គឺក្នុង​គោលដៅ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តកោះកុង និងអបអរសាទរខួប​លើកទី៤៥ នៃថ្ងៃកំណើត​សហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣)។ ចំពោះចំនួន​អ្នក​ចូលរួម​មិន​កំណត់នោះទេ ​ហើយមហាជនដែល​ចាប់​អារម្មណ៍ចូលរួមកមុ្មវិធីនេះ​បាន​សូមទំនាក់ទំនង ​តាមរយៈលេខទូរស័ព្ទ ០១៥ ៣៤០ ៧៣៥ / ០១៦ ២៨៨ ៧២៧ / ០៩៧៩ ៨២៤ ៥៤៥ (លេខតេឡេក្រាម) ​រឺតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ​សហភាពសហព័ន្ធយុវជន​កម្ពុជា ខេត្តកោះកុង ​ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២០ ​ខែវិច្ឆិកា​ ឆ្នាំ២០២៣។ ចំពោះការ​ចុះឈ្មោះ​ចូលរួមព្រឹត្តិការណ៍​ប្រណាំង​កង់នេះដែរ ​តម្រូវឱ្យចូលរួមបង់ប្រាក់​ចំនួន​៤ម៉ឺនរៀល(១០ដុល្លារ)ដោយអ្នកចូលរួម​នឹង​ទទួល​បាននូវអាវយឺតចំនួន១​ អាហារ​ ថ្ងៃត្រង់១ពេល ភេសជ្ជៈ ​ទឹកសុទ្ធ ​និងប័ណ្ណស្លាកសម្គាល់ ​ចំនួន ១។ ក្នុងការចូលរួមព្រឹត្តិការណ៍ជិះកង់នេះដែរ អ្នកចូលរួមត្រូវត្រៀមកង់ ​និងមធ្យោបាយសម្រាប់ដឹក ជញ្ជូនដោយខ្លួនឯង ចំណែកថវិកា​ទទួល​បានពីការចុះឈ្មោះចូលរួម ​ដែលនៅសល់ពីការចំណាយរៀបចំព្រឹត្តិការណ៍ នឹងត្រូវប្រគល់​ជូន​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង​ ដើម្បី​សកម្មភាព​សប្បុរសធម៌​ក្នុងខេត្តកោះកុង។អាជ្ញាធរខេត្តកោះកុង ពលរដ្ឋ និងអាជ្ញាធរ ​ប្រជាពលរដ្ឋខេត្តត្រាត ​ប្រទេសថៃ៦០០នាក់ កាល​ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ធ្លាប់បានជិះកង់កម្សាន្ត​ដើម្បីសុខភាព និងរឹតចំណងមិត្តភាព​ឡើងវិញ ក្រោយខកខាន២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩​ កន្លងទៅ ដែលផ្តើមចេញ​ពី​ច្រកទ្វារព្រំដែន​អន្តរជាតិចាំយាម ​ទៅកាន់ឃុំពាមក្រសោប ​ស្រុកមណ្ឌលសីមា ក្នុងន័យ​ពង្រឹងសម្ព័ន្ធមេត្រីភាព ​សមាគ្គីភាព ​លើកស្ទួយវិស័យកីឡា និងវិស័យទេសចរណ៍តាមព្រំដែន​រវាងប្រទេសទាំងពីរ៕អត្ថបទ៖ ឈឹម មករា

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងលោកប៊ីល គ្លីនតុន បាននិយាយអំពីការវាយប្រហាររបស់ក្រុមហាម៉ាស់

2023/10/10 01:13:46 pm        193
ទីបំផុតអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយអំពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ដែលបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។កាលពីថ្ងៃចន្ទ លោក អូបាម៉ា បានទម្លាយភាពស្ងៀមស្ងាត់របស់ខ្លួន ដោយបានចេញសេចក្តីថ្លែងការណ៍មួយ ដែលលោកបានប្រកាសយ៉ាងច្បាស់ពីការគាំទ្ររបស់ខ្លួនចំពោះអ៊ីស្រាអែល ខណៈពេលដែលថ្កោលទោសអ្វីដែលលោក បានពណ៌នាថាជា «ការវាយប្រហារភេរវកម្មដ៏អាក្រក់»ដោយក្រុមហាម៉ាស់។ចំណែកអតីតប្រធានាធិបតី លោក ប៊ីល គ្លីនតុន ក៏បានលើកឡើងពីបញ្ហានេះ ជាលើកដំបូង ចាប់តាំងពីវាបានកើតឡើង ដោយបញ្ជាក់ថា លោកថ្កោលទោស«ការវាយប្រហារភេរវកម្មដ៏គួរឲ្យរន្ធត់ ដែលធ្វើឡើងដោយក្រុមហាម៉ាស់នៅក្នុងប្រទេសអ៊ីស្រាអែល»។លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ទីបំផុត បាននិយាយអំពីការវាយប្រហារភេរវកម្មដ៏បំផ្លិចបំផ្លាញ ដែលបានកើតឡើងទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ដោយលើកឡើងនៅលើបណ្តាញសង្គម X ដែលពីមុនគេស្គាល់ថា Twitter លោក បានសរសេរថា៖«ប្រជាជនអាមេរិកទាំងអស់ គួរតែមានការរន្ធត់ចិត្ត និងខឹងសម្បាចំពោះការវាយប្រហារភេរវកម្មដ៏សាហាវលើអ៊ីស្រាអែល និងការសម្លាប់ជនស៊ីវិលស្លូតត្រង់។ យើងសោកស្ដាយចំពោះអ្នកដែលបានស្លាប់ សូមអធិដ្ឋានឲ្យអ្នកដែលត្រូវបានគេចាប់ជាចំណាប់ខ្មាំង វិលត្រឡប់មកវិញដោយសុវត្ថិភាព ហើយត្រៀមខ្លួនជួយសម្ព័ន្ធមិត្តរបស់យើង គឺអ៊ីស្រាអែល ខណៈដែលខ្លួនកំពុងកម្ទេចក្រុមហាម៉ាស់នេះ»។

ម៉ិកស៊ិក អំពាវនាវសុំឲ្យបញ្ចប់ការត្រួតពិនិត្យទំនិញនៅរដ្ឋតិចសាស ខណៈដែលអភិបាលរដ្ឋនេះ ធ្វើឲ្យមានភាពស្មុគស្មាញដល់ស្ថានភាពនៃការធ្វើអន្តោប្រវេសន៍

2023/10/10 12:39:25 pm        135
ប្រទេសម៉ិកស៊ិកកាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកសម្របសម្រួលជាមួយអាជ្ញាធររដ្ឋតិចសាស ដើម្បីសម្រួលការត្រួតពិនិត្យរថយន្តដឹកទំនិញឆ្លងកាត់ព្រំដែន ខណៈដែលប្រធានាធិបតីរបស់ប្រទេសនេះ បានចោទប្រកាន់អភិបាលរដ្ឋតិចសាសថា«ធ្វើឲ្យមានភាពស្មុគស្មាញដល់ស្ថានភាពនៃការធ្វើអន្តោប្រវេសន៍។ក្រសួងការបរទេសរបស់ប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា៖«រដ្ឋាភិបាលម៉ិកស៊ិកជំរុញឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើការសម្រុះសម្រួលជាមួយរដ្ឋតិចសាស ដើម្បីបញ្ឈប់ការត្រួតពិនិត្យពេញលេញទៅលើរថយន្តដឹកទំនិញ ដែលធ្វើឡើងដោយនាយកដ្ឋានសុវត្ថិភាពសាធារណៈរបស់រដ្ឋតិចសាស់»។ក្រុមមន្ត្រីរដ្ឋ បានចាប់ផ្តើមឡើងវិញនូវការត្រួតពិនិត្យរថយន្តដឹកទំនិញ ដែលចំណាយអស់ប្រាក់ និងចំណាយពេលច្រើន កាលពីខែមុន។ អភិបាលរដ្ឋតិចសាស លោក ហ្រ្គេក អាប់បូត ( Greg Abbott) បានអះអាងថា ពួកគេត្រូវការចាំបាច់ ដើម្បីទប់ស្កាត់លំហូរ ជនអន្តោប្រវេសន៍ និងគ្រឿងញៀនខុសច្បាប់ ចូលមកក្នុងប្រទេស។ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានហៅវិធានការរបស់លោកអាប់បូត ថា៖«ឯកតោភាគី» និង «គ្មានការទទួលខុសត្រូវ» នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃចន្ទ ដោយចោទប្រកាន់អភិបាលរដ្ឋនេះ កំពុងទាញយកផលប្រយោជន៍ពីស្ថានការណ៍ដ៏លំបាកនេះ ខណៈដែលខ្លួនកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ។

សម្ដចធិបតី៖ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីគិតគូរបន្ទាន់ដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ

2023/10/10 12:35:27 pm        204
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ​គឺដើម្បីធ្វើយ៉ាងណាគិតគូរជាបន្ទាន់ក្នុងការដោះស្រាយ​បញ្ហាជូនដល់​ប្រជាពលរដ្ឋ​ជាបន្ទាន់នៅក្នុងអាណត្តិទី៧នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ​នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ​នៅសណ្ឋាគារសុខាភ្នំពេញថា ​ការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្ដជាតិនេះ គឺជាការ​លើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះឈ្មោះចូលរួម​ក្នុងប្រព័ន្ធសេដ្ឋកិច្ចនេះ មិនមែនជាការបង្ខិតខំឡើយ។ សម្ដេចបន្តថា ការចូលរួមពីពលរដ្ឋនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានផ្ដល់ភាពងាយស្រួល​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រមូលទិន្នន័យប្រជាពលរដ្ឋឋិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានច្បាស់លាស់ ដើម្បីជួយអភិវឌ្ឍន៍​ដល់អាជីវកម្ម និងផ្ដល់ការលើកលែងពន្ធ និងការផាកពិន័យពន្ធជាដើម។ សូមជម្រាបថា «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ​គឺជាប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ​ឬការដោះដូរទំនិញ និងសេវា​ ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ជី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឱ្យមានផលវិបាក​ក្នុងការគ្រប់គ្រងបរិស្ថាន​សុវត្ថិភាពចំណីអាហារ ការប្រមូលពន្ធជាដើម។ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវបានដាក់ចេញ​ជាមួយចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច ​ក្រៅប្រព័ន្ធឱ្យរីកធំធាត់ ​និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយ​ក្លាយទៅជាកម្លាំង ​ចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់​ប្រជាជន និង​អាចរួមចំណែក​ជាអតិបរមា ​ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ​បរិយាបន្ន ​ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ

2023/10/10 12:27:28 pm        153
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ការដាក់ចេញ​យុទ្ធសាស្ត្រ​ជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​ឆ្នាំ២០២៣-២០២៨​ គោលដៅធំ គឺ​ដើម្បីជួយប្រជាពលរដ្ឋឋិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ប៉ុន្ដែក្រៅពីនេះក៏ជាយុទ្ធសាស្រ្ដកាត់បន្ថយភាពក្រីក្រ​នៅក្នុងប្រទេសកម្ពុជា និងជួយដល់​ប្រជាពលរដ្ឋក្រីក្រ ​និងងាយរងគ្រោះ ​ពង្រឹងភាពធន់នូវក្នុងសេដ្ឋកិច្ច​ និងសង្គមជាតិ និង​លើកកម្ពស់ដល់សេដ្ឋកិច្ចជាតិផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ​នៃយុទ្ធសាស្ត្រជាតិ ​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ​នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញថា ​ប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺងាយបំផុតក្នុងការប្រឈមមុខ ​និងរងគ្រោះបំផុតនៅពេលមានបញ្ហាប្រឈម ឬវិបត្តិសេដ្ឋកិច្ច​ណាមួយ​កើតឡើង ដូចជាកូវីដ-១៩ជាដើម។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា​ប្រកាសដាក់ឱ្យ​អនុវត្តយុទ្ធសាស្ត្រ​ជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ឆ្នាំ២០២៣-២០២៨ គឺដើម្បីធ្វើយ៉ាងណា​គិតគូរ​ជាបន្ទាន់ក្នុងការដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋជាបន្ទាន់នៅក្នុងអាណត្តិទី៧នេះ។ សម្ដេចធិបតីបញ្ជាក់ថា ​ការដាក់ចេញឱ្យអនុវត្តនូវ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​ឆ្នាំ២០២៣-២០២៨ នឹងផ្ដល់ការគាំទ្រ​ និងឱកាសសម្រាប់ អ្នកប្រកបរបរក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ​កម្ពុជាអាចចាប់យកសក្តានុពលរបស់ពួកគាត់ ដើម្បីពន្លឿនការសម្រេច​បាននូវគោលដៅអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិ។ សូមជម្រាបថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្ត្រជាតិនេះគឺជាជំហាន​ដ៏សំខាន់​មួយឆ្ពោះ​ទៅរកការស្ដារ​ សេដ្ឋកិច្ចកម្ពុជាពីវិបត្តិសាកល ​ដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ​និងដើម្បីកសាងភាពធន់នៃសេដ្ឋកិច្ចសម្រាប់ប្រជាជន​កម្ពុជា​ទាំងមូល៕អត្ថបទ៖ វ៉ន ដារ៉ា

រដ្ឋាភិបាលដាក់ចេញយុទ្ធសាស្រ្ដគន្លឹះចំនួន៥ ធ្វើឱ្យជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2023/10/10 12:12:57 pm        192
ភ្នំពេញ៖ ខណៈថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ ដើម្បីឱ្យទទួលបានជោគជ័យនៃយុទ្ធសាស្ត្រជាតិនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ​បានដាក់ចេញនៅយុទ្ធសាស្រ្ដគន្លឹះចំនួន ៥ ថែមទៀត ដើម្បីរក្សាបាននូវស្ថិរភាពជីវភាពរបស់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសាងភាពធន់ទៅនឹងវិបត្តិសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវយុទ្ធសាស្រ្ដគន្លឹះនេះ ក្នុងឱកាស អញ្ជើញ​ជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្ដេចធិបតីថ្លែងថា យុទ្ធសាស្ត្រជាតិនេះមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ​ ពង្រឹងភាពធន់តាមរយៈការផ្ដល់នូវការគាំពារសង្គម និង​អត្ថប្រយោជន៍ផ្សេងៗព្រមទាំងអភិវឌ្ឍន៍​វិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យក្លាយជាកម្លាំងចលករ​ដ៏សំខាន់​សម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព​ បរិយាប័ន្ន និងភាពធន់។ យុទ្ធសាស្ត្រនេះ ក៏ជាផ្នែកមួយនៃចក្ខុវិស័យដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ​និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផងដែរ។សូមជម្រាបថា ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិនេះ រាជរដ្ឋាភិបាលកម្ពុជា​បានដាក់ចេញនូវវិធានការ​អន្តរាគមន៍​សង្គម-សេដ្ឋកិច្ចជាស៊េរី ដើម្បីរក្សាស្ថិរភាពជីវភាពរបស់អ្នកប្រកប​របរ​ក្នុងសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និងកសាងភាពធន់ទៅនឹង វិបត្តិសម្រាប់គ្រួសារក្រីក្រ ​និងងាយរងគ្រោះ។បើតាមរបាយការណ៍ការអង្កេតកម្លាំកពលកម្មកម្ពុជាឆ្នាំ២០១៩ ​កម្ពុជា​មានកម្លាំងពលកម្មប្រមាណ ៧,៩ ​លាននាក់ ​ដោយក្នុងនោះ ២១,៥% (ឬ ១,៧ លាននាក់) ធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ខណៈដែល​កម្លាំងពលកម្មដ៏ច្រើន គឺ ៦,២ ​លាននាក់ធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕អត្ថបទ៖ វ៉ន ដារ៉ា

មេដឹកនាំតៃវ៉ាន់៖ កោះតៃវ៉ាន់ស្វែងរក«ទំនាក់ទំនងសន្តិសហវិជ្ជមាន»ជាមួយប្រទេសចិន

2023/10/10 11:38:50 am        153
មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បាននិយាយនៅក្នុងសុន្ទរកថានៅទិវាជាតិចុងក្រោយរបស់លោកស្រី នៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ស្វែងរក «ការទំនាក់ទំនងសន្តិសហវិជ្ជមាន» ជាមួយប្រទេសចិន ជាមួយនឹងការទាក់ទងដោយសេរី និងគ្មានការរឹតត្បិត ប៉ុន្តែកោះនេះ នឹងមានលក្ខណៈប្រជាធិបតេយ្យសម្រាប់មនុស្សជំនាន់ក្រោយ។កោះតៃវ៉ាន់ ដែលអះអាងសិទ្ធិដោយប្រទេសចិនថា ជាទឹកដីរបស់ខ្លួន បានស្ថិតនៅក្រោមសម្ពាធផ្នែកយោធា និងនយោបាយកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង រួមទាំងសមយុទ្ធធំៗពីររបស់ចិន នៅជិតកោះនេះ ចាប់តាំងពីខែសីហាឆ្នាំមុន ដែលបង្កើនការភ័យខ្លាចនៃជម្លោះដែលនឹងកើតមានជាសកល។លោកស្រីសៃ ដែលមិនអាចឈរឈ្មោះជាប្រធានាធិបតីម្តងទៀតក្នុងការបោះឆ្នោតក្នុងខែមករា បន្ទាប់ពីកាន់តំណែង បានពីរអាណត្តិនោះ បានផ្តល់ការចរចាម្តងហើយម្តងទៀតជាមួយប្រទេសចិន ដែលបានច្រានចោលពួកវា ដោយសារប្រទេសចិនចាត់ទុកលោកស្រីថា ជាអ្នកបំបែកខ្លួន។ថ្លែងនៅមុខការិយាល័យប្រធានាធិបតី លោកស្រីសៃ បាននិយាយថា កម្លាំងនៃការគាំទ្រអន្តរជាតិសម្រាប់កោះតៃវ៉ាន់ បានឈានដល់ «កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក»។លោកស្រី បានបន្ថែមថា៖«ពេលនេះ គឺជាពេលវេលាដែលយើងអាចប្រឈមមុខនឹងពិភពលោកដោយទំនុកចិត្ត និងការដោះស្រាយ យើងក៏អាចស្ងប់ស្ងាត់ និងធានាដោយខ្លួនឯង ក្នុងការប្រឈមមុខនឹងប្រទេសចិន បង្កើតលក្ខខណ្ឌសម្រាប់ការទំនាក់ទំនងដោយសន្តិភាព និងវឌ្ឍនភាព នាពេលអនាគត នៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។

នាយករដ្ឋមន្ត្រីកាណាដា រិះគន់ការលើកតម្កើងអំពើហឹង្សានៅក្នុងការតវ៉ា បន្ទាប់ពីជម្លោះនៅអ៊ីស្រាអែល

2023/10/10 11:14:26 am        147
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃចន្ទ (៩ តុលា) បានរិះគន់បាតុកម្មនៅទូទាំងប្រទេស ដែលលើកតម្កើងអំពើហឹង្សា ដោយក្រុមបាតុករបានគាំទ្រដល់ការវាយប្រហាររបស់ក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស ទៅលើអ៊ីស្រាអែល។លោក Trudeau បានចូលរួមក្នុងការប្រមូលផ្តុំសាមគ្គីភាពសម្រាប់អ៊ីស្រាអែល នៅទីក្រុង Ottawa ជាទីដែលលោកបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស នៅក្នុងសុន្ទរកថារបស់ខ្លួន ហើយបាននិយាយថា កាណាដាគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន។ បណ្ដាមេដឹកនាំនយោបាយមកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកាណាដា ក៏បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែលផងដែរ។មានបាតុកម្មប្រកួតប្រជែង និងការប្រមូលផ្តុំគ្នាជាច្រើនកាលពីថ្ងៃច័ន្ទ ដោយក្រុមផ្សេងៗគ្នានៅទូទាំងប្រទេសកាណាដា រួមទាំងនៅទីក្រុងតូរ៉ុនតូ ជាទីដែលក្រុមបាតុករប្រហែល ១.០០០នាក់ បានប្រមូលផ្តុំគ្នានៅក្នុងបាតុកម្ម ដែលរៀបចំដោយក្រុមមួយហៅថា ចលនាយុវជនប៉ាឡេស្ទីន។ក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ (៧ តុលា) ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលរាប់រយនាក់ និងចាប់ខ្លួនចំណាប់ថ្នូររាប់សិបនាក់ ខណៈអ៊ីស្រាអែលបានវាយបកលើជនជាតិប៉ាឡេស្ទីនជាបន្តបន្ទាប់ ដោយការវាយប្រហារតាមអាកាសនៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅវិញ ហើយជម្លោះនេះក៏បានបណ្តាលឱ្យមនុស្សជាង ១.៥០០នាក់ស្លាប់ សម្រាប់ភាគីជម្លោះទាំងពីរផងដែរ៕

អ៊ីរ៉ង់និងស៊ូដង់ យល់ព្រមបន្តទំនាក់ទំនងការទូតឡើងវិញ

2023/10/10 10:20:30 am        101
ប្រទេសទាំងពីរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា អ៊ីរ៉ង់ និងស៊ូដង់ បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញ រយៈពេល៧ឆ្នាំ បន្ទាប់ពីពួកគេត្រូវបានកាត់ផ្តាច់ និងបីខែបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ។ប្រទេសស៊ូដង់ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងសង្រ្គាមដ៏បំផ្លិចបំផ្លាញនោះ បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៦បន្ទាប់ពីមានការវាយលុកចូលស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងតេអេរ៉ង់។ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាក្នុងការបន្តទំនាក់ទំនងឡើងវិញ នៅខែមីនា ក្រោមកិច្ចព្រមព្រៀងមួយ ដែលបានចរចាដោយប្រទេសចិន ដោយបង្កើនការរំពឹងទុកថា ទីក្រុងតេអេរ៉ង់ និងប្រទេសអារ៉ាប់ផ្សេងទៀត នឹងបង្កើតទំនាក់ទំនងការទូតឡើងវិញយ៉ាងពេញលេញ។សេចក្តីថ្លែងការណ៍នោះ បាននិយាយថា៖«សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងសាធារណរដ្ឋស៊ូដង់ បានសម្រេចចិត្តបន្តទំនាក់ទំនងការទូតឡើងវិញ ... ភាគីទាំងពីរ ក៏បានយល់ព្រមចាត់វិធានការចាំបាច់ ដើម្បីបើកស្ថានទូតរបស់ពួកគេ នាពេលខាងមុខ និងផ្លាស់ប្តូរគណៈប្រតិភូជាផ្លូវការ។ក្រសួងការបរទេសស៊ូដង់ បាននិយាយថា ការសម្រេចចិត្តនេះ «បានកើតឡើង បន្ទាប់ពីទំនាក់ទំនងកម្រិតខ្ពស់ជាច្រើនរវាងប្រទេសទាំងពីរ ហើយនឹងបម្រើផលប្រយោជន៍ទៅវិញទៅមករបស់ពួកគេ»។

សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ បង្ខំឲ្យលោក Biden និងលោក NETANYAHU ស្ថិតក្នុងភាពជាដៃគូ ទាំងមិនស្រួលចិត្ត

2023/10/10 10:10:42 am        119
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជាសម្ព័ន្ធមិត្តទាំងមិនស្រួលចិត្តក្នុងពេលវេលាដ៏ល្អបំផុត នឹងដាក់ទំនាក់ទំនងដ៏អន្ទះសារ​របស់មេដឹកនាំទាំងពីរទៅក្នុងការសាកល្បងបន្ថែមទៀតជាមួយអ៊ីស្រាអែល ដែលកំពុងរៀបចំការវាយប្រហារលើដែនដីដែលនឹងកើតមានឡើងទៅលើតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន។ បន្ទាប់ពីរយៈពេលជាច្រើនខែ នៃភាពតានតឹង ជុំវិញមធ្យោបាយឆ្ពោះទៅកាន់មជ្ឈឹមបូព៌ា មេដឹកនាំទាំងទាំងពីរ ដែលបានស្គាល់គ្នារយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ បានជឿជាក់ក្នុងភាពជាដៃគូពេលមានសង្គ្រាម បន្ទាប់ពីការវាយប្រហារបណ្តាលឲ្យមានមនុស្សស្លាប់ច្រើន ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ពីតំបន់ហ្គាហ្សា ចូលទៅអ៊ីស្រាអែល។ទំនាក់ទំនងសហរដ្ឋអាមេរិក ជាមួយអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ាដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើឲ្យមានការព្រួយបារម្ភក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសេតវិមានគាំទ្រអ្នករិះគន់របស់អ៊ីស្រាអែល ដែលបានរៀបចំការតវ៉ាជាច្រើន ប្រឆាំងផែនការរបស់រដ្ឋាភិបាលលោក Netanyahu ស្តាំនិយម ដើម្បីទប់ស្កាត់អំណាចតុលាការកំពូល។ ប៉ុន្តែភាពខ្វែងគំនិតគ្នារបស់មេដឹកនាំទាំងពីរ កាន់តែជ្រៅឡើង។ក្នុងនាមជាប្រធានាធិបតី លោក Biden បានបញ្ជាក់ជាញឹកញាប់ការគាំទ្រសម្រាប់អ៊ីស្រាអែលដែលមានឯករាជ្យ និងរដ្ឋប៉ាឡេស្ទីន។ ក្រុមមន្ត្រីរដ្ឋបាលនិយាយថាលោកបានលើកឡើងបញ្ហានេះ រៀងរាល់ការសន្ទនាជាមួយលោក Netanyahu ខណៈស្នើសុំឲ្យលោកបញ្ឈប់ការពង្រីកខ្លួនការសាងសង់លំនៅឋានជនជាតិជ្វីហ្វនៅក្នុងតំបន់កាន់កាប់ West Bank។ ដោយវិលត្រលប់មកកាន់តំណែងវិញកាលពីចុងខែធ្នូ លោក Netanyahu បានប្រឆាំងភាពជារដ្ឋរបស់ប៉ាឡេស្ទីន នៅពេលណាមួយក៏ដោយ ហើយបានអនុម័តការសាងសង់លំនៅឋានថ្មីៗរាប់ពាន់ខ្នងសម្រាប់អ្នកតាំងលំនៅ នៅតំបន់ West Bank។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM